Saturday, January 20, 2018

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចូលរួម​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដោយ​មិន​បារម្ភ​ពី​ការ​គំរាមកំហែង​ណា​មួយ​​​ឡើយ។ ពួកគាត់​អះអាង​ថា​ មូលហេតុ​ដែល​ចូលរួម​ចលនា​ថ្មី​នេះ ដោយ​យល់​​ថា ចលនា​នេះ​នឹង​អាច​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ បាន។
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិន​បើ​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​​ភ្លាម​ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​នឹង​ទូង​ស្គរ​​ឲ្យ​សកម្មជន​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ​​ ដោយ​មិន​បង្អន់​យូរ​ឡើយ។
​​​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល​ មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​លោក​នៅ​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​តាម​ដាន​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។ លោក​អះអាង​ថា​ ក្រោយ​ពេល​ទទួល​ដំណឹង​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ភ្លាម គឺ​សកម្មជន​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​មាន​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ ពីព្រោះ​ចាប់តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មក​ ពួកគាត់​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​បាន​នោះ​ទេ។
មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​ពួកគេ​រង់ចាំ​តែ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាង​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ ដោយ​មិន​ខ្លាច​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​សមត្ថកិច្ច​ឡើយ៖ «ព្រោះ​ដឹង​ស្រាប់​ហើយ​ប្រជាធិបតេយ្យ​ដែល​ជោគជ័យ​បាន​ដោយសារ​ការ​ចូលរួម​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ ព្រោះ​ប្រទេស​ជាតិ​ពឹង​ពាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ដូច​ជា​ចលនា​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មិច​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ដើម្បី​ការងារ​របស់​យើង​បន្ត​ទៀត»
ទោះ​ជា​យ៉ាង​ណា​លោក ម៉ៅ វិបុល បញ្ជាក់​ថា​ សកម្មជន​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​តូច ហាក់​មាន​ចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ចលនា​ថ្មី​នេះ​ ដោយសារ​​ពួកគាត់​មិន​យល់​ច្បាស់​ពី​ចលនា​ថ្មី​នេះ ថា​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងណា​ដល់​ប្រជាពលរដ្ឋ​នោះ៖ «ប៉ុន្តែ​មួយ​ចំនួន​តូច​គាត់​តវ៉ា​គាត់​មិន​ទាន់​យល់​ ពួកគាត់​ត្រូវ​ការ​ថ្នាក់​ដឹក​នាំ​ពន្យល់​គាត់​ឲ្យ​បាន​ច្បាស់​លាស់​ ព្រោះ​ការងារ​នៅ​តាម​មូលដ្ឋាន​គាត់​បាត់​ព័ត៌មាន​ច្រើន​ពី​ថ្នាក់​ដឹក​នាំ។ ដូច្នេះ​គាត់​នៅ​រង់ចាំ​ដោយ​ថា គាត់​មិន​រុញ​រា​ទេ​ បើ​ថ្នាក់​ដឹក​នាំ​កំពូលៗ​ពួកគាត់​នឹង​ធ្វើ​ភ្លាម»
ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ឌឹម សារឿន អះអាង​ថា​ សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ ដោយ​មិន​ខ្វល់​ពី​ការ​ចាប់​ចង​របស់​សមត្ថកិច្ច​ឡើយ។ លោក​ ឌឹម សារឿន បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ពួកគាត់​​ចូលរួម​ចលនា​ថ្មី​នេះ​ ព្រោះ​រដ្ឋាភិបាល​បាន​រុញ​ពួកគាត់​ចូល​ដល់​ជញ្ជាំង​ហើយ​ ដូច្នោះ​ពួកគាត់​ត្រូវ​តែ​ងើប​ឈរ​ស៊ូ​ដើម្បី​បន្ត​ជីវិត​ទៅ​មុខ​ទៀត៖ «ហួស​ពេល​ខ្លាច​បាន​ន័យ​ថា​គេ​រំលាយ​យើង​មាន​ច្បាប់​ពេញ​លេញ​គេ​នៅ​រំលាយ​យើង​បាន​ ហើយ​កម្លាំង​យើង​រាប់​រយ​នាក់​គេ​រំលាយ​យើង​បាន​ តែ​ឥឡូវ​​យើង​អត់​ខ្លាច​ដោយសារ​គេ​មិន​អាច​រំលាយ​យើង​បាន​ទេ ហើយ​យើង​កាន់​តែ​ខ្លាច​ទៅៗ គេ​កាន់​តែ​ជិះជាន់​យើង​ថែម​ទៀត​ ហើយ​ជាតិ​យើង​កាន់​តែ​លិចលង់​ទៅៗ ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅ​ ហើយ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ទៅ​ ដូច្នេះ​យើង​ត្រូវ​តែ​រើ​បម្រាស់»
