Saturday, April 7, 2018

វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាម​ព្រំដែន​កម្ពុជា

អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ ផ្តល់វត្ថុអនុស្សាវរីយ៍ និង ជូនពរដល់កម្លាំង​សមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​​ទី ​០៧​ ខែមេសា​ នេះ​ស្នងការនគរបាល​ខេត្តតាកែវ​ លោក សុខ​ សំណាង បាន​ទទួល​ជួប​ប្រតិភូ​បញ្ជាការដ្ឋាន​តម្រួតយោធា​ការពារ​ព្រំដែន​ខេត្ត​អាន​ យ៉ាង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​លោក​ ​ ប៊ូ​យ​ ជុន​យុង​ ដែល​ អញ្ជើញ​មក​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខ​នេះ​។​
តាមការចុះផ្សាយនៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ម្សិលមិញ ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក​​ ស្រេង​ ជា​ ក៏បាន​ទទួល​ គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន​ខេត្ត​ ឡុ​ង​អាន​ និង​ខេត្ត​តៃ​និ​ញ​ នៃ​ប្រទេស​វៀតណាម​ ដើម្បីជួបសួរសុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្តព្រៃវែង​។
​តាមការចុះផ្សាយដដែលគណៈប្រតិភូ​វៀតណាម​លើកឡើងថា​ កម្ពុជា​ និង​វៀតណាម​ គឺជា​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ ហើយ​ប្រជាជន​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទ​ន​ង​ សាមគ្គីភាព​គ្នា​ល្អ​ ទាំង​ការ​រស់នៅ​ និង​ការ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ផង​ដែរ​។​
​តាមការចុះផ្សាយបន្តថានៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ដដែលនោះ​​លោក ​ ម៉ា​យ​ អាន់​ជៀន​ នាយករង​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ប្រទេសវៀតណាម​ បាន​នាំ​យក​ការ​ដូ​ និង​បាច់ផ្កា​ មក​អបអរសាទរ​ ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ និង​ មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ នា​ពេល​ខាង​មុខ​ផងដែរ។​
តាមការចុះផ្សាយបន្តថាក្នុង​ពិធី​សំណេះសំណាល​​នោះ​លោក ​ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​បដិសណ្ឋារៈ​កិច្ច​ ដោយ​រីករាយ​ និង​កក់ក្តៅ​ប្រកបដោយ​មិត្តភាព​ ព្រមទាំង​រាយការណ៍​ ជូន​គណៈប្រតិភូ​ អំពី​សភាព​ការណ៍​​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​វិនិយោគិន​បរទេស​ មួយ​ចំនួន​ ជូន​គណៈប្រតិភូ​បាន​ជ្រាប​ផង​ដែរ​។​
តាមការ​ចុះផ្សាយក៏លើកឡើងដែរថាក្នុង​ឱកាស​ នោះ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​ លោក​នាយក​រង​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ​ប្តេជ្ញា​យ៉ាង​មុតមាំ​ ខិតខំ​ថែរក្សា​ចំណងមិត្តភាព​ សាមគ្គីភាព​ រវាង​ប្រទេស​ទាំង​ពីរ​ និងបន្ត​កិច្ច​សហប្រតិបត្តិការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ។
ដោយឡែកកាលពីថ្ងៃ​ទី​ ០៥​ ខែមេសា​​ ស្នងការ​រង​ទទួល​ផែន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុនៃស្នងការខេត្តស្ទឹង ត្រែង លោក ស្រី​ សុ​វ​ណ្ណា​​ បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ លោក​​ ដ​ន​ គី​វ​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ កងទ័ព​ប្រជាជន​វៀតណាម​ ដែល​អញ្ជើញ​មក​ជូនពរ​ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។
តាមការចុះផ្សាយដដែលនារសៀលថ្ងៃទី៥ ខែមេសា ដដែលនោះ នៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានអនុញ្ញាតឲ្យគណៈប្រតិភូយោធភូមិភាគទី៧ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោក PHAM VAN DY មេបញ្ជាការយោធភូមិភាគទី៧ ចូលជួបពិភាក្សាការងារ និងជូនពរក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមការចុះផ្សាយដដែលនៅក្នុងជំនួបនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំដែងនូវ​ការស្វាគមន៍ និងថ្លែងអំណរគុណដល់ មេបញ្ជាការយោធភូមិភាគទី៧ លោក PHAM VAN DY និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។
ការចុះផ្សាយនោះបន្តលើកប្រសាសន៍លោក នេត សាវឿន ថាកម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងមិត្តភាព សាមគ្គីភាព ក៏ដូចជាការរួមគ្នាបង្ការ ទប់ស្កាត់ បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន អំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន៕

