Tuesday, October 31, 2017

អឺរ៉ុប​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដែល​ឈាន​ទៅ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

មន្ត្រី​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​សហភាព​អឺរ៉ុប លើកឡើង ថា សហគមន៍​អឺរ៉ុប ត្រូវ​តែ​ចាត់​វិធានការណ៍​តប​ឲ្យ​បាន​ឆាប់ និង​ជាក់ស្ដែង ទប់​ទល់​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។
ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា នេះ សមាជិក​សភា​អឺរ៉ុប និង​ជា​អនុប្រធាន​អនុ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់ ឬ​អាច​ឈាន​ដល់​ការ​ឈប់​លើកលែង​ការ​អនុគ្រោះ សម្រាប់​ការ​នាំ​ទំនិញ​កម្ពុជា ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀត​ផង។ អ្នកស្រី​បន្ថែម​ទៀត ថា សហគមន៍​អឺរ៉ុប​ចាំបាច់ ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​តប​ឲ្យ​បាន​ឆាប់ ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ តែ​មួយ​គត់​នៅ​កម្ពុជា។ អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ ព្រមាន​ប្រទេស​កម្ពុជា កុំ​ឲ្យ​អាង​តែ​ខ្លួន​ពឹង​ចិន ហើយ​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប។ អ្នកស្រី​រំលឹក​ថា សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប អាច​ចាត់​ការ​ដាក់​ឱ្យ​ចំ​គោលដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន នោះ​ច្បាស់​ជា​ឆាប់​ទទួល​បាន​លទ្ធផល។
តាម​ប្រភព​ទិន្នន័យ​ពី​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប ដោយសារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប្រទេស​កម្ពុជា នាំ​ទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ ដែល​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​ទាំងនោះ គឺជា​សំលៀកបំពាក់។
ប្រតិកម្ម​របស់​មន្ត្រី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រទេស​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺ​ប្រទេស​ស៊ុយអ៊ែត (Sweden) បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​មែន​នោះ។ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឯកោ៕

តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នៅ​មាន​សុពលភាព​ឬទេ?

ការ​ជជែក​ដេញដោល​គ្នា ថា​តើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​មាន​សុពលភាព ឬ​មិន​មាន តែងតែ​លេច​ឮជា​រៀងរាល់​ឆ្នាំ នៅ​ដែល​ពេល​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ខិត​ជិត​ចូល​មក​ដល់។ ដោយឡែក ខួប​លើក​ទី​២៦ នា​ឆ្នាំនេះ ក្រៅ​តែ​ពី​លើក​យក​បញ្ហា សុពលភាព​មក​និយាយ សហគមន៍​ខ្មែរ នៅ​ឯ​នាយ​សមុទ្រ ក៏​នាំគ្នា​ជជែក​អំពី​ថា តើ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជំរុញ​អោយ​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នេះ ងាក​មក​ជួយ​ដោះស្រាយ​វិបត្តិ​នៃ​កម្ពុជា​វិញ​ផង។
កិច្ចពិភាក្សា​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា​នេះ ត្រូវ​បាន​គេ​រៀបចំឡើង​នៅ​មហា​វិទ្យាល័យ​មួយ​ក្បែរ ទីក្រុង ស៊ីអែតថល (Seatle) នៃ​រដ្ឋ​វ៉ាស៊ីនតុន។ លោក យ៉ប គឹមទឹង នៃ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា ឬ KPNC មានប្រសាសន៍ថា ការរៀបចំ​ឆ្នាំនេះ ប្លែក​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ដ្បិត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវបាន​គេ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​នេះ។ លោក​ថា ឆ្នាំនេះ​ក្រៅ​តែពី​យក​កិច្ចប្រជុំ​មក​ធ្វើ នៅ​រដ្ឋ​វ៉ាស៊ីនតុន លោក​មាន​អញ្ជើញ​វាគ្មិន​ពិសេស​ដែល​មាន​ឥទ្ធិពល​មក​ចូលរួម​ផង។ «សំឡេង»
លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ មិន​អាច​សាបសូន្យ​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​នា​ពេល​ថ្មីៗ​នេះ​ទេ។ លោក​បញ្ជាក់​ថា ប្រទេស​ហត្ថលេខី អាច​មាន​ការ​កែប្រែ​សមាសភាព​ដឹកនាំ ឬក៏​កែប្រែ​ប្រព័ន្ធ​នយោបាយ​មែន តែ​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​អន្តរជាតិ នៅតែ​ជា​កិច្ចព្រមព្រៀង​ដែល​ត្រូវតែ​អនុវត្ត​តាម មិន​អាច​ដូរ​ផ្លាស់​តាម​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ «សំឡេង»
អ្នកដឹកនាំ​កិច្ចពិភាក្សា​លើ​ប្រធានបទ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នេះ​គឺ នាថ បណ្ឌិត យ៉ែម រិទ្ធពល។ លោក រិទ្ធពល ដែល​ជា​អ្នក​ធ្លាប់​បាន​ចូលរួម ក្នុង​ការ​ជួប​ជជែក​គ្នា រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម នៅ​ទៅ​ក្រុង​ហ្សាការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ផង បាន​រៀបរាប់​ពី​ប្រវត្តិ​ខ្លះ​ៗ នៃ​ដំណើរការ​ជួប​ប្រជុំ​គ្នា​ក្នុង​ការ​រៀបចំ​កិច្ចព្រមព្រៀង​នេះ​ផង និង​បាន​បញ្ជាក់​មាត្រា​មួយ​ចំនួន​ធំ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​រំលោភ​បំពាន ដូចជា មាត្រា​ចែង​អំពី​ការ​រំលាយ​ចោល​នូវ​សន្ធិសញ្ញា ដែល​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ក៏​លោក​ថា រដ្ឋាភិបាល​មិន​រំលាយ​ចោល​ដែរ។ លោក​បន្ត​ថា ការ​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​មួយទៀត​នោះ គឺ​ការដែល​រដ្ឋាភិបាល​ឃោសនា ថា កិច្ចព្រមព្រៀង​នេះ ស្លាប់​បាត់​ទៅ​ហើយ​តែម្ដង។
លោក រិទ្ធិពល ក៏បាន​លើក​ជា​ឧទាហរណ៍​មួយ ពី​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម កម្ទេច​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​រំលាយ​គណបក្ស​នយោបាយ​ណា ដែល​ប្រឆាំង​នឹង​ខ្លួន ដោយ​ចាប់​មេ​គណបក្ស​ដាក់​ពន្ធនាគារ ហើយ​ព្យាយាម​ជ្រើសរើស​មនុស្ស​ថ្មី ដែល​ខ្លួន​ពេញចិត្ត​អោយ​ទៅ​ដឹកនាំ​ជំនួស ដើម្បី​បង្គ្រប់​កិច្ច​ជាដើម។ «សំឡេង»
លោក រិទ្ធពល បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​នេះ ពី​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ពី​គណបក្ស​សង្គ្រោះជាតិ​ផង។ តែ​ទោះជា​យ៉ាងណា អាស៊ីសេរី​នៅ​មិន​ទាន់​បាន​ការ​ឆ្លើយ​តប​ពី​លោក សុន ឆ័យ ឬ​ពី​ថ្នាក់ដឹកនាំ​ណាមួយ​នៃ​គណបក្ស​នៅឡើយ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ លោក ឡុង បូតា តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​បដិសេធ។ «សំឡេង»
ងាក​មក​កិច្ចពិភាក្សា​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​វិញ លោក​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ហុង លីម ចាប់​អារម្មណ៍​ថា លោក​បាន​ឃើញ​ថា ក្នុង​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង សហគមន៍​អន្តរជាតិ ក៏​កាន់តែ​ចាប់​ផ្ដើម​ដាក់​ផែនការ​ជាក់លាក់ ដើម្បី​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អោយ​ងាក​មក​គិត​ពី​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​វិញ​ម្ដង។ ផែនការ​ជាក់លាក់ ដែល​លោក ហុង លីម លើក​មក​ដោយ​ត្រួសៗ​នោះ រួមមាន ការ​រឹតត្បិត​មិន​ចេញ​ទិដ្ឋាការ​អោយ​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល ចេញចូល​បរទេស​បាន​ដូច​មុន ផែនការ​បង្កក​ប្រាក់​ដែល​ក្រុម​មន្ត្រី​ទាំងនោះ បាន​ដាក់​នៅ​ក្នុង​ធនាគារ​ក្រៅ​ប្រទេស​ជាដើម។ ក្រៅពីនោះ​លោក សង្កេត​ឃើញ​ថា សហគមន៍​ខ្មែរ នៅ​ក្រៅ​ប្រទេស កាន់តែ​រួម​ដៃ​គ្នា កាន់តែ​រឹងមាំ ហើយ​បង្កើត​ចេញ​ជា​ចលនា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ទ្រង់ទ្រាយ​ធំ​មួយ។ «សំឡេង»
អ្នក​រៀបចំ​កិច្ចប្រជុំ នា​ក្រុង​ស៊ី​អែតថល បញ្ជាក់​ថា នេះ​កិច្ចប្រជុំ​ថ្ងៃ​នេះ វា​គ្រាន់តែ​ជា​កិច្ច​ចាប់​ផ្ដើម​មួយ​នៃ​សកម្មភាព​របស់​ពួកគេ។ រួច​ពី​កិច្ចប្រជុំ​នេះ​ទៅ ពួកគេ​នឹង​ខិតខំ ប្រែក្លាយ​ការ​លើកឡើង​ទាំងឡាយ អោយ​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង៕

