Saturday, December 16, 2017

រដ្ឋ​សភា សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្តែង​ការ​មិន​យល់ស្រប​ និង​សោក​ស្តាយ ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា ជា​ពិសេស​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ រដ្ឋសភា​កម្ពុជា​ អះអាង​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់​សុទ្ធ​សាធ​។ ជា​ការ​កត់​សម្គាល់ ​ក្រៅ​ពី​រដ្ឋសភា ព្រឹទ្ធសភា​កម្ពុជា​ក៏​បានចេញ​សេចក្តីថ្លែងការណ៍មាន​ខ្លឹមសារ​ស្រដៀង​គ្នា​ដែរ កាល​ពី​ម្សិលមិញ​។ ព្រឹទ្ធ​សភា​​កម្ពុជា ចាត់​ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ថា​មាន​លក្ខណៈ​លំអៀង មិន​យុត្តិធម៌ និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​។
តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី ១៦ខែ ធ្នូ នេះ រដ្ឋសភា​កម្ពុជា បាន​រក្សា​ជំហរ​របស់​ខ្លួន ដោយ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជា​តិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។ និង​ថា អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត ដូច​ជា​បង្ក​ឲ្យ​មាន​អសន្តិសុខ ​និង​ចលាចល​នៅ​ទូ​ទាំង​ប្រទេស​ ជាពិសេស​ប្រើ​ប្រាស់​កម្លាំង​មហាជន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយ​មាន​បរទេស​ជា​អ្នក​គាំទ្រ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋ​សភា​កម្ពុជា បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សភា​អឺរ៉ុប​ថា តើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​អំពើ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?​ ហើយ​បើ​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាម តើ​អ្នក​ណា​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ​? និង​ថា​តើ​សភា​អឺរ៉ុប​ នឹងការពារ​សិទ្ធិ​របស់​មេ​ដឹក​នាំ ទុច្ចរិត​ទាំង​នេះ ឬ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូ​ទៅ​?
រដ្ឋ​សភា បន្ត​លើក​ឡើង​ថា កម្ពុជា​ប្តេជ្ញា​គោរព និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​គោរព​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី​ និងសិទ្ធិ​កុមារ​។ ទាក់​ទង​នឹង​ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ច​ការ​បោះ​ឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម​វិញ ត្រូវបាន​រដ្ឋសភា​កម្ពុជា​ចាត់​ទុក​ថា មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ដើម្បី​ពង្រឹង​គុណភាព​ លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា ថា​ប្រសិន​បើ​សភា​អឺរ៉ុប​ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា ​នាំចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិត​គូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​សម្រេច​ដោយ​អយុត្តិធម៌បែប​នេះ​។
តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន រដ្ឋ​សភា​កម្ពុជា បាន​ស្នើ​ទៅ​ សភា​អឺរ៉ុប​ស្វះ​ស្វែង​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ដោយ​មិន​គួរ​ធ្វើ​សេចក្តី​សម្រេច​ចិត្តផ្អែក​លើ​ព័ត៌មាន​លម្អៀង​បាន​មក​ពី​ភាគី​តែ​ម្ខាង​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ រដ្ឋសភា​កម្ពុជា​រំពឹង​ថា កម្ពុជា​និង​សហភាពអឺរ៉ុប​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ផ្អែក​លើ​ផល​ប្រយោជន៍ទៅ​វិញ​ទៅ​មក​។
ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋសភា​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា នា​ពេល​នេះ ធ្វើ​ឡើងបន្ទាប់​ពី សភាអឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ដាក់​ពន្ធនាគារ។ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះឋ​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស៕

រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប

រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា បដិសេធ​មិន​ទទួល​យក​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុម័ត​ដោយ​​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិតេយ្យ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។
សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​ចិត្ត​ក៏​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ (visa) ចេញ​ចូល​សហភាព​អឺរ៉ុប ចំពោះ​ថ្នាក់ដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​គូកន ហើយ​វិធានការ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នោះ​ដែល​បាន​យក​លុយ​កាក់​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ខ្លួន​មក​លាក់​ទុក​នៅ​ទ្វីប​អឺរ៉ុប។
ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​សភា​អឺរ៉ុប រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ចការ​បោះឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​គុណភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា បន្ត​ថា ប្រសិនបើ​សភា​អឺរ៉ុប ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំ​ចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិតគូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-​កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់។
ចំណែក​ព្រឹទ្ធសភា​កម្ពុជា វិញ​ចោទ​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា មិន​ព្រម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នោះ កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ សភា​និង​ព្រឹទ្ធសភា​កម្ពុជា ក៏​មិន​បាន​ប្ដេជ្ញា​ស្តារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​ទៅ​ធម្មតា​វិញ​នោះ​ដែរ។
ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ធ្វើ​ព្រងើយ​ចំពោះ​សំណើ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អឺរ៉ុប និង​អាមេរិក ចង់​បាន។ លោក ហ៊ុន សែន បែរ​ជា​ទៅ​ដឹកនាំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ទៅ​វិញ៕

Thursday, December 14, 2017

សភា​អឺរ៉ុប​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​ចំពោះ​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ

សភា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១៣ ធ្នូ បាន​ចេញ​សេចក្តី​សម្រេច​លើ​ដំណោះ​ស្រាយ​រួម​មួយ​សម្រាប់​កម្ពុជា។ ក្នុង​ដំណោះ​ស្រាយ​នោះ សភា​អឺរ៉ុប​សម្តែង​ទាំង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ដាក់​ពន្ធនាគារ។ បន្ថែម​ពី​លើ​នេះ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។
នៅ​ក្នុង​ដំណោះ​ស្រាយ​សម្រាប់​កម្ពុជា​ដែល​មាន​កម្រាស់​៦​ទំព័រ សភា​អឺរ៉ុប​បាន​អំពាវនាវ​ដល់​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​អ្នក​តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ការពារ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ជាមួយ​គ្នា​នេះសភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​(EEAS) ឲ្យ​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ឈាន​ទៅ​រក​ការ​លែង​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​តែ​ម្តង។
លើស​ពី​នេះ​ទៅ​ទៀត សភា​អឺរ៉ុប​សង្កត់​ធ្ងន់​ថា សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​គណៈកម្មការ​អឺរ៉ុប​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់​នូវ​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​អនុសញ្ញា​ស្តី​ពី​អនុគ្រោះ​ពន្ធ​នេះ។ សម្រាប់​សភា​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​ធ្វើ​សកម្មភាព​បំពាន​នឹង​កាតព្វកិច្ច​របស់​ខ្លួន នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះ​អាសន្ន។
ដោយ​ឡែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នេះ​មិន​អាច​ធ្វើ​ឡើង​បាន​ភ្លាមៗ​ទេ ក៏​ព្រោះ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​សម្រេច​របស់​អង្គ​នីតិបញ្ញតិ្ត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​សុខសន្តិភាព​ទៅ​ប្តូរ​នឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ឡើយ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ដដែល។
សូម​បញ្ជាក់​ថា ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺ​ជា​គំនាប​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ព្រោះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ជា​ចំណាត់​ការ​មួយ​ដែល​ទទួល​បាន​ការ​ស្វាគមន៍​ពី​សភា​អឺរ៉ុប។ សភា​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ប្រែ​ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ផ្តល់​តំណែង​ដល់​ក្រុម​តំណាង​រាស្រ្ត និង​សមាជិក​ប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស​ប្រឆាំង​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សភា​ដែល​តំណាង​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​អស់​ទៅ​លើ​លោក​សម រង្ស៊ី និង​តំណាង​រាស្រ្ត​ដទៃ​ទៀត​ផង​ដែរ។
សម្រាប់​រដ្ឋាភិបាល​កម្ពុជា លោកសុខ ឥសាន បាន​អះ​អាង​ថា ការ​ចង់​បាន​និង​ចង់​ឃើញ​សភាពការណ៍​កម្ពុជា​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ និង​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​មក​វិញ គឺ​មិន​អាច​ទៅ​រួច​ទេ ។ ចំពោះ​លោក​សុខ ឥសាន ការ​ចង់​បាន​ដូច្នេះ គឺ​មាន​ន័យ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ​បាន​ន័យ​ថា លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ត្រូវ​បំផ្លាញ​ចោល៕