លោក ហ៊ុន សែន គិត​គូ​ធ្វើ​ច្បាប់​ប្រឆាំង​ព័ត៌មាន​មិន​ពិត ស្រប​ពេល​ដែល​ខ្លួន​លោក ប្រើ​ព័ត៌មាន​មិន​ពិត​ជា​លេស​បង្ក្រាប​សំឡេង​ប្រឆាំង

មន្រ្តី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា នេះ​ថា ឥឡូវ​នេះ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ កំពុង​ពិនិត្យ​លទ្ធភាព ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ ជុំវិញ​ការ​បង្ក្រាប​ព័ត៌មាន​មិន​ពិត ក្រោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្តួចផ្តើម​ឲ្យ​មាន​ច្បាប់​នេះ កាល​ពី​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ ជា​មួយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក នៅ​ខេត្ត​សៀមរាប ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣ របស់​គណៈកម្មាការ​ទន្លេ​មេគង្គ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា។ មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ យល់​ស្រប​គ្នា​ថា ត្រូវ​តែ​បង្កើត​ច្បាប់​នេះ ដើម្បី​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ រវាង​ប្រទេស​ទាំង​ពីរ៖ «បាទ! អាហ្នឹង​ឯកភាព​គ្នា រវាង​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ដើម្បី​មាន​វិធានការ​ទប់​ស្កាត់ ព័ត៌មាន​ក្លែងក្លាយ ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​ទំនាក់​ទំនង ​មិត្តភាព សាមគ្គីភាព​ និង សហប្រតិបត្តិការវាង​ប្រទេស​ទាំងពីរ​ ចៀសវាង​មាន​ការ​ញុះញង់ មានការ​លាបពណ៌ ​ឬមួយក៏ការ​បង្កើត​ ប្រឌិតព័ត៌មាន​សិប្បនិម្មិត​អី»
ទោះបីជា​លោក ហ៊ុន សែន កំពុង​គិតគូ ឲ្យ​​ធ្វើ​ច្បាប់​ប្រឆាំងព័ត៌មានមិនពិត ដែលលោក សុខ ឥសាន អះអាងថា ដើម្បី​ទប់ទល់ការ​យល់​ច្រឡំ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេសកម្ពុជា និង វៀតណាម​ យ៉ាង​ណាក្តី គឺលោក ហ៊ុន សែន ខ្លួន​ឯង​ឯណោះទៅវិញទេ ដែលកំពុង​ប្រើប្រាស់​ប្រព័ន្ធឃោសនារបស់លោក ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ រវាង​ប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក និង កំពុង​ប្រើប្រាស់​ព័ត៌មាន​មិនពិត​ទាំងនេះ ដើម្បី​ជា​លេស​ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង។ សារព័ត៌មាន The Nation ចេញ​ផ្សាយ​កាលពីចុង​ឆ្នាំ​ ២០១៧ បាន​រយនាម​ប្រព័ន្ធឃោស​របស់លោក ហ៊ុន សែន ជាពិសេស​សារព័ត៌មាន the Fresh News ដែល​គេមើលឃើញថា ជាឧបករណ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត ដូចជាការ​ចោទប្រកាន់​មន្រ្តីអាមេរិក និង សហរដ្ឋអាមេរិក ថា​សមគំនិត​គ្នា​ជាមួយ​មន្រ្តីបក្សប្រឆាំង ដើម្បី​ផ្តួល​រំលំ​របបលោក ហ៊ុន សែន ជាដើម។ សារព័ត៌មាន The Fresh News ដដែលនេះ ត្រូវបានអង្គការអ្នកកាសែត​គ្មាន​ព្រំដែន ចាត់ចំណាត់ថ្នាក់ថាជា “រោងចក្រ​ផលិត​ព័ត៌មានមិន​ពិត” ក្នុង​របាយការណ៍កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨។
ចំពោះការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក ដែល​ជា​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នេះ លោក សុខ ឥសាន អះអាង​ថា ច្បាប់​ថ្មី​ស្តីពី​ការ​បង្ក្រាប​ព័ត៌មាន​មិន​ពិត​នេះ នឹង​ចាត់ការ​រាល់​បុគ្គល និង​អង្គភាព​ព័ត៌មាន​ទាំងអស់​ ដែល​ល្មើសច្បាប់៖ «ខ្ញុំ​យល់ថា ច្បាប់​មិន​សំដៅ​មុខ​ព្រួញ​អនុវត្ត​លើ​បុគ្គល​ណា​មួយ​ទេ ពោល​គឺ សំដៅ​ជា​ទូទៅ ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ទាំង​អស់​គ្នា មិន​សំដៅ​ថា ប្រភព​មក​ពី​ខាង​ណា ហើយ​ត្រូវ​តែ​ទទួល​ខុសត្រូវ​​ចំពោះ​មុខ​ច្បាប់ ហើយ​ប្រភព​ខាង​ណេះ​ មិន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ មិន​អ៊‍ីចឹង​ទេ។ ខ្លឹមសារ​ច្បាប់​មាន​វិសាលភាព​អនុវត្តន៍ គ្រប់​មុខ​សញ្ញា​ទាំង​អស់ ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស ដែល​ចេញ​ព័ត៌មាន​មក​នោះ។ ឲ្យ​តែ​យើង​មាន​ភ័ស្តុតាង ចូល​ទៅ​ក្នុង​ក្របខណ្ឌ ដែល​មាន​ចែង​ក្នុង​ច្បាប់ សុទ្ធតែ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដូចៗ គ្នា»
ទោះ​បី​ជា​លោក សុខ សាន អះអាង​ថា ការ​អនុវត្ត​ច្បាប់ មាន​ភាព​ស្មើភាព​គ្នា​នៅ​កម្ពុជា​យ៉ាង​ណា​ក្តី កន្លង​មក​ចំណាត់ការ​លើ​សំឡេង​ប្រឆាំង​របប​លោក ហ៊ុន សែន ច្រើន​តែ​កើត​មាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​ចំណាត់ការ​លើ​អ្នក ដែល​នៅ​ក្រោម​ចំណុះ​របប​លោក៕

