Tuesday, January 23, 2018

“បើ​លោក ហ៊ុន សែន នៅ​កាន់​អំណាច ឃាតក​សម្លាប់​លោក ជា វិជ្ជា រក​មិន​ឃើញ​ទេ”

ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​ដ៏​ល្បីឈ្មោះ​កាលពី​ជាង ១​ទសវត្ស​មុន គឺជា​ឃាតកម្ម​ដ៏​កក្រើក​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មនុស្ស​ពេញ​មួយ​នគរ ពិសេស​ស្រទាប់​កម្មករ​ស្ដាយ​រន្ធត់ និង​ស្ដាយស្រណោះ​នៅ​ពេល​បាត់បង់ មេដឹកនាំ​សហជីព ដែល​ពូកែ​ខាង​តស៊ូ​មតិ និង​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​នៅ​ទី​សាធារណៈ​នានា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​កម្មករ។
រយៈពេល ១៤​ឆ្នាំ​មក​នេះ ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម នៅតែ​ស្ថិតនៅ​ក្នុង​ភាព​បិទបាំង ហើយ​ក្រុម​គ្រួសារ​របស់​លោក មិន​ទាន់​មាន​យុត្តិធម៌​ដដែល ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​គេ​មើល​ឃើញ​ថា ជា​តម្រុយ​ដ៏​សំខាន់ ដើម្បី​ចាប់​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ក្ដី។
ក្រុម​មេដឹកនាំ​សហជីព លើក​ឡើង​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រល​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង ឃាតកម្ម​លើ​លោក ជា វិជ្ជា បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ។
ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា មាន​ប្រសាសន៍​ថា លោក​មិន​រំពឹង​ថា ទោះបីជា​សមត្ថកិច្ច​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​វែកមុខ​ឃាតក​ក្ដី ប៉ុន្តែ​លោក​មិន​សង្ឃឹមថា យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ នឹង​មាន​នោះ​ទេ ដរាបណា​លោក ហ៊ុន សែន នៅតែ​ដឹកនាំ​ប្រទេស​នោះ៖ «ខ្ញុំ​មិន​មាន​ជំនឿ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អា​ចរក​ឃាតក​ឃើញ​នោះ​ទេ ព្រោះ​ថា នៅ​ក្នុង​របប​របស់​លោក ហ៊ុន សែន​នេះ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ក៏​បាញ់​សម្លាប់ សហជីព អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត កែម ឡី និង​ករណី​បាញ់សម្លាប់​នៅ​កន្លែង​ជល់​មាន់​ជាដើម»
ការ​លើក​ឡើង​របស់​សហជីព និង​ពលរដ្ឋ​បែប​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ខួប ១៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា ដែល​ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គេ​ស្គាល់​ថា លោក​បាន​លះបង់​សព្វបែបយ៉ាង ដើម្បី​លើកស្ទួយ​សិទ្ធិ​កម្មករ។ ជា​រៀងរាល់​ឆ្នាំ​មាន​កម្មករ និង​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​បុណ្យខួប​នេះ ច្រើន​កុះករ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​វិញ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹតត្បិត​ការ​ជួប​ជុំ និង​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ ពុំ​មាន​មនុស្ស​ចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​នេះ​សន្ធឹកសន្ធាប់​ឡើយ។
លើស​ពី​នេះ​ទៀត ទោះបីជា​ប្រពន្ធ​កូន​របស់​លោក ជា វិជ្ជា ព្រាត់ប្រាស​ស្វាមី និង​សាច់ញាតិ​នៅ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) ទៅ​ហើយ​ក្ដី ប៉ុន្តែ តុលាការ​មិន​លើកលែង​ឲ្យ​ប្អូនប្រុស​បង្កើត លោក ជា វិជ្ជា គឺ លោក ជា មុន្នី ដែល​ធ្លាប់​បាន​ដឹកនាំ​សហជីព​ជាង​១០​ឆ្នាំ បន្ត​បេសកកម្ម​បងប្រុស​របស់​លោក​នោះ​ទេ។ លោក ជា មុន្នី កំពុង​រង​បណ្ដឹង​នៅ​តុលាការ ដោយសារតែ​សហជីព​គាំទ្រ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​ញុះញង់ ហើយ​សាលាដំបូង​បាន​កោះហៅ​លោក ទៅ​បំភ្លឺ​នៅ​កាលពី​ថ្ងៃ​ទី​២២ មករា នៅ​ចំ​ថ្ងៃ​ឃាតក​បាញ់សម្លាប់​បងប្រុស​របស់​លោក។
ការ​ប្ដឹង​លោក ជា មុន្នី ពី​បទ​ញុះញង់​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយពី​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា​ទេ បើសិនជា​រដ្ឋាភិបាល​នៅតែ​រំលោភ​សិទ្ធិ​មនុស្ស ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ហើយ​កម្មករ​នឹង​អាច​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជាដើម បើសិនជា​សហរដ្ឋអាមេរិក និង​អឺរ៉ុប ឈប់​ទិញ​សំលៀកបំពាក់ ស្បែក​ជើង​ពី​កម្ពុជា​នោះ។
