Wednesday, January 31, 2018

សភា​ស្នើ​ឲ្យ​ចាត់ការ​អតីត​តំណាងរាស្ត្រ CNRP ប្រើ​ឡូហ្គោ​រដ្ឋសភា

ភ្នំពេញៈ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​បាន​អគ្គលេខាធិការ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ខណៈ​ដែល​អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​លិខិត​រំលែក​ទុក្ខ​សព​លោក ស៊ាន ប៉េងសែ ដោយ​ប្រើ​រូប​សញ្ញា (Logo) រដ្ឋសភា និង​ប្រើ​ឈ្មោះ​ខ្លួន​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា បើ​ទោះ​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​រំលាយ​ក៏ដោយ​។
សំណើ​ឲ្យ​មាន​វិធានការ​របស់​រដ្ឋសភា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក អេង ឆៃអ៊ាង អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កណ្ដាល​ដែល​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​នោះ​បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក ស៊ាន ប៉េងសែ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ដោយ​ប្រើប្រាស់​លិខិត​ដែល​មាន​រូប​សញ្ញា​រដ្ឋសភា​។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ករណី​លោក អេង ឆៃអ៊ាង បាន​លួច​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​នេះ​គឺជា​ករណី​រំលោភ​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា និង​ច្បាប់​ជា​ធរមាន​ផ្សេងៗ​ទៀត​។
លោក​បន្ត​ថា​ លោក​បាន​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរមាន​ហើយ​យើង​នៅ​តែ​បន្ត​ស៊ើបអង្កេត​អ្នក​ដែល​ហ៊ាន​លួច​បន្លំ​ប្រើប្រាស់​ឈ្មោះ​រដ្ឋសភា​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​។
លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ​ឲ្យ​ចាត់​វិធានការ​ព្រោះ​វា​ជា​ទង្វើ​ខុស​ច្បាប់​»​។
លិខិត​របស់​លោក​ ឡេង ប៉េងឡុង បាន​សរសេរ​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា​បាន​បង្ហាញ​ថា​៖ «​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​បុព្វសិទ្ធិ​ និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​ ៥ ចាប់​ពី​ថ្ងៃ​ទី​ ១៧​ ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ មក តាម​សេចក្តី​ប្រកាស​លេខ ១៣៤ រ ស ចុះ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ របស់​រដ្ឋសភា​។ កន្លង​ទៅ​ថ្មីៗ​នេះ​មាន​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លួច​ប្រើប្រាស់​នូវ​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​ផ្សេងៗ​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា និង​ច្បាប់​ជា​ធរមាន​ផ្សេងៗ​ទៀត​។ ទង្វើ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​សាធារណជន​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋសភា​ទៀត​ផង​»​។
លោក អេង ឆៃអ៊ាង មិន​ទាន់​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។
លោក ឆៃអ៊ាង កាលពី​ថ្ងៃ​ទី ២៤ ខែ​​មករា ឆ្នាំ ២០១៨ បាន​សរសេរ​លិខិត​មួយ​ដើម្បី​ចូលរួម​រំលែក​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ ដោយ​ក្នុង​នោះ​បាន​សរសេរ​ថា​៖ «​ខ្ញុំ​មាន​សេចក្ដី​រន្ធត់ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​បន្ទាប់ពី​ទទួល​ដំណឹង​ថា​លោក​ព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ ជា​ស្ថាបនិក និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ទទួល​មរណភាព នៅ​វេលា​ម៉ោង​ ៤ ​ទៀបភ្លឺ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​ ២០១៨ ក្នុង​ជន្មាយុ​ ៨២ ​ឆ្នាំ ដោយ​រោគាពាធ​»​។
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់ ប៉ុន្ដែ​ភ្លាមៗ​នេះ​លោក​មិន​ទាន់​អាច​អធិប្បាយ​បាន​ទេ​។
អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន​ ១១៨ រូប​ត្រូវ​បាន​តុលាការ​កំពូល​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​កាលពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ​គឺ​ស្រប​ពេល​ដែល​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​នេះ​៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...