Sunday, March 11, 2018

ភរិយា ​លោក ​កែម​ ឡី ​អំពាវ​នាវ​ឲ្យ​ចូល​រួម​បាតុកម្ម​ប្រឆាំង ​លោក ​ហ៊ុន ​សែន

បន្ទាប់ពីបានសិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី​ ភរិយា​លោក​បណ្ឌិត​ កែម​ ឡី ​គឺ​អ្នក​ស្រី ​ប៊ូ ​រចនា​ បាន​ចេញមុខ​តាម​​បណ្តាញ​ផ្សព្វ​ផ្សាយ​ ដោយ​​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​​នៅក្រៅ​​ប្រទេស​​ចូល​រួម​​ធ្វើ​​បាតុកម្ម ​នៅពេល​​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា ​លោក ​ហ៊ុន​ សែន​ ទៅ​​ចូល​​រួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​-​អូស្រ្តាលី​នៅ​សប្តាហ៍​ក្រោយនេះ​។ ​ចំណែក​ លោក​ ហុង​ លីម​ តំណាង​រាស្ត្រ​អូស្រ្តាលី​ ដែល​មាន​ដើម​​កំណើត​​ខ្មែរ​ បាន​អះអាងថា ​នេះជា​ការ​លើក​​ទឹក​​ចិត្ត​​ឲ្យ​​មាន​អ្នក​ចូលរួម​បាតុកម្ម​​កាន់​តែច្រើន​ ប៉ុន្តែ​​​រដ្ឋាភិបាលកម្ពុជា​​ ឆ្លើយតប​ថា ​វានៅ​តែ​គ្មាន​ឥទ្ធិ​ពលណា​មួយ​​មក​​លើ​​ខ្លួន​​ដដែល​។ ​
វាជាលើកទី១ហើយ ដែល​អ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី ចេញមុខ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរនៅឯនាយសមុទ្រ​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមានមេដឹកនាំ​កម្ពុជា។
ក្នុង​វីដេអូ​ដែលមានរយៈពេល​តែ១៧វិនាទីដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អាទិត្យ​នេះ អ្នកស្រី ប៊ូ រចនា បានលើកដៃ​សំពះ ហើយ​អំពាវនាវ​​ឲ្យ​ពលរដ្ឋខ្មែរ​នៅទីក្រុង​ស៊ីដនី ចូលរួមបាតុកម្មជាមួយលោក​ស្រី ​នៅថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​ក្រោយ​នេះ។
ចំណែក លោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋ​វិចតូរីយ៉ា ប្រទេស អូស្រ្តាលី ដែលមានដើម​កំណើត​ខ្មែរ បានអះអាងថា ការអំពាវនាវរបស់​ភរិយា លោកកែម ឡី គឺជាការលើក​ទឹក​ចិត្ត​ឲ្យ​មានអ្នកចូលរួមបាតុកម្ម​កាន់តែច្រើន មក​ពីបណ្តា​រដ្ឋនានា​នៅប្រទេស​អូស្រ្តាលី។ លោក ហុង លីម ដែលតែងតែ​រិះគន់​មិន​សំចៃមាត់​លើ​រដ្ឋាភិបាលកម្ពុជា បានគូស​បញ្ជាក់​បន្ថែម​ថា ​ពីដំបូងឡើយលោក​មិនជឿថា ​អ្នកស្រី ប៊ូ រចនា មានទឹក​ចិត្ត​ក្លាហាន​ក្នុង​ការ​ចេញ​មុខទាមទាររក​យុត្តិធម៌ជួន លោក កែម ឡី យ៉ាងដូច្នេះឡើយ។
បើតាមលោក ហុង លីម បាតុកម្ម​របស់​ពលរដ្ឋខ្មែរ ​នឹង​ធ្វើ​ឡើងនៅ​ទីតាំងសំខាន់​ៗ ដែល​លោក​ហ៊ុន សែន ឆ្លងកាត់ និង​ស្នាក់នៅ ដូចជាសណ្ឋាគារ ​ភោជនីដ្ឋាន និង​នៅមុខ​សាលា​ក្រុង​ស៊ីដនីជាដើម។
ក៏ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​បាតុកម្មប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ពេល​​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី ទៅលើ​អាជ្ញាធរ​របស់​ប្រទេសនេះតែម្តង។
បើតាមលោក សុខ ឥសាន ទោះបីជាមានការ​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំយ៉ាងណា​ក៏ដោយ ក៏វាមិនមានឥទ្ធិពល​អ្វីសោះឡើយ​មក​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា។ នោះគឺ​លោក​នាយក​រដ្ឋមន្រ្តី​ច្បាស់ហើយ​ថា​នឹងនៅតែ​ទៅ​ចូល​រួមកិច្ច​ប្រជុំ​នៅ​ទី​នោះ​ដោយ​សង្ឃឹមថា​នឹង​មាន​អ្នក​គាំទ្រលោក​ច្រើនជាង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​។
សូមបញ្ជាក់ដែរថា មិនមែនមានតែ​ពលរដ្ឋខ្មែរ​នៅអូស្រ្តាលីទេ​ ដែល​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​វត្តមាន​មេដឹកនាំរបស់​ខ្លួន។ ក្នុង​ពេល​ជាមួយ​គ្នា ប្រជាជនថៃនៅអូសស្រ្តាលី គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា។ ចំណែក​​ប្រជាជន​ហ្វីលីពីន​ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំងលោកប្រធានាធិបតី ឌុយទែ តេ។ ប៉ុន្តែលោក ឌុយទែ តេ បានលុប​ចោល​ដំណើរទស្សនៈនោះវិញ៕