ទាក់ទង​នឹង​បញ្ហា​នេះ អតីតមន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សំដែង​ការ​សោកស្ដាយ ដែល​តុលាការ​ចាត់ការ​បណ្ដឹង​ប្រឆាំង​លោក ជា មុន្នី ឆាប់​រហ័ស រីឯ​ពន្លឺ​រក​ឃាតក​ពិត​សម្លាប់​បងប្រុស​លោក ជា មុន្នី អូស​បន្លាយ​ពេល​ជាង ១​ទសវត្ស​ទៅ​ហើយ មិនទាន់​ឃើញ​នៅឡើយ​នេះ៖ «កង​កម្លាំង​របស់​រដ្ឋាភិបាល សុទ្ធ​តែ​មាន​សមត្ថភាព​ដូចជា​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត ខុស​ពី​ករណី​សម្លាប់​លោក ជា វិជ្ជា ដែល​សមត្ថកិច្ច​អា​ចរក​ឃាតក​ឃើញ»
ឃាតកម្ម​លើ​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តម្រុយ​ជា​ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​ថា តុលាការ​អាច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្លាប់ លោក ជា វិជ្ជា។ ភស្តុតាង​ទាំងនោះ ដូចជា នៅ​មុន​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា គឺ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ហៅ​ទូរស័ព្ទ​គំរាម​សម្លាប់​លោក ជា វិជ្ជា ហើយ​លោក ជា វិជ្ជា បាន​ទៅ​ប្ដឹង​មន្ត្រី​នគរបាល​អំពី​រឿង​នេះ​ទៀត ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​របស់​លោក។ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ​ហ៊ុំ​ព័ន្ធ​ដោយ​បណ្ដឹង​រាប់មិនអស់​នោះ ត្រូវ​បាន​ភរិយា​របស់​លោក ជា វិជ្ជា​អះអាង​ថា ជា​អ្នកដឹង​អ្នកណា​ជា​ឃាតក?។ សាក្សី​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ស្ត្រី​លក់​កាសែត​នៅ​ក្បែរ​វត្ត​លង្កា ជាទី​ដែល​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា បាន​ឃើញ​មុខ​ឃាតក​បាញ់​ប្រហារ​លោក ជា វិជ្ជា និង​បាន​រៀបរាប់​ពី​ភិនភាគ​ឃាតក​ជាដើម ប៉ុន្តែ​មក​ទល់​ពេល​នេះ ឃាតក​នៅតែ​លាក់​មុខ​ដដែល។
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​កន្លងមក​ថា សំណុំរឿង​លោក ជា វិជ្ជា នេះ គេ​មិន​ទាន់​បិទ​សំណុំរឿង​នេះ​ឡើយ។
លោក រ៉ុង ឈុន ដែល​ធ្លាប់​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា នោះ បាន​រំលឹក​ថា នៅ​ក្រោយ​ពេល​ជន​មិន​ស្គាល់​មុខ​ទូរស័ព្ទ​គំរាម​សម្លាប់ លោក ជា វិជ្ជា នោះ លោក​បាន​ជូន​លោក ជា វិជ្ជា ទៅ​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប៉ុន្តែ​មន្ត្រី​នគរបាល​ឃើញ​លេខ​ទូរស័ព្ទ​គំរាម​នោះ ប្រាប់​ពួក​លោក​ថា អ្នក​គំរាម​នោះ ជា​មនុស្ស​មាន​ឥទ្ធិពល​ណាស់៖ «ក្រោយពី​យើង​ជួប​មន្ត្រី​នគរបាល​កម្រិត​ស្រាល​គេ​ឃើញ​លេខ គេ​ប្រាប់​យើង​ថា អូ​លេខ​នេះ មន្ត្រី​ធំ​ណាស់ គេ​មិន​ហ៊ាន​ប៉ះពាល់​ទេ ដោយ​នគរបាល​បាន​ប្រាប់​ឲ្យ​លោក ជា វិជ្ជា ភៀសខ្លួន​ទៅ​ក្រៅ​មួយ​រយៈ ដូចជា​នៅ​ប្រទេស​ថៃ​ជាដើម ក៏ប៉ុន្តែ​ពួក​យើង​បាន​ពិភាក្សា​គ្នា​មក គឺ​លោក ជា វិជ្ជា បានសម្រេច​ចិត្ត​មិន​ចេញ​ក្រៅ​នោះ​ទេ ដើម្បី​ធ្វើជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ»
អំពើ​ឃាតកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់ តែង​កើតមាន​ជា​ហូរហែ​មកទល់​សព្វថ្ងៃ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ធ្វើឡើង​សំដៅ​សកម្មជន​នយោបាយ អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​ដដែល។ ស្ថានភាព​នេះ​កាន់តែ​អាក្រក់​នៅ​ពេល​ដែល​អាជ្ញាធរ​មិន​អាច​វែកមុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នកទទួលខុសត្រូវ​យក​មក​ទទួលទោស​បាន។ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះឥទ្ធិពល​អាក្រក់ ដល់​ដំណើរការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។
របាយការណ៍​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយប្រហារ និង​បាញ់សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។
នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែក​ចំនួន ៤​គ្រាប់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយប្រហារ​ដោយ​ហិង្សា​ទៅលើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រង​របួស។
៤​ខែក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​បាន​ផ្ទុះឡើង​កក្រើក​ក្រុងភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ និង​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ចាប់ខ្លួន ឬ​បន្ទាប់​ពី​ទម្លាក់​អាវុធ និង​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​បាញ់​ស្លាប់​ពេល​ប្រយុទ្ធ​គ្នា។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កងកម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ មន្ត្រី​ជាន់ខ្ពស់​ខាង​យោធា និង​ស៊ីវិល​ជា​ច្រើន​រូប ដូចជា​លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់សម្លាប់។
