Sunday, December 10, 2017

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ ​ក្រុម​ចាប់​ជំរិត​​ជន​ជាតិ​​ចិន​​៣​នាក់​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​​ព្រះសីហនុ ​នៅ​​ថ្ងៃទី ​១០​ ធ្នូ ​នេះ ​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ ​ដើម្បី​​បង្ហាញ​មុខ​​ក្រុម​​ចាប់​ជំរិត​​ជា​​ជន​​ជាតិ​ចិន​៣​រូប ​ក្រោយ​ពី​​ការ​បង្ក្រាប​​បាន​​កាល​​ពី​យ​ប់​​ថ្ងៃទី ​​០៩ ​ធ្នូ​។ ​ការ​ប៉ុនប៉ង​​ចាប់​ជំរិត​​លើ​​ជន​​ជាតិ​ចិន​​ដូចគ្នា​​តែ​​មិន​បាន​​សម្រេច​​នេះ ​គឺ​​ក្នុង​​បំណង​​ទាមទារ​​ប្រាក់​​ចំនួន​៨០​ម៉ឺន​​ដុល្លារ​​អាមេរិក​។ ​សូម​បញ្ជាក់​ថា ​នេះ​​គឺ​ជា​​ករណី​​ចាប់​ជំរិត​​ទី០​១ ​ដែល​​បាន​​កើត​ឡើង​​នៅ​ក្នុង​​ទឹកដី​​ខេត្ត​​ទេសចរណ៍​​ដ៏​​ធំ​​របស់​​កម្ពុ​ជា​មួយ​នេះ ​ខណៈ​​ប្រជាពលរដ្ឋ ​និង​​អ្នក​​ទេសចរណ៍​​កម្ពុជា ​បាន​​រអ៊ូរទាំ​​កាន់​តែ​ខ្លាំង ​ពី​​វត្តមាន​​ដ៏​​ច្រើន​​របស់​​ជនជាតិ​​ចិន ​នៅ​ក្នុង​​ទឹកដី​​ខេត្ត​​ព្រះសីហនុ​។​
អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​តែ​មិនបាន​សម្រេច​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង៣០នាទី​យប់ និង​ទី០៩ ធ្នូ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង ក្នុង​បុរី ប៊ី​អេស (BS) ក្រុមទី១ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា៣នាក់។ ពួកគេ​បាន​រៀប​ផែនការ​និង​ចាប់ជំរិត​ជនរងគ្រោះ​ម្នាក់​ឈ្មោះ LI FUJIE ភេទ​ប្រុស​អាយុ៤៧ឆ្នាំ ជា​ជន​ជាតិចិន​ដូចគ្នា ដែលមាន​តួនាទី​ជា​ប្រធាន​ទីផ្សារ​ផ្នែក​ទំនាក់ទំនង​នាំ​ភ្ញៀវ​ប្រចាំ​កាស៊ីណូ​មួយកន្លែង នៅ​ខេត្ត​ព្រះសីហនុ។
បើតាម​របាយការណ៍ គឺ​កាលពី​យប់​ថ្ងៃទី ០៨ ធ្នូ ជនរងគ្រោះ​ឈ្មោះ LI FUJIE ភេទ​ប្រុស​អាយុ៤៧ឆ្នាំ ជា​ជន​ជាតិចិន បាន​បើករថយន្ដ​ម៉ាក PORSCHE តែម្នាក់ឯង លុះ​មកដល់​កន្លែង​ស្ងាត់​ត្រង់ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹកអូរ​ឈើទាល់ ក្នុង​សង្កាត់​លេខ៤ ក្រុម​ជនសង្ស័យ​មាន​គ្នា០៣នាក់ បាន​បើករថយន្ដ Lexus ស្ទាក់​គៀរ។ ពេលនោះ​ជនរងគ្រោះ​បាន​ឈប់​រថយន្ត​ដើម្បី​សួរនាំ ប៉ុន្តែ​ត្រូវបាន​ក្រុម​ជនល្មើស​យក​កាំភ្លើង​ភ្ជង់ រួច​បាន​ចាប់​ក្រៀក​ដាក់ចូល​ទៅក្នុង​រថយន្ត ដឹក​យកទៅ​បង្ខាំង​ទុក​តែម្តង។ បន្ទាប់មក​ជនល្មើស បាន​ទុក​គ្នា​ម្នាក់​ឲ្យ​នៅ​យាម​ជនរងគ្រោះ រីឯ​គ្នា​ជនល្មើស០២នាក់​ទៀត បាន​បើករថយន្ត​របស់​ជន​រងគ្រោះ​ម៉ាក PORSCHE យកទៅ​ផ្លុ​ង​ចោល នៅក្បែ​បេនឡាន​ចាស់ ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ដដែល។ បន្ទាប់មក នៅ​ប្រមាណ​ជា២ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ប្អូន​របស់​ជនរងគ្រោះ ដោយបាន​ទាមទារ​ប្រាក់​ចំនួន៨០ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ផែនការ​របស់​ពួកគេ ត្រូវបាន​បរាជ័យ បន្ទាប់ពី​សមត្ថកិច្ច​ប​ង្ក្រា​ប​ខេត្ត​ព្រះសីហនុ​បង្ក្រាបបាន កាលពី​យប់​ថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៧នេះ។ ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​កិច្ចសហការ​ពី​ព្រះរាជអាជ្ញារ​ផង។
នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៣នាក់ ដែល​ម្នាក់​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស អាយុ ២៦ឆ្នាំ ទី២.ឈ្មោះ DAI HONGDA ភេទ​ប្រុស អាយុ ២៣ឆ្នាំ និង​អ្នក​ទី៣.ឈ្មោះ LIN JINPEI ភេទ​ប្រុស​អាយុ២៤ឆ្នាំ។ ជាមួយនឹង​ការចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​រកឃើញ​នូវ​វត្ថុតាង​មួយចំនួន​ដូចជា៖ កាំភ្លើងខ្លី​មួយ​ដើម (BERETTA STOM) មាន​គ្រាប់​ចំនួន១០គ្រាប់, កូន​កាំ​ប៊ិ​ត​មួយ, ខ្សែ​ចងរឹត (ស៊ី​ល) ចំនួន២ដុំ, ទូរស័ព្ទដៃ​ចំនួន០៦គ្រឿង និង រថយន្ត​លុច​សីស RX300 ចំនួន១គ្រឿង​ផង។
តាមរយៈ​សន្និសីទកាសែត​នៅថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំងនេះ​មកពី​ប្រទេស​ចិន ដោយបាន​ប្រើប្រាស់​លិខិតឆ្លងដែន​ពីរផ្សេងៗគ្នា មួយ​ជា​លិខិតឆ្លងដែន​ពិតប្រាកដ​សម្រាប់ធ្វើ​ទិដ្ឋាការ​ធ្វើដំណើរ និង​មួយទៀត​ជា​លិខិតឆ្លងដែន​ក្លែងក្លាយ ប្រើ​សម្រាប់​ការជួល​រថយន្ត និង​ជួល​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​និង​ទីតាំង​របស់​ពួកគេ​ដើម្បី​គេចខ្លួន​នៅពេល​បែកការណ៍។ ហើយ​បើតាម​ការបញ្ជាក់​ពី​លោកស្នងការ​ដដែល ក្រុម​នេះ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​តាមរក​មើល​អ្នក​វិនិយោគិន​ចិន​ណា​ដែលមាន​ប្រាក់​ច្រើន ដើម្បី​រក​ឱកាស​ចាប់ជំរិត​ជា​បន្តបន្ទាប់ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ ត្រូវបាន​បង្ក្រាបបាន​ទាន់ពេលវេលា។
គួរ​ជំរាបជូន​ថា នេះ​គឺជា​អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​លើក​ទី០១ ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ ខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​រអ៊ូរទាំ​ទៅនឹង​វត្តមាន​ដ៏​ច្រើន​របស់​ជនជាតិ​ចិន​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជាមួយនេះ៕

