Saturday, December 9, 2017

បារាំង​​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រលប់​មក​ចូល​រួម​ដំណើរការ​ប្រជាធិបតេយ្យ​វិញ ខណៈ ​EU ​ចង់​សើ​រើ​​ទំនាក់​ទំនង​កម្ពុជា​-​EU

បារាំង បាន​អំពាវនាវ​ជាថ្មី ឲ្យ​អាជ្ញាធរ​កម្ពុជា វិល​ត្រលប់​មក​ចូលរួម​នៅក្នុងដំណើរការ​ប្រជាធិបេតេយ្យ វិញ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើរការ​ដោយ​គ្មានការ​រារាំង។ នេះ​ជាការ​អំពាវនាវ នៅក្នុង​ដំណើរទស្សនកិច្ចមក​កម្ពុជា ​របស់​​​​ឯកអគ្គ​រដ្ឋ​ទូត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ការ​ចងចាំ​នៃក្រសួង​អឺរុប និង​ការបរទេសបារាំង ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ធ្នូ។ ជាមួយគ្នានេះ សហភាពអឺរុប (EU) ក៏បញ្ជាក់​ដែរថា ខ្លួន​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ក្រុមការងារ ដែល​មាន​ស្នាក់​នៅ​ទីក្រុង​ព្រុយ​សែល ដើម្បីសើ​រើ​ពីទំនាក់ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប ឆ្លើយ​តប​នឹង​ស្ថានភាពនយោបាយ​នាពេលសព្វថ្ងៃ។
លោក François CROQUETTE (ហ្វ្រង់ស៊័រ ក្រូគែត) ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានគូសបញ្ជាក់សារជាថ្មី ពីការអំពាវនាវរបស់ប្រទេសបារាំង ឱ្យអាជ្ញាធរកម្ពុជាវិល​ត្រឡប់មកចូលរួម នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយ​អនុញ្ញាតឱ្យគណបក្ស​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។
ជាការ​អំពាវនាវ​ជាថ្មី បន្ទាប់​ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ជាបក្ស​ប្រឆាំង និង​ជាគូបដិបក្ខដ៏ធំ​របស់​គណបក្ស​កាន់​អំណាច ការឃុំ​ខ្លួន​លោក​កឹម សុខា ក្នុងពន្ធនាគារ ការបញ្ឈប់​ប្រព័ន្ធផ្សព្វផ្សាយ​ ​អាមេរិក និង​ការ​គម្រាម​បិទអង្គការ​សង្គមស៊ីវិលមួយចំនួន​ជាដើម។
យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងមិនត្រូវបានបិទនោះឡើយ។ ហើយ​លោកសង្ឃឹមថា នឹង​មានការវិវឌ្ឍជាវិជ្ជមានផ្សេងៗ​ទៀត នៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល។
ស្របជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរុប​ប្រចាំកម្ពុជា លោក George Edgar ក៏បានលើកឡើងពីការ​សើរើ​ទំនាក់​ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប នៅក្នុងជំនួប​សង្ខេប​ជាមួយអ្នក​សារព័ត៌មាន​ នា​ល្ងាច​ថ្ងៃទី ៨ធ្នូ នាទីស្នាក់ការ​សហភាពអឺរុប​ ក្រុងភ្នំពេញ។ ជាជំនួប​ដែល​ធ្វើឡើង ក្រោយ​ពីការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាកា​រ​របស់​សហរដ្ឋអាមេរិក មក​លើ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ណា ដែល​អាមេរិក​ចាត់​ទុក​ថា បាន​ចូលរួម​បំផ្លាញ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា។
ទោះមិន​បាន​សម្តែង​ចំណាប់​អារម្មណ៍លើ​ចំណាត់​ការ​របស់​សហរដ្ឋអាមេរិក​មែន ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​សហភាពអឺរុបប្រចាំកម្ពុជា បាន​ឲ្យ​ដឹងថា នៅ​​រយៈពេលប៉ុន្មានថ្ងៃទៀត សហភាពអឺរុប នឹង​បង្ហាញពីលទ្ធផល​មួយ ឆ្លើយ​តប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេស​គឺជុំវិញ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ នាពេល​ខាង​មុខ។ លទ្ធផល​ ដែល​បាន​មក​ពីកិច្ច​ពិភាក្សា ក្នុងស្នាក់ការ​ធំ ទីក្រុងព្រុយ​សែល ពាក់​ព័ន្ធ​នឹង​​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោក​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​លើកឡើង​នៅថ្ងៃទី ៩ធ្នូនេះថា ទោះបីជាមានការ​អំពាវនាវបែបណា ក៏រដ្ឋាភិបាលខ្មែរ ដាច់​ខាតមិន​អាច​ដើរថយ​ក្រោយ​វិញ​បានទេ។ មិនបាន ដោយ​សារ​តែ​នេះ គឺជាការ​វិវន្តទៅរក​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិតេយ្យ​នៅកម្ពុជា ទៅវិញ។ លោក​សុខ ឥសាន្ត ថាកម្ពុជាកំពុងតែ​អនុវត្ត​ប្រជាធិតេយ្យ និង​នីតិរដ្ឋ​របស់​ខ្លួនយ៉ាងត្រឹមត្រូវបំផុត។ រដ្ឋាភិបាលកម្ពុជា ​ក៏អំពាវនាវ​ជាថ្មីទៅវិញ ទៅ​កាន់សហគមន៍អន្តរជាតិ សូមកុំ​លូកដៃចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុងរបស់​​កម្ពុជា ដែល​នេះអាច​ចាត់ទុកថា ជាការ​រំលោភលើ​ឯករាជ្យភាព អធិបតេយ្យ​របស់កម្ពុជា ដែល​ផ្ទុយពីកិច្ច​ព្រម​ព្រៀង​ក្រុងប៉ារីស និង​កិច្ច​ព្រមព្រៀង​ក្នុងការ​រក្សាទំនាក់ទំនង​ការបរទេស៕​

