Friday, December 8, 2017

កម្ពុជា​បាន​ឆ្លើយ​តប​ខ្លះៗ​ដល់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក

លោក ​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើ​​ទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក ស ខេង បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

រដ្ឋាភិបាល​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ មាន​ប្រតិកម្មខ្លះៗ​ ​ដល់​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ ដែល​បាន​និយាយ​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌ​កម្មលើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ដល់​អ្វី​ដែល​សហរដ្ឋ​អាមេរិក​និយាយ​ថា​ជា​ សកម្មភាព​ប្រឆាំង​ប្រជាធិបតេយ្យ ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។
មន្រ្តី​រដ្ឋាភិបាលកម្ពុ​ជាខ្លះ ​និង​ក្នុង​ករណី​ខ្លះ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ដែល​ជាប្រតិកម្មដ៏​ខ្លាំង​បំផុត​មួយ​ដល់​អ្វី​ដែល​ពួក​អ្នករិះគន់​និយាយ​ថា ជា​ការធ្លាក់​ចុះ​ឆ្ពោះ​ទៅកាន់​របប ​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​ ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ។
នៅ​ខាង​ក្រៅ​សភា​ជាតិ ​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក ស ខេង បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។
 រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ជា «​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់‍» ​ទៅ​នឹង​សកម្មភាព​ប្រឆាំង​លទ្ធិ​ប្រជាធិប តេយ្យ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ ដែល​រួមមាន​ការ​ចាប់​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ​រំលាយ​គណបក្ស​របស់​លោក​ ហើយ​នឹង​ហាមឃាត់​សមាជិកជាង​ ១០០​ នាក់​របស់​គណបក្ស​នោះ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។
ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ​ការ​ហាមប្រាម​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​សេតវិមាន​ ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ពី​ការ​ចាត់​វិធាន ការ​ដ៏​សំខាន់ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ បន្ទាប់​ពី​តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម ​សុខា​កាលពី​ថ្ងៃទី១៦ ​ខែ​វិច្ឆិកា។
​ភ្លាម​ៗ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មក ​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​ផ្តល់​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​។
លោកស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Rex Tillersonនឹង​អនុវត្ត​ការ​ហាមប្រាម​ប្រឆាំង​នឹង​បុគ្គល​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។
ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញបាន​បដិសេធ​ពុំ​ផ្តល់​សេចក្តី​លម្អិត​ថា​តើ​ការ​ហាមប្រាម​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច​ទេ ហើយ​ក្រុម​មន្រ្តី​ស្ថានទូត​អាមេរិក​មិនបាន​និយាយ​ថា​តើ​អ្នកការទូត​សហរដ្ឋ​អាមេរិក​បាន​និយាយ​ជាមួយ​តំណាងមន្រ្តី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។
​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​មាន​សមាជិក​គ្រួសារ​របស់​ខ្លួន​រស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និងសាកល​វិទ្យាល័យ​អាមេរិកាំង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​កូន​ចៅ​របស់​ពួក​វីរជន។
​ចំណាត់​នេះ​ហាក់​ដូចជា ​បង្កើន​ការ​តាន​តឹង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ ដែល​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។
លោក​ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​គណៈរដ្ឋ​មន្រ្តី​បាន​សរសេរ​តាម​គេហទំព័រ Facebook ថា​ សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Nauert ​ទំនង​ជា​បង្កើន​ភស្តុតាង​ពី​ការ​ឃុបឃិត​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកហ៊ុនសែន។
អ្នកនាំពាក្យ​ ផៃ ស៊ី​ផាន ​បាន​សរសេរ​ថា «សេចក្តី​ថ្លែងការណ៍​នេះ​បង្ហាញ​ពីបំណងពិត​ប្រាកដបំផ្លាញ​ទំនាក់​ទំនងល្អ និង​កិច្ច​សហ​ប្រតិបត្តិការ​សហរដ្ឋ​អាមេរិកកម្ពុ​ជា។​ ហើយបង្ខំ​ឲ្យ​កម្ពុជា​ជំទាស់​ប្រឆាំង​នឹង​តុលាការ​ ប្រឆាំង​នឹង​សភា ​គឺ​ជា​ការ​ប្រឆាំង​នឹង​នីតិរដ្ឋ​ប៉ុណ្ណោះ​ ផ្ទុយ​ពី​ឆន្ទៈកម្ពុជា​ដែល​ប្រឹងប្រែង​ពង្រឹង​ជា​រៀងរាល់​ថ្ងៃ‍»។
បណ្តាញ​ព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​សរសេរ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ប្រឆាំងនឹង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាន​រាយការណ៍​ពី​ព័ត៌មាន​នៃ​ការ​រឹតត្បិត​ រួមមាន​សេចក្តី​ថ្លែងការណ៍​ទាំង​ស្រុង​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ខណៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​គឺ AKP បាន​ធ្វើ​មិន​ដឹងឮ​ពី​ការ​រឹតត្បិត​នេះទាំង​ស្រុង។
លោក​ ជុំ សុន្ទរី ​អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​មិនបានលើក​ទូរស័ព្ទ​ទេ ​ក៏​ប៉ុន្តែ សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ​ដែល​គាំទ្រ​រដ្ឋាភិបាល​ថា ​ក្រសួង​ការ​បរទេស​បាន​ប្រុងប្រៀប​ធ្វើ​ការ​ឆ្លើយ​តប។
លោកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​អូស្រ្តាលី​នៅ​សប្តាហ៍​នេះ​ឲ្យ​ចាត់​វិធានការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​បាន​និយាយ​ថា គណបក្ស​របស់​លោកស្រី«មានការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​រឹត​ត្បិត​នេះ‍»។
លោកស្រី​ មូរ សុខហួរ​ មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​កំពុង​ស្តាប់​យើងហើយ​និង​ធ្វើ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ​និង​ផ្តល់​ឲ្យ​លោក​ហ៊ុន សែន​នូវ​ពេលវេលាដើម្បី​ស្តាប់​ និង​អនុសាសន៍​ដ៏​សម​ហេតុ​ សម​ផល​ ដែល​យើង​នឹង​ទទួល​បាន​ដែល​យើង​មាន​ពេល​វេលា​ ដើម្បី​ប្រុងប្រៀប​រៀប​ចំ​ការ​បោះ​ឆ្នោត។អ្វី​ដែល​យើង​បាន​គឺ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨‍»។
លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា «យើង​បាន​សុំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ ដោយ​ការ​ហាម​ឃាត់​ពួក​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​ជា​ការ​ព្រមាន ហើយ​ឥឡូវនេះ​ វា​បាន​ក្លាយ​ជា​ការ​ពិត។​ យើង​មានការ​ពេញ​ចិត្ត​ពី​សកម្ម​ភាពជាក់​ស្តែង​ ដែល​បាន​ធ្វើ​ឡើង ​ដោយ​សហរដ្ឋ​អាមេរិក ​និង​ដោយ​រដ្ឋាភិបាល​នានា​ដូចជា​ រដ្ឋាភិបាល​ស៊ុយអែដ​ ដែល​បាន​កាត់​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា‍»។
​កាល​ពី​ខែ​មុន ​ប្រទេស​ស៊ុយអែដ​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា ​បាន​ប្រកាស​ថា ​ខ្លួនបាន​ផ្អាក​ជំនួយ​ថ្មី​រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​ក្នុង​វិស័យ​សិក្សា​អប់រំ ​និង​ការ​ស្រាវ​ជ្រាវ។
​លោកស្រី​ មូរ ​សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ទៀត​ថា សហភាព​អឺរ៉ុប ​ក៏បាន​ប្រុង​ប្រៀប​ដាក់​ទណ្ឌកម្ម​ជា​ ការ​ឆ្លើយ​តប​ដែរ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ​លោកស្រី​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សេចក្តី​លម្អិត។
​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​សប្តាហ៍​មុន ​លោក William Heidt ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានសង្កត់​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​លោក​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​តាមរយៈ ផ្នែក​នានា​ដូចជា ​បច្ចេកវិទ្យា​ខណៈ​ដែល​មាន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ក្នុង​ទំនាក់​ទំនង​នោះ។ ​លោក​ឯក​អគ្គ​រដ្ឋ​ទូត Heidt បាន​មាន​ប្រសាសន៍​ថា «និយាយ​ដោយ​ស្មោះ​ត្រង់​ចាប់តាំង​ពី​ខ្ញុំ​បាន​មក​ទី​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​យ៉ាង​ច្រើន​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក‍»។
លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​ទៀត​ថា ​លោក​គិត​ថា ​មិនដែល​មានចេតនា​ដោយ​ស្មោះ​ត្រង់​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​និយាយ​ថា «រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​សម​យុទ្ធ​ខាងយោធា គេ​បាន​បណ្តេញ​អង្គការ​អាមេរិក​ចេញ​ពី​កម្ពុជា ​ពួកគេ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ប្រឆាំង​នឹង​យើង​ដែល​ទាក់​ទិន​នឹង​ស្ថានភាព​នយោបាយនៅ​កម្ពុជា‍»៕

