Thursday, March 9, 2017

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​លប​លួច​ស្ដាប់​និង​ថត​សំឡេង​អ្នក​ដទៃ

អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ RFA/Yang Chandara


អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ឯកជន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ (..) លោក ចូសែប ខាន់ណាតាឈី (Joseph Cannataci) រិះគន់​ច្បាប់​ឈ្លប​យក​ការណ៍ ដូចជា​លប​លួច​ស្តាប់ និង​ថត​សំឡេង​របស់​អ្នក​ដទៃ ដែល​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្កើត​ឡើង និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​គោរព​សិទ្ធិ​ឯកជន ដោយ​ត្រូវ​ចាត់​ទុក​វា​ជា​សិទ្ធិ​សកល​នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប។
លោក ចូសែប បាន​បង្ហាញ​របាយការណ៍​នេះ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ទីក្រុង​ហ្សឺណែវ (Geneva)។ លោក​ថ្លែង​ថា បញ្ហា​នៃ​ការ​ឈ្លប​យក​ការណ៍​របស់​រដ្ឋាភិបាល គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​ពេល​ណាៗ​ទាំងអស់។ លោក​បារម្ភ​ជា​ខ្លាំង​មែន​ទែន​ដែល​សិទ្ធិ​ឯកជន មិន​ទាន់​ត្រូវ​បាន​គេ​គោរព​ការពារ​ត្រឹមត្រូវ ខណៈ​បច្ចេកវិទ្យា​ឌីជីថល​កាន់​តែ​ទំនើប​ទៅៗ។
អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ឯកជន​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​បន្ថែម​ថា ជា​ទូទៅ ច្បាប់​ឈ្លប​ការណ៍​ថ្មី ឧទាហរណ៍​ដូចជា​ការ​លប​លួច​ស្តាប់ និង​ថត​សំឡេង​របស់​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​បាន​ព្រាង​ដោយ​រដ្ឋាភិបាល​មួយ​ចំនួន​ជុំវិញ​ពិភពលោក បង្កប់​នូវ​ចរិត​នយោបាយ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នូវ​ការ​ធ្វើ​សកម្មភាព​ឈ្លប​យក​ការណ៍ ដែល​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទាល់​តែ​សោះ។
លោក​ជឿជាក់​ថា វិធាន​ខ្លះ​ក្នុង​ច្បាប់​នេះ មាន​ចរិត​នយោបាយ ដោយ​អ្នក​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចេតនា​ធ្វើ​អ្វី​មួយ បើ​ទោះ​ជា​ច្បាប់​នោះ​មិន​ផ្តល់​ប្រយោជន៍​នៅ​ពេល​អនុវត្ត​ជាក់ស្តែង​ក៏ដោយ។
លោក ចូសែប សង្កត់​ធ្ងន់​ថា៖ «ការ​ប្រើ​លេស​របស់​អ្នក​តាក់តែង​គោល​នយោបាយ ដោយ​លើក​ពី​ការ​គំរាម​កំហែង​ភេរវកម្ម ជំរុញ​ឲ្យ​ពួក​គេ​លេង​ល្បែង​បំភ័យ ហើយ​យក​លេស​ថា ប្រើ​ច្បាប់​នេះ​ដើម្បី​ពង្រឹង​សន្តិសុខ»
លោក​គូស​បញ្ជាក់​ថា លោក​មិន​ជឿ​លើ​ការ​ដឹកនាំ​ក្រោម​ទម្រង់​ណា​មួយ ដែល​ប្រើ​យុទ្ធសាស្ត្រ​កម្លាច​បំភ័យ​នេះ​ទេ។ លោក​ថា «ភាព​ជា​អ្នក​ដឹកនាំ​នយោបាយ​ពិត​ប្រាកដ គឺ​មិន​ត្រូវ​លេង​ល្បិច​កម្លាច​បំភិត​បំភ័យ​នេះ​ទេ»
លោក​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ទាំងឡាយ​គួរ​ត្រៀម​ខ្លួន​ដើម្បី​ធានា​ថា សិទ្ធិ​ឯកជន គឺ​ជា​សិទ្ធិ​សកល ពិសេស​នៅ​ពេល​និយាយ​ពី​ការ​ឈ្លប​យក​ការណ៍​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Wednesday, March 8, 2017

ចេតិយ​លោក កែម ឡី៖ ថ្វី​បើ​ថវិកា​មិន​ទាន់​គ្រប់ តែ​គណៈកម្មាការ​សាង​សង់​មិន​អស់​សង្ឃឹម

ចេតិយ​​លោក កែម ឡី៖ ថ្វី​​បើ​​ថវិកា​​មិន​​ទាន់​​គ្រប់ តែ​​គណៈកម្មាការ​​សាង​​សង់​​មិន​​អស់​​សង្ឃឹម (RFI/ Vann Sokunthea)


គម្រោង​សាង​សង់​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី និង​ត្រូវ​សម្ភោធ​ការ​ដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០១៧ ។ គម្រោង​ចេតិយ​នេះ​ត្រូវ​ចំណាយ​ពេល​សាង​សង់​ប្រហែល​រយៈ​ពេល ១ឆ្នាំ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ១៧​ម៉ឺន​ដុល្លារ​អាមេរិក។ បើ​ទោះ​បី​ជា​មក​ទល់​នឹង​ពេល​នេះ ក្រុម​ការងារ​សាង​សង់​មាន​ទឹក​ប្រាក់​តែ ៦​ពាន់​ដុល្លា​អាមេរិក​នៅ​ក្នុង​ដៃ​ក៏​ពិត​មែន តែ​ពួក​គាត់​នៅ​តែ​ជឿ​ជាក់​ថា ចេតិយ​របស់​បណ្ឌិត​ពិត​ជា​អាច​កើត​ជា​ចេញ​រូប​រាង​បាន ដោយ​សារ​ការ​ចូល​រួម​របស់​អ្នក​ដែល​មាន​សមាន​ចិត្ត​ចំពោះ​សព​លោក បណ្ឌិត កែម ឡី។ នេះ​បើ​តាម​ក្រុម​ការងារ​គណៈកម្មាការ​សាង​សង់​ចេតិយ​លោក​កែម ឡី បាន​ប្រាប់​វិទ្យុ​បារំាង នា​ឱកាស​ពិធី​បញ្ចុះ​បឋម​សិលា សុំ​ការ​អនុញ្ញាត​បុក​គ្រឹះ សាង​សង់​ចេតិយ នៅព្រឹក​ថ្ងៃ​ទី ៨ មីនា​នេះ។
គម្រោង​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​ទុក​ជា​ច្រើន​មក​ខែ​មក​ហើយ​នោះ នឹង​ត្រូវ​លេច​ចេញ​ជា​រូបរាង​បណ្តើរៗ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ ឧសភា ឆ្នាំ ២០១៧ ខាង​មុខ ។ នេះ​បើ​តាម​លោក សៅ កុសល ក្រុម​ការងារ​គណៈកម្មាការ​សាង​សង់​ចេតិយ។

នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សុំ​ការ​អនុញ្ញាត​បុក​គ្រឹះ​សាង​សង់​ចេតិយ​នៅ​ព្រឹក​ថ្ងៃ​ទី ៨ មីនា​នេះ​ លោក សៅ កុសល ឱ្យ​ដឹង​ថា មក​ទល់​នឹង​ថ្ងៃ​នេះ​មាន​ការងារ​ចំនួន​បី ដែល​ក្រុម​ការងារ​សាង​សង់​សម្រេច​បាន​រួម​មាន៖ ការ​ចាក់​បេតុង​ផ្លូវ​ចូល​ទៅ​កាន់​ចេតិយ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ចង់​ទៅ​គោរព​វិញាណក្ខន្ធ័, សម្រេច​បាន​ការ​សាង​សង់​រោង​ដោយ​ប្រក់​ស័ង្កសី ដើម្បី​ការពារ​ភ្លៀង ឬ កំដៅ​ដល់​ផ្នូរ លោក​បណ្ឌិត កែម ឡី និង ចុង​ក្រោយ​គឺ​បន្ត​ការ​ជីក​គ្រឹះ​ឱ្យ​បាន​ចប់​រួច​រាល់​មុន​ថ្ងៃ​បើក​ការ​ដ្ឋាន​សាង​សង់ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក សៅ កុសល បញ្ជាក់​ថា, ជា​ការ​ពិត​ថា​ចំនួន​ទឹក​ប្រាក់ ១៧​ម៉ឺន​ដុល្លារអាមេរិក​សម្រាប់​សាង​សង់​ចេតិយ​នេះ មិន​មែន​ជា​ចំនួន​តិច​តួច​នោះ​ទេ​ ប៉ុន្តែ​លោក​នៅ​មាន​ជំនឿ​ថា វា​នឹង​អាច​សម្រេច​ទៅ​បាន​តាម​ការ​គ្រោង​ទុក។ លោក​ជឿ​ជាក់​ថា អ្នក​ដែល​មាន​ទឹក​ចិត្ត គោរព និង ស្រលាញ់​លោក កែម ឡី នឹង​មិន​ឈរ​អោប​ដៃ​មើល​នោះ​ទេ ! ហើយ​ពិសេស នៅ​ពេល​គម្រោង​សាង​សង់​ដាក់​ឲ្យ​ដំណើរការ និង ​ស្រប​ពេល​ដែល​មាន​ការ​អំពាវនាវ​ពី​គណៈកម្មាការ​រៀប​ចំ​ការ​សាងសង់​ចេតិយ​របស់​លោក​បណ្ឌិត។

គួរ​ជម្រាប​ជូន​ថា ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ដែល​គ្រោង​នឹង​សាង​សង់នា​ពេល​ខាង​មុខ​នេះ មាន​ទទឹង ៥​ម៉ែត្រ ​បណ្ដោយ ៩​ម៉ែត្រ និង​កម្ពស់ ១៦​ម៉ែត្រ​។ ចេតិយ​នេះ​នឹង​ធ្វើ​ពី​ថ្ម​ម៉ាប​ភ្នំ និង តាម​រចនាបទ​ភ្នំ​ជីសូរ ​ហើយ​ត្រូវ​សាង​សង់​នៅ​ពី​លើ​ផ្នូរ​លោក​បណ្ឌិត កែម ឡី ផ្ទាល់​តែ​ម្ដង  ។

បើ​តាម​ក្រុម​ការងារ​សាង​សង់​ដដែល បន្ទាប់​ពី​គម្រោង​សាង​សង់​ចេតិយ​នេះ​សម្រេច​បាន​ជា​ស្ថាពរ​ហើយ គឺ​នឹង​មាន​រៀប​ចំ​ធ្វើ​បណ្ណាល័យ​ បណ្ឌិត កែម ឡី ជា​បន្ត​ទៀត ។ បណ្ណាល័យ កែម ឡី នេះ​បើ​តាម​គម្រោង គឺ​នឹង​ក្លាយ​ជា​ទី​កន្លែង​សក្ការៈ​បូជា​រួម​មួយ សម្រាប់​តម្កល់​រាល់​ស្នាដៃ​របស់​អ្នក​ដែល​បាន​ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ ។


លោក ​ហ៊ុន សែន ​ហៅ​អ្នក​ចង់​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​ជា​ «មនុស្ស​ចង្រៃ​»

លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន ​។ រូបថត ហ្វេសប៊ុក


ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​មនុស្ស​បាន​ចូល​ទៅ​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​ក្នុង​គេហទំព័រ​មួយ​ដែល​លោក​ទំនង​សំដៅ​លើ​គេហទំព័រ​វីហ្គីភីឌារ ដោយ​ដាក់​ថា​លោក ហ៊ុន ម៉ាណែត ជា​កូន​បង្កើត​របស់​អតីត​មេដឹកនាំ​វៀតណាម ឡេ ដឹកថ ហើយ​លោក​បាន​ហៅ​អ្នក​​ចូល​កែ​នោះ​ថា​ជា​ «មនុស្ស​ចង្រៃ»។
លោក​នាយករដ្ឋមន្ត្រី​​ថ្លែង​ឲ្យ​ដឹង​រឿង​នេះ​កាលពី​ម្សិលមិញ​ក្នុង​ពិធី​សម្ពោធ​គម្រោង​រោងចក្រ​ស្រាបៀរ​នៅ​ទីក្រុង​ភ្នំពេញ។
ទោះ​យ៉ាង​ណា ​​លោក​ថា ​ការ​កែប្រែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​នេះ​គឺ​មាន​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។
លោក​បន្ថែម​ថា៖ «សុំ​កុំ​ប្រមាថ…ថ្ងៃ​មុន​នេះ​វា​លួច​ចូល​កែ​បាន​ប៉ុន្មាន​នាទី​វា​កែ​ដាក់​ថា​…ហ៊ុន ម៉ាណែត​ជា​កូន​ចិញ្ចឹម​របស់​លោក ហ៊ុន សែន ដែល​ជា​កូន​​របស់​លោក ឡេ ដឹកថ ជាមួយ ប៊ុន រ៉ានី …​បាន​ថា​ពួក​អាចង្រៃ​នេះ​មិន​បាន​ទេ …​អ៊ីចឹង​បាន​ Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ណា កុំ​ចេះ​តែ​ទទឹង​ទិស​ពួក​នេះ​និយាយ​អង់គ្លេស​ជាមួយ​លោក​ឯង​ល្អ​តែ​និយាយ​ខ្មែរ​អាក្រក់​ណាស់​​ហ៊ាន​ចូល​កែ​ប្រវត្តិរូប​…យើង​ចូល​កែ​បាន​តើ…​កែ​ប្រវត្តិរូប​របស់ ហ៊ុន ម៉ាណែត តែ​យើង​មើល​ទាន់​យើង​កែ​ត្រឡប់​មក​វិញ​ទាន់…​វា​ហួស​ហេតុ​ពេក​ហើយ​អាសត្វ​ចង្រៃ​នេះ​»។ ​
ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​មួយ​ជា​អ្នក​ចូល​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​នោះ​ទេ។
កន្លង​មក​ធ្លាប់​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​លោក Brady N Young នៅ​សហរដ្ឋ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​​ដោយ​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​ DNA លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ថា​តើ​ដូច​គ្នា​ឬ​យ៉ាង​ណា?។
ទោះ​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​សមាជិកភាព​ភាព​របស់ Brady N Young ពី​គណបក្ស​ភ្លាមៗ​ដែរ​ដោយ​ថា​គណបក្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ទេ៕

Tuesday, March 7, 2017

អាជ្ញាធរ ទុក​ពេល​ឲ្យ​អ្នក​បុរី​កីឡា​ចំនួន​១៥​ គ្រួសារ ១ ខែ ទៀត​ ដើម្បី​ចូល​ខ្លួន​មក​ទទួល​យក​ដំណោះស្រាយ របស់​អាជ្ញាធរ​

បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​កាលពីពេលកន្លងទៅ។ RFI/Siv Channa


រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ អះ​អាង​ថា បាន​ដោះស្រាយ​បញ្ហា​បុរី​កីឡា បាន​ជាង ៩០ % ហើយ និង គ្រោង​ដោះស្រាយ​ឲ្យ​ចប់​រួច​រាល់ នៅ​មុនបញ្ចប់​អាណត្តិ​របស់ អភិបាល​រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។ ចំណែក​ឯ​បញ្ហា​ដែល​នៅ​សេស​សល់ គឺ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ចំនួន ១៥ គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១៥៤ គ្រួសារ ពុំទាន់​ទទួល​យក​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ។ ដើម្បី​ពន្លឿន​និតិវីធី អាជ្ញធរ បាន​ដាក់​កំហិត​ត្រឹម​រយៈ​ពេល ១ ខែ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ ១៥ គ្រួសារ មក​ទទួល​យក​ដំណោះស្រាយ ចាប់​ពី​ពេល​ផ្សាយ​ដំណឹង​នេះ​តទៅ។
តាមរយៈ​សន្និសីទ​សារព័ត៌មាន​អំពី​ដំណើការវិវឌ្ឍ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​បុរីកីឡា លោក មាន់ ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​គ្រួសារ​បុរី​កីឡា ចំនួន​ ១៥ គ្រួសារ ដែល​មិន​ទាន់ទទួល​យក​លទ្ធផល​ចុង​ក្រោយ​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​ ឲ្យ​មក​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ មិន​លើស​ពី​រយៈពេល​ ១ ខែ ចាប់​ពី​ថ្ងៃទី ៧ មីនា នេះតទៅ។
លោក មាន ចាន់យ៉ាដា បាន​សង្កត់​ធ្ងន់​ទៀត​ថា បើ​ប្រជាពលរដ្ឋ​ទាំង ១៥ គ្រួសារ នៅ​តែ​មិន​ព្រម​ចូលខ្លួន​មក​ទទួល​ដំណោះ​ស្រាយ តាម​ពេល​វេលា​ដែល​បាន​កំណត់​ទៀត​នោះ​ទេ នោះ​ អាជ្ញាធរ​នឹង​មិនទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​តទៀត​ទេ។

ចំណែក​តំណាង​ក្រុមហ៊ុន ផាន អ៊ីម៉ិច លោក​ស្រី ស៊ុយ សុផាន ក៏​បាន​ថ្លែង​ពី​ជំហរ​របស់​ខ្លួន​ដែរ​ថា ក្រុមហ៊ុន នឹង​មិន​ទទួល​ខុស​ត្រូវ​ទៀត​នោះ​ទេ​ បើ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​មក​ទទួល​យក​ដំណោះស្រាយ​របស់អាជ្ញាធរ និង ក្រុមហ៊ុន។

តែ​យ៉ាង​ណា​ក៏​ដោយ ទាំង​លោក មាន ចាន់យ៉ាដា និង លោក សៀ ភារម្យ តំណាង​មក​ពីអង្គការ សិទ្ធិលំនៅដ្ឋាន បាន​លើក​ទឹក​ចិត្ត​ឲ្យ ប្រជាពលរដ្ឋ​ទាំង​ ១៥ គ្រួសារ​នោះ ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​កាន់កាប់​ដី​ធ្លី ប្រវត្តិ​នៃ​ការ​ស្នាក់​នៅ និង សាក្សី ដើម្បី​អាច​ឲ្យ​អាជ្ញាធរ​វាយតម្លៃ និង ផ្តល់​ជូន​នូវ​ដំណោះស្រាយ។ លោក ម៉ាន ចាន់​យ៉ា​ដា បញ្ជាក់ថា អ្នក​ដែល​នៅសល់ ទាំង ១៥គ្រួសារ​នោះ គឺ​ស្ថិតក្នុង​ប្រភេទ អាច​ទទួលបាន​ត្រឹម​សំណង ផ្ទះ​នៅ​សហគមន៍​អណ្តូង ឬ​ប្រាក់ ៣ពាន់​ដុល្លារ។

