Saturday, December 2, 2017

មន្ត្រី​បក្ស​កាន់​អំណាច​ថា​គ្មាន​ច្បាប់​ណា​មួយ​អាច​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គ្មាន​ច្បាប់​ណា​មួយ​អាច​មក​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស បើ​សិន​ការ​វិនិយោគ​នោះ​មិន​ខុស​ច្បាប់។ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​យល់​ដូច្នេះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក​ធ្លាប់​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​សិទ្ធិមនុស្ស។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​តេឡេក្រាម នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ជា​ការ​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធសភា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ថា បើ​អ្នក​វិនិយោគ​របស់​កម្ពុជា នៅ​បរទេស​រក​ស៊ី​ដោយ​ស្រប​ច្បាប់ និង​លុយ​ដែល​ទុក​ក្នុង​ធនាគារ​ជា​លុយ​ដែល​ស្របច្បាប់ គ្មាន​អ្នក​ណា​អាច​បង្កក​លុយ​ទាំង​នោះ​បាន​ទេ។ លោក​អះអាង​ថា ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​រឹប​អូស​ទ្រព្យសម្បត្តិ និង​ប្រាក់កាស​របស់​ក្រុមហ៊ុន​ខ្មែរ​នៅ​ប្រទេស​នោះ គឺ​ជា​រឿង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្បាស់ ដែល​មិន​អាច​អនុវត្ត​បាន​ឡើយ។
ទោះ​ជា​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ អង្គការ គ្លបល វីនេស (Global Witness) ធ្លាប់​ទម្លាយ​អោយ​ដឹង​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្រៅ​ពី​កំពុង​កាន់​អំណាច​នោះ ក៏​កំពុង​ក្ដោបក្ដាប់​ភាគ​ហ៊ុន​ភាគ​ច្រើន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។
​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កន្លង​មក​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ធ្លាប់​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​វិនិយោគ និង​លុយ​នៅ​ក្នុង​ធនាគារ​លើ​ប្រទេស​ណា​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​កិច្ច​ព្រមព្រៀង​អ្វី​មួយ។ លោក​ថា អ្វី​ដែល​លោក​ធ្លាប់​ដឹង​គឺ​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​រួច​ហើយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ខាង​សេតវិមាន​តែប៉ុណ្ណោះ៖«»។
ព្រឹទ្ធសភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ ​សេចក្ដី​សម្រេច​នោះ​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ខាង​លើ​ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក។
​រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួមមាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
​សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

“ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​​​មាន​សេចក្ដី​សុខ​ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង”

អ្នកវិភាគ និង​សង្គម​ស៊ីវិល យល់​ថា លោក ហ៊ុន សែន គួរ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​ទៅ​រក​សភាពការណ៍​ធម្មតា​វិញ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សេចក្ដី​សុខ ជា​ជាង​ការ​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​អង្គរវត្ត ទាំង​តក់ក្រហល់ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន។
​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​កម្ពុជា។ លោក​បណ្ឌិត​មើល​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឲ្យ​កម្ពុជា មាន​សេចក្ដី​សុខ គួរ​ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។
​នៅ​ថ្ងៃ​សៅរ៍ ទី​២ ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន មាន​ទាំង​មេ​ទាហាន និង​ឧបនាយករដ្ឋមន្ត្រី ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត បន្ទាប់​ពី​លោក​បាន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន។ នៅ​ឯ​ប្រទេស​ចិន លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ទទួល​ជោគជ័យ ដោយ​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​ថា នឹង​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក និង​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សន្តិភាព និង​អភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត។
ខុស​ពី​ចិន សហគមន៍​អន្ដរជាតិ​បាន​បារម្ភ​អំពី​បញ្ហា​សន្តិភាព ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេលដែល​សហគមន៍​អន្ដរជាតិ​បាន​សម្រេច​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​នោះ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​លែង​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ តាម​រយៈ​រដ្ឋាភិបាល និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្ដល់​ជំនួយ​ឈ្មោះ​ស៊ីដា (SIDA) មក​ឲ្យ​កម្ពុជា ក្រោយ​ពេល​លោក ហ៊ុន សែន រម្លាយ​គណបក្ស​ប្រឆាំង។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ងាក​ចេញ​ពី​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​រឿង​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា បាន​ក្លាយ​ប្រទេស​ឯក​បក្ស និង​ផ្ដាច់ការ។
​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីកា​ថា សេចក្ដី​សុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​មែន​កើត​ឡើង​ដោយសារតែ​ការ​បន់​ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ សេចក្ដីសុខ និង​ស្ថិរភាព​យូរ​អង្វែង កើត​មាន​ឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្ត។
ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​ថេរដីការ​ពន្យល់​ថា តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា ការ​បន់ស្រន់ បួងសួង​សុំ​សេចក្ដី​សុខ កើត​មាន​ឡើង​តែ​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​តែប៉ុណ្ណោះ។ ដោយ​ឡែក សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​បាបកម្ម​រួច​ហើយ នោះ​នឹង​មិន​អាច​គ្រាន់​តែ​បន់ស្រន់​សុំ​សេចក្ដី​សុខ​រួច​អាច​លាង​បាប​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ​បាន​ទេ៕

គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​សម័យ​អង្គរ​ត្រូវ​បាន​នាំ​យក​មក​កម្ពុជា​វិញ

គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ខ្មែរ​នា​សម័យ​អង្គរ ដែល​ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​លក់​នៅ​ក្នុង​ទីក្រុង​ឡុងដុង (London) ចក្រភព​អង់គ្លេស ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​កម្ពុជា ដែល​ជា​ទី​កំណើត​របស់​វត្ថុ​បូរាណ​នេះ​វិញ​ហើយ។
​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​អ្នក​ចេញ​មុខ​ដង្ហែ​គ្រឿង​អលង្ការ​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ នេះ​ថា ក្រោយ​ទទួល​ដំណឹង​ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ឡុងដុង អំពី​វត្តមាន​គ្រឿងអលង្ការ​មាស​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ស្នូល​ដូចជា​ក្រសួង​ការបរទេស ក្រសួង​វប្បធម៌ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុងដុង បាន​ស្វះស្វែង​រក​វត្ថុ​ទាំង​នោះ​ត្រឡប់​មក​វិញ​ប្រកប​ដោយ​ជោគជ័យ។ កូនប្រុស​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​បន្ត​អះអាង​ជំនួស​អោយ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ស្វែង​រក​វត្ថុ​បុរាណ​ដែល​បាត់បង់​ទៅ​ត្រឡប់​មក​វិញ​ឲ្យ​ទាល់តែ​បាន​ជា​បន្តបន្ទាប់៖ «»។
​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ រួម​មាន​មកុដ ១ ក្បាច់​ពាក់​សៀតផ្កា ១​គូ ក្រវិល ១​គូ ខ្សែក ១ ស្នាប់ដៃ ១​គូ ខ្សែ​ពាក់​ឆៀង (ក្រវាត់​ទ្រូង) ១​គូ និង​ខ្សែ​ចង្កេះ ១។
​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​ចក្រភព​អង់គ្លេស​យល់​ព្រម​ប្រគល់​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ​នេះ ជូន​មក​រដ្ឋាភិបាល​កម្ពុជា។ ​ម្យ៉ាង​ទៀត ឈុត​គ្រឿង​អលង្ការ​មាស​នេះ លោក​ថា ក៏​មាន​តម្លៃ​ផ្នែក​សិល្បៈ​​រចនា និង​ក្បូរក្បាច់​ដែល​បង្ហាញ​ពី​រចនាបថ​របស់​ខ្មែរ​តែ​មួយ​គត់៕

ឈុត​គ្រឿង​អលង្ការ​មាស​សម័យ​អង្គរ​ ត្រូវ​បាន​ដង្ហែ​ពី​អង់គ្លេស​មក​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ

ឈុត​អលង្ការ​មាស​សម័យ​អង្គរ ដែល​កម្ពុជា​បាន​ទទួល​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស ត្រូវ​បាន​ដង្ហែ​​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២​ធ្នូ​នេះ​។ ក្រុម​យុវជន​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ានី ព្រម​ទាំង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​វប្បធម៌ បាន​ដង្ហែ​ឈុត​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​នេះ ទៅ​​កាន់​សារមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រក្សា​ទុក​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ឡើង​វិញ​នូវ​ការ​រក​ឃើញ ព្រម​ទាំង​ការ​តស៊ូ​​ទាមទារ​ត្រឡប់​មក​វិញ នូវ​ឈុត​គ្រឿង​អលង្ការ​នេះ​ដូច​ត​ទៅ​​៖
ជាង១​ឆ្នាំ​មុន ពោល​គឺ​នៅ​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៦ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ប្រកាស​ដាក់​លក់​វត្ថុ​បុរាណ​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរ ឈុត​គ្រឿង​អលង្ការ​មាស សម្រាប់​លម្អ​រូប​ចម្លាក់​។ ឈុត​អលង្ការ​នោះ​មាន​ចំនួន​១០​មុខ រួម​មាន​៖ ក្រវិល​មាស រង្វង់​មាស​សម្រាប់​ពាក់​លម្អ​ព្រះ​សិរ ដើម​ដៃ ចន្លោះ​ពោះ ដើម​ទ្រូង និង​ខ្សែ​ក្រវ៉ាត់​មាស​​។
ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ បាន​ទាមទារ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ ដក​ឈុត​គ្រឿង​អលង្ការ​នោះ​ចេញ​ពី​បញ្ជី​លក់​។ នៅ​ក្នុង​ដំណើរការ​តស៊ូ​ទាមទារ​ត្រឡប់​មក​វិញ មន្ដ្រីជំនាញ​ទាំង​ជាតិ​និង​អន្ដរជាតិ បាន​ចូល​រួម​ពិនិត្យ ធ្វើ​កោសល្យ​វិច្ច័យ និង​វាយ​តម្លៃ​លើ​វត្ថុ​បុរាណ​ទាំង​នោះ​។ លទ្ធផល​នៃ​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច្ច័យ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា ឈុត​គ្រឿង​អលង្ការ​នោះ ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ក្បូរ​ក្បាច់​រចនា និង​រចនាបថ​​ ប៉ុន្តែ​ត្រូវ​បាន​យក​ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់​។
ក្រោយ​ការ​ចរចា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​នោះ មក​កម្ពុជា​វិញ​។ ក្រសួង​វប្បធម៌ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចាត់​ទុក​ស្មារតី​ស្ម័គ្រ​ចិត្ត​នេះ​ថា​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​អង់គ្លេស និង​កម្ពុជា ដើម្បី​រួម​ចំណែក​លើក​តម្កើង​វប្បធម៌​ខ្មែរ​។
គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក កម្ពុជា​បាន​តស៊ូ​ទាមទារ​យក​រូប​បដិមា​ចំនួន​៦ ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។ រូប​បដិមា​ទាំង​នោះ​រួម​មាន រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មក​ពី​សារមន្ទីរ​ Sotheby ក្រុង​ញ៉ូវយ៉ក​។ រូប​បដិមា​ភីម មក​ពី​សារមន្ទីរ Norton Simon ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​។ រូប​បដិមា​ទ្វារ​បាល​ចំនួន​២ ធ្វើ​ពី​ថ្ម​ភក់ មក​ពី​សារមន្ទីរ Metropolitan ក្រុង​ញ៉ូយ៉ក​។ រូប​បរិមា​ពលរាម មក​ពី​សារមន្ទីរ Christie ក្រុង​ញ៉ូយ៉ក​។ រូប​បដិមា​ហនុមាន​បាន​មក​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ Cleveland។ និង​ចុង​ក្រោយ​គឺ​ព្រះ​សិរព្រះ​ហរិហរៈ មក​ពី​សារមន្ទីរ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង​៕

លោក ហ៊ុន សែន ប្រកាស​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោយ​រក​មិន​ឃើញ​កំហុស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ធ្នូ នេះ​ថា លោក​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទេ ក្រោយ​ពី​ក្រសួង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មិន​ឃើញ​កំហុស ឬ​មិន​មាន​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ល្មើសច្បាប់​នោះ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ថ្លែងការណ៍ ក៏​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​ទៅ​រដ្ឋាភិបាល បញ្ជាក់​ថា ស្ថាប័ន​នេះ​មិន​ពាក់ព័ន្ធ​បក្ស​នយោបាយ​ណា​មួយ រដ្ឋាភិបាល​សម្រេច​រក្សា​ទុក​មជ្ឈមណ្ឌល​នេះ​នៅ​ដដែល ដោយ​ឱ្យ​ស្ថាប័ន​មួយ​នេះ​នៅ​បម្រើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជា​បន្ត​ទៀត។
​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ភ្នំពេញ ដោយ​លោក​ចោទ​ថា មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​បរទេស។ ក្រោយ​ពី​ប្រកាស​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ភ្លាមៗ​ថា ស្ថាប័ន​នេះ​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំង​អស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ។ កិច្ច​គាំពារ​ទាំង​នេះ​ហើយ គឺជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មក​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ក្លាយ​ជា​អ្នក​នយោបាយ។ អ្នក​នយោបាយ​ទាំង​នោះ​មាន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ផង និង​គណបក្ស​កាន់​អំណាច​ផង៕