Friday, December 8, 2017

“ឧកញ៉ា​និង​អ្នក​មាន​ឥទ្ធិពល​បន្ត​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង”

បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយធំ និង​តូចៗ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណាក​ស្រុក បាន​មក​ធ្វើ​កម្មករ​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ឲ្យ​អ្នក​មាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ខេត្ត​ស្ទឹងត្រែង។ អាជីវកម្ម​ឈើ​ជា​ក្រុមៗ​នេះ បាន​ធ្វើ​ឲ្យ​ឈើ​មូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ាកុង​ចូល​ទៅ​ផ្ទៃ​អាង​នៃ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ។
រថយន្ត​ប៉ាកុង និង​គោយន្ត​រាប់​សិប​គ្រឿង​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មូល មុខ​កាត់​ធំៗ ចាប់​ពី ៣​តឹក​ឡើង​ទៅ ចូល​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ក្នុង​មួយ​ថ្ងៃៗ។
សហគមន៍​រស់​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ខ្លាំង​ពី​អនាគត​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ថា​នឹង​វិនាស​ហិនហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​មូល និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​កើត​មាន​គគ្រឹកគគ្រេង។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ បើទោះបីជា​សហគមន៍​រាយការណ៍​ព័ត៌មាន​នេះ​ច្រើន​សា​ក្តី។
​ពលរដ្ឋ​រស់​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា ក្នុង​មួយថ្ងៃៗ កម្មករ​ច្រើន​ក្រុម​អម​ដោយ​រថយន្ត​ដឹកឈើ​ច្រើន​គ្រឿង និង​គោយន្ត​ដឹកឈើ​មូល បាន​ចូល​ព្រៃ​អារ​ឈើ​នៅ​តំបន់​ក្បែរ​ភូមិសាស្ត្រ​អ្នក​ភូមិ​រស់​នៅ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ចេញ​មុខ​ទប់ស្កាត់​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង។
លោក​ថា ឈើមូល​រាប់​សិន​ម៉ែត្រគូប​ដែល​គេ​អារ​ច្រៀក​រៀងរាល់ថ្ងៃ និង​ដឹក​ជញ្ជូន​ចូល​តំបន់​បាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ​ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ទៅ​ក្រៅ ឬ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន៖ «ខ្ញុំ​ព្រួយបារម្ភ​មែន​ទែន​ថា ព្រៃឈើ​នៅ​តំបន់​នោះ​រលាយ​អស់​ហើយ ប្រជាជន​រអ៊ូរ។ ចង់​ស្នើ​សុំ​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​មក​ជួយ​បង្ក្រាប​បទល្មើស​ឲ្យ​អស់​ពី​ភូមិសាស្ត្រ​នេះ​ផង»
​មេឃុំ​ស្តៅ ស្រុក​សេសាន មក​ពី​បក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឆ្នោត​ជា​មេ​ឃុំ ៣០​ឆ្នាំ​មក​ហើយ លោក នួយ ប៊ុនធួយ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​តែងតែ​ធ្វើ​ការ​បង្ក្រាប ណែនាំ​ជនល្មើស និង​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ច្បាប់​ព្រៃឈើ​នៅ​វេទិកា​សាធារណៈ​ជា​រឿយៗ ក្នុង​បំណង​រួមគ្នា​លុប​បំបាត់​បទល្មើស​ព្រៃឈើ។ លោក​ថា បទល្មើស​ព្រៃ​ឈើ​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​តែងតែ​លូច​ចូល​ព្រៃ​កាប់​ឈើ​លក់ ដែល​អាជ្ញាធរ​ជំនាញ​លំបាក​ទប់​ស្កាត់៖ «មាន​បទល្មើស​កើត​ឡើង វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​យើង​ដែរ ពលរដ្ឋ​ខ្លះ វា​អាច​លួច​ធ្វើ​សកម្មភាព​ផ្សេងៗ អា​ហ្នឹង​យើង​មិន​ទៅ​ណែនាំ​អី​ទេ អ្នក​ខូចខិល​វា​ធ្វើ​អ៊ីចឹង»
​នៅ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​នៅ​ខែត្រ​ស្ទឹងត្រែង រួម​មាន​ស្រុក​ថាឡាបរិវ៉ាត់ ស្រុក​សៀមបូក ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង ជំនួញ​ឈើ​តាម​គោយន្ត និង​តាម​ម៉ូតូ​កើត​មាន​ជា​រៀងរាល​ថ្ងៃ ដែល​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​មួយ​ថ្ងៃ​គោយន្ត​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ចាប់​ពី ៥​ម៉ែត្រគូប និង​លើស​ពី​នេះ។ រី​ឯ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ចាប់​ពី​កន្លះ​ម៉ែត្រគូប ឬ​លើស​ពី​នេះ យ៉ាង​ហោច​ណាស់​ជាង ១០​គ្រឿង​ឡើង​ទៅ​ក្នុង​មួយ​យប់ៗ។
​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅ​ឡើយ ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ។ លើស​ពី​នេះ ការ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ព្រៃឈើ​កាន់​តែ​វិនាស​ហិនហោច។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រួមគ្នា​ដាក់​បណ្តឹង​បរិហារ​រឿង​នេះ​ទៅ​តុលាការ ដើម​អាច​លុបបំបាត់​បទល្មើស​ព្រៃឈើ​បាន​ខ្លះ៖ «រួម​គ្នា​ដាក់​បណ្ដឹង​អ្នក​ទទួល​ខុស​ត្រូវ ទាំង​ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ បើ​ទោះ​មិន​មាន​ការ​ទុក​ចិត្ត តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ច្រើន។ … ច្បាប់​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​ការ​ផ្ដន្ទាទោស»
កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ និង​មន្ត្រី​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​គណៈកម្មការ​សហគមន៍​ជាង ១០​នាក់ ពាក់ព័ន្ធ​អនុគ្រោះ ឬ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​ឃុំ​ស្តៅ ស្រុក​សេសាន ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត ៣​គ្រឿង ដឹក​ឈើ​ឆ្លងកាត់​ភូមិ​ពួកគាត់​នៅ​បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​បែរ​រំដោះ​រថយន្ត​ទាំង​នោះ​ឲ្យ​ឈ្មួញ​ទៅ​វិញ៕

