Tuesday, February 21, 2017

លោក ហ៊ុន សែន ថានៅតែស្រក់ទឹកភ្នែកពេលនឹកឃើញពេលរស់នៅ​បែកពីប្រពន្ធនិងកូន

ក្រុមគ្រួសារលោក ហ៊ុន សែន (ហ្វេសប៊ុក លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកថា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំនេះ គឺជាខួប៣៨ឆ្នាំ ដែលលោកបានជួប ភរិយានិងកូនវិញ​ក្រោយពេល​របបខ្មែរក្រហមដួលរលំ តែលោកថា ឲ្យតែនឹកឃើញពីហេតុការណ៍នៃការបែកបាក់នោះ តែងស្រក់ទឹកភ្នែករហូតដល់​បច្ចុប្បន្ន។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុក​របស់លោកថា ទឹកភ្នែករាប់លានដំណក់បានស្រក់ នៅពេលលោក​បែកពីគ្រួសារនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៧៧។ លោកបន្តថា ក្រោយថ្ងៃផ្តូលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោកនៅតែស្រក់ទឹកភ្នែកដោយសារមិនដឹងដំណឹងប្រពន្ធនៅទីណា ស្លាប់ ឬរស់។​
លោកសរសេរថា៖ «ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី១ស្លាប់ និងការបែកគ្នារហូតកូនមិនស្គាល់ឪពុក ទឹកភ្នែកខ្ញុំនៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនឲ្យអ្នកណាក៏ដោយដែលបំផ្លាញសន្តិភាពនិងបង្កឱ្យមានចលាចល»។
ទាក់ទងសន្តិភាព លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាពេលដែលបាត់បង់វត្តមានរូបលោកនិងនៅពេលគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតនោះ នឹងធ្វើឲ្យសង្គមមានចលាចលឬផ្ទុះសង្គ្រាម។​
ទោះជាយ៉ាងណា​អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម​ធ្លាប់លើកឡើងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​៤០ឆ្នាំ​មកនេះ​ ក៏បានបណ្តាលឲ្យពលរដ្ឋខ្មែរមិនតិចទេ ស្រក់ទឹកភ្នែក​ដោយភាពអយុត្តិធម៌នៅក្នុងសង្គម ដូចជាជម្លោះដីធ្លី ការបំផ្លាញធនធានធម្មជាតិជាដើម​។ ចំណែកឃាតកម្មជាច្រើន​ដែលរកឃាតកមិនឃើញក៏កំពុងធ្វើឲ្យក្រុមគ្រួសាររងទុក្ខដែរដូចជា ឃាតកម្ម​សម្លាប់តារាសម្តែង អ្នកស្រី ពិសិដ្ឋ ពីលីកា សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីព សម្លាប់លោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ និងចុងក្រោយការសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមជាដើម៕
សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...