សហរដ្ឋ​អាមេរិក​ទុក​ឱកាស​ឲ្យ​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​ឡើង​វិញ

ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក Patrick Murphy បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ បន្ទាប់​ពី​បាន​ចំណាយ​ពេល​២​ថ្ងៃ។ មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧបការីរង បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ ដោយ​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ លោក Murphy ក៏​បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត បើ​ស្ថានការណ៍​បន្ត​ធ្ងន់​ធ្ងរ។
ការ​លើក​ឡើង​របស់​លោក​ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​ផ្អែក​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ, ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា។ នៅ​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​ក្រុម​អ្នក​កាសែត​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ឯ​និវេសនដ្ឋាន​នៃ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ មុន​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ លោក Patrick Murphy ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​ដែល​លោក​ចាត់​ទុក​ថា ជា​គុណ​វិបត្តិ​នោះ ឲ្យ​វិល​មក​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ ហើយ​ថា សហរដ្ឋ​អាមេរិក អាច​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសាសន៍​របស់​ខ្លួន។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​នោះ​ថា គឺ​ដើម្បី​ការពារ​ប្រទេស​កម្ពុជា ពី​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​បាន​ថ្លែង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដែល​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​ពី​ប្រទេស​ណា​មួយ ឲ្យ​ប្រឆាំង​នឹង​នីតិរដ្ឋ ឬ​ស្ថាប័ន​កំពូល​របស់​ខ្លួន​នោះ​ទេ។
គួរ​ជំរាប​ជូន​ថា សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​បាន​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ឈប់​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ផ្តល់​ទិដ្ឋាការ​ (VISA) ដល់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោម​ហេតុ​ផល​ថា ​បាន​រួម​ចំណែក​បំផ្លាញ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​ ១២ ធ្នូ អនុគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក​ ក៏​ទើប​តែ​បាន​បើក​សវនាការ​មួយ​ទៀត ដើម្បី​ស្វែង​រក​ការ​ចាត់​វិធានការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក​ឧបការីរង​បាន​លើក​ឡើង​ថា រាល់​ជំហាន​ទាំង​អស់​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​កម្ពុជា គួរ​ត្រូវ​បាន​ត្រលប់​ថយ​ក្រោយ។
សូម​បញ្ជាក់​ថា លោក Patrick Murphy ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ឥត​ព្រៀង​ទុក កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ តួ​យ៉ាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា, លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ជំនួប​ដែល​ភាគ​ច្រើន​បាន​លើក​ឡើង​អំពី​ការ​ស្តារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​ទាក់​ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ៕