លោក សុខ ឥសាន៖ តុលាការកាត់ក្តីផ្អែកលើអំណាចពលរដ្ឋ

នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នតុលាការថា កំពុងតែបំពេញតួនាទីបានត្រឹមត្រូវតំណាងឲ្យផលប្រយោជន៍ពលរដ្ឋ និងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។​
ក្នុងកិច្ចពិភាក្សាស្តីពីដំណើរការប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភា កាលពីម្សិលមិញលោក សុខ ឥសានលើកឡើងថា ប្រជាធិបតេយ្យផ្អែកដំណើរការអំណាច បីគឺ នីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងអំណាចតុលាការ។
ពាក់ព័ន្ធដំណើរការតុលាការលោកថា រាល់ការកាត់ក្តីគឺផ្អែកទាំងស្រុងលើអំណាចពលរដ្ឋ។​
លោកលើកឡើងថា៖«ចៅក្រមកាត់ក្តីមិនមែនផ្អែកលើចិត្តខ្លួនឯងទេគឺត្រូវតែផ្អែកលើ អំណាច ពលរដ្ឋ ការកាត់សេចក្តីរឿងអីមួយគឺត្រូវតែតាមអំណាចពលរដ្ឋហ្នឹង បញ្ជាគាត់ឲ្យកាត់»
លោកសុខ ឥសានក៏បានរំឭកថា បច្ចុប្បន្នមានស្ថាប័នពីរទៀតដែលជួយធានាពីការអនុវត្ត បានត្រឹមត្រូវរបស់ស្ថាប័នតុលាការគឺ ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។​
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងការពារចំពោះការចោទ ប្រកាន់ថា តុលាការបច្ចុប្បន្នកំពុងកាត់ក្តីដោយលម្អៀង។
លោកថ្លែងថា៖​«កន្លងទៅមានការចោទប្រកាន់ថា តុលាការមានភាពអយុត្តិធម៌ណាស់។ ប៉ុន្តែ ខ្ញុំថា នេះជាការយល់ឃើញថា ជាសិទ្ធិបញ្ចេញមតិក៏ប៉ុន្តែឲ្យតុលាការងាកទៅខាងណា? អ្នកឈ្នះក្តីថា តុលាការល្អណាស់ ឯកភាពហើយតុលាការយុត្តិធម៌ណាស់ ក៏ប៉ុន្តែអ្នកចាញ់ក្តីថា តុលាការ អយុត្តិធម៌ណាស់។ តើឲ្យងាកទៅខាងណា? ខ្ញុំយល់ថា បើយកសម្តេចសង្ឃមកធ្វើ ជាប្រធាន តុលាការក៏នៅតែដូចគ្នាចឹងដែរ។ អ្នកចាញ់ថា សម្តេចសង្ឃអយុត្តិធម៌ អ្នកឈ្នះថា សម្តេច សង្ឃយុត្តិធម៌។ បញ្ហាសំខាន់គោលការណ៍ច្បាប់»។​
នៅក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត បានថ្លែង ក្តីបារម្ភប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល​កម្ពុជាថា ការបង្កើតច្បាប់និង អនុវតន៍ច្បាប់ថ្មីៗកំពុង ប៉ះពាល់ការរំលោភ សិទ្ធិមនុស្ស។​