ទោះ​ជា​យ៉ាង​នេះ​ក្ដី កន្លង​មក​​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និយាយ​ថា ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ គឺ​មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​នោះ តើ​ចលនា​​នេះ​បង្កើត​ឡើង​ឈរ​លើ​ទិដ្ឋភាព​ច្បាប់​ត្រឹមត្រូវ​ដែរ ឬ​ទេ? លោក​ព្រមាន​ថា បើ​ចលនា​នេះ​ខុស​ច្បាប់​នឹង​មាន​វិធានការ​តាម​ច្បាប់។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​សៀមរាប លោក ម៉ាប់ ភៀត មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ សកម្មជន​គណបក្ស​លោក​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ និង​មួយ​ចំនួន​ទៅ​លាក់​ខ្លួន​នៅ​ផ្ទះ​សាច់ញាតិ​នៅ​តាម​បណ្ដា​ខេត្ត មិន​ទាន់​វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា​ បើ​ទោះ​បី​ជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏ដោយ​ ក៏​សមត្ថកិច្ច​មិន​អាច​ហាមឃាត់​​សកម្មជន​គណបក្ស​ប្រឆាំង​បាន​ដែរ។
បន្ថែម​ពី​នេះ​ លោក​ថា សកម្មជន​​មួយ​ចំនួន​ធំ​កំពុង​ទន្ទឹង​រង់ចាំ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាង​ក្រៅ​ប្រទេស ដើម្បី​ចូល​រួម​ចលនា​ថ្មី​នេះ​ជា​មួយ​សកម្មជន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​មិន​រុញរា​ឡើយ៖ «បើ​និយាយ​ភាសា​សាមញ្ញ​គឺ​គាត់​ចាប់​ផ្ដើម​មាន​សង្ឃឹម​បន្តិចៗ​ឡើង​វិញ​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​យើង​ឡើង​វិញ តាម​រូបភាព​ណា​ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​គាត់​ជឿ​ជាក់​យើង​ឡើង​វិញ​ថា យើង​នឹង​បន្ត​នយោបាយ។ បើ​សិន​ជា​យើង​ទុក​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ ប្រជាពលរដ្ឋ​ថា យើង​បាត់បង់​អស់​ហើយ​ ម្យ៉ាង​ទៀត​មួយ​ចំនួន​ថា យើង​ឈប់​ធ្វើ​សកម្មភាព​ឡើង​វិញ»
ចលនា​សង្គ្រោះ​ជាតិ ​ផ្ដួចផ្ដើម​ដោយ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា រួម​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ឲ្យ​មាន​ការ​ចូលរួម​ពេញលេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

លោក កឹម សុខា ​ប្រកាស​​មិ​ន​​គាំទ្រ​​ចលនា​​សង្គ្រោះ​​ជាតិ​​របស់​លោក សម រង្ស៊ី​

ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ពី​ជំហរ​របស់លោក​ថា លោក​មិន​ចូលរួម និង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​របស់លោក ​សម រង្ស៊ី នោះទេ។ ការប្រកាស​មិន​គាំទ្រ​ដោយ​លោក ​កឹម សុខា ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សហ​ស្ថា​និក​ម្នាក់​នៃ​ចលនា​សង្គ្រោះ​ជាតិ​បានប្រកាស​លាលែង​ពី​ចលនា​នេះ និង​ស្រប​ពេលដែល​លោក​ សម រង្ស៊ី កំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​អតីត​ប​បក្សប្រឆាំង​ចូលរួម​ជាមួយ​លោក។
កាលពី​យប់​ថ្ងៃ​សុក្រ​ទី១៩មករា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា គឺ លោក​ ផែង ហេង បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ជំហរ​របស់​កូនក្ដី​លោក​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ។ បើតាម​លោក ផែង ហេង លោក​កឹម សុខា បញ្ជាក់ថា លោក​មិន​ចូលរួម​ចលនា និង​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើតឡើង​នោះទេ។ មិន​ចូលរួម​ព្រោះ​លោក​ កឹម សុខា នៅតែ​មានជំនឿថា អ្នកនយោបាយ​ខ្មែរ​អាច​រក​ដំណោះស្រាយ​ជាមួយគ្នា​បាន​តាមរយៈ​ការសន្ទនា​ជាមួយគ្នា។ នេះ​បើតាម​មេធាវី​ការពារ​ក្ដី។