គជប៖ ​សហភាព​អឺរ៉ុបមិន​ត្រូវ​យក​បញ្ហា​តុលាការ​និង​នយោបាយ ភ្ជាប់​ជាមួយ​ការងារ​បច្ចេកទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​ទៅ​កាន់​សហភាព​អឺរ៉ុប​ថា មិន​ត្រូវ​យក​បញ្ហា​នយោបាយ​និង​រឿង​តុលាការ មក​ដោះ​ស្រាយ​ការងារ​បច្ចេកទេស​របស់ គជប ទេ។ ការ​លើក​ឡើង​របស់ គជប យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ដែល​មាន​ខ្លឹមសារ​​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ចំពោះ គជប ដោយ​សារការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល​កម្ពុជា​។
នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​​ថ្ងៃ​ទី​១៣ខែ​​ធ្នូ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប មក​កាន់ គជប​។ សម្រាប់ គជប សហភាព​អឺរ៉ុប​គួរ​តែ​យល់​ថា គជប គឺ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស។ និង​ថា សហភាព​អឺរ៉ុប មិន​ត្រូវ​យក​រឿង​តុលាការ និង​បញ្ហា​នយោបាយ មក​ដោះ​ស្រាយ​ជាមួយ​ការងារ​បច្ចេកទេស​របស់ គជប ទេ​។
គួរ​ជម្រាប​ជូន​ថា មួយ​ថ្ងៃ​មុនការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់ គជប ពោល​គឺនៅ​ថ្ងៃ​ទី​១២​ធ្នូ សហភាព​អឺរ៉ុប បាន​ប្រកាស​ព្យួរ​ជំនួយ​របស់​ខ្លួន​សម្រាប់ គជប​ ដោយ​ផ្អែក​លើ​មូលហេតុ​ថា តុលាការ​កំពូល​កម្ពុជា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​។ សហភាព​អឺរ៉ុប យល់​ឃើញ​ថា ការ​រំលាយ​បក្ស​ប្រឆាំង​ដូច្នេះ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​​ដំណើរការ​បោះ​ឆ្នោត ដោយ​វា​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ស្រប​ច្បាប់​។
ប៉ុន្តែ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប គជប បាន​ចោទ​សួរ​ថា តើ​មាន​ហេតុផល​អ្វី​ដែល​អាច​វាយ​តម្លៃថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ មិន​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ខណៈ​ពេល​ដែល​មេ​ដឹក​នាំ គជប នៅ​ដដែល, សមាជិក គជប ភាគ​ច្រើន​នៅដដែល, និង​មន្ដ្រី គជប រាប់​រយ​នាក់​នៅ​ដដែល​? គជប បាន​បញ្ជាក់​អះអាង​បន្ត​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គជប នៅ​តែ​រក្សា​គោលដៅ​ចម្បង​២​ដដែល គឺ​ទី​១៖ ពលរដ្ឋ​ខ្មែរត្រូវ​មាន​ឈ្មោះ​ត្រឹម​ត្រូវ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយទី​២៖ ​សិទ្ធិ​សម្ដែង​មតិ​តាម​រយៈ​សន្លឹក​ឆ្នោត​ត្រូវ​តែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​បំផុត គ្មាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ទេ​។
ទន្ទឹម​គ្នា​នេះ គជប បាន​សង្កត់​ធ្ងន់​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​កន្លងមក​ជាមួយ​ភាគី​ពាក់ព័ន្ធ គឺ​ធ្វើ​ឡើង​ដោយ​សុឆន្ទៈ ហើយ​ខ្លួន​ស្វាគមន៍​តែចំពោះ​ជំនួយ​អន្ដរជាតិ​ណា​ដែល​ប្រកប​ដោយ​សុឆន្ទៈ​ដូច​គ្នា​ដែរ​។ ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​មក​កាន់​គជប គជប យល់​ថា វា​ជា​សិទ្ធិ​យល់​ឃើញ​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​សម្រាប់ គជប ខ្លួន​ឯង គឺ​បាន​គ្រោង​ថវិកា​គ្រប់​គ្រាន់​ហើយ​។
សូមជម្រាប​ជូន​ដែរ​ថា នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ និង​២០១៧​កន្លង​ទៅ គជប បាន​ចំណាយ​ថវិកា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​អស់​ប្រមាណ​៥០​លាន​ដុល្លារ​។ ក្នុង​នោះ ជំនួយ​របស់​សហភាព​អឺរ៉ុប​មាន​ជាង​៥​លាន​ដុល្លារ ដែលអាច​​រាប់​ថា​ជា​ជំនួយ​មួយ​សំខាន់​ដែរ​៕

