ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) នៅថ្ងៃទី១៧ ខែកុម្ភៈ បានជួបពិភាក្សាជាមួយកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឲ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) ថា លោក វីល្លៀម ហៃដ្ដ និងលោក ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាមួយក្នុងពេលដែលលោកទាំងពីរពិសាអាហារថ្ងៃត្រង់ជាមួយគ្នានៅនិវាសដ្ឋានលោក វីល្លៀម ហៃដ្ដ។ ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា ប្រធានបទពិភាក្សារួមមាន កិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងនឹងភេរវកម្ម។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធា រដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅនេះ បានប្រកាសផ្អាកសមយុទ្ធយោធាឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
រដ្ឋាភិបាលលើកហេតុផលថា ការផ្អាកនេះដោយសារប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ លើសពីនេះ កម្លាំងសមត្ថកិច្ចកម្ពុជា ក៏កំពុងរវល់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការបង្ក្រាបគ្រឿងញៀនផងដែរ។ ទោះជាយ៉ាងណា អ្នកខ្លះយល់ថា ការសម្រេចផ្អាករបស់រដ្ឋាភិបាលកម្ពុជា អាចមានហេតុផលនយោបាយច្រើនជាង។
កន្លងទៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ ធ្លាប់ថ្លែងថា ការផ្អាកធ្វើ ឬមិនធ្វើសមយុទ្ធជាមួយប្រទេសណាមួយ គឺជាសិទ្ធិរបស់កម្ពុជា ប៉ុន្តែលោកថា អ្នកដែលខាតបង់មិនមែនសហរដ្ឋអាមេរិក នោះទេ៕
No comments:
Post a Comment