យុទ្ធនាការ​ការ​ទូត​របស់​បក្ស​ជំទាស់​ ​បាន​រំកិល​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍

ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ​បាន​រំកិល​ការ​ធ្វើយុទ្ធនាការ​ការ​ទូត​ ​មក​ដល់​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​កៀង​គរ​រក​ការ​គាំទ្រ​ លៃ​យ៉ាងណា​ឱ្យ​មានការ​ធ្វើ​ប្រក្រតី​កម្ម​ឡើង​វិញ​នៃ​បរិយាកាស​នយោបាយ។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​អនុប្រធាន​នៃ​អតីត​បក្ស​ជំទាស់​នេះ។
បន្ទាប់ពី​បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នៅ​កម្ពុជា ​នា​ទីក្រុង​កង់បេរ៉ា​ ប្រទេស​អូស្ត្រាលី ទី​ដែល​ខ្លួន​បាន​ជួប​សមាជិក​សភា ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​រួច​មក ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ​អ្នក​ស្រី​ ​មូរ សុខហួរ​ ​បាន​ឈប់​សំចត​យុទ្ធនាការ​ការ​ទូត​ នៅ​ទី​ក្រុង​ហ្សាកាតា​ ​ប្រទេស​ឥណ្ឌូណេស៊ី ​ក្នុង​សប្ដាហ៍​នេះ។
នៅ​ទីក្រុង​ហ្សាកាតា ​អនុ​ប្រធាន​ចលនា​ជំទាស់​រូប​នេះ បាន​ជួប​នឹង​លោក ​Fadli​ Zon ​អនុ​ប្រធាន​សភា​ជាន់​ទាប​របស់​ឥណ្ឌូនេស៊ី ​ដែល​បាន​បង្ហាញ​ចំណាប់​ចង់​ឃើញ​ ​«ប្រទេស​កម្ពុជា​ដែល​មាន​ចរិត​ប្រជាធិបតេយ្យ​ជាង​មុន»។​ ​នេះ​បើ​យោងតាមការ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​នៃ​ អ្នកស្រី ​មូរ​ សុខហួរ។​
ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ ​កាល​ពី​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ អ្នកស្រី​ មូរ​ ​សុខហួរ ​បាន​ប្រាប់​VOA​ថា៖
«ឥណ្ឌូណេស៊ី​សំខាន់! ​ឥណ្ឌូណេស៊ី​សំខាន់​ពី​ព្រោះ​ជា​សហ​ប្រធាន​សន្និសីទ​ប្រទេស​កម្ពុជា​យើង​នៅ​ទីក្រុង​ប៉ារីស»។
បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ​កឹម សុខា​ ​ត្រូវ​បាន​កង​កម្លាំង​នគរ​បាល​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កណ្ដាល​រាត្រី ​កាល​ពី​ដើម​ខែ​កញ្ញា​ ​គណ​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​រំលាយ​តាម​នីតិន័យ ​ដោយ​អំណាច​សាល​ដីកា​តុលាការ​កំពូល​ ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​មួយដង​ជា​ពីរ​ដង​ ​ក្នុង​ឆ្នាំ​នេះ​ ​លើ​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​ ​និង​ច្បាប់​បោះ​ឆ្នោត ដែលផ្ដួច​ផ្ដើម​គំនិត​ដោយគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។
អ្នក​នយោបាយ​ជា​ ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​គេច​ចេញ​ពី​ការ​ចាប់ចង​ពី​សំណាក់​រដ្ឋ​អំណាច​ ​ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ក៏​បាន​ព្រមាន​ផង​ដែរ​ដល់​អ្នក​នយោបាយ ​និងសមាជិក​រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​ថា ​មាន​លទ្ធ​ភាព​ថា​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មកទទួលទោសទណ្ឌ​នៅ​ប្រទេស​កម្ពុជា ​បើ​សិន​ជា ​ពួក​គេ​មាន​វត្តមាន​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។​
​អ្នកស្រី​ អនុ​ប្រធាន​គណបក្ស​ជំទាស់​ដែល​តាំង​ទី​ទាំង​ស្រុង​នៅ​ក្រៅ​ប្រទេស​ បាន​និយាយ​ថា ​លោក​អនុ​ប្រធាន​សភា​ជាន់​ទាប​ឥណ្ឌូណេស៊ី ​Fadli​ Zon ​បាន​សន្យា​ចំពោះ​មុខ​អ្នកស្រី​ថា ​នឹង​នាំ​យក​ទុក្ខ​កង្វល់​នៃ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅប្រទេសកម្ពុជាទៅ​ជជែកពិភាក្សាក្នុង​សភា​ពេញ​អង្គ ​នា​សប្ដាហ៍​ក្រោយ ​ហើយ​លោក​នឹង​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​និង​បង្កើត​ទំនាក់​ទំនង​មក​កាន់​លោក​ប្រធាន​រដ្ឋ​សភាកម្ពុជា ហេង​ សំរិន។ ​
ក៏​ប៉ុន្តែ​អ្នកស្រី ​មូរ ​សុខ​ហួរ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​អ្នក​ស្រី​មិន​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេសណា​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ដើម្បី​ធ្វើ​យុទ្ធនា​ការ​ការ​ទូត​នោះ​ទេ។
​អ្នកស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​VOA​ថា៖
​«ស្ថាន​ការណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ ​គ្មាន​ប្រទេស​ណា​ដែល​គេ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​គេ​ទទួល​យក​បាន​ទេ។ ​ដូច្នេះ ​អ្វី​ដែលសម្ដេច​ ហ៊ុន ​សែន ​លោក​ធ្វើ​នេះ ​លោក​ដើរ​ហួស​ពី​ព្រំដែន​ទៅ​ទៀត។ ​បន្ទាត់​ក្រហម​ទាំង​ប៉ុន្មាន​ គឺ​លោក​បាន​ដើរ​ផុត លើសពី​បន្ទាត់​ក្រហម​ ថា​សញ្ញា​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ណាស់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ»។​
បន្ទាប់​ពី​បាន​ផ្ដាច់​គ្រប់​រូបភាព​នៃ​ជំនួយ​ផ្នែក​កំណែ​ទម្រង់​ការ​បោះឆ្នោត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋ​បាល​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​បាន​សម្រេច​រឹត​បន្តឹង​ការ​ចេញ​ទិដ្ឋាការដល់​រាល់​មន្ត្រី​កម្ពុជា​ណា ​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ «ការ​បំផ្លិច​បំផ្លាញ»​ របប​ប្រជាធិបតេយ្យ​នៃ​ប្រទេស។​
​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​រឹង​ត្អឹង​ចំពោះ​ជំហរ ​និង​វោហារស័ព្ទ​របស់​ខ្លួន ​ដែល​ថា​ រាល់​ការ​បង្ក្រាប​លើ​សំឡេង​ជំទាស់ ​គ្រាន់​តែជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ស្មារតី​នីតិរដ្ឋ ​និង​រក្សា​ការពារ​សន្តិភាព ​និង​ស្ថិរ​ភាព​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។ ​តែ​អ្នក​រិះ​គន់ បាន​បរិហារ​ជា​ហូរហែ​ថា ​នេះ​ជា​ការ​កម្ចាត់​កម្លាំង​នយោបាយ​ប្រឆាំង​ ដែល​អាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាចក្នុង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ឆ្នាំ​២០១៨។
លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា ​បាន​បរិហារ​តប​ទៅ​នឹង​យុទ្ធនា​ការ​ការ​ទូត​របស់​បក្ស​ប្រឆាំង​ក្នុង​បទ​សម្ភាស​ជាមួយ​ VOA ​យ៉ាង​ដូច្នេះ​ថា៖
«ក្រុម​អ្នក​នយោបាយ​ដែល​ទទួល​ទណ្ឌកម្ម​ពី​តុលាការ​កំពូល​ហ្នឹង ​កំពុង​តែ​មាន​យុទ្ធសាស្ត្រ​កៀរគរ​កម្លាំង ​ដើម្បី​ទាញស្រុកខ្មែរ ​ដើម្បី​ឱ្យ​ចូល​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​អន្តរជាតិ​ ដូច​កាល​ជំនាន់​ឆ្នាំ ​១៩៩១ ​ដល់​ឆ្នាំ​១៩៩៣។ ​ក៏​ប៉ុន្តែមិនអាចទៅ​រួច​ទេ»។​
​មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ដោយ​ហេតុ​ថា​ ​កម្ពុជា ​និង​ឥណ្ឌូណេស៊ី ​ជា​រដ្ឋ​សមាជិក​នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន) ​ដូច​គ្នា ​ម្ល៉ោះ​ហើយ​គោលការណ៍​វិធី​អាស៊ាន ​ដែល​មិន​លូក​លាន់​ជ្រៀតជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ផង​គ្នា ​នឹង​មិន​អាច​ឱ្យ​ទី​ក្រុង​ហ្សាកាតា ​ធ្វើអ្វី​បាន​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។
ឥណ្ឌូណេស៊ី​ធ្លាប់​មាន​នាទី​សំខាន់​ជា​តួអង្គ​ដ៏​សកម្ម​ក្នុង​ការ​ខ្នះខ្នែង​ឱ្យ​មាន​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​ នា​អំឡុង​ចុងទសវត្សរ៍​ទី៨០ ​និង​ដើម​ទសវត្សរ៍​ទី៩០។
ដោយ​ឡែក​អ្នកស្រី​ ​Astrid​ Norén-Nilsson ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​កម្ពុជា ​នៅ​សាកល​វិទ្យាល័យ ​Cornell​ ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក​ផង​ដែរ​ថា ​អ្នក​ស្រី​បាន​អង្កេត​ឃើញ​យុទ្ធនាការ​ការ​ទូត​របស់​គណបក្ស​ជំទាស់ ហាក់មាន​ប្រសិទ្ធភាព​មួយ​ដង​មួយ​គ្រា​ ក៏​ប៉ុន្តែ​សម្រាប់​ឥណ្ឌូណេស៊ី ​មាន​លទ្ធភាព​តិច​ណាស់​ ដែល​នឹង​ឃើញ​ផ្លែ​ផ្កា​អ្វីជាដុំកំភួន​ ដ្បិត​អី​កង​ទ័ព​ឥណ្ឌូណេស៊ី​បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន​ជា​ទៀង​ទាត់​ ដល់​កង​កម្លាំង​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​នៅ​កម្ពុជា​ ដែល​ទទួល​បន្ទុក​ការពារ​សុវត្ថិភាព​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ដោយ​ផ្ទាល់៕​