ទោះបីជា​យ៉ាង​នេះ​ក្ដី ចាប់ពី​ឆ្នាំ​២០១៧​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់បី​ដូចជា​យកចិត្តទុកដាក់​កម្មករ ក្នុង​នោះ មានការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឆ្នាំ​២០១៨ កម្មករ​ជិះ​រថយន្តក្រុង​មិន​យក​លុយ ការព្រមាន​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើងថ្លៃ និង​មិន​យក​ថ្លៃ​អគ្គិសនី​លើស​ពី​រដ្ឋ​បាន​កំណត់​ជាដើម។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ផ្ដល់​ជូន​កម្មករ​នៅ​ពេល​នេះ គឺ​ដូច​អ្វី​ដែល លោក ជា វិជ្ជា និង​ក្រុម​សហជីព​របស់​លោក បាន​ទាមទារ​ពី​រដ្ឋាភិបាល​កន្លងមក។ លោក​រំពឹង​ថា លោក ហ៊ុន សែន នឹង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក ជា វិជ្ជា បាន៖ «បើសិនជា​រដ្ឋាភិបាល​រក​ឃាតក​សម្លាប់​លោក ជា វិជ្ជា ឃើញ​នោះ រដ្ឋាភិបាល​កាន់តែ​មានការ​គាំទ្រ​ពី​កម្មករ​ថែមទៀត»
ទោះបី​ជា​មាន​អ្នកខ្លះ​លើក​ឡើង​ថា ឃាតក​ពិត​សម្លាប់​លោក ជា វិជ្ជា នឹង​អាច​រក​ឃើញ នៅ​ក្រោយ​ពី​របប​លោក ហ៊ុន សែន ដួល​រំលំ​ក្ដី ប៉ុន្តែ ក្រុម​សហជីព សំដែង​សុទិដ្ឋិនិយម​ថា លោក ហ៊ុន សែន នឹង​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ចាប់ខ្លួន ឃាតក​ពិត​សម្លាប់​លោក ជា វិជ្ជា និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​នេះ ដើម្បី​ស្រាយ​ចម្ងល់​ថា អ្នកណា​ជា​អ្នក​សម្លាប់ លោក ជា វិជ្ជា ហើយ​អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង? ជា​សំនួរ​តែមួយគត់ ដែល​គេ​បាន​សួរ​ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ៕

ក្រសួង​ថា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ធ្វើ​ឲ្យ​រដ្ឋ​គ្រប់គ្រង​ទិន្នន័យ​បាន​ត្រឹមត្រូវ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការរៀបចំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​ព័ត៌មានវិទ្យា អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​រដ្ឋ​គ្រប់គ្រង​ទិន្នន័យ​ពលរដ្ឋ​បាន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ព្រមទាំង​ងាយស្រួល​ក្នុង​ការ​ដាក់​ផែនការ​ដើម្បី​អភិវឌ្ឍ​ផង​ដែរ។
ក្រសួងមហាផ្ទៃ​បាន​បោះពុម្ព​អត្តសញ្ញាណប័ណ្ណ​ចំនួន​ជាង ៥​ម៉ឺន​សន្លឹក​ឡើងវិញ ដោយសារ​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ ខូច​គុណភាព បាត់បង់ កែតម្រូវ​ទិន្នន័យ និង​ខុស​បច្ចេកទេស។
អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការ​បោះពុម្ព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ បាន​ចំនួន​ជិត ៩​លាន ៧​សែន​សន្លឹក​ហើយ ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ចាប់ពី​ឆ្នាំ​២០១៤ រហូត​ដល់​ចុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម លោក ម៉ៅ ច័ន្ទតារា លើកឡើង​នៅ​ក្នុង​សន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណកម្ម​រយៈពេល ៣​ឆ្នាំ ២០១៤២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ឯ​ក្រសួងមហាផ្ទៃ ថា​អត្តសញ្ញាណប័ណ្ណ​ចំនួន​ជាង ៥ ម៉ឺន​សន្លឹក ត្រូវ​បាន​បោះពុម្ព​ឡើងវិញ។ «»
លោក​បន្ដ​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ប្រព័ន្ធ​ចុះបញ្ជី​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ធ្វើ​ទំនើបកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មានវិទ្យា ដោយ​អាច​គ្រប់គ្រង​បាន​នូវ​អត្តសញ្ញាណ​ជាក់លាក់​របស់​បុគ្គល ធានា​ទប់ស្កាត់​ភាព​ស្ទួន​ក្នុង​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។
ដោយសារតែ​ការចុះបញ្ជី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ អាជ្ញាធរ​បាន​រក​ឃើញ​ទិន្នន័យ​ស្ទួន​ប្រមាណ​ជាង ៤០​ម៉ឺន​នាក់ ដែល​អាច​ទប់ស្កាត់​បាន​នូវ​ការប៉ុនប៉ង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​កែប្រែ​ទិន្នន័យ​បុគ្គល​ខុស​ពី​អត្តសញ្ញាណ​ដើម។
រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ថា កិច្ចការ​ប្រឹងប្រែង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រមូល​តួលេខ​មួយ​ដែល​ជាក់លាក់ ហើយ​មិន​ត្រឹមតែ​ជា​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​នោះ​ទេ តែ​មាន​ភាព​សុក្រឹត​សម្រាប់​ការ​លើក​ផែនការ​អភិវឌ្ឍ​នានា និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ផង។
ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ស្នាក់នៅ​នា​ពេល​កន្លងមក តែង​មាន​ការរិះគន់​ពី​មហាជន​ថា អាជ្ញាធរ​បាន​ឃុបឃិត ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​លិខិត​ស្នាក់នៅ ឬ​អត្តសញ្ញាណប័ណ្ណ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតូបនីយកម្ម។
នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​ឲ្យ​ដឹង​ថា ចំនួន​ដែល​ក្រសួង​ប្រកាស​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​នេះ គឺជា​បរិមាណ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​ពី​គុណភាព​អត្តសញ្ញាណប័ណ្ណ​នេះ ដោយសារតែ​អ្នកប្រើប្រាស់​កន្លងមក​បាន​ខូច ឬ​គ្មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​ជាដើម មិន​ត្រឹម​ប៉ុណ្ណោះ​ក្រសួង​ក៏​គួរ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ចំពោះ​ជនបរទេស​ដែល​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​កន្លង​មក។ «»
លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​អាជ្ញាធរ​រដ្ឋ​ចាត់វិធានការ​តឹងរ៉ឹង​បែបនេះ គឺ​ដើម្បី​ធានា​តម្លៃ​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ និង​ច្បាប់​នៃ​សញ្ជាតិ​ផង​ដែរ៕

Saturday, January 20, 2018

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចូលរួម​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដោយ​មិន​បារម្ភ​ពី​ការ​គំរាមកំហែង​ណា​មួយ​​​ឡើយ។ ពួកគាត់​អះអាង​ថា​ មូលហេតុ​ដែល​ចូលរួម​ចលនា​ថ្មី​នេះ ដោយ​យល់​​ថា ចលនា​នេះ​នឹង​អាច​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ បាន។
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិន​បើ​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​​ភ្លាម​ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​នឹង​ទូង​ស្គរ​​ឲ្យ​សកម្មជន​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ​​ ដោយ​មិន​បង្អន់​យូរ​ឡើយ។
​​​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល​ មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​លោក​នៅ​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​តាម​ដាន​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។ លោក​អះអាង​ថា​ ក្រោយ​ពេល​ទទួល​ដំណឹង​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ភ្លាម គឺ​សកម្មជន​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​មាន​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ ពីព្រោះ​ចាប់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មក​ ពួកគាត់​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​បាន​នោះ​ទេ។
មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​ពួកគេ​រង់ចាំ​តែ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាង​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ ដោយ​មិន​ខ្លាច​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​សមត្ថកិច្ច​ឡើយ៖ «ព្រោះ​ដឹង​ស្រាប់​ហើយ​ប្រជាធិបតេយ្យ​ដែល​ជោគជ័យ​បាន​ដោយសារ​ការ​ចូលរួម​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ ព្រោះ​ប្រទេស​ជាតិ​ពឹង​ពាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ដូច​ជា​ចលនា​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មិច​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ដើម្បី​ការងារ​របស់​យើង​បន្ត​ទៀត»
ទោះ​ជា​យ៉ាង​ណា​លោក ម៉ៅ វិបុល បញ្ជាក់​ថា​ សកម្មជន​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​តូច ហាក់​មាន​ចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ចលនា​ថ្មី​នេះ​ ដោយសារ​​ពួកគាត់​មិន​យល់​ច្បាស់​ពី​ចលនា​ថ្មី​នេះ ថា​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងណា​ដល់​ប្រជាពលរដ្ឋ​នោះ៖ «ប៉ុន្តែ​មួយ​ចំនួន​តូច​គាត់​តវ៉ា​គាត់​មិន​ទាន់​យល់​ ពួកគាត់​ត្រូវ​ការ​ថ្នាក់​ដឹក​នាំ​ពន្យល់​គាត់​ឲ្យ​បាន​ច្បាស់​លាស់​ ព្រោះ​ការងារ​នៅ​តាម​មូលដ្ឋាន​គាត់​បាត់​ព័ត៌មាន​ច្រើន​ពី​ថ្នាក់​ដឹក​នាំ។ ដូច្នេះ​គាត់​នៅ​រង់ចាំ​ដោយ​ថា គាត់​មិន​រុញ​រា​ទេ​ បើ​ថ្នាក់​ដឹក​នាំ​កំពូលៗ​ពួកគាត់​នឹង​ធ្វើ​ភ្លាម»
ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ឌឹម សារឿន អះអាង​ថា​ សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ ដោយ​មិន​ខ្វល់​ពី​ការ​ចាប់​ចង​របស់​សមត្ថកិច្ច​ឡើយ។ លោក​ ឌឹម សារឿន បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ពួកគាត់​​ចូលរួម​ចលនា​ថ្មី​នេះ​ ព្រោះ​រដ្ឋាភិបាល​បាន​រុញ​ពួកគាត់​ចូល​ដល់​ជញ្ជាំង​ហើយ​ ដូច្នោះ​ពួកគាត់​ត្រូវ​តែ​ងើប​ឈរ​ស៊ូ​ដើម្បី​បន្ត​ជីវិត​ទៅ​មុខ​ទៀត៖ «ហួស​ពេល​ខ្លាច​បាន​ន័យ​ថា​គេ​រំលាយ​យើង​មាន​ច្បាប់​ពេញ​លេញ​គេ​នៅ​រំលាយ​យើង​បាន​ ហើយ​កម្លាំង​យើង​រាប់​រយ​នាក់​គេ​រំលាយ​យើង​បាន​ តែ​ឥឡូវ​​យើង​អត់​ខ្លាច​ដោយសារ​គេ​មិន​អាច​រំលាយ​យើង​បាន​ទេ ហើយ​យើង​កាន់​តែ​ខ្លាច​ទៅៗ គេ​កាន់​តែ​ជិះជាន់​យើង​ថែម​ទៀត​ ហើយ​ជាតិ​យើង​កាន់​តែ​លិចលង់​ទៅៗ ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅ​ ហើយ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ទៅ​ ដូច្នេះ​យើង​ត្រូវ​តែ​រើ​បម្រាស់»
ទោះ​ជា​យ៉ាង​នេះ​ក្ដី កន្លង​មក​​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និយាយ​ថា ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ គឺ​មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​នោះ តើ​ចលនា​​នេះ​បង្កើត​ឡើង​ឈរ​លើ​ទិដ្ឋភាព​ច្បាប់​ត្រឹមត្រូវ​ដែរ ឬ​ទេ? លោក​ព្រមាន​ថា បើ​ចលនា​នេះ​ខុស​ច្បាប់​នឹង​មាន​វិធានការ​តាម​ច្បាប់។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​សៀមរាប លោក ម៉ាប់ ភៀត មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ សកម្មជន​គណបក្ស​លោក​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ និង​មួយ​ចំនួន​ទៅ​លាក់​ខ្លួន​នៅ​ផ្ទះ​សាច់ញាតិ​នៅ​តាម​បណ្ដា​ខេត្ត មិន​ទាន់​វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា​ បើ​ទោះ​បី​ជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏ដោយ​ ក៏​សមត្ថកិច្ច​មិន​អាច​ហាមឃាត់​​សកម្មជន​គណបក្ស​ប្រឆាំង​បាន​ដែរ។
បន្ថែម​ពី​នេះ​ លោក​ថា សកម្មជន​​មួយ​ចំនួន​ធំ​កំពុង​ទន្ទឹង​រង់ចាំ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាង​ក្រៅ​ប្រទេស ដើម្បី​ចូល​រួម​ចលនា​ថ្មី​នេះ​ជា​មួយ​សកម្មជន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​មិន​រុញរា​ឡើយ៖ «បើ​និយាយ​ភាសា​សាមញ្ញ​គឺ​គាត់​ចាប់​ផ្ដើម​មាន​សង្ឃឹម​បន្តិចៗ​ឡើង​វិញ​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​យើង​ឡើង​វិញ តាម​រូបភាព​ណា​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​គាត់​ជឿ​ជាក់​យើង​ឡើង​វិញ​ថា យើង​នឹង​បន្ត​នយោបាយ។ បើ​សិន​ជា​យើង​ទុក​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ ប្រជាពលរដ្ឋ​ថា យើង​បាត់បង់​អស់​ហើយ​ ម្យ៉ាង​ទៀត​មួយ​ចំនួន​ថា យើង​ឈប់​ធ្វើ​សកម្មភាព​ឡើង​វិញ»
ចលនា​សង្គ្រោះ​ជាតិ ​ផ្ដួចផ្ដើម​ដោយ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា រួម​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ឲ្យ​មាន​ការ​ចូលរួម​ពេញលេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

លោក កឹម សុខា ​ប្រកាស​​មិ​ន​​គាំទ្រ​​ចលនា​​សង្គ្រោះ​​ជាតិ​​របស់​លោក សម រង្ស៊ី​

ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ពី​ជំហរ​របស់លោក​ថា លោក​មិន​ចូលរួម និង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់លោក ​សម រង្ស៊ី នោះទេ។ ការប្រកាស​មិន​គាំទ្រ​ដោយ​លោក ​កឹម សុខា ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សហ​ស្ថា​និក​ម្នាក់​នៃ​ចលនា​សង្គ្រោះ​ជាតិ​បានប្រកាស​លាលែង​ពី​ចលនា​នេះ និង​ស្រប​ពេលដែល​លោក​ សម រង្ស៊ី កំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​អតីត​ប​បក្សប្រឆាំង​ចូលរួម​ជាមួយ​លោក។
កាលពី​យប់​ថ្ងៃ​សុក្រ​ទី១៩មករា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា គឺ លោក​ ផែង ហេង បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ជំហរ​របស់​កូនក្ដី​លោក​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ។ បើតាម​លោក ផែង ហេង លោក​កឹម សុខា បញ្ជាក់ថា លោក​មិន​ចូលរួម​ចលនា និង​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើតឡើង​នោះទេ។ មិន​ចូលរួម​ព្រោះ​លោក​ កឹម សុខា នៅតែ​មានជំនឿថា អ្នកនយោបាយ​ខ្មែរ​អាច​រក​ដំណោះស្រាយ​ជាមួយគ្នា​បាន​តាមរយៈ​ការសន្ទនា​ជាមួយគ្នា។ នេះ​បើតាម​មេធាវី​ការពារ​ក្ដី។