សូមបញ្ជាក់ថា ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​ប្រកាស​បង្កើតឡើង​កាលពី​ថ្ងៃទី១២ មករា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​បោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។ ម្យ៉ាងវិញទៀត វា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក ​កឹម សុខា ផងដែរ។ ចលនា​ថ្មី​នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប​រួមមាន​លោក ​សម រង្ស៊ី លោកស្រី​ ជូ​ឡុង សូ​មូរ៉ា លោក ​អេង ឆៃអ៊ាង លោកស្រី ​មួរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ លោក​ ទួន យក់​ដា លោក​ ជា គឹម​លី លោក​ គា រី និង លោក ​អ៊ុង រិទ្ធី ។
ក៏ប៉ុន្តែ​លោក​អ៊ុង រិទ្ធី បានប្រកាស​លាលែង​ពី​ចលនា​សង្គ្រោះ​ជាតិ​បាត់ទៅហើយ​កាលពី​ថ្ងៃទី១៥ មករា ពោល គឺ​ក្រោយ​ប្រកាស​បង្កើត​ចលនា​នេះ​បាន​បី​ថ្ងៃ​ប៉ុណ្ណោះ។ លោក​ អ៊ុង រិទ្ធី បាន​លើក​ហេតុផល​នៃ​ការសម្រេច​លាលែង​របស់​លោក​ថា ដោយសារតែ​លោក​មើលឃើញ​ពី​ការមិនយល់​ស្របគ្នា​ក្នុងការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ និង​ដើម្បី​ទុកពេល​ក្នុងការ​ពង្រឹងស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​បន្ដទៀត។
គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ការប្រកាស​លាលែង​រប​ស់ ​អ៊ុង រិទ្ធី​ នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ចំនួន៥០នាក់​នៅ​ប្រចាំ​សហរដ្ឋអាមេរិក បានប្រកាស​មិន​ចូលរួម​ក្នុង​នៅក្នុង​ចលនា​ថ្មី​នេះ។ មិនតែប៉ុណ្ណោះ ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​ប្រឆាំង​ទាំងនោះ​ថែមទាំង​ប្រកាស​ជា​ចំហរ​ទៀតថា​ពួកគេ​នៅតែ​បន្តធ្វើ​ការតស៊ូ​មតិ​ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម សុខា ឲ្យ​សេរីភាព​ឡើងវិញ​ផងដែរ៕

Thursday, January 18, 2018

នាយក​រដ្ឋមន្ត្រី​​កម្ពុជា​៖​ ការ​បោះឆ្នោត​​នៅ​​ឆ្នាំ​នេះ​​គ្មាន​​ផ្លាស់ប្តូរ​​អ្វី​​ទាំងអស់​ ទោះ​​មាន​រឿង​​អ្វី​កើត​ឡើង​​ក៏ដោ​យ

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ២០១៧-ឆ្នាំ២០៣០ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ដោយ​សង្កត់ធ្ងន់ថា ការបោះឆ្នោតជាតិ​នៅ​ឆ្នាំនេះ គឺ​ប្រព្រឹត្ត​ទៅតាម​ការ​កំណត់ដោយ​គ្មានអ្វី​ប្រែប្រួល​នោះទេ។ ការបញ្ជាក់​របស់លោក​ហ៊ុន សែន​នេះ ជា​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​លើកឡើង​ពី​លទ្ធភាព​នៃ​ការពន្យារពេល​បោះឆ្នោត ហើយក៏​ជា​ប្រតិកម្ម​ទៅនឹង​ការជំរុញ​ឲ្យ​ពន្យារពេល​ការបោះឆ្នោត​ពី​សំណាក់​លោក​សម រង្ស៊ី​ផងដែរ។
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​​​បញ្ជាក់ថា ៖“ការបោះឆ្នោត​នៅពេល​ខាងមុខ គ្មាន​ការផ្លាស់ប្តូរ​អ្វី​ទាំងអស់​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ដោយ​តម្លៃ​ណាក៏ដោយ យើង​ត្រូវតែ​បោះឆ្នោត​ឲ្យ​ខាន​តែ​បាន។ ការបញ្ជាក់​ជាថ្មី​ដោយ​សម្តី​ម៉ឹងម៉ាត់​របស់លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នាពេល​នេះ គឺជា​ការឆ្លើយ​បតភ្លាមៗមិន​អ​ង្អ​ស់​យូរ​ទៅនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ការបោះឆ្នោត​អាចធ្វើ​មិនបាន បើ​មានការ​ច្របូកច្របល់។ ចំពោះ​ការចុះផ្សាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សង្ឃឹមថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​រៀន​ស្តាប់​របៀប​អត្ថាធិប្បាយ​របស់លោក​ឲ្យ​បានច្បាស់លាស់​និង​មានការ​ចេះដឹង​ច្រើនជាង​នេះ។ ជាមួយគ្នានេះ លោក​ក៏បាន​រិះគន់​ទៅកាន់​អ្នកវិភាគ​ដែល​បញ្ចេញយោបល់​ជុំវិញ​រឿងនេះ​ផងដែរ។
