Sunday, January 7, 2018

“គ្មាន​នរណា​ម្នាក់​ជៀស​ផុត​ពី​បន្លែ​សាច់ គីមី​នោះ​ទេ ក្រៅ​ពី​គ្រួសារ​មន្ត្រី​ធំៗ”

ពលរដ្ឋ និង​ស្ត្រី​មេផ្ទះ ហួសចិត្ត​នឹង​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្ដីបន្ទោស​ពលរដ្ឋ​ដដែលៗ អំពី​ការ​បរិភោគ​បន្លែ សាច់ មាន​សារ​ធាតុគីមី។ ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​ថា គ្មាន​អ្នកណាម្នាក់ ដែរ​អាច​ជៀស​ផុត​ពី​ការ​បរិភោគ​ចំណីអាហារ គ្មាន​ផ្ទុក សារធាតុ​គីមី​នោះ​ទេ គឺ​មាន​តែ ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អស់​លោក​ធំៗ ក្នុង​ជួរ​រាជការ​តែប៉ុណ្ណោះ ដែល​ជៀស​ផុត។
ពលរដ្ឋ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី មិន​ថា​អ្នក​នៅ​ភ្នំពេញ ឬ​អ្នក​នៅ​តាម​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​ទេ សុទ្ធតែ​ឆ្លើយតប​ស្រដៀង​គ្នា​ថា ការ​ស្ដី​បន្ទោស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ជា​ពីរ​ដង​នេះ ពលរដ្ឋ​សាមញ្ញ​គ្មាន​សមត្ថភាព​ធ្វើតាម​បាន​នោះ​ទេ។ ពួកគាត់ ថា មានតែ​ក្រុម​គ្នា​លោកធំ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​អាច​មាន​លទ្ធភាព​ដាំ​ដុះ​បន្លែ​គ្មាន​គីមី​ដោយ​ខ្លួនឯង ឬ​អាច​មាន​លទ្ធភាព​រក​សាច់ ដែល​គ្មាន​គីមី​បរិភោគ​បាន។ ប៉ុន្ដែ សម្រាប់​អ្នក​លក់ដូរ​តាម​កញ្ច្រែង អ្នក​ធ្វើការងារ​ជា​សន្តិសុខ កម្មករ​រោងចក្រ និង​ពលរដ្ឋ​សាមញ្ញ​ដទៃ​ទៀត ភាគតិច ឬ​ស្ទើរតែ​គ្មាន​សោះឡើយ ដែល​មាន​លទ្ធភាព​រក​បាន​បន្លែ និង​សាច់​ធម្មជាតិ មក​បរិភោគ។
ម្យ៉ាងទៀត ពួកគាត់​ប្រាប់​ថា បើ​ទោះ​ជា​ក្នុង​មួយ​ខែ មាន​មួយថ្ងៃ​ដែល​កម្មករ​អាច​មាន​លទ្ធភាព​ទិញ បន្លែ​ត្រី​សាច់​ធម្មជាតិ​មក​បរិភោគ ក៏​ពួកគាត់​មិន​ដឹង​មើល​បន្លែ​សាច់​ទាំងនោះ ថា​ជា​របស់​ធម្មជាតិ​នោះ តាមរបៀប​ណា​ដែរ។
ប្រធាន​កសិករ​សហគមន៍​ចេកមាស នៅ​ខែត្រ​ស្វាយរៀង អ្នកស្រី ឥន សូត្រ មើល​ឃើញ​ថា មិនមែន​តែ​អ្នក​ទីក្រុង​ទេ ដែល​ហូប​បន្លែ​សាច់​គីមី សូម្បី​កសិករ បើ​មិន​ដាំ​ខ្លួនឯង​ទេ មិន​ដឹង​ទៅ​រក​បន្លែ​សាច់​ធម្មជាតិ​ឯណា​បាន​ហូប​នោះ​ទេ។ អ្នកស្រី​ចាត់​ទុក​សំដី​ស្ដីបន្ទោស​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា មិន​ទទួលខុសត្រូវ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន តែង​អួតអាង​ក្ដែ​ងៗ ថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​ប្រជាជន និង​ជា​អ្នកបម្រើ​ប្រជាជន។ កសិករ​រូបនេះ ផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វិញ​ឲ្យ​ជួយ​ទប់ស្កាត់​បន្លែ សាច់ មាន​សារ​ធាតុគីមី កុំ​ឲ្យ​នាំចូល​ទៀត។ «»
