Saturday, December 23, 2017

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមត្រូវតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យ​នៃ​គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បន្ថែម​ជា​មួយនឹង​អ្នកនាំពាក្យបច្ចុប្បន្ន ​លោក ហង្ស ពុទ្ធា។
ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ប្រធាន​ គ.ជ.ប. លោក ស៊ិក ប៊ុនហុក បាន​សម្រេច​តែង​តាំង​លោក ឌឹម សុវណ្ណារុំ ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ។
លោក ឌឹម សុវណ្ណារុំ គឺ​ជា​អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក គ.ជ.ប. ថ្មី រួម​ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក នុត សុខុម បន្ទាប់​ពី​សមាជិក គ.ជ.ប. ៣​រូប​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​លា​លែង​ពី​តំណែង ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។
កាល​ពី​ឆ្នាំ​២០១៦ លោក ឌឹម សុវណ្ណារុំ ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល៕

លោក ហ៊ុន សែន ​អោយ​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​បរទេស​ដែល​ចង់​លូក​ដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍ ទី​២៣ បាន​ប្រកាស​ជា​ថ្មី​ថា កម្ពុជា​នឹង​ឈប់​លែង​ពឹង​ពាក់​បរទេស​ដើម្បី​រស់​បន្ត​ទៀត​ហើយ។
លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ និង​ពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ ខេត្ត​កែប ក៏​ស្នើ​ខ្មែរ​ទាំង​អស់​ឲ្យ​ក្រោក​ឈរ​ឡើង​ប្រឆាំង​បរទេស​ណា​ដែល​ចង់​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា៖ «កម្ពុជា មិន​ត្រូវ​ការ​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន​របស់​នរណា​មួយ​នោះ​ទេ។ កម្ពុជា​ប្រៀប​ដូច​មនុស្ស​ម្នាក់​ដែល​មាន​រន្ធ​ច្រមុះ​ពីរ និង​មាន​មាត់​មួយ​សម្រាប់​ដក​ដង្ហើម»
ការ​លើក​ឡើង​របស់​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន នេះ ជា​ការ​ឆ្លើយតប​នឹង​សម្ពាធ​របស់​សភា​អាមេរិក និង​អឺរ៉ុប ដែល​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស និង​មន្ត្រី​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្អាក​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​ព្រមាន​មិន​ទទួល​លទ្ធផល​នៃ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទៀត​ផង។
ទោះ​បី​លោក ហ៊ុន សែន បាន​បន្ទន់​ជំហរ​ក្នុង​ការ​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ប្រមាណ ៧០​នាក់ មក​កម្ពុជា ដើម្បី​ជា​ថ្នូរ​នឹង​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ការបរទេស​កម្ពុជា ទៅ​អាមេរិក ក៏ដោយ លោក​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ​ស្តារ​កម្ពុជា ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ឡើយ ទោះបីបើ​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប អាច​បង្កក​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​កម្ពុជា និង​ឈប់​បន្ធូរ​បន្ថយ​ពន្ធ​ក៏ដោយ៕

Wednesday, December 20, 2017

លោក ហ៊ុន សែន សន្យា​លែង​ជ្រលក់​មាត់​​រឿង​បក្ស​ប្រឆាំង​និង​អះអាង​ថា​ការ​បោះឆ្នោត​នឹង​សេរី​ត្រឹមត្រូវ

