Sunday, January 7, 2018

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តវ៉ា​ប្រឆាំង​ថ្ងៃ​៧​មករា​ដែល​ពួកគេ​ថា​ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន​ខ្មែរ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​៥០០​នាក់​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​៦មករា បាន​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។
តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​៦ មករា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា។ លោក​បន្ត​ថា​ថ្ងៃ​៧​មករា មិនមែន​ជា​ថ្ងៃ​វៀតណាម​រំដោះ​ទឹកដី​កម្ពុជា ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឡើយ។
លោក ចាន់ វាសនា បាន​ហៅ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម គ្រប់គ្រង​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​បន្តុប លោក ហ៊ុន សែន ឡើង​កាន់​ដំណែង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក បញ្ជាក់​ថា ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ទទួល​ស្គាល់​នោះ គឺ​មានតែ​ថ្ងៃ​ទី​២១ តុលា​ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក បាន​ប្រៀបធៀប​ថ្ងៃ​ទី​២១ តុលា ដូចជា​អាវ​ក្រោះ ដើម្បី​ការពារ​របប​កុម្មុយនិស្ត​កុំ​ឲ្យ​វិល​ត្រលប់​មកវិញ និង​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រហូត​មកដល់​បច្ចុប្បន្ន។
ក្រោយពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ជា​បន្តបន្ទាប់ ប្រឆាំង​និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ។ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​កាត់​ផ្ដាច់​ជំនួយ​បោះឆ្នោត​។ ចំណែក សហគមន៍​អឺរ៉ុប​ក៏បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ដល់​កម្ពុជា​ផង​ដែរ៕
ចំណែក​ប្រធាន​ក្រុមប្រឹក្សា​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍​(Norway) លោក ម៉ែន ណាត បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​៥ មករា ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយសារ​របប​លោក​ហ៊ុន សែន កម្អែល​កុម្មុយនិស្ត ៧​មករា។ សេចក្ដីថ្លែងការណ៍​នេះ​បាន​សរសេរ​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ស្ថានីយ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋ​ខ្មែរ​និង​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា លុបចោល​សាលក្រម​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។
លិខិត​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​សន្ធិសញ្ញា​ព្រំដែន​គោក ព្រំ​ដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ​វៀតណាម​ដែល​ផ្ទុយ​ពី​ខ្លឹមសារ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ប្ដឹង​សើរើ​ទាមទារ​កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់​មក​កម្ពុជា​វិញ តាមរយៈ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ(ICJ)

តុលាការ​ប៉ៃលិន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​២​រូប​ករណី​ប្ដឹង​លុប​ឈ្មោះ​វៀតណាម​ពី​បញ្ជី​​បោះឆ្នោត

ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខែត្រ​ប៉ៃលិន កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​សាលាក្រៅ​ចំនួន​២​រូប ឲ្យ​ចូល​បំភ្លឺ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ប្រជាពលរដ្ឋ។ ដីកាកោះ​នេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ដែល​គណបក្ស​សង្គ្រោះជាតិ បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុបឈ្មោះ​ជនបរទេស​ចំនួន ២​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន​អះអាង​ថា ពួកគេ​និង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត បើ​ទោះ​បី​ជា​ពួកគាត់​មិន​សប្បាយ​ចិត្តនឹង​ដីកា​នេះ​យ៉ាងណាក្ដី។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក​ច័ន្ទ ស៊ីថាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មករា​ថា បន្ទាប់ពី​លោក​បាន​ទទួល​ដីកា​កាលពី​ថ្ងៃ​ទី​១​មករា​មក គឺ​លោក​ហាក់​មិន​សប្បាយចិត្ត​ឡើយ ពីព្រោះ​ករណី​នេះ​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ខែ​មក​ហើយ។ ម្យ៉ាងទៀត​លោក​អះអាង​ថា រឿង​ដែល​កើតឡើង​នោះ លោក​បំពេញ​ការងារ​ក្នុង​នាម​ជា​មន្ត្រី​របស់​គណបក្សប្រឆាំង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជនបរទេស​មក​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ៖ «ហើយ​ការងារ​ទាំងអស់​ខាង​ក្រុម​ប្រឹក្សាឃុំ​ជា​អ្នក​ដោះស្រាយ ហើយក៏​គេ​ដោះស្រាយ​រួចរាល់​អស់ហើយ ហើយក៏​គេ​ដង្គោល​អ្នក​ទាំងអស់​នោះ​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០១៧​រួម​មក​ហើយ​ដែរ ចំណែក​អ្នក​ដែល​មាន​ឈ្មោះថា​ប្ដឹង​ក៏​គេ​មិនបាន​ប្ដឹង​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​មូលហេតុ​អី​បានជា​ដីកា​មក​ជាប់​គ្នា​ពីរ​បី​ដង»
លោក​បន្ថែម​ទៀត​ថា​លោក​បាន​ត្រៀមខ្លួន​ហើយ គឺ​នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ​តាម​ការកំណត់។ បន្ថែម​ពី​នេះ​ទៀត​លោក​ថា ក៏​ត្រៀម​នឹង​ស្នើសុំ​ទៅ​តុលាការ​សម្រួល​ឲ្យ​បញ្ចប់​រឿង​នេះ​តែម្ដង ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​អស់ហើយ ចំណែក​ឯ​លោក​ក៏​ក្លាយ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ដែរ។
អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៧ មករា។
ដីកាកោះ​ចុះហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ផាន់ ភីរម្យ ចុះ​ថ្ងៃ​ទី​២៤ ធ្នូ​ឆ្នាំ​២០១៧ កោះហៅ​លោក​ច័ន្ទ ស៊ីថាត និង​លោក កែវ ប៊ុនថន ជា​ជនសង្ស័យ​រស់នៅ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៩​មករា តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ២​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ប្រព្រឹត្តទៅ​នៅ​ឃុំ​សាលាក្រៅ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ដោយសារតែ​អ្នក​ទាំង​២​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ដែល​មាន​នៅ​ក្នុង​ដីកា​របស់​តុលាការ​នេះ ដើម្បី​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​ពួកគាត់​មានការ​សង្ស័យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ទាំង​២​នាក់​នោះ​ថា​ជា​ជនជាតិ​វៀតណាម៖ «ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​ផ្លូវច្បាប់​ទេ ពីព្រោះ​បើ​រឿង​ផ្លូវច្បាប់​មិន​អាច​លើក​យក​មក​ប្ដឹង​ពួកគាត់​ទេ ពីព្រោះ​យើង​គ្រាន់តែ​ប្ដឹង​ទាមទារ​ឲ្យ​លុបឈ្មោះ​ជនបរទេស ដែល​ច្បាប់​បាន​ចែងថា​ជនបរទេស​មិន​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះ ហើយ​រឿង​នេះ​ខ្ញុំ​គិត​ថា​វា​ជា​ផ្នែក​មួយ​ជា​ការ​គំរាមកំហែង​ដែរ»
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍ថា ករណី​នេះ​ជា​សំណុំរឿង​ចាស់​ដោយ​ពុំ​មាន​អ្វី​ធំដុំ​នោះ​ទេ ដែល​តុលាការ​អាច​បញ្ចប់​រឿង​នេះ​តាំង​ពី​មុន​មក​បាន៖ «ហើយ​បើទោះបីជា​នីតិវិធី​របស់​តុលាការ​យ៉ាង​ក៏ដោយ ប៉ុន្តែ​យើង​មើល​ឃើញ​ថា ការ​ប្ដឹង​ចោទប្រកាន់​នេះ​វា​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ អ៊ីចឹង​យើង​គិត​ថា​តុលាការ​គប្បី​តែ​ពិចារណា​ធ្វើ​យ៉ាងណា​ទម្លាក់​ការចោទប្រកាន់​នេះ»
ការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ក្នុង​ខែត្រ​ប៉ៃលិន កន្លងទៅ មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចំនួន ៣​នាក់​ដែល​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​រឿង​លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​បោះឆ្នោត។ អ្នក​ទាំងនោះ​រួមមាន លោក អ៊ូច សាវុធ ជំទប់​ទី​២ ឃុំ​សាលាក្រៅ អ្នកស្រី រាម ណាមុន ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន និង​លោក ឈុន ចាន់ដា ក្រុមប្រឹក្សា​សង្កាត់​ប៉ៃលិន។ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​បញ្ចប់​សំណុំរឿង​របស់​អ្នក​ទាំង​៣​នាក់​នៅឡើយ៕

“គ្មាន​នរណា​ម្នាក់​ជៀស​ផុត​ពី​បន្លែ​សាច់ គីមី​នោះ​ទេ ក្រៅ​ពី​គ្រួសារ​មន្ត្រី​ធំៗ”

ពលរដ្ឋ និង​ស្ត្រី​មេផ្ទះ ហួសចិត្ត​នឹង​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្ដីបន្ទោស​ពលរដ្ឋ​ដដែលៗ អំពី​ការ​បរិភោគ​បន្លែ សាច់ មាន​សារ​ធាតុគីមី។ ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​ថា គ្មាន​អ្នកណាម្នាក់ ដែរ​អាច​ជៀស​ផុត​ពី​ការ​បរិភោគ​ចំណីអាហារ គ្មាន​ផ្ទុក សារធាតុ​គីមី​នោះ​ទេ គឺ​មាន​តែ ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អស់​លោក​ធំៗ ក្នុង​ជួរ​រាជការ​តែប៉ុណ្ណោះ ដែល​ជៀស​ផុត។
ពលរដ្ឋ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី មិន​ថា​អ្នក​នៅ​ភ្នំពេញ ឬ​អ្នក​នៅ​តាម​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​ទេ សុទ្ធតែ​ឆ្លើយតប​ស្រដៀង​គ្នា​ថា ការ​ស្ដី​បន្ទោស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ជា​ពីរ​ដង​នេះ ពលរដ្ឋ​សាមញ្ញ​គ្មាន​សមត្ថភាព​ធ្វើតាម​បាន​នោះ​ទេ។ ពួកគាត់ ថា មានតែ​ក្រុម​គ្នា​លោកធំ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​អាច​មាន​លទ្ធភាព​ដាំ​ដុះ​បន្លែ​គ្មាន​គីមី​ដោយ​ខ្លួនឯង ឬ​អាច​មាន​លទ្ធភាព​រក​សាច់ ដែល​គ្មាន​គីមី​បរិភោគ​បាន។ ប៉ុន្ដែ សម្រាប់​អ្នក​លក់ដូរ​តាម​កញ្ច្រែង អ្នក​ធ្វើការងារ​ជា​សន្តិសុខ កម្មករ​រោងចក្រ និង​ពលរដ្ឋ​សាមញ្ញ​ដទៃ​ទៀត ភាគតិច ឬ​ស្ទើរតែ​គ្មាន​សោះឡើយ ដែល​មាន​លទ្ធភាព​រក​បាន​បន្លែ និង​សាច់​ធម្មជាតិ មក​បរិភោគ។