សហគមន៍​មាន​បញ្ហា​ដីធ្លី​គ្រោង​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី

ក្រុម​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ថា ពួកគេ​នឹង​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ឲ្យ​ទទួល​បាន​សេរីភាព​ឡើង​វិញ។ ក្រុមពលរដ្ឋ និង​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​លើក​ឡើង​ថា អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ក្រុង​ភ្នំពេញ​ឡើយ។
ក្រុមពលរដ្ឋអះអាងថា ពួកគេនឹងទាមទាររកយុត្តិធម៌ជូនអតីតបុគ្គលិកអាស៊ីសេរីវិញ។ ពួកគេថា អ្វីដែលពួកគេអាចទាមទារឲ្យមាន​ការដោះលែង គឺការលើកបដាទាម​ទារឲ្យ​មាន​ការលោះលែង លោក អ៊ួន ឈិន និង លោក​យាង សុធារិន្ទ (យាង សុជាមេត្តា)។
តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យ​អាស៊ីសេរី ដឹង​ថា សហគមម៍​បឹងកក់ នឹង​ចូលរួម​ការ​ទាមទារ​ទាំង​ឡាយ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប។ កញ្ញា​ថា កញ្ញា​កំពុង​យក​ករណី​លើក​បដា​ទាមទារ​ទៅ​ជជែក​ជាមួយ​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​ផ្សេង​ទៀត​ជា​មុន​សិន មុន​នឹង​ចាប់​ផ្តើម​លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ៖ «»។
ចំណែក​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ឡពាង ខេត្ត​កំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី ប្រាប់​ដែរ​ថា សហគមន៍​លោកស្រី​នឹង​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស៖ «»។
ការ​អះអាង​របស់​ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​ថា នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​បែប​នេះ ខណៈ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ប្រកាស​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។
ក្នុង​យុទ្ធនាការ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​រួម​គ្នា​សរសេរ​លិខិត​អំពាវនាវ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ក៏បាន ដោយ​ទីមួយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ (យាង សុជាមេត្តា) ដោយ​ឥត​លក្ខខណ្ឌ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់​ទាំង​អស់។ ទី​ពីរ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​តាមដាន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ ឲ្យ​អាស៊ីសេរី ដឹង​ថា សមាគម​របស់​លោក អង្គការ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​កំពុង​ជជែក​គ្នា​ពី​គម្រោង​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប។ លោក​បន្ត​ថា បើ​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ សមាគម​អាដហុក នឹង​លើក​បដា​នេះ​នៅ​មុខ​ទីស្នាក់ការ​តែម្ដង៖ «»។
អតីត​បុគ្គលិក​អាស៊ីសេរី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា និង​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋបរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។
ការ​ចាប់​ខ្លួន និង​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​នៃ​ការ​សម្រេច​​​រំលាយ​គណបក្ស​សង្រ្គោះជាតិ ចោល។ អ្នក​វិភាគ​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​ជា​ជន​រងគ្រោះ​ព្រោះ​វិបត្តិ​នយោបាយ។ ការ​ចាប់​ខ្លួន​នេះ​បង្កើត​ព្រឹត្តិការណ៍​មួយ​ថ្មី​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​​សាធារណជន​ទៅ​លើ​ផែនការ​រំលាយ​គណបក្ស​ប្រឆាំង៕

កម្ពុជា​បាន​ឆ្លើយ​តប​ខ្លះៗ​ដល់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក

លោក ​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើ​​ទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក ស ខេង បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