លោក ហ៊ុន សែន ប្រកាស​ដាច់​ណាត់​ថា ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ នឹង​នៅ​តែ​អាច​ទៅ​មុខ​ដូច​ការ​គ្រោង​ទុក បើ​ទោះ​ជា​បក្ស​ប្រឆាំង​មិន​ចូលរួម​ការ​បោះឆ្នោត​ក្ដី។ គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ អាច​ទទួល​យក​បាន លុះ​ត្រា​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​គណបក្ស​ប្រឆាំង។
ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ប្រាកដ​នៅ​ឡើយ​ទេ អំពី​ជំហរ​ដែល​ត្រូវ​បោះបង់​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦ ខាង​មុខ​នេះ។
ការ​ថ្លែង​ដូច​នេះ​របស់​លោក សុន ឆ័យ ធ្វើ​ឡើង​ក្នុង​ពេល​លោក ហ៊ុន សែន ប្រតិកម្ម​ជា​ថ្មី​ទៀត​រឿង​តួនាទី​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះឆ្នោត​ដ៏​សំខាន់​ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​ឲ្យ​ដឹង​ថា ការ​សម្រេច​ថា​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ ឬ​ផ្អាក​សិន​ត្រូវ​រង់ចាំ​មើល​ភ្លើង​ខៀវ​ពី​មន្ត្រី​គណបក្ស​មួយ​ចំនួន​ដែល​កំពុង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុន ឆ័យ បញ្ជាក់​ថា ជា​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ តួនាទី​បក្ស​ប្រឆាំង​គឺ​ជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មាន​ជំនឿ​ថា បើ​មាន​ការ​ផ្សះផ្សា​វិបត្តិ​នយោបាយ​ឲ្យ​បាន​ឆាប់ នោះ​កម្ពុជា នឹង​មិន​ត្រូវ​ប្រឈម​នូវ​ភាព​កាន់តែ​អាម៉ាស់​បែប​នេះ​នៅ​លើ​ឆាក​អន្តរជាតិ​ត​ទៅ​ទៀត​នោះ​ដែរ៖ «ខ្ញុំ​មិន​ដឹង​ថា គួរ​ធ្វើ​យ៉ាង​ម៉េច​ទេ។ សមាជិក​ថ្នាក់ដឹកនាំ​នៅ​ខាង​ក្រៅ​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ធ្វើ​យ៉ាង​ណា។ ការ​បោះ​ឆ្នោត​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្មាន​ន័យ​អ្វី​នោះ​ទេ»
​បើ​ទោះ​ជា​យ៉ាង​ក៏ដោយ លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​ដាច់​ណាត់​ថា វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត ឬ​មិន​ចូលរួម​នោះ វា​លែង​មាន​ន័យ​ខ្លឹមសារ​អ្វី​ទៀត​ហើយ។ លើក​ណា​ក៏​ដូច​លើក​ណា​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អះអាង​ថា អត់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នៅ​មាន​បក្ស​នយោបាយ​ច្រើន​ណាស់​ដែល​បង្ហាញ​ថា កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក គឺ​នៅ​តែ​គោរព​បាន​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដដែល។
លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ក្រាញ​អំណាច និង​ជា​មេដឹកនាំ​ដែល​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ អួតអាង​ថា លោក​មិន​ខ្វល់​ពី​ជីវិត​នយោបាយ​បក្ស​ប្រឆាំង​ត​ទៅ​ទៀត​ឡើយ ទោះ​ចូល​រួម ឬ​មិន​ចូលរួម​ក៏ដោយ៖ «អស់​លោក​អ្នក​កុំ​ទាញ​គេ​ឲ្យ​ទទួល​កំហុស​ជាមួយ។ កុំ! មិន​ចាំបាច់​ជ្រលក់​មាត់​ទេ។ ឯង​មិន​បង្កើត​បក្ស​ថ្មី​ទេ មុខ​ដូច​ម៉ែ​អញ! យើង​មិន​បាន​ដេញ​អ្នក​ឯង​ទេ អ្នក​ឯង​ចេញ​ទៅ​ក្រៅ​ស្រុក​ខ្លួន​ឯង​តើ!»
