Monday, December 4, 2017

លោក សម រង្ស៊ី៖ សង្គ្រោះជាតិនឹងមកចូលរួមការបោះឆ្នោតឆ្នាំ ២០១៨

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស បាន​អះ​អាង​ជា​ថ្មី​ថា អតីតគណបក្សសង្គ្រោះជាតិ នឹងអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតនាឆ្នាំក្រោយ​នេះ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់បក្សកាន់អំណាច វាយបកថា មិនអាចទៅរួច​ទេ។
អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែលទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​ នៅ​ក្នុង​​​បោះ​ឆ្នោត​​​ឆ្នាំ​២០១៣​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំអតីតបក្សប្រឆាំងចំនួន ១១៨​រូប ​ត្រូវគេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​​រយៈ​ពេល ៥​ឆ្នាំ ខណៈ​លោក កឹម សុខា ក៏កំពុងជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ក្បត់​ជាតិ»។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាមួយ​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែធ្នូ អតីតប្រធានគណបក្សសង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហាញក្ដីសង្ឃឹមថា អតីតគណបក្សប្រឆាំង​មួយ​នេះ នឹងអាចវិលមកចូលរួមប្រកួតប្រជែង​ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោក សម រង្ស៊ី បាន​អះអាងដូច្នេះ ដោយ​សម្អាង​ថា សំពាធពីអន្ដរជាតិ នឹងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទម្លាក់ចោលចេតនា​កម្ចាត់អតីតបក្សប្រឆាំងដ៏ធំមួយនេះ ចេញពីឆាកនយោបាយ។ នេះដោយយោងតាមវីដេអូ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ហាក់មិនបានបង្ហាញយន្ដការ និងគោលនយោបាយក្នុងស្រុក ដែលជំរុញឲ្យអតីតគណបក្សប្រឆាំងមួយនេះ អាចដំណើរការឡើងវិញនោះទេ។
ក្នុងកិច្ចប្រជុំ លោក សម រង្ស៊ី ថ្លែងថា៖ «ពេលដល់ឆ្នាំ២០១៨នេះ គឺវាមិនអាចលួចយើងបានដូចមុនទេ។ ពេលហ្នឹងសម្ពាធអន្តរជាតិនឹងជំរុញឲ្យ​ គ.ជ.ប. នឹងដំណើរការឡើងវិញ គួយ ប៊ុនរឿន អីហ្នឹង គឺត្រឡប់ទៅវិញ ធ្វើការខ្លាំងជាមុនទៅទៀត អញ្ចឹង​សុំឲ្យ​បងប្អូនទាំងអស់យល់ថា នេះគឺជាព្យុះ ព្យុះមួយរយៈពេលទេ យើងនឹងរកទីជម្រកទៅ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនអាចធ្វើទៅរួចនោះទេ និងថា សហគមន៍អន្ដរជាតិ ក៏មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។
លោកថា៖ «សុំជំរាប សម រង្ស៊ី ថា ខ្មោចងាប់ហើយ​ មិនអាចរស់ឡើងវិញទេ។ អាហ្នឹង ជាក្រិតក្រមធម្មជាតិ ការលើកឡើងរបស់គាត់ គ្រាន់តែ​ជាការស្រមើស្រម៉ៃ មិនអាចក្លាយទៅជាការពិតទេ។ ប្រវត្តិសាស្ដ្រកម្ពុជា​ វិលទៅមុខ មិនមែនវិលថយក្រោយទេ»។
អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ប្រសិនបើសម្ពាធពីអន្ដរជាតិ​នៅមានកម្រិតតិចតួចដូចសព្វថ្ងៃនេះ។ មួយវិញទៀត លោកវិភាគថា​ វាក៏អាស្រ័យលើ​ប្រជាពលរដ្ឋខ្មែរភាគច្រើន ថាតើពួកគេពេញចិត្ត ឬមិនពេញចិត្ត ចំពោះរបត់នយោបាយបែបនេះ។
លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុណ្ណឹង ខ្ញុំមិនជឿថា មានប្រសិទ្ធិ​ភាពទេ ប្រហែលជាក្នុង​កាលះទេ​សៈនេះ ត្រូ​វឲ្យ​ខ្លាំងមែនទែន ដល់កម្រិតបិទផ្សារផលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅល​ក់នៅអា​មេរិក​ និងអឺរុប]។ ប៉ុន្តែ ខ្ញុំ​មិន​ជឿថា ​គេឈានដល់ហ្នឹងទេ។ តាមពិតខាងក្នុងហ្នឹង ខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ។ ឧទា​​រណ៍ជា​ក់​ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ រដ្ឋប្រហាយោធាមាននរណាធ្វើអី»។
ក្រោយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល សហគមន៍អន្ដរជាតិ​នាំ​មុខ​ដោយ​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួន បានចេញ