Tuesday, March 6, 2018

លោក​ស្រី រ៉ូណាស្មីត ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌

លោកស្រី ​រ៉ូ​ណា​ស្មី​ត ​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​ខាង​​សិទ្ធិមនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា ​កំពុង​​បំពេញ​​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​​កម្ពុជា​​ចាប់​តាំង​ពី​​ថ្ងៃ​​ចន្ទ​​ដើម​សប្តាហ៍​នេះ​មក​​។ ​នៅថ្ងៃ​នេះ ​លោក​ស្រី​​បាន​​ជួប​​ជា​មួយ​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​កម្ពុជា ​ដោយ​បាន​​បង្ហាញ​​ការ​ព្រួយបារម្ភ​​ពី​​វិសោធនកម្ម​​ច្បាប់​រដ្ឋធម្មនុញ្ញ ​និង​​វិសោធនកម្ម​​ក្រម​ព្រហ្មទណ្ឌ​​ថ្មី​ថា ​គឺ​ជា​​ការ​​រិត​ត្បិត​​សិទ្ធិសេរីភាព​​នៃ​​ការ​បញ្ចេញ​មតិ​​នៅ​​កម្ពុជា​។ ​ប៉ុន្តែ​​ក្រសួង​យុត្តិធម៌​​បាន​​ពន្យល់​​ត្រលប់​​ទៅ​វិញ​​ថា ​ការ​លើក​ឡើង​​របស់​លោក​​ស្រី​​ធ្វើ​ឡើង​​តាម​​របាយការណ៍​​របស់​​បក្ស​ប្រឆាំងប៉ុណ្ណោះ​។
បញ្ហា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា គឺជា​របៀបវារៈ​សំខាន់​មួយ​ក្នុងចំណោម​របៀបវារៈ​មួយចំនួនទៀត ដែល​ត្រូវ​បានលើកឡើង​ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា​ស្មី​ត នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា លោក​អង្គ វង្ស​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ អង្គារ ទី៦ មីនា។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោកស្រី រ៉ូ​ណា​ស្មី​ត បានលើកឡើង​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ប្រទេស​កម្ពុជា បន្ទាប់ពី​បានធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោកស្រី​បាន​ចាត់ទុកថា គឺជា​ការ​រិត​ត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ចាត់ទុកថា ការលើកឡើង​របស់លោក​ស្រី គឺ​ផ្អែកលើ​របាយការណ៍​ពី​ក្រុមប្រឆាំង ហើយ​ចាំបាច់​ក្រសួងយុត្តិធម៌​បាន​ពន្យល់​ទៅកាន់​លោកស្រី​វិញភ្លាមៗដែរ។
សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី៥ មីនា​មក ដើម្បី​ពិនិត្យមើល​ឡើងវិញ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​អនុសាសន៍​របស់លោក​ស្រី ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០១៧ ។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល ១០ ថ្ងៃនេះ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជា​មួយ​​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការ​ទូត​​នានា។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​របស់លោក​ស្រី។
ក្រៅពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​នេះ ភាគី​របស់​អ្នកស្រី​រ៉ូ​ណា​ស្មី​ត ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​ដំបូង លើ​សេចក្តីព្រាងច្បាប់​ស្តីពី «ពរ​ពោះ​ជំនួស» ក្រោម​ជំនួយ​គាំទ្រ​ប្រឹក្សា​យោបល់​របស់​អង្គការសហប្រជាជាតិ (អ.ស.ប )។ បើតាម​លោក ជីន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា លោកស្រី​រ៉ូ ណា​ស្មី​ត បាន​សន្យា​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​នេះ​បន្តទៀត៕

