វាអាចជាការរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុមអ្នកតាមដាននយោបាយកម្ពុជា
បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិរបស់លោក
សម រង្ស៊ី កាលពីចុងសប្ដាហ៍កន្លងមកនេះ។ ជារឿងគួរឲ្យភ្ញាក់ផ្អើល
នោះក៏ព្រោះតែគ្មាននរណានឹកស្មានថា
មេដឹកនាំបក្សប្រឆាំងរូបនេះសម្រេចចិត្តបែបនេះនោះឡើយ
ដោយសារតែលោកបានតស៊ូដឹកនាំគណបក្សប្រឆាំងប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន អស់រយៈពេលមិនតិចជាង ២០ឆ្នាំមកហើយ
និងមិនដែលមានតម្រុយមកថា រូបលោកនឹងលាលែងពីតំណែង
ឬចាកចេញឲ្យផុតពីនយោបាយកម្ពុជានោះឡើយ។
បើយើងរំលឹកឡើងវិញអំពីជីវិតនយោបាយរបស់លោក សម រង្ស៊ី
នៅក្នុងរយៈពេលមិនតិចជាង ២ទសវត្សរ៍ចុងក្រោយមកនេះ
ការលាលែងរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ
មិនមែនជារឿងចៃដន្យនោះឡើយ។ មិនមែនចៃដន្យ
នោះក៏ព្រោះតែវាមានពាក់ព័ន្ធនឹងដំណើរវិវត្តន៍នយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី បានភៀសខ្លួនជាច្រើនលើកច្រើនសារទៅក្រៅប្រទេស
នៅពេលដែលស្ថានការណ៍នយោបាយកម្ពុជា ក្រឡាប់ចាក់។
បើនិយាយពីបណ្ដឹងតាមផ្លូវតុលាការវិញ លោក សម រង្ស៊ី
បានប្រឈមមុខនឹងបណ្ដឹងច្រើនលើកច្រើនគ្រាពីសំណាក់គណបក្សកាន់អំណាច
ក្នុងនោះមានបណ្ដឹងជាច្រើនករណីធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ផងដែរ។
ទោះជាយ៉ាងណា ជីវិតនយោបាយរបស់លោក សម រង្ស៊ី នៅតែបន្តទៅមុខទៀត
ក្រោយពីមានការសម្រុះសម្រួលនយោបាយ ឬការលើកលែងទោស
ទៅតាមការស្នើសុំពីលោក ហ៊ុន សែន។
ប៉ុន្តែ
ស្ថានភាពនយោបាយកម្ពុជាកាន់តែតានតឹងឡើងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ពោលគឺក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគេមើលឃើញថា
គណបក្សកាន់អំណាចបានបាត់បង់អាសនៈដល់ទៅ
២២កៅអីទៅខាងគណបក្សប្រឆាំង ដែលទទួលបាន ៥៥អាសនៈនៅក្នុងសភា។
បើទោះបីជាទទួលបានការលើកលែងទោសកាលពីពាក់កណ្ដាលឆ្នាំ២០១៣រួចទៅហើយ
ប៉ុន្តែ លោក សម រង្ស៊ី បែរជានៅបន្តប្រឈមនឹងបណ្ដឹងមួយទៀតនៅឡើយ
ដែលប្ដឹងដោយអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង
នៅក្នុងឆ្នាំ២០១៥កន្លងមក បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះ
សាងភាពល្អូកល្អិននឹងគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានរយៈពេលមិនដល់មួយឆ្នាំផង។
ក្រៅពីបណ្ដឹងមួយនេះ លោក សម រង្ស៊ី បាន
និងកំពុងប្រឈមមុខនឹងបណ្ដឹងនានាពីលោកនាយករដ្ឋមន្ត្រី
ក្នុងនោះមានទាំងបណ្ដឹងពាក់ព័ន្ធនឹងការទិញចំនួន Like
នៅលើហ្វេសប៊ុក បណ្ដឹងពាក់ព័ន្ធនឹងឃាតកម្មអ្នកវិភាគ លោក កែម ឡី
និងចុងក្រោយបំផុតគឺបណ្ដឹងបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការថ្លែងថា
លោក ហ៊ុន សែន សូកលុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា
ឲ្យបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
ពាក់ព័ន្ធនឹងបណ្ដឹងចុងក្រោយនេះ លោក ហ៊ុន សែន
បានព្រមានរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី
រួមទាំងទីស្នាក់ការគណបក្សផងដែរ ដើម្បីយកទៅទូទាត់សំណងជំងឺចិត្ត
១លានដុល្លារ ខណៈដែលកញ្ញា ធី សុវណ្ណថា ឯណោះវិញ
ក៏បង្កើនការទាមទារសំណងជំងឺចិត្តពី ២៥ម៉ឺនដុល្លារ ទៅដល់
៥០ម៉ឺនដុល្លារ។ ជាងនេះទៅទៀត លោក ហ៊ុន សែន
ក៏បានជំរុញទៅថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់គណបក្សកាន់អំណាច
មានទាំងលោក ហេង សំរិន ផងដែរ ឲ្យបង្កើនការទារសំណងជំងឺចិត្តពីលោក
សម រង្ស៊ី។
ក្រៅពីរុំព័ទ្ធទៅដោយបណ្ដឹងចាក់ស្រេះហើយនោះ
គណបក្សប្រឆាំងធំជាងគេនេះ
កំពុងទទួលរងសម្ពាធនយោបាយផ្សេងៗបន្ថែមទៀត ពីខាងគណបក្សកាន់អំណាច
ដូចជាការទម្លាយខ្សែអាត់សំឡេងសន្ទនាស្នេហារបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ
រហូតដល់ក្រុមតំណាងរាស្ត្រ។
ហើយសម្ពាធថ្មីបំផុតនោះគឺការប្រឈមមុខនឹងការរំលាយបក្ស
បន្ទាប់ពីលោក ហ៊ុន សែន បានជំរុញទៅសភារបស់បក្សលោក
ឲ្យកែប្រែច្បាប់គណបក្សនយោបាយ ដែលគេគ្រោងហាមឃាត់ប្រធាន
ឬអនុប្រធានបក្ស មិនឲ្យដឹកនាំបក្សនយោបាយនោះឡើយ
បន្ទាប់ពីតុលាការកាត់ទោស។ សម្ពាធនយោបាយថ្មីបំផុតនេះ
ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបិទផ្លូវនយោបាយរបស់លោក
សម រង្ស៊ី។ ក្រោយពីលោក ហ៊ុន សែន ថ្លែងគំរាមបែបនេះបានតែជាង
១០ថ្ងៃប៉ុណ្ណោះ លោក សម រង្ស៊ី បានប្រកាសដាក់ពាក្យលាលែងតែម្ដង។
ការប្រកាសលាលែងពីតំណែងរបស់លោក សម រង្ស៊ី នេះ ជំរុញឲ្យមានចោទសួរថា តើទិដ្ឋភាពនយោបាយកម្ពុជានឹងវវត្តន៍ទៅជាយ៉ាងណា?
ជុំវិញដំណើរវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយកម្ពុជាថ្មីៗនេះ
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា
បានផ្ដល់ជាទស្សនវិភាគរបស់លោកថា ស្ថានការណ៍ថ្មីៗនេះ
ឆ្លុះបញ្ចាំងឲ្យឃើញពីដំណើរការធាក់ថយនៃដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងដូច្នេះ ដោយសារលោកមើលឃើញថា
សេរីភាពនយោបាយសម្រាប់គណបក្សប្រឆាំង ត្រូវបានរឹតត្បិតកាន់តែខ្លាំង
ហើយគណបក្សនេះកំពុងប្រឈមនឹងសម្ពាធនយោបាយជាបន្តបន្ទាប់
ខណៈដែលប្រទេសកម្ពុជាកំពុងឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងខែមិថុនា
ឆ្នាំ២០១៧នេះ និងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៨ខាងមុខ។
លោក សូ ចន្ថា៖ “ស្ថានការណ៍វិវត្តន៍នៃនយោបាយកម្ពុជា
យើងឃើញថា វាហាក់ជាដូចជាវិវត្តថយក្រោយទៅវិញ
ក្នុងដំណើរការនៃប្រជាធិបតេយ្យ ដោយសារតែមកដល់ពេលនេះ
យើងឃើញមានការរឹតត្បិតសេរីភាពអ្នកនយោបាយកាន់តែខ្លាំងជាងមុន
រហូតដល់មានការកែប្រែ
ឬវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរឹតត្បិតសេរីភាពរបស់អ្នកនយោបាយមួយចំនួនដែលអាចនឹងមានការចោទប្រកាន់ពីបទល្មើសផ្សេងៗ
នៅក្នុងដំណាក់កាលថ្មីនេះ”។
អ្នកវិភាគរូបនេះព្រមានថា ស្ថានការណ៍បែបនេះ បង្ហាញឲ្យឃើញថា
ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្ថិតនៅលើផ្លូវគ្រោះថ្នាក់
បន្ទាប់ពីគណបក្សកាន់អំណាចបានព្យាយាមប្រើប្រាស់ប្រព័ន្ធតុលាការ
និងកែប្រែច្បាប់មួយចំនួន
ដើម្បីផាត់គូប្រជែងដ៏ធំរបស់ខ្លួនចេញពីការប្រកួតប្រជែង។
ជុំវិញការសម្រេចចិត្តរបស់លោក សម រង្ស៊ី ថ្មីៗនេះ លោក សូ ចន្ថា
មើលឃើញថា មេបក្សប្រឆាំងរូបនេះ អាចដើរតាមផ្លូវរបស់អ្នកស្រី
អ៊ុងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។
ជ័យលាភីពានរង្វាន់ណូបែល អ្នកស្រី ស៊ូជី
ត្រូវបានច្បាប់មួយហាមឃាត់មិនឲ្យឡើងជាប្រធានាធិបតីរបស់ប្រទេសភូមា
ដោយសារតែពួកយោធាបានចែងច្បាប់ថា
អ្នកនយោបាយដែលរៀបការជាមួយជនបរទេស
មិនត្រូវបានអនុញ្ញាតឲ្យកាន់តំណែងមួយនេះនោះទេ។
បើទោះបីលោក សម រង្ស៊ី
បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ ប៉ុន្តែ
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មើលឃើញថា
គណបក្សប្រឆាំងនៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់មេដឹកនាំទាំងពីរគឺ
លោក សម រង្ស៊ី និងលោក កឹម សុខា ដដែល។
សម្រាប់លោក អ៊ូ វីរៈ លោកយល់ថា
គណបក្សប្រឆាំងបានរៀបចំវិធីថ្មីមួយទៀត
ដើម្បីបញ្ចៀសកុំឲ្យគណបក្សប្រឆាំងមួយនេះ ត្រូវបានគេរំលាយចោល
ដូចទៅតាមការប៉ុនប៉ងកែប្រែច្បាប់គណបក្សនយោបាយ
ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញកាលពីចុងខែមករាកន្លងមក។
ប៉ុន្តែ អ្នកវិភាគរូបនេះ បានព្រមានថា ស្ថានការណ៍នយោបាយកម្ពុជា
នឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស
ដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា
ដោយលោកបានលើកឡើងពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ
អំឡុងពេលដែលប្រទេសនេះ
ជួបប្រទះនឹងវិបត្តិនយោបាយរវាងក្រុមអាវក្រហម និងក្រុមអាវលឿង
កាលពីប៉ុន្មានឆ្នាំមុន។
លោក អ៊ូ វីរៈ៖ “អស្ថេរភាពនឹងធ្វើឲ្យប៉ះពាល់ដល់អចលនទ្រព្យមុនគេ
បន្ទាប់មកអាចប៉ះពាល់ការរកស៊ីមួយចំនួនផ្សេងទៀត។
បើយើងមើលស្រុកថៃ នៅពេលមានអស្ថេរភាព បាតុកម្ម និងមានអាវលឿងម្ដង
អាវក្រហមម្ដង ហើយមានរដ្ឋប្រហារអីចេះរដ្ឋប្រហារឡើង
សេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ធ្លាក់ចុះរហូត ដល់ពេលឡើងវិញ
ក៏មិនឡើងលើស ១ ឬ ២ភាគរយដែរ។ អីចឹង យើងឃើញជាទូទៅ
ឲ្យតែមានបញ្ហាអីចឹង ធ្វើប៉ះពាល់ដល់សេដ្ឋកិច្ច”។
សម្រាប់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល វិញ
លោកបានប្រៀបធៀបការប្រកួតប្រជែងនយោបាយកម្ពុជា
ទៅនឹងការប្រកួតកីឡាលើសង្វៀនដូច្នេះដែរ
ខណៈដែលមានទស្សនិកជនទាំងជាតិ និងអន្តរជាតិ កំពុងតាមដាន។ លោកយល់ថា
សង្វៀនប្រជាធិបតេយ្យកម្ពុជា នឹងមិនល្អមើលនោះឡើយ
ប្រសិនបើគូប្រជែងម្ខាង
បានប្រើប្រាស់វិធីនានាដើម្បីដាក់សម្ពាធទៅលើគូប្រកួតម្ខាងទៀត
ឲ្យបោះបង់ចោលការប្រកួតនោះ។
ការប្រើប្រាស់វិធីនានា
ដើម្បីដាក់សម្ពាធនៅលើគូប្រជែងនយោបាយរបស់ខ្លួន លោក ព្រាប កុល
បញ្ជាក់ថា នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពខាងផ្នែកនយោបាយ
ហើយប្រទេសកម្ពុជានឹងទទួលបានសន្ទស្សន៍ខាងសេរីភាពកាន់តែមិនអាក្រក់ថែមទៀត
សម្រាប់ឆ្នាំ២០១៧នេះ។
លោក ព្រាប កុល៖ “ខ្ញុំថា
អាចនឹងធ្វើឲ្យពិន្ទុនៅកម្ពុជាក្នុងជ្រុងនៃសិទ្ធិនយោបាយ
ឬក៏ទីលានប្រកួតប្រជែងនយោបាយហ្នឹង កាន់តែយ៉ាប់ទៅ
សេរីភាពក្នុងការសម្ដែងមតិ
លំហរក្នុងការធ្វើកិច្ចការងារក្នុងសង្គមស៊ីវិល
ឬក៏ក្នុងចំណោមអ្នកវិភាគឯករាជ្យហ្នឹង កាន់តែមានភាពចង្អៀតទៅ។
អីចឹងទាំងអស់ហ្នឹង តិចឬច្រើន
វាអាចនឹងមានផលប៉ះពាល់នៅក្នុងការដាក់ពិន្ទុ
ឬការវាយតម្លៃទៅលើសន្ទស្សន៍អន្តរជាតិណាមួយ។
ប្រសិនបើយើងមិនមានការកែប្រែឲ្យវាទៅរកភាពវិជ្ជមានវិញទេ
គឺវានឹងបន្ត ឬក៏អាចថា កាន់តែយ៉ាប់យឺនបន្ថែមទៀត ក៏ថាបាន”។
ក្រៅពីនេះ លោក ព្រាប កុល រំពឹងថា ចង់មិនចង់
សហគមន៍អន្តរជាតិនឹងរកវិធីផ្សេងៗ
មិនថាការថ្លែងរិះគន់ដើម្បីស្ថាបនា ឬក៏វិធីសាស្ត្រកាទូតនោះឡើយ
ដើម្បីជួយឲ្យកម្ពុជាវិលទៅរកដំណើរការប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ។
លោក ព្រាប កុល យល់ថា គណបក្សកាន់អំណាច ឬរដ្ឋាភិបាល
គួរតែបង្ហាញពីឆន្ទៈរបស់ខ្លួនចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
និងការកែទម្រង់សំដៅទៅរកប្រជាពលរដ្ឋ
ជាជាងប្រើប្រាស់វិធីមិនល្អនានា
ដើម្បីបំបាក់គូប្រជែងនយោបាយរបស់ខ្លួន៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment