សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេច ឲ្យលោក គឹម
សុខ ចាញ់ក្ដីបន្តទៀតជាមួយនឹងលោក ហ៊ុន សែន
ជុំវិញសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ
និងបរិហារកេរ្តិ៍ជាសាធារណៈ។អង្គការមិនមែនរដ្ឋាភិបាល
ផ្នែកសិទ្ធិមនុស្សយល់ឃើញថា ក្នុងរឿងក្ដីនេះ
បើទោះជាត្រូវឡើងទៅដល់តុលាការកំពូលទៀត
ក៏មិនអាចឈ្នះក្ដីបាននោះដែរ។
អ្នកឃ្លាំមើលពីបញ្ហាសង្គម
និងនយោបាយដែលមិនសំចៃមាត់
ត្រូវបានឆ្មាំពន្ធនាគារបញ្ជូនទៅឃុំខ្លួនវិញភ្លាមៗ
ក្រោយបញ្ចប់សវនាការកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក
ប្លង់ សំណាង ដែលទទួលបន្ទុកកាត់ក្ដីក្នុងសំណុំរឿងនេះ សម្រេចឲ្យលោក
គឹម សុខ ត្រូវចាញ់ក្ដី ដូចនៅតុលាការក្រុងភ្នំពេញទៀត ជាមួយនឹងលោក
ហ៊ុន សែន។ នៅក្នុងបន្ទប់សវនាការលោក ជូង ជូងី ឲ្យដឹងថា
ទាំងប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ប្លង់ សំណាង និងអ្នកស្រី គឹម
ដានី និងលោក យ៉ិន ណារ៉ុង ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ
សម្រេចឯកភាព ឲ្យលោក គឹម សុខ ចាញ់ក្ដីទៀត។
លោក ជូង ជូងី យល់ឃើញថា
ការដែលតុលាការសម្រេចតម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ
ទុកជាបានដដែលនេះ
គឺបានផ្ដល់ភាពអយុត្តិធម៌បំផុតសម្រាប់កូនក្ដីរបស់លោក។
មេធាវីរូបនេះបន្តថា មូលហេតុដែលក្រុមប្រឹក្សាជំនុំជម្រះ
នៃសាលាឧទ្ធរណ៍សម្រេចដូចនេះ ដោយយល់ឃើញថា លោក គឹម សុខ
មានធាតុផ្សំគ្រប់គ្រាន់ ក្នុងការចោទប្រកាន់៖ «តុលាការគេគ្រាន់តែថាសំអាងហេតុ
និងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញគឺត្រឹមត្រូវហើយ
ដូច្នេះគឺតម្កល់ទុកដដែល។ គេសំអាងថាកាលដែលលោក គឹម សុខ
និយាយជាមួយនិងវិទ្យុអាស៊ីសេរីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ហ្នឹង
គឺជាបទល្មើសញុះញង់ហើយនិងបទល្មើសបរិហារកេរ្តិ៍។
ដូច្នេះគេតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការ»។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ លោក គី ឬទ្ធី
បានឲ្យលោក គឹម សុខ ចាញ់ក្ដីជាមួយនឹងលោក ហ៊ុន សែន ម្ដងរួចមកហើយ
ក្នុងរឿងក្ដីនេះ។ពេលនោះ តុលាការសម្រេចចេញសាលក្រមផ្ដន្ទាទោសលោក គឹម
សុខ ដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យលុយចូលរដ្ឋ ៨លានរៀល។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យលោក គឹម សុខ ត្រូវសងជំងឺចិត្តទៅលោក ហ៊ុន សែន ៨០០លានរៀលផ្សេងទៀត។
ពាក់ព័ន្ធនឹងរឿងក្ដីនេះ តុលាការក្រុងភ្នំពេញ
ចោទប្រកាន់អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយគឺលោក គឹម សុខ
ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ
និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥
នៃក្រមព្រហ្មទណ្ឌ។
អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស
យល់ឃើញថា បើទោះសំណុំរឿងនេះ ត្រូវរុញទៅតុលាការកំពូលទៀត
ក៏មិនសង្ឃឹមថា នឹងឈ្នះក្ដីជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនដែរ។យ៉ាងនេះក្ដី សមាសភាពមួយចំនួន
នៅក្នុងតុលាការកំពូលត្រូវគេដឹងថា
ភាគច្រើនគឺជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយ យល់ឃើញថា ហេតុផលនេះហើយដែលកម្រឃើញសកម្មជនសង្គម
និងអ្នកនយោបាយ បក្សប្រឆាំង ក្លាយជាគោលដៅនៃការកម្ទេច។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចាត់ទុកថា
សំណុំរឿងលោក គឹម សុខ នេះពិតជាស្មុគស្មាញ
និងមិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ
ដែលអាចរួចផុតពីការចោទប្រកាន់។ ម្យ៉ាងវិញទៀត
អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះ
ជាអ្នករិះគន់ដោយមិនសំចៃមាត់ផង
នោះរឹតតែជាគោលដៅដែលត្រូវបិទសិទ្ធិថែមទៀត។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ការឈ្នះក្ដីនិងលោក
ហ៊ុន សែន តាមផ្លូវតុលាការវារឹតតែមិនមែនជាការងាយឡើយ៖ «អ្វីដែលយើងកត់សំគាល់មួយទៀតនោះគឺលោក
គឹម សុខ បើនិយាយពីឥទ្ធិពលមិនមានទាល់តែសោះ
ហើយចំពោះដំណើរការនីតិវិធីនេះយើងមើលឃើញថាមិនមានលទ្ធភាពអ្វីដែលនឹងតទល់ឬក៏អាចដំណើរការទទួលបានយុត្តិធម៌
ឬក៏ឈ្នះក្ដីជាមួយនិងលោកនាយករដ្ឋមន្ត្រីនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលកាន់តួនាទីយូរជាងគេក្នុងមុខតំណែង នៅតំបន់អាស៊ីនេះ
ត្រូវគេដឹងថា ជាអតីតកម្មាភិបាលជាន់ខ្ពស់ របស់របបខ្មែរក្រហម។
អ្នកវិភាគសង្គម និងនយោបាយ ចាត់ទុកថា រាល់រឿងក្តីនៅតុលាការ
បើជារឿងដែលលោក ហ៊ុន សែន
លូកដៃហើយគេកម្រឃើញភាគីពាក់ព័ន្ធនឹងរឿងក្ដីជាមួយលោក ហ៊ុន សែន
ឈ្នះណាស់។ បើទោះជាបែបណា លោក ជូង ជូងី បញ្ជាក់ជំហរថា
នៅមួយសប្ដាហ៍ខាងមុខទៀត
លោកនឹងដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលទៀត
ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ៕