សមាគម​ខ្មែរ​​ពីរ​​នៅ​​ណូ​វ៉ែល​ហ្សេ​ឡង់​​ប្រកាស​​គាំទ្រ​​ការ​រំលាយ​​បក្ស​ប្រឆាំង​ ខណៈ​​ពលរដ្ឋ​​ផ្សេង​ទៀត​​គ្រោង​​ធ្វើ​បាតុ​កម្ម​

សមាគម​ពលរដ្ឋ​ខ្មែរ​ចំនួន២ នៅ​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​កាលពី​ថ្ងៃទី៩ ធ្នូ បានដាក់​លិខិត​មួយ​ទៅកាន់​លោក​Trevor Mallard ប្រធានរដ្ឋសភា​ប្រទេស​នេះ​ដោយ​រៀបរាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ សម្រាប់​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នេះ ការសម្រេច​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល គឺ​បាន​ធ្វើឡើង​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា។ ការចេញមុខ​មក​គាំ​ទ្រនេះ ធ្វើឡើង​មុនពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ណូ​វ៉ែល​ហ្សេ​ឡង់​ផ្សេងទៀត​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី១២ ធ្នូ​ខាងមុខ។
សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​នេះ រូ​ម​មាន​សមាគមយុវជន​ខ្មែរ​នៃ​រដ្ឋ​វែ​ល្លីង​តុ​ន(Wellington) និង សមាគម​ខ្មែរ ហា​មិ​ល​តុ​ន-ភ្នំពេញ។ សមាគម​ទាំងពីរ បានចាត់ទុក​ការសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​កម្ពុជា​ថា ជា​បុព្វសិទ្ធិ​របស់​កម្ពុជា​ក្នុងការ​អនុវត្ត​ច្បាប់​របស់ខ្លួន ដើម្បី​ធានាថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​គោរព។ សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង២ ក៏បាន​បញ្ជាក់ប្រាប់​លោក​ប្រធានរដ្ឋសភា​ណូ​វ៉ែល​ហ្សេ​ឡង់​ដែរ​ថា ក្នុងនាម​ពលរដ្ឋ​ខ្មែរ​ណូ​វ៉ែល​ហ្សេ​ឡង់ ពួកគេ​សូម​ប្រកាន់ខ្ជាប់ និង​គោរព​តាម​គោលការណ៍​របស់​ប្រទេស​ដែល​ប្រកាន់យក​នូវ​នីតិរដ្ឋ ដើម្បី​ធានាបាន​នូវ​ការបន្ដ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​យន្ដការ​នៃ​ការអនុវត្ត​ច្បាប់​ដ៏​តឹងតែង​ក្នុង​ការធានា​រក្សាបាន​នូវ​សន្ដិភាព ស្ថេរភាព សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សង្គម សម្រាប់​ប្រជាជន និង​សង្គម​កម្ពុជា។
ជា​កត់សម្គាល់ថា ការចេញ​មុខមក​ប្រកាស​ការពារ​ចំណាត់ការ​របស់​តុលាការ​កំពូល​កម្ពុជារ​បស់​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ពេលនា​នេះ បានធ្វើ​ឡើង​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​ផ្សេងទៀត គ្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១២ ធ្នូ​ខាងមុខ។ ជា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ដំណើរការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​មួរ សុខ​ហួរ ដែលជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ចំពោះ​គម្រោង​បាតុកម្ម​នេះ សមាគម​ពលរដ្ឋ​ខ្មែរ​ទាំងពីរ បាន​ចាត់ទុកថា ជាការ​រៀបចំឡើង​ដោយ​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ គឺ​ពុំ​ឆ្លុះបញ្ចាំង​នូវ​ទស្សនៈ​ឫ​គំនិត​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ណូ​វ៉ែល​ហ្សេ​ឡង់​ទាំងមូល​នោះឡើយ។
សូម​រំលឹក​ឡើងវិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី១៦ ខែ​វិច្ចិកា ក្រោម​ការរិះគន់​យ៉ាង​សម្បើម​ដៃ​ពី​សំណាក់​មជ្ឈដ្ឋាន​ក្នុងស្រុក​និង​អន្តរជាតិ​ដោយបាន​សម្តែង​ទាំង​ការព្រួយបារម្ភ​ផង និង​ព្រមាន​ចាត់វិធានការផ្សេងៗផង បើសិន​ស្ថានភាព​នយោបាយ​មិន​ធូរស្រាល។ ក្នុងនោះ សហរដ្ឋអាមេរិក បាន​ចេញមុខ​ចាត់វិធានការ​មុនគេ ដោយបាន​សម្រេច​បញ្ឈប់​ការ​ផ្តល់ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា និង បានប្រកាស​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​ចំពោះ​ការរួមចំណែក​បង្កើត​ឲ្យ​មានរឿង​រ៉ាវ​នេះ ដែល​អាមេរិក​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