Monday, February 12, 2018

ក្រុម​មេធាវី​គ្រោង​ស្នើ​សុំ​តុលាការ​នាំ​យក​លោក កឹម សុខា ទៅ​ព្យាបាល​ជំងឺ

លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​កំពុង​ហ៊ុម​ព័ន្ធ​ដោយ​ជំងឺ​ផ្សេងៗ ហើយ​កំពុង​ត្រូវ​បាន​តាម​ដាន និង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ប្រចាំ​នៅ​ពន្ធនាគារ។ ក៏​ប៉ុន្តែ​ការ​តាម​ដាន​និង​ព្យាបាល​នេះ ក្រុម​មេធាវី​លោក ​កឹម សុខា បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មិន​ទាន់​គ្រប់​គ្រាន់​ដែល​ធានា​ឲ្យ​លោក ​កឹម សុខា ​មាន​សុខភាព​ល្អ​ឡើង​វិញ​ឡើយ។ ដូច្នេះ​ក្រុម​មេធាវី​គ្រោង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​នាំ​យក​លោក ​កឹម សុខា ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ។
សហមេធាវី​ម្នាក់​របស់​លោក ​កឹម សុខា ​គឺ​លោក ​ផែង ហេង បាន​អះអាង​ថា នៅ​ពេល​នេះ លោក​ កឹម ​សុខា កំពុង​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ សំពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ជា​ពិសេស​នោះ គឺ​លោក​កំពុង​រង​នូវ​ការ​ឈឺ​ចាប់​ដោយ​ជំងឺ​គាប​សរសៃ​នៅ​ស្មា​ខាង​ឆ្វេង ដែល​ធ្វើ​ឲ្យ​លោក​សម្រាក​មិន​សូវ​បាន​ដូច​មុន។ តាម​លោក​មេធាវី​ ផែង ហេង ជំងឺ​គាប​សរសៃ​នៅ​ស្មា​ខាង​ឆ្វេង​របស់​លោក​ កឹម សុខា​នេះ គឺ​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​តម្រូវ​​ឲ្យ​លោក​វះ​កាត់​ម្តង​រួច​មក​ហើយ​តាំង​តែ​ពី​លោក​មិន​ទាន់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មក​ម្ល៉េះ តែ​កាល​ណោះ​លោក​បាន​ខក​ខាន។ ដូច្នេះ​ហើយ​ទើប​ពេល​នេះ វា​បង្ក​ការ​ឈឺ​ចាប់​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះ​កាត់។
ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក​មេធាវី​ ផែង ហេង បាន​បញ្ជាក់​ថា ក្រុម​មេធាវី​នឹង​រៀប​ចំ​លិខិត​ស្នើ​សុំ​ផ្លូវ​ការ​មួយ​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​នាំ​យក​លោក​ កឹម សុខា ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ។ ក៏​ប៉ុន្តែ​លោក​មេធាវី មិន​បាន​បង្ហាញ​ឲ្យ​ជាក់​លាក់​ទេ ថា​តើ​នឹង​ដាក់​ទៅ​កាន់​តុលាការ​នៅ​ពេល​ណា​មួយ​នោះ តែ​គ្រាន់​តែ​ថា​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
លោក​ សុខ ឥសាន អ្នក​នាំ​គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ការ​អះអាង​របស់​ក្រុម​មេធាវី លោក ​កឹម សុខា ​នេះ​ថា​ ជា​វោហារសាស្ត្រ​នយោបាយ​ចង់​បាន​ការ​ដោះ​លែង​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ ។ តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មេធាវី​បាន​ចាប់​អារម្មណ៍​ពី​អាយុ​ជីវិត​របស់​កូន​ក្តី តែ​មេធាវី​មិន​បាន​គិត​ពី​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដែល​មិន​ដឹង​ជា​ប៉ុន្មាន​នាក់​ត្រូវ​បាត់​បង់ បើ​សិន​ណា​ជា​អំពើ​ឃុប​ឃិត​ជាមួយ​បរទេស​ចង់​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដូច​ពី​អតីតកាល​មក​ដាក់​នៅ​កម្ពុជា​ជា​ថ្មី​នោះ។ លោក​ សុខ ឥសាន ថែម​ទាំង​ប្រៀប​ធៀប​អាយុ​ជីវិត​របស់ កឹម សុខា ជាមួយ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដោយ​គូស​បញ្ជាក់​ថា​ខុស​គ្នា​ឆ្ងាយ​ណាស់។ ដូច្នេះ​សម្រាប់​លោក​ សុខ ឥសាន សុំ​កុំ​យក​អាយុ​ជីវិត​លោក​ កឹម សុខា​ ម្នាក់​មក​ដាក់​ពី​លើ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​អី វា​មិន​បាន​សម្រេច​តាម​ចិត្ត​ចង់​នោះ​ទេ ។
សម្រាប់​លោក​មេធាវី​ ផែង ហេង​វិញ គម្រោង​ស្នើ​សុំ​នេះ មិន​មែន​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នោះ​ទេ​ តែ​ជា​ការ​នាំ​ទៅ​ព្យាបាល​ជំងឺ​ដែល​កំពុង​កើត​មាន​ជាក់​ស្តែង​លើ​លោក​ កឹម សុខា។ មេធាវី​ដែល​តែង​តែ​ចូល​ទៅ​ជួប​លោក​កឹម សុខា​ញឹក​ញាប់​រូប​នេះ លើក​ឡើង​ថា ការ​នាំ​យក​លោក​ កឹម សុខា ទៅ​ព្យាបាល​ជំងឺ​នេះ​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នីតីវិធី​លើ​សំណុំ​រឿង​លោក​ កឹម សុខា​ ឡើយ ហើយ​ថា នៅ​ពេល​ណា​ដែល​លោក​ កឹម សុខា ទទួល​បាន​ការ​ព្យាបាល​រួច​ហើយ​នោះ គឺ​អាច​នាំ​យក​លោក​ កឹម សុខា មក​បន្ត​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​វិញ​បាន៕