Tuesday, December 5, 2017

បក្ស​កាន់​អំណាច​ចោទ​ប្រទេស​មួយ​ចំនួន​ថា​រំលោភ​ឯករាជភាព​និង​អធិបតេយ្យភាព​កម្ពុជា

គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ថា បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា រឿង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រី​ឯ​អ្នក​វិភាគ​យល់​ថា យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ច្បាប់​អន្តរជាតិ គឺ​ប្រទេស​ទាំង​នោះ​មាន​កាតព្វកិច្ច​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បន្ត​ប្រឹងប្រែង​ថ្លែង​រិះគន់​ត្រឡប់​ទៅ​បណ្ដា​ប្រទេស​លោក​សេរី​វិញ​រាល់​ថ្ងៃ ដើម្បី​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​ក្រោយ​ពី​មាន​ការ​ថ្កោលទោស​ធ្ងន់ៗ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ប្រសិនបើ​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​ល្អ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។
​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក សុខ ឥសាន លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​សភាពការណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ហើយ​ដោយសារ​តែ​មាន​ចរិត​ពិសពុល​ក្នុង​ការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ស្រប​ច្បាប់ ដោយសារ​មាន​សតិអារម្មណ៍ ច្រណែន និង​ចង្អៀតចង្អល់​ជាមួយ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ ជនបរទេស​នៃ​ប្រទេស​មួយ​ចំនួន​បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព​ជាតិ និង​អធិបតេយ្យ​ជាតិ​កម្ពុជា ប្រើ​គ្រប់​មធ្យោបាយ​គាបសង្កត់ និង​គំរាមកំហែង​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។
​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ចោទ​ថា ពួក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​បោះបង់​ចោល​ការ​អនុវត្ត​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ជន​ក្បត់ជាតិ និង​អនុញ្ញាត​ឲ្យ​បក្ស​ដែល​ត្រូវ​បាន​រំលាយ​រួច​ហើយ ដោយ​តុលាការ​កំពូល​កម្ពុជា ដំណើរការ​ឡើង​វិញ។
​លោក សុខ ឥសាន ក៏​បាន​ចោទ​ជា​សំណួរ​បែប​ចំអក​ទៀត​ថា ការ​ព្រួត​គ្នា​យ៉ាង​ច្រើន​បែប​នេះ នឹក​គិត​ថា អាច​ផ្លាស់ប្ដូរ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បោះបង់​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​សង្ឃឹម​ថា អា​យ៉ង​របស់​ខ្លួន​បាន​រួច​ខ្លួន​ពី​ឃុំឃាំង ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​រំលោភ​ច្បាប់​ដែរ​ឬ?
ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា យោង​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​អនុសញ្ញា​អន្តរជាតិ​នានា គឺ​ប្រទេស​ដែល​ជា​ហត្ថលេខី​អាច​មាន​កាតព្វកិច្ច​ធ្វើ​ការ​ទិតៀន ឬ​កែតម្រូវ​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​ដែល​បាន​ដើរ​ឃ្លាតឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ លោក​បណ្ឌិត​បន្ថែម​ថា ទោះបីជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ខំ​ការពារ​ថា រដ្ឋាភិបាល​បាន​ធ្វើ​តាមច្បាប់​ក្តី ប៉ុន្តែ​បើ​ច្បាប់​នោះ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​រដ្ឋធម្មនុញ្ញ គឺ​ច្បាប់​នោះ​អយុត្តិធម៌ ព្រោះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន៖ «»។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ចេញ​មុខ​ថ្កោលទោស​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ មិន​មែន​បរទេស​ទាំង​នោះ ធ្វើ​ទៅ​តាម​ការ​អុចអាល​របស់​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ ពោល​គឺ​គេ​ធ្វើ​ទៅ​តាម​ច្បាប់ និង​ទៅ​តាម​ទម្លាប់​ដែល​កន្លង​មក​សូម្បី​ប្រទេស​ថៃ និង​ប្រទេស​ភូមា​ក្តី ក៏​ទទួលរង​ការ​រិះគន់ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែរ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ឃ្លាត​ពី​គន្លង​ប្រជាធិបតេយ្យ។
​ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​សិទ្ធិមនុស្ស និង​បិទ​វិទ្យុ​ឯករាជ្យ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នោះ អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ផ្អាក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​បន្ត​បន្ទាប់។
​ថ្មីៗ​នេះ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ទាមទារ​ឲ្យ​លុប​ចោល​សេចក្ដី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង ហើយ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
​តំណាងរាស្ត្រ​ទាំង ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​វិញ និង​លុបចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។
​ជា​ចុង​ក្រោយ ពួកគេ​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​ជាក់​ជា​មិន​ខាន៕

តុលាការ​មិន​ឲ្យ​លោក រ៉ុង ឈុន ចូល​ជួប លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បដិសេធ​សំណើ​របស់​លោក រ៉ុង​ ឈុន អតីត​សមាជិក គជប មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​ទេ។ នេះ​ជា​ការ​ឆ្លើយ​តប មក​កាន់​លោក​ រ៉ុង​ ឈុន នៅ​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​សុំ​ជួប​លោក កឹម សុខា កាល​ពី​ព្រឹក​មិញ។

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន
ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នោះ​ថា​ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុ​នេះ​ការ ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដែល​មិន​ទាក់​ទិន​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ដទៃ​ទៀត ការ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​បាច់​មួយ​ចំនួន​រួច​រាល់​សិន។ នេះ​បើ​តាម​ចៅក្រម​តុលាការ​ដដែល​នេះ។
សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥​ធ្នូ​នេះ ដោយ​ស្នើ​សុំ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក។
លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​RFI​ថា ការ​ទៅ​សួរ​សុខ​ទុក្ខ​គឺ​មិន​មែន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស៊ើប​អង្កេត​នោះ​ទេ។ លោក​ថា​ការ​ឆ្លើយ​តប​របស់​តុលាការ​គឺ​ជា​ការ​មិន​ចង់​ឲ្យ​លោក​ចូល​ជួប​លោក កឹម សុខា។
បើ​តាម​លោក រ៉ុង​ឈុន ការ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​លោក​ចង់​ប្រាប់​គាត់​ថា​ ទាំង​អ្នក​នៅ​ក្នុង​ស្រុក​និង​អ្នក​នៅ​ក្រៅ​ស្រុក ​កំពុង​តែ​រក​វិធី​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ។​ បើ​ទោះ​ជា​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​ផ្ទាល់​តែ លោក រ៉ុង​ ឈុន អះអាង​ថា​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លោក នឹង​ទៅ​ឈរ​នៅ​ខាង​មុខ​ក្លោង​ទ្វារ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជា​ទី​ដែល​លោក កឹម សុខា ជាប់​ឃុំ​នៅ​ទី​នោះ។
លោក ហែម សុជាតិ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ច្រើន​នាក់​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​កត់​សំគាល់​ថា ករណី​លោក កឹម សុខា តុលាការ​អនុវត្ត​ប្លែក​ពី​ករណី​តំណាង​រាស្ត្រ​ផ្សេង​ទៀត។ តំណាង​រាស្ត្រ​ផ្សេង​ទៀត​ដែល​ជាប់​ឃុំ​កន្លង​មក​គឺ​ការ​ចូល​សួរ​សុខ​ទុក្ខ​ត្រូវ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល តែ​ករណី លោក កឹម សុខា តុលាការ​ឲ្យ​តែ​ភរិយា​និង​មេធាវី​ប៉ុណ្ណោះ​ដែល​អាច​ចូល​ជួប។ នេះ​ជា​ការ​កត់​សំគាល់​លោក ហែម សុជាតិ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់​ចូលចាប់​ខ្លួននៅពាក់​កណ្តាល​អាធ្រាធយប់ថ្ងៃទី៣​កញ្ញា​កាលពី៣ខែមុន ដោយ​រដ្ឋាភិបាល​ចោទថា អតីតប្រធាន បក្សប្រឆាំងរូបនេះ ឃុបឃិតជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអតីត គណបក្សសង្រ្គោះជាតិ និង​បណ្តា​ប្រទេស​លោក​ខាងលិចដូចជា អាមេរិក និង​សហភាព អ៊ឺរ៉ុបជាដើម បានទាមទារឲ្យ​ដោះលែងលោក កឹម សុខា ដោយ​ឥតលក្ខខណ្ឌ។ ប្រតិកម្ម សុំដោះលែងលោក កឹម សុខា ក៏មានផងដែរកាលពីម្សិលមិញ គឺសមាជិកសភា ប្រមាណ ជា១៥៨រូប មកពីប្រទេសចំនួន២៣ ក៏បានសរសេរលិខិតចំហរ ទៅកាន់ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ផងដែរ៕

បក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប​ថា​មាន​នគរបាល​និង​មនុស្ស​មិន​ស្គាល់​មុខ​តាម​ដាន​មន្ត្រី​បក្ស​ប្រឆាំង