លោកស្រី​ មូរ សុខហួរ ​នឹង​ស្នើ​ឲ្យ​អូស្ត្រាលី​ បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា

នំពេញៈ លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ នឹង​អំពាវនាវ​ទៅ​ក្រសួង​ការបរទេស​អូស្ត្រាលី​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ‑អូស្ត្រាលី​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា​។
លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា​លោកស្រី​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោកស្រី Julie Bishop និង​គណៈកម្មាធិការ​ចម្រុះ​ស្តីពី​សិទ្ធិ​មនុស្ស​របស់​សភា​អូស្ត្រាលី​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា​។
លោកស្រី​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​សហគមន៍​កម្ពុជា​ក្នុង​ប្រទេស​អូស្ត្រាលី​នឹង​ដាក់​ញត្តិ​មួយ​ទៅ​សមាជិក​សភា​»​។
លោកស្រី​បន្ត​ថា​លោកស្រី​នឹង​ស្នើសុំ​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​ការ​ព្យួរ​ជំនួយ​បច្ចេកទេស​ចំពោះ​រដ្ឋាភិបាល​ «​រហូត​ទាល់​តែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ជជែក​អំពី​ការ​ធ្វើឲ្យ​ស្ថានភាព​ត្រឡប់​ទៅ​រក​ភាព​ដូច​ប្រក្រតី​វិញ​»​។
លោក ជា យូហន សមាជិក​ម្នាក់​នៃ​អ្នក​រៀបចំ​ការ​តវ៉ា​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា​៖ «​ប្រជាធិបតេយ្យ​បាន​បាត់​រួច​ទៅ​ហើយ​ក្រោម​ភាព​ផ្តាច់ការ​របស់​លោក ហ៊ុន សែន​»​។
ដោយ​អះអាង​ថា​សហគមន៍​កម្ពុជា‑អូស្ត្រាលី​ «​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ​» ​លោក​ យូហន បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា​ការ​តវ៉ា​នឹង​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​។
ស្ថានទូត​អូស្ត្រាលី​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ពេល​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ខ្លួន​កំពុង​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម​។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ​៕ PS

