ដូចការគ្រោងទុក តុលាការកំពូលនៅថ្ងៃអង្គារនេះ
បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់ក្រុមមេធាវីការពារក្តី
ប្រឆាំងនឹងការឃុំខ្លួន លោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ។ប៉ុន្តែក្រោយការសួរដេញដោល
ក្រោមការយាមយ៉ាងតឹងរឹងពីកម្លាំងសមត្ថកិច្ចនោះ
តុលាការជាន់ខ្ពស់នេះ នៅតែបន្តការឃុំខ្លួន
មេដឹកនាំគណបក្សប្រឆាំងរូបនេះដដែល។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ដោយសម្រេចតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល គឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទចោទថាក្បត់ជាតិ។ ការសម្រេចរបស់តុលាការកំពូលនេះ គឺពុំមានការនាំខ្លួនលោក កឹម សុខា ឲ្យមកស្តាប់ការសួរដេញដោលនោះទេ ខណៈលោកត្រូវបានឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម។
ប៉ុន្តែសវនាការនេះ គឺធ្វើឡើងដោយការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ប្រដាប់ដោយអាវុធស្ទើរគ្រាប់ដៃនៅជុំវិញបរិវេណតុលាការ ដែលមានការបិទផ្លូវមួយចំនួន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាបែបនេះមុនមួយថ្ងៃដោយឲ្យកងកម្លាំងទាំង១២ខណ្ឌត្រៀមបង្ក្រាបការតវ៉ារបស់អ្នកគាំទ្រគណបក្សប្រឆាំង ពេលតុលាការបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា។
នៅព្រឹកថ្ងៃទី៣១តុលាលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រ រួមជាមួយមន្រ្តីបក្សសង្រ្គោះជាតិជាច្រើនរូបទៀតត្រូវបានអាជ្ញាធររារាំង ហាមមិនអោយចូលរួមស្ដាប់សវនាការនេះទេ ដោយរងចាំនៅខាងក្រៅរបងតុលាការកំពូល។
សូមបញ្ជាក់ថា សវនាការរបស់តុលាការកំពូល ធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ
No comments:
Post a Comment