កម្ពុជាគ្រោងខ្ចីលុយជាង១ពាន់លានដុល្លារ ខណៈបំណុលបច្ចុប្បន្នមានជាង៦ពាន់លាន

រដ្ឋាភិបាល​កម្ពុជា​ គ្រោង​ខ្ចីថវិកាប្រមាណ​ ១,៤ពាន់​លាន​ដុល្លារ​បន្ថែម ពីម្ចាស់ជំនួយនិងប្រទេសជាដៃគូអភវិឌ្ឍន៍ ដើម្បីបង្គ្រប់ទិសដៅថវិកាជាតិសម្រាប់ឆ្នាំ២០១៨ ដែលនឹងធ្វើបំណុលសាធារណៈរបស់កម្ពុជា នឹងកើនដល់ ៧,៦ពាន់លានដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៦,២ពាន់លានដុល្លារ។
កម្រិត​បំណុល ​ជិត​៨​ពាន់​លាន​ដុល្លារ​នេះ បើ​ធៀប​ទៅ​នឹងប្រជា​ជន​កម្ពុជា​ជាង ​១៥លាន​នាក់​នោះ​ មាន​ន័យ​ថា ​ពល​រដ្ឋ​កម្ពុជា​ម្នាក់​ ជំពាក់​បំណុល​បរទេស​ កើនដល់​ជាង៥០០ដុល្លារ​អាមេរិក ខណៈ​ប្រាក់​ចំណូល​ប្រចាំ​​ឆ្នាំ​ សម្រាប់​ពល​រដ្ឋ​កម្ពុជាម្នាក់​ៗ ​ប្រមាណ​ជា​១ពាន់​ដុល្លារ ​ប៉ុណ្ណោះ។
ក្នុង​ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី «សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨» ចេញផ្សាយកាលពី​ថ្ងៃទី២៧តុលា ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានឲ្យ​ដឹង​ថា រដ្ឋាភិបាល​គ្រោង​ចំណាយថវិកាជាតិ សម្រាប់​ឆ្នាំ​២០១៨​ មាន​ចំនួន ២៤​ ៣៧៥ ១០២​លានរៀល ឬ​ត្រូវ​នឹងជិត៦ពាន់លានដុល្លារ ដែល​នឹង​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី កើនឡើង ១៥,២ ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧​នេះ។ ក្នុងនោះ រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច មាន​គំរោង​ខ្ចី​បរទេស​បន្ថែម​ នូវ​ទឹក​ប្រាក់​ប្រមាណ ១ពាន់លាន​អេស​ដេអ៊ែ ឬ ១,៤ពាន់​លាន​ដុល្លារ។
ក្រសួង​សេដ្ឋកិច្ច​ បាន​បញ្ជាក់​ក្នុង​សេចក្តីព្រាង​របស់​ខ្លួន​នោះ​ថា ពិដាន​បំណុល ​ដែល​បាន​ខ្ចី​នេះ គឺ​មិន​ប៉ះពាល់​ដល់​ស្ថានភាព​បំណុលសាធារណៈរបស់​កម្ពុជានោះ​ទេ ដោយ​សារ​កម្រិត​ស្ថានភាព​បំណុល​ទាំង​នោះ​នៅ​តែ​មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​ក្នុង​រយៈពេល​មធ្យម​ដដែល។
បើតាមខ្លឹមសារឯកសារដដែល រដ្ឋាភិបាល នឹងខ្លីលុយពីស្ថាប័នដៃគូអភិវឌ្ឍន៍និងប្រទេសធំៗចំនួន៧ រួមមាន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង បារាំ និងប្រទេសឥណ្ឌា ខណៈចិន នៅតែជាប្រទេសនាំមុខ ខាងផ្តល់កំចីហិរញ្ញវត្ថុដល់កម្ពុជា។
អ្នក​នាំពាក្យ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​ជាអនុប្រធាន​គណកម្ម​ការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុនៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថាលោក​មាន​ការ​ព្រួយ​បារម្ភចំពោះ​កំណើន​នៃ​បំណុល​កម្ពុជា​ជំពាក់​បរទេស​ដែល​ចេះ​តែ​កើន​ឡើង​នេះ។ លោក​បន្ថែម​ថា ចំពោះ​ថវិការ​ជាតិ​ដែល​ចំណាយ​ជារៀង​រាល់​ឆ្នាំ​គឺ​មាន​ចំនួន​ច្រើន​តែ​លទ្ធផល​ដែល​កើត​ចេញ​ពី​ថវិការ​នោះ​គឺ​មិន​សមាមាត្រ​ទៅ​នឹង​ថវិការ​ទាំង​នោះ​ទេ។
លោកថា៖ «កំណើនសេដ្ឋកិច្ចកន្លងទៅប្រហាក់ប្រហែលនឹង៧ភាគរយ គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹងគឺចេញពីការខ្ចីលុយគេទេ។…ហើយលទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិកានោះ ឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង ២០០លានក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»
លោកថា ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់ពង្រឹងឡើង​វិញ​នូវ​ការ​ពិនិត្យ​ និង​តាម​ដាន​ពី​ថវិកា​ជាតិ​ឲ្យ​កាន់​តែ​តឹង​រឹង ជាពិសេស​ត្រូវ​ពិនិត្យ​មើល​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិខុសពី​ទិស​ដៅ។
លោក​ថា៖ « រដ្ឋសភា ថវិកាជាតិឆ្នាំក្រោយហ្នឹងទ្វេរមួយជាពីរហើយ មិនដឹងពង្រីកជាពីរធ្វើអីទេ យើងបានស្នើធ្វើការពង្រីកតំណាងរាស្ត្រមិនធ្វើទេ តែទៅពង្រីកការចំណាយទ្វេរមួយជាពីរហើយគ្មានតម្លាភាពទៀត»
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ យល់​ថា ​បើ​ទោះ​បីបំណុល​កម្ពុជាកើន​ឡើង​ជាង​១ពាន់​លាន​បន្ថែម​ទៀត​ក៏​ដោយ ​លោក​មើល​ឃើញ​ថា ​កម្ពុជា​នៅ​តែ​អាច​ឆ្លើយ​តប​បាន តែ​លោក​ថាអ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ ​គឺ​ប្រសិទ្ធភាព​ និង​តម្លាភាព​នៃ​ថវិកា ​ដែល​បាន​ខ្ចី​ទាំង​នោះ។
លោកថា៖ «ខ្ញុំគិតថា មិនទាន់ជាបញ្ហាទេ តែរដ្ឋាភិបាលត្រូវត្រៀមខ្លួនដែរ ត្រូវត្រៀមខ្លួនរៀបចំដែរ។ រៀបចំទៅថ្ងៃអនាគត គឺកាត់បន្ថយការខ្ចីបុល ពីបរទេសព្រោះយើងជិតដល់កម្រិត ដែលខ្ញុំបានលើកឡើងគឺកម្រិត ត្រឹម៥០ភាគរយ នៃGDP អញ្ចឹងកម្រិតវាកំណត់ហើយយើងនៅតែបន្តខ្ចីទៀតវាធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ»
បើ​តាម​សេចក្តីព្រាង​ថវិកា​ជាតិសម្រាប់​ឆ្នាំ​២០១៨ នោះ កញ្ចប់​ថវិកា​ជាតិ ​សម្រាប់​វិស័យ​អប់រំ ត្រូវ​បាន​ស្នើ​ឡើង​ប្រហែល​នឹង ៨៣៦​លានដុល្លារ ខណៈ​ដែល​គម្រោង​ចំណាយ​សម្រាប់​ក្រ​សួង​​សាធារណការ​ មាន​ចំនួន​​ស្មើនឹងជាង ៦០១លានដុល្លារ ហើយ​ក្រសួង ​ដែល​ស្រូប​យក​កញ្ចប់​ថវិកា​ជាតិ​ច្រើន​លំដាប់​ទី​៤ គឺ​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​បាន​ស្នើ​នូវ​ថវិកា​ចំនួន​ស្មើនឹងជាង ៥៣៤លានដុល្លារ៕

ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​រដ្ឋ​ពង្រឹង​គុណភាព​ពេទ្យ​រដ្ឋ​និង​ឯកជន​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា


ឪពុក​ម្នាក់ទៀត កំពុង​ឈរ​បី​កូន ហើយ​កែវភ្នែក​សម្លឹង​មើល​ទៅ​ដើមឈើ​នៅ​វត្តភ្នំ បណ្ដើរ​មាត់​និយាយ​ប្រាប់​​អាស៊ីសេរី​បណ្ដើរ​ថា គ្រូពេទ្យ​ស្រុក​ខ្មែរ​ភាគច្រើន​គិតតែ​ពី​លុយ មិន​ខ្វល់​ពី​ជីវិត​ក្មេង​សោះ។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​មិនសូវ​ទុកចិត្ត​លើ​ពេទ្យ​ឯកជន និង​ពេទ្យ​រដ្ឋ​ឡើយ។ លោក​បន្ថែម​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​សម្រាប់​លោក ដែល​នាំ​កូន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។
វា​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​បញ្ហា​មន្ទីរពេទ្យ ផ្លូវថ្នល់ និង​សាលារៀន​ជាដើម។ នៅ​តាម​ឃុំ​ខ្លះ គ្មាន​ទេ​មណ្ឌល​សុខភាព និង​សាលាឃុំ តែ​បែរ​ជា​មាន​ទីស្នាក់ការ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា យ៉ាង​ធំៗ​ទៅវិញ។
មាន​សម្បុរ​ខ្មៅ​រាង​ស្គម កំពុង​អង្គុយ​ជិត​ប្រពន្ធ ប្រាប់​ថា លោក​មកពី​ខេត្ត​ព្រៃវែង។ លោក​សំណូមពរ ឲ្យ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ពង្រឹង​គុណភាព និង​សេវា​សុខាភិបាល​ទាំង​ពេទ្យ​ឯកជន និង​មណ្ឌល​សុខ ភាព​តាម​ភូមិ​-​ឃុំ ឲ្យ​ល្អ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​រៀបរាប់​ថា ប្រជាពលរដ្ឋ​មានការ​លំបាក​ច្រើន​ណាស់ ក្នុង​ការ​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយសារ​ឆ្ងាយ និង​ត្រូវ​អង្គុយ​រង់ចាំ​យូរ ម៉ោង​ទៀត​ផង។ អ្វី​ដែល​ព្រួយបារម្ភ​ខ្លាំង​នោះ ប្រសិនបើ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​មិន​អាច​ដឹក​មក សង្គ្រោះ​ទាន់​ពេល​វេលា​បាន​ឡើយ ប្រសិនបើ​ពួកគាត់​នៅ​ខេត្ត​ឆ្ងាយៗ​។
មិនមែន​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ ដែល​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា។ កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប និង​បាន​មក​រស់នៅ​កម្ពុជា ជា​ពេទ្យ​ស្ម័គ្រចិត្ត ចាប់​តាំង​ពី​ឆ្នាំ​២០០២ ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា ក្នុងចំណោម​គ្រូពេទ្យ ១០​នាក់​នៅ​កម្ពុជា មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌ ហើយ​ព្យាបាល​អ្នកជំងឺ​មិន​ត្រឹមត្រូវ។
លោក​ត្រូវ​បាន​ដកស្រង់​សម្ដី​កាលនោះ​ថា៖ «វិស័យ​សុខាភិបាល​យើង បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី ១ ដល់​១០ ខ្ញុំ​ឲ្យ​២​ពិន្ទុ។ បើ​អ្នកក្រ​ទៅ​ពេទ្យ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាលកូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេលនេះ គឺថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​នេះ​បន្ត​ទៀត ឬ​យ៉ាងណា? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់ ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»
ចំណែក​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន ជីវិត បាន​អះអាង​ថា គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ខ្មែរ នៅ​ទាប​បំផុត​បើ​ប្រៀបធៀប​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ប្រៀបធៀប​ទៅ​នឹង​មន្ទីរពេទ្យ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។ លោក កែម ឡី បាន​ចេញ ផ្សាយ​នៅ​អត្ថបទ​ស្រាវជាវ​មួយ​ជុំវិញ​គុណភាព​សេវា​សុខាភិបាល ត្រូវ​ការ​ធ្វើ​បដិវត្តន៍ មិនមែន​ធ្វើ​កំណែទម្រង់​ទេ។
លោក​ថា កត្តា​ដែល​គុណភាព​នៅ​មាន​កម្រិត​ទាប​ដោយសារ​កត្តា ៨យ៉ាង​រួមមាន៖ កត្តា​ថ្នាំពេទ្យ កត្តា​បច្ចេកទេស កត្តា​សម្ភារ​បរិក្ខារ​ពេទ្យ កត្តា​ទំនាក់ទំនង និង​អាកប្បកិរិយា​ពេទ្យ កត្តា​នីតិវិធី និង​ដំណើរ ការ​ព្យាបាល កត្តា​គ្រូពេទ្យ​ព្យាបាល​ចល័ត កត្តា​ប្រាក់ខែ​ទាប​បំផុត និង​ការ​លើក​ទឹកចិត្ត​តិចតួច ព្រមទាំង​មិន​មាន​អភិបាលកិច្ច​ល្អ និង​ចុងក្រោយ​កត្តា​នៃ​អត្រា​ឈឺ និង​អត្រា​ស្លាប់​របស់​អ្នកជំងឺ។
ងាក​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​វិញ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ចំនួន​ជិត ១៥​លាន​(១៤.៨៣៧.១៥៥) នាក់ ដែល​បាន​ទទួល​ការពិនិត្យ ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ។ កុមារ​ដែល​មាន​ជំងឺ និង​របួស​ធ្ងន់ៗ មាន​ចំនួន​ជាង ១​លាន​(.៥១៦.៤៧១) នាក់ ត្រូវ​បាន​ជួយសង្គ្រោះ និង​បាន​ជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផា។ ៨០​ភាគរយ​នៃ​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ​នោះ។ សម្រាប់​ផ្នែក​សម្ភព​វិញ មាន​ស្ត្រី​ចំនួន​ជិត ២​សែន (១៩២.៨៩៧) នាក់​មក​សម្រាលកូន។ រីឯ​ការពិនិត្យ​តាមដាន​ផ្ទៃពោះ​ចំនួន ជាង​១​លាន (.៣៩០.៣២៣) ដង នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​សម្ភព»
ក្នុង​រយៈពេល​ជាង ២៤​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៥៦៣​លាន​ដុល្លារ​ហើយ។ ក្នុងចំណោម​ថវិកា​ទាំង ៥៦៣​លាន​ដុល្លារ​នោះ ៨៦.៤​ភាគរយ គឺជា​វិភាគទាន​សប្បុរស ជន​ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​ស្វីស ៤.៧​ភាគរយ បាន​មកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨.៩​ភាគរយ​បាន​មក​ពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វីស។
យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាពលរដ្ឋ​ខ្មែរ សង្ឃឹម​ថា រដ្ឋាភិបាល នឹង​យក​កង្វល់​របស់​ពួកគាត់​ទៅ​ដោះ ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​គិតតែ​ពី​រឿង​ផ្ដួល​រំលំ ដៃ​គូរ​ប្រកួត​ប្រជែង​នយោបាយ ហើយ​ភ្លេច គិត​ពី​រឿង​អភិវឌ្ឍន៍​ជាតិ និង​ជួយ​ប្រជាជន​របស់​ខ្លួន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ៕

តុលាការ​កំពូល​នឹង​បើក​សវនាការ​​សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា

តុលាការ​កំពូល​នឹង​លើក​យក​រឿង​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ជំនុំជម្រះ នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ខាង​មុខ​នេះ។ ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល លើក​សំណុំរឿង​នេះ មក​បើក​សវនាការ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល ពី​បញ្ហា​សង្គម​ចាត់​ទុក​ថា អាច​នឹង​រុញ​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ កាន់​តែ​ដុនដាប។
នៅ​ពេល​នេះ វា​លែង​ទៅ​ជា​មន្ទិល​សង្ស័យ ឬ​ការ​ទន្ទឹង​រង​ចាំ​មើល​ទៀត​ហើយ អំពី​ជោគវាសនា​របស់​គណបក្ស​ប្រឆាំង ដ៏​ធំ​នៅ​កម្ពុជា​ថា តើ​តុលាការ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ ស្រប​ពេល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួង​មហាផ្ទៃ បាន​ប្រគល់​ឯកសារ​ដាក់​បន្ទុក ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ ចំនួន​២​លើក​រួច​មក​ហើយ ដែល​ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។
ដីកា​ជូន​ដំណឹង​ស្ដីពី ថ្ងៃ​ជំនុំជម្រះ​លើ​សំណុំរឿង បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។ កាល​បរិច្ឆេទ ដែល​ចុះ​ខុស​ថ្ងៃ​ផង​នោះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក ឌិត មន្ទីរ សរសេរ​នៅ​ក្នុង​ដីកា​បញ្ជាក់​ថា សូម​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ពេល​ព្រឹក និង​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ផ្សេង ជុំវិញ​សំណុំរឿង​នេះ​ផង។
បើ​ទោះ​ជា​បែប​ណា ដីកា​អញ្ជើញ​របស់​លោក ឌិត មន្ទីរ ដែល​ជា​សមាជិក​ជាន់ខ្ពស់​ក្នុង​មជ្ឈិម​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ត្រូវ​រង​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យ៉ាង​ព្រោងព្រាត​ថា ឈ្មោះ​ជា​តុលាការ​កំពូល​ផុតលេខ បែរ​ជា​មិន​ចេះ​ធ្វើ​ការ​ទៅ​វិញ។ ប្រភព​ទាំង​នោះ​បន្ត​ថា ថ្ងៃ​បើក​សវនាការ ដាក់​ថា​ថ្ងៃ​ទី១៦ វិច្ឆិកា ទេ ប៉ុន្តែ​បែរ​ជា​ថ្ងៃ​កោះ​អញ្ជើញ​ដែល​ចេញ​លិខិត​នេះ​ដាក់​ថា ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ទៅ​វិញ។
ជុំវិញ​រឿង​នេះ លោក សំ សុគង់ ដែល​ជា​មេធាវី តែង​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង អះអាង​ថា នៅ​ថ្ងៃ​បើក​សវនាការ​នោះ រូប​លោក​ជា​មេធាវី មិន​បាន​ចូលរួម​ទេ ព្រោះ​ខាង​គណបក្ស​សង្គ្រោះជាតិ ពុំ​បាន​ស្នើ​សុំ​ឲ្យ​មាន​មេធាវី​នោះ​ឡើយ។ លោក​បន្ត​ថា ម្យ៉ាង​ទៀត​ក្នុង​រឿង​ក្ដី​មួយ​នេះ វា​ពិត​ជា​មាន​ភាព​ស្មុគស្មាញ ហើយ​ក៏​សំណុំរឿង​ទី១​សម្រាប់​រូប​លោក​ដែរ។ ជាង​នេះ​ទៀត ច្បាប់​ថ្មី​ស្ដីពី​វិសោធនកម្ម​គណបក្ស​នយោបាយ​ដែល​ទើប​អនុម័ត​រួច​ហើយ​នេះ ខ្លឹមសារ​នៃ​ច្បាប់​វា​នៅ​ទូលាយ និង​មិន​បាន​បញ្ញត្តិ​ច្បាស់​លាស់​ថែម​ទៀត​ផង។
ថ្លែង​ពី​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី ២៦ តុលា ក្នុង​នាម​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ថ្លែង​ថា គម្រោង​នៃ​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ ពី​សំណាក់​បក្ស​កាន់​អំណាច​ត្រូវ​បរាជ័យ​ហើយ។ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​កាន់​អំណាច​លោក សុខ ឥសាន អះអាង​ថា ការ​រំលាយ​បក្ស​ប្រឆាំង​នេះ គឺ​មិន​ដើរ​ថយក្រោយ​ឡើយ។ ក្នុង​ពេល​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែល​ដើរ​តួ​ជាដើម​បណ្ដឹង បន់​ឲ្យ​តែ​រលាយ​បក្ស​ប្រឆាំង អាច​នឹង​ទទួល​បាន​អាសនៈ ពី​ការ​បែងចែក​នោះ ស្រប​ពេល​នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស​ជំហរ​មិន​ទទួល​យក​អាសនៈ ដែល​បាន​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​នេះ​ឡើយ។
កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា មេធាវី​ចំនួន ៥នាក់​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​២ បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ។
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ​គេ​ពិត​ជា​ពិបាក​និយាយ​ពី​រឿង​ខុស ឬ​ត្រូវ​ឲ្យ​ប្រាកដ​ណាស់ ព្រោះ​អ្វី​ៗ​គឺ​ស្ថិត​នៅ​លើ​បក្ស​កាន់​អំណាច​តែ​មួយ​គត់។ លើស​ពី​នេះ​ទៀត ការ​ស្នើ​ច្បាប់ ការ​តាក់តែង​ច្បាប់ និង​ការ​វិសោធនកម្ម​ច្បាប់​ដែល​សមាជិក​បក្ស​កាន់​អំណាច កំពុង​អនុវត្ត​នេះ វា​ផ្ទុយ​ពី​អ្វី​ដែល​មាន​បញ្ញត្តិ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី ក៏​នៅ​តែ​អាច​ធ្វើ​បាន​ដែរ។
ដីកា​កោះ​អញ្ជើញ​ដែល​ដាក់​ថា សូម​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នៅ​ថ្ងៃ​សវនាការ​នោះ ក្នុង​ពេល​ដែល​លោក កឹម សុខា កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅឡើយ។ ការ​ចេញ​ដីកា​នេះ គឺ​នៅ​មុន​មួយ​ថ្ងៃ ដែល​តុលាការ​ជាន់​ខ្ពស់​នេះ ក៏​នឹង​បើក​លើក​យក​រឿង​ក្ដី​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត របស់​បក្ស​ប្រឆាំង មក​ជំនុំជម្រះ​ដែរ​នៅ​ថ្ងៃ​ទី៣១ តុលា ពាក់ព័ន្ធ​នឹង​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា៕

លោក ឡេង សេងហុង បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មាន​អ្នក​តាមដាន​និង​គំរាមកំហែង​ឪពុក​ម្ដាយ

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ឲ្យ​ដឹង​ថា មាន​មនុស្ស​តាមដាន​លោក ជានិច្ច នៅ​ពេល​ដែល​លោក​ធ្វើដំណើរ​ទៅ​ណា​ម្ដងៗ ហើយ​ក៏​មាន​មនុស្ស​ជិះ​ក្រឡឹង​ផ្ទះ​របស់​លោក​ផង​ដែរ។ លោក​ហៅ​ការ​តាមដាន និង​ការ​ជិះ​ក្រឡឹង​ផ្ទះ​របស់​លោក ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​នេះ ថា ជា​រូបភាព​គំរាមកំហែង​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក។
យុវជន​ថ្មីចែស​មួយ​រូប​ទៀតហើយ ដែល​កំពុង​ប្រឈម​នឹង​អាជ្ញាធរ​ភ្នំពេញ ក្រោយ​ពេល​លោក​ប្រកាស​ធ្វើ បាតុកម្ម​អហិង្សា​ដើម្បី​ការពារ​របប​លទ្ធិប្រជាធិបតេយ្យ។ លោក ឡេង សេងហុង អះអាង​ថា ក្រៅពី​មាន​អ្នក​តាមដាន និង​គំរាម​រូបលោក​នៅ​ភ្នំពេញ​ហើយ​នោះ ក៏​មាន​អាជ្ញាធរ​ទៅ​គំរាមកំហែង​ឪពុកម្ដាយ នៅ​ឯ​ស្រុកកំណើត​ក្នុង​ខេត្ត​តាកែវ​ផង​ដែរ៖ «ក្រោយពី​ចេញ​សេចក្ដី​អំពាវនាវ​នៅ​ថ្ងៃ​ទី​២៦​មក គឺ​ខ្ញុំ​ទទួល​បាន​ការ​រំខាន ជាច្រើន​ដែរ ពី​សំណាក់​ដែល​ជន​អនាមិក​ដែល​ខ្ញុំ​អត់​បាន​ស្គាល់ គឺ​ដូចជា​មានការ​គំរាមកំហែង ឬក៏​តាមដាន ឬក៏​រំខាន អី​ដល់​រូប​ខ្ញុំ ក្នុង​ការ​ធ្វើ​ការងារ​ហាក់​បី​ដូចជា​ពិបាក​បន្លិច ពីព្រោះ​តែ មាន​ការ​តាម ឬក៏​មានការ​ហៅ​ទូរស័ព្ទ​មក តាម​បណ្ដាញ​សង្គម​អី​ក៏ ឃើញ​ថា​មាន​ការ​គំរាមកំហែង​ខ្ញុំ​ខ្លះៗ​ដែរ។ បញ្ហា​ធំ​នោះ​គឺ សុវត្ថិភាព​របស់ខ្ញុំ គឺ​នៅ​ពេល​ដែល​មាន​អ្នក​តាមដាន​អ៊ីចឹង​ទៅ ខ្ញុំ​ធ្វើការ​ធ្វើ​ងារ អី​វា​ពិបាក ពីព្រោះ​ពេល​ខ្ញុំ​ចេញទៅ​ណា​មក​ណា ហាក់​បី​ដូច​ជា​មាន​ភាព​ភ័យខ្លាច នៅ​ក្នុង​ខ្លួន ដោយសារ​មាន​អ្នក​នៅ​ពីក្រោយ មាន​អ្នក​នៅ​ពីមុខ មាន​អ្នក​ចាំ​មើល​អីចេះ​ចុះទៅ វា​ហាក់​បី​ដូចជា មិន​មាន​សុវត្ថិភាព​ដូច​មុន ដែល​អាច​ដើរហើរ​សេរី​បាន​សោះ​បាទ»
លោក ឡេង សេងហុង កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា បាន​អំពាវនាវ​ឱ្យ​សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើបាតុកម្ម​អហិង្សា ក្នុង​ករណី​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ មិនមែន​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​របប​ប្រជាធិបតេយ្យ ដែល​ចែង​ពី​ពហុបក្ស និង​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​លោក​អះអាង​ថា លោក​មាន​កម្លាំង​ប្រមាណ ៤​ពាន់​នាក់​រួចហើយ សម្រាប់​ធ្វើ​បាតុកម្ម​នេះ។
មួយថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​បង្គាប់​ឱ្យ​លោក ឡេង សេងហុង ចូល​បង្ហាញខ្លួន​ទៅ​បំភ្លឺ​ពី​ករណី ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
លោក ឡេង សេងហុង ថ្លែង​ប្រាប់​អាស៊ីសេរី ក្រោយ​ពី​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឱ្យ​ដឹង​ថា លោក​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា លោក​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ។ គិត​មកដល់​ថ្ងៃ​ទី​៣០ តុលា លោក មិនទាន់​ទទួល​បាន​ដីកា​ផ្លូវការ​ពី​មន្ត្រី​សមត្ថកិច្ច​នោះ​ទេ គឺ​លោក​គ្រាន់តែ​បាន​ដឹង​ព័ត៌មាន​អំពី​ការ​កោះ​ហៅ តាមរយៈ​សារព័ត៌មាន​ដែល​ស្និត​នឹង​រដ្ឋាភិបាល គឺ​ហ្វ្រេសញូវ (Fresh News) តែប៉ុណ្ណោះ។
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​រូប​នេះ យល់ថា ចំណាត់​ការ​របស់​ព្រះរាជអាជ្ញា​នៅ​ពេល​នេះ គឺជា​ការ​គាប​សង្កត់ បំបាក់​ស្មារតី និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ បើ​ទោះ​ជា លោក​យល់ថា ដីកា​នេះ គឺជា​ការ​បំបាក់​ស្មារតី ប៉ុន្តែ​លោក​នៅតែ​រក្សា​ជំហរ​ធ្វើបាតុកម្ម ប្រសិនបើ​មានការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​ជំហរ​ចូល​ទៅ​បំភ្លឺ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​ដីកា​បង្គាប់។
លោក ឡេង សេងហុង ស្នើ​សមត្ថកិច្ច​កុំ​ទៅ​រំខាន​ដល់​អ្នកផ្ទះ​របស់​លោក នៅ​ស្រុកកំណើត។ លោក​អះអាង​ថា សមត្ថកិច្ច​នៅ​ថ្នាក់​ស្រុក​ព្រៃកប្បាស បាន​ទៅ​សួររក​អត្តសញ្ញាណ​របស់​លោក ពី​ឪពុកម្ដាយ​លោក ដែល​ស្ថិតនៅ​ស្រុកកំណើត ក្នុង​ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខែត្រ​តាកែវ៖ «ពាក់ព័ន្ធ​ទៅ​នឹង​ការ​គំរាមកំហែង​នេះ គឺ​នៅ​ខាង​ស្រុកកំណើត​របស់ខ្ញុំ​នោះ​ក៏​មាន អាជ្ញាធរ​ទៅដល់​ផ្ទះ​របស់ខ្ញុំ សួរនាំ រក​នេះ​រក​នោះ ពី​ពួកគាត់​ចាស់ៗ អី ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​បារម្ភ​ជា​ខ្លាំង ពី​ព្រោះ​ថា ពូក​គាត់​ពុំបាន​ដឹង​រឿង​អី​ទេ។ ដូច្នេះ​ហើយ សូម​អំពាវនាវ​ទៅដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់ សូម​លោក​មេត្តា​កុំ​ទៅ​ផ្ទះ​របស់ខ្ញុំ​នៅ​ស្រុកកំណើត​ឯណោះ​អី ពីព្រោះ​ចាស់ៗ​គាត់​អត់​ដឹង​អី​ទេ រឿង​នេះ​ជា​រឿង​របស់ខ្ញុំ បុគ្គល​ខ្ញុំ​តែ​ម្នាក់​ឯង។ អ៊ីចឹង​បើ​លោក​ចង់​តាមដាន ឬក៏​លោក​ចង់​និយាយ​អី លោក​អាច​និយាយ ឬ​ពិភាក្សា​ជាមួយ​ខ្ញុំ​បាន។ លោក​មិន​ចាំបាច់ ទៅដល់​ស្រុកកំណើត​របស់ខ្ញុំ ទៅ​គំរាមកំហែង ធ្វើ​ឲ្យ​ចាស់ៗ​នៅ​ស្រុក​មានការ​ភិតភ័យ»
អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ករណី​នេះ ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​។ អាស៊ីសេរី​ក៏​មិន​អាច​សុំ​ការ​យល់​ឃើញ​ពី​អ្នកវិភាគ​នៅ​កម្ពុជា​បាន​ដែរ។ ប៉ុន្តែ​លោក បណ្ឌិត មាស នី បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣០ តុលា ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ផុយ​ស្រួយ ប្រសិនបើ​មាន​នរណា​ម្នាក់​ចេញមុខ​ខ្លាំង​ពេក អ្នកនោះ​នឹង​ប្រឈម​នឹង​ការ​ចាប់ខ្លួន ព្រោះ​រដ្ឋាភិបាល​មិន​ព្រម​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ ចេញមុខ​តវ៉ា​ទេ។
ចំណែក​អ្នកច្បាប់​វិញ ចាត់​ទុក​ចំណាត់​ការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​លោក ឡេង សេងហុង គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​សិទ្ធិ​បុគ្គល និង​ជា​ការ​គាប់​សង្កត់​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។
លោក​មេធាវី ហែម សុជាតិ ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​អំពាវនាវ​របស់​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង កន្លងមក ដែល​ប្រកាស​ត្រៀម​សម្រាប់​ធ្វើ​បាតុកម្ម​អហិង្សា ប្រសិនបើ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ពុំ​មាន​ខុសឆ្គង​ផ្លូវច្បាប់​អ្វី​ឡើយ​។ ដោយហេតុថា ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។ តុលាការ​កំពូល​នឹង​បើកសវនាការ​លើ​បណ្ដឹង​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី១៦ វិច្ឆិកា។
លោក ឡេង សេងហុង អះអាង​ថា នឹង​សរសេរ​លិខិត​សុំទោស​ជា​សាធារណៈ ប្រសិនបើ​ក្រោយ​ពិភាក្សា​ជាមួយ​មេធាវី​រួច រក​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​មានការ​ធ្វើបាតុកម្ម ការ​ពារ​លទ្ធិប្រជាធិបតេយ្យ​នោះ ជា​ការ​ល្មើសច្បាប់។ ប៉ុន្តែ បើ​គ្មាន​បទល្មើស នៅ​ក្នុង​នោះ​ទេ ទោះជា​មាន​ការ​បង្ខិតបង្ខំ​ខ្លាំង​ដល់​កម្រិត​ណា ក៏​លោក​មិន​អាច​សរសេរ​លិខិត​សុំទោស​ជាដាច់ខាត៕