ជាការ​កត់សម្គាល់ ប្រតិកម្ម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ ក៏​ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​តាមរយៈ​បណ្តាញ​ធ្វី​ត​ធ័​រ(Tweeter)របស់​ខ្លូន​កាលពី​ថ្ងៃ​ពុធ​បានសរសេរថា លោក​ចង់​ដាក់សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​ពន្យារពេល​ការបោះ​ជាតិ​នៅក្នុង​ឆ្នាំ២០១៨នេះ រហូត​ដរាបណា លោក​និង​លោក​ហ៊ុន សែន អាច​ធានាបាន​ថា ការបោះឆ្នោត​ទាំង​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ អាច​ធ្វើឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ក្នុង​កម្រិត​អប្បបរមា​ដែរ។ បើតាម​លោក​សម រង្ស៊ី ការធ្វើ​បែបនេះ គឺ​ដើម្បី​ជៀសវាង​អំពើហិង្សា និង ដើម្បី​ជៀសវាង​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មិន​ទទួលស្គាល់​ពី​សំណាក់​សហគមន៍​អន្តរជាតិ។
សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ជ្រើសរើស​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ គឺ​គ្មាន​ការប្រែប្រួល​នោះទេ បើទោះបី​ជាមាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ។លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមទៀតថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​តម្រូវ​ឲ្យ​ប្រជា​រដ្ឋ​កម្ពុជា​ចូលរួម​បោះឆ្នោត ដោយ​មិនចាំបាច់​មានការ​ទទួល​ស្គា​ល់ពី​សំណាក់​សហគមន៍​អន្តរជាតិ​ឡើយ​ហើយ​បញ្ហាសំខាន់​គឺ​ស្ថិត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៅវិញ​ទេ។
សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែលជា​ការបោះឆ្នោត​អសាកល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ រីឯ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែលជា​បោះឆ្នោត​សាកល​វិញ នឹង​ធ្វើឡើង​ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០១៨។ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​បរទេស​ខ្លះ និង​អ្នកវិភាគ​មួយចំនួន​ផង​បាន​លើកឡើងថា ការបោះឆ្នោត​ខាងមុខនេះ​នឹងមិន​ធ្វើឡើង​ស្របតាម​បែបបទ​ប្រជាធិបតេយ្យ​នោះឡើយ។ នេះ​ក៏​ព្រោះតែ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា​ចូលរួម ដោយសារតែ​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​ទៅហើយ​កាលពី​ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ៕

សាលា​រាជធានី​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ថ្លែង​សារ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា

សាលា​រាជធានី​ភ្នំពេញ ហាម​សហជីព​សេរី​កម្មករ​កុំ​ឲ្យ​តំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មករា ខាង​មុខ​នេះ។
អនុប្រធាន​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ​ការ​ហាម​ប្រាម​បែប​នេះ ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា សហជីព​ពុំ​មាន​គម្រោង​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សារ​នយោបាយ​នោះ​ទេ។
លោក​ថា នេះ​ជា​ពិធី​សាសនា និង​ជា​ឱកាស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃាតក និង​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក ជា វិជ្ជា៖ «សហជីព​សេរី​យល់​ឃើញ​ថា ការ​ដាក់​កំហិត​របស់​សាលា​រាជធានី​ភ្នំពេញ ទៅ​លើ​នយោបាយ​អ្នក​នយោបាយ​មិន​ឲ្យ​ថ្លែង​សារ​នោះ​គឺ​ជា​រឿង​របស់​សាលា​រាជធានី​ភ្នំពេញ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រឹត​ត្បិត​ការ​បញ្ចេញ​មតិ គេ​ថា​ក្រែងលោ ១១៨​នាក់ គាត់​មក​ថ្លែង​សារ​នយោបាយ​អី​ទៅ​វា​ប៉ះពាល់​ខាង​អ្នក​រៀបចំ ពីព្រោះ​គេ​ថា គណបក្ស​សង្គ្រោះ​ជាតិ គេ​រំលាយ​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​នយោបាយ​ណា​គេ​អញ្ជើញ​ចូលរួម​សហជីព​ពួក​យើង​នឹង​ស្វាគមន៍»