​ស្រប​ពេល​ដែល​លោក​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប មិន​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រឆាំង​គ្រប់​រូបភាព រហូត​មាន​មន្ត្រី​ជា​ច្រើន​មិន​ហ៊ាន​នៅ​ស្រុក ដោយសារ​បញ្ហា​សុវត្ថិភាព និង​ការ​យាយី​នេះ លោក ហ៊ុន សែន សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​យល់​ពី​បំណង​ល្អ​របស់​លោក​ក្នុង​ការ​ផ្ដល់​យោបល់​ឲ្យ​បង្កើត​បក្ស​ថ្មី៖ «ជួនកាល​យើង​មាន​បំណង​ល្អ តែ​គេ​បែរ​ជា​យល់​ថា យើង​បង្ខំ​ឲ្យ​ធ្វើ​តាម។ មិន​បាច់​ធ្វើតាម ហ៊ុន សែន ទេ មិន​បាច់​ធ្វើ​ទេ ទៅ​ងាប់​ឯណា​ងាប់​ចុះ! និយាយ​ស្រួល​អា​នេះ​ថា​យើង​ទន់»
​មិន​តែ​ប៉ុណ្ណោះ លើក​នេះ​ក៏​ដូច​លើក​មុនៗ​ទៀត​ដែរ បើ​ទោះ​បី​ជា​សព្វថ្ងៃ​គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​របស់​លោក​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ឃោសនា​រក​សំឡេង​ឆ្នោត និង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​របស់​រដ្ឋ និង​ឯកជន​យ៉ាង​សម្បូរ​បែប លោក​មិន​ភ្លេច​ឆ្លៀត​ឱកាស​នេះ ឃោសនា​រក​សំឡេង​ឆ្នោត​ខុស​រដូវ​កាល និង​បន្ត​អំពាវនាវ​ឲ្យ​កម្មករ-​កម្មការិនី​រោងចក្រ បោះឆ្នោត​ឲ្យ​គាត់​ដើម្បី​អាច​បន្ត​កាន់​អំណាច​បាន​យូរ​បន្ថែម​ជាង​មួយ​ទសវត្ស​ទៅ​មុខ​ទៀត៖ «ពូ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្មួយៗ​និង​ក្រុម​គ្រួសារ ព្រមទាំង​ជីដូន​ជីតា និង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត​ទៅ​ទៀត។ ពូ​បាន​ប្រកាស​រួច​ហើយ នឹង​បន្ត​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​មិន​តិច​ជាង ១០​ឆ្នាំ​ទៅ​មុខ​ទៀត»
ក្នុង​ពេល​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ពី​ឥទ្ធិពល និង​ភាព​ស្រប​ច្បាប់​នៃ​ដំណើរការ​បោះឆ្នោត​ថា នឹង​នៅ​តែ​ល្អ​ប្រសើរ​ដូច​មុន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​វិញ​បាន​ប្រើប្រាស់​ទណ្ឌកម្ម​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ​ដែរ។
សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ និង​ផ្នែក​បច្ចេកទេស​លើ​ការ​បោះឆ្នោត។ ការ​ព្រមាន​ទាំង​នេះ​ស្រប​ពេល​សម្ពាធ​ពី​អន្តរជាតិ កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​លោក ហ៊ុន សែន ប្រសិនបើ​មិន​ដោះ​លែង​លោក កឹម សុខា និង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា​ទេ។ អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​កិត្យានុភាព​នៅ​ឆាក​អន្តរជាតិ និង​ក្លាយ​ជា​រដ្ឋ​ដែល​ឯកោ ប្រសិនបើ​នៅតែ​បន្ត​មានៈ​ដូច​នៅ​ពេល​នេះ​ទៀត៕