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កែប អោយ​ដឹង​ថា មាន​មន្ត្រី​នគរបាល និង​មនុស្ស​មិន​ស្គាល់​មុខ​តែង​តាមដាន​ពួកគាត់ និង​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ហៅ​សកម្មភាព​ឃ្លាំមើល​ពី​ក្រុម​នគរបាល និង​មនុស្ស​មិន​ស្គាល់​មុខ​ថា ជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ។
លោក នន់ តារា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេរីភាព​ដើរហើរ ឬ​ការ​ជួប​ជជែក​គ្នា​លេង​ជាមួយ​ក្រុមប្រឹក្សា ឬ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​​នៅ​ក្នុង​ខេត្ត​កែប មិន​អាច​ល្អ​ដូច​កាល​ពី​មុន​នោះ​ទេ ដោយសារ​ពួកគេ​តែង​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ ឬ​ពី​សំណាក់​សមត្ថកិច្ច​តែម្ដង។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កែប​រូប​នេះ​អះអាង​ថា បើទោះជា​បច្ចុប្បន្ន​ពួកគាត់​បាន​ដាច់​ទំនាក់ទំនង​ទាំង​ស្រុង​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក៏ដោយ ក៏​ពួកគាត់​នៅ​តែ​មាន​មនុស្ស​តាមដាន​ពួកគាត់​ដែរ៖ «»។
​ខេត្ត​កែប មិន​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ក្រុង ឬ​ក្រុមប្រឹក្សា​ខេត្ត ដែល​ជាប់ឆ្នោត​ដោយ​ឆន្ទៈ​ពលរដ្ឋ​ណា​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ គិត​ត្រឹម​ថ្ងៃ​ផុត​ឱសានវាទ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដាក់​កំហិត​ឲ្យ​ចុះ​ចូល។
ប្រធាន​ប្រតិបត្តិ​ខេត្ត​នេះ លោក នន់ តារា អះអាង​ថា មានតែ​សកម្មជន​គ្មាន​ឈ្មោះ​បោះ​សំឡេង​ដែល​រង់ចាំ​ឱកាស​ទទួល​បាន​លាភ​សក្ការៈ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បន្ត​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​កែប ដែល​ជាប់​ឆ្នោត​ដោយ​ឆន្ទៈ​ពលរដ្ឋ​មិន​ទាន់​មាន​នរណា​ម្នាក់​ចុះចូល​ជាមួយ​នឹង​បក្ស​កាន់អំណាច​នោះ​ឡើយ ទោះ​រង​ការ​គំរាម​គ្រប់​រូប​ភាព​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ក៏ដោយ។
​បើ​ទោះ​ជា​ថ្ងៃ​ឱសានវាទ​ដែល​លោក ហ៊ុន សែន បញ្ឈប់​ឲ្យ​មាន​ការ​ចុះ​ចូល​ត្រឹម​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ក៏​នៅ​តែ​មាន​មន្ត្រី​នៅ​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដើរ​អូសទាញ និង​ទិញ​ទឹក​ចិត្ត​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​ចុះចូល​ដដែល។
​សារ​បែក​ធ្លាយ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ព្យាយាម​ល្បួង​លួងលោម​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​ភស្តុតាង​ស្រាប់​ដែល​បាន​បញ្ជាក់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​បក្ស​កាន់​អំណាច ហ៊ាន​ទិញ​ទឹកចិត្ត​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​អោយ​តម្លៃ​ខ្លួន​រហូត​ដល់ ២​ពាន់​ដុល្លារ ឬ​អាច​មាន​មុខ​តំណែង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រសិនបើ​ពួកគេ​បន្ត​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។
​ជាមួយគ្នា​នោះ ក៏​មាន​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ដែល​ទំនង​មើល​ទៅ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​រៀបរាប់​ពី​ផែនការ​អូស​ទាញ​មន្ត្រី​ថ្នាក់​ក្រោម​របស់​បក្ស​ប្រឆាំង​ក្រោយ​ពេល​រំលាយ​រួច។ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ម៉ត់ចត់ ហើយ​បើ​រក​ឃើញ​ថា អ្នក​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អូសទាញ​បាន​ហើយ ហើយ​ជន​នោះ​ក្បត់​បក្ស​របស់​លោក​វិញ គឺ​ត្រូវ​តែ​កម្ចាត់​ចេញ។​
​ព្រះសង្ឃ​ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ព្រះ​ថេរដីកា​ថា ការ​ដាក់​នគរបាល​ ​ដាក់​មនុស្ស​ឲ្យ​ឃ្លាំមើល​សកម្មភាព​របស់​បក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះ​ចូល​បក្ស​កាន់អំណាច កើត​មាន​ស្ទើរ​គ្រប់​ឃុំ គ្រប់​ខែត្រ ក្នុង​ប្រទេស​កម្ពុជា។ ព្រះអង្គ​ថា មិន​មែន​តែ​ក្រុមប្រឹក្សា​ដែល​មិន​ចុះចូល​ទេ​ដែល​គេ​តាមដាន សូម្បី​ព្រះ​អង្គ​ជា​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​រឿង​សិទ្ធិ​មនុស្ស ក៏​រង​ការ​តាមដាន​ពី​ក្រុម​សមត្ថកិច្ច​ដែរ៖ «»។
​ចំណែក​ខាង​ផ្លូវ​ព្រះពុទ្ធសាសនា​វិញ ព្រះតេជព្រះគុណ លួន សុវ៉ាត សម្ដែង​ថា អ្នក​ដែល​តាមដាន​គេ ឬ​អ្នកបញ្ជា​ឲ្យ​មាន​ការ​តាមដាន​គេ រង​ផល​បាប​ធ្ងន់​ណាស់។ ព្រះអង្គ​ហៅ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​គេ​ខ្លាច ជា​អំពើ​បាប​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។
​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​ថា មាន​សមត្ថកិច្ច​តាមដាន​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​ស្នងការ​ខែត្រ​កែប លោក អ៊ីង សំអុល និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​៥ ធ្នូ។ ប៉ុន្តែ​កន្លង​មក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បំភ្លឺ​ថា ការ​អូស​ទាញ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ឲ្យ​ចុះចូល គឺ​ជា​ការ​ផ្ដល់​ឱកាស​ការងារ​ឲ្យ​អ្នក​ទាំង​អស់​នោះ។
​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ហៅ​ការ​តាមដាន​សកម្មភាព​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខែត្រ​កែប ថា​ជា​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់។ លោក នន់ តារា ស្នើ​ឲ្យ​រដ្ឋ​អំណាច​បញ្ឈប់​ការ​បំភិត​បំភ័យ​ពួកគាត់​គ្រប់​រូបភាព៕

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​​ទទួល​ស្គាល់​បេក្ខជន​បី​រូប​សម្រាប់​តំណែង​ជា​អនុប្រធាន​ និង​សមាជិក ​គ.ជ.ប

