ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច
កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី
បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត
បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេនោះ។
កាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
បានសរសេរលើហ្វេសប៊ុករបស់លោកថា លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន និងឥណ្ឌា
ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលភាពត្រឹមត្រូវ
នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បានស្នើបែបនេះ
បន្ទាប់ពីសហគមន៍អន្តរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក
បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនោះឡើយ
ប្រសិនបើគណបក្សសង្គ្រោះជាតិ
ដែលត្រូវបានរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុននោះ
មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត
ហើយលំហរប្រជាធិបតេយ្យសេរីពហុបក្ស មិនត្រូវបានស្ដារឡើងវិញទេនោះ។
នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ទោះបីជប៉ុន
និងឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជាក៏ដោយ ប៉ុន្ដែ លោកថា
វាក៏អាស្រ័យលើការវាយតម្លៃរបស់ពួកគេ ទៅលើដំណើរការ
និងលទ្ធផលនៃការបោះឆ្នោតថា តើមានភាពមិនប្រក្រតី
និងត្រឹមត្រូវកម្រិតណា។
លោកយល់ថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងពិបាកទទួលយក
បើគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម។ លោកបន្ថែមថា
រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត
នឹងជួបបញ្ហាទំនាក់ទំការទូតជាមួយបណ្ដាប្រទេសដែលមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះ។
លោកថា៖ «ជប៉ុន ឬក៏អូស្ដ្រាលីក៏ដោយ
បើសិនជាគេបញ្ជូនអ្នកសង្កេតការណ៍មក
យើងចាំមើលការវាយតម្លៃលើការបោះឆ្នោតវាយ៉ាងម៉េច មិនប្រាកដថា អ្នកដែលបញ្ជូនមក
វាយតម្លៃទៅលើការបោះឆ្នោតជាវិជ្ជមានទាំងអស់ទេ។ វាអាស្រ័យទៅលើភាពមិនប្រក្រតី
ដែលគេរកឃើញដែរណា!។ យើងរង់ចាំមើលតើវត្តមានគណបក្សសង្គ្រោះជាតិ
អាចមានវត្តមានទេ មកចូលរួមនាពេលខាងមុខទេ ប៉ុន្ដែ
បើនិយាយពីគោលការណ៍ស្មើភាពគ្នា គួរមានគណបក្សសង្គ្រោះជាតិ
បានចូលរួមប្រកួតប្រជែង»។
មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ថា
នេះជារឿងថ្មីមួយ បើឥណ្ឌាងាកមកខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការបោះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ
ឥណ្ឌាមិនដែលបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឡើយ។
លោកថា បើឥណ្ឌាបង្ហាញជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា
នោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត
មានការទទួលស្គាល់ខ្លះពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ស្របពេលសហរដ្ឋអាមេរិក
និងសហភាពអឺរ៉ុប ព្រមានមិនទទួលស្គាល់ការបោះឆ្នោត។ ប៉ុន្ដែ លោកយល់ថា
ការគាំទ្ររបស់ឥណ្ឌា អាចកើតចេញពីផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងចំណងការទូតច្រើនជាង។
លោកថា៖ «បើសិនជាមានវត្តមានរបស់ឥណ្ឌា
វាជារឿងថ្មីមួយ ព្រោះឥណ្ឌា ហើយនិងចិន វាជាមហាអំណាចនៅអាស៊ី
បើសិនបានសំឡេងឥណ្ឌាមួយទៀត ហើយឥណ្ឌាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យស្រាប់
វាជាសំឡេងដ៏ធំមួយដែរ ក្នុងការបញ្ជាក់សំឡេងនៅសហគមន៍អន្ដរជាតិ
បញ្ជាក់ទៅសហរដ្ឋអាមេរិក និងលោកខាងលិខជាដើម
ដែលតែងមិនយល់ស្របជាមួយការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងស្វែងការគាំទ្រ
និងការទទួលស្គាល់ពីប្រទេសផ្សេងទៀត ដើម្បីបញ្ជាក់ថា ការបោះឆ្នោត
ដែលគ្មានអតីតបក្សសង្គ្រោះជាតិចូលរួមនាពេលខាងមុខនោះ មានភាពត្រឹមត្រូវ
និងយុត្ដិធម៌។
លោកថា ជប៉ុនកំពុងជួយលើផ្នែកបច្ចេកទេសរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្ដែ
ចំពោះការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោកថា ជប៉ុននឹងមិនបញ្ជូនមកនោះទេ
បន្ទាប់ពីមានការរំលាយអតីតគណបក្សប្រឆាំងដ៏ធំ
ការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងវិទ្យុឯករាជ្យ
នៅមុនការបោះឆ្នោតដូចនេះ។
លោកថា៖ «ត្រង់ហ្នឹងឯងហើយ ចាំបាច់
ត្រូវតែធ្វើឲ្យការបោះឆ្នោត មានភាពស្របច្បាប់ ហើយនិងមានលក្ខណៈសេរី
និងយុត្តិធម៌ នេះគឺត្រូវការអ្នកពីក្រៅមក ដើម្បីពិនិត្យមើល
ឃ្លាំមើលការបោះឆ្នោតហ្នឹង។ ជប៉ុនគេបានជួយផ្នែកបច្ចេកទេសជាបណ្ដើរៗ
ហើយគេជួយតទៅទៀត ប៉ុន្ដែត្រង់តែថា អ្នកសង្កេតការណ៍អីហ្នឹង
តើជប៉ុនអាចរៀបចំអ្នកសង្កេតការណ៍ផ្លូវការ មន្ដ្រីគេមកសង្កេតការណ៍ហ្នឹង
តែខ្ញុំមិនយល់ ខ្ញុំមិនជឿជាក់ថា រដ្ឋាភិបាល
នឹងចាត់តាំងអ្នកសង្កេតការណ៍ផ្លូវការនោះទេ»។
បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប
និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា
កម្ពុជាកំពុងឆ្ពោះទៅរករបបផ្ដាច់ការ
និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
សហគមន៍អន្តរជាតិ
ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខផងដែរ
បើសិនរដ្ឋាភិបាលកម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ
និងមិនបើកឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment