Friday, November 24, 2017

សមាជិក​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ថា​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​បក្ស

សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន ប្រកាន់​ជំហរ​ជាថ្មី​ថា ពួកគាត់​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​របស់​ខ្លួន​ដោយ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ​ទេ បើ​ទោះ​បី​ជា​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច កម្ទេច​ចោល​ជិត​មួយ​សប្ដាហ៍​ហើយ​ក្ដី។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អះអាង​ថា អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​អូសទាញ​សកម្មជន​គណបក្សប្រឆាំង​ឲ្យ​ទៅ​រួមរស់​ជាមួយ​គណបក្ស​ខ្លួន​មិនទាន់​ឈប់​នៅឡើយ។
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម​នៅ​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា​អាជ្ញាធរ​គណបក្ស​កាន់អំណាច​នៅ​ខេត្ត​មួយ​នេះ បាន​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចែចូវ​ថ្នាក់ដឹកនាំ​គណបក្ស​មក​សកម្មជន​ថ្នាក់ក្រោម​វិញ។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន​អ្នកស្រី វ៉ែន ដារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា មូលហេតុ​ដែល​អាជ្ញាធរ​គណបក្ស​កាន់អំណាច​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​អូសទាញ​សកម្មជន​ថ្នាក់ក្រោម​នោះ ទំនង​ដោយសារ​យុទ្ធនាការ​កន្លងមក ពុំ​ទទួល​បាន​លទ្ធផល ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ មិន​ទៅ​ចុះចូល​គណបក្ស​កាន់អំណាច​នោះ​ទេ។
ស្ត្រី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ អះអាង​បន្ត​ទៀត​ថា អ្នក​ដែល​សកម្ម​ក្នុង​យុទ្ធនា​ការ​អូសទាញ​សមាជិក​គណបក្ស​ខ្លួន ដូច​ភ្លៀងរលឹម​នេះ គឺ​អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត តែម្ដង ក៏ប៉ុន្តែ​ក៏​មិន​អាច​ទិញ​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​បាន​ដែរ៖ «យើង​បាន​ប្ដេជ្ញា​ចិត្ត​ទាំងអស់​គ្នា​ថា មិន​ទៅ​ណា​ចោល​គ្នា គឺ​សុខចិត្ត​អត់ឃ្លាន​មាន​ហូប​អី​ទាំងអស់​គ្នា ដូច្នេះ​ហើយ​មិន​មាន​ទៅ​ណា​ចោល​គ្នា​ទេ។ ប្រជាពលរដ្ឋ​ក៏​គាត់​មក​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ជា​ហូរហែ​ដែរ»
អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត ពុំ​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​ពី​ការរិះគន់​របស់​មន្ត្រី​គណបក្សប្រឆាំង​នេះ​នៅឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយក៏​ផ្ដាច់​ទៅវិញ។
ទោះជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា សមាជិក​គណបក្សប្រឆាំង នៅ​តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម មិន​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច គឺជា​អ្នកនយោបាយ​ល្អ​នៅ​ក្នុង​បេះដូង​របស់​ពួកគាត់។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា សំណូមពរ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្សប្រឆាំង​ទាំងអស់ បន្ត​ស្មោះស្ម័គ្រ​ជាមួយ​ម្ចាស់​ឆ្នោត​ទៅ​មុខ​ទៀត៖ «ព្រោះ​យល់ឃើញ​ថា គាត់​ពេញចិត្ត​នឹង​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​គាត់​ចង់បាន​ភាព​យុត្តិធម៌​និង​ភាព​ត្រឹមត្រូវ​ក្នុង​សង្គម។ ដូច្នេះ​គាត់​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ប្រទេស​រីក​ចំរើន ទើប​បាន​ជា​ខ្ញុំ​គាំទ្រ និង​កោតសរសើរ​ពួកគាត់​នោះ»
ចំណែក​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក បណ្ឌិត មាស នី លើក​ឡើង​ថា ការ​សាមគ្គី​ស្មោះស្ម័គ្រ​របស់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ គឺជា​សញ្ញា​បញ្ជាក់​ភាព​រាំង​មាំ​របស់​គណបក្សប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន៖ «សម្រាប់​មូលដ្ឋាន ប្រយោជន៍​របស់​គណបក្ស​ប្រឆាំង​គឺជា​សញ្ញា​មួយ ជួយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​ដែល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា សង្គ្រោះ​ជាតិ​មិន​មាន​ការ​បែកបាក់​គ្នា ដូច​ពាក្យ​ចចាមអារ៉ាម​ទេ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ដែល​កន្លងមក ត្រូវ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) ថា​បែកបាក់​គ្នា​ក្ដី»
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន​ទាំងអស់ ក្រោយពី​គណបក្ស​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បំផ្លាញ​ចោល កាលពី​ទី​ថ្ងៃ​១៦ វិច្ឆិកា មក ភាគច្រើន​ពួកគាត់​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ដោយ​ពុំ​មាន​សមាជិក​ណា​ម្នាក់ ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ទោះជា​យ៉ាងណា​សមាជិក​ខ្លះ​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ពីព្រោះ​អាជ្ញាធរ​គណបក្ស​កាន់អំណាច​បាន​ដាក់​កម្លាំង​តាមដាន​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​មិន​ឈប់​នៅឡើយ៕

Thursday, November 23, 2017

អនុប្រធាន​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ជា​ឃាតក​និង​ជា​មេដឹកនាំ​ផ្ដាច់ការ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា លោក ហ៊ុន សែន កំពុង​តែ​លាតត្រដាង​កាន់​តែ​ច្បាស់​ពី​ភាព​ឃោរឃៅ និង​ជា​ឃាតក​ដែល​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​អ្នក​ដែល​ប្រឆាំង និង​លោក ក្រោម​ការដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន​នោះ។
អ្នកច្បាប់​ពន្យល់​ថា ការ​លាតត្រដាង​របស់​លោក ហ៊ុន សែន ពី​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​រង្គាល​នេះ ជា​ឯកសារ​ភស្តុតាង​ដ៏​សំខាន់​មួយ​សម្រាប់​ដាក់​បន្ទុក ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិភាក្សា​ជាមួយ​មេធាវី​អន្តរជាតិ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ករណី លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្លួនឯង។
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ពី​ការ​សោកស្ដាយ ដែល​លោក​មិនបាន​សម្លាប់​ចោល​អ្នក​ដែល​ប្រឆាំង​នឹង លោក កាលពី​ឆ្នាំ​២០១៣ ក្រោយ​ការបោះឆ្នោត​នោះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ជា​ឃាតក នៅ​ពីក្រោយ​ការ​បញ្ជា​កងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់​ពលរដ្ឋ និង​កម្មករ នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត។
លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ភស្តុតាង​ជាច្រើន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រួចហើយ ហើយ​មេធាវី​នឹង​ដាក់​ភស្តុតាង​ថ្មី​នេះ​បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ។ «»
អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ប្រកាស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នោះ ជា​រឿង​ខុសច្បាប់ ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ឡើយ។
លោក មេធាវី ហែម សុជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា បើសិនជា​ការ​សម្លាប់​មនុស្ស​ទោះបីជា​ស្ថិត​នៅ​ក្នុង​រង្វង់​បាតុកម្ម​ក្ដី ឬ​មិនមែន​បាតុកម្ម​ក្ដី ដោយ​បង្ក​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ គឺជា​បទល្មើស។ ហើយ​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​យុត្តាធិការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ឬ​ក៏​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់។ «»
លោក ហ៊ុន សែន សំដែង​ពី​ការ​សោកស្ដាយ​ដែល​មិន​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ឬ​ក្រុម​ប្រឆាំង​នឹង​លោក​ឲ្យ​អស់ ព្រោះ​លោក​ទើបតែ ដឹង​អំពី​ផែនការ​ដែល​លោក​ចោទ​ថា ជា​គម្រោង​ផ្ដាច់ព្រ័ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា អ្នក​ដែល​លោក​មិនបាន​សម្លាប់​ទាំងនោះ ពិតជា​សំណាង​ណាស់​ដែល​បាន​នៅ​រស់ ព្រោះ​លោក​ទើប​ដឹង​ដំណឹង​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំងពី​ហ្នុង ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​២០១៤ គឺ​ពួក​នេះ​ងាប់​អស់ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នុង អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នុង ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នុង​ទៀត។ ស្ដាយ​ណាស់​! សំណាង​ដែល​ខ្ញុំ​អត់​បាន​មើល​ឃ្លីប​នេះ បើ​សិន​បាន​មើល​ឃ្លីប​នេះ ថ្ងៃ​ដែល​គេ​ប្រកាស​ហ្នឹង ប៉ុន្មាន​ម៉ោង​ក្រោយ វ៉ៃ​សង្គ្រុប​យក​ហ្មង»
មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ជនរងគ្រោះ​កម្ពុជា លោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ស័ក្ដិ​សម​ជា​សម្ដី​របស់​អ្នកដឹកនាំ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ លោក​ថា សម្ដី​បែបនេះ​មិន​ខុស​ពី​សម្ដី​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ឃោរឃៅ​បំផុត ដូចជា​លោក សាដាម ហ៊ូសេន និង ប៉ុល ពត ជាដើម។ លោក​បន្ថែម​ទៀត​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បង្ហាញ​ពី​ចេតនា​សម្លាប់​អ្នកប្រឆាំង​បែបនេះ គឺ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា នរណា​ជា​ឃាតក​ពិតប្រាកដ​ដែល​បាន​បញ្ជា​ឲ្យ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ និង ការ​សម្លាប់​សកម្មជន​ដទៃ​ទៀត ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស មាន​ចេតនា​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​សម្លាប់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ការដឹកនាំ​របស់​គាត់។ ច្បាស់​ណាស់ គាត់​ហ៊ាន​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក៏​មិន​ខ្វល់​ដែរ ឲ្យ​តែ​គាត់​អាច​បន្ត​ក្រាញ​អំណាច​បាន​ត​ទៅ​មុខ​ទៀត។ គាត់​មិន​ខ្វល់​នឹង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ គាត់​ខ្វល់​តែ​ពី​រឿង​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​នៅ​កាន់អំណាច​បាន​យូរ ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់ និង​ប្រយោជន៍​បក្សពួក ព្រមទាំង​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ។ សម្ដី​របស់​គាត់​ស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»
លោក រីឆាត រ៉ូជើរ អះអាង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា​លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខ។ លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។
លោក រីឆាត រ៉ូជើរ បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួមមាន​សម្ដី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ​ដែរ។ លោក​មេធាវី​បរទេស​រូប​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។
លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ​ជាច្រើនលើក ច្រើនសា។ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារមឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ​២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។
លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់ពី​មេបញ្ជាការ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូតដល់​តួនាទី​បច្ចុប្បន្ន ជា​នាយករដ្ឋមន្ត្រី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​កន្លងមក​រៀបរាប់​ថា លោក ហ៊ុន សែន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន លោក​បាន​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ទោះជា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​គិត​តាំងពី​ការបោះឆ្នោត​អាណត្តិ​ទី​១​មក។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សំអាង​របាយការណ៍​ចុងក្រោយ​មួយ​រៀបរាប់​ថា លោក ហ៊ុន សែន បាន​បំពាន​រំលោភបំពាន ចាប់ចង និង​បាញ់សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។
អ្នកធ្វើការ​តាម​ក្រុម​ទាំងនោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញពី​កងកម្លាំង​រក្សា​សន្តិសុខ។ ភាគច្រើន​នៃ​ក្រុម​ទាំងនោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំងនោះ​មាន​ក្រុម​មួយ​ដែល​ទំនងជា​ក្រុម​ដែល​ក្រោយ​មក​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភបំពាន​ផ្សេងទៀត ហើយ​ក្រោយមក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពលតូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។
នៅ​ឆ្នាំ​២០១២ ក៏​មាន​អំពើ​ហិង្សា​ជាច្រើន​ទៀត បាន​កើត​ឡើង រវាង​កងកម្លាំង​រក្សា​សន្តិសុខ​របស់​រដ្ឋ ស្រប​ពេល​ដែល​មានការ​ផ្ដល់​ដី​ដល់​ឈ្មួញ​អ្នក​មាន​អំណាច​កើន​ឡើង។ ម្យ៉ាងវិញទៀត ការ​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​បង្កើត​ភាព​ចលាចល​នៃ​កម្លាំង​ពលកម្ម។
ក្នុង​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​គេ​បាញ់សម្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ខេត្ត​កោះកុង នៅ​ពេល​ដែល​រូបលោក​បាន​ព្យាយាម​ថត​សកម្មភាព​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់។ មួយ​ខែ​ក្រោយមក គឺ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២ ក្មេង​ស្រី​ម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់សម្លាប់​នៅ​ខេត្ត​ក្រចេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​ពី​ការរំលោភ​ដីធ្លី​ពី​ឈ្មួញ​បរទេស។
សម្រាប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ វិញ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ការ​បាញ់​សម្លាប់​បុរស​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សុខចាន់ នៅ​ក្បែរ​ស្ពាន​ក្បាលថ្នល់។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្សប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ​វា​គួរ​តែ​មាន​សេចក្ដីថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែបនេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុងនាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ហើយក៏​មិន​គួរ​ប្រើ​ពាក្យ​ប្រមាថ​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ «»
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាដើម។
លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​មិន​ត្រឹមតែ​ផ្ដាច់ការ ក្នុង​ការ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន និង​បាន​ប្រើប្រាស់​ស្ថាប័ន​សភា​កែប្រែ​ច្បាប់​ជាច្រើន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន ក៏​ធ្វើ​អ្វីៗ​ដោយ​អត្តនោម័ត​នៅ​ក្នុង​បក្ស ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​ទាំង​នេះ​ដែរ៕