លោក សម រង្ស៊ី៖ ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ!

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បាន​អះ​អាង​ថា លោក​មិន​មែន​ជា​ «ភេរវករ» និង «ឧទ្ទាម» ​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ផ្ដាំ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​វិញ​ថា «ឈប់​ឆ្កួត​ទៅ!»
លោក សម រង្ស៊ី បាន​ប្រតិកម្ម​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចោទ​គូ​ប្រជែង​នយោបាយ​របស់​លោក​ថា ជា​«មេ​ភេរវករ​»ដ៏​ធំ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​ដល់​កម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​​កាល​ពី​ថ្ងៃ​ទី​០១​កុម្ភៈ​ថា៖ «ហើយ​ខ្ញុំ​សូម​ផ្ដាំ​កុំ​មក​អាស៊ី​ឲ្យ​សោះ! សូម​កុំ​មក​ក្បែ​រ​អាស៊ី! បើ​អ្នក​ឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នក​ឯង​ទាល់​តែ​បាន។ ឥឡូវ​នេះ គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ មិន​មែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ប៉ុន្តែ ជា​ភេរវករ​តែ​ម្ដង ជា​អង្គការ​ភេរវកម្ម»
ជា​ប្រតិកម្ម​តបទៅ​វិញ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បីគេច​ចេញ​ពី​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​កម្ពុជា​នោះ បាន​បញ្ជាក់​ថា លោក​មិន​មែន​ជា «ភេរវករ» និង​ជា «ឧទ្ទាម»​ទេ។
លោក សម រង្ស៊ី រៀបរាប់​ថា៖ «ហ៊ុន សែន អើយ! ឈប់​ឆ្កួត​ទៅ! បើខ្ញុំជាភេរវករ និងជាឧទ្ទាមមែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំនៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារាមខ្មែរទូទាំងពិភពលោក ហើយក៏មិនមែនឥស្សរជនជាន់ខ្ពស់នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្តឲ្យខ្ញុំក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​»
លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា ជា​«ភេរវករ» និង​ជា​«ឧក្រិដ្ឋជន​ក្បត់​ជាតិ» ដោយ​ថា​ បាន​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​ប្រព័ន្ធ​រដ្ឋ​មួយ​ដែល​លោក សម រង្ស៊ី ហៅ​ថា «ព្រៃ​ផ្សៃ»
លោក ហ៊ុន សែន បាន​ចោទ​គូ​ប្រជែង​នយោបាយ​របសើ​លោក​ថា​ជា «ភេរវករ» បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ខែ​មករា​កន្លង​មក ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ឬ Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា នៅ​ក្នុង​រយៈ​ពេល ៣​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...