Saturday, December 2, 2017

មន្ត្រី​បក្ស​កាន់​អំណាច​ថា​គ្មាន​ច្បាប់​ណា​មួយ​អាច​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គ្មាន​ច្បាប់​ណា​មួយ​អាច​មក​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស បើ​សិន​ការ​វិនិយោគ​នោះ​មិន​ខុស​ច្បាប់។ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​យល់​ដូច្នេះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក​ធ្លាប់​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​សិទ្ធិមនុស្ស។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​តេឡេក្រាម នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ជា​ការ​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធសភា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ថា បើ​អ្នក​វិនិយោគ​របស់​កម្ពុជា នៅ​បរទេស​រក​ស៊ី​ដោយ​ស្រប​ច្បាប់ និង​លុយ​ដែល​ទុក​ក្នុង​ធនាគារ​ជា​លុយ​ដែល​ស្របច្បាប់ គ្មាន​អ្នក​ណា​អាច​បង្កក​លុយ​ទាំង​នោះ​បាន​ទេ។ លោក​អះអាង​ថា ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​រឹប​អូស​ទ្រព្យសម្បត្តិ និង​ប្រាក់កាស​របស់​ក្រុមហ៊ុន​ខ្មែរ​នៅ​ប្រទេស​នោះ គឺ​ជា​រឿង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្បាស់ ដែល​មិន​អាច​អនុវត្ត​បាន​ឡើយ។
ទោះ​ជា​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ អង្គការ គ្លបល វីនេស (Global Witness) ធ្លាប់​ទម្លាយ​អោយ​ដឹង​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្រៅ​ពី​កំពុង​កាន់​អំណាច​នោះ ក៏​កំពុង​ក្ដោបក្ដាប់​ភាគ​ហ៊ុន​ភាគ​ច្រើន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។
​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កន្លង​មក​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ធ្លាប់​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​វិនិយោគ និង​លុយ​នៅ​ក្នុង​ធនាគារ​លើ​ប្រទេស​ណា​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​កិច្ច​ព្រមព្រៀង​អ្វី​មួយ។ លោក​ថា អ្វី​ដែល​លោក​ធ្លាប់​ដឹង​គឺ​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​រួច​ហើយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ខាង​សេតវិមាន​តែប៉ុណ្ណោះ៖«»។
ព្រឹទ្ធសភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ ​សេចក្ដី​សម្រេច​នោះ​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ខាង​លើ​ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក។
​រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួមមាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
​សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

“ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​សេចក្ដី​សុខ​ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង”

អ្នកវិភាគ និង​សង្គម​ស៊ីវិល យល់​ថា លោក ហ៊ុន សែន គួរ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​ទៅ​រក​សភាពការណ៍​ធម្មតា​វិញ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សេចក្ដី​សុខ ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​អង្គរវត្ត ទាំង​តក់ក្រហល់ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន។
​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​កម្ពុជា។ លោក​បណ្ឌិត​មើល​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឲ្យ​កម្ពុជា មាន​សេចក្ដី​សុខ គួរ​ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។
​នៅ​ថ្ងៃ​សៅរ៍ ទី​២ ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន មាន​ទាំង​មេ​ទាហាន និង​ឧបនាយករដ្ឋមន្ត្រី ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត បន្ទាប់​ពី​លោក​បាន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន។ នៅ​ឯ​ប្រទេស​ចិន លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ទទួល​ជោគជ័យ ដោយ​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​ថា នឹង​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក និង​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សន្តិភាព និង​អភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត។
ខុស​ពី​ចិន សហគមន៍​អន្ដរជាតិ​បាន​បារម្ភ​អំពី​បញ្ហា​សន្តិភាព ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេលដែល​សហគមន៍​អន្ដរជាតិ​បាន​សម្រេច​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​នោះ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​លែង​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ តាម​រយៈ​រដ្ឋាភិបាល និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្ដល់​ជំនួយ​ឈ្មោះ​ស៊ីដា (SIDA) មក​ឲ្យ​កម្ពុជា ក្រោយ​ពេល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​ប្រឆាំង។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ងាក​ចេញ​ពី​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​រឿង​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា បាន​ក្លាយ​ប្រទេស​ឯក​បក្ស និង​ផ្ដាច់ការ។
​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីកា​ថា សេចក្ដី​សុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​មែន​កើត​ឡើង​ដោយសារតែ​ការ​បន់​ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ សេចក្ដីសុខ និង​ស្ថិរភាព​យូរ​អង្វែង កើត​មាន​ឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្ត។
ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីការ​ពន្យល់​ថា តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា ការ​បន់ស្រន់ បួងសួង​សុំ​សេចក្ដី​សុខ កើត​មាន​ឡើង​តែ​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​តែប៉ុណ្ណោះ។ ដោយ​ឡែក សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​បាបកម្ម​រួច​ហើយ នោះ​នឹង​មិន​អាច​គ្រាន់​តែ​បន់ស្រន់​សុំ​សេចក្ដី​សុខ​រួច​អាច​លាង​បាប​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ​បាន​ទេ៕

គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​សម័យ​អង្គរ​ត្រូវ​បាន​នាំ​យក​មក​កម្ពុជា​វិញ

គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​នា​សម័យ​អង្គរ ដែល​ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​លក់​នៅ​ក្នុង​ទីក្រុង​ឡុងដុង (London) ចក្រភព​អង់គ្លេស ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​កម្ពុជា ដែល​ជា​ទី​កំណើត​របស់​វត្ថុ​បូរាណ​នេះ​វិញ​ហើយ។
​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​អ្នក​ចេញ​មុខ​ដង្ហែ​គ្រឿង​អលង្ការ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ​ថា ក្រោយ​ទទួល​ដំណឹង​ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ឡុងដុង អំពី​វត្តមាន​គ្រឿងអលង្ការ​មាស​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ស្នូល​ដូចជា​ក្រសួង​ការបរទេស ក្រសួង​វប្បធម៌ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុងដុង បាន​ស្វះស្វែង​រក​វត្ថុ​ទាំង​នោះ​ត្រឡប់​មក​វិញ​ប្រកប​ដោយ​ជោគជ័យ។ កូនប្រុស​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​បន្ត​អះអាង​ជំនួស​អោយ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ស្វែង​រក​វត្ថុ​បុរាណ​ដែល​បាត់បង់​ទៅ​ត្រឡប់​មក​វិញ​ឲ្យ​ទាល់តែ​បាន​ជា​បន្តបន្ទាប់៖ «»។
​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ រួម​មាន​មកុដ ១ ក្បាច់​ពាក់​សៀតផ្កា ១​គូ ក្រវិល ១​គូ ខ្សែក ១ ស្នាប់ដៃ ១​គូ ខ្សែ​ពាក់​ឆៀង (ក្រវាត់​ទ្រូង) ១​គូ និង​ខ្សែ​ចង្កេះ ១។
​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​ចក្រភព​អង់គ្លេស​យល់​ព្រម​ប្រគល់​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ​នេះ ជូន​មក​រដ្ឋាភិបាល​កម្ពុជា។ ​ម្យ៉ាង​ទៀត ឈុត​គ្រឿង​អលង្ការ​មាស​នេះ លោក​ថា ក៏​មាន​តម្លៃ​ផ្នែក​សិល្បៈ​​រចនា និង​ក្បូរក្បាច់​ដែល​បង្ហាញ​ពី​រចនាបថ​របស់​ខ្មែរ​តែ​មួយ​គត់៕

ឈុត​គ្រឿង​អលង្ការ​មាស​សម័យ​អង្គរ​ ត្រូវ​បាន​ដង្ហែ​ពី​អង់គ្លេស​មក​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ

ឈុត​អលង្ការ​មាស​សម័យ​អង្គរ ដែល​កម្ពុជា​បាន​ទទួល​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស ត្រូវ​បាន​ដង្ហែ​​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២​ធ្នូ​នេះ​។ ក្រុម​យុវជន​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ានី ព្រម​ទាំង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​វប្បធម៌ បាន​ដង្ហែ​ឈុត​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​នេះ ទៅ​​កាន់​សារមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រក្សា​ទុក​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ឡើង​វិញ​នូវ​ការ​រក​ឃើញ ព្រម​ទាំង​ការ​តស៊ូ​​ទាមទារ​ត្រឡប់​មក​វិញ នូវ​ឈុត​គ្រឿង​អលង្ការ​នេះ​ដូច​ត​ទៅ​​៖
ជាង១​ឆ្នាំ​មុន ពោល​គឺ​នៅ​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៦ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ប្រកាស​ដាក់​លក់​វត្ថុ​បុរាណ​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរ ឈុត​គ្រឿង​អលង្ការ​មាស សម្រាប់​លម្អ​រូប​ចម្លាក់​។ ឈុត​អលង្ការ​នោះ​មាន​ចំនួន​១០​មុខ រួម​មាន​៖ ក្រវិល​មាស រង្វង់​មាស​សម្រាប់​ពាក់​លម្អ​ព្រះ​សិរ ដើម​ដៃ ចន្លោះ​ពោះ ដើម​ទ្រូង និង​ខ្សែ​ក្រវ៉ាត់​មាស​​។
ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ បាន​ទាមទារ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ ដក​ឈុត​គ្រឿង​អលង្ការ​នោះ​ចេញ​ពី​បញ្ជី​លក់​។ នៅ​ក្នុង​ដំណើរការ​តស៊ូ​ទាមទារ​ត្រឡប់​មក​វិញ មន្ដ្រីជំនាញ​ទាំង​ជាតិ​និង​អន្ដរជាតិ បាន​ចូល​រួម​ពិនិត្យ ធ្វើ​កោសល្យ​វិច្ច័យ និង​វាយ​តម្លៃ​លើ​វត្ថុ​បុរាណ​ទាំង​នោះ​។ លទ្ធផល​នៃ​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច្ច័យ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា ឈុត​គ្រឿង​អលង្ការ​នោះ ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ក្បូរ​ក្បាច់​រចនា និង​រចនាបថ​​ ប៉ុន្តែ​ត្រូវ​បាន​យក​ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់​។
ក្រោយ​ការ​ចរចា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​នោះ មក​កម្ពុជា​វិញ​។ ក្រសួង​វប្បធម៌ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចាត់​ទុក​ស្មារតី​ស្ម័គ្រ​ចិត្ត​នេះ​ថា​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​អង់គ្លេស និង​កម្ពុជា ដើម្បី​រួម​ចំណែក​លើក​តម្កើង​វប្បធម៌​ខ្មែរ​។
គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក កម្ពុជា​បាន​តស៊ូ​ទាមទារ​យក​រូប​បដិមា​ចំនួន​៦ ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។ រូប​បដិមា​ទាំង​នោះ​រួម​មាន រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មក​ពី​សារមន្ទីរ​ Sotheby ក្រុង​ញ៉ូវយ៉ក​។ រូប​បដិមា​ភីម មក​ពី​សារមន្ទីរ Norton Simon ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​។ រូប​បដិមា​ទ្វារ​បាល​ចំនួន​២ ធ្វើ​ពី​ថ្ម​ភក់ មក​ពី​សារមន្ទីរ Metropolitan ក្រុង​ញ៉ូយ៉ក​។ រូប​បរិមា​ពលរាម មក​ពី​សារមន្ទីរ Christie ក្រុង​ញ៉ូយ៉ក​។ រូប​បដិមា​ហនុមាន​បាន​មក​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ Cleveland។ និង​ចុង​ក្រោយ​គឺ​ព្រះ​សិរព្រះ​ហរិហរៈ មក​ពី​សារមន្ទីរ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង​៕

លោក ហ៊ុន សែន ប្រកាស​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោយ​រក​មិន​ឃើញ​កំហុស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ធ្នូ នេះ​ថា លោក​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទេ ក្រោយ​ពី​ក្រសួង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មិន​ឃើញ​កំហុស ឬ​មិន​មាន​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ល្មើសច្បាប់​នោះ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ថ្លែងការណ៍ ក៏​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​ទៅ​រដ្ឋាភិបាល បញ្ជាក់​ថា ស្ថាប័ន​នេះ​មិន​ពាក់ព័ន្ធ​បក្ស​នយោបាយ​ណា​មួយ រដ្ឋាភិបាល​សម្រេច​រក្សា​ទុក​មជ្ឈមណ្ឌល​នេះ​នៅ​ដដែល ដោយ​ឱ្យ​ស្ថាប័ន​មួយ​នេះ​នៅ​បម្រើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជា​បន្ត​ទៀត។
​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ភ្នំពេញ ដោយ​លោក​ចោទ​ថា មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​បរទេស។ ក្រោយ​ពី​ប្រកាស​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ភ្លាមៗ​ថា ស្ថាប័ន​នេះ​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំង​អស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ។ កិច្ច​គាំពារ​ទាំង​នេះ​ហើយ គឺជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មក​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ក្លាយ​ជា​អ្នក​នយោបាយ។ អ្នក​នយោបាយ​ទាំង​នោះ​មាន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ផង និង​គណបក្ស​កាន់​អំណាច​ផង៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...