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង ក្រោយ​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​កាន់​សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ឲ្យ​បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ពី​ប្រទេស​កម្ពុជា។ តាម​រយៈ​ប្រសាសន៍​របស់​ប្រមុខ​បក្ស​កាន់​អំណាច ដែល​គេ​អះអាង​ថា ជា​ការ​បែក​ធ្លាយ​ស្តី​ពី “យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ” នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចាត់​ទុក​ថា បញ្ហា​របស់​កម្ពុជា​ពេល​នេះ មិន​មែន​បញ្ចប់​ត្រឹម​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។
សារ​បែក​ធ្លាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សមាជិក​-​សមាជិការ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​មួយ​ទ្វេ​ជា​ពីរ ដោយ​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ សារ​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​គេ​អះអាង​ថា បាន​បែក​ធ្លាយ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កា​រទប់​ស្កាត់ ការ​ប្រមូល​កម្លាំង​ឡើង​វិញ នៃ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គ្រោះ​ថ្នាក់​របស់​គណបក្ស​កាន់​អំណាច​នា​ពេល​អនាគត។
គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​សារ​បែក​ធ្លាយ​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តី​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា។ សារ​នេះ​ ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​នៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា។
បើ​តាម​សារ​អំពាវនាវ ប្រមាណ​ជា​១៥​នាទី​នេះ ប្រមុខ​បក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា បញ្ហា​សំខាន់​របស់​កម្ពុជា​នៅ​ពេល​នេះ មិន​មែន​កត្តា​កំណត់​ពី​ខាង​ក្រៅ (ប្រទេស) នោះ​ទេ តែ​ជា​កត្តា​កំណត់​នៅ​ក្នុង​ប្រទេស​ឯណេះ​ទៅ​វិញ​ទេ។ មាន​ន័យ​ថា សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់ ត្រូវ​បង្កើន​សកម្មភាព​ចុះ​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​យក​ចិត្ត​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ក្នុង​នោះ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បំបាត់​ចោល​នូវ​ចរិក​នាម្មឺន​និយម បក្ខ​ពួក​និយម បំបាត់​អំពើ​ពុក​រលួយ កុង​ត្រូល​ជជុះ ឬ​បាតុភាព​ផ្សេងៗ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត។ ​ជា​ពិសេស គឺ​ការ​អន្ទង​ចិត្ត​ឲ្យ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ងាក​មក​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​វិញ។ បើ​ផ្អែក​តាម​សារ​ដែល​បែក​ធ្លាយ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ត្រូវ​កសាង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ។ ហើយ​ថា​សកម្មភាព​នៃ​ការ​ចុះ​ជួប​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​យុទ្ធសាស្រ្ត​មួយ​របស់​លោក ដើម្បី​ច្បាម​យក​ការ​គាំទ្រ​ពី​កម្មករ​នៅ​កម្ពុជា ដែល​ពី​មុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កម្លាំង​គាំទ្រ​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង ឲ្យ​មាន​ការ​ប្រែ​ពណ៌​ឡើង​វិញ។
សូម​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​បើក​ទូលាយ​មួយ នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

គ.ជ.ប សម្រេចចែកកៅអីសង្គ្រោះជាតិឲ្យបក្ស៥ ខណៈហ្វ៊ិនស៊ិនប៉ិចនឹងបាន៤១

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ឲ្យដឹងថា ស្ថាប័ននេះ សម្រេច​បែងចែងអាសនៈសភា​របស់​គណបក្សប្រឆំាងទាំង៥៥អាសនៈ ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះ គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១អាសនៈ ខណៈ​នៅ​សល់​១៤អាសនៈ​​ទៀត មានបក្សខ្លះ ប្រកាសទទួលយក និង​ខ្លះ​ទៀត​បដិសេធ។
ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពីមានការំលាយគណបក្សប​​សង្គ្រោះ​ជាតិ ​កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា​ បានពន្យល់​ប្រាប់ VOD នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមា​ជិក គ.ជ.ប បានប្រជុំសម្រេច​បែងចែកអាសនៈរបស់គណបក្សប្រឆំាងកាលពីថ្ងៃទី២២ម្សិលមិញ។ ហើយ លោកថា ​តួ​លេខ ​​មិ​ន​ទាន់ផ្លូវ​ការ​ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។
លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាសមិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុង​សភា។
លោកបញ្ជាក់ថា «គណ​បក្ស​សម័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយ​គណបក្សខ្មែរ​ឈប់ក្រ ក្នុងការបែងចែកគាត់​​ទទួលបាន​៥​អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក ​គឺមានចំនួន១១។ ក្នុង​ជំហ៊ានទី២​ យើង គ..ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយ​នៃមាត្រា១៣៨ស្ទួន ដែលអាសនៈ​ [មិនព្រមទទួលយក​] នោះ ត្រូវ​បែងចែកទៅឲ្យ​គណបក្សដែលមាន [អាសនៈ] នៅក្នុងសភា​​»
នៅពេល វីអូឌី សួរថា តើនៅពេលណា គ.ជ.ប សម្រេច​បែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ ​ជាង៥ពាន់អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗ នោះ​? លោក សូរីដា ឆ្លើយតបវិញថា គ.ជ.ប នៅមិនទាន់សម្រេចអ្វី​នៅ​ឡើយ ប៉ុន្តែលោកថា មិនឲ្យផុតពីកន្លះខែនោះទេ។
ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្សរបស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មានអាសនៈនៅឡើយទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ ហើយថា នឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនិងសន្តិភាព។
លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បំរើរាស្ត្រ ថ្វីត្បិតតែ​ អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»។
មន្ត្រី​គណបក្សខ្មែរឈប់ក្រ និង​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាងប្រហាក់ប្រហែល គ្នា​ថា ករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត។
មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាម​នីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង៥០បូក១បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូប​ក៏ដោយ​។
លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួស​អ្នក​ដែល​លាលែងនោះ​​ ជាកាតព្វកិច្ច​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ទំាងពី​បក្ស រួម​មានបក្ស​ប្រឆំាង និង​បក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ​។ ករណីនេះ លោក​​បញ្ជាក់​ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការ​សម្រេច​បែង​ចែក​អាសនៈ​បក្ស​ប្រឆំាង​ មុន​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថានេះ ជាការខ្វះចន្លោះនៃច្បាប់​។
លោកពន្យល់ថា៖ «..ប បច្ចុប្បន្នមានតែសមាជិកតែ៦នាក់ទេ​​ ចំាបាច់ត្រូវ​បំពេញ៣នាក់​បន្ថែមទៀត​សិន បន្ទាប់មកធ្វើការ​សម្រេច​ទៅលើរឿង​អ្វីមួយ។ វាចន្លោះប្រហោង ខ្វះការចង្អុលបង្ហាញបែបនេះ ប៉ុន្តែ​ដោយ​​សារតែរឿង​ហ្នឹង វាមិនធ្លាប់កើតមាន​ពីមុនមក​ទេ! ចឹងជាការខ្វះខាត​ភាសានៃច្បាប់ហ្នឹងដែរ​ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមើលឃើញថា​ គ.ជ.ប និងសម្រេច​ទៅតាមការយល់ឃើញរបស់គាត់​ មានន័យថា គាត់និង​សម្រេច​ទៅលើសំឡេង ៥០+១ នៃសមាជិក គ.ជ.ប ទំាងមូល សំដៅទៅលើ៦នាក់​»
គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹង​ទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោត​ចំនួន៦ឲ្យ​ត្រៀម​ទទួល​យក​អាសនៈ​បក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប រួមមាន អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​ ​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា សុំលាលែង​ពី​តំណែង ដោយថា​ មិនចង់​ ​រំលោភ​​​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​៕

