ហេតុការណ៍ផ្ទុះ និងអគ្គិភ័យបានកើតមានឡើង
នៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយរបស់បារាំង កាលពីថ្ងៃព្រហស្បតិ៍។
អគ្គិភ័យត្រូវបានពន្លត់ភ្លាមៗ ហើយអាជ្ញាធរបានឲ្យដឹងថា
ហេតុការណ៍នេះបានបណ្តាលឲ្យមានរបួសស្រាល ៥នាក់
តែមិនបានបណ្តាលឲ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្មនោះទេ។
ហេតុការណ៍បានកើតឡើង
នៅម៉ោងប្រមាណជិត ១០ព្រឹក ម៉ោងក្នុងប្រទេសបារាំង
(ត្រូវនឹងម៉ោងជិត៥រសៀលនៅកម្ពុជា)
នៅឯរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅ Flamanville
ស្ថិតនៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រខាងលិចក្រុងប៉ារិស។ក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ដែលជាម្ចាស់រោងចក្រនុយក្លេអ៊ែរនេះ បានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ហេតុការណ៍នេះកើតចេញពីអគ្គិភ័យ និងការផ្ទុះប្រព័ន្ធបង្ហុយខ្យល់ ក៏ប៉ុន្តែ ទីតាំងអគ្គិភ័យនេះ គឺស្ថិតនៅក្នុងបន្ទប់តួប៊ីន ហើយមិនប៉ះពាល់ទៅដល់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនោះទេ។
អាជ្ញាធរប៉ូលិសដែនដីនៅតំបន់កើតហេតុក៏បានឲ្យដឹងថា អគ្គិភ័យត្រូវបានទប់ស្កាត់ និងពន្លត់ទាំងស្រុង នៅប្រមាណជា១ម៉ោងក្រោយកើតហេតុ ហើយគិតជាសរុបមានមនុស្ស ៥នាក់ រងរបួសស្រាលនៅក្នុងហេតុការណ៍នេះ តែក្នុងចំណោមនោះ មិនមានអ្នកណាម្នាក់រងធាតុវិទ្យុសកម្មនោះទេ ហើយក៏មិនមានការលេចធ្លាយធាតុវិទ្យុសកម្មមកខាងក្រៅនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ អង្គការ Greenpeace ប្រចាំប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយលើកឡើងពីការព្រួយបារម្ភជុំវិញសុវត្ថិភាពនុយក្លេអ៊ែរនៅក្នុងប្រទេសបារាំង ដោយបានធ្វើការកត់សម្គាល់ថា នេះគឺជាអគ្គិភ័យលើកទី៣ហើយ ដែលកើតមាននៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរបារាំង ក្នុងរយៈពេល ១០ថ្ងៃកន្លងទៅនេះ។
គួរបញ្ជាក់ថា បារាំងគឺជាប្រទេសដែលមានការពឹងផ្អែកខ្លាំងលើថាមពលនុយក្លេអ៊ែរ ដោយមានរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបដល់ទៅ ៥៨ ពោលគឺច្រើនជាងគេលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។ រ៉េអាក់ទ័រនុយក្លេអ៊ែរទាំង ៥៨ ផលិតអគ្គិសនីរហូតដល់ទៅ ៧៧% នៃតម្រូវការសរុបក្នុងប្រទេស។
កាលពីមុន រដ្ឋាភិបាលតែងតែបានលើកឡើងពីគុណប្រយោជន៍នៃថាមពលនុយក្លេអ៊ែរ ដោយសារតែវាមិនបញ្ចេញឧស្ម័នកាបូនិក ដូចជារោងចក្រអគ្គិសនីដើរដោយប្រេង ឬធ្យូងថ្ម។ ក៏ប៉ុន្តែ ចាប់តាំងពីមានវិបត្តិនុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ាមក គុណប្រយោជន៍នៃថាមពលនុយក្លេអ៊ែរតែងតែទទួលរងនូវការរិះគន់ ហើយសកម្មជនបរិស្ថាន ក៏ដូចជាអ្នកនយោបាយមួយចំនួន តែងតែនាំគ្នាទាមទារឲ្យបារាំងកាត់បន្ថយការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ ហើយងាកទៅធ្វើការវិនិយោគលើថាមពលផ្សេង ដូចជា ថាមពលព្រះអាទិត្យ និងខ្យល់ ជាដើម ដែលអាចផលិតអគ្គិសនីដោយមិនបំពុលបរិយាកាស ហើយអាចមានសុវត្ថិភាពជាងនុយក្លេអ៊ែរ៕

No comments:
Post a Comment