កម្ពុជា​នឹង​លើកតែ​បញ្ហា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ក្នុង​ជំនួប​អាស៊ាន​-អាមេរិកាំងខាង​មុខ

លោក ​ផៃ ​ស៊ីផាន ​​ថា ​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នឹង​អញ្ជើញ​ចូល​រួម​ការ​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​ដែល​ពាក់​ព័ន្ធ ​​នៅ​​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ ​នៅ​ឯ​ប្រទេស​ហ្វីលីពីន។


ក្នុង​អង្គ​ប្រជុំ​អាស៊ាន-អាមេរិក​ជា​លើក​ទីមួយ ​ដែល​មាន​ការចូលរួម​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​នៅ​ខែ​ក្រោយ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​និយាយ​តែបញ្ហា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ ​ហើយ​ជៀសវាង​មិនលើក​ពីបញ្ហានយោបាយក្នុងស្រុកនោះ​ទេ។​ ​នេះ​បើ​យោង​តាម​ការ​អះអាងរបស់អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។​
លោក ​ផៃ ​ស៊ីផាន​ ​រដ្ឋលេខា​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ និង​ជា​អ្នក​នាំពាក្យ​បានបញ្ជាក់​ប្រាប់ ​VOA​ នៅ​ថ្ងៃច័ន្ទ​នេះ​ថា ​លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នឹង​អញ្ជើញ​ចូល​រួម​ការ​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​ដែល​ពាក់​ព័ន្ធ នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ ​នៅ​ឯ​ប្រទេស​ហ្វីលីពីន។​
លោក ​ផៃ ស៊ីផាន​ ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​នីមួយៗ ​នឹង​មិនត្រូវ​បាន​លើក​ឡើង​យក​មក​ពិភាក្សា ​លុប​លើ​របៀប​វារៈ​សេដ្ឋកិច្ច​ ដែល​ជា​ចំណូល​ចិត្ត​របស់​លោក​ ត្រាំ ​ឡើយ។​
«ហើយ​អ្វី​ដែល​កម្ពុជា ​និង​ត្រាំ ​គិត​ដូច​គ្នា​ហ្នុង ​គឺ​មិនមែន​បញ្ហា​នៃ​ការ​ឈ្លាន​ពាន​លូក​ដៃ ​ប៉ះ​ពាល់​ដល់ដែនអធិបតេយ្យ​ភាព​រៀងៗ​ខ្លួន​ទេ។ ​ដូច​ជា ​ត្រាំ ​បាន​ធ្វើ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ជាមួយ​នឹង​ថៃ ​និយាយអំពីសេដ្ឋកិច្ច​ ដូច្នេះ​បំណង​ខ្ពស់​របស់​កម្ពុជា ​ក៏​ដូច​ជា​អ្នក​ដទៃ​ហ្នឹង​ គឺ​និយាយ​អំពី​សេដ្ឋ​កិច្ច​ និយាយ​អំពី​ស្ថិរភាព​ និយាយ​អំពី​សន្តិភាព។ ​ដូច្នេះ​ប្រហែល​បញ្ហា​នេះ​ហើយ​ដែល​អាច​និយាយ​គ្នា​បាន​ បាទ!»។​
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ប្រាប់​VOA​ថា ​បទ​ពិសោធន៍​យូរ​ឆ្នាំ​នៃ​ការដឹក​នាំ​ប្រទេស​កម្ពុជា ​និង​ការ​ចូល​រួម​ប្រជុំ​កិច្ច​ការ​អាស៊ាន ​នឹង​ជា​ផល​ទុន​សម្រាប់​លោក ​ហ៊ុន ​សែន ​ក្នុងការលើកឡើង​បញ្ហា​សមូហ​ភាព​អាស៊ាន ​ត្រូវ​ចំណុច​ចាប់អារម្មណ៍​ដែល​ត្រូវ​ពិភាក្សា ​និង​ដោះ​ស្រាយ។​
«លោក ​[ហ៊ុន ​សែន] ​ស្គាល់​ច្បាស់​ពី​បញ្ហា​អាស៊ាន ​ដែល​ប្រឈម​ លោក​ស្គាល់​ច្បាស់​អំពី​អ្វីៗ​ដែល​ទាក់ទងនឹងព្រឹត្តិ​ការណ៍​នានា ​ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភព​លោក។ ​ហើយ​លោក ​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ​ដែលមាន​ពិសោធន៍​ច្រើន ​ដែល​គេ​ឱ្យ​តម្លៃ​លោក ​នៅ​ក្នុង​តំបន់​អាស៊ាន»។​
ទីក្រុង​ភ្នំពេញ ​និង​ទីក្រុង​វ៉ាស៊ីនតោន​ ​បាន​ស្គាល់​តែ​ភាព​រកាំ​រកូស​ ​នា​ពេល​ថ្មីៗ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នឹង​ចូល​មក​ដល់។​ ​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ចាប់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដាក់ពន្ធនាគារ ​និង​ចោទ​ប្រកាន់​ពី​បទ​ចូល​ដៃ​ចូល​ជើង​នឹងសហរដ្ឋ​អាមេរិក​ ប្រុង​ប៉ែង​ជើង​ផ្ដួល​រំលំ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ។​
នៅ​ក្នុង​ខ្សែ​អាត់​វីដេអូ​ផ្សព្វ​ផ្សាយ​ថ្មីៗនេះ ​ដែល​ផលិត​ដោយ​រដ្ឋាភិបាល​កម្ពុជា ​សហរដ្ឋ​អាមេរិក​ត្រូវ​បានចោទប្រកាន់​ថា​មាន​គម្រោង​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូល​ដ្ឋាន​ រៀប​ចំផែន​ការ​ «បដិវត្តន៍​ពណ៌» ប្រុង​ប្រៀប​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ប្រទេសកម្ពុជា។​
ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ ជា​បន្ត​បន្ទាប់​បាន​ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាលនៃលោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ហើយ​បាន​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម​ សុខា និង​បើក​ចំហឱ្យ​មាន​លំហ​សារ​ព័ត៌មាន​សេរី ​និង​លំហ​នយោបាយ​សិទ្ធិ​សេរីឡើង​វិញ​ ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះ​ឆ្នោតដោយ​សេរី​នៅ​ឆ្នាំ​ក្រោយ។​
បណ្ដា​ប្រទេស​បស្ចិម​លោក​នា​នា​ក៏​បាន​សម្ដែង​ការ​អំពាវ​នាវ​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ ស្រប​ពេលដែល​រដ្ឋាភិបាល​ខ្មែរ​នៅ​តែ​រក្សា​ជំហរ​មិន​បែរ​ក្រោយ ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​សម្ព័ន្ធ​ភាពសេដ្ឋ​កិច្ច ​និង​នយោបាយ ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​ ដែល​បាន​ប្រកាសគាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ។​
ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ​និង​ស្ថាន​បេសកកម្មអាមេរិកាំង​នៅ​អគ្គ​លេខាធិការដ្ឋាន​អាស៊ាន ​ក្នុងទីក្រុងចាកាតា ​បាន​បដិសេធ​មិន​ផ្ដល់​យោបល់​អ្វី​ទៅ​លើ​គម្រោង​នៃ​របៀប​វារៈ​របស់ ​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ ​ដែល​នឹង​លើក​យក​មក​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ឡើយ។​
បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​អ្នក​នាំ​ពាក្យ​សេត​វិមាន​ ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ត្រាំ ​មកកាន់ទ្វីប​អាស៊ី​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​០៣ ​ដល់​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា​ មក​កាន់ ​កោះ​ហាវ៉ៃ ​ប្រទេស​ជប៉ុន ​កូរ៉េខាង​ត្បូង ​ចិន ​វៀត​ណាម ​និង​ហ្វីលីពីន ​នឹង​ជា​ឱកាស​សម្រាប់​លោក​ប្រធានា​ធិបតី​អាមេរិកាំង ​ដើម្បី ​«គូសបញ្ជាក់​អំពី​ការ​តាំង​ចិត្ត​របស់​លោក​ចំពោះ ​សម្ព័ន្ធ​ភាព ​និង​ភាព​ជា​ដៃ​គូ​ដ៏​យូរ​អង្វែង​របស់សហរដ្ឋ​អាមេរិក និង​ក្នុងការ​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ជា​ដឹក​នាំ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​លើក​កម្ពស់តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែលសេរី​ និង​បើក​ចំហ»។​
លោក​ ​សូ ចន្ថា ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ បើ​ទោះជា​ស្ថិត​ក្នុង​អាណត្តិ និង​ការ​ដឹក​នាំ​របស់​លោក​ ត្រាំ ដែល​មាន​ប្រភព​សាវតា​ចេញ​ពី​ពិភព​ជំនួញ​យ៉ាងណា​ក្ដី ​នឹង​មិន​ទាន់​បោះ​បង់​ចោល​នោះទេ ​គោលតម្លៃជាអត្តសញ្ញាណនយោបាយ​ការ​បរទេស​របស់​ខ្លួន​ រួម​មាន ​ការ​អនុវត្តលទ្ធិប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ការ​ដើរ​តាម​គន្លង​នីតិរដ្ឋ។​
«ប្រសិន​បើ​ប្រធានា​ធិបតី​អាមេរិក​ មិន​លើក​ឡើង[អំពី​បញ្ហា​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស]​នោះ​ទេ ​ខ្ញុំគិតថា ​រូប​ភាព​របស់​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​ទេ។ ​មាន​ន័យ​ថា ​ការណ៍​ដែល​សហរដ្ឋអាមេរិកមិន​បាន​ឈឺឆ្អាល ​ឬ​មិន​បាន​គិត​គូរ​អំពី​បញ្ហា​ប្រជា​ធិបតេយ្យ​នៅ​លើ​ពិភព​លោក ​ជា​ផ្នែក​មួយដែលធ្វើឱ្យសហរដ្ឋអាមេរិកបាត់​នូវ​ប្រជាប្រិយ​ភាព​ដោយ​ខ្លួន​ឯង»។​
អ្នកវិភាគ​នយោបាយ​រូប​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា ​បើ​ទោះ​ជា​លោក​ ដូណាល់​ ត្រាំ​ ​ផ្ទាល់​មាន​ចំណាប់អារម្មណ៍តិច​តួច​លើ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​សាម៉ី​ ក៏ប៉ុន្តែ​បណ្ដា​ទីប្រឹក្សា​គ្រប់​ផ្នែក​ពហុវិស័យ​របស់លោក​ មុខ​ជានឹង​ផ្ដល់​នូវ​ការ​ប្រឹក្សា​ដែល​នាំ​ឱ្យ​លោកសម្រេច​ចិត្ត​ និង​បញ្ចេញ​វោហារ​សព្ទ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុងតំបន់​ជាក់​ជា​មិន​ខាន៕

កម្ពុជា​បង្កើន​ការ​ចំណាយ​នៅ​ឆ្នាំ​បោះឆ្នោត​ជាតិ ​និង​ព្រឹទ្ធសភា

រដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​បង្កើន​ថវិកា​ជាតិ​សម្រាប់​ចាយវាយ​ក្នុង​ឆ្នាំ​ ​២០១៨​ ចំនួន​ជាង​ ៦ ពាន់​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​កើន​ឡើង​ជិត​ពីរ​ដង​ ​ធៀប​នឹង​ថវិកា​ចាយវាយ​ក្នុង​ឆ្នាំ​ ​២០១៣​ និង​ ឆ្នាំ​២០១៧។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចេញ​ផ្សាយ​ជាសាធារណៈ​កាលពី​សុក្រ។​
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​ចុះថ្ងៃ​ទី​ ២៧ ខែ​តុលា​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ថវិកា​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​ បាន​បង្កើន​ទំហំ​ចំណាយ​ថវិកា​រដ្ឋ​សរុប​ពី​ ៣​.៣៤៨លានដុល្លារ​អាមេរិក​ ដែល​ត្រូវជាជិត​ ​២២​ ​ភាគរយ​នៃ​ ផលិតកម្ម​សរុប​ក្នុង​ស្រុក​ (ហៅ​កាត់​ថា​ ផ.ស.ស)​ ក្នុង​ឆ្នាំ​ ​២០១៣​ ឡើង​ដល់​ ​៥.២៤០​លាន​ដុល្លារ​អាមេរិក​ ដែល​ត្រូវជា​ប្រមាណ​ ២៣ ភាគរយ​ នៃ​ ផ.ស.ស​ ក្នុង​ឆ្នាំ​ ២០១៧​ ​ហើយ​នឹង​បន្ត​កើន​កើនឡើងដល់​ ​«៦.០៣៨​លាន​ដុល្លារ​អាមេរិក»​ ​ដែល​ត្រូវ​ជា​ ​២៤,៥​ ​ភាគរយ​ ​នៃ​ ផ.ស.ស​ នៅ​ឆ្នាំ​ ២០១៨​ ពោល​គឺ​ចំណាយ​សរុប​ថវិកា​រដ្ឋ​ត្រូវ​បាន​បង្កើន​ជិត​ពីរ​ដង។​
រដ្ឋាភិបាល​បាន​ផ្តល់​ការ​ពន្យល់​សង្ខេប​ខ្លី​នៃ​ការ​ចំណាយ​នេះ​ ក្នុង​ន័យ​ដើម​ថា៖​
​«នៅ​ឆ្នាំ​ ២០១៨​ គឺ​ជាឆ្នាំនៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​ ៤​ ផង​ ​និង​ជ្រើស​តាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦ផង។​ ដូចនេះ​ រាជរដ្ឋាភិបាល​ត្រូវធានា​ឲ្យ​ការ​បោះឆ្នោត​ទាំង​ពីរ​នេះ​ ប្រព្រឹត្ត​ទៅដោយ​រលូន​ មាន​សណ្តាប់​ធ្នាប់​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​ដោយ​សេរី​ ទន្ទឹមនឹង​ការ​ធានា​ឲ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ជាទូទៅ​ ជាពិសេស​ការ​ធានារក្សា​ការ​ពារ​ឲ្យបាន​ដាច់​ខាត​នូវ​សន្តិភាព​ និង​ស្ថិរភាព​សង្គម​ដែល​បាន​មក​ដោយ​លំបាក​ ឲ្យ​ស្ថិតស្ថិរ​គង់វង្ស​ចីរកាល​ ក៏ដូច​ជា​ការ​បន្ត​ទប់​ស្កាត់​រាល់​ឧបាយកល​ និង​ការ​ប៉ុនប៉ង​តាម​គ្រប់​រូបភាព​ ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​សភាព​វឹកវរ​ និង​អស្ថិរភាព»។​
លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ថវិកា​ដែល​បាន​គ្រោងទុក​នេះ​ នឹង​ត្រូវ​ចាយវាយ​លើការ​បោះឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ និង​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​ ​២០១៨​ ​និង​ការដំឡើង​ប្រាក់​បំណាច់​នានា​ជូន​មន្ត្រី​រាជការ​ និង​ប្រាក់​ឈ្នួល​ដល់​កម្មករ។​ ​លោក​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​ក៏​នឹង​ពឹង​ផ្អែក​លើ​ការ​ខ្ចី​ប្រាក់​ពីបរទេស​ ដើម្បី​រក្សា​ ​និងជំរុញ​កំណើន​សេដ្ឋកិច្ច​ តាមរយៈការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ទំនប់​ទឹក​ជា​ដើម។​ ​ចំពោះ​វិស័យ​ផ្សេងៗ​ទៀត​លោក​ ​ផៃ ស៊ីផាន​បាន​បញ្ជាក់​ថា៖​
«វិស័យ​ដទៃ​ទៀត​ នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ គឺ​ យើង​បង្កើន​ច្រើន​ណាស់​ទៅលើ​វិស័យ​អប់រំ​ វិស័យ​សង្គម​កិច្ច​ និង​វិស័យ​សុខភាព​ ខាង​ health ​ហ្នឹង​គឺ​ យើង​បាន​បង្កើន​ច្រើន​នៅក្នុង​សាច់រឿង​ហ្នឹង»។​
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូបនេះ​ បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា​ ​ក៏បាន​ត្រៀម​ទុក​កញ្ចប់​ថវិកា ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ជាយថាហេតុ​ណាមួយ​ ដូចជា ការ​លួចចូល​មក​ទន្ទ្រានទឹក​ដី​កម្ពុជា​ពី​កង​ទ័ព​ឡា​វ​ និង​គ្រោះ​ទឹកជំនន់​។​ ​លោក​បញ្ជាក់​ថា​ ​ថវិកា​នេះ​ ​បាន​មក​ពីការ​សន្សំប្រាក់​របស់​រដ្ឋាភិបាល​ នៅ​ក្រៅ​ប្រទេស ដែល​លោក​បដិសេធ​មិន​បញ្ជាក់​ឲ្យដឹង​ថា​នៅ​ប្រទេស​ណា​នោះ។​
«ហើយ​អា​លុយ​ហ្នឹង​ យក​មក​ពីណា​ យើង​មិន​ខ្ចី​យក​មក​ទប់​ទល់​ក្នុង​សាច់​រឿង​ហ្នឹង​ទេ​ ពីព្រោះ​វា​ខាត​ការ​បា្រក់​ យើង​មាន​លុយ​សន្សំ​ នៅ​ក្នុង​គណនេយ្យ​របស់​រាជរដ្ឋាភិបាល​ហ្នឹង​គឺ​ យើង​អត់​មាន​ប៉ះពាល់​ទេ​ដូចជា​ ប្រាក់​សន្សំ​នៅ​ឆាក​អន្តរជាតិ​ ​លុយ​មួយ​ចំនួន​ដែល​លុយ​រដ្ឋ​ពាន់​លាន​ដុល្លារ​ យើង​ទុក​នៅ​កន្លែង​ដើម្បី​យក​ការ​។ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ ​យើង​យក​មក​ប្រើ​ប្រាស់។​ ​ដូច្នេះ​ អាការ​ប្រើ​ប្រាស់​ជា​យថា​ហេតុ​ អាហ្នឹង​ខ្ទង់​ចំណាយ​ដទៃ​ទៀត​បាទ»។​
ជា​ផ្នែក​មួយ​នៃ​គម្រាង​ចាយ​វាយ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៨​ ​រាជ​រដ្ឋាភិបាល​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​សម្រាប់​ឆ្នាំ​ ​២០១៨​ ក្នុង​កម្រិត​ ១ពាន់​ ​លាន​អេសដេអ៊ែរ​ ​(ឬ​ប្រមាណ​ជា ១.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)​ ​ស្របតាម​យុទ្ធសាស្ត្រ​ស្តី​ពី​ការគ្រប់​គ្រង​បំណុល​សាធារណៈ​ឆ្នាំ។​ នេះ​បើ​យោង​តាម​ខ្លឹម​សារ​សង្ខេប​ប្រតិបត្តិ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​ ២០១៨​ របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក​ ផៃ​ ស៊ីផាន​ កាល​ពីថ្ងៃ​ទី​ ២៧​ ​ខែ​តុលា។​
​សេចក្តី​សង្ខេប​ដដែល​នោះ​ បាន​បញ្ជាក់​ឲ្យដឹងថា​ ​ រដ្ឋាភិបាល​គ្រោង​បង្កើនប្រាក់​ចំណាយ​ប្រមាណ​ ៤ ភាគរយ​នៃ ​ផ.ស.ស​ លើ​វិស័យ​ការពារ​ជាតិសន្តិសុខ​ និងសណ្តាប់​ធ្នាប់ក្នុង​ឆ្នាំ​២០១៨ គឺ​កើន​ប្រមាណ​១៦ ​ភាគរយ​ ធៀបនឹង​ឆ្នាំ​ ២០១៧។​ ​សម្រាប់​ប្រាក់​ចំណាយ​លើវិស័យ​សង្គមកិច្ច​ក្នុង​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​គ្រោង​បង្កើន​ប្រាក់​ចំណាយ​ប្រមាណ​ ៧​ ភាគរយ​ នៃ ផ.ស.ស​ គឺ​កើន​ជិត​ ៣០​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧។​
លោក​ ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ រដ្ឋាភិ​បាល​ ​បាន​ធ្វើ​ការ​បែង​ចែក​សមស្រប​ទៅតាម​ វិស័យ​អាទិភាព​ដូច​ជា​វិស័យ​អប់​រំ​ ​សុខាភិបាល និង​កសិកម្ម។​ ប៉ុន្តែ​លោកមានប្រសាសន៍​ថា​ មាន​ការ​ពិបាក​ ក្នុង​ការសន្និដ្ឋាន​អំពីប្រសិទ្ធភាព​នៃ​ការ​ចំណាយ។​ ​លោក​បាន​បន្ត​ថា​ ទោះបី​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​តាំងចិត្ត​លើការ​លើក​កម្ពស់​ វិស័យ​សង្គម​កិច្ច​ក៏ដោយ​ ក៏​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ នឹងនៅ​តែ​បន្ត​កើន​ឡើង​ខ្ពស់​ទៅមុខ​ទៀត​ដដែល។​
«​បើសិន​ជាខ្ញុំ​មើល​ ទៅ​លើ​ទិដ្ឋភាព​ តម្រូវការ​សម្រាប់​ការ​ ចំណាយ​ទៅលើ​ប្រព័ន្ធ​យោធា​ ឬក៏សន្តិ​សុខ​ហ្នឹង​ ហាក់​ដូចជា​មិន​ជាច្រើន​អីចឹង​ទេ។​ ​យើងមិន​មាន​សម្ពាធ​ ឬក៏ការ​គំរាម​កំហែង​ផ្នែក​ អសន្តិ​សុខ​ ពី​បណ្តា​ប្រទេស​ជិត​ខាង​អីដែល​គួរឲ្យ​ មានការ​ព្រួយ​បារម្ភ​ខ្លាំង​ទេ​ ហើយ​នៅក្នុងប្រទេស​យើង​ទៀត​ ក៏​ហាក់​ដូចជាមិនប្រឈម​អីខ្លាំង​រហូតដល់​ត្រូវ​ការ​លុយ​សន្ធឹកសន្ធាប់​ជាង​កន្លែង​ផ្សេងៗ​ដែរ​។ អីចឹង​ទៅ​ ការណ៍​ដែល​យើង​ក្រឡេក​មើល​មួយ​ភ្លែត​នេះ​ គឺ​ចំណុច​ទាក់​ទង​ហ្នឹង​ ថវិកា​សម្រាប់​យោធា​នេះ​ ហាក់​ដូច​ជា​ច្រើន​ ច្រើន​គួរសម​ បើ​ប្រៀប​ធៀប​ហ្នឹង​វិស័យ​ផ្សេង​ៗ​ទៀត»។
ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា​ ត្រូវ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​ ​មើល​ឃើញ​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយនេះ​នៅបន្ត​ពឹង​ផ្អែក​ជំនួយ​ខាង​ហិរញ្ញ​វត្ថុ​ពី​បរទេស​ ជាពិសេស​ការ​ពឹង​ផែ្អក​កាន់​តែ​ខ្លាំង​ឡើងរបស់​ប្រទេសនេះ​ ​លើ​ការ​ជួយជ្រោមខាង​ហិរញ្ញ​វត្ថុ​ពី​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ ប្រទេស​ចិន​ លោក​ ព្រាប​ កុល​ បានថ្លែង​ថា​ កំណើន​នៃ​ជំនួយ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ អាចបង្ក​ផលប៉ះពាល់​ជា​អវិជ្ជមានលើការ​គ្រប់​គ្រង​ខ្ទង់​ចំណាយរដ្ឋ ដោយ​ហេតុ​ប្រទេស​កុម្មុយនិស្ត​ចិន​ មិន​បាន​ភ្ជាប់​ អ្វី​ដែល​គេហៅថា​ តម្លាភាព​ និង​គណនេយ្យ​ចំពោះ​ជំនួយ​លុយកាក់​របស់​ខ្លួននោះ​ឡើយ។​ មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះនិយាយ​ថា​ការណ៍​នេះ​ គឺ ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ប្រទេស​នៅ​លោក​ខាងលិច​ ដែល​ដើរ​តាម​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ។​
លោក​ ​ព្រាប កុល​ បាន​ថ្លែង​បន្ត​ថា៖​
«អ្វីដែល​យើង​សង្កេត​ឃើញ​ ​គឺ​យើង​ឃើញ​សក្តានុពល​ ​ដែល​ចិន​ផ្តល់​ជំនួយ​មក​កម្ពុជា​ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ ​ឬ​ក៏​គ្មាន​ភ្ជាប់​ជាមួយ​នឹង​តម្រូវ​ការ​ជាក់​លាក់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ថវិកា​ ដូច​នៅ​បស្ចិម​ប្រទេស​ ​វា​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ ដោយសារ​បើ​សិន​ជា​ មិន​មាន​លក្ខខណ្ឌ​ មិន​មាន​តម្រូវការ​ ការ​គ្រប់​គ្រង​ថវិកា​ អាច​នឹង​មាន​ការ​ធូររលុង​ ហើយ​បើសិន​ជា​មាន​ការ​ធូរលុង​ មាន​ហានិភ័យ​ខ្ពស់​ ខុសពី​ម្ចាស់​ជំនួយ​មក​ពី​បស្ចិម​លោក​ ឬក៏មក​ពីអឺរ៉ុប​អី​ដែល​គេ​មាន​ គេ​មាន​លក្ខខណ្ឌ​ គេ​មាន​ស្តង់ដារ​ ហើយ​មាន​គណនេយ្យ​ភាព​ តម្លាភាព​។ ដូច្នេះ​ យើង​គិត​ថា​ ជា​ចំណុច​មួយ​ដែល​មាន​ការ​ព្រួយបារម្ភ​ដែរ​បាទ»។​
បន្ទាប់​ពី​លោក​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ផ្តល់​ការ​យល់​ព្រម​លើ​គម្រោង​ចាយ​វាយ​ថវិកា​នេះ​ ក្រុម​សមាជិក​សភា​នៅ​រដ្ឋសភា​នឹង​ធ្វើ​ការ​ពិនិត្យ​ ដើម្បី​ផ្តល់​ការ​អនុម័ត​។​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ជា​រឿយៗ​ ​កញ្ចប់​ថវិកា​ជាតិ​ ត្រូវ​បាន​អនុម័ត​ ដោយ​ឯក​បក្ស​ គឺ​មាន​តែ​តំណាង​រាស្ត្រ​មក​គណ​បក្ស​កាន់​អំណាច​ ​ខណៈ​ដែល​គណបក្សប្រឆាំង​បាន​ពហិការ​មិន​ចូល​ប្រជុំ​សភា ​ក្នុងពេល​ប្រទេស​កម្ពុជា​ ជួប​នឹង​ទំនាស់​ និងវិបត្តិខាង​នយោបាយ​ ​ដែល​ត្រូវ​គេ​ដឹង​ថា​ ​បាន​រាំង​ខ្ទប់​មិន​ឲ្យ​ការ​សន្ទនា​នៅ​ក្នុង​សភា៕