សភាជាតិ​ខ្មែរ​ ដែល​គ្រប​ដណ្តប់​ដោយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​ទទួល​យក​បេក្ខជន​ជា​អនុប្រធាន​ ​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​ចំនួន​បី​រូប​ ​ដើម្បី​ជំនួស​ក្រុម​មន្ត្រី​របស់​ គ.ជ.ប​ មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​សុំ​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​ VOA ​បាន​ទទួល​នៅ​ថ្ងៃ​អង្គារ​ ​និង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​របស់​រដ្ឋសភា។
កាល​ពី​ចុង​ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៧ លោក​ គួយ ប៊ុនរឿន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អនុប្រធាន ​គ.ជ.ប​ ​និង​លោក​ រ៉ុង ឈុន​ ​និង​អ្នកស្រី តែ ម៉ានីរ៉ុង​ ដែល​ជា​សមាជិក​គ.ជ.ប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ បាន​សុំ​លាលែង​ ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​នយោបាយ​នេះ​ឡើង​វិញ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​ ពួកគេ​បាន​ផ្តល់ហេតុផល​ថា​ ការបែងចែក​អាសនៈ​សភា​របស់​គណបក្ស​ជាប់​ឆ្នោត​ទៅ​គណបក្ស​ដទៃ​នេះ​ គឺ​ជា​ទង្វើ​បំពាន​លើ​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​ បី​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង។​
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​រដ្ឋសភា​នឹង​ធ្វើ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​បេក្ខជន​ទាំង​បី​រូប​នោះ​នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ខាង​មុខ​នេះ។​ បេក្ខជន​បី​រូប​នោះ​ រួមមាន​មាន​លោក​ នុត សុខុម​ មកពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​លោក ​ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក ​ហ៊ែល សារ៉ាត់​ មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា។​
គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ ក៏​បាន​សម្រេច​នឹង​ធ្វើ​ការ​ប្រកាស​សុពលភាព​នៃ​តំណាងរាស្ត្រ​ថ្មី​ ១៦​រូប​ ​នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ​ដដែល​នោះ​ផង​ដែរ។​ ក្នុង​ចំណោម​តំណាងរាស្ត្រ​ថ្មី​នោះ​ គឺ​មាន​តំណាងរាស្ត្រ​មួយ​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គឺ​ លោក​ នុត​ សុខុម​ នឹងលាលែង​ពី​តួនាទី​ជា​តំណាងរាស្ត្រ​ ដើម្បី​ឡើង​កាន់​តំណែង​ជា​អនុប្រធាន​គ.ជ.ប​ ប្រសិន​បើ​សភា​ផ្តល់​សេចក្តី​ទុកចិត្ត។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ ឡេង​ ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា។​
លោក​ ឡេង​ ប៉េង​ឡុង​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​ ​ឌឹម សុវណ្ណារុំ​ និង​លោក​ ហ៊ែល សារ៉ាត់​ នៅ​បន្ត​ជា​បេក្ខជន​សម្រាប់​តំណែង​សមាជិក​របស់​គ.ជ.ប​ដដែល។​ នៅ​ពេល​ VOA សួរ​លោក​ថា​ សមាសភាព​ថ្មី​ ​បាន​ទទួល​រង​ការ​រិះគន់​ថា​ បាន​ធ្វើ​ឲ្យ​ខូច​ទម្រង់​ដើម​របស់​ គ.ជ.ប​ ​លោក​ ឡេង​ ប៉េងឡុង​ មាន​ប្រសាសន៍​ថា សភា​បាន​កំពុង​ធ្វើ​ការ​ទៅ​តាមច្បាប់​ដែល​បានចែង​តែ​ប៉ុណ្ណោះ៖
«នៅ​ទី​នេះ​ គឺ​យើង​អនុវត្តន៍​តាម​ច្បាប់។​ អីចឹង​តាម​ច្បាប់​ថា​ នែ៎​ពេល​ដែល​គ.ជ.ប​លាលែង​ គណៈអចិន្ត្រៃយ៍​ត្រូវ​សម្របសម្រួល​ជាមួយ​គណបក្ស​ដែល​ពាក់ព័ន្ធ​ជាមួយ​គ.ជ.ប​ហ្នឹង​ ដើម្បី​រើស​អ្នក​ជំនួស​ គឺ​តែ​ប៉ុណ្ណឹង​ទេ​ ខាង​រដ្ឋសភា​ធ្វើការ​តែ​ប៉ុណ្ណឹង​ទេ។​ អត់​មាន​ អត់មាន​ ធ្វើ​ការ​អី​ក្រៅ​ទេ​បាទ»។
VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ​ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប​នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ តែ​នៅ​តែ​មិន​អាច​ទាក់ទង​បាន​ ព្រោះ​ទូរស័ព្ទ​លោក​រោទិ៍​តែ​ពុំ​មាន​អ្នក​ទទួល។​ លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប​ បដិសេធ​មិន​ផ្តល់​ក្តី​អធិប្បាយ​ ដោយ​បាន​ស្នើ​ឲ្យ​ VOA ​សួរ​ទៅ​លោក​ ហង្ស​ ពុទា្ធ​ វិញ​ដដែល។​