Friday, December 1, 2017

អ្នក​វិភាគ​និង​សង្គម​ស៊ីវិល​ខ្លះ​រិះគន់​រដ្ឋសភា​ថា​នឹង​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​នៅ​ពេល​ខាង​មុខ

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា តំណាងរាស្ត្រ​ថ្មី​ដែល​បាន​ចូល​ទៅ​អង្គុយ​លើ​កៅអី​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​នោះ នឹង​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំ​ប៉ះប៉ូវ​ចុះឡើង​ធ្វើ​​អោយ​រដ្ឋសភា​ថ្មី​មើល​ទៅ​ស្របច្បាប់​​ក៏​ដោយ​ចុះ។
​ប្រធាន​បណ្ដាញ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា បើ​ទោះ​បី​រដ្ឋ​សភា​ថ្មី​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់ បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក្ដី ក៏​ប៉ុន្តែ​សភា​មួយ​នេះ នឹង​ត្រូវ​ប្រឈម​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ពុំ​ខាន ព្រោះ​ជា​រដ្ឋសភា​ថ្មី​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «យើង​នៅ​តែ​មើល​ឃើញ​ផល​ប៉ះពាល់​ជុំវិញ​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា និង​ឥទ្ធិពល​ការសម្រេច​ដៃ​គួរ​ម្ចាស់​ជំនួយ​ដែល​ធ្លាប់​ផ្ដល់​ឲ្យ​កម្ពុជា ក្នុង​លក្ខខណ្ឌ​លើក​តម្កើង​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ ដូច្នេះ​បើ​ម្ចាស់​ជំនួយ​គេ​សម្រេច​ថ្មី​បញ្ហា​ជំនួយ​មក​កម្ពុជា គឺ​វា​ជា​ការ​ប៉ះពាល់​ហើយ»
​ចំណែក​ឯ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា អះអាង​ថា រដ្ឋ​សភា​ថ្មី​នេះ អាច​ដំណើរការ​ស្រប​ច្បាប់​ទៅ​មុខ​បាន​មួយ​ចម្អិន​កំពឹស គឺ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៨ នឹង​ត្រូវ​ផុត​សុពលភាព​របស់​ខ្លួន​ហើយ។
លោក យឿង សុធារ៉ា អះអាង​ទៀត​ថា ក្រោយ​ពេល​តំណាងរាស្ត្រ​ដែល​ចូល​កាន់​ថ្មីថ្មោង​នេះ​អស់​សុពលភាព ពេល​នោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​តែ​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ជាបន្ទាន់ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​មក​ជំនួស​ឲ្យ​តំណាងរាស្ត្រ​ចាស់៖ «ហេតុ​ផ្សេង​ក្រៅ​ពី​នោះ​អាច​នឹង​មាន​ការ​រិះគន់ ដូចជា​កើត​ចលាចល​ធ្ងន់ធ្ងរ​មាន​ប្រដាប់​អាវុធ​អី​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩២ និង​៩១ និង​ឆ្នាំ​១៩៩៧ ជាដើម គេ​អាច​ពន្យារ​ពេល​ការ​បោះឆ្នោត​បាន ដោយសារ​តែ​មាន​ការ​ប្រឈម​គ្នា​រវាង​ប្រជាជន និង​ប្រជាជន ដោយ​ស្ថានភាព​នោះ​ធ្ងន់ធ្ងរ ដែល​គេ​មើល​ឃើញ​ថា ការ​បោះឆ្នោត​មិន​អាច​រៀបចំ​ទៅ​កើត​ទេ»
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពលរដ្ឋ​បោះឆ្នោត​អោយ​ចំនួន ៥៥ ទៅ​បែងចែក​អោយ​គណបក្ស​តូចៗ​មិន​ជាប់​ឆ្នោត​ចំនួន​៣ និង​គណបក្ស​ប្រជាជន​កម្ពុជា។
