មន្ត្រីក្នុងគណៈកម្មាធិការសិទ្ធិមនុស្ស
របស់សហភាពអឺរ៉ុប លើកឡើង ថា សហគមន៍អឺរ៉ុប
ត្រូវតែចាត់វិធានការណ៍តបឲ្យបានឆាប់ និងជាក់ស្ដែង
ទប់ទល់ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា
ដែលកំពុងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
ថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក
កាលពីថ្ងៃទី២០ ខែតុលា នេះ សមាជិកសភាអឺរ៉ុប
និងជាអនុប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអឺរ៉ុប អ្នកស្រី
បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) ថា សហភាពអឺរ៉ុប
កំពុងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់
ឬអាចឈានដល់ការឈប់លើកលែងការអនុគ្រោះ សម្រាប់ការនាំទំនិញកម្ពុជា
ចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុបទៀតផង។ អ្នកស្រីបន្ថែមទៀត ថា
សហគមន៍អឺរ៉ុបចាំបាច់ ត្រូវតែបញ្ចេញប្រតិកម្មតបឲ្យបានឆាប់
ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការរំលាយគណបក្សប្រឆាំងដ៏ធំ
តែមួយគត់នៅកម្ពុជា។ អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ ព្រមានប្រទេសកម្ពុជា
កុំឲ្យអាងតែខ្លួនពឹងចិន ហើយមិនខ្វល់ពីសហភាពអឺរ៉ុប។
អ្នកស្រីរំលឹកថា សហគមន៍អឺរ៉ុប
គឺជាទីផ្សារនាំទំនិញចេញដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះ
ប្រសិនបើសហភាពអឺរ៉ុប
អាចចាត់ការដាក់ឱ្យចំគោលដៅចំពោះមន្ត្រីរដ្ឋាភិបាលមួយចំនួន
នោះច្បាស់ជាឆាប់ទទួលបានលទ្ធផល។
តាមប្រភពទិន្នន័យពីគេហទំព័ររបស់គណៈកម្មការអឺរ៉ុប
ដោយសារប្រព័ន្ធអនុគ្រោះពន្ធ ប្រទេសកម្ពុជា
នាំទំនិញចូលទៅសហភាពអឺរ៉ុប គិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ
ក្នុងឆ្នាំ ២០១៦ ដែលភាគច្រើននៃទំនិញនាំចេញទាំងនោះ គឺជាសំលៀកបំពាក់។
ប្រតិកម្មរបស់មន្ត្រីសហភាពអឺរ៉ុបនេះ
ធ្វើឡើងមួយថ្ងៃ
បន្ទាប់ពីប្រទេសជំនួយផ្នែកសិទ្ធិមនុស្សដ៏ធំមួយរបស់កម្ពុជា
គឺប្រទេសស៊ុយអ៊ែត (Sweden) បានព្រមានថា
នឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា
ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែននោះ។
សង្គមស៊ីវិលព្រួយបារម្ភថា
ការជ្រើសរើសផ្លូវដើររបស់រដ្ឋាភិបាលនៅពេលនេះ
នឹងអាចធ្វើឲ្យកម្ពុជាឯកោ៕
No comments:
Post a Comment