សូមបញ្ជាក់ថា ដំណោះស្រាយ របស់​សាលា​រាជធានី គឺ សហគមន៍​ត្រូវបាន​ចែកជា បី​ប្រភេទ ក្នុងនោះ​ប្រភេទ​ទីមួយ គឺជា គ្រួសារ​មាន​ឯកសារ​កាន់កាប់ គ្រប់គ្រាន់ នឹងត្រូវ​បានទទួល​ផ្ទះ​នៅ​បុរី​កីឡា ចំណែក​ប្រភេទ​ទី​ពីរ គឺ​ទទួលបាន​ផ្ទះ​នៅ​សហគមន៍​អណ្តូង និង​ប្រភេទ​ចុងក្រោយ ឥតមាន​ឯកសារ​សោះ នឹង ទទួលបាន​ថវិកា បី​ពាន់​ដុល្លារ។

តាម​រយៈ​លទ្ធផល​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​រវាង​អាជ្ញាធរ ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ចំនួន ១៣៩ គ្រួសារ ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ ដោយ​នៅ​ក្នុង​នោះ ប្រជាពលរដ្ឋ ដែល​​បាន​ទទួល​ផ្ទះ​នៅ​បុរីកីឡា មាន ៣៨ គ្រួសារ តែ​មាន​បី​គ្រួសារ ដែល​បាន​ជ្រើសរើស ប្តូរ​យក​ថវិកា ១ ម៉ឺន ៥ ពាន់ដុល្លារ។ ទីពីរ ប្រជាពលរដ្ឋ​ចំនួន ៣៤ គ្រួសារ ជ្រើស​រើស​ទៅ​រស់​នៅ​សហគមន៍​អណ្តូង ចំនួន ៣៤ គ្រួសារ ចំណែក ប្រជាពលរដ្ឋ ព្រម​ទទួល ថវិការ ៥ ពាន់​ដុល្លារ​ចំនួន ៤៦ គ្រួសារ និង អ្នក​ព្រម​ទទួល​យក ថវិកា​ចំនួន ៣ ពាន់​ដុល្លារ ២១ គ្រួសារ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ អះអាង​ថា នឹង​បញ្ចប់​បញ្ហា​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ និង អូស​បន្លាយ​ជាង ១០ ឆ្នាំ មក​ហើយ នៅក្នុង​អាណត្តិ​របស់ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។

បន្ថែម​លើ​នេះ ក្រោយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នេះ​រួច​រាល់ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង ក្រុមហ៊ុន ផាន អ៊ីម៉ិច នឹង​ធ្វើ​ការ​កំណត់​ព្រំ​របង​ឲ្យ​បាន​ច្បាស់លាស់ រវាង​ ក្រុមហ៊ុន និង សហគមន៍។ ទីពីរ ធ្វើ​ផ្លូវ​នៅ​ក្រោយអាគារ​ទាំង​៨​នៃ​អាគារ​បុរី​កីឡា មាន​ទំហំ ៧ ម៉ែត្រូ បណ្តោយ ២២៣ ម៉ែត្រ។ ទីបី រៀប​ចំ​សណ្តាប់​ធ្នាប់ផ្សារ​ដែល​ស្ថិត​នៅ​ក្រោម​អាគារ​ទាំង ៨ ឲ្យ​មាន​សណ្តាប់​ធ្នាប់ និង ចុង​ក្រោយ​ឈាន​រៀប​ចំ​ឲ្យ​មាន​ភូមិមួយ​នៅ​ក្នុង​អាគារ​ទាំង​ ៨៕

Monday, March 6, 2017

កូរ៉េ​ខាង​ជើង​រង​ការ​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​ខ្លួន​

ស្រ្តី​ម្នាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ទីក្រុង​សេអ៊ូល​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​អំពី​ការ​សាក​ល្បង​បាញ់​មីស៊ីល​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃទី​០៦ មីនា ២០១៧។


ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន ៤ គ្រាប់​នៅ​ថ្ងៃ​ចន្ទ​នេះ។
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ប្រកាស​ក្នុង​អំឡុង​ពេល​ប្រជុំ​សភា​ថា គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ចំនួន ៣ គ្រាប់ បាន​ធ្លាក់​ចូល​ក្នុង​ដែន​សមុទ្រ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន។
លោក Abe បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​បាញ់​គ្រាប់​មីស៊ីល​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​យើង​មិន​អាច​អត់​ឱន​ឲ្យ​បាន។ យើង​បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​យ៉ាង​ខ្លាំង‍»។
មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា «គ្រាប់​ផ្លោង​មីស៊ីល​ជា​ច្រើន​គ្រាប់‍» ត្រូវ​បាន​បាញ់​ចេញ​តំបន់ Tongchang-ri នៅ​ជិត​ព្រំដែន​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​ប្រទេស​ចិន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោស​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។
សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ដែល​សមយុទ្ធ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បញ្ជាក់​ថា ជា​សកម្មភាព​រៀបចំ​ដើម្បី​ឈ្លានពាន។ ការ​ធ្វើ​សមយុទ្ធ​នេះ ជា​ទូទៅ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថ្កោល​ទោស។
កាល​ពី​សមយុទ្ធ​យោធា​រួម​គ្នា​ឆ្នាំ​មុន​រវាង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទាំង​គ្រាប់​ដែល​ហោះ​បាន​ចម្ងាយ​ខ្លី និង​គ្រាប់​ហោះ​បាន​ចម្ងាយ​មធ្យម និង​បាន​ប្រកាស​ថា ខ្លួន​អាច​នឹង​ដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្តុប​ពី​លើ​គ្រាប់​មីស៊ីល​ទៀត​ផង៕

លោកត្រាំទាមទារ​ឲ្យ​បើក​ការស៊ើប​អង្កេត​លើ​ការ​ចោទប្រកាន់ថា​លោក​អូបាម៉ា​​បំពាន​អំណាច​ស៊ើប​អង្កេត


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចង្អុល​អតីត​ប្រធានាធិបតី​ អូបាម៉ា ក្រោយ​ពេល​ថ្លែង​សុន្ទរកថា​​ពេល​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៥៨ របស់​អាមេរិក កាល​ពីថ្ងៃ​ទី​២០ ​ខែ​មករា។ 

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ទាម​ទារ​ឲ្យ​គណៈកម្មការ​ស៊ើបការ​សម្ងាត់​របស់​សភា​ស៊ើបអង្កេត​ទៅ​លើ​ ថា​តើ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ បាន​បំពាន​ទៅ​លើ​អំណាច​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​ឬ​យ៉ាង​ណា។
ការស៊ើប​អង្កេត​នេះ​ជា​ផ្នែក​មួយនៃ​ការស៊ើបអង្កេត​ទៅ​លើ​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការបោះឆ្នោត​របស់​អាមេរិក។ ​
លោក Sean Spicer អ្នកនាំពាក្យ​សេតវិមាន​បាន​មាន​ប្រសាសន៍​ថា៖ «សេចក្តី​រាយការណ៍​នានា​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ដែល​អាច​ទាក់​ទិន​នឹង​នយោបាយ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​ ពិត​ជា​មាន​បញ្ហា​ខ្លាំង​ណាស់»។​
ដោយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ លោក ត្រាំ​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​លោក អូបាម៉ា​ ថា​បាន​លួច​ថត​សំឡេង​ទូរស័ព្ទ​របស់​លោក​នៅ​ឯ​ទីស្នាក់ការ​អគារ ត្រាំ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក មួយ​ខែ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា។ ការចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ទីប្រឹក្សា​ម្នាក់​របស់​អតីត​ប្រធានាធិបតី លោក អូបាម៉ា​ ច្រានចោល​ថា​ «ជា​រឿង​មិន​ពិត»។
លោក ​James Clapper ​អតីត​ប្រធាន​ក្រុម​ស៊ើបការ​សម្ងាត់​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ NBC​ ក្នុង​កម្មវិធី Meet the Press កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ពុំ​មាន​សកម្មភាព​លួច​ថត​សំឡេង​លោក​ប្រធានាធិបតី ឬ​ក្នុង​នាម​លោក​ជា​បេក្ខជន​ម្នាក់ ឬ​ប្រឆាំង​នឹង​យុទ្ធនាការ​របស់​លោកនៅ​ពេល​នោះ​នោះ​ទេ»។ ​

