Wednesday, February 22, 2017

ក្រសួង​ការ​បរទេស​ប្រតិកម្ម​នឹង​ស្ថានទូត​អាមេរិក​រឿង​ច្បាប់​បក្ស​នយោបាយ​ថ្មី

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ Screenshot


ក្រសួង​ការ​បរទេស​កម្ពុជា ប្រតិកម្ម​តប​នឹង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​ក្រោយ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។
ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់​គណបក្ស​នយោបាយ និង​ការ​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ។
ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខក​ចិត្ត​ចំពោះ​សហរដ្ឋ​អាមេរិក និង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឲ្យ​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក និង​គោរព​អធិបតេយ្យ​ជាតិ និង​ចៀសវាង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។
ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ក្រសួង​ការ​បរទេស ថា​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ គឺ​ឈរ​លើ​គោលការណ៍​នានា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ច្បាប់​នេះ​ត្រូវ​អនុវត្ត​ជាទូទៅ​មិន​បែងចែក។ លើស​ពី​នេះ ច្បាប់​នេះ​ជា​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ដែល​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​គោរព​តាម។
រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​ចំនួន ៦៦​រូប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ តាម​សំណើ​របស់​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ដដែល​នេះ។
ភ្លាមៗ​ក្រោយ​ការ​អនុម័ត សហរដ្ឋ​អាមេរិក​សម្ដែង​ការ​បារម្ភ​ជា​ខ្លាំង និង​ថា​ច្បាប់​ថ្មី ផ្តល់​អំណាច​យ៉ាង​ធំ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់​គណបក្ស​នយោបាយ ហើយ​នៅ​ក្រោម​កាលៈទេសៈ​កំណត់​មិន​ច្បាស់លាស់​ណា​មួយ គឺ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្តង។
សហរដ្ឋ​អាមេរិក យល់​ថា សកម្មភាព​ណា​មួយ​ដែល​បាន​ហាមឃាត់​ដល់​គណបក្ស​នយោបាយ​នៅ​ក្រោម​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ដ៏​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ពី​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ។
សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​យក​នូវ​ជំហរ​ចាំបាច់​នានា​ដើម្បី​ធានា​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ មាន​លក្ខណៈ​សេរី បើក​ចំហ និង​មាន​តម្លាភាព ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​មាន​ឱកាស​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា។
ឆ្លើយតប​នឹង​បញ្ហា​ដដែល​នេះ ក្រសួង​ការ​បរទេស បញ្ជាក់​ថា ច្បាប់​នេះ​មិន​បាន​គំរាម​កំហែង​ដល់​គ្រឹះ​នៃ​ប្រព័ន្ធ​ពហុ​បក្ស​ទេ តែ​ជា​ការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដូចជា​ការ​ញុះញង់​ឲ្យ​មាន​សំអប់​ខាង​ជាតិ​សាសន៍ ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ ការ​បំផ្លិចបំផ្លាញ​គ្រឹះ​សង្គម​ជាតិ។
បើ​ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះឆ្នោត ក៏​បាន​រិះគន់​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ​ថា ប្រៀប​បាន​នឹង​ដំណើរ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​លើក​ឡើង​ថា លោក​មិន​ដឹង​ច្បាស់​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ឡើយ ក្រៅ​តែ​ពី​មាន​មាត្រា​បាន​ចែង​ដោយ​ផ្ដល់​អំណាច​ពេញលេញ​ទៅ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​សម្រេច​ហាមឃាត់ ផ្អាក ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​តទៅទៀត ប្រសិន​គណបក្ស​នយោបាយ​ទាំងនោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ញុះញង់​ឲ្យ​បែកបាក់​ជាតិ។ លោក គល់ បញ្ញា ព្រួយ​បារម្ភ​ពី​ការ​បកស្រាយ​នានា​ទៅ​លើ​មាត្រា​ច្បាប់​នេះ«ជួនកាល​ការ​ញុះញង់​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​នៃ​តួនាទី​របស់​អ្នក​តំណាងរាស្ត្រ​របស់​ព្រឹទ្ធសភា របស់​អ្នក​នយោបាយ​ដែល​មាន​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក អាច​មាន​ការ​ចោទ​ប្រកាន់​ទៅ​ជា​ការ​ញុះញង់ រហូត​ដល់​យក​ពួក​គេ​ទៅ​ដាក់​ពន្ធនាគារ។ ត្រង់​អស់​នេះ​ហើយ​ដែល​យើង​គិត​ថា ចុះ​បើ​គេ​យក​ទៅ​បកស្រាយ​ទៅ​រហូត​ដល់​រំលាយ​គណបក្ស ឬ​ក៏​ទៅ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នោះ គឺ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់»
នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​រិះគន់​ធ្ងន់ៗ​ថា ករណី​នេះ​បង្ហាញ​ពី​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​ដែល​ស្ថិត​ក្រោម​កណ្ដាប់​ដៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។
ទាក់ទិន​នឹង​ករណី​នេះ ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា អូស្ត្រាលី នឹង​បន្ត​ឃ្លាំ​មើល​ការ​ផ្លាស់ប្ដូរ​ច្បាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា នេះ។ ស្រប​គ្នា​នេះ រដ្ឋាភិបាល​អូស្ត្រាលី ជំរុញ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​បាន​នូវ​ការ​បោះឆ្នោត​ដែល​មាន​តម្លាភាព និង​ជឿ​ទុក​ចិត្ត​បាន ដើម្បី​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ការ​បញ្ចេញ​សំឡេង និង​យោបល់​ពី​គ្រប់​ភាគី​ទាំងអស់។
ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​អនុម័ត​រួច​រាល់​នេះ​មាន ១១​ជំពូក និង ៥០​មាត្រា។
អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ប្រជាធិបតេយ្យ​រឹងមាំ គឺ​ទាល់​តែ​មាន​ការ​ជជែក​ពិភាក្សា​ស្រុះស្រួល​គ្នា យ៉ាង​ហោច​ណាស់​ពី​ខាង​គណបក្ស​នយោបាយ​មាន​សំឡេង​ក្នុង​សភា​ទាំង​ពីរ​ដែរ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...