ស្ថាបនិកអង្គការមាតាធម្មជាតិដែលជាអ្នកធ្វើការងារទាក់ទងបរិស្ថានតំបន់អារ៉ែង ព្រួយបារម្ភថា នៅពេលមានខ្សែបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ ឆ្លងកាត់តំបន់អារ៉ែង នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានតំបន់នេះ។ ប៉ុន្តែក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា ខ្សែបញ្ជូនអគ្គិសនីមិនប៉ះពាល់បរិស្ថានតំបន់អារ៉ែងទេ។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ហៅលោក អាឡិច និយាយថា ខ្សែបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល ឆ្លងកាត់តំបន់អារ៉ែង នឹងធ្វើឲ្យប៉ះពាល់បរិស្ថានដូចគ្នា ទៅនឹងការសាងសង់វារីអគ្គិសនីនៅក្នុងតំបន់នេះដែរ។ លោកថា យល់ថា គម្រោងនេះ នឹងប៉ះពាល់ដល់សត្វព្រៃកម្រ និងព្រៃឈើ ហើយគម្រោងនេះទៀតសោតជាការបើកផ្លូវឲ្យ ឈ្មួញល្មើសច្បាប់ចូលកាប់បំផ្លាញឈើប្រណិត។ «»
ការលើកឡើងបែបនេះ របស់លោក លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បន្ទាប់ពីគណៈរដ្ឋមន្ត្រីសម្រេចលើគម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ និងរង់ចាំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។
អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្តូនា (Victor Jona) ឲ្យដឹងថា នៅពេលនេះក្រសួងកំពុងសិក្សាលំអិតពីចម្ងាយ ផ្លូវរត់កាត់គម្រោង និងការដាក់បង្គោលភ្លើងជាដើម។ លោកបញ្ជាក់ថា ខ្សែបញ្ជូនអគ្គិសនីនឹងរត់កាត់តំបន់អារ៉ែង ហើយលោកយល់ថា មិនប៉ះពាល់បរិស្ថាននៅក្នុងតំបន់នេះទេ។«»
មន្ត្រីជំនាញរូបនេះ បញ្ជាក់ថា បង្គោលខ្សែដែលឆ្លងកាត់តំបន់អារ៉ែងជាបង្គោល កម្ពស់ខ្ពស់មានស្តង់ដារត្រឹមត្រូវ ហើយនៅសង្ខាងបង្គោលចម្ងាយ១៥ម៉ែត្រ ត្រូវកាប់ព្រៃចេញ ជៀសវាងការរលំដើមឈើត្រូវលើបង្គោល។ យ៉ាងណាក៏ដោយចុះ ចំពោះព័ត៌មានលំអិតនៃការប៉ះពាល់បរិស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែនិងថាមពល លោក វិចទ័រ ហ្តូនា បង្វែរសំនួរទៅក្រសួងបរិស្ថាន។
របាយការណ៍នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ បង្ហាញថា គម្រោងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ភ្ជាប់ពីស្ទឹងតាតៃ មកភ្នំពេញជាការភ្ជាប់ប្រព័ន្ធបណ្ដាញអគ្គិសនីភាគខាងនីរតីកម្ពុជា មានសមត្ថភាពបញ្ជូនអគ្គិសនីនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងភ្នំពេញ។ គម្រោងនេះ មានទំហំទុនវិនិយោគជិត១៣៧លានដុល្លារ ដែលមានរយៈពេលសម្បទាន២៨ឆ្នាំ ក្នុងនោះ៣ឆ្នាំសម្រាប់ធ្វើការសាងសង់ និង២៣ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យដឹងដែរថា មិនទាន់ទទួលរបាយការណ៍វាយតម្លៃនៃផលប៉ះពាល់ស្ថានពីគម្រោងនេះនៅឡើយទេ។ ប៉ុន្តែលោកយល់ថា មុនពេលដែលរដ្ឋាភិបាលអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍អ្វីមួយ គឺមានសិក្សាពីផលប៉ះពាល់រួចហើយ។ «»
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច និយាយថា តំបន់ព្រៃណាមានគម្រោងអភិវឌ្ឍន៍តែងតែធ្វើឲ្យព្រៃឈើតំបន់នោះហិនហោច។
លោកផ្ដល់គំនិតដល់រដ្ឋាភិបាលគួរសាងសង់បង្គោលសាងសង់បង្គោលភ្លើងមិនកាត់តំបន់ភ្នំក្រវាញ និងតំបន់អារ៉ែង ដោយរត់បណ្ដោយផ្លូវជាតិជារឿងល្អជាង។ ស្ថាបនិកចលនាមាតាធម្មជាតិ រូបនេះត្រូវរដ្ឋាភិបាលបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ នៅពេលលោកប្រឆាំងគម្រោងសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែង។ ប៉ុន្តែ២ឆ្នាំក្រោយរដ្ឋាភិបាលបណ្ដេញលោកចេញពីកម្ពុជាគឺនៅឆ្នាំ២១០៧នេះ លោក ហ៊ុន សែន ប្រកាសជាផ្លូវការថា មិនមានគម្រោងសាងសង់វារីអគ្គិសនីនៅអារ៉ែងទេ៕
No comments:
Post a Comment