Thursday, January 18, 2018

សាលា​រាជធានី​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ថ្លែង​សារ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សាលា​រាជធានី​ភ្នំពេញ ហាម​សហជីព​សេរី​កម្មករ​កុំ​ឲ្យ​តំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មករា ខាង​មុខ​នេះ។
អនុប្រធាន​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ​ការ​ហាម​ប្រាម​បែប​នេះ ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា សហជីព​ពុំ​មាន​គម្រោង​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សារ​នយោបាយ​នោះ​ទេ។
លោក​ថា នេះ​ជា​ពិធី​សាសនា និង​ជា​ឱកាស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃាតក និង​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក ជា វិជ្ជា៖ «សហជីព​សេរី​យល់​ឃើញ​ថា ការ​ដាក់​កំហិត​របស់​សាលា​រាជធានី​ភ្នំពេញ ទៅ​លើ​នយោបាយ​អ្នក​នយោបាយ​មិន​ឲ្យ​ថ្លែង​សារ​នោះ​គឺ​ជា​រឿង​របស់​សាលា​រាជធានី​ភ្នំពេញ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រឹត​ត្បិត​ការ​បញ្ចេញ​មតិ គេ​ថា​ក្រែងលោ ១១៨​នាក់ គាត់​មក​ថ្លែង​សារ​នយោបាយ​អី​ទៅ​វា​ប៉ះពាល់​ខាង​អ្នក​រៀបចំ ពីព្រោះ​គេ​ថា គណបក្ស​សង្គ្រោះ​ជាតិ គេ​រំលាយ​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​នយោបាយ​ណា​គេ​អញ្ជើញ​ចូលរួម​សហជីព​ពួក​យើង​នឹង​ស្វាគមន៍»
អភិបាលរង​រាជធានី លោក មាន ចាន់យ៉ាដា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ មករា បាន​ហៅ​សហជីព​សេរី​កម្មករ​ប្រជុំ​អំពី​ការ​ជូន​ដំណឹង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា។ ក្រៅ​អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​នេះ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ ដោយ​យក​លេស​ថា ខ្លាច​កក​ស្ទះ​ចរាចរណ៍។
សហជីព​សេរី​កម្មករ គ្រោង​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព គម្រប់​ខួប ១៤​ឆ្នាំ នៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មករា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ គឺ​ជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់​ដឹកនាំ​សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា។
លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ល្បី​ឈ្មោះ​ខាង​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។
ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ ពោល​គឺ​ឃាតក​ពិត​ប្រាកដ និង​អ្នក​បញ្ជា​អោយ​បាញ់​សម្លាប់​មេ​សហជីព​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ជាង​១​ទសវត្ស​ក្រោយ​ឃាតកម្ម​នេះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...