Wednesday, November 22, 2017

រដ្ឋាភិបាល៖ អត់បក្សប្រឆាំង ប្រជាធិបតេយ្យកាន់តែល្អជាងមុន

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដើរថយក្រោយនោះទេ ខណៈប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ ថ្កោលទោសយ៉ាងខ្លាំង ក្រោយមានការរំលាយគណបក្សប្រឆាំង។
ក្នុងវេទិកាតុមូលមួយ កាលពីថ្ងៃអង្គារម្សិលមិញ នៅរាជបណ្ឌិតសភាកម្ពុជា ​ស្ដីអំ​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ» អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ថ្លែងថា នៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ត្រូវបានគោរពយ៉ាងល្អប្រសើរ។ លោកថា ចំពោះវិធានការរំលាយគណបក្សសង្គ្រោះជាតិ គឺមិនរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតនោះទេ ដោយសារថា គណបក្សប្រឆាំងខ្លួនឯង ប្រព្រឹត្តបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្ដថា ក្រោយបាត់បក្សប្រឆាំងដ៏ធំនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ មិនមែនដើរថយក្រោយ ដូចដែលប្រទេសលោកសេរី និងអង្គការអន្ដរជាតិមួយចំនួន យល់ឃើញនោះទេ ព្រោះលោកថា នៅមានគណបក្សផ្សេងទៀត ដែលពលរដ្ឋអាចបោះឆ្នោតឲ្យ។
លោកថា៖ «ក៏ប៉ុន្ដែប្រធានបទ បច្ចុប្បន្នសួរថា ពេលដែលគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការស្របតាមគោលការណ៍ច្បាប់ តើលទ្ធិប្រជាធិបតេយ្យនៅឯណា? ប្រសិនណាជាប្រទេសជាតិយើងបច្ចុប្បន្ន មិនមានលទ្ធិប្រជាធិបតេយ្យទេ ក្មួយៗ ក៏ដូចព្រះអង្គគ្រប់ព្រះអង្គ មិនមែនឱកាសអង្គុយពេលនេះ អង្គុយបញ្ចេញមតិក្នុងសិក្ខាសិលានេះហើយ​ ដែលវាហាក់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ អត់មានប៉ះពាល់ទេ ហើយវាកាន់តែដំណើរការល្អប្រសើរ កុំឲ្យយល់ច្រឡំថា បាត់បង់គណបក្សនយោបាយមួយ លទ្ធិប្រជាធិបតេយ្យ ត្រូវស្លាប់»។
ក្នុងវេទិកាតុមូលនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព និងប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានថ្លែងគាំទ្រ ចំណាត់ការរំលាយបក្សប្រឆាំងនេះ ដោយថា តុលាការកំពូលបានសម្រេចត្រឹមត្រូវ និងផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងពីទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រជាជន របស់លោក ហ៊ុន សែន បានប្លន់អំណាចពីគណបក្សប្រឆាំង និងរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតធ្ងន់ធ្ងរ។ លោកថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ គឺមិនមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ នេះបើតាមវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃអង្គារទី២១វិច្ឆិកា។
ក្រោយរំលាយគណបក្សប្រឆាំងកាលពីសប្ដាហ៍មុន សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការបែប​នេះ ​ថា ធ្វើឲ្យលទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់បាត់បង់ជីវិត និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈប្រទេសលោកសេរីទាំងនេះ ក៏ព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ប្រសិនបើស្ថានការណ៍នយោបាយ នៅតែឡើងកម្ដៅរបៀបនេះ។
អង្គការអន្ដរជាតិមួយចំនួនទៀត រួមមាន អង្គការ Global Witness អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសអន្ដរជាតិ និងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចូលរួមទទូចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់នូវរាល់ការគំរាមកំហែងលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងគណបក្សប្រឆាំង ដោយថា ដើម្បីឲ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ​ និងយុត្ដិធម៌។
គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីបោះឆ្នោតឃុំសង្កាត់ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ហើយសមាជិក និងមន្ដ្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ចំណែក ប្រធានគណបក្សនេះ គឺលោក កឹម សុខា​ ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារ ពីបទ «ក្បត់ជាតិ»៕