អភិបាលរង​រាជធានី លោក មាន ចាន់យ៉ាដា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ មករា បាន​ហៅ​សហជីព​សេរី​កម្មករ​ប្រជុំ​អំពី​ការ​ជូន​ដំណឹង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា។ ក្រៅ​អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​នេះ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ ដោយ​យក​លេស​ថា ខ្លាច​កក​ស្ទះ​ចរាចរណ៍។
សហជីព​សេរី​កម្មករ គ្រោង​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព គម្រប់​ខួប ១៤​ឆ្នាំ នៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មករា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ គឺ​ជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់​ដឹកនាំ​សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា។
លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ល្បី​ឈ្មោះ​ខាង​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។
ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ ពោល​គឺ​ឃាតក​ពិត​ប្រាកដ និង​អ្នក​បញ្ជា​អោយ​បាញ់​សម្លាប់​មេ​សហជីព​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ជាង​១​ទសវត្ស​ក្រោយ​ឃាតកម្ម​នេះ៕

Sunday, January 7, 2018

លោក ហ៊ុន សែន ថា ការ​រំលាយ​បក្ស​ប្រឆាំង​ជា​ជោគជ័យ​បញ្ចៀស​គ្រោះ​ដល់​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​ទិវា​ជ័យជម្នះ​៧ មករា​ថា រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​បាន​ជ័យជម្នះ​មួយទៀត គឺ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ប៉ុន្តែ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា ត្បិត​ដ្បិត​ចលនា​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ស្រុក​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។
សំឡេង​ស្រែក​ជយោ​យ៉ាង​កងរំពង​លាន់ឮ​ពេញទី​ក្រុង​កោះ​ពេជ្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​ថ្មី​មួយទៀត គឺ​ការ​កម្ទេច​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចោល។ គណបក្ស ប្រជាជន​កម្ពុជា​ចោទ​ថា គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​សហរដ្ឋអាមេរិក នៅ​ពីក្រោយ​ជា​អង្គការ​ចាត់តាំង ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។
ក្នុង​ពេល​អួតអាង​ប្រាប់​សមាជិក​បក្ស​ជាង​ជិត​ប្រាំ​ម៉ឺន​នាក់ នៅ​ថ្ងៃ​នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំនេះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែង​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ «»
ប៉ុន្តែ​ការ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​ពេលនេះ លោក ហ៊ុន សែន មិនទាន់​គិត​ថា គ្រប់គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​ថា អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ​នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។
លោក ហ៊ុន សែន លើកឡើង​បែប​នេះ ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប ៧​មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​គណបក្ស​កាន់អំណាច​ព្យាយាម​តាម​កម្ទេច​គណបក្ស​ប្រឆាំង​ពី​ក្នុងស្រុក​ទៅដល់​ក្រៅ​ប្រទេស រហូត​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ លួច​បង្កើត​ទ័ព​នៅ​តាម​ព្រំដែន​ថែមទៀត​ផង។ រីឯ​គណបក្សប្រឆាំង​ឯណោះ​វិញ ក៏​ប្រកាស​មិន​ទទួលស្គាល់​ថ្ងៃ ៧ មករា​វិញ​ដែរ។
អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ។ ដូចគ្នា​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើកទ័ព​ចូល​ត្រួតត្រា​កម្ពុជា យក​លេស​ជួយសង្គ្រោះ។ «»
ការព្រមាន​​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ជាថ្មី​នេះ គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ហាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ ៥​ឆ្នាំ​។ នៅ​ពេល​នេះ គណបក្ស​កាន់អំណាច កំពុង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់ទោស​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។ លោក ហ៊ុន សែន ចាត់តាំង​អនុប្រធាន​គណបក្ស​របស់​លោក គឺ​លោក ស ខេង ឲ្យ​ដឹកនាំ​ក្រុមការងារ ដែល​ជំនាញ​ខាង​ច្បាប់ ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ ដើម្បី​ដាក់ទោស​លើ​ជន​ទាំងឡាយ​ណា ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ទេស ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។ លោក ស ខេង នឹង​ជួប​ជជែក​គ្នា​ក្រោយ​ថ្ងៃ ៧មករា​នេះ​ហើយ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំបាច់ ដែល​ត្រូវតែ​ធ្វើ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ «»
ក្រុម​គណបក្សសង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី និង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា កំពុង​ធ្វើ​យុទ្ធនាការ​សុំ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល ហ៊ុន សែន និង​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដោយ​ត្រូវ​ព្យួរ​អាសនៈ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន។
អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា មើល​ឃើញ​ថា ជម្លោះ​នយោបាយ​នៅ​ពេល​នេះ គឺជា​ការបែកបាក់​ជាតិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​អ្នកនយោបាយ​រក​ច្រកចេញ​ដើម្បី​បញ្ចប់​ជម្លោះ ល្អ​ជាង​ការ​ហែកហួរ​គ្នា​ទៅវិញទៅមក​ដូច​សព្វថ្ងៃ​នេះ។ «»
ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស ត្រូវ​បាន​លោក ហ៊ុន សែន អះអាង​ថា​ជា ការទប់ស្កាត់​បាន​នូវ​បដិវត្តន៍​ពណ៌ បាន​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​រក្សា​បាន​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ សហគមន៍​អន្តរជាតិ​ថា ការ​រំលាយ​គណបក្សប្រឆាំង​នេះ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅវិញ​ទេ។ ក្រុម​ប្រទេស​មហាអំណាច និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា ព្រមាន​ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជាមិនខាន៕

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តវ៉ា​ប្រឆាំង​ថ្ងៃ​៧​មករា​ដែល​ពួកគេ​ថា​ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន​ខ្មែរ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​៥០០​នាក់​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​៦មករា បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។
តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​៦ មករា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា។ លោក​បន្ត​ថា​ថ្ងៃ​៧​មករា មិនមែន​ជា​ថ្ងៃ​វៀតណាម​រំដោះ​ទឹកដី​កម្ពុជា ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឡើយ។