អាមេរិកប្រាប់កម្ពុជា​ឲ្យ​វិល​ទៅ​រក​គន្លងលទ្ធិប្រជាធិបតេយ្យវិញ

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជា​​ងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែម​ទៀត ប្រសិន​បើ​ប្រទេស​នេះ​មិនធ្វើឲ្យដំណើរការប្រជាធិបតេយ្បល្អប្រសើរ នៅមុនការបោះឆ្នោត ប៉ុន្ដែ កម្ពុជា​បានការពារចំណាត់ការរបស់ខ្លួន​ថា ជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។
ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​នោះ​ឡើយ ហើយ​នៅ​អំឡុង​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ួច បូរិទ្ធ។
​ទស្សន​កិច្ច​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ស្ថានភាព​តាន​តឹង ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។
ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានថ្លែង​ថា កម្ពុជា​បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យរបស់ខ្លួន បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួនលោក កឹម សុខា។ នេះដោយយោងតាមសារព័ត៌មាន Khmer Times។
បើតាមសារព័ត៌មាន Khmer Times លោក​ Patrick Murphy មានប្រសាសន៍ថា ដោយសារកម្ពុជាមិនគោរពកាតព្វកិច្ចរបស់ខ្លួននេះហើយ ទើបធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ដូចជា ការកាត់ផ្ដាច់ជំនួយសម្រាប់​ការ​បោះឆ្នោត និងទណ្ឌកម្មផ្នែកទិដ្ឋាការ​លើមន្ដ្រីជាន់ខ្ពស់ខ្មែរ ដែលអាមេរិក​ថា បានបំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា។
លោក​ Patrick Murphy ព្រមានទៀតថា​ បើកម្ពុជានៅតែរឹងរួស មិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេនោះ លោកថា អាមេរិក នឹងចាត់វិធានការបន្ថែមទៀត​លើរដ្ឋាភិបាលទីក្រុងភ្នំពេញ។​
លោក​ Patrick Murphy ត្រូវ​បាន​ដក​ស្រង់​ដែល​បាន​ថ្លែង​ថា​៖ «យើងសូមណែនាំថា ចំណាត់ការ ដែលបានធ្វើឡើងទាំងនោះ យើងសូមឲ្យមានកែប្រែ ទៅរកផ្លូវដដែលវិញ។ នៅពេលដែលយើងនិយាយថា មានក្ដីព្រួយបារម្ភ យើងក៏ចាំបាច់ ត្រូវតែមានវិធានការផ្សេង​ទៀត បើមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ វិលទៅរកផ្លូវដដែលទេនោះ»។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ូច បូរិទ្ធិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក Murphy កាល​ពី​ថ្ងៃ​អង្គារ​ថា ជំនួប​រវាង​រូប​លោក​ជាមួយ​លោក Murphy បាន​លើក​ឡើង​អំពី​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។
នៅ​ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​រូប​នេះ ក៏​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ដោយ​ថា ចំណាត់​ការ​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ការពារ​​ឯករាជ្យភាព សន្តិភាព និង​ស្ថេរភាព​កម្ពុជា។
ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់កាន់តែតានតឹងឡើង​ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅក្រោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ អាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា ប្រាស់ចាកពីការពិតទាំងស្រុង។
ទោះបីអាមេរិកបានបកស្រាយយ៉ាងនេះក្ដី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដចំណាត់ការរបស់ខ្លួន ដោយបានស្នើសុំឲ្យតុលការកំពូល​រំលាយអតីតគណបក្សប្រឆាំង និងនៅតែបន្ដឃុំខ្លួន​លោក កឹម សុខា ជាបណ្ដោះអាសន្ន ពីបទ «ក្បត់ជាតិ»។
សហគមន៍អន្ដរជាតិ បានថ្កោលទោសជាបន្ដបន្ទាប់ ដោយថា កម្ពុជា​កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ ប៉ុន្តែ មានតែប្រទេសកុម្មុនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខការពាររដ្ឋាភិបាលកម្ពុជា ក្នុងរឿងរំលាយអតីតបក្សប្រឆាំងនេះ៕

