Sunday, January 7, 2018

តុលាការ​ប៉ៃលិន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​២​រូប​ករណី​ប្ដឹង​លុប​ឈ្មោះ​វៀតណាម​ពី​បញ្ជី​​បោះឆ្នោត

ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខែត្រ​ប៉ៃលិន កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​សាលាក្រៅ​ចំនួន​២​រូប ឲ្យ​ចូល​បំភ្លឺ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ប្រជាពលរដ្ឋ។ ដីកាកោះ​នេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ដែល​គណបក្ស​សង្គ្រោះជាតិ បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុបឈ្មោះ​ជនបរទេស​ចំនួន ២​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន​អះអាង​ថា ពួកគេ​និង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត បើ​ទោះ​បី​ជា​ពួកគាត់​មិន​សប្បាយ​ចិត្តនឹង​ដីកា​នេះ​យ៉ាងណាក្ដី។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក​ច័ន្ទ ស៊ីថាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មករា​ថា បន្ទាប់ពី​លោក​បាន​ទទួល​ដីកា​កាលពី​ថ្ងៃ​ទី​១​មករា​មក គឺ​លោក​ហាក់​មិន​សប្បាយចិត្ត​ឡើយ ពីព្រោះ​ករណី​នេះ​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ខែ​មក​ហើយ។ ម្យ៉ាងទៀត​លោក​អះអាង​ថា រឿង​ដែល​កើតឡើង​នោះ លោក​បំពេញ​ការងារ​ក្នុង​នាម​ជា​មន្ត្រី​របស់​គណបក្សប្រឆាំង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជនបរទេស​មក​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ៖ «ហើយ​ការងារ​ទាំងអស់​ខាង​ក្រុម​ប្រឹក្សាឃុំ​ជា​អ្នក​ដោះស្រាយ ហើយក៏​គេ​ដោះស្រាយ​រួចរាល់​អស់ហើយ ហើយក៏​គេ​ដង្គោល​អ្នក​ទាំងអស់​នោះ​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០១៧​រួម​មក​ហើយ​ដែរ ចំណែក​អ្នក​ដែល​មាន​ឈ្មោះថា​ប្ដឹង​ក៏​គេ​មិនបាន​ប្ដឹង​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​មូលហេតុ​អី​បានជា​ដីកា​មក​ជាប់​គ្នា​ពីរ​បី​ដង»
លោក​បន្ថែម​ទៀត​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ គឺ​នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ការកំណត់។ បន្ថែម​ពី​នេះ​ទៀត​លោក​ថា ក៏​ត្រៀម​នឹង​ស្នើសុំ​ទៅ​តុលាការ​សម្រួល​ឲ្យ​បញ្ចប់​រឿង​នេះ​តែម្ដង ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​អស់ហើយ ចំណែក​ឯ​លោក​ក៏​ក្លាយ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ។
អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៧ មករា។
ដីកាកោះ​ចុះហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ផាន់ ភីរម្យ ចុះ​ថ្ងៃ​ទី​២៤ ធ្នូ​ឆ្នាំ​២០១៧ កោះហៅ​លោក​ច័ន្ទ ស៊ីថាត និង​លោក កែវ ប៊ុនថន ជា​ជនសង្ស័យ​រស់នៅ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៩​មករា តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ២​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ប្រព្រឹត្តទៅ​នៅ​ឃុំ​សាលាក្រៅ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ដោយសារតែ​អ្នក​ទាំង​២​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ដែល​មាន​នៅ​ក្នុង​ដីកា​របស់​តុលាការ​នេះ ដើម្បី​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​ពួកគាត់​មានការ​សង្ស័យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ទាំង​២​នាក់​នោះ​ថា​ជា​ជនជាតិ​វៀតណាម៖ «ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​ផ្លូវច្បាប់​ទេ ពីព្រោះ​បើ​រឿង​ផ្លូវច្បាប់​មិន​អាច​លើក​យក​មក​ប្ដឹង​ពួកគាត់​ទេ ពីព្រោះ​យើង​គ្រាន់តែ​ប្ដឹង​ទាមទារ​ឲ្យ​លុបឈ្មោះ​ជនបរទេស ដែល​ច្បាប់​បាន​ចែងថា​ជនបរទេស​មិន​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះ ហើយ​រឿង​នេះ​ខ្ញុំ​គិត​ថា​វា​ជា​ផ្នែក​មួយ​ជា​ការ​គំរាមកំហែង​ដែរ»
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍ថា ករណី​នេះ​ជា​សំណុំរឿង​ចាស់​ដោយ​ពុំ​មាន​អ្វី​ធំដុំ​នោះ​ទេ ដែល​តុលាការ​អាច​បញ្ចប់​រឿង​នេះ​តាំង​ពី​មុន​មក​បាន៖ «ហើយ​បើទោះបីជា​នីតិវិធី​របស់​តុលាការ​យ៉ាង​ក៏ដោយ ប៉ុន្តែ​យើង​មើល​ឃើញ​ថា ការ​ប្ដឹង​ចោទប្រកាន់​នេះ​វា​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ អ៊ីចឹង​យើង​គិត​ថា​តុលាការ​គប្បី​តែ​ពិចារណា​ធ្វើ​យ៉ាងណា​ទម្លាក់​ការចោទប្រកាន់​នេះ»
ការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ក្នុង​ខែត្រ​ប៉ៃលិន កន្លងទៅ មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចំនួន ៣​នាក់​ដែល​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​រឿង​លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​បោះឆ្នោត។ អ្នក​ទាំងនោះ​រួមមាន លោក អ៊ូច សាវុធ ជំទប់​ទី​២ ឃុំ​សាលាក្រៅ អ្នកស្រី រាម ណាមុន ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន និង​លោក ឈុន ចាន់ដា ក្រុមប្រឹក្សា​សង្កាត់​ប៉ៃលិន។ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​បញ្ចប់​សំណុំរឿង​របស់​អ្នក​ទាំង​៣​នាក់​នៅឡើយ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...