លោកស្រី រ៉ូណាស្មីត
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
កំពុងបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក។
នៅថ្ងៃនេះ
លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា
ដោយបានបង្ហាញការព្រួយបារម្ភពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌថ្មីថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែក្រសួងយុត្តិធម៌បានពន្យល់ត្រលប់ទៅវិញថា
ការលើកឡើងរបស់លោកស្រីធ្វើឡើងតាមរបាយការណ៍របស់បក្សប្រឆាំងប៉ុណ្ណោះ។
បញ្ហាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា
គឺជារបៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈមួយចំនួនទៀត
ដែលត្រូវបានលើកឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
លោកស្រី រ៉ូណាស្មីត
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោកអង្គ
វង្សវឌ្ឍនា កាលពីព្រឹកថ្ងៃ អង្គារ ទី៦ មីនា។
បើតាមការឲ្យដឹងពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ
លោកស្រី រ៉ូណាស្មីត
បានលើកឡើងពីក្តីព្រួយបារម្ភចំពោះប្រទេសកម្ពុជា
បន្ទាប់ពីបានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
ដែលលោកស្រីបានចាត់ទុកថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចាត់ទុកថា
ការលើកឡើងរបស់លោកស្រី គឺផ្អែកលើរបាយការណ៍ពីក្រុមប្រឆាំង
ហើយចាំបាច់ក្រសួងយុត្តិធម៌បានពន្យល់ទៅកាន់លោកស្រីវិញភ្លាមៗដែរ។
សូមបញ្ជាក់ថា លោកស្រី
រ៉ូណាស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីចាប់តាំងពីថ្ងៃចន្ទ
ទី៥ មីនាមក
ដើម្បីពិនិត្យមើលឡើងវិញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងអនុសាសន៍របស់លោកស្រី
ដែលបានដាក់ជូនរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ ។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ អ្នកជំនាញរូបនេះ
គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល
តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរបស់លោកស្រី។
ក្រៅពីបញ្ហាសិទ្ធិបញ្ចេញមតិនេះ
ភាគីរបស់អ្នកស្រីរ៉ូណាស្មីត
ក៏បានបង្ហាញការគាំទ្រចំពោះប្រទេសកម្ពុជា
ដែលបានឆ្លងកាត់ដំណាក់កាលដំបូង លើសេចក្តីព្រាងច្បាប់ស្តីពី
«ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ
(អ.ស.ប )។ បើតាមលោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា
លោកស្រីរ៉ូ ណាស្មីត
បានសន្យាជួយដល់កម្ពុជាក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួសនេះបន្តទៀត៕
No comments:
Post a Comment