ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង
សេងហុង ឲ្យដឹងថា មានមនុស្សតាមដានលោក ជានិច្ច
នៅពេលដែលលោកធ្វើដំណើរទៅណាម្ដងៗ
ហើយក៏មានមនុស្សជិះក្រឡឹងផ្ទះរបស់លោកផងដែរ។ លោកហៅការតាមដាន
និងការជិះក្រឡឹងផ្ទះរបស់លោក ពីសំណាក់ជនមិនស្គាល់មុខនេះ ថា
ជារូបភាពគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
យុវជនថ្មីចែសមួយរូបទៀតហើយ
ដែលកំពុងប្រឈមនឹងអាជ្ញាធរភ្នំពេញ ក្រោយពេលលោកប្រកាសធ្វើ
បាតុកម្មអហិង្សាដើម្បីការពាររបបលទ្ធិប្រជាធិបតេយ្យ។ លោក ឡេង សេងហុង
អះអាងថា ក្រៅពីមានអ្នកតាមដាន និងគំរាមរូបលោកនៅភ្នំពេញហើយនោះ
ក៏មានអាជ្ញាធរទៅគំរាមកំហែងឪពុកម្ដាយ
នៅឯស្រុកកំណើតក្នុងខេត្តតាកែវផងដែរ៖ «ក្រោយពីចេញសេចក្ដីអំពាវនាវនៅថ្ងៃទី២៦មក
គឺខ្ញុំទទួលបានការរំខាន ជាច្រើនដែរ
ពីសំណាក់ដែលជនអនាមិកដែលខ្ញុំអត់បានស្គាល់
គឺដូចជាមានការគំរាមកំហែង ឬក៏តាមដាន ឬក៏រំខាន អីដល់រូបខ្ញុំ
ក្នុងការធ្វើការងារហាក់បីដូចជាពិបាកបន្លិច ពីព្រោះតែ មានការតាម
ឬក៏មានការហៅទូរស័ព្ទមក តាមបណ្ដាញសង្គមអីក៏
ឃើញថាមានការគំរាមកំហែងខ្ញុំខ្លះៗដែរ។ បញ្ហាធំនោះគឺ
សុវត្ថិភាពរបស់ខ្ញុំ គឺនៅពេលដែលមានអ្នកតាមដានអ៊ីចឹងទៅ
ខ្ញុំធ្វើការធ្វើងារ អីវាពិបាក ពីព្រោះពេលខ្ញុំចេញទៅណាមកណា
ហាក់បីដូចជាមានភាពភ័យខ្លាច នៅក្នុងខ្លួន
ដោយសារមានអ្នកនៅពីក្រោយ មានអ្នកនៅពីមុខ
មានអ្នកចាំមើលអីចេះចុះទៅ វាហាក់បីដូចជា មិនមានសុវត្ថិភាពដូចមុន
ដែលអាចដើរហើរសេរីបានសោះបាទ»។
លោក ឡេង សេងហុង កាលពីថ្ងៃទី២៦ ខែតុលា
បានអំពាវនាវឱ្យសមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ
និងប្រជាពលរដ្ឋទូទាំងប្រទេស
ត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើបាតុកម្មអហិង្សា
ក្នុងករណីតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា
ការធ្វើបាតុកម្មនេះ មិនមែនដើម្បីការពារគណបក្សសង្គ្រោះជាតិនោះទេ
ប៉ុន្តែដើម្បីការពាររបបប្រជាធិបតេយ្យ ដែលចែងពីពហុបក្ស
និងត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ ដោយលោកអះអាងថា
លោកមានកម្លាំងប្រមាណ ៤ពាន់នាក់រួចហើយ សម្រាប់ធ្វើបាតុកម្មនេះ។
មួយថ្ងៃបន្ទាប់ គឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ
បានបង្គាប់ឱ្យលោក ឡេង សេងហុង ចូលបង្ហាញខ្លួនទៅបំភ្លឺពីករណី
ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា
ឆ្នាំ២០១៧។
លោក ឡេង សេងហុង ថ្លែងប្រាប់អាស៊ីសេរី
ក្រោយពីព្រះរាជអាជ្ញាចេញដីកាកោះហៅ កាលពីថ្ងៃទី២៧ ខែតុលា
ឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលទទួលបានព័ត៌មានថា
លោកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បង្គាប់ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃអគ្គស្នងការនគរបាលជាតិ។ គិតមកដល់ថ្ងៃទី៣០ តុលា លោក
មិនទាន់ទទួលបានដីកាផ្លូវការពីមន្ត្រីសមត្ថកិច្ចនោះទេ
គឺលោកគ្រាន់តែបានដឹងព័ត៌មានអំពីការកោះហៅ
តាមរយៈសារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល គឺហ្វ្រេសញូវ (Fresh News) តែប៉ុណ្ណោះ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារូបនេះ
យល់ថា ចំណាត់ការរបស់ព្រះរាជអាជ្ញានៅពេលនេះ គឺជាការគាបសង្កត់
បំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ បើទោះជា លោកយល់ថា
ដីកានេះ គឺជាការបំបាក់ស្មារតី
ប៉ុន្តែលោកនៅតែរក្សាជំហរធ្វើបាតុកម្ម
ប្រសិនបើមានការរំលាយបក្សសង្គ្រោះជាតិ និងជំហរចូលទៅបំភ្លឺ
នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ
ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់។
លោក ឡេង សេងហុង
ស្នើសមត្ថកិច្ចកុំទៅរំខានដល់អ្នកផ្ទះរបស់លោក នៅស្រុកកំណើត។
លោកអះអាងថា សមត្ថកិច្ចនៅថ្នាក់ស្រុកព្រៃកប្បាស
បានទៅសួររកអត្តសញ្ញាណរបស់លោក ពីឪពុកម្ដាយលោក ដែលស្ថិតនៅស្រុកកំណើត
ក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខែត្រតាកែវ៖ «ពាក់ព័ន្ធទៅនឹងការគំរាមកំហែងនេះ
គឺនៅខាងស្រុកកំណើតរបស់ខ្ញុំនោះក៏មាន អាជ្ញាធរទៅដល់ផ្ទះរបស់ខ្ញុំ
សួរនាំ រកនេះរកនោះ ពីពួកគាត់ចាស់ៗ អី
ធ្វើឲ្យពួកគាត់ភ័យបារម្ភជាខ្លាំង ពីព្រោះថា
ពូកគាត់ពុំបានដឹងរឿងអីទេ។ ដូច្នេះហើយ
សូមអំពាវនាវទៅដល់ស្ថាប័នមានសមត្ថកិច្ចទាំងអស់
សូមលោកមេត្តាកុំទៅផ្ទះរបស់ខ្ញុំនៅស្រុកកំណើតឯណោះអី
ពីព្រោះចាស់ៗគាត់អត់ដឹងអីទេ រឿងនេះជារឿងរបស់ខ្ញុំ
បុគ្គលខ្ញុំតែម្នាក់ឯង។ អ៊ីចឹងបើលោកចង់តាមដាន ឬក៏លោកចង់និយាយអី
លោកអាចនិយាយ ឬពិភាក្សាជាមួយខ្ញុំបាន។ លោកមិនចាំបាច់
ទៅដល់ស្រុកកំណើតរបស់ខ្ញុំ ទៅគំរាមកំហែង
ធ្វើឲ្យចាស់ៗនៅស្រុកមានការភិតភ័យ»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺករណីនេះ
ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៣០
ខែតុលា។
អាស៊ីសេរីក៏មិនអាចសុំការយល់ឃើញពីអ្នកវិភាគនៅកម្ពុជាបានដែរ។
ប៉ុន្តែលោក បណ្ឌិត មាស នី បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍
ដែលចុះផ្សាយនៅថ្ងៃទី៣០ តុលា ថា
ស្ថានភាពនយោបាយបច្ចុប្បន្នមានភាពផុយស្រួយ
ប្រសិនបើមាននរណាម្នាក់ចេញមុខខ្លាំងពេក
អ្នកនោះនឹងប្រឈមនឹងការចាប់ខ្លួន
ព្រោះរដ្ឋាភិបាលមិនព្រមអនុញ្ញាតឲ្យនរណាម្នាក់ ចេញមុខតវ៉ាទេ។
ចំណែកអ្នកច្បាប់វិញ
ចាត់ទុកចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើលោក ឡេង
សេងហុង គឺជាការរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិបុគ្គល
និងជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកមេធាវី ហែម សុជាតិ ធ្លាប់ឲ្យអាស៊ីសេរីដឹងថា
ការអំពាវនាវរបស់ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង
កន្លងមក ដែលប្រកាសត្រៀមសម្រាប់ធ្វើបាតុកម្មអហិង្សា
ប្រសិនបើតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ
គឺធ្វើឡើងពុំមានខុសឆ្គងផ្លូវច្បាប់អ្វីឡើយ។ ដោយហេតុថា
ការអំពាវនាវនេះ ធ្វើឡើងស្របទៅតាមរដ្ឋធម្មនុញ្ញ
និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី។
តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងស្នើរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦
វិច្ឆិកា។
លោក ឡេង សេងហុង អះអាងថា
នឹងសរសេរលិខិតសុំទោសជាសាធារណៈ
ប្រសិនបើក្រោយពិភាក្សាជាមួយមេធាវីរួច រកឃើញថា
ការអំពាវនាវឲ្យមានការធ្វើបាតុកម្ម ការពារលទ្ធិប្រជាធិបតេយ្យនោះ
ជាការល្មើសច្បាប់។ ប៉ុន្តែ បើគ្មានបទល្មើស នៅក្នុងនោះទេ
ទោះជាមានការបង្ខិតបង្ខំខ្លាំងដល់កម្រិតណា
ក៏លោកមិនអាចសរសេរលិខិតសុំទោសជាដាច់ខាត៕
No comments:
Post a Comment