Thursday, December 14, 2017

សហរដ្ឋ​អាមេរិក​ទុក​ឱកាស​ឲ្យ​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​ឡើង​វិញ

ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក Patrick Murphy បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ បន្ទាប់​ពី​បាន​ចំណាយ​ពេល​២​ថ្ងៃ។ មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧបការីរង បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ ដោយ​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ លោក Murphy ក៏​បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត បើ​ស្ថានការណ៍​បន្ត​ធ្ងន់​ធ្ងរ។
ការ​លើក​ឡើង​របស់​លោក​ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​ផ្អែក​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ, ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា។ នៅ​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​ក្រុម​អ្នក​កាសែត​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ឯ​និវេសនដ្ឋាន​នៃ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ មុន​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ លោក Patrick Murphy ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​ដែល​លោក​ចាត់​ទុក​ថា ជា​គុណ​វិបត្តិ​នោះ ឲ្យ​វិល​មក​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ ហើយ​ថា សហរដ្ឋ​អាមេរិក អាច​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសាសន៍​របស់​ខ្លួន។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​នោះ​ថា គឺ​ដើម្បី​ការពារ​ប្រទេស​កម្ពុជា ពី​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​បាន​ថ្លែង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដែល​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​ពី​ប្រទេស​ណា​មួយ ឲ្យ​ប្រឆាំង​នឹង​នីតិរដ្ឋ ឬ​ស្ថាប័ន​កំពូល​របស់​ខ្លួន​នោះ​ទេ។
គួរ​ជំរាប​ជូន​ថា សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​បាន​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ឈប់​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ផ្តល់​ទិដ្ឋាការ​ (VISA) ដល់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោម​ហេតុ​ផល​ថា ​បាន​រួម​ចំណែក​បំផ្លាញ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​ ១២ ធ្នូ អនុគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក​ ក៏​ទើប​តែ​បាន​បើក​សវនាការ​មួយ​ទៀត ដើម្បី​ស្វែង​រក​ការ​ចាត់​វិធានការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក​ឧបការីរង​បាន​លើក​ឡើង​ថា រាល់​ជំហាន​ទាំង​អស់​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​កម្ពុជា គួរ​ត្រូវ​បាន​ត្រលប់​ថយ​ក្រោយ។
សូម​បញ្ជាក់​ថា លោក Patrick Murphy ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ឥត​ព្រៀង​ទុក កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ តួ​យ៉ាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា, លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ជំនួប​ដែល​ភាគ​ច្រើន​បាន​លើក​ឡើង​អំពី​ការ​ស្តារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​ទាក់​ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ៕

គជប៖ ​សហភាព​អឺរ៉ុបមិន​ត្រូវ​យក​បញ្ហា​តុលាការ​និង​នយោបាយ ភ្ជាប់​ជាមួយ​ការងារ​បច្ចេកទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​ទៅ​កាន់​សហភាព​អឺរ៉ុប​ថា មិន​ត្រូវ​យក​បញ្ហា​នយោបាយ​និង​រឿង​តុលាការ មក​ដោះ​ស្រាយ​ការងារ​បច្ចេកទេស​របស់ គជប ទេ។ ការ​លើក​ឡើង​របស់ គជប យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ដែល​មាន​ខ្លឹមសារ​​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ចំពោះ គជប ដោយ​សារការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល​កម្ពុជា​។
នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​​ថ្ងៃ​ទី​១៣ខែ​​ធ្នូ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប មក​កាន់ គជប​។ សម្រាប់ គជប សហភាព​អឺរ៉ុប​គួរ​តែ​យល់​ថា គជប គឺ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស។ និង​ថា សហភាព​អឺរ៉ុប មិន​ត្រូវ​យក​រឿង​តុលាការ និង​បញ្ហា​នយោបាយ មក​ដោះ​ស្រាយ​ជាមួយ​ការងារ​បច្ចេកទេស​របស់ គជប ទេ​។
គួរ​ជម្រាប​ជូន​ថា មួយ​ថ្ងៃ​មុនការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់ គជប ពោល​គឺនៅ​ថ្ងៃ​ទី​១២​ធ្នូ សហភាព​អឺរ៉ុប បាន​ប្រកាស​ព្យួរ​ជំនួយ​របស់​ខ្លួន​សម្រាប់ គជប​ ដោយ​ផ្អែក​លើ​មូលហេតុ​ថា តុលាការ​កំពូល​កម្ពុជា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​។ សហភាព​អឺរ៉ុប យល់​ឃើញ​ថា ការ​រំលាយ​បក្ស​ប្រឆាំង​ដូច្នេះ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​​ដំណើរការ​បោះ​ឆ្នោត ដោយ​វា​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ស្រប​ច្បាប់​។
ប៉ុន្តែ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប គជប បាន​ចោទ​សួរ​ថា តើ​មាន​ហេតុផល​អ្វី​ដែល​អាច​វាយ​តម្លៃថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ មិន​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ខណៈ​ពេល​ដែល​មេ​ដឹក​នាំ គជប នៅ​ដដែល, សមាជិក គជប ភាគ​ច្រើន​នៅដដែល, និង​មន្ដ្រី គជប រាប់​រយ​នាក់​នៅ​ដដែល​? គជប បាន​បញ្ជាក់​អះអាង​បន្ត​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គជប នៅ​តែ​រក្សា​គោលដៅ​ចម្បង​២​ដដែល គឺ​ទី​១៖ ពលរដ្ឋ​ខ្មែរត្រូវ​មាន​ឈ្មោះ​ត្រឹម​ត្រូវ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយទី​២៖ ​សិទ្ធិ​សម្ដែង​មតិ​តាម​រយៈ​សន្លឹក​ឆ្នោត​ត្រូវ​តែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​បំផុត គ្មាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ទេ​។
ទន្ទឹម​គ្នា​នេះ គជប បាន​សង្កត់​ធ្ងន់​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​កន្លងមក​ជាមួយ​ភាគី​ពាក់ព័ន្ធ គឺ​ធ្វើ​ឡើង​ដោយ​សុឆន្ទៈ ហើយ​ខ្លួន​ស្វាគមន៍​តែចំពោះ​ជំនួយ​អន្ដរជាតិ​ណា​ដែល​ប្រកប​ដោយ​សុឆន្ទៈ​ដូច​គ្នា​ដែរ​។ ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​មក​កាន់​គជប គជប យល់​ថា វា​ជា​សិទ្ធិ​យល់​ឃើញ​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​សម្រាប់ គជប ខ្លួន​ឯង គឺ​បាន​គ្រោង​ថវិកា​គ្រប់​គ្រាន់​ហើយ​។
សូមជម្រាប​ជូន​ដែរ​ថា នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ និង​២០១៧​កន្លង​ទៅ គជប បាន​ចំណាយ​ថវិកា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​អស់​ប្រមាណ​៥០​លាន​ដុល្លារ​។ ក្នុង​នោះ ជំនួយ​របស់​សហភាព​អឺរ៉ុប​មាន​ជាង​៥​លាន​ដុល្លារ ដែលអាច​​រាប់​ថា​ជា​ជំនួយ​មួយ​សំខាន់​ដែរ​៕

អាមេរិកប្រាប់កម្ពុជា​ឲ្យ​វិល​ទៅ​រក​គន្លងលទ្ធិប្រជាធិបតេយ្យវិញ

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជា​​ងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែម​ទៀត ប្រសិន​បើ​ប្រទេស​នេះ​មិនធ្វើឲ្យដំណើរការប្រជាធិបតេយ្បល្អប្រសើរ នៅមុនការបោះឆ្នោត ប៉ុន្ដែ កម្ពុជា​បានការពារចំណាត់ការរបស់ខ្លួន​ថា ជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។
ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​នោះ​ឡើយ ហើយ​នៅ​អំឡុង​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ួច បូរិទ្ធ។