លោក ហ៊ុន សែន ប្រតិកម្មតបខ្លាំងក្រោយផ្តល់យោបល់រឿងបង្កើតបក្សថ្មី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រតិកម្មកខ្លាំងៗ ចំពោះសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបដិសេធមិនបង្កើតបក្សថ្មី តាមការផ្តល់យោបល់របស់លោក។
កាលពីថ្ងៃ ១៧ខែធ្នូ លោក ហ៊ុន សែន បានផ្តល់យោបល់ឲ្យមន្រ្តីអតីតគណបក្សសង្គ្រោះជាតិបង្កើត «គណបក្សថ្មី» ដោយថា គណបក្សចាស់នោះ មិនអាចកើតឡើងវិញទេ ក្រោយតុលាការរំលាយ ប៉ុន្តែក្រោយថ្លែងនោះ សមាជិកអតីតគណបក្សសង្រ្គោះជាតិ បានឆ្លើយតបវិញថា ខ្លួនមិនបង្កើតបក្សថ្មី តាមយោបល់របស់លោកនាយករដ្ឋមន្ត្រីនោះទេ។
ថ្លែងក្នុងពិធីជួបក្រុមកម្មករនៅថ្ងៃទី២០ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបដិធេធមិនបង្កើតថ្មីនោះ។
លោកបន្ថែមថា «ពេលដែលយើងនិយាយថា គួរតែបង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា ចាំបាច់ផ្តល់យោបល់អី! គេមិនបង្កើត។ ឯងមិនទេ ម៉ែអញហ្អី? និយាយថា មួយបែប ម៉ែអញ? មុខដូចម៉ែអញ? ឯងចង់ទៅងាប់ណា ងាប់ទៅ»។
មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​នៃអង្គការ​ខុមហ្វ្រែល​ លោក កន សា​វាង្ស មានប្រសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតស្របតាមគោលការណ៍​ប្រជាធិបតេយ្យ លុះត្រាតែ​មានការអនុញាតិ​​ឲ្យអតីត​មន្ត្រីបក្សប្រឆំាង១១៨រូប និងអ្នកទោសនយោបាយផ្សេងទៀត​ បាន​ចូល​រួម​ធ្វើនយោបា​យ​ឡើង​វិញ​ និង​កែច្បាប់បោះឆ្នោត រួមទំាង​ច្បាប់ស្តីពី​គណ​បក្សនយោបាយជាដើម ដោយថា បើមិនដូច្នេះទេ គឺកម្ពុជាមិនអាចវិលទៅរកស្ថានភាពល្អបានឡើយ។
លោក​មាន​ប្រសាសន៍ថា «អ្វីដែលជាអនុសាសន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ​គឺមានប៉ុន្មានចំនុចហ្នឹង​ ដែលគួរតែគិតពិចារណាឡើងវិញ បើមិនអញ្ចឹងទេ ស្ថានភាព [នយោបាយ​] វាអាច​នឹងប្រែប្រួលដដែលៗ ហើយមានជម្លោះគ្នាជៀសមិនផុតទេ នៅតែមានបញ្ហាកើតឡើង និងពិបាកក្នុង​ការ​ដោះស្រាយ​ដដែលៗទេ​»។
ចំណែក សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា មានប្រសាសន៍តាមប្រវត្តិសាស្រ្តកន្លងមក ពេលដែលអ្នកនយោបាយ ឬមេដឹកនាំខ្មែរទាស់គ្នា គឺពលរដ្ឋជាអ្នករងផលប៉ះពាល់ និងខាត់បង់ផលប្រយោជន៍។ ចំណែកប្រទេសជិតខាងជាអ្នកទទួលផលចំណេញ ដោយថា ប្រទេសជាតិបាត់បង់ទឹកដី ដោយសារតែអ្នកនយោបាយទាស់គ្នា។
លោក វង់ សុធារ៉ា បន្តថា ដើម្បីកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រ អ្នកនយោបាយ ឬ មេដឹកនាំខ្មែរទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាដោយគិតផលប្រយោជន៍ជាតិធំ។
លោកបន្ថែមថា «បើយើងមើលប្រវត្តិសាស្រ្តថ្មីៗកន្លងមក ពេលដែលអ្នកនយោបាយទាស់គ្នា ប្រជាជនជាអ្នកខាតផលប្រយោជន៍ ហើយប្រសិនបើឈានទៅដល់សង្គ្រោមទៀតវាកាន់តែគ្រោះថ្នាក់ធំ វាកាន់តែបង្កមហន្តរាយណ៍ធំទៅដល់ ប្រទេសជាតិ ដូចយើងបានឃើញពីទសវត្ស១៩៧០ មកដល់ឆ្នាំ១៩៩៣ ឬឆ្នាំ១៩៩៨។ ហើយផលចំនេញ បានទៅប្រទេសជិតខាង ទី១ អាចគេចំនេញខាងសេដ្ឋកិច្ច ទី២ចំនេញរឿងព្រំដែន ដោយគេតែងតែរំកិលពេល ដែលអ្នកនយោ បាយទាស់គ្នានេះឯង»។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​​មក​នេះ ខណៈ​ដែល​​មេដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពី​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​មក។
ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ទៅ​លើ​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ និង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ពួកគេ​មើល​​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស៕