ពីរដង​មក​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដីបន្ទោស និង​ពន្យល់​ពលរដ្ឋ​ឈប់​ឲ្យ​ជេរ​លោក បើ​មិន​ព្រម​ស្ដាប់​ការណែនាំ​របស់​លោក ក្នុង​ការ​ជ្រើស​យក​អាហារ ដែល​មាន​សារធាតុ​គីមី​យក​ទៅ​បរិភោគ។ បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បបួល​អ្នក​មិន​ទទួលយក​គំនិត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស ប្រជាជន​កម្ពុជា បើ​អ្នក​ទាំងនោះ​មាន​សមត្ថភាព​ទប់ស្កាត់​បន្ថែម​មាន​ជាតិពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ។
អ្នកលក់​មី​ឆា នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោកស្រី សំ សាវ៉ុន ប្រាប់​ថា អ្នកស្រី​មាន​សមត្ថភាព​មើល​ដឹង​បន្លែ និង​សាច់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ប៉ុន្តែ អ្នកស្រី​គ្មាន​ជម្រើស​អ្វី ក្រៅពី​ទិញ​បន្លែ​ត្រី​សាច់​ទាំងនោះ យក​មក​លក់​បន្ដ​នោះ​ទេ។ អ្នកស្រី​ប្រាប់​ថា បើ​រវល់​ដើរ​រក​ទិញ​បន្លែ​ត្រី​សាច់​ធម្មជាតិ អ្នកស្រី មិន​អាច​ប្រកប​អាជីព​លក់​មី​ឆា​បានទេ។ អ្នកស្រី​បន្ដ​ថា មីឆា​ដែល​ប្រើ​សាច់ និង​បន្លែ​មិន​ធម្មជាតិ លក់​បាន​តម្លៃ ៦០០០​រៀល​ក្នុង​មួយ​ចាន បើ​ឲ្យ​អ្នកស្រី​ទិញ​បន្លែ​ធម្មជាតិ​មក​លក់ យ៉ាងហោចណាស់ ត្រូវ​ដំឡើង​តម្លៃ​គុណ​នឹង​២។ អ្នកស្រី​ថា តម្លៃ​ថ្លៃ​បែបនេះ គ្មាន​អតិថិជន​ទិញ​មីឆា​អ្នកស្រី​ហូប​នោះ​ទេ។
ក្រៅពី​លោកស្រី​ដែល​មើល​មិន​ដឹង​បន្លែ​ត្រី​សាច់ មាន​សារ​ធាតុគីមី ក៏​នៅ​តែ​មាន​ពលរដ្ឋ​ខ្លះ​ទៀត ប្រាប់​ថា ពួកគាត់​អាច​មាន​លទ្ធភាព​សន្និដ្ឋាន​បាន​ពី​បន្លែ និង​សាច់ ដែល​ផ្ទុក​សារធាតុ​គីមី​ដែរ​។​
កញ្ញា ជ្រឹង ស្រីណែត ជា​អា​ជីរករ​ដូរ​លុយ និង​វេរ​លុយ នៅ​ខែត្រ​កំពង់ចាម ប្រាប់​ថា វិធី​ងាយ​សន្និដ្ឋាន​បំផុត គឺ​បន្លែ និង​សាច់​ណា ដែល​មាន​តម្លៃ​ថ្លៃ គឺជា​របស់​ធម្មជាតិ​ហើយ។ កញ្ញា​យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានគំនិត​ល្អ ក្នុង​ការ​បំផុស​ឲ្យ​ទិញ​បន្លែ និង​សាច់​គ្មាន​សារធាតុ​គីមី ប៉ុន្តែ​កញ្ញា​ទទួល​ស្គាល់​ថា ពិបាក​រក​ទិញ​ណាស់ ព្រោះ​បន្លែ​ត្រី​សាច់​ជាច្រើន លើ​ទីផ្សារ​បច្ចុប្បន្ន ជា​បន្លែ​សាច់​នាំចូល​ពី​ប្រទេស​វៀតណាម។