សូមបញ្ជាក់ថា ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាស​បង្កើតឡើង​កាលពី​ថ្ងៃទី១២ មករា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​បោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។ ម្យ៉ាងវិញទៀត វា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក ​កឹម សុខា ផងដែរ។ ចលនា​ថ្មី​នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប​រួមមាន​លោក ​សម រង្ស៊ី លោកស្រី​ ជូ​ឡុង សូ​មូរ៉ា លោក ​អេង ឆៃអ៊ាង លោកស្រី ​មួរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ លោក​ ទួន យក់​ដា លោក​ ជា គឹម​លី លោក​ គា រី និង លោក ​អ៊ុង រិទ្ធី ។
ក៏ប៉ុន្តែ​លោក​អ៊ុង រិទ្ធី បានប្រកាស​លាលែង​ពី​ចលនា​សង្គ្រោះ​ជាតិ​បាត់ទៅហើយ​កាលពី​ថ្ងៃទី១៥ មករា ពោល គឺ​ក្រោយ​ប្រកាស​បង្កើត​ចលនា​នេះ​បាន​បី​ថ្ងៃ​ប៉ុណ្ណោះ។ លោក​ អ៊ុង រិទ្ធី បាន​លើក​ហេតុផល​នៃ​ការសម្រេច​លាលែង​របស់​លោក​ថា ដោយសារតែ​លោក​មើលឃើញ​ពី​ការមិនយល់​ស្របគ្នា​ក្នុងការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ និង​ដើម្បី​ទុកពេល​ក្នុងការ​ពង្រឹងស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​បន្ដទៀត។
គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ការប្រកាស​លាលែង​រប​ស់ ​អ៊ុង រិទ្ធី​ នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ចំនួន៥០នាក់​នៅ​ប្រចាំ​សហរដ្ឋអាមេរិក បានប្រកាស​មិន​ចូលរួម​ក្នុង​នៅក្នុង​ចលនា​ថ្មី​នេះ។ មិនតែប៉ុណ្ណោះ ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​ប្រឆាំង​ទាំងនោះ​ថែមទាំង​ប្រកាស​ជា​ចំហរ​ទៀតថា​ពួកគេ​នៅតែ​បន្តធ្វើ​ការតស៊ូ​មតិ​ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម សុខា ឲ្យ​សេរីភាព​ឡើងវិញ​ផងដែរ៕

Thursday, January 18, 2018

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​៖​ ការ​បោះឆ្នោត​​នៅ​​ឆ្នាំ​នេះ​​គ្មាន​​ផ្លាស់ប្តូរ​​អ្វី​​ទាំងអស់​ ទោះ​​មាន​រឿង​​អ្វី​កើត​ឡើង​​ក៏ដោ​យ

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ២០១៧-ឆ្នាំ២០៣០ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ដោយ​សង្កត់ធ្ងន់ថា ការបោះឆ្នោតជាតិ​នៅ​ឆ្នាំនេះ គឺ​ប្រព្រឹត្ត​ទៅតាម​ការ​កំណត់ដោយ​គ្មានអ្វី​ប្រែប្រួល​នោះទេ។ ការបញ្ជាក់​របស់លោក​ហ៊ុន សែន​នេះ ជា​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​លើកឡើង​ពី​លទ្ធភាព​នៃ​ការពន្យារពេល​បោះឆ្នោត ហើយក៏​ជា​ប្រតិកម្ម​ទៅនឹង​ការជំរុញ​ឲ្យ​ពន្យារពេល​ការបោះឆ្នោត​ពី​សំណាក់​លោក​សម រង្ស៊ី​ផងដែរ។
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​​​បញ្ជាក់ថា ៖“ការបោះឆ្នោត​នៅពេល​ខាងមុខ គ្មាន​ការផ្លាស់ប្តូរ​អ្វី​ទាំងអស់​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ដោយ​តម្លៃ​ណាក៏ដោយ យើង​ត្រូវតែ​បោះឆ្នោត​ឲ្យ​ខាន​តែ​បាន។ ការបញ្ជាក់​ជាថ្មី​ដោយ​សម្តី​ម៉ឹងម៉ាត់​របស់លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នាពេល​នេះ គឺជា​ការឆ្លើយ​បតភ្លាមៗមិន​អ​ង្អ​ស់​យូរ​ទៅនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ការបោះឆ្នោត​អាចធ្វើ​មិនបាន បើ​មានការ​ច្របូកច្របល់។ ចំពោះ​ការចុះផ្សាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សង្ឃឹមថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់លោក​ឲ្យ​បានច្បាស់លាស់​និង​មានការ​ចេះដឹង​ច្រើនជាង​នេះ។ ជាមួយគ្នានេះ លោក​ក៏បាន​រិះគន់​ទៅកាន់​អ្នកវិភាគ​ដែល​បញ្ចេញយោបល់​ជុំវិញ​រឿងនេះ​ផងដែរ។
ជាការ​កត់សម្គាល់ ប្រតិកម្ម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ ក៏​ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​តាមរយៈ​បណ្តាញ​ធ្វី​ត​ធ័​រ(Tweeter)របស់​ខ្លូន​កាលពី​ថ្ងៃ​ពុធ​បានសរសេរថា លោក​ចង់​ដាក់សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​ពន្យារពេល​ការបោះ​ជាតិ​នៅក្នុង​ឆ្នាំ២០១៨នេះ រហូត​ដរាបណា លោក​និង​លោក​ហ៊ុន សែន អាច​ធានាបាន​ថា ការបោះឆ្នោត​ទាំង​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ អាច​ធ្វើឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ក្នុង​កម្រិត​អប្បបរមា​ដែរ។ បើតាម​លោក​សម រង្ស៊ី ការធ្វើ​បែបនេះ គឺ​ដើម្បី​ជៀសវាង​អំពើហិង្សា និង ដើម្បី​ជៀសវាង​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មិន​ទទួលស្គាល់​ពី​សំណាក់​សហគមន៍​អន្តរជាតិ។
សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ គឺ​គ្មាន​ការប្រែប្រួល​នោះទេ បើទោះបី​ជាមាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ។លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមទៀតថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​តម្រូវ​ឲ្យ​ប្រជា​រដ្ឋ​កម្ពុជា​ចូលរួម​បោះឆ្នោត ដោយ​មិនចាំបាច់​មានការ​ទទួល​ស្គា​ល់ពី​សំណាក់​សហគមន៍​អន្តរជាតិ​ឡើយ​ហើយ​បញ្ហាសំខាន់​គឺ​ស្ថិត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៅវិញ​ទេ។
សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែលជា​ការបោះឆ្នោត​អសាកល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែលជា​បោះឆ្នោត​សាកល​វិញ នឹង​ធ្វើឡើង​ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០១៨។ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​បរទេស​ខ្លះ និង​អ្នកវិភាគ​មួយចំនួន​ផង​បាន​លើកឡើងថា ការបោះឆ្នោត​ខាងមុខនេះ​នឹងមិន​ធ្វើឡើង​ស្របតាម​បែបបទ​ប្រជាធិបតេយ្យ​នោះឡើយ។ នេះ​ក៏​ព្រោះតែ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា​ចូលរួម ដោយសារតែ​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​ទៅហើយ​កាលពី​ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ៕

សាលា​រាជធានី​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ថ្លែង​សារ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សាលា​រាជធានី​ភ្នំពេញ ហាម​សហជីព​សេរី​កម្មករ​កុំ​ឲ្យ​តំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មករា ខាង​មុខ​នេះ។
អនុប្រធាន​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ​ការ​ហាម​ប្រាម​បែប​នេះ ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា សហជីព​ពុំ​មាន​គម្រោង​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សារ​នយោបាយ​នោះ​ទេ។
លោក​ថា នេះ​ជា​ពិធី​សាសនា និង​ជា​ឱកាស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃាតក និង​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក ជា វិជ្ជា៖ «សហជីព​សេរី​យល់​ឃើញ​ថា ការ​ដាក់​កំហិត​របស់​សាលា​រាជធានី​ភ្នំពេញ ទៅ​លើ​នយោបាយ​អ្នក​នយោបាយ​មិន​ឲ្យ​ថ្លែង​សារ​នោះ​គឺ​ជា​រឿង​របស់​សាលា​រាជធានី​ភ្នំពេញ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រឹត​ត្បិត​ការ​បញ្ចេញ​មតិ គេ​ថា​ក្រែងលោ ១១៨​នាក់ គាត់​មក​ថ្លែង​សារ​នយោបាយ​អី​ទៅ​វា​ប៉ះពាល់​ខាង​អ្នក​រៀបចំ ពីព្រោះ​គេ​ថា គណបក្ស​សង្គ្រោះ​ជាតិ គេ​រំលាយ​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​នយោបាយ​ណា​គេ​អញ្ជើញ​ចូលរួម​សហជីព​ពួក​យើង​នឹង​ស្វាគមន៍»
អភិបាលរង​រាជធានី លោក មាន ចាន់យ៉ាដា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ មករា បាន​ហៅ​សហជីព​សេរី​កម្មករ​ប្រជុំ​អំពី​ការ​ជូន​ដំណឹង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា។ ក្រៅ​អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​នេះ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ ដោយ​យក​លេស​ថា ខ្លាច​កក​ស្ទះ​ចរាចរណ៍។
សហជីព​សេរី​កម្មករ គ្រោង​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព គម្រប់​ខួប ១៤​ឆ្នាំ នៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មករា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ គឺ​ជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់​ដឹកនាំ​សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា។
លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ល្បី​ឈ្មោះ​ខាង​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។
ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ ពោល​គឺ​ឃាតក​ពិត​ប្រាកដ និង​អ្នក​បញ្ជា​អោយ​បាញ់​សម្លាប់​មេ​សហជីព​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ជាង​១​ទសវត្ស​ក្រោយ​ឃាតកម្ម​នេះ៕

Sunday, January 7, 2018

លោក ហ៊ុន សែន ថា ការ​រំលាយ​បក្ស​ប្រឆាំង​ជា​ជោគជ័យ​បញ្ចៀស​គ្រោះ​ដល់​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​ទិវា​ជ័យជម្នះ​៧ មករា​ថា រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​បាន​ជ័យជម្នះ​មួយទៀត គឺ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ប៉ុន្តែ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា ត្បិត​ដ្បិត​ចលនា​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ស្រុក​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។