គ.ជ.ប​ ដែល​មាន​សមាសភាព​នៃ​ក្រុម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤​ ​ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​នានា​ ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។ កិច្ច​ព្រមព្រៀង​នយោបាយ​នោះ​ បាន​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​សង​ខាង​ រើស​សមាជិក​ខ្លួន​បួន​រូប​ម្ខាង​ និង​ឥស្សរជន​មួយ​រូប​ទៀត ដើម្បី​ធ្វើ​ជា​ប្រធាន​ដែល​ត្រូវ​ទទួលការ​ព្រមព្រៀង​រវាង​គណបក្ស​ទាំងពីរ។​ រូបមន្ត​នៃ​ការ​ជ្រើសរើស​នោះ​ ត្រូវ​គេ​ដឹង​ថា​ បួន-បួន-មួយ។​
លោក​ រ៉ុង​ ឈុន​ អតីត​ប្រធាន​សមាគមគ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ និង​ជា​អតីត​សមាជិក​គ.ជ.ប​ បាន​ប្រាប់​ VOA ថា​ ​សមាសភាព​មួយ​ចំនួន​នៃ​គ.ជ.ប​ ដែល​រើស​ចេញ​ពី​គណបក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ ​នឹង​មិន​បំពេញ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​សតិ​សម្បជញ្ញៈ​ និង​គោរព​តាម​ឆន្ទៈ​នយោបាយរបស់​អ្នក​បោះឆ្នោត​នោះ​ឡើយ។​
អតីត​សមាជិក​គ.ជ.ប.​រូប​នេះ​បញ្ជាក់​ថា៖
«គ.ជ.ប​ សមាសភាព​ថ្មី​ ជ្រើសរើស​ចេញពី​គណបក្ស​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ទទួល​ប្រយោជន៍​ គេ​ថា​ យក​ពី​សង្គ្រោះជាតិ​ហ្នឹង​ ហើយ​យើង​គិត​ថា​ អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ ហើយ​ខ្លួន​ទទួល​យក​ យើង​គិត​ថា​ ការ​រើស​ចេញ​សមាសភាព​ពី​ប្រជាពលរដ្ឋ​មិន​គាំ​ទ្រ​ យើង​គិត​ថា​ វា​មិន​ល្អ​ទេ​បាទ»។
លោក​ រ៉ុង​ ឈុន​ បាន​ពន្យល់​បន្ថែម​ថា៖​
«វា​មិន​ល្អ​មាន​ន័យ​ថា​ ធ្វើ​ការងារ​អ្វីៗ​ វា​អា​ការណ៍​សម្រេច​ ឬ​មួយ​រៀបចំ​អ្វី​មួយ​ហ្នឹង​ វា​មិន​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន​ ពីព្រោះ​គា្រន់​ជា​ករណី​គេ​ថាលួងលោម​ ខ្លាច​បាត់​តំណែង​ បាន​តួនាទី​អី​របស់​ខ្លួន​ទៅ​ ពី​ព្រោះ​អា​ការណ៍​ដែល​បាន​តំណែង បាន​តួនាទី​ហ្នឹង​មិនមែន​ជា​ គេ​ថា​ មិនមែន​ឆន្ទៈ ប្រជាពលរដ្ឋអ្នក​ផ្តល់​ឲ្យ​ផង​ហ្នឹង​ មាន​ន័យ​ថា​ យក​របស់​ពី​សង្គ្រោះ​ជាតិ​ ទៅ​ហ្នឹង​បាទ»។​
យ៉ាង​ណា​មិញ​ គ.ជ.ប ​បាន​ថ្លែង​ការពារ ជំហរ​ដឹកនាំ​របស់​គ.ជ.ប​ថ្មី​នេះ​ថា​ ទោះ​ជា​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ស្រប​តាម​ច្បាប់​កំណត់។​ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ គ.ជ.ប​ បាន​អះអាង​បន្ថែម​ថា​ គ្មាន​បុគ្គល​ណា​ សមាសភាព​ណា​ អង្គការ​ណា​ អង្គភាព​ណា​ បរទេស​ណា​ អាច​មក​ដាក់​សម្ពាធ​ ឬ​ប្រទាញ​ ​គ.ជ.ប​ ​ឲ្យ​អនុវត្តន៍​ប្រាសចាក​ពី​គតិ​ច្បាប់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន​ឡើយ។​
លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្រ្វែល​ បាន​ប្រាប់​ ​VOA​ ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ សមាសភាព​ថ្មី​បី​រូប​របស់​គណៈកម្មាធិការ​នេះ ដែល​ចូល​ជំនួស​សមាសភាព​ចាស់​បី​រូប​របស់​គណបក្ស​ប្រឆាំង​ បាន​បង្ក​ក្តី​មន្ទិល​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​គ.ជ.ប​ ​គ្រា​ដែល​គណបក្ស​ជំទាស់​ត្រូវ​បាន​រំលាយ​នៅ​សភាជាតិ​រួច​ទៅ​ហើយ​នោះ។​
ចំណែក​អ្នកវិភាគ​នយោបាយ​ បាន​ថ្លែង​កាល​ពី​ពេល​កន្លង​មក​ថា​ ការ​ចូល​មក​កាន់កាប់​អាសនៈ​របស់​គណបក្ស​ជាប់​ឆ្នោត​នៅ​រដ្ឋសភា​ពី​គណបក្ស​នយោបាយ​ដទៃ គ្រាន់តែ​ជា​ការ​បំពេញ​ទៅ​តាម​ច្បាប់​ទាំង​ឡាយដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ នៅមុន​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ អ្នក​វិភាគ​និយាយ​ថា​ តំណាងរាស្ត្រ​ថ្មី​ទាំង​ឡាយ​នោះ​ ​មិនមែន​ជា​តំណាងរាស្ត្រ​ ដែល​បាន​ជ្រើសរើស​តាម​ការ​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ហើយ​ការណ៍​នោះ​ក៏​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។​
វាក្យខ័ណ្ឌ​ទី​មួយនៃ​មាត្រា​៧៦​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា៖​ «រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០​រូប។​ តំណាងរាស្ត្រ​ ​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ ជា​សកល​ដោយ​សេរី​ ដោយ​ស្មើ​ភាព​ ដោយ​ចំពោះ​ ​និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់»៕