រដ្ឋាភិបាល​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ មាន​ប្រតិកម្មខ្លះៗ​ ​ដល់​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ ដែល​បាន​និយាយ​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌ​កម្មលើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ដល់​អ្វី​ដែល​សហរដ្ឋ​អាមេរិក​និយាយ​ថា​ជា​ សកម្មភាព​ប្រឆាំង​ប្រជាធិបតេយ្យ ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។
មន្រ្តី​រដ្ឋាភិបាលកម្ពុ​ជាខ្លះ ​និង​ក្នុង​ករណី​ខ្លះ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ដែល​ជាប្រតិកម្មដ៏​ខ្លាំង​បំផុត​មួយ​ដល់​អ្វី​ដែល​ពួក​អ្នករិះគន់​និយាយ​ថា ជា​ការធ្លាក់​ចុះ​ឆ្ពោះ​ទៅកាន់​របប ​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​ ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ។
នៅ​ខាង​ក្រៅ​សភា​ជាតិ ​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក ស ខេង បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។
 រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ជា «​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់‍» ​ទៅ​នឹង​សកម្មភាព​ប្រឆាំង​លទ្ធិ​ប្រជាធិប តេយ្យ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ ដែល​រួមមាន​ការ​ចាប់​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ​រំលាយ​គណបក្ស​របស់​លោក​ ហើយ​នឹង​ហាមឃាត់​សមាជិកជាង​ ១០០​ នាក់​របស់​គណបក្ស​នោះ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។
ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ​ការ​ហាមប្រាម​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​សេតវិមាន​ ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ពី​ការ​ចាត់​វិធាន ការ​ដ៏​សំខាន់ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ បន្ទាប់​ពី​តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម ​សុខា​កាលពី​ថ្ងៃទី១៦ ​ខែ​វិច្ឆិកា។
​ភ្លាម​ៗ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មក ​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​ផ្តល់​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​។
លោកស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Rex Tillersonនឹង​អនុវត្ត​ការ​ហាមប្រាម​ប្រឆាំង​នឹង​បុគ្គល​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។
ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញបាន​បដិសេធ​ពុំ​ផ្តល់​សេចក្តី​លម្អិត​ថា​តើ​ការ​ហាមប្រាម​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច​ទេ ហើយ​ក្រុម​មន្រ្តី​ស្ថានទូត​អាមេរិក​មិនបាន​និយាយ​ថា​តើ​អ្នកការទូត​សហរដ្ឋ​អាមេរិក​បាន​និយាយ​ជាមួយ​តំណាងមន្រ្តី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។
​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​មាន​សមាជិក​គ្រួសារ​របស់​ខ្លួន​រស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និងសាកល​វិទ្យាល័យ​អាមេរិកាំង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​កូន​ចៅ​របស់​ពួក​វីរជន។
​ចំណាត់​នេះ​ហាក់​ដូចជា ​បង្កើន​ការ​តាន​តឹង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ ដែល​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។
លោក​ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​គណៈរដ្ឋ​មន្រ្តី​បាន​សរសេរ​តាម​គេហទំព័រ Facebook ថា​ សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Nauert ​ទំនង​ជា​បង្កើន​ភស្តុតាង​ពី​ការ​ឃុបឃិត​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកហ៊ុនសែន។
អ្នកនាំពាក្យ​ ផៃ ស៊ី​ផាន ​បាន​សរសេរ​ថា «សេចក្តី​ថ្លែងការណ៍​នេះ​បង្ហាញ​ពីបំណងពិត​ប្រាកដបំផ្លាញ​ទំនាក់​ទំនងល្អ និង​កិច្ច​សហ​ប្រតិបត្តិការ​សហរដ្ឋ​អាមេរិកកម្ពុ​ជា។​ ហើយបង្ខំ​ឲ្យ​កម្ពុជា​ជំទាស់​ប្រឆាំង​នឹង​តុលាការ​ ប្រឆាំង​នឹង​សភា ​គឺ​ជា​ការ​ប្រឆាំង​នឹង​នីតិរដ្ឋ​ប៉ុណ្ណោះ​ ផ្ទុយ​ពី​ឆន្ទៈកម្ពុជា​ដែល​ប្រឹងប្រែង​ពង្រឹង​ជា​រៀងរាល់​ថ្ងៃ‍»។
បណ្តាញ​ព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​សរសេរ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ប្រឆាំងនឹង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាន​រាយការណ៍​ពី​ព័ត៌មាន​នៃ​ការ​រឹតត្បិត​ រួមមាន​សេចក្តី​ថ្លែងការណ៍​ទាំង​ស្រុង​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ខណៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​គឺ AKP បាន​ធ្វើ​មិន​ដឹងឮ​ពី​ការ​រឹតត្បិត​នេះទាំង​ស្រុង។
លោក​ ជុំ សុន្ទរី ​អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​មិនបានលើក​ទូរស័ព្ទ​ទេ ​ក៏​ប៉ុន្តែ សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ​ដែល​គាំទ្រ​រដ្ឋាភិបាល​ថា ​ក្រសួង​ការ​បរទេស​បាន​ប្រុងប្រៀប​ធ្វើ​ការ​ឆ្លើយ​តប។
លោកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​អូស្រ្តាលី​នៅ​សប្តាហ៍​នេះ​ឲ្យ​ចាត់​វិធានការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​បាន​និយាយ​ថា គណបក្ស​របស់​លោកស្រី«មានការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​រឹត​ត្បិត​នេះ‍»។
លោកស្រី​ មូរ សុខហួរ​ មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​កំពុង​ស្តាប់​យើងហើយ​និង​ធ្វើ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ​និង​ផ្តល់​ឲ្យ​លោក​ហ៊ុន សែន​នូវ​ពេលវេលាដើម្បី​ស្តាប់​ និង​អនុសាសន៍​ដ៏​សម​ហេតុ​ សម​ផល​ ដែល​យើង​នឹង​ទទួល​បាន​ដែល​យើង​មាន​ពេល​វេលា​ ដើម្បី​ប្រុងប្រៀប​រៀប​ចំ​ការ​បោះ​ឆ្នោត។អ្វី​ដែល​យើង​បាន​គឺ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨‍»។
លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា «យើង​បាន​សុំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ ដោយ​ការ​ហាម​ឃាត់​ពួក​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​ជា​ការ​ព្រមាន ហើយ​ឥឡូវនេះ​ វា​បាន​ក្លាយ​ជា​ការ​ពិត។​ យើង​មានការ​ពេញ​ចិត្ត​ពី​សកម្ម​ភាពជាក់​ស្តែង​ ដែល​បាន​ធ្វើ​ឡើង ​ដោយ​សហរដ្ឋ​អាមេរិក ​និង​ដោយ​រដ្ឋាភិបាល​នានា​ដូចជា​ រដ្ឋាភិបាល​ស៊ុយអែដ​ ដែល​បាន​កាត់​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា‍»។
​កាល​ពី​ខែ​មុន ​ប្រទេស​ស៊ុយអែដ​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា ​បាន​ប្រកាស​ថា ​ខ្លួនបាន​ផ្អាក​ជំនួយ​ថ្មី​រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​ក្នុង​វិស័យ​សិក្សា​អប់រំ ​និង​ការ​ស្រាវ​ជ្រាវ។
​លោកស្រី​ មូរ ​សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ទៀត​ថា សហភាព​អឺរ៉ុប ​ក៏បាន​ប្រុង​ប្រៀប​ដាក់​ទណ្ឌកម្ម​ជា​ ការ​ឆ្លើយ​តប​ដែរ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ​លោកស្រី​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សេចក្តី​លម្អិត។
​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​សប្តាហ៍​មុន ​លោក William Heidt ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានសង្កត់​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​លោក​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​តាមរយៈ ផ្នែក​នានា​ដូចជា ​បច្ចេកវិទ្យា​ខណៈ​ដែល​មាន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ក្នុង​ទំនាក់​ទំនង​នោះ។ ​លោក​ឯក​អគ្គ​រដ្ឋ​ទូត Heidt បាន​មាន​ប្រសាសន៍​ថា «និយាយ​ដោយ​ស្មោះ​ត្រង់​ចាប់តាំង​ពី​ខ្ញុំ​បាន​មក​ទី​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​យ៉ាង​ច្រើន​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក‍»។
លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​ទៀត​ថា ​លោក​គិត​ថា ​មិនដែល​មានចេតនា​ដោយ​ស្មោះ​ត្រង់​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​និយាយ​ថា «រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​សម​យុទ្ធ​ខាងយោធា គេ​បាន​បណ្តេញ​អង្គការ​អាមេរិក​ចេញ​ពី​កម្ពុជា ​ពួកគេ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ប្រឆាំង​នឹង​យើង​ដែល​ទាក់​ទិន​នឹង​ស្ថានភាព​នយោបាយនៅ​កម្ពុជា‍»៕

យុទ្ធនាការ​ការ​ទូត​របស់​បក្ស​ជំទាស់​ ​បាន​រំកិល​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍

ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ​បាន​រំកិល​ការ​ធ្វើយុទ្ធនាការ​ការ​ទូត​ ​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​កៀង​គរ​រក​ការ​គាំទ្រ​ លៃ​យ៉ាងណា​ឱ្យ​មានការ​ធ្វើ​ប្រក្រតី​កម្ម​ឡើង​វិញ​នៃ​បរិយាកាស​នយោបាយ។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​អនុប្រធាន​នៃ​អតីត​បក្ស​ជំទាស់​នេះ។
បន្ទាប់ពី​បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នៅ​កម្ពុជា ​នា​ទីក្រុង​កង់បេរ៉ា​ ប្រទេស​អូស្ត្រាលី ទី​ដែល​ខ្លួន​បាន​ជួប​សមាជិក​សភា ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​រួច​មក ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ​អ្នក​ស្រី​ ​មូរ សុខហួរ​ ​បាន​ឈប់​សំចត​យុទ្ធនាការ​ការ​ទូត​ នៅ​ទី​ក្រុង​ហ្សាកាតា​ ​ប្រទេស​ឥណ្ឌូណេស៊ី ​ក្នុង​សប្ដាហ៍​នេះ។
នៅ​ទីក្រុង​ហ្សាកាតា ​អនុ​ប្រធាន​ចលនា​ជំទាស់​រូប​នេះ បាន​ជួប​នឹង​លោក ​Fadli​ Zon ​អនុ​ប្រធាន​សភា​ជាន់​ទាប​របស់​ឥណ្ឌូនេស៊ី ​ដែល​បាន​បង្ហាញ​ចំណាប់​ចង់​ឃើញ​ ​«ប្រទេស​កម្ពុជា​ដែល​មាន​ចរិត​ប្រជាធិបតេយ្យ​ជាង​មុន»។​ ​នេះ​បើ​យោងតាមការ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​នៃ​ អ្នកស្រី ​មូរ​ សុខហួរ។​
ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ ​កាល​ពី​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ អ្នកស្រី​ មូរ​ ​សុខហួរ ​បាន​ប្រាប់​VOA​ថា៖
«ឥណ្ឌូណេស៊ី​សំខាន់! ​ឥណ្ឌូណេស៊ី​សំខាន់​ពី​ព្រោះ​ជា​សហ​ប្រធាន​សន្និសីទ​ប្រទេស​កម្ពុជា​យើង​នៅ​ទីក្រុង​ប៉ារីស»។
បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ​កឹម សុខា​ ​ត្រូវ​បាន​កង​កម្លាំង​នគរ​បាល​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កណ្ដាល​រាត្រី ​កាល​ពី​ដើម​ខែ​កញ្ញា​ ​គណ​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​រំលាយ​តាម​នីតិន័យ ​ដោយ​អំណាច​សាល​ដីកា​តុលាការ​កំពូល​ ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​មួយដង​ជា​ពីរ​ដង​ ​ក្នុង​ឆ្នាំ​នេះ​ ​លើ​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​ ​និង​ច្បាប់​បោះ​ឆ្នោត ដែលផ្ដួច​ផ្ដើម​គំនិត​ដោយគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។
អ្នក​នយោបាយ​ជា​ ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​គេច​ចេញ​ពី​ការ​ចាប់ចង​ពី​សំណាក់​រដ្ឋ​អំណាច​ ​ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ក៏​បាន​ព្រមាន​ផង​ដែរ​ដល់​អ្នក​នយោបាយ ​និងសមាជិក​រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​ថា ​មាន​លទ្ធ​ភាព​ថា​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មកទទួលទោសទណ្ឌ​នៅ​ប្រទេស​កម្ពុជា ​បើ​សិន​ជា ​ពួក​គេ​មាន​វត្តមាន​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។​
​អ្នកស្រី​ អនុ​ប្រធាន​គណបក្ស​ជំទាស់​ដែល​តាំង​ទី​ទាំង​ស្រុង​នៅ​ក្រៅ​ប្រទេស​ បាន​និយាយ​ថា ​លោក​អនុ​ប្រធាន​សភា​ជាន់​ទាប​ឥណ្ឌូណេស៊ី ​Fadli​ Zon ​បាន​សន្យា​ចំពោះ​មុខ​អ្នកស្រី​ថា ​នឹង​នាំ​យក​ទុក្ខ​កង្វល់​នៃ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅប្រទេសកម្ពុជាទៅ​ជជែកពិភាក្សាក្នុង​សភា​ពេញ​អង្គ ​នា​សប្ដាហ៍​ក្រោយ ​ហើយ​លោក​នឹង​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​និង​បង្កើត​ទំនាក់​ទំនង​មក​កាន់​លោក​ប្រធាន​រដ្ឋ​សភាកម្ពុជា ហេង​ សំរិន។ ​
ក៏​ប៉ុន្តែ​អ្នកស្រី ​មូរ ​សុខ​ហួរ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​អ្នក​ស្រី​មិន​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេសណា​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ដើម្បី​ធ្វើ​យុទ្ធនា​ការ​ការ​ទូត​នោះ​ទេ។