លោក ហ៊ុន សែន ចាត់​ទុក​ការ​លាលែង​របស់​សមាជិក គជប ថា​ជា​អំពើ «ឆ្កួតៗ»

ការ​លាលែង​របស់​សមាជិក គជប គឺជាអំពើ «ឆ្កួតៗ»​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ឱកាស​លោក​ជួប​សំណេះសំណាលជាមួយ​កម្មករ​និយោជិត​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ភ្នំពេញ​ថ្មី​។ សម្រាប់​លោក​នាយករដ្ឋ​មន្ដ្រី ការលា​ឈប់​របស់​មន្ដ្រី គជប កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​នា​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ គជប ជាប់​គាំង​។ ប៉ុន្តែ​លោក​ថា ការណ៍​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់ គជប ឡើយ ព្រោះ​ច្បាប់​បើក​ផ្លូវ​រួច​ហើយ ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក​ថ្មី​ដើម្បី​ជំនួស​អ្នក​ចាស់​ដែល​លា​លែង​ពី​តំណែង​​។
ដំណើរការ​របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​នៅ​តែ​មាន​ស្ថានភាព​ធម្មតា បើ​ទោះ​បី​ជា​សមាជិក​សំខាន់​ៗ​របស់ គជប កូតា​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ពី​តំណែង​ក៏​ដោយ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​។ ក្នុង​នោះ ដើម្បី​កុំ​ឲ្យដំណើរការ​របស់ គជប ជាប់​គាំង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជា​យោបល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គួរ​ចូល​ឡូកឡំ​បន្ថែម​នៅ​ក្នុង​រឿង​នេះ​ទេ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី សមាជិក​ថ្មី ដែល​ត្រូវ​មក​ជំនួស​កន្លែង​អ្នក​ចាស់​ដែល​លា​ឈប់ គួរ​តែ​ប្រគល់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិក​ម្នាក់ ជា​អនុប្រធាន, ពី​គណបក្ស​សញ្ជាតិ​កម្ពុជា​ម្នាក់​ជា​សមាជិក និង​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ជា​សមាជិក​។
សូម​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក គជប ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ចេញ​ពី​តំណែង បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​រំលាយ​។ អ្នក​ទាំង​៣​រូប​នោះរួម​មាន៖ លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប, លោក រ៉ុង ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក​។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២០វិច្ឆិកា អ្នក​ទាំង​៣​រូប បាន​ពន្យល់​ថា ខ្លួន​លា​លែង​ពី​តំណែងនៅ គជប ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិនគាំទ្រ​។ និង​ថា ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត​ទៅ​ទៀត​ទេ ដោយ​សារ​វា​ក្បត់​នឹង​ឧត្តម​គតិ​របស់​ពួក​គេ ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែលអាច​​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​។
ដោយ​ឡែកសម្រាប់ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីត​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​។ លោក​បាន​សម្ដែង​ការ​កោត​សរសើរ​​មន្ដ្រី​ជាន់​ខ្ពស់ គជប ទាំង​៣​រូប ដែល​បាន​លា​លែង​ពី​តំណែង​។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា លោក លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ចាត់​ទុក​ការ​លាលែង​ពី​តំណែង​នេះ ថា​​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​គោល​ជំហរ​ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល​ពិត​ប្រាកដ ការពារ​យុត្តិធម៌ ការពារ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ទៅ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​មិន​បង្វិល​សន្លឹក​ឆ្នោត​នោះ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​។
យ៉ាង​ណា​ក៏​ដោយ សម្រាប់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឯ​ណេះ​វិញ​។ ការ​លា​លែង​ពី​តំណែង​របស់​សមាជិក គជប ទាំង​៣​រូប បង្ហាញ​ពី​ការ​ស្មោះ​ត្រង់របស់​ពួក​គេចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​ភាព​ស្មោះ​ត្រង់ចំពោះ​​ជាតិ​។ នេះ​បើ​តាម​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​៕