Monday, December 4, 2017

គ្រូ​ និង​សិស្ស​ជាង​ ២ ​ពាន់​នាក់​តវ៉ា​ឲ្យ​មន្ត្រី​ PM ​សុំ​ទោស

កំពង់ធំៈ គ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ខេត្ត​កំពង់ធំ​ប្រមាណ​ជាង​ ២០០០ ​នាក់បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​មេ​បញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ត​ម្នាក់​សុំទោស​លោកគ្រូ​អ្នកគ្រូ​ជា​សាធារណៈ​ទាក់ទង​នឹង​ករណី​គំរាម​ចាប់​ដាក់​គុក និង​ជេរ​ស្តី​ថា​គ្រូ​អវិជ្ជា​គ្មាន​សមត្ថភាព​បង្រៀន​សិស្ស ខណៈ​គ្រូ​បាន​ដាក់​ពិន័យ​កូនស្រី​ខ្លួន​ឲ្យ​ឈរ​នៅ​ក្រៅ​ថ្នាក់​ព្រោះ​មក​រៀន​យឺត​ និង​ស្លៀកពាក់​មិន​សមរម្យ​។
ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​ ២ ​ធ្នូ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ធំ​ក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ដោយ​មាន​លោកគ្រូ អ្នកគ្រូ​ ១៣៣ ​នាក់ និង​សិស្សានុសិស្ស​ជាង​ ២០០០ ​នាក់​កាន់​បដា​នៅ​ទីកន្លែង​គោរព​ទង់ជាតិ​ចាប់ពី​ម៉ោង​ ៧ ​ព្រឹក​រហូត​ដល់​ម៉ោង​ ១១ ទើប​រំសាយ​ក្រោយ​​ពី​លោក ហួន វ៉ានិត អភិបាលរង​ខេត្ត​កំពង់ធំ​បាន​មក​ចូលរួម​សម្រុះសម្រួល និង​ពន្យារ​ពេល​ដោះស្រាយ​ទំនាស់​រវាង​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​។
លោក ហួន វ៉ានិត បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ករណី​នេះ​កើត​ចេញ​ពី​ការ​យល់​ច្រឡំ​គ្នា និង​ការ​កាន់​ជើង​កូន​ទើប​បណ្ដាល​ឲ្យ​មាន​ការ​ស្ដីបន្ទោស​គ្នា​តិចតួច ប៉ុន្ដែ​ក្រោយ​ពី​យើង​បាន​សម្រប​សម្រួស​ភាគី​ទាំង​ពីរ​ក៏​បាន​ស្រុះ​ស្រួស​គ្នា អង្គុយ​តុ ជជែក​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​។
លោក​បញ្ជាក់​ថា​៖ «​វា​ជា​រឿង​តូចតាច​ដោយសារ​តែ​រឿង​យល់​ច្រឡំ​គ្នា​ព្រោះ​ការ​ស្រឡាញ់​កូន​ពេក ហើយ​ខ្ញុំ​ក៏​បាន​ទៅ​សម្រុះសម្រួល​ឲ្យ​រំសាយ​ខ្ញុំ​ក៏​បាន​កោះហៅ​ភាគី​ទាំង​ ២ ​មក​ជជែក​គ្នា​រក​ដំណោះស្រាយ ហើយ​មន្ត្រី​កងរាជ​អាវុធហត្ថ​ក៏​គាត់​យល់​ព្រម​សុំទោស​ដែរ​។ ខ្ញុំ​ថា​លោកគ្រូ អ្នកគ្រូ​មិន​បញ្ជូន​លិខិត​អ្វី​ទៅ​ថ្នាក់​លើ​ទៀត​ទេ​ព្រោះ​យើង​អាច​ដោះស្រាយ​បាន​។ ​អត់​អី​ទេ​​ថ្ងៃ​នេះ​យើង​ជជែក​គ្នា​ហើយ​»​។
លោកស្រី កូយ គឹមហេង នាយិកា​វិទ្យាល័យ​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ឆ្នាំ​នេះ​សិស្ស​ស្រី​ម្នាក់​ឈ្មោះ ជា ភុំភួង រៀន​ថ្នាក់​ទី​ ១០B បាន​មក​រៀន​យឺត​ម៉ោង​ ២០ ​នាទី​ស្រប​ពេល​ដែល​សាលា​កំពុង​បង្រៀន​ពី​ច្បាប់​ចរាចរណ៍​ដល់​សិស្ស​ជាង​ ២០០០ ​នាក់​ក្នុង​បរិវេណ​ដងទង់​ជាតិ ស្រប​ពេល​នោះ​ក្មេងស្រី​ឈ្មោះ ជា ភុំភួង ដើរ​ចូល​មក​ហើយ​ពាក់​​អាវ​ខូវប៊យ​ពី​ក្រៅ​។
ពេល​នោះ​លោកស្រី​បាន​ប្រាប់​ឲ្យ​ដោះអាវ​ក្រៅ​ចេញ​ និង​ឲ្យ​ឈរ​នៅ​ក្រៅ​ជួរ​ដើម្បី​បង្ហាញ​កំហុស​ចំពោះ​មុខ​សិស្ស​ និង​លោកគ្រូ​អស់​រយៈពេល​ ៣០ ​នាទី​។
លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ជា​លោកគ្រូ អ្នកគ្រូ​មាន​បំណង​ទាមទារ​ឲ្យ​ឪពុក​សិស្ស​ឈ្មោះ ជា ភុំភួង ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ និង​ប្រពន្ធ​ឈ្មោះ គង់ សំណាង ព្រម​ទាំង​សាច់ញាតិ​ម្នាក់​ទៀត​ឈ្មោះ គង់ សណ្តាន ជា​នាយក​សាលា​បឋមសិក្សា​ត្រពាំង​វែង​សុំទោស​ដល់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កំពង់ធំ​ជា​សាធារណៈ​»​។