​អ្នកស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​VOA​ថា៖
​«ស្ថាន​ការណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ ​គ្មាន​ប្រទេស​ណា​ដែល​គេ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​គេ​ទទួល​យក​បាន​ទេ។ ​ដូច្នេះ ​អ្វី​ដែលសម្ដេច​ ហ៊ុន ​សែន ​លោក​ធ្វើ​នេះ ​លោក​ដើរ​ហួស​ពី​ព្រំដែន​ទៅ​ទៀត។ ​បន្ទាត់​ក្រហម​ទាំង​ប៉ុន្មាន​ គឺ​លោក​បាន​ដើរ​ផុត លើសពី​បន្ទាត់​ក្រហម​ ថា​សញ្ញា​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ណាស់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ»។​
បន្ទាប់​ពី​បាន​ផ្ដាច់​គ្រប់​រូបភាព​នៃ​ជំនួយ​ផ្នែក​កំណែ​ទម្រង់​ការ​បោះឆ្នោត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋ​បាល​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​បាន​សម្រេច​រឹត​បន្តឹង​ការ​ចេញ​ទិដ្ឋាការដល់​រាល់​មន្ត្រី​កម្ពុជា​ណា ​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ «ការ​បំផ្លិច​បំផ្លាញ»​ របប​ប្រជាធិបតេយ្យ​នៃ​ប្រទេស។​
​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​រឹង​ត្អឹង​ចំពោះ​ជំហរ ​និង​វោហារស័ព្ទ​របស់​ខ្លួន ​ដែល​ថា​ រាល់​ការ​បង្ក្រាប​លើ​សំឡេង​ជំទាស់ ​គ្រាន់​តែជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ស្មារតី​នីតិរដ្ឋ ​និង​រក្សា​ការពារ​សន្តិភាព ​និង​ស្ថិរ​ភាព​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។ ​តែ​អ្នក​រិះ​គន់ បាន​បរិហារ​ជា​ហូរហែ​ថា ​នេះ​ជា​ការ​កម្ចាត់​កម្លាំង​នយោបាយ​ប្រឆាំង​ ដែល​អាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាចក្នុង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ឆ្នាំ​២០១៨។
លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា ​បាន​បរិហារ​តប​ទៅ​នឹង​យុទ្ធនា​ការ​ការ​ទូត​របស់​បក្ស​ប្រឆាំង​ក្នុង​បទ​សម្ភាស​ជាមួយ​ VOA ​យ៉ាង​ដូច្នេះ​ថា៖
«ក្រុម​អ្នក​នយោបាយ​ដែល​ទទួល​ទណ្ឌកម្ម​ពី​តុលាការ​កំពូល​ហ្នឹង ​កំពុង​តែ​មាន​យុទ្ធសាស្ត្រ​កៀរគរ​កម្លាំង ​ដើម្បី​ទាញស្រុកខ្មែរ ​ដើម្បី​ឱ្យ​ចូល​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​អន្តរជាតិ​ ដូច​កាល​ជំនាន់​ឆ្នាំ ​១៩៩១ ​ដល់​ឆ្នាំ​១៩៩៣។ ​ក៏​ប៉ុន្តែមិនអាចទៅ​រួច​ទេ»។​
​មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ដោយ​ហេតុ​ថា​ ​កម្ពុជា ​និង​ឥណ្ឌូណេស៊ី ​ជា​រដ្ឋ​សមាជិក​នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន) ​ដូច​គ្នា ​ម្ល៉ោះ​ហើយ​គោលការណ៍​វិធី​អាស៊ាន ​ដែល​មិន​លូក​លាន់​ជ្រៀតជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ផង​គ្នា ​នឹង​មិន​អាច​ឱ្យ​ទី​ក្រុង​ហ្សាកាតា ​ធ្វើអ្វី​បាន​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។
ឥណ្ឌូណេស៊ី​ធ្លាប់​មាន​នាទី​សំខាន់​ជា​តួអង្គ​ដ៏​សកម្ម​ក្នុង​ការ​ខ្នះខ្នែង​ឱ្យ​មាន​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​ នា​អំឡុង​ចុងទសវត្សរ៍​ទី៨០ ​និង​ដើម​ទសវត្សរ៍​ទី៩០។
ដោយ​ឡែក​អ្នកស្រី​ ​Astrid​ Norén-Nilsson ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​កម្ពុជា ​នៅ​សាកល​វិទ្យាល័យ ​Cornell​ ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក​ផង​ដែរ​ថា ​អ្នក​ស្រី​បាន​អង្កេត​ឃើញ​យុទ្ធនាការ​ការ​ទូត​របស់​គណបក្ស​ជំទាស់ ហាក់មាន​ប្រសិទ្ធភាព​មួយ​ដង​មួយ​គ្រា​ ក៏​ប៉ុន្តែ​សម្រាប់​ឥណ្ឌូណេស៊ី ​មាន​លទ្ធភាព​តិច​ណាស់​ ដែល​នឹង​ឃើញ​ផ្លែ​ផ្កា​អ្វីជាដុំកំភួន​ ដ្បិត​អី​កង​ទ័ព​ឥណ្ឌូណេស៊ី​បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន​ជា​ទៀង​ទាត់​ ដល់​កង​កម្លាំង​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​នៅ​កម្ពុជា​ ដែល​ទទួល​បន្ទុក​ការពារ​សុវត្ថិភាព​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ដោយ​ផ្ទាល់៕​