មន្ត្រីរាជការ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ប្រាប់​ថា មិនមែន​តែ​ពលរដ្ឋ​សាមញ្ញ ឬ​កម្មករ​រោងចក្រ​ទេ ដែល​គ្មាន​លទ្ធភាព​បរិភោគ​បន្លែ​ត្រី​សាច់​ធម្មជាតិ សូម្បី​មន្ត្រីរាជការ​ស៊ីវិល​ដូច​រូប​គាត់ ក៏​មាន​លទ្ធភាព​តិចតួច​បំផុត​ដែរ។ ម្យ៉ាង​កញ្ញា​ទទួលស្គាល់​ថា រូប​គាត់​ក៏​មិន​ចេះ​មើល​ថា បន្លែ សាច់​ណា មាន​សារ​ធាតុគីមី​ដែរ។ ប៉ុន្តែ កញ្ញា​យល់ថា ការ​ស្ដីបន្ទោស​របស់​លោក​នាយ​រដ្ឋមន្ត្រី ជា​បំណង​ល្អ គ្រាន់តែ​ពលរដ្ឋ​គ្មាន​លទ្ធភាព​ធ្វើតាម​បាន។
បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ភី នីដា ប្រាប់​ថា គាត់​ទទួលយក​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​បំណង​ល្អ ដល់​សុខភាព​ពលរដ្ឋ។ ប៉ុន្តែ​អ្នកស្រី​បន្ដ​ថា បើ​ទោះ​ជា​គ្មាន​ការ​អំពាវនាវ ក៏​អ្នកស្រី​បាន​ប្រើប្រាស់​បន្លែ​ធម្មជាតិ សម្រាប់​បរិភោគ​រួចហើយ​ដែរ។
ករណី​ពលរដ្ឋ​ពិបាក​រក​ទិញ បន្លែ​សាច់​ធម្មជាតិ ត្រូវ​បាន​អ្នក​ដាំ​បន្លែ និង​អ្នក​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ ស្ដីបន្ទោស​មន្ត្រី​រដ្ឋាភិបាល ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បន្លែ និង​សាច់ ហូរ​ចូល​ពី​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ។ អ្នក​ដាំ​បន្លែ​ធម្មជាតិ​រអ៊ូរទាំ​ថា គ្មាន​ទីផ្សារ​សម្រាប់​លក់​បន្លែ​ធម្មជាតិ។ ចំណែក​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ធ្លាប់​ធ្វើ​សន្និសីទកាសែត ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ហូរ​ចូល​ជ្រូក ពី​ប្រទេស​វៀតណាម។
ប្រធាន​សហគមន៍​កសិករ​ដាំ​បន្លែ​កុកតាវៀ ស្ថិតនៅ​ភូមិ​កុករវៀ ឃុំ​រវៀង ស្រុក​សំរោង ខែត្រ​តាកែវ លោក ផៃ ថា ប្រាប់​ថា បច្ចុប្បន្ន​កសិករ​នៅ​សហគមន៍​កុកតាវៀ បាន​ដាំ​បន្លែ​ធម្មជាតិ​ត្រឹមតែ​ផ្គត់ផ្គង់​នៅ​មូលដ្ឋាន​ក្នុង​ភូមិ​តែប៉ុណ្ណោះ។ លោក​ថា កសិករ​ក្នុង​សហគមន៍​មិន​អាច​ដាំ​លើស​ពី​តម្រូវការ​ក្នុង​ភូមិ​បានទេ ព្រោះ​ខ្លាច​គ្មាន​ទីផ្សារ និង​បារម្ភ​ថា លក់​មិន​ឈ្នះ បន្លែ​នាំចូល​ពី​ប្រទេសជិតខាង។
ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ផ្ដល់​គំនិត​ថា ដើម្បី​លើកកម្ពស់​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី និង​ធានា​បាន​ការ​បរិភោគ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុខុមាលភាព ទាំង​ប្រជាកសិករ និង​រដ្ឋាភិបាល​មាន​តួនាទី ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចូលរួម​ទប់​ស្ងាត់​ទាំងអស់​គ្នា មិនមែន​ចូលរួម​តែ​ពលរដ្ឋ ឬ​ចូលរួម​តែ​រដ្ឋាភិបាល​នោះ​ទេ។ លោក​លើកឡើង​ថា រដ្ឋាភិបាល ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​ធានា​បាន​សុខភាព​ប្រជា​ល​រដ្ឋ ហើយ​ត្រូវ​ធ្វើ​ការ​បង្កើន​ថវិកាជាតិ​លើ​ផ្នែក​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ជា​ទុន​កម្ចី​ការប្រាក់​ទាប និង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិករ។ រដ្ឋាភិបាល ត្រូវ​បង្រៀន​បច្ចេកទេស​វេច​ខ្ចប់ ការ​ត្រួតពិនិត្យ​គុណភាព​ដល់​កសិករ​។ ឃុំ​-​សង្កាត់​ត្រូវ​បង្កើត​ទីផ្សារ​គោលការណ៍​ធម្មជាតិ​ឃុំ​មួយ ផ្សារ​សហគមន៍​មួយ សម្រាប់​លក់​ផលិតផល​កសិកម្ម​បែប​ធម្មជាតិ ដែល​ដាំ​បាន​ដោយ​កសិករ។
បន្ថែម​ពី​នេះ លោក ថេង សាវឿន បន្ដ​ថា ក្រសួង​កសិកម្ម ត្រូវតែ​អនុវត្ត​ឲ្យ​បាន​លើ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជី និង​ថ្នាំ​គីមី​នាំចូល​ពី​ប្រទេសជិតខាង។ រីឯ​ពលរដ្ឋ​វិញ ប្រាប់​ថា បើ​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​ទទួលខុសត្រូវ ករណី​បន្លែ​សាច់​គីមី​ដដែល រដ្ឋាភិបាល​គួរតែ​លុបបំបាត់​កាំកុងត្រូល​ត្រួតពិនិត្យ​ចំណីអាហារ ឬ​អាជ្ញាធរ​ដែល​មាន​កាតព្វកិច្ច​ខាង​ត្រួតពិនិត្យ​អាហារ​ចោល ព្រោះ​ពួកគេ​ស៊ីប្រាក់ខែ​ពលរដ្ឋ តែ​បណ្ដោយ​ឲ្យ​ចំណីអាហារ​មាន​សារធាតុពុល​ពាសពេញ​ទី​ផ្សារ។
ចំណែក​អ្នក​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ ផ្ដល់​មតិ​ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ ផលិត​បន្លែ ដែល​គ្មាន​សារធាតុ​គីមីសំយោគ ហើយ​គួរ​បញ្ជូន​មន្ត្រី​ជំនាញ ៥.០០០​នាក់ ដែល​ស្មើ​តែ​ប្រមាណ ១​ភាគរយ នៃ​ចំនួន​មន្ត្រី​ទូទាំង​ប្រទេស និង​ចំណាយ​តិច​ជាង ១​ភាគរយ នៃ​ថវិកាជាតិ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ចុះ​ដល់​មូលដ្ឋាន ធ្វើការ​លើ​រឿង​បន្លែ​សាច់ មាន​គីមី​នេះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...