Saturday, December 9, 2017

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​អបអរ​សាទរ​ចំពោះ​ការ​បិទ​ទិដ្ឋាការ​​លើ​មន្ត្រី​កម្ពុជា​និង​ក្រុម​គ្រួសារ

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក ថិត គ្រូស (Ted Cruz) អបអរសាទរ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក រិក ធីលលើសិន (Rex Tillerson) ដែល​បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។
សេចក្ដី​ថ្លែងការណ៍​របស់ លោក ថិត គ្រូស ចេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ បញ្ជាក់​ថា ការ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ជា​ជំហាន​ដំបូង​ដ៏​មាន​ប្រសិទ្ធភាព​ឆ្ពោះ​ទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ និង​ក៏​ជា​ការ​ឆ្លើយតប​ដ៏​ចាំបាច់​មួយ​ចំពោះ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន នៅ​កម្ពុជា។
លោក​បន្ត​ថា លោក ហ៊ុន សែន មាន​ជម្រើស​ដ៏​សាមញ្ញ​មួយ​គឺ​ត្រូវ​ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន លុបចោល​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លើកលែង​ការ​ហាមឃាត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ផ្នែក​បញ្ចេញ​មតិ​ពេញលេញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​រក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក បន្ថែម​ទៀត។
លោក ថិត គ្រូស សរសេរ​បន្ថែម​ទៀត​ថា ពលរដ្ឋ​កម្ពុជា សមតែ​ទទួល​បាន​មេដឹកនាំ​ល្អ ជា​ជាង​មេដឹកនាំ​ជា​បុរស​ខ្លាំង ផ្តាច់ការ។ លោក​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​មិន​បង្អង់​ដៃ​ចំពោះ​ការ​ប្តេជ្ញា​ការពារ​សិទ្ធិសេរីភាព​នោះ​ទេ។ ទោះ​បី​សហរដ្ឋអាមេរិក បាន​លុបចោល​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមគ្រួសារ​មិន​ឲ្យ​ចូល​អាមេរិក ក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មិន​ទាន់​បន្ទន់​ឥរិយាបថ​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​ចោទ​សហរដ្ឋអាមេរិក​ថា ការ​ផ្អាក​ទិដ្ឋាការ​នោះ​ជា​រឿង​នយោបាយ។
​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល លោក ថិត គ្រូស កាល​ពី​ខែ​តុលា បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​ទូត​ខ្មែរ​ប្រចាំ​នៅ​អាមេរិក ទាមទារ​ឲ្យ​ដោះលែង លោក កឹម សុខា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​រង​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក៕

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សារទរ​ការ​ដាក់​បំរាមទិដ្ឋការ​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ

សមាជិក​ព្រឹទ្ធ​សភា​ ស.រ.អា នៃ​គណបក្ស​សាធារណរដ្ឋ ដ៏​មាន​ឥទ្ធិ​ពលមួយ​រូប មក​ពី​រដ្ឋ​ Texas លោក​ Ted Cruz ​បាន​អប​អរ​សារទរលោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Rex Tillerson ​ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរ​ការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។
នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ លោក Ted Cruz បាន​និយាយថា៖ «នេះ​ជា​ជំហាន​ទីមួយ​យ៉ាងល្អ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យឡើង​វិញក្នុង​ប្រទេស​កម្ពុជា និង ជា​ការ​ឆ្លើយ​តបមួយ​ដែល​ត្រូវ​ការយ៉ាង​ខ្លាំងដើម្បី​ទប់​ទប់​ឥទ្ធិពលចិន ដែល​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ»។
លោក​ Ted Cruz ​បាន​បន្ត​ទៀត​ថា៖ «លោក ហ៊ុន​សែន ប្រឈម​និង​ជម្រើស​យ៉ាង​សាមញ្ញ​មួយ គឺ​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដាក់​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ លប់បំបាត់​ការ​ហាម​ប្រាម​របស់​លោក ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ចំហរ និង សិទ្ធិសេរីភាព​ក្នុង​ការ​និយាយ​ស្តី បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ស.រ.អា​ថែម​ទៀត»។
នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ពុំ​ពិចារណា​លើ​អង្គហេតុ​ និង​អង្គច្បាប់​ជុំវិញ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​‍»។ មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ VOA ​មិន​ទាន់​អាចទាក់​ទង​សុំ​ប្រតិកម្ម​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សេចក្តី​ថ្លែង​ការ​ថ្មី​របស់​សមាជិក​ព្រិទ្ធ​សភាស.រ.អា លោក Ted Cruz នៅ​ឡើយ​ទេ​។ យើង​នឹង​ផ្សាយ​ជូន​លោក​អ្នក​ស្តាប់​នៅ​ពេល​ណា​ដែលយើងទទួល​បាន​ការ​ឆ្លើយ​តប៕

បារាំង​​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រលប់​មក​ចូល​រួម​ដំណើរការ​ប្រជាធិបតេយ្យ​វិញ ខណៈ ​EU ​ចង់​សើ​រើ​​ទំនាក់​ទំនង​កម្ពុជា​-​EU