Saturday, December 16, 2017

រដ្ឋ​សភា សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្តែង​ការ​មិន​យល់ស្រប​ និង​សោក​ស្តាយ ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា ជា​ពិសេស​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ រដ្ឋសភា​កម្ពុជា​ អះអាង​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់​សុទ្ធ​សាធ​។ ជា​ការ​កត់​សម្គាល់ ​ក្រៅ​ពី​រដ្ឋសភា ព្រឹទ្ធសភា​កម្ពុជា​ក៏​បានចេញ​សេចក្តីថ្លែងការណ៍មាន​ខ្លឹមសារ​ស្រដៀង​គ្នា​ដែរ កាល​ពី​ម្សិលមិញ​។ ព្រឹទ្ធ​សភា​​កម្ពុជា ចាត់​ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ថា​មាន​លក្ខណៈ​លំអៀង មិន​យុត្តិធម៌ និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​។
តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី ១៦ខែ ធ្នូ នេះ រដ្ឋសភា​កម្ពុជា បាន​រក្សា​ជំហរ​របស់​ខ្លួន ដោយ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជា​តិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។ និង​ថា អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត ដូច​ជា​បង្ក​ឲ្យ​មាន​អសន្តិសុខ ​និង​ចលាចល​នៅ​ទូ​ទាំង​ប្រទេស​ ជាពិសេស​ប្រើ​ប្រាស់​កម្លាំង​មហាជន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយ​មាន​បរទេស​ជា​អ្នក​គាំទ្រ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋ​សភា​កម្ពុជា បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សភា​អឺរ៉ុប​ថា តើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​អំពើ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?​ ហើយ​បើ​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាម តើ​អ្នក​ណា​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ​? និង​ថា​តើ​សភា​អឺរ៉ុប​ នឹងការពារ​សិទ្ធិ​របស់​មេ​ដឹក​នាំ ទុច្ចរិត​ទាំង​នេះ ឬ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូ​ទៅ​?
រដ្ឋ​សភា បន្ត​លើក​ឡើង​ថា កម្ពុជា​ប្តេជ្ញា​គោរព និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​គោរព​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី​ និងសិទ្ធិ​កុមារ​។ ទាក់​ទង​នឹង​ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ច​ការ​បោះ​ឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម​វិញ ត្រូវបាន​រដ្ឋសភា​កម្ពុជា​ចាត់​ទុក​ថា មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ដើម្បី​ពង្រឹង​គុណភាព​ លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា ថា​ប្រសិន​បើ​សភា​អឺរ៉ុប​ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា ​នាំចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិត​គូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​សម្រេច​ដោយ​អយុត្តិធម៌បែប​នេះ​។
តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន រដ្ឋ​សភា​កម្ពុជា បាន​ស្នើ​ទៅ​ សភា​អឺរ៉ុប​ស្វះ​ស្វែង​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ដោយ​មិន​គួរ​ធ្វើ​សេចក្តី​សម្រេច​ចិត្តផ្អែក​លើ​ព័ត៌មាន​លម្អៀង​បាន​មក​ពី​ភាគី​តែ​ម្ខាង​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ រដ្ឋសភា​កម្ពុជា​រំពឹង​ថា កម្ពុជា​និង​សហភាពអឺរ៉ុប​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ផ្អែក​លើ​ផល​ប្រយោជន៍ទៅ​វិញ​ទៅ​មក​។
ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋសភា​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា នា​ពេល​នេះ ធ្វើ​ឡើងបន្ទាប់​ពី សភាអឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ដាក់​ពន្ធនាគារ។ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះឋ​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស៕

រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប

រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា បដិសេធ​មិន​ទទួល​យក​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុម័ត​ដោយ​​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិតេយ្យ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។
សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​ចិត្ត​ក៏​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ (visa) ចេញ​ចូល​សហភាព​អឺរ៉ុប ចំពោះ​ថ្នាក់ដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​គូកន ហើយ​វិធានការ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នោះ​ដែល​បាន​យក​លុយ​កាក់​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ខ្លួន​មក​លាក់​ទុក​នៅ​ទ្វីប​អឺរ៉ុប។
ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​សភា​អឺរ៉ុប រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ចការ​បោះឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​គុណភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា បន្ត​ថា ប្រសិនបើ​សភា​អឺរ៉ុប ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំ​ចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិតគូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-​កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់។
ចំណែក​ព្រឹទ្ធសភា​កម្ពុជា វិញ​ចោទ​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា មិន​ព្រម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នោះ កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ សភា​និង​ព្រឹទ្ធសភា​កម្ពុជា ក៏​មិន​បាន​ប្ដេជ្ញា​ស្តារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​ទៅ​ធម្មតា​វិញ​នោះ​ដែរ។
ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ធ្វើ​ព្រងើយ​ចំពោះ​សំណើ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អឺរ៉ុប និង​អាមេរិក ចង់​បាន។ លោក ហ៊ុន សែន បែរ​ជា​ទៅ​ដឹកនាំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ទៅ​វិញ៕

Thursday, December 14, 2017

សភា​អឺរ៉ុប​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​ចំពោះ​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ

សភា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១៣ ធ្នូ បាន​ចេញ​សេចក្តី​សម្រេច​លើ​ដំណោះ​ស្រាយ​រួម​មួយ​សម្រាប់​កម្ពុជា។ ក្នុង​ដំណោះ​ស្រាយ​នោះ សភា​អឺរ៉ុប​សម្តែង​ទាំង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ដាក់​ពន្ធនាគារ។ បន្ថែម​ពី​លើ​នេះ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។
នៅ​ក្នុង​ដំណោះ​ស្រាយ​សម្រាប់​កម្ពុជា​ដែល​មាន​កម្រាស់​៦​ទំព័រ សភា​អឺរ៉ុប​បាន​អំពាវនាវ​ដល់​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​អ្នក​តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ការពារ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ជាមួយ​គ្នា​នេះសភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​(EEAS) ឲ្យ​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ឈាន​ទៅ​រក​ការ​លែង​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​តែ​ម្តង។
លើស​ពី​នេះ​ទៅ​ទៀត សភា​អឺរ៉ុប​សង្កត់​ធ្ងន់​ថា សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​គណៈកម្មការ​អឺរ៉ុប​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់​នូវ​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​អនុសញ្ញា​ស្តី​ពី​អនុគ្រោះ​ពន្ធ​នេះ។ សម្រាប់​សភា​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​ធ្វើ​សកម្មភាព​បំពាន​នឹង​កាតព្វកិច្ច​របស់​ខ្លួន នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះ​អាសន្ន។
ដោយ​ឡែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នេះ​មិន​អាច​ធ្វើ​ឡើង​បាន​ភ្លាមៗ​ទេ ក៏​ព្រោះ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​សម្រេច​របស់​អង្គ​នីតិបញ្ញតិ្ត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​សុខសន្តិភាព​ទៅ​ប្តូរ​នឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ឡើយ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ដដែល។
សូម​បញ្ជាក់​ថា ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺ​ជា​គំនាប​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ព្រោះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ជា​ចំណាត់​ការ​មួយ​ដែល​ទទួល​បាន​ការ​ស្វាគមន៍​ពី​សភា​អឺរ៉ុប។ សភា​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ប្រែ​ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ផ្តល់​តំណែង​ដល់​ក្រុម​តំណាង​រាស្រ្ត និង​សមាជិក​ប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស​ប្រឆាំង​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សភា​ដែល​តំណាង​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​អស់​ទៅ​លើ​លោក​សម រង្ស៊ី និង​តំណាង​រាស្រ្ត​ដទៃ​ទៀត​ផង​ដែរ។
សម្រាប់​រដ្ឋាភិបាល​កម្ពុជា លោកសុខ ឥសាន បាន​អះ​អាង​ថា ការ​ចង់​បាន​និង​ចង់​ឃើញ​សភាពការណ៍​កម្ពុជា​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ និង​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​មក​វិញ គឺ​មិន​អាច​ទៅ​រួច​ទេ ។ ចំពោះ​លោក​សុខ ឥសាន ការ​ចង់​បាន​ដូច្នេះ គឺ​មាន​ន័យ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ​បាន​ន័យ​ថា លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ត្រូវ​បំផ្លាញ​ចោល៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...