Tuesday, December 5, 2017

បក្ស​កាន់​អំណាច​ចោទ​ប្រទេស​មួយ​ចំនួន​ថា​រំលោភ​ឯករាជភាព​និង​អធិបតេយ្យភាព​កម្ពុជា

គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ថា បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា រឿង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រី​ឯ​អ្នក​វិភាគ​យល់​ថា យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ច្បាប់​អន្តរជាតិ គឺ​ប្រទេស​ទាំង​នោះ​មាន​កាតព្វកិច្ច​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បន្ត​ប្រឹងប្រែង​ថ្លែង​រិះគន់​ត្រឡប់​ទៅ​បណ្ដា​ប្រទេស​លោក​សេរី​វិញ​រាល់​ថ្ងៃ ដើម្បី​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​ក្រោយ​ពី​មាន​ការ​ថ្កោលទោស​ធ្ងន់ៗ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ប្រសិនបើ​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​ល្អ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។
​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក សុខ ឥសាន លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​សភាពការណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​ដោយសារ​តែ​មាន​ចរិត​ពិសពុល​ក្នុង​ការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ស្រប​ច្បាប់ ដោយសារ​មាន​សតិអារម្មណ៍ ច្រណែន និង​ចង្អៀតចង្អល់​ជាមួយ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ ជនបរទេស​នៃ​ប្រទេស​មួយ​ចំនួន​បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព​ជាតិ និង​អធិបតេយ្យ​ជាតិ​កម្ពុជា ប្រើ​គ្រប់​មធ្យោបាយ​គាបសង្កត់ និង​គំរាមកំហែង​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។
​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ចោទ​ថា ពួក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​បោះបង់​ចោល​ការ​អនុវត្ត​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ជន​ក្បត់ជាតិ និង​អនុញ្ញាត​ឲ្យ​បក្ស​ដែល​ត្រូវ​បាន​រំលាយ​រួច​ហើយ ដោយ​តុលាការ​កំពូល​កម្ពុជា ដំណើរការ​ឡើង​វិញ។
​លោក សុខ ឥសាន ក៏​បាន​ចោទ​ជា​សំណួរ​បែប​ចំអក​ទៀត​ថា ការ​ព្រួត​គ្នា​យ៉ាង​ច្រើន​បែប​នេះ នឹក​គិត​ថា អាច​ផ្លាស់ប្ដូរ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បោះបង់​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​សង្ឃឹម​ថា អា​យ៉ង​របស់​ខ្លួន​បាន​រួច​ខ្លួន​ពី​ឃុំឃាំង ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​រំលោភ​ច្បាប់​ដែរ​ឬ?
ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា យោង​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អនុសញ្ញា​អន្តរជាតិ​នានា គឺ​ប្រទេស​ដែល​ជា​ហត្ថលេខី​អាច​មាន​កាតព្វកិច្ច​ធ្វើ​ការ​ទិតៀន ឬ​កែតម្រូវ​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​ដែល​បាន​ដើរ​ឃ្លាតឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ លោក​បណ្ឌិត​បន្ថែម​ថា ទោះបីជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ខំ​ការពារ​ថា រដ្ឋាភិបាល​បាន​ធ្វើ​តាមច្បាប់​ក្តី ប៉ុន្តែ​បើ​ច្បាប់​នោះ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​នោះ​អយុត្តិធម៌ ព្រោះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន៖ «»។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ចេញ​មុខ​ថ្កោលទោស​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ មិន​មែន​បរទេស​ទាំង​នោះ ធ្វើ​ទៅ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ ពោល​គឺ​គេ​ធ្វើ​ទៅ​តាម​ច្បាប់ និង​ទៅ​តាម​ទម្លាប់​ដែល​កន្លង​មក​សូម្បី​ប្រទេស​ថៃ និង​ប្រទេស​ភូមា​ក្តី ក៏​ទទួលរង​ការ​រិះគន់ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែរ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ឃ្លាត​ពី​គន្លង​ប្រជាធិបតេយ្យ។
​ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​សិទ្ធិមនុស្ស និង​បិទ​វិទ្យុ​ឯករាជ្យ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នោះ អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្អាក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​បន្ត​បន្ទាប់។
​ថ្មីៗ​នេះ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ទាមទារ​ឲ្យ​លុប​ចោល​សេចក្ដី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង ហើយ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
​តំណាងរាស្ត្រ​ទាំង ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​វិញ និង​លុបចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។
​ជា​ចុង​ក្រោយ ពួកគេ​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​ជាក់​ជា​មិន​ខាន៕

