ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
នៅថ្ងៃសៅរ៍ម្សិលមិញនេះបានប្ដេជ្ញាថា រដ្ឋាភិបាលរបស់លោក
នឹងចំណាយថវិកាឲ្យអស់តិចបំផុត
សម្រាប់សង់ជញ្ជាំងព្រំដែនខណ្ឌចែកអាមេរិកនិងម៉ិចស៊ិក។ លោកត្រាំ
នៅមិនទាន់ឲ្យដឹងទេថាតើការសង់ជញ្ជាំងនេះ
នឹងចំណាយអស់ថវិកាប៉ុន្មាន។ លោកគ្រាន់តែបញ្ជាក់ថា
ជញ្ជាំងតាមព្រំដែនខណ្ឌចែកអាមេរិកនិងម៉ិចស៊ិកនេះ
កំពុងតែស្ថិតក្នុងដំណាក់កាលគូសវាសប្លង់ ហើយនៅពេលសាងសង់រួច
វានឹងផ្ដល់ប្រយោជន៍ច្រើនដល់អាមេរិក។
នៅក្នុងសំណេរលើបណ្ដាញសង្គម
Twitter ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរថា
គម្រោងសាងសង់ «ជញ្ជាំងដ៏អស្ចារ្យ» ខណ្ឌចែកអាមេរិកនិងម៉ិចស៊ិក
មានតម្លៃថ្លៃជាងការរំពឹងទុកពីដំបូងរបស់រដ្ឋាភិបាល។
ប៉ុន្តែលោកថា
លោកនៅមិនទាន់បានលូកដៃចូលក្នុងកិច្ចការងារនេះនៅឡើយទេ។
បើតាមលោក ដូណាល់ ត្រាំ
នៅពេលលោកចូលប្រឡូកនៅក្នុងការងារសង់ជញ្ជាំងនេះ
ការចំណាយនឹងត្រូវធ្លាក់ចុះយ៉ាងគំហុក។រដ្ឋបាលរបស់លោកដូណាល់ ត្រាំ នៅមិនទាន់បញ្ចេញផែនការនិងគម្រោងចំណាយជាក់ស្ដែងសម្រាប់ការសាងសង់ជញ្ជាំងទេ ខណៈក្នុងពេលឃោសនាបោះឆ្នោត លោកត្រាំ បានប៉ាន់ស្មានថា ការចំណាយអាចស្ថិតក្នុងកម្រិត១០ពាន់លានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវដទៃទៀតអះអាងថា រដ្ឋាភិបាលអាមេរិកត្រូវចំណាយថវិកាពី១៥ពាន់លាន ដល់២៥ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំងប្រវែងជាង២ពាន់គីឡូម៉ែត្រ តាមបណ្ដោយព្រំដែនអាមេរិកនិងម៉ិចស៊ិក។
នៅក្នុងសំណេរតាម Twitter ប្រធានាធិបតីអាមេរិកបានបញ្ជាក់អំពីជញ្ជាំងនេះបន្ថែមថា គម្រោងសង់ជញ្ជាំង កំពុងតែស្ថិតក្នុងដំណាក់កាលគូសវាសប្លង់ ហើយនៅពេលសាងសង់រួច វានឹងផ្ដល់ប្រយោជន៍ច្រើនណាស់ដល់អាមេរិក។ ជញ្ជាំងដែលលោកត្រាំចង់បាន គឺ ជញ្ជាំងដែលធ្វើឡើងពីថ្មបេតុង កំពស់ជាង១០ម៉ែត្រ និងដាក់កប់ជ្រៅ ទៅក្នុងដី ដើម្បីទប់ស្កាត់កុំឲ្យជនអន្តោរប្រវេសន៍ អាចជីករូងក្រោមដី ឆ្លងចូលក្នុងទឹកដីអាមេរិកបាន។
សូមរំឭកជូនថា ការសង់ជញ្ជាំងនៅព្រំដែនម៉ិចស៊ិក និងអាមេរិក គឺជានយោបាយចំបងរបស់លោកដូណាល់ ត្រាំ ដែល ធ្លាប់បានសន្យាដែរថា នឹងធ្វើឲ្យម៉ិចស៊ិកចេញលុយសង់ជញ្ជាំង។ រដ្ឋាភិបាលម៉ិចស៊ិកដែលថ្កោលទោស ក្រឹត្យបញ្ជាឲ្យសង់ជញ្ជាំង បានថ្កោលទោសជាថ្មី នៅពេលអាមេរិកបង្ហើបពីគម្រោងតម្លើងពន្ធ២០ភាគរយលើផលិតផលនាំចូលពីម៉ិចស៊ិក ដើម្បីយកលុយទៅសង់ជញ្ជាំង៕
No comments:
Post a Comment