ម្យ៉ាងទៀត ពួកគាត់​ប្រាប់​ថា បើ​ទោះ​ជា​ក្នុង​មួយ​ខែ មាន​មួយថ្ងៃ​ដែល​កម្មករ​អាច​មាន​លទ្ធភាព​ទិញ បន្លែ​ត្រី​សាច់​ធម្មជាតិ​មក​បរិភោគ ក៏​ពួកគាត់​មិន​ដឹង​មើល​បន្លែ​សាច់​ទាំងនោះ ថា​ជា​របស់​ធម្មជាតិ​នោះ តាមរបៀប​ណា​ដែរ។
ប្រធាន​កសិករ​សហគមន៍​ចេកមាស នៅ​ខែត្រ​ស្វាយរៀង អ្នកស្រី ឥន សូត្រ មើល​ឃើញ​ថា មិនមែន​តែ​អ្នក​ទីក្រុង​ទេ ដែល​ហូប​បន្លែ​សាច់​គីមី សូម្បី​កសិករ បើ​មិន​ដាំ​ខ្លួនឯង​ទេ មិន​ដឹង​ទៅ​រក​បន្លែ​សាច់​ធម្មជាតិ​ឯណា​បាន​ហូប​នោះ​ទេ។ អ្នកស្រី​ចាត់​ទុក​សំដី​ស្ដីបន្ទោស​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា មិន​ទទួលខុសត្រូវ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន តែង​អួតអាង​ក្ដែ​ងៗ ថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​ប្រជាជន និង​ជា​អ្នកបម្រើ​ប្រជាជន។ កសិករ​រូបនេះ ផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វិញ​ឲ្យ​ជួយ​ទប់ស្កាត់​បន្លែ សាច់ មាន​សារ​ធាតុគីមី កុំ​ឲ្យ​នាំចូល​ទៀត។ «»
ពីរដង​មក​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដីបន្ទោស និង​ពន្យល់​ពលរដ្ឋ​ឈប់​ឲ្យ​ជេរ​លោក បើ​មិន​ព្រម​ស្ដាប់​ការណែនាំ​របស់​លោក ក្នុង​ការ​ជ្រើស​យក​អាហារ ដែល​មាន​សារធាតុ​គីមី​យក​ទៅ​បរិភោគ។ បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បបួល​អ្នក​មិន​ទទួលយក​គំនិត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស ប្រជាជន​កម្ពុជា បើ​អ្នក​ទាំងនោះ​មាន​សមត្ថភាព​ទប់ស្កាត់​បន្ថែម​មាន​ជាតិពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ។
អ្នកលក់​មី​ឆា នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោកស្រី សំ សាវ៉ុន ប្រាប់​ថា អ្នកស្រី​មាន​សមត្ថភាព​មើល​ដឹង​បន្លែ និង​សាច់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ប៉ុន្តែ អ្នកស្រី​គ្មាន​ជម្រើស​អ្វី ក្រៅពី​ទិញ​បន្លែ​ត្រី​សាច់​ទាំងនោះ យក​មក​លក់​បន្ដ​នោះ​ទេ។ អ្នកស្រី​ប្រាប់​ថា បើ​រវល់​ដើរ​រក​ទិញ​បន្លែ​ត្រី​សាច់​ធម្មជាតិ អ្នកស្រី មិន​អាច​ប្រកប​អាជីព​លក់​មី​ឆា​បានទេ។ អ្នកស្រី​បន្ដ​ថា មីឆា​ដែល​ប្រើ​សាច់ និង​បន្លែ​មិន​ធម្មជាតិ លក់​បាន​តម្លៃ ៦០០០​រៀល​ក្នុង​មួយ​ចាន បើ​ឲ្យ​អ្នកស្រី​ទិញ​បន្លែ​ធម្មជាតិ​មក​លក់ យ៉ាងហោចណាស់ ត្រូវ​ដំឡើង​តម្លៃ​គុណ​នឹង​២។ អ្នកស្រី​ថា តម្លៃ​ថ្លៃ​បែបនេះ គ្មាន​អតិថិជន​ទិញ​មីឆា​អ្នកស្រី​ហូប​នោះ​ទេ។
ក្រៅពី​លោកស្រី​ដែល​មើល​មិន​ដឹង​បន្លែ​ត្រី​សាច់ មាន​សារ​ធាតុគីមី ក៏​នៅ​តែ​មាន​ពលរដ្ឋ​ខ្លះ​ទៀត ប្រាប់​ថា ពួកគាត់​អាច​មាន​លទ្ធភាព​សន្និដ្ឋាន​បាន​ពី​បន្លែ និង​សាច់ ដែល​ផ្ទុក​សារធាតុ​គីមី​ដែរ​។​
កញ្ញា ជ្រឹង ស្រីណែត ជា​អា​ជីរករ​ដូរ​លុយ និង​វេរ​លុយ នៅ​ខែត្រ​កំពង់ចាម ប្រាប់​ថា វិធី​ងាយ​សន្និដ្ឋាន​បំផុត គឺ​បន្លែ និង​សាច់​ណា ដែល​មាន​តម្លៃ​ថ្លៃ គឺជា​របស់​ធម្មជាតិ​ហើយ។ កញ្ញា​យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានគំនិត​