Tuesday, February 21, 2017

គ.ជ.ប ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​បក្ស​នយោបាយ

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា គ.ជ.ប គឺ​ជា​ស្ថាប័ន​បច្ចេកទេស និង​អនុវត្ត​តាម​ច្បាប់​ប៉ុណ្ណោះ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ។ ការ​លើក​ឡើង​នេះ ស្រប​ពេល​សង្គម​ស៊ីវិល​សម្ដែង​ក្ដី​ការ​ព្រួយ​បារម្ភ​ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រដ្ឋ​សភា​ទើប​អនុម័ត អាច​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​នយោបាយ​មិន​ស្មើ​ភាព នឹង​អាច​នាំ​ឱ្យ​មាន​ការ​ប្រឈម​គ្នា។
សង្គម​ស៊ីវិល​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​បាន​សម្រេច​គាំទ្រ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។
នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ការ​ប្រកួត​ប្រជែង​គ្នា​ខាង​ផ្នែក​នយោបាយ​ហាក់​ដូចជា​មិន​សូវ​ស្មើ​ភាព​គ្នា​ឡើយ ហើយ​អាច​នាំ​ឱ្យ​គណបក្ស​នយោបាយ​ខ្លះ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ពេល​ខាង​មុខ ដោយសារ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ៖ «ទីលាន​ប្រកួតប្រជែង​ខាង​ផ្នែក​នយោបាយ​ហាក់​មិន​សូវ​ស្មើ​ភាព​គ្នា ហើយ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ថ្ងៃ​ខាង​មុខ​ទៅ អាច​មាន​ការ​ប្រឈម​គ្នា​រវាង​គណបក្ស​នយោបាយ​ខ្លះ»
ការ​ព្រួយ​បារម្ភ​នេះ ស្រប​ពេល​ក្រុម​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៦​រូប នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​សម្រេច​លើក​ដៃ​ព្រម​គ្នា អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​វត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។
មុន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​បក្ស​យ៉ាង​ភ្ញាក់ផ្អើល បន្ទាប់ពី​លោក​រិះគន់​រដ្ឋ​សភា​ថា ជា​ជា​កន្លែង​ទីងមោង​របស់​គណបក្ស​កាន់​អំណាច កំពុង​រៀប​គម្រោង​កម្ចាត់​គណបក្ស​របស់​លោក។
​ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក បាន​បក​ស្រាយ​ថា គ.ជ.ប គឺ​ជា​ស្ថាប័ន​បច្ចេកទេស និង​អនុវត្ត​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ ជាពិសេស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការវិវត្តន៍​នយោបាយ​បច្ចុប្បន្ន​នោះ​ទេ ហើយ​ការ​ធ្វើ​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ ជា​រឿង​ក្រៅ​ផ្លូវ​ការ​របស់ គ.ជ.ប៖ «ពេល​នេះ​មិន​មែន​ជា​ពេល​ត្រូវ​និយាយ​អំពី​រឿង​នយោបាយ កាល​ពី​អ៊ំ​នៅ​សភា នៅ​សភា​ផ្សេង អ៊ំ​មក​កន្លែង​នេះ គឺ​ជា​អ្នក​បច្ចេកទេស អ្នក​អនុវត្ត​ច្បាប់​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​សភាពការណ៍​នយោបាយ​របស់​បណ្ដា​គណបក្ស​ទេ»
ការ​លើក​ឡើង​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​មាន​អ្នក​ចូល​រួម​រាប់​សិប​នាក់ តំណាង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ឱ្យ​គណបក្ស​នយោបាយ​មួយ​ចំនួន។
លោក ស៊ិក ប៊ុនហុក បន្ត​ថា ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បច្ចុប្បន្ន គឺ​មាន​គោលបំណង​តែមួយ​គត់ ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំង​អស់ ជាពិសេស​លោក​មិន​ចង់​ឃើញ បន្ទាប់​ពី​ការ​បោះឆ្នោត​ចប់ កម្ពុជា​ក្លាយ​ខ្លួន​ដូចជា​ប្រទេស​ស៊ីរី ដែល​កំពុង​ដិតដាន​ដោយ​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​ឡើយ។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គ.ជ.ប បាន​ផ្ដល់​សុពលភាព​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​ដែល​មាន​ឈ្មោះ​ពលរដ្ឋ​ចំនួន​ជិត ៨​លាន​នាក់ (៧.៨៦៥.០៣៣) ស្មើ​នឹង ៨១% នៃ​ប្រជាជន​សរុប​ដែល​មាន​អាយុ​អាច​បោះ​ឆ្នោត​ទាំង​អស់​ជាង ៩​លាន​នាក់ (៩.៦៦.២១៦) ក្រោយ​ពី គ.ជ.ប បាន​សម្រេច​មិន​លុបចោល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ១.៤៤១​នាក់ ដែល​ភាគ​ច្រើន​ត្រូវ​ប្ដឹង​ដោយ​មន្ត្រី​បក្ស​ប្រឆាំង ដោយ​ចោទ​ថា ជា​ជនជាតិ​វៀតណាម។
កិច្ចការ​បន្ទាប់​របស់ គ.ជ.ប នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ទាំង ៤៥​គណបក្ស ដែល​មាន​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ បច្ចុប្បន្ន សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​រយៈពេល ០៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ដល់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧ នេះ។
​ក្រៅ​ពី​នេះ គ.ជ.ប ត្រៀម​ជ្រើសរើស​មន្ត្រី​កិច្ចសន្យា​ជាង​មួយ​សែន​នាក់ (១១០.៧៤០) ដើម្បី​ឱ្យ​បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ចំនួន​ជាង ២​ម៉ឺន (២២.១៤៤) ការិយាល័យ​នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...