ក្រសួងការបរទេសកម្ពុជា បានស្នើជាថ្មីទៀត
សូមឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ទាក់ទិនរឿងនេះ
អ្នកវិភាគយល់ឃើញថា មានតែប្រទេសដែលកាន់របបផ្ដាច់ការប៉ុណ្ណោះ
ដែលបារម្ភពីការអនុវត្តសិទ្ធិមនុស្សនេះឲ្យបានពេញលេញ។
ការរិះគន់របស់អ្នកវិភាគនៅពេលនេះ
ស្របពេលដែលជំហររបស់រដ្ឋាភិបាលនៅតែចាត់ទុកឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលប្រចាំនៅកម្ពុជា
ថាមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា
នៅថ្ងៃទី១៥ កុម្ភៈ
ក្រោយមួយថ្ងៃនៃជំនួបទ្វេភាគីរវាងក្រសួងការបរទេស
និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
បានសរសេរយ៉ាងពិស្ដារពីជំនួបនេះ។
ក៏ប៉ុន្តែនៅឃ្លាចុងក្រោយនៃសេចក្ដីប្រកាស
ស្ថាប័នរដ្ឋមួយនេះបានរំឭកពីការអនុវត្តឲ្យបានជោគជ័យ
ដែលភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាកាលពីចុងឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មានបន្តថា
ដើម្បីកសាងទំនុកចិត្តគ្នានេះ ឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
ចាំបាច់ត្រូវមានភាពស្មោះត្រង់ក្នុងការវិនិច្ឆ័យ
និងគោរពអធិបតេយ្យភាព
ជាពិសេសមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជុំវិញរឿងនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ
អ្នកវិភាគឯករាជ្យ យល់ឃើញថា
វាជាការគួរឲ្យអាម៉ាស់ដែលរដ្ឋាភិបាលប្រើប្រាស់យន្តការហាមឃាត់មិនឲ្យអង្គការសហប្រជាជាតិ
បន្តពិនិត្យលើខ្លឹមសារដែលកម្ពុជា ក៏ជារដ្ឋភាគីមួយដែរ
ដែលឯកភាពលើការធានាឲ្យមានការគោរពសិទ្ធិមនុស្ស
ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកបន្តថា
មានតែប្រទេសដែលអនុវត្តផ្ទុយពីសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ
ដែលរារាំងមិនចង់ឲ្យមានការគោរពសិទ្ធិមនុស្សដ៏ពេញលេញ។ លោកបន្តថា
«របបផ្ដាច់ការតែងតែយកអធិបតេយ្យភាពគោលការណ៍គោរពអធិបតេយ្យភាពតាមបែបប្រជាធិបតេយ្យ
លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសហ្នឹង ដទៃហ្នឹង។
នេះគឺយកធ្វើជារបងរារាំង និងការពារខ្លួន»។
កាលពីចុងឆ្នាំ២០១៦ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ
ធ្លាប់ព្រមានបិទការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះម្ដងរួចហើយ ដោយចាត់ទុកថា
អង្គភាពអន្តរជាតិមួយនេះរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួន។
បើទោះជាយ៉ាងណា ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងអ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
កាលពីថ្ងៃទី១៤ កុម្ភៈ នៅទីស្ដីការក្រសួង លោក ប្រាក់ សុខុន
សន្យាថាជួបគ្នា ៣ខែម្ដងទៅតាមភាពចាំបាច់នៃការងារ។
ការបញ្ជាក់ជំហរជាថ្មីទៀតនៅពេលនេះ
នៅក្រោយពេលភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាកាលពីថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០១៦
លើអនុស្សរណៈសម្រាប់ការអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសស្ដីពីសិទ្ធិមនុស្ស។
អ្នកវិភាគយល់ឃើញថា
ថ្វីបើពេលនេះភាគីទាំងពីរបានស្រុះស្រួលគ្នា
និងខំកសាងជំនឿចិត្តដែលជាការជួសជុលភាពប្រេះឆា
និងភាពរង្គោះរង្គើក្នុងពេលកន្លងទៅក៏ដោយចុះ
ជំហររបស់រដ្ឋាភិបាលនេះនៅតែជាគំរាមកំហែងដល់ដំណើរប្រតិបត្តិការរបស់ឧត្ដមស្នងការនេះដដែល។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា
ចេតនារបស់រដ្ឋាភិបាលពិតជាមិនចង់ឲ្យមានតំណាងអង្គការសហប្រជាជាតិ
ឬលក្ខខណ្ឌដែលប្រសើរសម្រាប់ការគោរពសិទ្ធិមនុស្ស
និងការអនុវត្តតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្សប៉ុន្មាននោះទេ។
លោកបន្តថា «រដ្ឋាភិបាលតែងព្យាយាមទប់ស្កាត់ និងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា យើងនេះ»។
អាស៊ីសេរី
ពុំអាចសុំការបំភ្លឺជុំវិញជំហររបស់រដ្ឋាភិបាលបានភ្លាមៗទេ
នៅថ្ងៃទី១៥ កុម្ភៈ ដើម្បីសុំការបំភ្លឺបន្ថែម។ ប៉ុន្តែអ្នកស្រី
វ៉ាន់ហ៊ី លី (Wan-Hea Lee) ធ្លាប់អះអាងនៅចំពោះមុខលោករដ្ឋមន្ត្រី ប្រាក់ សុខុន ថាអ្នកស្រីបំពេញកិច្ចការត្រឹមក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មន្ត្រីរដ្ឋការអន្តរជាតិ (Civil Service) មិនត្រូវជ្រៀតជ្រែកចូលនយោបាយ
ឬកិច្ចការរបស់រដ្ឋាភិបាលឡើយ។ ការទិតៀន
ឬការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលពីសំណាក់មន្ត្រីរដ្ឋការអន្តរជាតិ
ទោះបីមានលក្ខណៈបុគ្គល ឬជាក្រុមក៏ដោយ
វាជាប្រការដែលមិនអាចទទួលយកបានឡើយ។
អ្នកវិភាគយល់ឃើញថា
ប្រសិនបើរដ្ឋាភិបាលមួយព្យាយាមប្រើអំណាចគ្របលើច្បាប់
និងបទដ្ឋាននានា មានន័យថា
នោះគឺជាទម្រង់នៃការគ្រប់គ្រងតាមបែបអំណាចផ្ដាច់ការ៕
No comments:
Post a Comment