នៅ ថ្ងៃសុក្រទី១៧ កុម្ភៈនេះ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេច
តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីទុករយៈពេល៣សប្តាហ៍ឲ្យ
ធនាគារអេស៊ីលីដា
ផ្លាស់ប្តូរនិម្មិតសញ្ញា«រូបហង្ស»របស់ខ្លួនចេញ។ ការកំណត់នេះ
គឺដើម្បីចៀសវាងការយល់ច្រឡំរបស់ប្រជាពលរដ្ឋ
រវាងធនាគារឯកជនមួយនេះ និងរូបសញ្ញាក្រសួងហិរញ្ញវត្ថុ
ដែលជានិម្មិតសញ្ញារបស់ជាតិ។
គណៈរដ្ឋមន្ត្រីកម្ពុជា
ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម
ត្រូវធ្វើការជាបន្ទាន់ជាមួយធនាគារអេស៊ីលីដា
ដែលបាននិងកំពុងប្រើរូបសញ្ញា«ហង្ស»
ជានិម្មិតសញ្ញាពាណិជ្ជកម្មរបស់ខ្លួន
ឲ្យធ្វើការផ្លាស់ប្តូររូបសញ្ញាហង្សនេះ ជាបន្ទាន់
ក្នុងរយៈពេល៣សប្តាហ៍យ៉ាងយូរ ពីព្រោះ«រូបហង្ស»
គឺជារូបសញ្ញារបស់ជាតិ ដែលក្រសួងហិរញ្ញវត្ថុ
បាននិងកំពុងប្រើប្រាស់ ចៀសវាងការយល់ច្រឡំរបស់ប្រជាពលរដ្ឋ។ ការណែនាំរបស់លោក ហ៊ុន សែន ដូច្នេះបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីកម្ពុជា បានពិភាក្សានិងអនុម័ត គម្រោងវិនិយោគខ្សែរបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥មេហ្គាវ៉ាត់ ខេត្តព្រះសីហនុ។
ទាក់ទងទៅនឹងការកំហិតរបស់គណៈរដ្ឋមន្ត្រីខ្មែរដូច្នេះ លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា បានឲ្យដឹងថា ឡូហ្គូធនាគារអេស៊ីលីដាបច្ចុប្បន្ន«រូបហង្ស» អាចនឹងប្តូរចំថ្ងៃគណៈរដ្ឋមន្ត្រីប្រជុំនេះតែម្តង ប្រសិនបើក្រសួងពាណិជ្ជកម្មយល់ព្រមនៅថ្ងៃនេះ។ និម្មិតសញ្ញាថ្មីនោះ ត្រូវលោក អ៊ិន ចាន់នី ប្រាប់ថាយកតាមអក្សរ «អេស៊ីលីដា»ជាអក្សរខ្មែរនិងឡាតាំងតែម្តង។
ធនាគារអេស៊ីលីដា បច្ចុប្បន្ន មានបុគ្គលិកជាង១២០០០នាក់ និងមានទ្រព្យសកម្មជាង៣ពាន់លានដុល្លារនោះ បានប្រើប្រាស់និម្មិតសញ្ញារូប«ហង្ស»នេះ ដូចនិម្មិតសញ្ញាក្រសួងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ ធនាគារក៏បានគ្រោងផ្លាស់ប្តូររូបសញ្ញានេះម្តងហើយ តែដោយសារការផ្លាស់ប្តូរត្រូវចំណាយប្រាក់ច្រើន និងធ្លាប់ប្រើពីមុនមិនមានបញ្ហាក៏បន្តប្រើរហូតមក។ នេះបើតាមអ្នកគ្រប់គ្រងធនាគារ។
ដោយមិនមានការប្រកែកអ្វី ធនាគារអេស៊ីលីដា យល់ថាការដូររូបសញ្ញានេះនឹងមិនប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនទេ ដោយធនាគារនឹងចាប់ផ្តើមការផ្សព្វផ្សាយ និងពន្យល់រូបសញ្ញាថ្មី ដល់អតិថិជនរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់។ តាមរយៈកិច្ចប្រជុំពេញអង្គនេះដែរ លោកនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាទីបំផុតដល់អាជ្ញាធរថ្នាក់ក្រោមជាតិរួមមាន រាជធានី ខេត្ត ក្រុង ខ័ណ្ឌ ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវបញ្ចប់និងដកខ្លួនជាបន្ទាន់ពីការចូលរួមធ្វើសកម្មភាពណាមួយ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ថាជារបស់រដ្ឋ។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា បន្ថែមពាក្យ«ឯកជន» ដើម្បីចៀសវាងការភ័ន្តច្រឡំ ពីប្រជាពលរដ្ឋថាជាមីក្រូហិរញ្ញវត្ថុរបស់រដ្ឋ៕
No comments:
Post a Comment