លោក ​Clapper ​បាន​មាន​ប្រសាសន៍​បន្ត​ថា ពុំ​មាន​ដីកា​បង្គាប់​ពី​តុលាការ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការលួច​ថត​សំឡេង​របស់​លោក ត្រាំ​ មុន​ពេល​ឬ​ក្រោយ​ការបោះឆ្នោត​នោះ​ទេ។
លោក​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ថ្មី​បាន​ចាប់​ផ្តើមការងារ​ថ្ងៃ​អាទិត្យ​របស់​លោក ​ជាមួយ​នឹង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម ​Twitter ​ដែល​មាន​លក្ខណៈ​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក អូបាម៉ា៕

លោក​នាយក​រដ្ឋមន្ត្រី​ចិន​ថ្លែង​នៅ​ក្នុង​សភា​អំពី​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​ទៀត

លោក​ Li Keqiang នាយក​រដ្ឋ​មន្រ្តី​ចិន​ថ្លែង​ពី​របាយការណ៍​ការងារ​រដ្ឋាភិបាល​ក្នុង​ពេល​បើក​ប្រជុំ​សភា National People's Congress នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧។


គណៈប្រតិភូ​រាប់ពាន់​នាក់​មក​ពី​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​ចិន បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​សភា នៅ​ឯ​វិមាន​រដ្ឋសភា នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​នេះ​ត​ទៅ។
លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បាន​ប្រាប់​គណៈប្រតិភូ​ដែល​បាន​ចូល​រួម​ថា ប្រទេស​ចិន​ចង់​ពង្រីក​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ចំនួន ៦,៥ ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប GDP នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ។
កាល​ពី​ឆ្នាំ​មុន ការ​រីក​ចម្រើន​សេដ្ឋកិច្ច​រំពឹង​ទុក​របស់​ប្រទេស​ចិន​គឺ​ចន្លោះ​ពី ៦, ៥ ភាគរយ និង ៧ ភាគរយ ហើយ​ការ​រីក​ចម្រើន​ពិត​ប្រាកដ​ដែល​ចិន​ទទួល​បាន​គឺ ៦,៧ ភាគរយ ដែល​នេះ​ជា​ការ​រីក​ចម្រើន​ដែល​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​រយៈពេល ២៦ ឆ្នាំ​កន្លង​មក​នេះ។
ការ​រំពឹង​ទុក​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មិន​សូវ​ខ្ពស់​ដូច​នេះ ត្រូវ​បាន​មេដឹកនាំ​នានា​គិត​ថា ជា​វិធី​មួយ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​បំណុល​ខ្ពស់។
លោក​នាយក​រដ្ឋមន្ត្រី​ចិន​ក៏​បាន​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ដែល​មើល​ឃើញ​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​មួយ គឺ​បញ្ហា​បំពុល​ខ្យល់​អាកាស។
លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​របស់​យើង​មាន​ពណ៌​ខៀវ​ឡើង​វិញ។ យើង​នឹង​ពង្រឹង​ការ​ស្រាវជ្រាវ​លើ​មូលហេតុ​នៃ​ការ​ផ្សែង​អាប់​នេះ ដើម្បី​ជួយ​ដល់​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​វិធានការ​ដែល​ត្រូវ​ធ្វើ‍»។
លោក Li Keqiang បាន​បន្ថែម​ទៀត​ថា មនុស្ស​គ្រប់​គ្នា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​ជោគជ័យ​នៃ​ការ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នេះ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...