Tuesday, November 21, 2017

ស៊ុយអែត​សម្រេច​បញ្ឈប់​​ជំនួយ​សម្រាប់​កំណែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា

បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្ដាហ៍​មុន​ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ថា​ ខ្លួន​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ទំនាក់ទំនង​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ថា​ វា​នឹង​មិន​អាច​ទៅ​រួច​ទៀតទេ​ សម្រាប់​ប្រទេស​ស៊ុយអែត​ ក្នុង​ការ​ជួយ​ធ្វើ​ការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ដដែល ​ទោះ​បី​មិន​មានជំនួយ​របស់​ស៊ុយអែត​ ព្រោះ​កម្ពុជា​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​របស់​ខ្លួន​រួច​ទៅ​ហើយ។​ ​
រដ្ឋាភិបាល​ស៊ុយអែត​នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រកាស​ថា​ ខ្លួន​ចាត់​ទុក​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ថា​ ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ ​ដោយ​បាន​ហៅ​វិធានការ​ថ្មីៗ​នេះ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ ​ថា​ ​ជា​ដំណើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​នៃ​កិច្ច​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ កី្ត​បារម្ភ​យ៉ាង​ខ្លាំង​នេះ​ ក៏​បាន​រាប់​បញ្ចូល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សម្រេច​ដោយ​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ ប្រចាំ​នៅ​កម្ពុជា​ដែល VOA ​ទទួល។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ចុះ​ថ្ងៃ​ទី​ ២១​ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ស៊ុយអែត​កំពុង​ពិនិត្យ​រាល់​ទម្រង់​ទំនាក់ទំនង​ទាំងឡាយ​រវាង​កម្ពុជា​ ​និង​ប្រទេស​ស៊ុយអែត​ ​ហើយ​ថា​ ​ប្រទេស​ស៊ុយអែត​ នឹង​មិន​អាច​បន្ត​ជួយ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ​បាន​ទៀត​នោះ​ឡើយ​ ផ្អែក​លើ​ស្ថានភាព​នៃ​ការ​វិវត្ត​កាល​ពី​ពេល​ថ្មីៗនេះ។​
​ស្ថានទូត​ស៊ុយអែត​ប្រចាំ​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​
«ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​អវិជ្ជមាន​ផ្នែក​នយោបាយ​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ បច្ចុប្បន្ន​កំពុង​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា។ ​យើង​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​កិច្ច​សហប្រតិបត្តិការ​ការ​អភិវឌ្ឍ​ ក្នុង​ការ​ជួយ​គាំទ្រ​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​ពង្រឹង​រួច​ហើយ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧​ តាមរយៈ​ការ​បង្កើន​ការ​គាំទ្រ​ទៅ​កាន់​អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស។​ ជាងនេះ​ទៅ​ទៀត​ ប្រទេស​ស៊ុយអែត​ បាន​សម្រេច​ចិត្ត​ថា​ យើង​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​រវាង​ រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​បន្ត​ទៀត​ទេ​ លើកលែង​តែ​វិស័យ​អប់រំ​ និង​ការ​ស្រាវជ្រាវ។​ ដូច្នេះ​ ​ការ​បន្ត​ការ​គំាទ្រ​របស់​យើង​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ​ក្នុង​បែប​បទ​បច្ចុប្បន្ន​នេះ​ នឹង​មិន​អាច​ទៅ​រួច​ទេ»។
​ការ​ប្រកាស​របស់​ស្ថានទូតស៊ុយអែតបាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ​ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្តាហ៍​មុន។
ស្ថានទូតស៊ុយអែត​ ​បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជំហរ​នេះ​នឹង​មាន​សុពលភាព​ រហូត​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​អាច​នឹង​សម្រេចចិត្ត​លើ​ការ​ផ្តល់​សេចក្តី​ណែនាំ​ ដល់​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (Sida) ​អំពី​ការ​ផ្តោត​លើ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស៊ុយអែត​នៅ​ប្រទេស​កម្ពុជា។​
​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​កើត​មាន​ឡើង​ ក្រោយ​ដំណើរ​ស្វែង​យល់​អំពី​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​២០១៧។
អ្នកស្រី​ Annika​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះថា​ អ្នកស្រី​ ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​របស់​កម្ពុជា។​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ អ្នក​ស្រីបាន​បញ្ជាក់​ច្បាស់ៗ​នៅ​ចំពោះ​តំណាង​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ថា​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​នឹង​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ករណី​មាន​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ។​
មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​មហាផ្ទៃ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ស៊ុយអែត​ ដែល​បាន​ជួយ​កម្ពុជា​ក្នុង​កិច្ចការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​
លោក​នាយ​ឧត្តមសេនីយ៍ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ល្ងាច​ថ្ងៃ​អង្គារ​ថា​ កម្ពុជា​មាន​ការ​សោកស្តាយ​ ដែល​ប្រទេស​ស៊ុយ​អែត​ឈប់​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ពង្រឹង​វិមជ្ឈការ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា​ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​ កម្ពុជា​បាន​សម្រេច​រើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ដូច្នេះ​ កម្ពុជា​នឹង​សម្លឹង​រក​មិត្ត​ផ្សេង​ទៀត​ ដើម្បី​ជួយ​កម្ពុជា​ក្នុង​កិច្ច​ការ​កែ​ទម្រង់​ខាង​វិមជ្ឈការ​នេះ។​
«យើង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ សោកស្តាយ​ហើយ​ចំពោះ​នែ៎​ ការ​មិន​ផ្តល់​នូវ​ការ​គាំទ្រ​ហ្នឹង។​ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​កន្លង​មក​ គឺ​ថា​ យើង​បាន​សហការ​គ្នា​ បាន​មួយ​ជំហាន​ហើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បើ​គ្មាន​ការ​ផ្តល់​ក៏ដោយ​ កម្ពុជា​នៅ​តែ​ដើរ​ដដែល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គម្រោង​ ដែល​យើង​បាន​គ្រោង​ហ្នឹង​ឲ្យ​វា​បាន​ចប់​សព្វគ្រប់»។
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)