សំឡេង​ស្រែក​ជយោ​យ៉ាង​កងរំពង​លាន់ឮ​ពេញទី​ក្រុង​កោះ​ពេជ្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​ថ្មី​មួយទៀត គឺ​ការ​កម្ទេច​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចោល។ គណបក្ស ប្រជាជន​កម្ពុជា​ចោទ​ថា គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​សហរដ្ឋអាមេរិក នៅ​ពីក្រោយ​ជា​អង្គការ​ចាត់តាំង ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។
ក្នុង​ពេល​អួតអាង​ប្រាប់​សមាជិក​បក្ស​ជាង​ជិត​ប្រាំ​ម៉ឺន​នាក់ នៅ​ថ្ងៃ​នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំនេះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែង​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ «»
ប៉ុន្តែ​ការ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​ពេលនេះ លោក ហ៊ុន សែន មិនទាន់​គិត​ថា គ្រប់គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​ថា អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ​នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។
លោក ហ៊ុន សែន លើកឡើង​បែប​នេះ ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប ៧​មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​គណបក្ស​កាន់អំណាច​ព្យាយាម​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ពី​ក្នុងស្រុក​ទៅដល់​ក្រៅ​ប្រទេស រហូត​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ លួច​បង្កើត​ទ័ព​នៅ​តាម​ព្រំដែន​ថែមទៀត​ផង។ រីឯ​គណបក្សប្រឆាំង​ឯណោះ​វិញ ក៏​ប្រកាស​មិន​ទទួលស្គាល់​ថ្ងៃ ៧ មករា​វិញ​ដែរ។
អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ។ ដូចគ្នា​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើកទ័ព​ចូល​ត្រួតត្រា​កម្ពុជា យក​លេស​ជួយសង្គ្រោះ។ «»
ការព្រមាន​​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ជាថ្មី​នេះ គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ហាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ ៥​ឆ្នាំ​។ នៅ​ពេល​នេះ គណបក្ស​កាន់អំណាច កំពុង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។ លោក ហ៊ុន សែន ចាត់តាំង​អនុប្រធាន​គណបក្ស​របស់​លោក គឺ​លោក ស ខេង ឲ្យ​ដឹកនាំ​ក្រុមការងារ ដែល​ជំនាញ​ខាង​ច្បាប់ ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ ដើម្បី​ដាក់ទោស​លើ​ជន​ទាំងឡាយ​ណា ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ទេស ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។ លោក ស ខេង នឹង​ជួប​ជជែក​គ្នា​ក្រោយ​ថ្ងៃ ៧មករា​នេះ​ហើយ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំបាច់ ដែល​ត្រូវតែ​ធ្វើ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ «»
ក្រុម​គណបក្សសង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី និង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា កំពុង​ធ្វើ​យុទ្ធនាការ​សុំ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល ហ៊ុន សែន និង​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​ត្រូវ​ព្យួរ​អាសនៈ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន។
អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា មើល​ឃើញ​ថា ជម្លោះ​នយោបាយ​នៅ​ពេល​នេះ គឺជា​ការបែកបាក់​ជាតិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​អ្នកនយោបាយ​រក​ច្រកចេញ​ដើម្បី​បញ្ចប់​ជម្លោះ ល្អ​ជាង​ការ​ហែកហួរ​គ្នា​ទៅវិញទៅមក​ដូច​សព្វថ្ងៃ​នេះ។ «»
ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស ត្រូវ​បាន​លោក ហ៊ុន សែន អះអាង​ថា​ជា ការទប់ស្កាត់​បាន​នូវ​បដិវត្តន៍​ពណ៌ បាន​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​រក្សា​បាន​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ សហគមន៍​អន្តរជាតិ​ថា ការ​រំលាយ​គណបក្សប្រឆាំង​នេះ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅវិញ​ទេ។ ក្រុម​ប្រទេស​មហាអំណាច និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា ព្រមាន​ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...