លោក ចាន់ វាសនា បាន​ហៅ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម គ្រប់គ្រង​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​បន្តុប លោក ហ៊ុន សែន ឡើង​កាន់​ដំណែង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក បញ្ជាក់​ថា ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ទទួល​ស្គាល់​នោះ គឺ​មានតែ​ថ្ងៃ​ទី​២១ តុលា​ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក បាន​ប្រៀបធៀប​ថ្ងៃ​ទី​២១ តុលា ដូចជា​អាវ​ក្រោះ ដើម្បី​ការពារ​របប​កុម្មុយនិស្ត​កុំ​ឲ្យ​វិល​ត្រលប់​មកវិញ និង​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រហូត​មកដល់​បច្ចុប្បន្ន។
ក្រោយពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ជា​បន្តបន្ទាប់ ប្រឆាំង​និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ។ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​កាត់​ផ្ដាច់​ជំនួយ​បោះឆ្នោត​។ ចំណែក សហគមន៍​អឺរ៉ុប​ក៏បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ដល់​កម្ពុជា​ផង​ដែរ៕
ចំណែក​ប្រធាន​ក្រុមប្រឹក្សា​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍​(Norway) លោក ម៉ែន ណាត បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​៥ មករា ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយសារ​របប​លោក​ហ៊ុន សែន កម្អែល​កុម្មុយនិស្ត ៧​មករា។ សេចក្ដីថ្លែងការណ៍​នេះ​បាន​សរសេរ​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ស្ថានីយ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋ​ខ្មែរ​និង​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា លុបចោល​សាលក្រម​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។
លិខិត​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​សន្ធិសញ្ញា​ព្រំដែន​គោក ព្រំ​ដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ​វៀតណាម​ដែល​ផ្ទុយ​ពី​ខ្លឹមសារ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ប្ដឹង​សើរើ​ទាមទារ​កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់​មក​កម្ពុជា​វិញ តាមរយៈ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ(ICJ)

តុលាការ​ប៉ៃលិន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​២​រូប​ករណី​ប្ដឹង​លុប​ឈ្មោះ​វៀតណាម​ពី​បញ្ជី​​បោះឆ្នោត

ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខែត្រ​ប៉ៃលិន កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​សាលាក្រៅ​ចំនួន​២​រូប ឲ្យ​ចូល​បំភ្លឺ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ប្រជាពលរដ្ឋ។ ដីកាកោះ​នេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ដែល​គណបក្ស​សង្គ្រោះជាតិ បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុបឈ្មោះ​ជនបរទេស​ចំនួន ២​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន​អះអាង​ថា ពួកគេ​និង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត បើ​ទោះ​បី​ជា​ពួកគាត់​មិន​សប្បាយ​ចិត្តនឹង​ដីកា​នេះ​យ៉ាងណាក្ដី។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក​ច័ន្ទ ស៊ីថាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មករា​ថា បន្ទាប់ពី​លោក​បាន​ទទួល​ដីកា​កាលពី​ថ្ងៃ​ទី​១​មករា​មក គឺ​លោក​ហាក់​មិន​សប្បាយចិត្ត​ឡើយ ពីព្រោះ​ករណី​នេះ​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ខែ​មក​ហើយ។ ម្យ៉ាងទៀត​លោក​អះអាង​ថា រឿង​ដែល​កើតឡើង​នោះ លោក​បំពេញ​ការងារ​ក្នុង​នាម​ជា​មន្ត្រី​របស់​គណបក្សប្រឆាំង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជនបរទេស​មក​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ៖ «ហើយ​ការងារ​ទាំងអស់​ខាង​ក្រុម​ប្រឹក្សាឃុំ​ជា​អ្នក​ដោះស្រាយ ហើយក៏​គេ​ដោះស្រាយ​រួចរាល់​អស់ហើយ ហើយក៏​គេ​ដង្គោល​អ្នក​ទាំងអស់​នោះ​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០១៧​រួម​មក​ហើយ​ដែរ ចំណែក​អ្នក​ដែល​មាន​ឈ្មោះថា​ប្ដឹង​ក៏​គេ​មិនបាន​ប្ដឹង​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​មូលហេតុ​អី​បានជា​ដីកា​មក​ជាប់​គ្នា​ពីរ​បី​ដង»