Wednesday, December 13, 2017

សភាអាមេរិកថា នឹងរកវិធានការបន្ទាប់ ក្រោយដាក់ទណ្ឌកម្មទិដ្ឋាការលើកម្ពុជា

ក្រុម​សមាជិក​សភាសអាមេរិក បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​នឹងស្វែងរកវិធានការជាបន្ដបន្ទាប់​ទៀត​សម្រាប់​ដាក់​មក​លើ​ប្រទេស​កម្ពុជា ដោយ​ថា ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេស​នេះ បន្ទាប់​ពី​​កម្ពុជាបាន​ចាត់​វិធានការ​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ហើយ​អាសនៈ​សភា និង​អាសនៈ​ជាប់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ។
ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ»។
វិធានការ​ថ្មីៗ​នេះ​របស់​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​អាមេរិក​គិត​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុងសវនាការមួយស្ដីអំពី «​ការ​ធ្លាក់​ចុះ​​នៃលទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា» នៅចំពោះ​មុខ​អនុគណៈកម្មាការទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់​មិញ​នេះ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចូលរួមជាសាក្សី និងបំភ្លឺពីបញ្ហានយោបាយ ដែលថា កំពុងមានភាពតានតឹងខ្លាំងនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ រួមមាន ការបិទអង្គការ NDI ការបន្ដឃុំខ្លួនឪពុក​របស់​កញ្ញា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ តាមសាលដីកាតុលាការកំពូលនោះ។
អំឡុង​ពេល​ផ្ដល់​សក្ខីកម្ម​នោះ កញ្ញា កឹម មនោវិទ្យា ក៏​បាន​ស្នើ​ទៅ​ក្រុម​សមាជិក​សភា​អាមេរិក​ផង​ដែរ ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ស្រោច​ស្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ជា​ការ​ឆ្លើយ​តប​មក​វិញ ក្រុមសមាជិកសភាអាមេរិក រួមមានលោក Ted Yoho លោក Brad Sherman និងលោក Alan Lowenthal ជាដើម បានសំដែងក្ដីព្រួយបារម្ភរបស់ពួកគេ ក្រោយបាត់បង់អតីតគណបក្សសង្គ្រោះជាតិ ការបែងចែកអាសនៈសភារបស់បក្សនេះ ឲ្យទៅគណបក្សផ្សេង ដែលមិនបានជាប់ឆ្នោត និងការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមសមាជិកសភាអាមេរិកទាំងនោះ ជឿជាក់ថា អាមេរិក​នឹងពិនិត្យ​មើល​ជំនួយបរទេសរបស់ខ្លួនជាមួយកម្ពុជាឡើងវិញ ជាពិសេសនោះ គឺសហរដ្ឋអាមេរិក នឹងស្នើទៅ​បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ឲ្យ​ចូលរួមដោះស្រាយវិបត្តិនយោបាយនៅកម្ពុជានេះផងដែរ។
ថ្លែងក្នុងសវនាការនោះដែរ ប្រធានគណៈកម្មាការកិច្ចការបរទេស លោក Ed Royce មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ គឺជារដ្ឋាភិបាលផ្ដាច់ការ និងថា រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងរិះរកវិធានការជាបន្ដបន្ទាប់ ដើម្បីឲ្យកម្ពុជា​ងាកទៅ​ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោពសិទ្ធិមនុស្ស។
លោកថា៖ «រដ្ឋការលោក ដូណាល់ ត្រាំ បានឆ្លើយតបដោយជំហ៊ានជាវិជ្ជមានមួយចំនួន ដូចជាកាលពីសប្ដាហ៍មុន ដោយប្រកាសនៃការហាមឃាត់ផ្នែកទិដ្ឋាការលើអ្នកទាំងអស់នោះ ដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ នោះមិនមែនជាការបញ្ឈប់ត្រឹមហ្នឹងនោះទេ ហើយខ្ញុំរងចាំស្ដាប់ពីសាក្សី ថាតើ វិធានការអ្វី ដែលយើងគួរធ្វើ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ហើយជាអ្វី ដែលយើងស្នើសុំឲ្យអ្នកសាធារណរដ្ឋជុំវិញពិភពលោក និងអ្នកប្រជាធិបតេយ្យគ្រប់ស្ថាប័ន ឲ្យធ្វើការរួមគ្នា»។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់ចំពោះការបញ្ចេញទស្សនៈ​របស់ក្រុមសមាជិកសភាអាមេរិកទាំងនោះឡើយ ដោយថា កម្ពុជា​កំពុង​ដើរលើផ្លូវត្រូវ និងធ្វើតាមច្បាប់របស់ខ្លួន។
លោកថា៖ «ខ្ញុំយល់ថា កម្ពុជា ដើរលើផ្លូវត្រូវ ដែលកម្ពុជា បានកំណត់រួចហើយ ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រង់ថា អ្នកខាងក្រៅនិយាយថាម៉េច អាហ្នឹងជារឿងគេ ដែលមិនមានឥទ្ធិពលអ្វី មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជានោះទេ»។
សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ជុំ​វិញ​វិធានការ​ថ្មីៗ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា មាន​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​មួយ​ប៉ុណ្ណោះ បាន​គាំ​ទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ចាត់​ទុក​ជា​ការ​ថែរក្សា និង​ការពារ​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...