​ទស្សន​កិច្ច​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ស្ថានភាព​តាន​តឹង ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។
ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានថ្លែង​ថា កម្ពុជា​បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យរបស់ខ្លួន បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួនលោក កឹម សុខា។ នេះដោយយោងតាមសារព័ត៌មាន Khmer Times។
បើតាមសារព័ត៌មាន Khmer Times លោក​ Patrick Murphy មានប្រសាសន៍ថា ដោយសារកម្ពុជាមិនគោរពកាតព្វកិច្ចរបស់ខ្លួននេះហើយ ទើបធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ដូចជា ការកាត់ផ្ដាច់ជំនួយសម្រាប់​ការ​បោះឆ្នោត និងទណ្ឌកម្មផ្នែកទិដ្ឋាការ​លើមន្ដ្រីជាន់ខ្ពស់ខ្មែរ ដែលអាមេរិក​ថា បានបំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា។
លោក​ Patrick Murphy ព្រមានទៀតថា​ បើកម្ពុជានៅតែរឹងរួស មិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេនោះ លោកថា អាមេរិក នឹងចាត់វិធានការបន្ថែមទៀត​លើរដ្ឋាភិបាលទីក្រុងភ្នំពេញ។​
លោក​ Patrick Murphy ត្រូវ​បាន​ដក​ស្រង់​ដែល​បាន​ថ្លែង​ថា​៖ «យើងសូមណែនាំថា ចំណាត់ការ ដែលបានធ្វើឡើងទាំងនោះ យើងសូមឲ្យមានកែប្រែ ទៅរកផ្លូវដដែលវិញ។ នៅពេលដែលយើងនិយាយថា មានក្ដីព្រួយបារម្ភ យើងក៏ចាំបាច់ ត្រូវតែមានវិធានការផ្សេង​ទៀត បើមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ វិលទៅរកផ្លូវដដែលទេនោះ»។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ូច បូរិទ្ធិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក Murphy កាល​ពី​ថ្ងៃ​អង្គារ​ថា ជំនួប​រវាង​រូប​លោក​ជាមួយ​លោក Murphy បាន​លើក​ឡើង​អំពី​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។
នៅ​ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​រូប​នេះ ក៏​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ដោយ​ថា ចំណាត់​ការ​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ការពារ​​ឯករាជ្យភាព សន្តិភាព និង​ស្ថេរភាព​កម្ពុជា។
ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់កាន់តែតានតឹងឡើង​ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅក្រោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ អាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា ប្រាស់ចាកពីការពិតទាំងស្រុង។
ទោះបីអាមេរិកបានបកស្រាយយ៉ាងនេះក្ដី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដចំណាត់ការរបស់ខ្លួន ដោយបានស្នើសុំឲ្យតុលការកំពូល​រំលាយអតីតគណបក្សប្រឆាំង និងនៅតែបន្ដឃុំខ្លួន​លោក កឹម សុខា ជាបណ្ដោះអាសន្ន ពីបទ «ក្បត់ជាតិ»។
សហគមន៍អន្ដរជាតិ បានថ្កោលទោសជាបន្ដបន្ទាប់ ដោយថា កម្ពុជា​កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ ប៉ុន្តែ មានតែប្រទេសកុម្មុនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខការពាររដ្ឋាភិបាលកម្ពុជា ក្នុងរឿងរំលាយអតីតបក្សប្រឆាំងនេះ៕

Wednesday, December 13, 2017

សភាអាមេរិកថា នឹងរកវិធានការបន្ទាប់ ក្រោយដាក់ទណ្ឌកម្មទិដ្ឋាការលើកម្ពុជា

ក្រុម​សមាជិក​សភាសអាមេរិក បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​នឹងស្វែងរកវិធានការជាបន្ដបន្ទាប់​ទៀត​សម្រាប់​ដាក់​មក​លើ​ប្រទេស​កម្ពុជា ដោយ​ថា ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេស​នេះ បន្ទាប់​ពី​​កម្ពុជាបាន​ចាត់​វិធានការ​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ហើយ​អាសនៈ​សភា និង​អាសនៈ​ជាប់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ។
ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ»។
វិធានការ​ថ្មីៗ​នេះ​របស់​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​អាមេរិក​គិត​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុងសវនាការមួយស្ដីអំពី «​ការ​ធ្លាក់​ចុះ​​នៃលទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា» នៅចំពោះ​មុខ​អនុគណៈកម្មាការទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់​មិញ​នេះ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចូលរួមជាសាក្សី និងបំភ្លឺពីបញ្ហានយោបាយ ដែលថា កំពុងមានភាពតានតឹងខ្លាំងនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ រួមមាន ការបិទអង្គការ NDI ការបន្ដឃុំខ្លួនឪពុក​របស់​កញ្ញា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ តាមសាលដីកាតុលាការកំពូលនោះ។
អំឡុង​ពេល​ផ្ដល់​សក្ខីកម្ម​នោះ កញ្ញា កឹម មនោវិទ្យា ក៏​បាន​ស្នើ​ទៅ​ក្រុម​សមាជិក​សភា​អាមេរិក​ផង​ដែរ ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ស្រោច​ស្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជា​ការ​ឆ្លើយ​តប​មក​វិញ ក្រុមសមាជិកសភាអាមេរិក រួមមានលោក Ted Yoho លោក Brad Sherman និងលោក Alan Lowenthal ជាដើម បានសំដែងក្ដីព្រួយបារម្ភរបស់ពួកគេ ក្រោយបាត់បង់អតីតគណបក្សសង្គ្រោះជាតិ ការបែងចែកអាសនៈសភារបស់បក្សនេះ ឲ្យទៅគណបក្សផ្សេង ដែលមិនបានជាប់ឆ្នោត និងការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមសមាជិកសភាអាមេរិកទាំងនោះ ជឿជាក់ថា អាមេរិក​នឹងពិនិត្យ​មើល​ជំនួយបរទេសរបស់ខ្លួនជាមួយកម្ពុជាឡើងវិញ ជាពិសេសនោះ គឺសហរដ្ឋអាមេរិក នឹងស្នើទៅ​បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ឲ្យ​ចូលរួមដោះស្រាយវិបត្តិនយោបាយនៅកម្ពុជានេះផងដែរ។
ថ្លែងក្នុងសវនាការនោះដែរ ប្រធានគណៈកម្មាការកិច្ចការបរទេស លោក Ed Royce មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ គឺជារដ្ឋាភិបាលផ្ដាច់ការ និងថា រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងរិះរកវិធានការជាបន្ដបន្ទាប់ ដើម្បីឲ្យកម្ពុជា​ងាកទៅ​ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោពសិទ្ធិមនុស្ស។
លោកថា៖ «រដ្ឋការលោក ដូណាល់ ត្រាំ បានឆ្លើយតបដោយជំហ៊ានជាវិជ្ជមានមួយចំនួន ដូចជាកាលពីសប្ដាហ៍មុន ដោយប្រកាសនៃការហាមឃាត់ផ្នែកទិដ្ឋាការលើអ្នកទាំងអស់នោះ ដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ នោះមិនមែនជាការបញ្ឈប់ត្រឹមហ្នឹងនោះទេ ហើយខ្ញុំរងចាំស្ដាប់ពីសាក្សី ថាតើ វិធានការអ្វី ដែលយើងគួរធ្វើ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ហើយជាអ្វី ដែលយើងស្នើសុំឲ្យអ្នកសាធារណរដ្ឋជុំវិញពិភពលោក និងអ្នកប្រជាធិបតេយ្យគ្រប់ស្ថាប័ន ឲ្យធ្វើការរួមគ្នា»។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់ចំពោះការបញ្ចេញទស្សនៈ​របស់ក្រុមសមាជិកសភាអាមេរិកទាំងនោះឡើយ ដោយថា កម្ពុជា​កំពុង​ដើរលើផ្លូវត្រូវ និងធ្វើតាមច្បាប់របស់ខ្លួន។
លោកថា៖ «ខ្ញុំយល់ថា កម្ពុជា ដើរលើផ្លូវត្រូវ ដែលកម្ពុជា បានកំណត់រួចហើយ ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រង់ថា អ្នកខាងក្រៅនិយាយថាម៉េច អាហ្នឹងជារឿងគេ ដែលមិនមានឥទ្ធិពលអ្វី មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជានោះទេ»។
សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ជុំ​វិញ​វិធានការ​ថ្មីៗ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា មាន​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​មួយ​ប៉ុណ្ណោះ បាន​គាំ​ទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ចាត់​ទុក​ជា​ការ​ថែរក្សា និង​ការពារ​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

