Wednesday, February 22, 2017

លោក ហ៊ុន សែន ព្រមាន​មហា​អំណាច​ពិភពលោក​មិន​ឱ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា

លោក ​ហ៊ុន សែន ព្រមាន​មហា​អំណាច​ពិភព​លោក​មិន​ឱ្យ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា (REUTERS/Samrang Pring)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​នេះ បាន​ព្រមាន​ដល់​ប្រទេស​មហា​អំណាច​ពិភពលោក​មួយ​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​សហរដ្ឋ​អាមេរិក។ ការ​ព្រមាន​បន្ទាប់​ពី​មហា​អំណាច​មួយ​នេះ បាន​ថ្កោល​ទោស​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ខណៈ​ដែល​ប្រទេស​ផ្សេងៗ​បាន​នៅ​ស្ងៀម។​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បរិហារ​ថា ច្បាប់​ដែល​កម្ពុជា​ទើប​អនុម័ត​នេះ​គឺ​មិន​មែន​ដូច​អ្វី​ដែល​មហា​អំណាច​បាន​ទម្លាក់​គ្រាប់​បែក​សម្លាប់​ពលរដ្ឋ​កម្ពុជា​កាល​ពី​អតីតកាល​នោះ​ទេ។

ការ​ប្រមាន​ពី​ប្រមុខ​រដ្ឋា​ភិបាល​នេះ គឺ​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក គឺ​ជា​ស្ថានទូត​តែ​មួយ​គត់​ក្នុង​ចំណោម​ស្ថាន​ទូត​នានា​នៅ​កម្ពុជា​ដែល​បាន​ចេញ​មុខ​ថ្កោល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ។ អាមេរិក​បាន​ចាត់​ទុក​ការ​វិសោធនកម្ម​ថា គឺ​ជា​ការ​ដាក់​កំហិត​លើ​គណបក្ស​នយោបាយ​ព្រោះ​តែ​ច្បាប់​នេះ​បាន​ផ្តល់​អំណាច​ខ្លាំង​ជ្រុល​ពេក​ដល់​រដ្ឋាភិបាល​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​មួយ​ចោល​ដោយ​ស្រប​ច្បាប់។ ទន្ទឹម​នឹង​នេះ អាមេរិក ក៏បាអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ចាំ​បាច់​នានា​ដើម្បី​ធានា​បាន​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​តម្លាភាព​នា​ពេល​ខាង​មុខ។
បន្ថែម​ពី​នេះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ១៦ កុម្ភៈ បាន​ជួប​ប្រមុខ​បក្ស​ប្រឆាំង​លោក​កឹម សុខា ដើម្បី​ពិភាក្សា​គ្នា​ស្តី​ពី​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ និង​ការ​វិសោធកម្ម​ច្បាប់​គណបក្ស​នយោបាយ។ មួយ​វិញ​ទៀត​អាមេរិក នៅ​តែ​បន្ត​ប្រកាន់​ជំហរ​តឹង​រឹង​ចំពោះ​កម្ពុជា​លើ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​កាល​ពី​សម័យ​លន់នល់។ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មុខ​ព្រមាន​សារ​ជា​ថ្មី​ចំពោះ​អាមេរិក​ដែល​លោក​ចោទ​ថា​នៅ​តែ​បន្ត​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ព្រឹក​ថ្ងៃ​ទី ២២​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​បរិហារ​សហរដ្ឋ​អាមេរិក​ថា កំពុង​បន្ត​គោល​នយោបាយ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ដែល​មហា​អំណាច​មួយ​នេះ​ធ្លាប់​ធ្វើ​កាល​ពី​អតីត​កាល។ សម័យ​អតីត​កាល​ដែលលោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​អះអាង​ថា​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​រាប់​លាន​តោន​លើ​ទឹក​ដី​កម្ពុជា និង​បាន​សម្លាប់​ជីវិត​មនុស្ស​ដែល​មិន​បាន​គិត​ពី​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គូស​បញ្ជាក់​ថា​ មហា​អំណាច​ដ៏​ធំ​នេះ បាន​បំផ្លាញ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​នៅ​មជ្ឈឹមបូព៌ា​មួយ​ចំនួន​ដែល​កំពុង​តែ​បន្ត​សោកនាដកម្ម​ចំពោះ​ប្រជាជន​នៅ​ទី​នោះ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា តើ​មហា​អំណាច​មួយ​នេះ​ចង់​បង្កើត​សោកនាដកម្ម​សា​ជា​ថ្មី​ម្តង​ទៀត​នៅ​កម្ពុជា ឬ​យ៉ាង​ណា។ ប្រមុខ​រដ្ឋាភិបាល​បាន​បន្ត​ថា ប្រទេស​ធំ និង​ប្រទេស​តូច​ត្រូវ​ធ្វើការ​ដោយ​ស្មើ​សិទ្ធ​គ្នា និង​គិត​ពី​ប្រយោជន៍​នៃ​ប្រទេស​រៀង​ខ្លួនៗ និង​គោរព​ច្បាប់​គ្នា​ទៅ​វិញ​ទៅ​មក។ រហូត​មក​ដល់​ពេល​នេះ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​វិញ​យ៉ាង​ណា​នោះ​ទេ៕




No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...