លោក​នាយ​ឧត្ដមសេនីយ៍​ ​បាន​ថ្លែង​ការពារ​ថា​ ទោះបី​ប្រទេស​កម្ពុជា​ ពុំ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​លទ្ធិប្រជាធិបតេយ្យ​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ផង​ដែរ។​
«ហើយ​ចំពោះ​ពាក្យ​ថា ​គ្មាន​ប្រជាធិបតេយ្យ​ហ្នឹង​ ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ មិនមែន​ដូច​គាត់​គិត​ឃើញ​នោះ​ទេ មិន​មែន​បាន​សេចក្តី​ថា​ បក្ស​មួយ​ហ្នឹង​រំលាយ​ទៅ​ មាន​តែ​បក្ស​ហ្នឹង ​បាន​ប្រជាធិបតេយ្យ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ចុះ​ អា​អង្កាល​មុន​ឆ្នាំ​ ២០១២​នេះ​ មុន​ហ្នឹង​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​កើត​ឡើង​មក​ ក្រែង​គាត់​ទទួល​ស្គាល់​កម្ពុជា​ ថា​ប្រទេស​ប្រជាធិបតេយ្យ​ដែរ​អី?​ ហ្នឹងហើយ​ ព្រោះ​សង្គ្រោះជាតិ​ហ្នឹង​កើត​នៅ​ឆ្នាំ​២០១២​ បាន​២០១៣​ ចូលរួម​បោះឆ្នោត។ ម៉េច​ក៏​បាត់​សង្គ្រោះ​ជាតិ​ មាន​ទៅ​បាត់​ប្រជាធិបតេយ្យ​ ​ អា​ហ្នឹង​ជា​គួរ​ឲ្យ​នែ៎​ ដូចជា​ខ្ញុំ​មិន​ឯកភាព​ទេ»។
ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ ប្រទេស​ស៊ុយអែត​ ​បាន​ធ្វើ​ជា​ដៃគូ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​ជា​យូរ​មក​ហើយ​ ហើយ​កំពុង​ធ្វើ​ការ​លើ​វិស័យ​សំខាន់ៗ​បី​ រួម​មាន​សមភាព​យេនឌ័រ​ សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ ការងារ​ ការ​អប់រំ​ វិមជ្ឈការ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិស្ថាន។​ ស្ថានទូត​បាន​បន្ត​ថា​ កិច្ច​សហប្រតិបត្តិការ​របស់​ស៊ុយអែត​ នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​គ្រប​ដណ្តប់​ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨ ហើយ​ថា​ ខ្លួន​នឹង​បេ្តជា្ញ​ និង​ចូលរួម​រក​មធ្យោបាយ​ជាច្រើន​ទៀត​ដើម្បី​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។​
រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ​ ​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​នេះ។​ ជំនួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហ​ប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​រវាង​កម្ពុជា​ និង​ស៊ុយអែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​ពេល​កន្លង​មករបស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ។​ អ្នកស្រី​បាន​បន្ថែម​ ថា រដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​នាម​ជា​មិត្តភក្តិ​ និង​ជា​ដៃគូ​យូរ​អង្វែង​របស់​កម្ពុជា​បាន​ធ្វើ​ការ​ជាមួយ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ​និង​គោរព​សិទ្ធិ​មនុស្ស៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...