លោក​ ឃួង ស្រេង ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​បក្ស​ប្រឆាំង

ភ្នំពេញៈ បើ​ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ប្រកាស​ពី​គម្រោង​ធ្វើការ​តវ៉ា​ណា​មួយ​ក៏ដោយ ក៏​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ១២ ​ខណ្ឌ ចាត់​វិធានការ​ក្ដៅ​បង្ក្រាប​ការ​តវ៉ា​ណា​មួយ​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រប​ពេល​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​ប្រឆាំង​នឹង​ការ​ឃុំ-ខ្លួន របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ហើយ​តំណាងរាស្ត្រ​ជាង​ ១០ រូប និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ចូលរួម​ស្តាប់​សវនាការ​នេះ​បើ​ទោះបី​ជា​ពុំ​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​មាន​វត្តមាន​ក្នុង​សវនាការ​នេះ​ក៏ដោយ​។
លោក ឃួង ស្រេង បាន​ថ្លែង​ក្នុង​ឱកាស​ពិធី​ប្រគល់​រថយន្ត​ម៉ូតូ និង​សម្ភារ​មួយ​ចំនួន​ដល់​កម្លាំង​នគរបាល​ចំណុះ​ឲ្យ​ខណ្ឌ​ទាំង​ ១២ ​នៅ​សាលា​រាជធានី​កាលពី​ព្រឹក​ម្សិលមិញ​ដោយ​លោក​បាន​ប្រាប់​ឲ្យ​កម្លាំង​អាជ្ញាធរ​ត្រៀម​លក្ខណៈ​បង្ក្រាប​លើ​ការ​តវ៉ា​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​បក្ស​ប្រឆាំង​ចំពោះ​សវនាការ​លោក កឹម សុខា ជា​អ្វី​ដែល​លោក​ថា​ជា​ «​ជន​ក្បត់​ជាតិ​»​។
លោក​ថ្លែង​ថា​៖ «​ស្អី​ក៏ដោយ ក៏​នៅ​ក្នុង​រង្វង់​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ វា​នៅ​ក្នុង​រង្វង់​ច្បាប់ វា​អត់​អាច​ចេញ​ពី​រង្វង់​ច្បាប់​បាន​ទេ​។ កាលណា​ចេញ​ពី​ច្បាប់​គឺ​បែប​អនាធិបតេយ្យ ហើយ​ការ​តវ៉ា​បែប​អនាធិបតេយ្យ​​គឺជា​បទល្មើស​។ អ៊ីចឹង​មូលដ្ឋាន​ទាំងអស់​ខណ្ឌ​ទាំង​ ១២ ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ពិនិត្យ​មើល​ឡើង​វិញ​ហើយ​មាន​វិធានការ​ឲ្យ​រឹងមាំ​បំផុត​ចំពោះ​អ្នក​ដែល​តវ៉ា​ជាមួយ​នឹង​តុលាការ មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​។ ដូច​ជម្រាប​ជូន​អ៊ីចឹង វា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​បាន​ណែនាំ​បញ្ហា​នេះ​ដូចជា​បញ្ហា​ផ្សព្វផ្សាយ​ច្បាប់​អ៊ីចឹង​»​។
លោក ឃួង ស្រេង បាន​គូសបញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​អនុវត្ត​ច្បាប់​អនុវត្ត​ដោយ​តឹងរ៉ឹង​បំផុត​ដើម្បី​អី​? ជូន​ប្រទេស​ជាតិ​ជូន​ប្រជាជន​នូវ​សុខសន្តិភាព​មិន​អាច​ឲ្យ​មាន​ជន​មួយ​ចំនួន​តូច​មក​ធ្វើ​របៀប​នេះ​កើត​ទេ​។ ប្រជាជន​រាជធានី​ភ្នំពេញ មួយរយៈ​កន្លង​មក​នេះ​គួរ​ឲ្យ​សរសើរ និង​សូម​កោតសរសើរ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​មិន​បាន​យក​ខួរ​ក្បាល​គិត​រឿង​ហ្នឹង​»​។ លោក​ ស្រេង អះអាង​ថា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​តែ​មាន​ភាព​សប្បាយ​រីករាយ​ «​អត់​មាន​គិត​អារឿង​ជន​ក្បត់​ជាតិ​ហ្នឹង​ទេ គាត់​ទទួល​យក​អត់​បាន​ទេ ឃុបឃិត​ជាមួយ​បរទេស​ធ្វើការ​ផ្ដួលរំលំ​រដ្ឋាភិបាល ហើយ​មាន​យន្តការ​ចង់​មក​តវ៉ា​ជាមួយ​នឹង​តុលាការ​ដើម្បី​ធ្វើការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។​ល​។ និង​។​ល​។ អត់​បាន​ មិន​អាច មិន​អាច​»​។
កាលពី​ម្សិលមិញ​នៅ​តាម​ភ្លើងស្តុប និង​ផ្លូវ​បំបែក​នានា​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ និង​ចំការមន​គេ​សង្កេត​ឃើញ​មាន​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ បាន​យាមកាម​យ៉ាង​តឹងរ៉ឹង ខណៈ​រនាំង​ដែក​សម្រាប់​បិទ​ផ្លូវ​ជាច្រើន​ផ្ទាំង​ត្រូវ​បាន​គេ​ដាក់​ត្រៀម​រួច​ជាស្រេច​។
លោក ឆន់ កៅនី នាយប៉ុស្ដិ៍ សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ​ដែល​បាន​ចូលរួម​កម្មវិធី​ទទួល​ម៉ូតូ​ពី​សាលា​រាជធានី​បាន​ថ្លែង​ថា​កងកម្លាំង​របស់​លោក​បាន​ទទួល​បទបញ្ជារ​របស់​លោក ឃួង ស្រេង រួច​ហើយ និង​បាន «​ត្រៀម​លក្ខណៈ​» ​រួចរាល់​ហើយ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ណា​មួយ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ការពារ​សន្តិសុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។
ប៉ុន្តែ​លោក ទូច ណារ៉ុថ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​បាន​លើក​ឡើង​ថា​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ទាំង​នោះ​គឺ​ក្នុង​គោលបំណង ការពារ​សន្តិសុខ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អកអំបុក នា​ថ្ងៃ​ខាង​មុខ​។ លោក​ ណារ៉ុថ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ដាក់​កងកម្លាំង​ដើម្បី​ត្រៀម​ទប់ទល់​នឹង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​លោក កឹម សុខា ថ្លែង​ថា​ក្រុម​មេធាវី​បាន​ដាក់​លិខិត​តាំងពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ស្នើ​ឲ្យ​បញ្ជូន​លោក សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង​ទី​ដែល​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ពី​បទ ​«​ក្បត់ជាតិ​» ​ឲ្យ​ចូល​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ក្រុម​មេធាវី​នឹង​ចូលរួម​សវនាការ​នា​ព្រឹក​នេះ​តាម​ការ​កំណត់​របស់​តុលាការ​កំពូល​។
លោក​ព្រះរាជអាជ្ញា នៅ មុនីជោត អ្នក​នាំពាក្យ​តុលាការ​កំពូល​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ហើយ​លោក ចាន់ គឹមសេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​គោលការណ៍​ឲ្យ​អនុញ្ញាត​ឲ្យ​លោក សុខា មាន​វត្តមាន​ក្នុង​សវនាការ​របស់​តុលាការ​កំពូល​នោះ​ទេ​។
ចំណែក​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សុខា ទំនង​គ្មាន​វត្តមាន​ចូលរួម​ក្នុង​សវនាការ​នៅ​ព្រឹក​នេះ​ទេ​ដោយ​លោក​បាន​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ដែល​អាច​បង្ក​ឡើង​ជាយ​ថា​ហេតុ​ណា​មួយ ប្រសិន​បើ​មាន​វត្តមាន​លោក កឹម សុខា​។ លោក​បញ្ជាក់​ថា​៖ «​ជួនកាល​វា​មិន​ចាំបាច់​មាន​វត្តមាន​គាត់​ចូលរួម​ក៏​បាន​ដែរ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​របស់​គាត់ និង​សណ្ដាប់ធ្នាប់​សាធារណៈ​មួយ​ចំនួន អ៊ីចឹង​ទេ​គឺ​អាច​ត្រឹម​តែ​មេធាវី​តំណាង​របស់​គាត់​គឺ​បាន​ហើយ ដោយសារ​តែ​វា​មិនមែន​ជា​សវនាការ​អង្គ​សេចក្ដី​វា​គ្រាន់​ជា​សវនាការ​លើ​សំណុំ​រឿង​ប្ដឹង​នៅ​ក្រៅ​ឃុំ​»​។
ក៏​ប៉ុន្តែ​លោក​មេធាវី សំ សុគង់ បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​វត្តមាន​របស់​លោក សុខា នៅ​ក្នុង​សវនាការ​ថា​៖ «​ខ្ញុំ​គិត​ថា​ទី​ ១ វា​មាន​សារៈសំខាន់​ខ្លាំង ព្រោះ​វា​ជា​ឆន្ទៈ​របស់​ជន​ត្រូវ​ចោទ​ដែល​ឯកឧត្តម គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​សវនាការ​ដើម្បី​ការពារ​សិទ្ធិ​ក៏​ដូចជា​ការពារ​ការ​ឆ្លើយ​ដោះសារ​នៅ​ចំពោះ​តុលាការ​។ ទី​ ២ ដើម្បី​ឲ្យ​សវនាការ​ហ្នឹង​ត្រឹមត្រូវ​ហើយ​និង​យុត្តិធម៌​គឺ​តុលាការ​ត្រូវ​​តែ​គោរព​សិទ្ធិ​ជន​ត្រូវ​ចោទ​ឲ្យ​ចូលរួម​ក្នុង​ពេល​សវនាការ​។ ទី​ ៣ សវនាការ​ហ្នឹង​ជា​សវនាការ​ដែល​ត្រូវ​ដេញដោល​ដែល​សួរ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ បើ​អត់​មាន​ជន​ត្រូវ​ចោទ​សវនាការ​ហ្នឹង​ហាក់​គ្មាន​ជាក់ស្ដែង​»​។
លោក ម៉ៅ មុនីវណ្ណ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​គណបក្ស​ជាង​ ១០ នាក់​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស រួម​និង​អ្នក​គាំទ្រ​ដែល​លោក​មិន​អាច​បញ្ជាក់​ចំនួន​ពិតប្រាកដ​បាន​នឹង​ចូលរួម​ស្តាប់​សវនាការ​នៅ​ព្រឹក​នេះ បើ​ទោះបី​ជា​មាន​ការ​ព្រមាន​ក៏ដោយ​។ លោក​ថ្លែង​ថា​៖ «​អ្នក​តំណាងរាស្ត្រ​នឹង​ចូល​ទៅ​តុលាការ​កំពូល​ហើយ​សុំ​ចូល​ទៅ​ស្ដាប់​សវនាការ​ផ្ទាល់​តែ​ម្ដង​។​…​ប្រហែល​ជា​ជាង ១០ នាក់​ហើយ​អ្នក​គាំទ្រ​សុទ្ធ​សឹង​ជា​អ្នក​ស្ម័គ្រចិត្ត​មក​។ ធម្មតា​សវនាការ​គឺ​គាត់​អញ្ជើញ​មក​ចូលរួម​»​។ លោក​និយាយ​ថា​គណបក្ស​គ្មាន​គោលការណ៍​កំណត់​ចំនួន​អ្នក​គាំទ្រ​ឲ្យ​មក​តាមដាន​ស្តាប់​សវនាការ​លោក កឹម សុខា ទេ ប៉ុន្តែ​ក៏ «​មិន​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​នោះ​ទេ ហើយ​យើង​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ឲ្យ​មក​ដែរ តាម​លក្ខណៈ​ដែល​គាត់​អាច​ចូល​មក​បាន​»​។ ឆ្លើយតប​នឹង​ការ​ព្រមាន​របស់​លោក ឃួង ស្រេង លោក​ មុនីវណ្ណ ​ថ្លែង​ថា​៖ «​មែនទែន​ទៅ​លោក​ (​ឃួង ស្រេង​) មិន​បាច់​បារម្ភ​ពេក​ទេ កុំ​បាច់​ចាត់​វិធានការ​អី​ទេ យើង​ទៅ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ក្នុង​នាម​ជា​អ្នក​តំណាង និង​ជា​​អ្នក​ច្បាប់​គ្រាន់​តែ​ចង់​ចូល​ទៅ​ស្តាប់​សវនាការ ការ​កាត់​សេចក្ដី​ប៉ុណ្ណោះ​»៕