លោក ហ៊ុន សែន ថាការបោះឆ្នោតនឹងដំណើរការទៅតាមច្បាប់របស់កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះ​អាង​នៅ​ថ្ងៃ​នេះ​ថា ការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ​ឆ្នាំ​២​០១៨​ខាង​មុខ​ នឹងនៅ​តែ​ប្រព្រឹ​ត្តិទៅ​តាម​ការ​​​​​​គ្រោង​ទុក បើទោះ​​បី​​គ្មានការទទួលស្គាល់​ពីតំ​ណា​ងអង្គ​ការស​ហ​​ប្រជា​ជាតិ​ក៏ដោ​យ​។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករ​នៅរាជធានីភ្នំពេញនាថ្ងៃទី១៣​ខែធ្នូនេះថា ដំណើរការបោះឆ្នោ​តនឹ​ងដំណើរការទៅតាមការគ្រោងទុក តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន ​ដើម្បីបន្តជំហានទៅមុខ ជំហាន​ដែ​​លប្រជាជនយើងត្រូវ​ការ​លទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងមិនក្លា​យទៅជាចំណា​ប់ខ្លាំងរបស់អ្ន​ក​ណាមួយទេ។ គ្មានការចូលរួម​របស់អ្នក ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ ហើយក៏ត្រូវ​តែ​យ​ល់​ឲ្យច្បា​ស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា សភាមានអាណត្តិ៥ឆ្នាំ។ សភាមិ​នអា​ចរំលា​យ​មុនអាណត្តិបានទេ»។
លោកនាយករដ្ឋមន្ត្រី​បាន​ថ្លែងទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនតម្រូវឲ្យ​ទៅចុះហ​ត្ថេលេខាពី​ប្រ​ធា​​​នាធិបតិយពីប្រទេសដទៃ ឬពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទើបគេហៅ​ការបោះ​​ឆ្នោតនោះ​ថា ​​​ស្រ​​បច្បាប់នោះដែរ។
លោកថ្លែង​បន្ត​ថា៖ «ប្រជាជនចូលរួមបោះឆ្នោត​ជាការគ្រប់គ្រាន់។ ឥឡូវប្រជាជនបានត្រៀមអស់ហើយ។ សម្រាប់កា​របោះ​ឆ្នោ​ត រា​ជរដ្ឋាភិ​បាលក៏មានទុនគ្រ​ប់គ្រាន់ហើយដែរសម្រាប់កា​របោះឆ្នោត។ កា​រចុះឈ្មោះធ្វើ​​បច្ចុ​ប្ប​ន្នភាពសម្រាប់ធ្វើបញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយដែរ»។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពេលដែលសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក និង​សភា​ពអឺរុ​ប កំពុងដាក់សម្ភាធ​ឲ្យដោះលែប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបើក​លទ្ធ​ភាព​ឲ្យ​​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងគ្មាន​ការគាំរាមកំហែងឡើងវិញ៕

លោក ហ៊ុន សែន​ ថាបោះឆ្នោត ​​​កម្ពុជា​មិន​តម្រូវ​ឲ្យ UN ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ទេ

ភ្នំពេញៈ លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន​ សែន​ បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា​ ​ច្បាប់​នៅ​កម្ពុ​ជាមិន​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​​អង្គការ​សហ​ប្រជា​ជាតិ​​ឬ​ប្រធានា​ធិបតី​នៃ​ប្រទេស​ណា​​មួយ ទើ​ប​បោះឆ្នោត​បាន​នោះ​ទេ​ ​ហើយ​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​បាន​ដោយ​មាន​​ប្រ​ជា​ជន​កម្ពុ​ជា​ចូល​រួម​ មាន​ន័យ​ថា​ គ្រប់​គ្រាន់​ហើយ​។​
​លោក​ហ៊ុន​ សែន ​បាន​ថ្លែង​ នៅ​ព្រឹក​មិញនេះ​ ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កម្មករ កម្មការិនី​ ដោយ​បាន​បញ្ជាក់​ថា​៖ «ច្បាប់រដ្ឋ​ធម្ម​នុញ្ញា នៅ​កម្ពុជា​មិន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​ពី​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ឬ​ប្រធា​នា​ធិ​ប​តី​ប្រ​ទេស​ដ​ទៃ ទើ​ប​ហៅ​ការ​បោះ​ឆ្នោត​ (នោះទេ) ប្រ​ជាជន​កម្ពុជា​ចូល​រួម​ការ​បោះ​ឆ្នោត​គឺ​គ្រប់​គ្រាន់។…​(ហើយ​) រាជ​រដ្ឋា​ភិ​បាល​ ក៏​មាន​ទុន​គ្រប់​គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត»។
សារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​សហ​គម​ន៍អឺរ៉ុបប្រ​កាសផ្អាក​ជំ​នួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​​បន្ទាប់​​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំ​លាយ​ចោល​ ធ្វើ​ឲ្យ​គណ​បក្ស​ប្រ​ឆាំង​ដ៏ធំ​មួយ​នេះ​នឹង​មិន​អាច​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ​បាននៅ​ខែ​កក្ក​ដា​ ឆ្នាំ​ក្រោយ​។​
លោក ហ៊ុន​ សែន​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​បច្ចុ​ប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ក៏​ធ្វើ​រួច​ហើយ ​ដំ​ណើរ​ការ​តាម​ការ​គ្រោង​ទុក តែ​មាន​បក្ស​មិន​តិច​ទេ​។ ម​នុស្ស​មួយ​ចំនួន​ ហាម​ឃាត់…ត្រឹម ​១១៨​ នាក់ ។ សួរ​ព្រៃ​ស ​(តើ) ដែល​ឲ្យ​អ្នក​ទោស​មក​បោះ​ (ឆ្នោតទេ​)​។ លទ្ធិ​ប្រ​ជា​ធិបតេយ្យនឹង​មិន​ក្លាយ​ជា​ចំ​ណាប់​ខ្មាំង​អ្នក​ណា​ទេ​។​ គ្មាន​ការ​​ចូល​រួម​របស់​អ្នក ​[អតី​តគណ​បក្ស​សង្គ្រោះ​ជាតិ​] ការ​បោះ​ឆ្នោត នឹង​ត្រូវ​តែ​ធ្វើ»។​
លោក​ នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ផ្ញើសា​រជា​សាធារណៈផង​ដែរ​ សូ​ម​ឲ្យ​សិក្សា​ពី​បក្ស​នយោ​បាយ​របស់​ប្រ​ទេស​អូ​ស្ត្រាលី​ ដែល​ចេញ​ពី ​២​ អាទិត្យ​​មុន។ ធ្ងន់​ដែរ តែ​ធ្ងន់​លើស​កម្ពុ​ជា​ទៅ​ទៀត​។​ ​
ជា​ថ្មី​ទៀត​ លោក​ ហ៊ុន សែន​ ក៏បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​គ្រួសារ​និង​ញាតិ​សន្ដាន​របស់​ពួក​គេ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​នៅ​ថ្ងៃទី ​២៩ ខែ​កក្កដា​ ឆ្នាំ ២០១៨ ខាងមុខនេះ​។
លោកថ្លែង​ថា៖«សង្ឃឹម​ថា ក្មួយៗ​ផ្ទាល់​​បូក​ជា​មួយ​ឪពុក​ម្តាយ​និង​ក្រុម​គ្រួសារ​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​និង​ពូ​ (លោក ហ៊ុន សែន​) ដឹក​នាំ​បន្ត​ទៀត​។ យើង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​ តាំង​ពី​គ្រា​លំ​បាក​បំផុត​ តែ​ពេល​​នេះ​ជា​ពេល​វេលា​ យើង​ក្តាប់​ឱ​កាស​ឲ្យ​បាន ​ដើ​ម្បី​បន្ត​ជំហាន​ទៅ​មុខ​»៕

លោក​ ហ៊ុន សែន ​ព្រមាន​លោក​ សម រង្ស៊ី ចំពោះ​ការ​ញុះញង់​កងទ័ព

ភ្នំពេញៈ ដោយ​លើក​ឡើង​ពី​ការ​វ៉ៃ​បំបាក់​ឆ្អឹង​ខ្នង កាត់​ក្បាល និង​រំលាយ​ដង​ខ្លួន​នៃ​អង្គការ​ភេរវកម្ម​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ក៏​បាន​ធ្វើការ​ព្រមាន​ផង​ដែរ​ចំពោះ​លោក សម រង្ស៊ី ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​លោក​អធិប្បាយ​ថា​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដោយ​លោក​ថ្លែង​ថា​កងទ័ព​នឹង​ធ្វើ​ប្រតិកម្ម​ភ្លាម​បើ​លោក សម រង្ស៊ី ​មាន​វត្តមាន​ក្នុង​ប្រទេស​។
ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ អគារ​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម និង​បុក​គ្រឹះ​សាងសង់​សាលប្រជុំ​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​នេះ​គឺជា​ការ​ឆ្លើយតប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​សំដៅ​ទៅ​លើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ​។
លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​៖ «​អ្នក​កុំ​មាន​ក្ដីស្រមៃ និង​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ចលាចល​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នោះ​ផ្ទុយ​ទៅ​វិញ​ខ្លួន​អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដែរ ព្រោះ​កងទ័ព​គឺ​អាច​នឹង​មិន​ទុក​អ្នក​ឲ្យ​នៅ​ស្ងៀម​បាន​នោះ​ទេ​។ អ្នក​ត្រូវ​យល់​ឲ្យ​បាន ប៉ុន្តែ​ប្រហែល​មកពី​អ្នក​នៅ​ឆ្ងាយ​ពី​កម្ពុជា​រាប់​ម៉ឺន​គីឡូម៉ែត្រ​ទើប​អ្នក​ហ៊ាន​និយាយ​»​។ ​«​ប្រសិន​បើ​អ្នក​នៅ​ជិត អ្នក​ច្បាស់​ជា​មិន​ហ៊ាន​និយាយ​ទេ​ព្រោះ​កងទ័ព​នឹង​ធ្វើ​ប្រតិកម្ម​ភ្លាម​ចំពោះ​អ្នក​តែ​ម្ដង​…»​។
លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​គួរ​ដាស់​តឿន​រំឭក​ថា​កងទ័ព ឬ​ក៏​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​មូល​និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​គឺ​កងយោធពល​ខេមរភូមិន្ទ​ជា​ឧបករណ៍​របស់​រដ្ឋ​ដែល​ត្រូវ​ការពារ​រដ្ឋ​។ កន្លង​ទៅ​បដិវត្តន៍​ពណ៌​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​គេ​តែងតែ​ខិតខំ​ធ្វើ​អព្យាក្រឹត​តូបនីយកម្ម​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​ជាពិសេស​គឺ​កងទ័ព​នេះ​តែ​ម្ដង​។ គេ​បាន​ទទួល​ជោគជ័យ​ទៅ​លើ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​តាមរយៈ​នៃ​ការ​ធ្វើ​អព្យាក្រឹត​តូបនីយកម្ម​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្តែ​ខ្ញុំ​អាច​ជម្រាប​ជូន​អស់​លោក​នាយទាហាន​នៅ​ទី​នេះ​ក៏​ដូចជា​នៅ​កន្លែង​ដទៃ​ទៀត​ឲ្យ​បាន​ជ្រាប​ថា​អព្យាក្រឹត​នៃ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​បាន​តែ​ចំពោះ​មុខ​បណ្ដា​បក្ស​នយោបាយ​តែ​ប៉ុណ្ណោះ នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​របស់​យើង អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​គឺ​យើង​​អព្យាក្រឹត ចំពោះ​មុខ​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ដូចជា​ការ​ដាក់​ការ​ការពារ​សម្រាប់​បក្ស​កាន់​អំណាច ឬ​បក្ស​មិន​កាន់​អំណាច​គេ​ការពារ​ឲ្យ​ទាំងអស់​គ្នា​ស្មើៗ​គ្នា​»​។
ប៉ុន្តែ​លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​កងទ័ព​ ឬ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​មូល​មិនមែន​អព្យាក្រឹត​ចំ​មុខ​រវាង​ម្ខាង រាជរដ្ឋាភិបាល និង​ម្ខាង​ទៀត​បក្ស​នយោបាយ​ទេ កងទ័ព​ឬ​កងកម្លាំង​ប្រដាប់អាវុធ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​ដូច្នេះ​គ្មាន​ទេ​ពាក្យ​អព្យាក្រឹត​នៅ​ទេ​ «​បើ​សិន​ជា​ការ​ធ្វើ​ខុស​រដ្ឋ​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប ឬ​ក៏​ទប់ស្កាត់​នូវ​អំពើ​ណា​ដែល​លេច​ចេញ​មក​អំពី​ឧបាយកល​អាក្រក់​ និង​អំពើ​ខុស​ច្បាប់​ទាំងឡាយ​»​។
លោក​ ហ៊ុន សែន ថ្លែង​ទៀត​ថា​គុក​គេ​បង្កើត​ឡើង​ដើម្បី​ដាក់​ទោស​អ្នក​ខុស​ហើយ​អ្នក​ទៅ​ដាក់​ខ្នោះ​ចំពោះ​អ្នក​ខុស​គឺ​កម្លាំង​នគរបាល ឬ​អាវុធហត្ថ​នេះ​តែ​ម្ដង​។
«​ដូច្នេះ​ចំណុច​នេះ​ត្រូវ​យល់​ឲ្យ​ច្បាស់​មិន​ត្រូវ​ភាន់ច្រឡំ​ទៅ​លើ​បញ្ហា​អព្យាក្រឹត​ចំពោះ​មុខ​បណ្ដា​បក្សនយោបាយ និង​មិន​អព្យាក្រឹត​រវាង​រដ្ឋ និង​បក្ស​នយោបាយ​នោះ​ទេ​។ បក្ស​នយោបាយ​គ្មាន​សិទ្ធិ​បញ្ជា​កងទ័ព​នោះ​ឡើយ ប៉ុន្តែ​រាជរដ្ឋាភិបាល​ដែល​ចេញ​មកពី​ការ​បោះឆ្នោត​បង្កើត​ជា​រដ្ឋ​មាន​សិទ្ធិ និង​បញ្ជា​ទៅ​លើ​កម្លាំង​ប្រដាប់​អាវុធ​»​។
ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បញ្ជាក់​ថា​ពួក​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​ខុស​គ្នា​ពី​ពួកគេ​ធ្វើ​ភរេវកម្ម​នោះ​ទេ​ដោយ​លោក​បាន​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌​នៅ លីប៊ី ប្រទេស​ ស៊ីរី និង​យេម៉ែន​ជាដើម​ដែល​បាន​បង្កើត​សោកនាដកម្ម​លើស​ពី​អំពើ​ភេរវកម្ម​ទៅ​ទៀត​តាមរយៈ​នៃ​ការ​ប្រើ​លេស​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​បង្កើត​ឡើង​នូវ​សង្គ្រាម​។ «​កម្ពុជា​ក៏​ត្រូវ​មាន​ការងារ​មួយ​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​នោះ​គឺ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ យើង​វ៉ៃ​បំបាក់​ឆ្អឹង​ខ្នង​កាត់​ក្បាល​ និង​រំលាយ​ដង​ខ្លួន​នៃ​អង្គការ​ភេរវកម្ម​នៃ​អង្គការ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​រួច​ស្រេច​ទៅ​ហើយ​ ប៉ុន្តែ​អ្នក​ដែល​គាំទ្រ​វា​មិន​ទាន់​ផុត​រលត់​ទេ​។ ការ​ប៉ុនប៉ង​របស់​គេ​ចំពោះ​យើង​នៅ​តែ​មាន ដូច្នេះ​ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ​មិន​ត្រូវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ទេ​»​។
ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ចាប់​តាំង​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដែល​ស្ទើរ​តែ​បាន​សម្លាប់​ខ្ញុំ​ទៅ​ហើយ​កាលពី​ឆ្នាំ​ ១៩៩៧ មក​នោះ​លោក ហ៊ុន សែន តែងតែ​ភ័យ​ខ្លាច​គេ​វាយប្រហារ​គាត់​នៅ​ពេល​និយាយ​ដល់​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ខ្ញុំ​។ ឥឡូវ​នេះ​ចង់​ប្រើ​កងទ័ព​ដើម្បី​សងសឹក​ខ្ញុំ​ដោយ​ព្រមាន​គំរាម​សម្លាប់​មួយ​ទៀត​។ តើ​ជា​កំហុស​របស់​ខ្ញុំ​​ឬ​?»​។
លោក​ សម រង្ស៊ី បន្ត​ថា​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុងក្រោយ​នេះ​លោក​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​ «​ទោះបី​គាត់​ (​ហ៊ុន សែន​) ​ស្អប់ ឬ​ប៉ុនប៉ង​ទិញ​ខ្ញុំ និង​បំភិត​បំភ័យ​ខ្ញុំ​ក៏ដោយ​»​។
អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​គំរាម​បញ្ជូន​មេបញ្ជាការ​របស់​គាត់​ឱ្យ​មក​ចាប់​ខ្លួន​លោក​ពី​បរទេស​។ «​ហើយ​គាត់​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​បារាំង​រួច​ហើយ​ដែរ​អំពី​គោល​បំណង​ឧក្រិដ្ឋ​របស់​គាត់ (​ហ៊ុន សែន​)»​។
កាលពី​សប្តាហ៍​មុន​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​«​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​» ​ចំពោះ​អ្វី​ដែល​លោក​ សម រង្ស៊ី ​បាន​ថ្លែង​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​ញុះញង់​កងទ័ព​។
កាលពី​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ​លោក សៀង សុខ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក​ សម រង្ស៊ី ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​មករា​ឆ្នាំ ២០១៨ ​ខាង​មុខ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ខាង​លើ​នេះ​។
លោក មាស នី អ្នក​វិភាគ​នយោបាយ​យល់​ថា​លោក​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​ឈាន​ដល់​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ «​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​បាន​អបអរសាទរ​ចំពោះ​អ្វី​ដែល​ជា​ប្រសាសន៍​របស់​លោក សម រង្ស៊ី ទាក់ទង​ទៅ​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ឬ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ខ្មែរ​នោះ​ទេ ក៏​ប៉ុន្តែ​សម្រាប់​រឿង​បដិវត្តន៍​ពណ៌​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ខ្ញុំ​មិន​បាន​ឃើញ​អំពី​អ្វី​ដែល​ជា​សញ្ញា​ដែល​ថា​នឹង​កើត​មាន​បដិវត្តន៍​ពណ៌ ទោះបី​ជា​រដ្ឋាភិបាល​គាត់​បាន​ប្រកាស​ជា​ញឹកញាប់​ក៏ដោយ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​មើល​ឃើញ​អំពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ក្រោយ​ពី​លោក​បាត់បង់​ការ​គាំទ្រ​ពី​មហាជន​វា​លឿន​ពេក ពិសេស​ក្នុង​ឆ្នាំ​ ២០១៣ ​ដល់​ឆ្នាំ​ ២០១៧»​។
លោក​ មាស នី ថ្លែង​ទៀត​ថា​លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន ​ទេ​ដោយសារ​វា​ជា​រឿង​ធម្មតា​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី តែ​លោក​យល់​ថា​តាម​ទស្សនៈ​របស់​លោក​អ្នក​ដឹកនាំ​គួរ​តែ​កុំ​ប្រើ​ពាក្យ​ហិង្សា​ច្រើន​ពេក​ពីព្រោះ​ជួន​កាល​វា​អាច​ធ្វើ​ជា​គំរូ​មិន​ល្អ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​។
លោក​ថ្លែង​បន្ថែម​ថា​៖ «​ការ​ភ្ជាប់​បដិវត្តន៍​ពណ៌​ហើយ​ និង​ការ​រំលាយ​សង្គ្រោះ​ជាតិ​នេះ​វា​អាច​ជា​រឿង​មួយ​ដែល​ទាក់ទង​គ្នា បើ​សិន​ជា​មិន​មាន​មូលហេតុ​នៃ​បដិវត្តន៍​ពណ៌​ទេ​ការ​រំលាយ​សង្គ្រោះ​ជាតិ​ក៏​មិន​អាច​ទៅ​រួច​ដែរ​។ ខ្ញុំ​មិន​មើល​ឃើញ​អា​នេះ​ជា​ចលនា​បដិវត្តន៍​ពណ៌​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ដើម្បី​ខ្លាច​បាត់បង់​​តំណែង​បាត់បង់​អំណាច​តទៅ​ទៀត​នៅ​ឆ្នាំ​ ២០១៨»៕ NS

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...