លោក​បន្ថែម​ទៀត​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ គឺ​នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ការកំណត់។ បន្ថែម​ពី​នេះ​ទៀត​លោក​ថា ក៏​ត្រៀម​នឹង​ស្នើសុំ​ទៅ​តុលាការ​សម្រួល​ឲ្យ​បញ្ចប់​រឿង​នេះ​តែម្ដង ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​អស់ហើយ ចំណែក​ឯ​លោក​ក៏​ក្លាយ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ។
អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៧ មករា។
ដីកាកោះ​ចុះហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ផាន់ ភីរម្យ ចុះ​ថ្ងៃ​ទី​២៤ ធ្នូ​ឆ្នាំ​២០១៧ កោះហៅ​លោក​ច័ន្ទ ស៊ីថាត និង​លោក កែវ ប៊ុនថន ជា​ជនសង្ស័យ​រស់នៅ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៩​មករា តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ២​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ប្រព្រឹត្តទៅ​នៅ​ឃុំ​សាលាក្រៅ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ដោយសារតែ​អ្នក​ទាំង​២​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ដែល​មាន​នៅ​ក្នុង​ដីកា​របស់​តុលាការ​នេះ ដើម្បី​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​ពួកគាត់​មានការ​សង្ស័យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ទាំង​២​នាក់​នោះ​ថា​ជា​ជនជាតិ​វៀតណាម៖ «ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​ផ្លូវច្បាប់​ទេ ពីព្រោះ​បើ​រឿង​ផ្លូវច្បាប់​មិន​អាច​លើក​យក​មក​ប្ដឹង​ពួកគាត់​ទេ ពីព្រោះ​យើង​គ្រាន់តែ​ប្ដឹង​ទាមទារ​ឲ្យ​លុបឈ្មោះ​ជនបរទេស ដែល​ច្បាប់​បាន​ចែងថា​ជនបរទេស​មិន​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះ ហើយ​រឿង​នេះ​ខ្ញុំ​គិត​ថា​វា​ជា​ផ្នែក​មួយ​ជា​ការ​គំរាមកំហែង​ដែរ»
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍ថា ករណី​នេះ​ជា​សំណុំរឿង​ចាស់​ដោយ​ពុំ​មាន​អ្វី​ធំដុំ​នោះ​ទេ ដែល​តុលាការ​អាច​បញ្ចប់​រឿង​នេះ​តាំង​ពី​មុន​មក​បាន៖ «ហើយ​បើទោះបីជា​នីតិវិធី​របស់​តុលាការ​យ៉ាង​ក៏ដោយ ប៉ុន្តែ​យើង​មើល​ឃើញ​ថា ការ​ប្ដឹង​ចោទប្រកាន់​នេះ​វា​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ អ៊ីចឹង​យើង​គិត​ថា​តុលាការ​គប្បី​តែ​ពិចារណា​ធ្វើ​យ៉ាងណា​ទម្លាក់​ការចោទប្រកាន់​នេះ»
ការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ក្នុង​ខែត្រ​ប៉ៃលិន កន្លងទៅ មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចំនួន ៣​នាក់​ដែល​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​រឿង​លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​បោះឆ្នោត។ អ្នក​ទាំងនោះ​រួមមាន លោក អ៊ូច សាវុធ ជំទប់​ទី​២ ឃុំ​សាលាក្រៅ អ្នកស្រី រាម ណាមុន ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន និង​លោក ឈុន ចាន់ដា ក្រុមប្រឹក្សា​សង្កាត់​ប៉ៃលិន។ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​បញ្ចប់​សំណុំរឿង​របស់​អ្នក​ទាំង​៣​នាក់​នៅឡើយ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...