អភិបាលរាជធានីបញ្ជាកងកម្លាំងត្រៀមបង្ក្រាបការតវ៉ារបស់បក្សប្រឆាំង

អភិបាលរាជធានីភ្នំពេញ បញ្ជាដល់កងកម្លាំងនៅតាមខណ្ឌទាំង១២​ឲ្យមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈក្នុងការបង្ក្រាបលើការតវ៉ាណាមួយរបស់គណបក្សសង្គ្រោះជាតិ ដែលលោកថា បង្ក្រាបដើម្បីរក្សាសន្តិភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។​
នៅក្នុងពិធីប្រគល់រថយន្ត ម៉ូតូ និងសម្ភារប្រើប្រាស់ ដល់​កងកម្លាំងទាំង១២ខណ្ឌកាលពីម្សិលមិញ លោក ឃួង ស្រេង ថ្លែងថា ជាតិកំពុងតែមានសន្តិភាព ហើយប្រជាជនកំពុងតែមានសេចក្តីសុខ។ លោក បញ្ជាឲ្យមានការបង្ក្រាបបើសិនជាមានបាតុកម្មណាមួយក្នុងគោលបំណងចង់ឲ្យដោះលែងលោក កឹម សុខា ដោយលោកចាត់ទុកថា លោក កឹម សុខា ជា «ជនក្បត់ជាតិ» បំផ្លាញសន្តិភាពជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។
ស្របពេលនៃការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ គឺនៅពេលសវនាការនៅតុលាការកំពូលលើករណីលោក កឹម សុខា នៅថ្ងៃនេះ មានការបិទផ្លូវជុំវិញតុលាការ និងពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់។​
ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​កាលពីដើមខែកញ្ញាមក គណបក្សនេះ មិនធ្លាប់ប្រកាសធ្វើបាតុកម្មនោះទេគឺមានតែការអំពាវនាវឲ្យសហគមន៍អន្តរជាតិ​ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជា។​
ទោះយ៉ាងណា ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងឡុង ថ្មីៗនេះ បានព្រមានថា លោកដឹងនាំការធ្វើបាតុកម្មដែលមានមនុស្សរាប់ពាន់នាក់ចូលរួមបើសិនជាមានការរំលាយគណបក្សសង្គ្រោះជាតិ​មែននោះ។
ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងកាលពីថ្ងៃទី៣ខែកញ្ញាមក មិនមានបាតុកម្មណាមួយនៅក្នុងប្រទេសដើម្បីទាមទារឲ្យមានការដោះលែងលោកកឹម សុខានោះទេ ប៉ុន្តែនៅក្រៅប្រទេសរួមមានទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បារាំង កាណាដា និង អូស្ត្រាលីជាដើម ពលរដ្ឋខ្មែរនៅទីនោះប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យលោកលែង លោក កឹម សុខា ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតថ្នាក់ជាតិដោយសេរី និង ត្រឹមត្រូវនៅឆ្នាំ២០១៨៕

លោក ម៉ៅ មុនីវណ្ណ ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា​លោក​ក្បត់​បក្ស

លោក ម៉ៅ មុនីវណ្ណ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បដិសេធ​ការ​ចោទប្រកាន់របស់​លោក សម រង្ស៊ី ដែល​ថា លោក​ជា​មនុស្ស​ក្បត់​បក្ស​ធ្វើការ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ង​ធ្វើ​បក្ស​ប្រហារ​នោះ​ថា ជាការ​ចោទប្រកាន់​គ្មាន​ការពិត និង​គ្មាន​ភស្ដុតាង។
ទោះបីជា​យ៉ាងនេះ​ក្ដី លោក សម រង្ស៊ី ប្រកាស​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​បង្ហោះ​វីដេអូ​ឃ្លីប នៅ​ថ្ងៃទី​៣០ តុលា អះអាង​ថា លោក ហ៊ុន សែន បាន​ទិញ​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប៉ុន​ប៉ុង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​មិនចាំបាច់​បក្ស​កាន់​អំណាច​ធ្វើ​ដោយ​ខ្លួនឯង។
លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​លោក សុខ ឥសាន បដិសេធ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទិញ​លោក ម៉ៅ មុនីវណ្ណ ដើម្បី​ធ្វើ​បក្ស​ប្រហារ​គណបក្ស​ប្រឆាំង​ឡើយ។
លោក ម៉ៅ មុនីវណ្ណ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ត្បូងឃ្មុំ ផង​នោះ បញ្ចេញ​ប្រតិកម្ម​នឹង​សម្ដី​លោក សម រង្ស៊ី ភ្លាមៗ កាលពី​ថ្ងៃទី​៣០ តុលា ថា លោក​ជា​អ្នក​នយោបាយ​មាន​ភាពស្មោះត្រង់ ស្នេហា​ជាតិ មិន​លក់​ឧត្ដមគតិ ដូច​លោក សម រង្ស៊ី ចោទ​ប្រកាន់​នោះទេ។ លោក​ថ្លែង​ទាំង​ក្ដី​ក្ដុកក្ដួល​ក្នុង​ចិត្ត​ថា លោក​មានការ​ឈឺចាប់​ណាស់ នៅ​ពេលមាន​ការចោទ​ប្រកាន់​លោក​ដូច្នេះ
ការ​ប្រកាស​បកស្រាយ និង​បដិសេធ​របស់លោក មៅ់ មុនីវណ្ណ នេះ ធ្វើ​ឡើង ក្រោយ​ពេល លោក សម រង្ស៊ី បាន​ថត​ជា​វីដេអូ​ឃ្លីប បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក កាលពី​ថ្ងៃទី​៣០ តុលា។ នៅក្នុង​វីដេអូ​ឃ្លីប​នោះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​មិនអាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ ដូច្នេះ គណបក្ស​នេះ ប្រើ​វិធី​មួយ​ទៀត គឺ​ទិញ​មន្ត្រី​បក្សប្រឆាំង​មួយចំនួន​នៅក្នុង​ជូរ​គណកម្មការ​នាយក ប៉ុន្តែ​ក្នុងចំណោម​នេះ លោក សម រង្ស៊ី អះអាងថា លោក ម៉ៅ មុន្នីវណ្ណ គឺជា​ជនបង្កប់​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​រំលាយ​បក្សប្រឆាំង។
ការប្រកាស​របស់លោក សម រង្ស៊ី នេះ នៅ​ក្រោយ​ពេល​លោក ម៉ៅ មុនីវណ្ណ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​និង​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ តុលា បដិសេធ​សម្ដី របស់​លោក សម រង្ស៊ី ដែល​ប្រកាស​ថា ការ​ចុះ​ហត្ថលេខា​របស់​លោក កឹម សុខា លើ​ការ​ចេញ​លិខិតមួយ​ចំនួនជា​ការ​បង្ខិតបង្ខំ ដូចជា​លិខិត​ដាក់​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ជាដើម លោក ម៉ៅ មុនីវណ្ណអះអាង​ថា ជា​ការ​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ខណៈ​លោក សម រង្ស៊ី ទាមទារ​ឲ្យ​មានការ​ព្រមព្រៀងគ្នា​រវាង លោក កឹម សុខា និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ពីររូប​ទៀត លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​នោះ
ឆ្លើយតប​និង​ការចោទប្រកាន់​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​វិញ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទិញ​មន្ត្រី​បក្សប្រឆាំង​ណា​ម្នាក់​ដើម្បី​ធ្វើការ​ឲ្យ​នោះទេ ពី​ព្រោះ​ថា គណបក្ស​កាន់​អំណាច​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ហើយ
ទោះបីជា​យ៉ាងនេះ​ក្ដី លោក ហ៊ុន សែន កន្លង​មក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ទម្លាយ​ឈ្មោះ​ថា នៅ​ក្នុងគណបក្ស​ប្រឆាំង​គឺមាន​មនុស្ស​របស់លោក ហើយ​តែងតែ​បញ្ជូន​សារ​សម្ងាត់​ឲ្យ​លោក​បានដឹង ពី​ផែនការ​របស់​បក្សប្រឆាំង នៅ​ក្រោយ​ពួកគេ​បាន​បើក​កិច្ចប្រជុំ​នោះ។ បន្ថែម​ពីនេះ លោក ហ៊ុន សែន ពេល​ខ្លះ​អួតអាង​ថា លោក​ក៏​ធ្លាប់​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទន់ខ្សោយ​រហូតដល់​បច្ចុប្បន្ន ដែល​គ្មាន​អាសនៈ​នៅក្នុង​សភា។ ម្យ៉ាងវិញទៀត​មន្ត្រី​កំពូលៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រត់​ចុះ​ចូល​ជាមួយ​បក្ស​កាន់អំណាច ជា​បន្តបន្ទាប់​គ្នា រហូត​ដល់​បច្ចុប្បន្ន ព្រះអង្គម្ចាស់ ក្រុមព្រះ នរោត្តម រណឫទ្ធិ ខ្លួនឯង ដែលជា​គួរ​បដិបក្ស​ដ៏​ខ្លាំងក្លា​នោះ ក៏​ក្លាយទៅជា​អាយ៉ង​របស់លោក ហ៊ុន សែន ក្នុងការ​ដាក់ពាក្យ​ប្ដឹង​រំលាយ​គណបក្ស សង្គ្រោះជាតិ​ដែរ។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ ហាក់​បី​ដូច​ជា​ពន្យា​ពេល ដោយ​លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​ទុក​ឲ្យ​គណបក្សប្រឆាំង​បែកបាក់​ផ្ទៃក្នុង ឬ​អាចរំលាយ​ដោយ​ខ្លួនឯង បើសិនជា​គណបក្ស​នេះ​មិន​រឹងមាំ​ទេ​នោះ។ លោក បណ្ឌិត មាស នី បញ្ជាក់ថា លោក ហ៊ុន សែន ក៏​គិតពី​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ដែរ ដែល​លោក​មិនអាច​ដឹកនាំ​ប្រទេស​ឆ្ពោះទៅកាន់​របប​ផ្ដាច់ការ​បានទេ
លោក ម៉ៅ មុនីវណ្ណ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​សកម្ម​ក្នុង​ការចុះពង្រឹង​គណបក្ស​មូលដ្ឋាន​នៅ​ស្របពេល​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​សិទ្ធិសេរីភាព។ នៅ​មុនពេល​គណបក្ស​សង្គ្រោះជាតិ​រួមគ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ គឺ​លោក​បាន​រត់​ចេញពី​គណបក្ស​សម រង្ស៊ី មក​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀត គេ​នៅ​ចាំបាន​ថា អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ រ៉េមី ក្រោយពី​គណបក្ស​នេះ​ចុះខ្សោយ លោក​បាន​រត់​មក​ចុះចោល​ជាមួយ​គណបក្ស សម រង្ស៊ី។
ក្រោយ​មក​ទៀត​លោក​បានរ​ត់ទៅ​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដែល​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស។ នៅ​មុន​ពេល​គណបក្ស​សិទ្ធិមនុស្ស​រួបរួម​ជាមួយ​គណបក្ស​សម រង្ស៊ី លោក កែវ រ៉េមី ក៏​ផ្ដាច់ខ្លួន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ទីបំផុត លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក កែវ រ៉េមី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​ជា​មនុស្ស​របស់​លោក​រៀបចំ​ឲ្យ​នៅ​ជាមួយ​គណបក្សប្រឆាំង​ដែរ៕