តុលាការ​មិន​ឲ្យ​លោក រ៉ុង ឈុន ចូល​ជួប លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បដិសេធ​សំណើ​របស់​លោក រ៉ុង​ ឈុន អតីត​សមាជិក គជប មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​ទេ។ នេះ​ជា​ការ​ឆ្លើយ​តប មក​កាន់​លោក​ រ៉ុង​ ឈុន នៅ​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​សុំ​ជួប​លោក កឹម សុខា កាល​ពី​ព្រឹក​មិញ។

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន
ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នោះ​ថា​ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុ​នេះ​ការ ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដែល​មិន​ទាក់​ទិន​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ដទៃ​ទៀត ការ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​បាច់​មួយ​ចំនួន​រួច​រាល់​សិន។ នេះ​បើ​តាម​ចៅក្រម​តុលាការ​ដដែល​នេះ។
សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥​ធ្នូ​នេះ ដោយ​ស្នើ​សុំ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក។
លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​RFI​ថា ការ​ទៅ​សួរ​សុខ​ទុក្ខ​គឺ​មិន​មែន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស៊ើប​អង្កេត​នោះ​ទេ។ លោក​ថា​ការ​ឆ្លើយ​តប​របស់​តុលាការ​គឺ​ជា​ការ​មិន​ចង់​ឲ្យ​លោក​ចូល​ជួប​លោក កឹម សុខា។
បើ​តាម​លោក រ៉ុង​ឈុន ការ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​លោក​ចង់​ប្រាប់​គាត់​ថា​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក​និង​អ្នក​នៅ​ក្រៅ​ស្រុក ​កំពុង​តែ​រក​វិធី​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ។​ បើ​ទោះ​ជា​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​ផ្ទាល់​តែ លោក រ៉ុង​ ឈុន អះអាង​ថា​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លោក នឹង​ទៅ​ឈរ​នៅ​ខាង​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជា​ទី​ដែល​លោក កឹម សុខា ជាប់​ឃុំ​នៅ​ទី​នោះ។
លោក ហែម សុជាតិ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ច្រើន​នាក់​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​កត់​សំគាល់​ថា ករណី​លោក កឹម សុខា តុលាការ​អនុវត្ត​ប្លែក​ពី​ករណី​តំណាង​រាស្ត្រ​ផ្សេង​ទៀត។ តំណាង​រាស្ត្រ​ផ្សេង​ទៀត​ដែល​ជាប់​ឃុំ​កន្លង​មក​គឺ​ការ​ចូល​សួរ​សុខ​ទុក្ខ​ត្រូវ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល តែ​ករណី លោក កឹម សុខា តុលាការ​ឲ្យ​តែ​ភរិយា​និង​មេធាវី​ប៉ុណ្ណោះ​ដែល​អាច​ចូល​ជួប។ នេះ​ជា​ការ​កត់​សំគាល់​លោក ហែម សុជាតិ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់​ចូលចាប់​ខ្លួននៅពាក់​កណ្តាល​អាធ្រាធយប់ថ្ងៃទី៣​កញ្ញា​កាលពី៣ខែមុន ដោយ​រដ្ឋាភិបាល​ចោទថា អតីតប្រធាន បក្សប្រឆាំងរូបនេះ ឃុបឃិតជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអតីត គណបក្សសង្រ្គោះជាតិ និង​បណ្តា​ប្រទេស​លោក​ខាងលិចដូចជា អាមេរិក និង​សហភាព អ៊ឺរ៉ុបជាដើម បានទាមទារឲ្យ​ដោះលែងលោក កឹម សុខា ដោយ​ឥតលក្ខខណ្ឌ។ ប្រតិកម្ម សុំដោះលែងលោក កឹម សុខា ក៏មានផងដែរកាលពីម្សិលមិញ គឺសមាជិកសភា ប្រមាណ ជា១៥៨រូប មកពីប្រទេសចំនួន២៣ ក៏បានសរសេរលិខិតចំហរ ទៅកាន់ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ផងដែរ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...