​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី បាន​ប្រៀបប្រដូច​សមាជិក​រដ្ឋសភា​ដែល​ទើប​ប្រសូតិ​ថ្មីថ្មោង​នោះ​ថា គ្រាន់តែ​ជា​ការ​ចូល​បំពេញ​សម្ល​ដែល​ខ្វះ​គ្រឿង​ប៉ុណ្ណោះ។ លោក​ថា នៅ​ពេល​តំណាងរាស្ត្រ​ថ្មី​ទាំង​នោះ​ចាប់​ផ្ដើម​ដំណើរ​ការងារ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ធ្លាក់​ចុះ ពីព្រោះ​រដ្ឋាភិបាល​ត្រូវ​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។
អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​រូប​នេះ​លើកឡើង​ទៀត​ថា ការ​សម្រេច​ធ្វើ​ដូច្នេះ​ទំនង​រដ្ឋាភិបាល​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គឺ​ជា​រដ្ឋាភិបាល​ស្របច្បាប់៖ «សភា​ដែល​នៅ​ក្រោយ​ការ​គ្រប់គ្រង​ដែល​ទើប​បង្កើត​ថ្មី​នេះ​បើ​និយាយ​ពី​យន្តហោះ​គឺ​មាន​តែ​ស្លាប​មួយ​ចំហៀង​ទេ មួយ​ចំហៀង​ទៀត​មិន​អាច​ទទួល​ស្គាល់​ថា ជា​តំណាងរាស្ត្រ​បាន​ទេ ក្រុម​សភា​ចូល​ទៅ​ថ្មី​គ្រាន់​តែ​ជា​ក្រុម​បក្ស​មួយ រៀបចំ​ឡើង​ដើម្បី​ឲ្យ​ទៅ​ទទួល​យក​អាសនៈ​ទេ ប៉ុន្តែ​បើ​ឲ្យ​ត្រូវ​ថា តំណាងរាស្ត្រ​នោះ​គឺ​ពួកគាត់​មិន​មែន​ប្រជាពលរដ្ឋ​ជ្រើសតាំង​ឲ្យ​ទេ»
​សមាជិក​រដ្ឋសភា​ថ្មី ទាំង ៥៥​រូប​នោះ គឺ​ចំនួន ៤១​រូប មក​ពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​រូប មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា ១​រូប មក​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង ១១​រូប​ទៀត​ត្រូវ​បាន​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូល​យក​ខ្លួន​ឯង​តែង​ម្ដង ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​លាន់​កងរំពង​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក និង​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ សមាជិកសភា​ថ្មី​ទាំង​នេះ​បាន​ទទួល​តំណែង​ដោយសារ​តែ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​រដ្ឋាភិបាល​បាន​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​នយោបាយ ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​កាល​ពី​ឆ្នាំ​២០១៣។
​ទន្ទឹម​គ្នា​នេះ ចាប់​ពី​រដ្ឋសភា​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី​ទាំង ៥៥​រូប​នោះ​មក ក៏​មាន​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​រក​វិធាន​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប្រទេស​ទាំង​នោះ​រួម​មាន សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី ជាដើម។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ដែល​ពួកគេ​រស់​នៅ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ដោះលែង​លោក កឹម សុខា អ្នក​ទោស​នយោបាយ និង​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បើក​ដំណើរ​ដូច​ដើម​ឡើង​វិញ ព្រមទាំង​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹត ត្រឹមត្រូវ និង​យុត្តិធម៌៕

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ប្រតិកម្ម​នឹង​​គម្រោង​បង្កក​ទ្រព្យសម្បត្តិ​គ្រួសារ​នៃ​មន្ត្រី​ដែល​កំពុង​រក​ស៊ី​នៅ​អូស្ត្រាលី

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ប្រកាស​ថា មន្ត្រី​គណបក្ស​គ្មាន​ការ​ភ័យ​ខ្លាច​ណា​មួយ​ចំពោះ​ការ​គំរាម​បង្កក​ទ្រព្យសម្បត្តិ​លើ​ក្រុម​គ្រួសារ​របស់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា​ទេ ដោយសារ​ការ​បង្កក​នេះ​មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ អះអាង​ថា កម្ពុជា​មិន​ខ្វល់​អំពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជន​ណា​ម្នាក់​ក្នុង​ទឹក​ដី​រដ្ឋាភិបាល​បរទេស​នោះ​ទេ ប្រសិនបើ​ការ​បង្កក​នោះ​ធ្វើ​ឡើង​ស្របតាម​ផ្លូវច្បាប់​ត្រឹមត្រូវ មិន​លំអៀង​ទៅ​រក​បក្ស​ប្រឆាំង៖ «អា​ហ្នឹង​វា​ត្រូវ​យក​ច្បាប់​ជាតិ និង​អន្តរជាតិ​មក​ពិចារណា​ទៅ។ បើ​​ថា គាត់​ធ្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ អា​ហ្នឹង​គ្មាន​អ្នក​ណា​ទៅ​ហាម​ឃាត់​គាត់​ទេ។ ប៉ុន្តែ​បើ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ នោះ​សាមី​ខ្លួន​អាច​ប្ដឹង​តវ៉ា​បាន»
​ការ​អះអាង​របស់​លោក សុខ ឥសាន ធ្វើ​ឡើង​ក្រោយ​ពេល​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) គ្រោង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ពិនិត្យមើល​ទ្រព្យសម្បត្តិ​នៃ​គ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច ដែល​កំពុង​រក​ស៊ី​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​អូស្ត្រាលី។
​លោក ម៉ាក បាត់លើរ៍ (Mark Butler) អះអាង​ថា ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ពិនិត្យ​មើល​អំពី​ដំណើរការ​ប្រើប្រាស់​លុយ ​កខ្វក់​ពី​ប្រទេស​កម្ពុជា៖ «ខ្ញុំ​គិត​ថា វា​ការ​សមរម្យ​ដែល​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ត្រូវ​ពិនិត្យ​លើ​បញ្ហា​ទាំង​នេះ ជាពិសេស​ក្រុម​គ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​របស់​លោក ហ៊ុន សែន បាន​យក​លុយ​ពី​សកម្មភាព​ខ្មៅ​កខ្វក់​ នៅ​កម្ពុជា មក​ចាយ​សប្បាយ​សោយសុខ​ក្នុង​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ឬ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។ ករណី​ទាំង​នេះ​យើង​ត្រូវ​ពិនិត្យមើល​អោយ​បាន​ល្អិតល្អន់ ពីព្រោះ​ខ្ញុំ​បាន​ឃើញ​ច្បាស់​ហើយ​ថា របប​របស់​លោក ហ៊ុន សែន បាន​ដើរ​លើស​បន្ទាត់​ដ៏​សំខាន់​មួយ​គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី អំពី​លទ្ធភាព​ក្នុង​ការ​ដាក់​លក្ខខណ្ឌ​ជាក់លាក់​មួយ​តាមរយៈ​ការ​ព្រួយ​បារម្ភ​របស់ខ្ញុំ ក៏​ដូចជា​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ទៅ​លើ​សកម្មភាព​រំលោភច្បាប់​របស់​លោក ហ៊ុន សែន ទាំង​កម្រោល​នោះ»
​ការ​ប៉ុនប៉ង​ចាត់​វិធានការ​ជាក់លាក់​របស់​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី រូប​នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ក្ដៅ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បិទ​បណ្ដាញ​សា​ព័ត៌មាន​ឯករាជ្យ បិទ​អង្គការ​សង្គម​ស៊ីវិល ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​របស់​អាស៊ីសេរី ពីរ​នាក់ ដែល​ជា​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ចំ​កណ្ដាល​បេះដូង នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
​ក្រៅពី​គម្រោង​របស់​អ្នក​ច្បាប់​អូស្ត្រាលី ក្នុង​ការ​បោះពួយ​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ ឬ​ភាគហ៊ុន​របស់​គ្រួសារ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា រី​ឯ​នៅ​សហរដ្ឋអាមេរិក ឯ​ណេះ​វិញ ក្រុម​អ្នក​ច្បាប់​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ទាំង​ពីរ​គណបក្ស ក៏​កំពុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា រួម​ទាំង​គ្រួសារ និង​បិទ​ទិដ្ឋាការ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក ថែម​ទៀត​ដែរ។
​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ផល​លំបាក​ពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នឹង​នាំ​ឲ្យ​ជន​ទាំង​នោះ​បាត់បង់​កិត្តិយស ហើយ​មាន​ឈ្មោះ​ជា​មនុស្ស​ដែល​ទទួល​រង​ទណ្ឌកម្ម និង​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​ពី​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​ធ្វើ​ជំនួញ ឬ​ធ្វើ​ការ​ចំណាយ​ផ្សេងៗ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...