លោក​​ សម រង្ស៊ី បង្ហាញក្តីសង្ឃឹមថា បក្សប្រឆាំងនៅតែរឹងមាំ ខណៈមានសម្ពាធនយោបាយ

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បានអះអាងថា ដៃគូប្រ​កួតរ​ប​ស់​ខ្លួន កំ​ពុងរៀបចំឲ្យមានបក្សប្រហារ ក្រោយពីប​រាជ័យ​ក្នុងការប៉ុនប៉ងរំលាយ បើទោះបីមា​នមន្ត្រីខ្លះ ​ទៅ​ចុះចូ​ល​ជា​មួ​​​យបក្សកាន់អំណាចក៏ដោយ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវថា មន្ត្រីរបស់បក្សប្រឆាំងទាំងឡាយណា ដែល​​បា​​​ន​​​ម​​ក​ចុះចូលជាមួយគណបក្សប្រជាជន មុនការប្រកាសរំលាយ លោកថា ពួកគេត្រូវ​រក្សាតំ​ណែង​ឲ្យ​​នៅ​​ដ​ដែល។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី មានតំណាងរាស្ត្រម្នាក់បានចុះចូល និងសមាជិកក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតមួយចំនួន បានចុះចូលបណ្តើរៗ។
លោក សម រង្ស៊ី ថ្លែងតាមវីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣០ខែ​តុលានេះ​ បានកោ​ត​ស​​សើរពីភាពក្លាហានរបស់​ដៃគូរបស់លោកគឺ លោក កឹម​សុខា។
ប៉ុន្តែលោក សម រង្ស៊ី ថ្លែងបែបសង្ស័យថា គ​ណប​ក្សប្រជា​ជន​ក​ម្ពុជា​កំពុងរៀ​បផែនការ​ណ៍ឲ្យ​មនុស្ស​មួ​យក្រុម ដែល​លោកថា​ក្បត់បក្ស ​មកដឹកនាំគណបក្សនេះជំនួសវិញ ដែលលោក សម រង្ស៊ី និយាយថា រៀ​បចំផែ​នការណ៍ឲ្យធ្វើបក្សប្រហារ​។
លោកថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលយើងមានប្រធានដ៏ក្លាហាន ដ៏ឆ្នើមគឺឯកឧត្តម កឹម សុខា ទោះជាគេគំរាមកំហែងយ៉ាងណា ខ្ញុំដឹងថាមកដល់ពេលនេះ ឯកឧត្តមនៅរឹងមាំ។ ដូច្នេះខ្ញុំសុំឲ្យបងប្អូនទាំអស់​​ពិសេសតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាគណៈកម្មការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណក្សសង្គ្រោះជាតិសុំឲ្យរឹងមាំ យើងកំពុងតែឆ្លងកាត់ឧបសគ្គ ប៉ុន្តែយើងនឹងឆ្លងកាត់សគ្គប្រកបដោយជោគជ័»
លោក សម រង្ស៊ី អះអាងទៀតថា ការរៀបចំឲ្យមានបក្សប្រហានេះ ដោយសារតែគណបក្សប្រជាជន របស់លោក ហ៊ុន សែន បានប​រាជ័​​យ​​ក្នុ​ងការប៉ុនប៉ុងរំលាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានច្រានចោលការអះអាងរបស់លោក សម រង្ស៊ី​។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល បានលើកឡើងថា អ្នក​ន​យោ​បាយខ្មែរ គួរប្រកួតគ្នា តាមយន្តការប្រជាធិបតេយ្យ ប្រកបដោយគុណធម៌ ដើម្បី​នាំ​​​នាវា​កម្ពុ​ជាទៅ​រកកោះសន្តិភាព ជាជាងបង្កើតព្រឹត្តិការណ៍ ឲ្យមានការបង្ហូរឈាម​គ្នា​ ដើម្បីតែ​​ប្រយោជន៍បក្ខពួក និងក្រុ​មគ្រួ​សារ ដូចពីអតីតកាលនោះ។
យ៉ាងនេះក្តីសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក សហភាពអឺរុប បារាំង ជប៉ុន អូស្ត្រាលី អាលឺម៉ង់ សហភាពអន្តរជាតិ IPU ដែលមានសមាជិក១៧៣ប្រទេស និងប្រទេសមួយចំនួនទៀត បាន ព្រមានផ​ង​ដែ​រថា កម្ពុជាអាចនឹងត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនបើកលំហ ប្រ​ជាធិបតេយ្យ និងដោះ​លែ​​​ង​ប្រ​ធានគ​​ណ​ប​ក្សប្រឆាំ​ងលោ​ក កឹម សុខា នោះ។

តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា

ដូច​ការ​គ្រោងទុក​ តុលាការ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​សារ​ទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។​ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញ​ដោល​ ក្រោម​ការ​យាម​យ៉ាង​តឹងរឹង​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ តុលាការ​ជាន់​ខ្ពស់​នេះ នៅ​តែ​បន្ត​ការ​ឃុំ​ខ្លួន មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ដដែល​។​
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
លោក​ ឃឹម​ ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ​ ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ គឺ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ។​ ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ពុំ​មាន​ការ​នាំ​ខ្លួន​លោក កឹម សុខា ឲ្យ​មក​ស្តាប់​ការ​សួរ​ដេញ​ដោល​នោះ​ទេ ខណៈ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម។ ​
ប៉ុន្តែ​សវនាការ​នេះ គឺធ្វើ​ឡើង​ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​ស្ទើរ​គ្រាប់​ដៃ​នៅ​ជុំវិញ​បរិវេណ​តុលាការ ដែល​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន។
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទ​បញ្ជា​បែប​នេះ​មុន​មួយ​ថ្ងៃ​ដោយ​ឲ្យ​កង​កម្លាំង​ទាំង​១២​ខណ្ឌ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ពេល​តុលាការ​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា។
នៅ​ព្រឹក​ថ្ងៃ​ទី​៣១​តុលា​លោក អ៊ូ ច័ន្ទរ័ត្ន តំណាង​រាស្ត្រ ​រួមជា​មួយ​មន្រ្តី​បក្ស​សង្រ្គោះជាតិ​ជា​ច្រើន​រូប​ទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង ហាម​មិន​អោយ​ចូល​រួម​ស្ដាប់​សវនាការ​នេះទេ ដោយ​រង​ចាំ​នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល។
សូម​បញ្ជាក់​ថា សវនាការ​របស់​តុលាការ​កំពូល ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​​ក្តី​លោក កឹម សុខា ដែល​បាន​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំខ្លួន លោក កឹម សុខា ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​

​ធ្វើសង្គ្រាម​ដើម្បី​សន្តិភាព ? រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​អះអាងថា បើ​ចង់បាន​សន្តិភាព គឺ​ចាំបាច់​ត្រូវ​រៀបចំ​ធ្វើសង្គ្រាម​

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក James Mattis រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កូរ៉េខាងត្បូង រួម​ជាមួយនឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​សហរដ្ឋអាមេរិក​-​កូរ៉េខាងត្បូង​ប្រចាំឆ្នាំ លោក​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​រូបនេះ​បាន​ថ្លែងថា «​ប្រសិនបើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ចង់បាន​សន្តិភាព​នោះ គឺ​ចាំបាច់​ត្រូវតែ​រៀបចំ​ធ្វើសង្គ្រាម​» ។​
Image may contain: 2 people, suit
​គេហទំព័រ​សារព័ត៌មាន UPI របស់​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា លោក James Mattis រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់ដែរថា «​បើ​គ្មាន​សម្ព័ន្ធភាព​ទេនោះ វា​នឹងមិន​អាចទៅរួច​ឡើយ​ស​ម្រា​ប់​សហរដ្ឋអាមេរិក ឬ​កូរ៉េខាងត្បូង​ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ដោយ​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​» ។
Image may contain: 2 people
​វត្តមាន​លោក James Mattis រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​នៅលើ​ទឹក​ដី​ប្រទេស​កូរ៉េខាងត្បូង​ដោយ​មានការ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព (DMZ) ខណ្ឌ​ចែក​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ផង​នោះ បាន​កើតឡើង​ស្របគ្នា​ទៅនឹង​ស្ថានការណ៍​តានតឹង​ក្នុង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​កំពុង​គំរាមកំហែង​ដល់​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដូចជា​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ជាដើម ។
Image may contain: ocean, sky, outdoor and water
​លោក James Mattis អាយុ​៦៧​ឆ្នាំ អតីត​ជា​ឧ​ត្ត​មនា​វី​មេបញ្ជាការ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចូលនិវត្តន៍​ដែល​ធ្លាប់​ចូលរួម​ប្រឡូក​ក្នុង​សមរភូមិ​សង្គ្រាម​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស សង្គ្រាម​អ៊ីរ៉ាក់ និង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រោយមក នៅពេល​លោក Donald Trump បានឈ្នះ​ឆ្នោត​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​នោះ លោក James Mattis ក៏​ទទួលបាន​ការតែងតាំង​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​ទល់​ប​ច្ចុ​ប្បន្ន ៕​
Image may contain: ocean, sky, water and outdoor
Image may contain: 1 person

អួត​អំពី​អាវុធ​មហា​ប្រល័យ ! រុស្ស៊ី​គ្រោង​បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Satan-2 ដែលមាន​សមត្ថភាព​ក​ម្ទេ​ច​ប្រទេស​បារាំង ឬ​អង់គ្លេស​បាន​យ៉ាង​ងាយ​

គេហទំព័រ​សារព័ត៌មាន The Mirror របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹងថា រុស្ស៊ី​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ក្នុងការ​ឈានទៅ​បាញ់​ធ្វើតេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់ខ្លួន​ដែលមាន​សមត្ថភាព​បាញ់​ឆ្លង​ទ្វីប និង​អាច​កម្ទេច​បំផ្លិចបំផ្លាញ​ប្រទេស​បារាំង ឬ​អង់គ្លេស​ទាំងមូល ឬ​រដ្ឋ Texas របស់​សហរដ្ឋអាមេរិក​បាន​យ៉ាង​ងាយ ។​
No automatic alt text available.
​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នេះ​មាន​ឈ្មោះថា Satan-2 ។ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បំពាក់​នឹង​អាវុធ​មី​ស៊ី​ល​នេះ​ក្នុង​១​គ្រាប់​មាន​កម្លាំង​ផ្ទុះ​រហូតដល់​ទៅ​ប្រមាណ​៤០​មេ​ហ្គា​តោន ពោល​គឺមាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង​២ ០០០​ដង បើ​ធៀប​ទៅនឹង​គ្រាប់បែក​អា​តូ​មិ​ក​របស់​សហរដ្ឋអាមេរិក ដែល​ទម្លាក់​នៅ​ទីក្រុង Hiroshima និង Nagasaki ប្រទេស​ជប៉ុន កាលពី​អំឡុង​ឆ្នាំ​១៩៤៥ ។​
Image may contain: outdoor
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា តាម​គម្រោងការ​ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី គឺ​ក្រសួងការពារជាតិ​រុស្ស៊ី​គ្រោង​នឹង​បាញ់​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​លម​ហា​ប្រល័យ​ប្រភេទ Satan-2 ចំនួន​២​គ្រាប់​នៅ​ចុងឆ្នាំ​២០១៧​នេះ​តែម្តង ។​
Image may contain: outdoor
​គួរបញ្ជាក់​ជូន​ថា អាវុធ​មី​ស៊ី​ល​ធុន RS-28 Sarmat របស់​រុស្ស៊ី​ដែល​អង្គការ NATO ហៅថា SS-X-30 Satan-2 គឺជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) មាន​ទម្ងន់​១០០​តោន​ក្នុង​១​គ្រាប់ និង​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​១០ ០០០​គីឡូម៉ែត្រ ជាមួយនឹង​ល្បឿន​២៤ ៩១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ មី​ស៊ី​ល​ធុន RS-28 Sarmat បាន​បាញ់​តេស្ត​សាកល្បង​លើកដំបូង​ប្រកបដោយ​ជោគជ័យ​នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ ៕​

ចិន និង​រុស្ស៊ី​ដដែល ! UN ដាក់ចេញ​នូវ​សេចក្តីសម្រេច​៣​ប្រឆាំងនឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ខណៈ​រុស្ស៊ី និង​ចិន​ជំទាស់

ទីភ្នាក់ងារសារព័ត៌មាន Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ ដោយ​ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ទី​១​របស់​អង្គការសហប្រជាជាតិ (UN) បានដាក់​ចេញ​នូវ​សេចក្តីសម្រេច​ចំនួន​៣​ដើម្បី​ប្រឆាំងនឹង​ការបាញ់​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង ខណៈ​សេចក្តីសម្រេច​នេះ​ត្រូវបាន​ផ្តើមគំនិត​ដោយ​ប្រទេស​ជប៉ុន និង​មានការ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​អង់គ្លេស ។​
Image may contain: sky, cloud and outdoor
​លោក Mohammed Hussein Bahr Aluloom អ្នកដឹកនាំ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​លើ​ការពិភាក្សា​នូវ​ប្រធានបទ​លុបបំបាត់​សព្វាវុធ និង​សន្តិសុខ​អន្តរជាតិ​បាន​ថ្លែង​ឲ្យ​ដឹងថា ពង្រាង​សេចក្តីសម្រេច L35 របស់​អង្គការសហប្រជាជាតិ​ចែង​អំពី​សកម្មភាព​រួម និង​ការប្តេជ្ញាចិត្ត​ជាថ្មី​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង ហើយ​ត្រូវបាន​អនុម័ត​យល់ព្រម​ដោយ​បណ្តា​ប្រទេស​ចំនួន​១៤៤ និង​ប្រទេស​២៧​អនុបវាទ ព្រមទាំង​ប្រទេស​ចំនួន​៤​ប្រឆាំង​ជំទាស់ ។
Image may contain: outdoor and nature
​ប្រទេស​ចំនួន​៤​ដែល​ប្រឆាំង​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ការបាញ់​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​នោះ គឺ​រុស្ស៊ី ចិន ស៊ី​រី និង​ប្រទេស​កូរ៉េខាងជើង​ខ្លួនឯង ។​
Image may contain: sky and outdoor
​សារព័ត៌មាន VOA របស់​សហរដ្ឋអាមេរិក​បានបញ្ជាក់​ឲ្យ​ដឹងថា សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ គឺមាន​គោលដៅ​ដើម្បី​ទប់ទល់​នឹង​ប្រទេស​កូរ៉េខាងជើង ដែល​បាន​បាញ់​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ ៕​
Image may contain: one or more people and outdoor

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...