តុលាការកំពូលនឹងលើកយករឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិមកជំនុំជម្រះ
នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ។ ការសម្រេចចិត្តរបស់តុលាការកំពូល
លើកសំណុំរឿងនេះ មកបើកសវនាការ ត្រូវបានអ្នកឃ្លាំមើល
ពីបញ្ហាសង្គមចាត់ទុកថា អាចនឹងរុញឲ្យកម្ពុជា
ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ កាន់តែដុនដាប។
នៅពេលនេះ វាលែងទៅជាមន្ទិលសង្ស័យ
ឬការទន្ទឹងរងចាំមើលទៀតហើយ អំពីជោគវាសនារបស់គណបក្សប្រឆាំង
ដ៏ធំនៅកម្ពុជាថា តើតុលាការនឹងបើកសវនាការនៅពេលណាឲ្យប្រាកដនោះ
ស្របពេលមេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ
បានប្រគល់ឯកសារដាក់បន្ទុក ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ
ចំនួន២លើករួចមកហើយ ដែលស្នើឲ្យរំលាយបក្សប្រឆាំង
ចេញពីឆាកនយោបាយ។
ដីកាជូនដំណឹងស្ដីពី ថ្ងៃជំនុំជម្រះលើសំណុំរឿង
បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ឌិត មន្ទីរ
ប្រធានតុលាការកំពូលបានចុះហត្ថលេខារួចហើយ។ កាលបរិច្ឆេទ
ដែលចុះខុសថ្ងៃផងនោះ
ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក ឌិត
មន្ទីរ សរសេរនៅក្នុងដីកាបញ្ជាក់ថា
សូមអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នៅថ្ងៃទី១៦
ខែវិច្ឆិកា ពេលព្រឹក និងភ្ជាប់មកជាមួយនូវឯកសារផ្សេង
ជុំវិញសំណុំរឿងនេះផង។
បើទោះជាបែបណា ដីកាអញ្ជើញរបស់លោក ឌិត មន្ទីរ
ដែលជាសមាជិកជាន់ខ្ពស់ក្នុងមជ្ឈិមបក្សនៃគណបក្សប្រជាជនកម្ពុជាផងនោះ
ត្រូវរងការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យ៉ាងព្រោងព្រាតថា
ឈ្មោះជាតុលាការកំពូលផុតលេខ បែរជាមិនចេះធ្វើការទៅវិញ។
ប្រភពទាំងនោះបន្តថា ថ្ងៃបើកសវនាការ ដាក់ថាថ្ងៃទី១៦ វិច្ឆិកា ទេ
ប៉ុន្តែបែរជាថ្ងៃកោះអញ្ជើញដែលចេញលិខិតនេះដាក់ថា ថ្ងៃទី២៧
ខែវិច្ឆិកា ទៅវិញ។
ជុំវិញរឿងនេះ លោក សំ សុគង់ ដែលជាមេធាវី
តែងការពារក្ដីឲ្យបក្សប្រឆាំង អះអាងថា នៅថ្ងៃបើកសវនាការនោះ
រូបលោកជាមេធាវី មិនបានចូលរួមទេ ព្រោះខាងគណបក្សសង្គ្រោះជាតិ
ពុំបានស្នើសុំឲ្យមានមេធាវីនោះឡើយ។ លោកបន្តថា
ម្យ៉ាងទៀតក្នុងរឿងក្ដីមួយនេះ វាពិតជាមានភាពស្មុគស្មាញ
ហើយក៏សំណុំរឿងទី១សម្រាប់រូបលោកដែរ។ ជាងនេះទៀត
ច្បាប់ថ្មីស្ដីពីវិសោធនកម្មគណបក្សនយោបាយដែលទើបអនុម័តរួចហើយនេះ
ខ្លឹមសារនៃច្បាប់វានៅទូលាយ
និងមិនបានបញ្ញត្តិច្បាស់លាស់ថែមទៀតផង។
ថ្លែងពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦ តុលា
ក្នុងនាមជាអ្នកគាំទ្របក្សប្រឆាំងគឺលោក សម រង្ស៊ី ថ្លែងថា
គម្រោងនៃការរំលាយបក្សសង្គ្រោះជាតិ
ពីសំណាក់បក្សកាន់អំណាចត្រូវបរាជ័យហើយ។ប៉ុន្តែ
មន្ត្រីនាំពាក្យកាន់អំណាចលោក សុខ ឥសាន អះអាងថា
ការរំលាយបក្សប្រឆាំងនេះ គឺមិនដើរថយក្រោយឡើយ។ ក្នុងពេលគណបក្ស
ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលដើរតួជាដើមបណ្ដឹង
បន់ឲ្យតែរលាយបក្សប្រឆាំង អាចនឹងទទួលបានអាសនៈ ពីការបែងចែកនោះ
ស្របពេលនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ប្រកាសជំហរមិនទទួលយកអាសនៈ ដែលបានពីការរំលាយបក្សប្រឆាំងនេះឡើយ។
កាលពីថ្ងៃទី៦ ខែតុលា មេធាវីចំនួន
៥នាក់តំណាងឲ្យក្រសួងមហាផ្ទៃ បានដាក់បណ្ដឹងទៅតុលាការកំពូល
ដើម្បីស្នើសុំឲ្យតុលាការជាន់ខ្ពស់នេះ រំលាយគណបក្សសង្គ្រោះជាតិ។
ការដាក់បណ្ដឹងនេះ នៅក្រោយពេលគណបក្សនយោបាយចំនួន២
បានស្នើឲ្យក្រសួងមហាផ្ទៃ កម្ចាត់បក្សប្រឆាំងចេញពីឆាកនយោបាយ។
លោកបណ្ឌិត មាស នី
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ឃើញថា
មកដល់ពេលនេះទៅហើយគេពិតជាពិបាកនិយាយពីរឿងខុស
ឬត្រូវឲ្យប្រាកដណាស់
ព្រោះអ្វីៗគឺស្ថិតនៅលើបក្សកាន់អំណាចតែមួយគត់។ លើសពីនេះទៀត
ការស្នើច្បាប់ ការតាក់តែងច្បាប់
និងការវិសោធនកម្មច្បាប់ដែលសមាជិកបក្សកាន់អំណាច កំពុងអនុវត្តនេះ
វាផ្ទុយពីអ្វីដែលមានបញ្ញត្តិ នៅក្នុងរដ្ឋធម្មនុញ្ញក្ដី
ក៏នៅតែអាចធ្វើបានដែរ។
ដីកាកោះអញ្ជើញដែលដាក់ថា
សូមឲ្យប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមនៅថ្ងៃសវនាការនោះ
ក្នុងពេលដែលលោក កឹម សុខា
កំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងនៅឡើយ។
ការចេញដីកានេះ គឺនៅមុនមួយថ្ងៃ ដែលតុលាការជាន់ខ្ពស់នេះ
ក៏នឹងបើកលើកយករឿងក្ដីដាច់ដោយឡែកមួយផ្សេងទៀត របស់បក្សប្រឆាំង
មកជំនុំជម្រះដែរនៅថ្ងៃទី៣១ តុលា
ពាក់ព័ន្ធនឹងបណ្ដឹងសាទុក្ខប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា៕
No comments:
Post a Comment