លោក សួស សុវណ្ណា មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​លោក​ថា​កំពុង​ជាប់​រវល់​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ទេ​កាលពី​ម្សិលមិញ​។
ប៉ុន្ដែ​លោក សួស សុវណ្ណា បាន​សួរ​ទៅ​លោកស្រី កូយ គឹមហេង នាយិកា​វិទ្យាល័យ​កំពង់ធំ​ពី​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​កូនស្រី​ខ្លួន​ឲ្យ​ឈរ​មុខ​ទង់ជាតិ​ដោយ​លោក​ថា​ការ​ធ្វើ​បែប​នេះ​ប៉ះពាល់​កិត្តិយស​គ្រួសារ​លោក​ ឬ​ខូច​សតិ​អារម្មណ៍​សិស្ស​។ ​ម្យ៉ាង​វិញ​ទៀត​ការ​ឲ្យ​ឈរ​នៅ​សួនច្បារ​គោរព​ទង់ជាតិ​នេះ​វា​បាន​ប៉ះពាល់​ដល់​អារម្មណ៍​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ នាង​ខ្មាស​គេ​ហើយ​ភ្លេចភ្លាំង​។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​យល់​ឃើញ​ថា ជាធម្មតា​សាលារៀន​ ឬ​ស្ថាប័ន​ណា​មួយ​តែង​មាន​បទបញ្ជា​ផ្ទៃក្នុង​ ឬ​វិន័យ​របស់​គេ​។ ដូច្នេះ​តាង​នាម​យើង​ជា​អ្នក​គោរព​វិន័យ យើង​ត្រូវ​តែ​គោរព​ហើយ​វិន័យ​ទាំង​នេះ​មិនមែន​គេ​បង្កើត​មក​សម្រាប់​បង្រៀន​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​ទេ ហើយ​បើ​យើង​អាង​អំណាច​ ឬ​បុណ្យស័ក្ដិ​របស់​ឪពុក​មិន​ធ្វើ​តាម​បទ​បញ្ជា​ផ្ទៃក្នុង​នោះ​ទេ​យើង​មិន​បាច់​ឲ្យ​កូន​ទៅ​រៀន​នៅ​ទី​នោះ​ទេ​។
អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ការ​ដាក់​ពិន័យ​សិស្ស​នេះ​មិនមែន​ជា​ការ​ធ្វើឲ្យ​បាត់បង់​កិត្តិយស​ ឬ​ជា​ការ​ខ្មាសអៀន​អ្វី​ទេ​ផ្ទុយ​ទៅ​វិញ​វា​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គោរព​ច្បាប់ បង្រៀន​មនុស្ស​ឲ្យ​ល្អ ហើយ​បើ​យើង​មិន​ពេញចិត្ត​នឹង​វិន័យ​ហ្នឹង​ទេ កុំ​យក​កូន​មក​ឲ្យ​រៀន​នៅ​សាលា ហើយ​បង្រៀន​ខ្លួនឯង​វិញ​ទៅ​។ ​ធម្មតា​ទេ កន្លែង​គេ គេ​មាន​វិន័យ​របស់​គេ​អ៊ីចឹង​ហើយ​»​។
បើ​តាម​ញត្តិ​ដែល​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​​ ២ ខែ​ធ្នូ បាន​បង្ហាញ​ថា​លោកគ្រូ អ្នកគ្រូ​សរុប​ចំនួន​ ១៣៣ ​នាក់​ និង​ស្នាម​មេដៃ​ស្នើសុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​លោក សួស សុវណ្ណា និង​ប្រពន្ធ ឈ្មោះ គង់ សំណាង ព្រម​ទាំង​សាច់ញាតិ​ម្នាក់​ទៀត​ឈ្មោះ គង់ សណ្តាន ជា​នាយក​សាលា​បឋមសិក្សា​ត្រពាំងវែង​ធ្វើការ​សុំទោស​ដល់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កំពង់ធំ​ជា​សាធារណៈ​ចំពោះ​ទង្វើ​​ដែល​បុគ្គល​ទាំង​ ៣ ​រូប​នេះ​បាន​​នាំ​គ្នា​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទាំងអស់​នៅ​ក្នុង​វិទ្យាល័យ​។
ញត្តិ​បន្ត​ថា​លោក សួស សុវណ្ណា និង​គ្រួសារ​មក​បង្ក​រឿង​ជា​ហេតុ​នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ ការ​សិក្សា​របស់​សិស្ស និង​កិត្តិយស​របស់​គ្រូ​ក្នុង​វិទ្យាល័យ​កំពង់ធំ​ដោយ​កើតឡើង​ពី​រឿង​កាន់​ជើង​កូន​តែ​បន្ដិចបន្តួច មិន​ស្ដាប់​ហេតុផល មក​ច្រឡោត​រក​រឿង​គ្រូ​ទាំងអស់​គ្នា​នៅ​ក្នុង​វិទ្យាល័យ​កំពង់ធំ​៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...