បារាំង បាន​អំពាវនាវ​ជាថ្មី ឲ្យ​អាជ្ញាធរ​កម្ពុជា វិល​ត្រលប់​មក​ចូលរួម​នៅក្នុងដំណើរការ​ប្រជាធិបេតេយ្យ វិញ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើរការ​ដោយ​គ្មានការ​រារាំង។ នេះ​ជាការ​អំពាវនាវ នៅក្នុង​ដំណើរទស្សនកិច្ចមក​កម្ពុជា ​របស់​​​​ឯកអគ្គ​រដ្ឋ​ទូត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ការ​ចងចាំ​នៃក្រសួង​អឺរុប និង​ការបរទេសបារាំង ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ធ្នូ។ ជាមួយគ្នានេះ សហភាពអឺរុប (EU) ក៏បញ្ជាក់​ដែរថា ខ្លួន​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ក្រុមការងារ ដែល​មាន​ស្នាក់​នៅ​ទីក្រុង​ព្រុយ​សែល ដើម្បីសើ​រើ​ពីទំនាក់ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប ឆ្លើយ​តប​នឹង​ស្ថានភាពនយោបាយ​នាពេលសព្វថ្ងៃ។
លោក François CROQUETTE (ហ្វ្រង់ស៊័រ ក្រូគែត) ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានគូសបញ្ជាក់សារជាថ្មី ពីការអំពាវនាវរបស់ប្រទេសបារាំង ឱ្យអាជ្ញាធរកម្ពុជាវិល​ត្រឡប់មកចូលរួម នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយ​អនុញ្ញាតឱ្យគណបក្ស​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។
ជាការ​អំពាវនាវ​ជាថ្មី បន្ទាប់​ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ជាបក្ស​ប្រឆាំង និង​ជាគូបដិបក្ខដ៏ធំ​របស់​គណបក្ស​កាន់​អំណាច ការឃុំ​ខ្លួន​លោក​កឹម សុខា ក្នុងពន្ធនាគារ ការបញ្ឈប់​ប្រព័ន្ធផ្សព្វផ្សាយ​ ​អាមេរិក និង​ការ​គម្រាម​បិទអង្គការ​សង្គមស៊ីវិលមួយចំនួន​ជាដើម។
យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងមិនត្រូវបានបិទនោះឡើយ។ ហើយ​លោកសង្ឃឹមថា នឹង​មានការវិវឌ្ឍជាវិជ្ជមានផ្សេងៗ​ទៀត នៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល។
ស្របជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរុប​ប្រចាំកម្ពុជា លោក George Edgar ក៏បានលើកឡើងពីការ​សើរើ​ទំនាក់​ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប នៅក្នុងជំនួប​សង្ខេប​ជាមួយអ្នក​សារព័ត៌មាន​ នា​ល្ងាច​ថ្ងៃទី ៨ធ្នូ នាទីស្នាក់ការ​សហភាពអឺរុប​ ក្រុងភ្នំពេញ។ ជាជំនួប​ដែល​ធ្វើឡើង ក្រោយ​ពីការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាកា​រ​របស់​សហរដ្ឋអាមេរិក មក​លើ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ណា ដែល​អាមេរិក​ចាត់​ទុក​ថា បាន​ចូលរួម​បំផ្លាញ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា។
ទោះមិន​បាន​សម្តែង​ចំណាប់​អារម្មណ៍លើ​ចំណាត់​ការ​របស់​សហរដ្ឋអាមេរិក​មែន ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​សហភាពអឺរុបប្រចាំកម្ពុជា បាន​ឲ្យ​ដឹងថា នៅ​​រយៈពេលប៉ុន្មានថ្ងៃទៀត សហភាពអឺរុប នឹង​បង្ហាញពីលទ្ធផល​មួយ ឆ្លើយ​តប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេស​គឺជុំវិញ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ នាពេល​ខាង​មុខ។ លទ្ធផល​ ដែល​បាន​មក​ពីកិច្ច​ពិភាក្សា ក្នុងស្នាក់ការ​ធំ ទីក្រុងព្រុយ​សែល ពាក់​ព័ន្ធ​នឹង​​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោក​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​លើកឡើង​នៅថ្ងៃទី ៩ធ្នូនេះថា ទោះបីជាមានការ​អំពាវនាវបែបណា ក៏រដ្ឋាភិបាលខ្មែរ ដាច់​ខាតមិន​អាច​ដើរថយ​ក្រោយ​វិញ​បានទេ។ មិនបាន ដោយ​សារ​តែ​នេះ គឺជាការ​វិវន្តទៅរក​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិតេយ្យ​នៅកម្ពុជា ទៅវិញ។ លោក​សុខ ឥសាន្ត ថាកម្ពុជាកំពុងតែ​អនុវត្ត​ប្រជាធិតេយ្យ និង​នីតិរដ្ឋ​របស់​ខ្លួនយ៉ាងត្រឹមត្រូវបំផុត។ រដ្ឋាភិបាលកម្ពុជា ​ក៏អំពាវនាវ​ជាថ្មីទៅវិញ ទៅ​កាន់សហគមន៍អន្តរជាតិ សូមកុំ​លូកដៃចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុងរបស់​​កម្ពុជា ដែល​នេះអាច​ចាត់ទុកថា ជាការ​រំលោភលើ​ឯករាជ្យភាព អធិបតេយ្យ​របស់កម្ពុជា ដែល​ផ្ទុយពីកិច្ច​ព្រម​ព្រៀង​ក្រុងប៉ារីស និង​កិច្ច​ព្រមព្រៀង​ក្នុងការ​រក្សាទំនាក់ទំនង​ការបរទេស៕​

Friday, December 8, 2017

“ឧកញ៉ា​និង​អ្នក​មាន​ឥទ្ធិពល​បន្ត​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង”

បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយធំ និង​តូចៗ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណាក​ស្រុក បាន​មក​ធ្វើ​កម្មករ​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ឲ្យ​អ្នក​មាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ខេត្ត​ស្ទឹងត្រែង។ អាជីវកម្ម​ឈើ​ជា​ក្រុមៗ​នេះ បាន​ធ្វើ​ឲ្យ​ឈើ​មូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ាកុង​ចូល​ទៅ​ផ្ទៃ​អាង​នៃ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ។
រថយន្ត​ប៉ាកុង និង​គោយន្ត​រាប់​សិប​គ្រឿង​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មូល មុខ​កាត់​ធំៗ ចាប់​ពី ៣​តឹក​ឡើង​ទៅ ចូល​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ក្នុង​មួយ​ថ្ងៃៗ។
សហគមន៍​រស់​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ខ្លាំង​ពី​អនាគត​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ថា​នឹង​វិនាស​ហិនហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​មូល និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​កើត​មាន​គគ្រឹកគគ្រេង។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ បើទោះបីជា​សហគមន៍​រាយការណ៍​ព័ត៌មាន​នេះ​ច្រើន​សា​ក្តី។
​ពលរដ្ឋ​រស់​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា ក្នុង​មួយថ្ងៃៗ កម្មករ​ច្រើន​ក្រុម​អម​ដោយ​រថយន្ត​ដឹកឈើ​ច្រើន​គ្រឿង និង​គោយន្ត​ដឹកឈើ​មូល បាន​ចូល​ព្រៃ​អារ​ឈើ​នៅ​តំបន់​ក្បែរ​ភូមិសាស្ត្រ​អ្នក​ភូមិ​រស់​នៅ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ចេញ​មុខ​ទប់ស្កាត់​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង។
លោក​ថា ឈើមូល​រាប់​សិន​ម៉ែត្រគូប​ដែល​គេ​អារ​ច្រៀក​រៀងរាល់ថ្ងៃ និង​ដឹក​ជញ្ជូន​ចូល​តំបន់​បាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ​ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ទៅ​ក្រៅ ឬ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន៖ «ខ្ញុំ​ព្រួយបារម្ភ​មែន​ទែន​ថា ព្រៃឈើ​នៅ​តំបន់​នោះ​រលាយ​អស់​ហើយ ប្រជាជន​រអ៊ូរ។ ចង់​ស្នើ​សុំ​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​មក​ជួយ​បង្ក្រាប​បទល្មើស​ឲ្យ​អស់​ពី​ភូមិសាស្ត្រ​នេះ​ផង»
​មេឃុំ​ស្តៅ ស្រុក​សេសាន មក​ពី​បក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឆ្នោត​ជា​មេ​ឃុំ ៣០​ឆ្នាំ​មក​ហើយ លោក នួយ ប៊ុនធួយ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​តែងតែ​ធ្វើ​ការ​បង្ក្រាប ណែនាំ​ជនល្មើស និង​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ច្បាប់​ព្រៃឈើ​នៅ​វេទិកា​សាធារណៈ​ជា​រឿយៗ ក្នុង​បំណង​រួមគ្នា​លុប​បំបាត់​បទល្មើស​ព្រៃឈើ។ លោក​ថា បទល្មើស​ព្រៃ​ឈើ​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​តែងតែ​លូច​ចូល​ព្រៃ​កាប់​ឈើ​លក់ ដែល​អាជ្ញាធរ​ជំនាញ​លំបាក​ទប់​ស្កាត់៖ «មាន​បទល្មើស​កើត​ឡើង វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​យើង​ដែរ ពលរដ្ឋ​ខ្លះ វា​អាច​លួច​ធ្វើ​សកម្មភាព​ផ្សេងៗ អា​ហ្នឹង​យើង​មិន​ទៅ​ណែនាំ​អី​ទេ អ្នក​ខូចខិល​វា​ធ្វើ​អ៊ីចឹង»
​នៅ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​នៅ​ខែត្រ​ស្ទឹងត្រែង រួម​មាន​ស្រុក​ថាឡាបរិវ៉ាត់ ស្រុក​សៀមបូក ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង ជំនួញ​ឈើ​តាម​គោយន្ត និង​តាម​ម៉ូតូ​កើត​មាន​ជា​រៀងរាល​ថ្ងៃ ដែល​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​មួយ​ថ្ងៃ​គោយន្ត​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ចាប់​ពី ៥​ម៉ែត្រគូប និង​លើស​ពី​នេះ។ រី​ឯ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ចាប់​ពី​កន្លះ​ម៉ែត្រគូប ឬ​លើស​ពី​នេះ យ៉ាង​ហោច​ណាស់​ជាង ១០​គ្រឿង​ឡើង​ទៅ​ក្នុង​មួយ​យប់ៗ។
​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅ​ឡើយ ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ។ លើស​ពី​នេះ ការ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ព្រៃឈើ​កាន់​តែ​វិនាស​ហិនហោច។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រួមគ្នា​ដាក់​បណ្តឹង​បរិហារ​រឿង​នេះ​ទៅ​តុលាការ ដើម​អាច​លុបបំបាត់​បទល្មើស​ព្រៃឈើ​បាន​ខ្លះ៖ «រួម​គ្នា​ដាក់​បណ្ដឹង​អ្នក​ទទួល​ខុស​ត្រូវ ទាំង​ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ បើ​ទោះ​មិន​មាន​ការ​ទុក​ចិត្ត តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ច្រើន។ … ច្បាប់​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​ការ​ផ្ដន្ទាទោស»
កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ និង​មន្ត្រី​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​គណៈកម្មការ​សហគមន៍​ជាង ១០​នាក់ ពាក់ព័ន្ធ​អនុគ្រោះ ឬ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​ឃុំ​ស្តៅ ស្រុក​សេសាន ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត ៣​គ្រឿង ដឹក​ឈើ​ឆ្លងកាត់​ភូមិ​ពួកគាត់​នៅ​បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​បែរ​រំដោះ​រថយន្ត​ទាំង​នោះ​ឲ្យ​ឈ្មួញ​ទៅ​វិញ៕

