លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងក្នុងទិវាជ័យជម្នះ៧
មករាថា រដ្ឋាភិបាលរបស់លោកបានទទួលបានជ័យជម្នះមួយទៀត
គឺបានរំលាយគណបក្សសង្គ្រោះជាតិចោល។ ប៉ុន្តែ
ប្រធានគណបក្សកាន់អំណាចរូបនេះថា
ត្បិតដ្បិតចលនាបដិវត្តន៍ពណ៌នៅក្នុងស្រុកបានដួលរលំ
តែចលនានៃបង្អែកចលនាមួយនេះ នៅក្រៅប្រទេសមិនទាន់រលំរលាយនៅឡើយទេ។
សំឡេងស្រែកជយោយ៉ាងកងរំពងលាន់ឮពេញទីក្រុងកោះពេជ្រ
ដែលគណបក្សប្រជាជនកម្ពុជា ចង់បង្ហាញជោគជ័យរបស់ខ្លួនថ្មីមួយទៀត
គឺការកម្ទេចបក្សប្រឆាំងដ៏ធំនៅកម្ពុជាចោល។ គណបក្ស
ប្រជាជនកម្ពុជាចោទថា គណបក្សសង្គ្រោះជាតិ ដែលមានសហរដ្ឋអាមេរិក
នៅពីក្រោយជាអង្គការចាត់តាំង
ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ក្នុងពេលអួតអាងប្រាប់សមាជិកបក្សជាងជិតប្រាំម៉ឺននាក់
នៅថ្ងៃនៃទិវាជ័យជម្នះ ៧មករា ឆ្នាំនេះ លោក ហ៊ុន សែន
ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា
ការរំលាយចោលគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗ នេះ
គឺការជាការពារសន្តិភាព ដើម្បីបញ្ចៀសគ្រោះមហន្តរាយថ្មីរបស់ជាតិ។ «»
ប៉ុន្តែការកម្ទេចចោលគណបក្សប្រឆាំង នៅកម្ពុជាពេលនេះ លោក
ហ៊ុន សែន មិនទាន់គិតថា គ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា
អង្គការចាត់តាំងនៃបដិវត្តន៍ពណ៌បានដួលរលំ
តែចលនានៃបង្អែកចលនាមួយនេះនៅក្រៅប្រទេសមិនទាន់រលំរលាយនៅឡើយទេ។
លោក ហ៊ុន សែន លើកឡើងបែបនេះ ក្នុងថ្ងៃប្រារព្ធខួប ៧មករា
លើកទី៣៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ជម្លោះនយោបាយនៅកម្ពុជានៅពេលនេះ
គឺគណបក្សកាន់អំណាចព្យាយាមតាមកម្ទេចគណបក្សប្រឆាំងពីក្នុងស្រុកទៅដល់ក្រៅប្រទេស
រហូតចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ
លួចបង្កើតទ័ពនៅតាមព្រំដែនថែមទៀតផង។ រីឯគណបក្សប្រឆាំងឯណោះវិញ
ក៏ប្រកាសមិនទទួលស្គាល់ថ្ងៃ ៧ មករាវិញដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើឲ្យប្រទេសកម្ពុជា
បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ។ ដូចគ្នាដែរ
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទប្រកាន់ថា ថ្ងៃ៧ មករា
ឆ្នាំ១៩៧៩ ជាថ្ងៃដែលវៀតណាម ឆក់ឱកាសលើកទ័ពចូលត្រួតត្រាកម្ពុជា
យកលេសជួយសង្គ្រោះ។ «»
ការព្រមានកម្ទេចក្រុមបក្សប្រឆាំងជាថ្មីនេះ
គឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា
និងហាមមន្ត្រីជាន់ខ្ពស់គណបក្សនេះ ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈ
៥ឆ្នាំ។ នៅពេលនេះ គណបក្សកាន់អំណាច កំពុងរៀបចំកែរដ្ឋធម្មនុញ្ញ
ដើម្បីដាក់ទោសក្រុមបក្សប្រឆាំងនៅក្រៅប្រទេសជាបន្តទៀត។ លោក ហ៊ុន
សែន ចាត់តាំងអនុប្រធានគណបក្សរបស់លោក គឺលោក ស ខេង
ឲ្យដឹកនាំក្រុមការងារ ដែលជំនាញខាងច្បាប់ ធ្វើវិសោធនកម្មធម្មនុញ្ញ
ដើម្បីដាក់ទោសលើជនទាំងឡាយណា ទាំងនៅក្នុងស្រុក និងក្រៅទេស
ដែលធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។ លោក ស ខេង
នឹងជួបជជែកគ្នាក្រោយថ្ងៃ ៧មករានេះហើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន
ប្រាប់អាស៊ីសេរីថា គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងចាំបាច់
ដែលត្រូវតែធ្វើ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយសព្វថ្ងៃ។ «»
ក្រុមគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស
ដែលដឹកនាំដោយអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី និងកូនស្រីលោក
កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា
កំពុងធ្វើយុទ្ធនាការសុំឲ្យអន្តរជាតិដាក់ទណ្ឌលើរដ្ឋាភិបាល ហ៊ុន សែន
និងស្នើសុំទៅអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលរបស់លោក
ហ៊ុន សែន
ដោយត្រូវព្យួរអាសនៈរបស់រដ្ឋាភិបាលក្រុងភ្នំពេញជាបណ្ដោះអាសន្នសិន។
អ្នកវិភាគនយោបាយលោក សូ ចន្ថា មើលឃើញថា
ជម្លោះនយោបាយនៅពេលនេះ គឺជាការបែកបាក់ជាតិដ៏គួរឲ្យព្រួយបារម្ភ។
អ្នកវិភាគរូបនេះ ចង់ឃើញអ្នកនយោបាយរកច្រកចេញដើម្បីបញ្ចប់ជម្លោះ
ល្អជាងការហែកហួរគ្នាទៅវិញទៅមកដូចសព្វថ្ងៃនេះ។ «»
ការរំលាយគណបក្សសង្គ្រោះជាតិ
ដែលមានអ្នកគាំទ្រមួយចំហៀងប្រទេស ត្រូវបានលោក ហ៊ុន សែន អះអាងថាជា
ការទប់ស្កាត់បាននូវបដិវត្តន៍ពណ៌
បានធ្វើឲ្យកម្ពុជារក្សាបាននូវសុខសន្តិភាព
និងរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ប៉ុន្តែ សហគមន៍អន្តរជាតិថា
ការរំលាយគណបក្សប្រឆាំងនេះជាការសម្លាប់ប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សនៅកម្ពុជាទៅវិញទេ។ ក្រុមប្រទេសមហាអំណាច
និងជាទីផ្សារដ៏ធំរបស់កម្ពុជា ព្រមានថា
បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យឡើងវិញនោះទេ
គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន៕

No comments:
Post a Comment