នាឱកាសកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអូស្ត្រាលី និងមានជំនួបជាមួយសមភាគី លោករដ្ឋមន្ត្រីការបរទេសចិន
វង់ យី Wang Yi បានប្រកាសថា ចិននិងអាមេរិក ដែលជាមហាអំណាចពិភពលោក
នឹងត្រូវខាតបង់ច្រើនខ្លាំងដូចគ្នា ប្រសិនបើពីរនាក់នេះ
មានជម្លោះនឹងគ្នា។ សេចក្តីថ្លែងនេះ ធ្វើឡើងក្នុងខណៈដែលវ៉ាស៊ីនតោន
កំពុងដំឡើងពាក្យព្រមានជុំវិញជម្លោះនៅក្នុងសមុទ្ទចិនខាងត្បូង។
“គ្រប់ឥស្សរជននយោបាយដែលហ្មត់ចត់
សុទ្ធតែដឹងយ៉ាងច្បាស់អំពីផលវិបាកនៃជម្លោះជាយថាហេតុណាមួយរវាងចិននិងអាមេរិក”
! នេះការគូសបញ្ជាក់របស់លោក វង់ យី ប្រមុខការទូតចិន
ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្តា្រលី។
លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេសទាំងពីរ (ចិននិងអាមេរិក)
នឹងខាតបង់ និងមិនអាចបណ្តោយខ្លួនមានជម្លោះនឹងគ្នាបានទេ។
ចិននិងអាមេរិក បានលះបង់និងឆ្លងកាត់ឧសបគ្គ
ព្រមទាំងការលំបាកច្រើនណាស់
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ប៉េកាំងបានបង្ហើរសំដីបែបនេះ ក៏ព្រោះតែរដ្ឋបាលលោក ដូណាល់ ត្រាំ គ្រាន់តែបានឡើងចូលកាន់តំណែងភ្លាម បានបង្ហោះសារព្រមានចិន ក្នុងវិបត្តិនៅសមុទ្ទចិនខាងត្បូង ដោយអះអាងថាអាមេរិកនឹងការពារប្រយោជន៍អន្តរជាតិ។ ប្រមុខការទូតអាមេរិកថ្មីបានគំរាម បិទខ្ទប់ផ្លូវមិនឱ្យចិនអាចទៅដល់កោះជាប់ជម្លោះ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាប្រជុំកោះសេនកាគុ នៅសមុទ្ទចិនខាងកើត ដែលគ្រប់គ្រងដោយជប៉ុន និងទាមទារដោយប៉េកាំង ស្ថិតនៅក្នុងការការពាររបស់សម្ព័ន្ធយោធាអាមេរិកជប៉ុន។
ក្រោយជំនួបជាមួយសមភាគីចិន ប្រមុខការទូតអូស្ត្រាលី បានអំពាវនាវឱ្យប៉េកាំងដើរតួនាទីជាអ្នកទទួលខុសត្រូវ និងគោរពសណ្តាប់ធ្នាប់ ក្នុងសមុទ្ទចិនខាងត្បូង តាមគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។
សូមរំលឹកថា ចិន ដែលជាប់ជម្លោះជាមួយប្រទេសជិតខាង ដូចជាហ្វីលីពីន វៀតណាម ព្រុយណេ ម៉ាឡេស៊ី ដណ្តើមគ្រប់គ្រងសមុទ្ទចិនខាងត្បូងមួយភាគធំ។ ហើយដើម្បីបញ្ជាក់អំពីបូរណភាពនេះ ចិនបានពង្រីកប្រជុំកោះ សាងសង់កំពង់ផែ និងចំណតយន្តហោះ។ ចិនក៏ទំនងជាបានបន្តសាងសង់នៅលើកោះតូចៗ ជាប់កៀកព្រំដែនហ្វីលីពីនទៀត នេះបើតាមការព្រលយរបស់ក្រុងម៉ានីល កាលពីថ្ងៃអង្គារ៕
No comments:
Post a Comment