សហគមន៍​មាន​បញ្ហា​ដីធ្លី​គ្រោង​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី

ក្រុម​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ថា ពួកគេ​នឹង​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ឲ្យ​ទទួល​បាន​សេរីភាព​ឡើង​វិញ។ ក្រុមពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​លើក​ឡើង​ថា អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ក្រុង​ភ្នំពេញ​ឡើយ។
ក្រុមពលរដ្ឋអះអាងថា ពួកគេនឹងទាមទាររកយុត្តិធម៌ជូនអតីតបុគ្គលិកអាស៊ីសេរីវិញ។ ពួកគេថា អ្វីដែលពួកគេអាចទាមទារឲ្យមាន​ការដោះលែង គឺការលើកបដាទាម​ទារឲ្យ​មាន​ការលោះលែង លោក អ៊ួន ឈិន និង លោក​យាង សុធារិន្ទ (យាង សុជាមេត្តា)។
តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យ​អាស៊ីសេរី ដឹង​ថា សហគមម៍​បឹងកក់ នឹង​ចូលរួម​ការ​ទាមទារ​ទាំង​ឡាយ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប។ កញ្ញា​ថា កញ្ញា​កំពុង​យក​ករណី​លើក​បដា​ទាមទារ​ទៅ​ជជែក​ជាមួយ​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​ផ្សេង​ទៀត​ជា​មុន​សិន មុន​នឹង​ចាប់​ផ្តើម​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ៖ «»។
ចំណែក​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ឡពាង ខេត្ត​កំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី ប្រាប់​ដែរ​ថា សហគមន៍​លោកស្រី​នឹង​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស៖ «»។
ការ​អះអាង​របស់​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​ថា នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​បែប​នេះ ខណៈ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ប្រកាស​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។
ក្នុង​យុទ្ធនាការ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​រួម​គ្នា​សរសេរ​លិខិត​អំពាវនាវ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ក៏បាន ដោយ​ទីមួយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ (យាង សុជាមេត្តា) ដោយ​ឥត​លក្ខខណ្ឌ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់​ទាំង​អស់។ ទី​ពីរ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​តាមដាន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ ឲ្យ​អាស៊ីសេរី ដឹង​ថា សមាគម​របស់​លោក អង្គការ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​កំពុង​ជជែក​គ្នា​ពី​គម្រោង​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប។ លោក​បន្ត​ថា បើ​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ សមាគម​អាដហុក នឹង​លើក​បដា​នេះ​នៅ​មុខ​ទីស្នាក់ការ​តែម្ដង៖ «»។
អតីត​បុគ្គលិក​អាស៊ីសេរី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា និង​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋបរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។
ការ​ចាប់​ខ្លួន និង​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​នៃ​ការ​សម្រេច​​​រំលាយ​គណបក្ស​សង្រ្គោះជាតិ ចោល។ អ្នក​វិភាគ​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​ជា​ជន​រងគ្រោះ​ព្រោះ​វិបត្តិ​នយោបាយ។ ការ​ចាប់​ខ្លួន​នេះ​បង្កើត​ព្រឹត្តិការណ៍​មួយ​ថ្មី​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​​សាធារណជន​ទៅ​លើ​ផែនការ​រំលាយ​គណបក្ស​ប្រឆាំង៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...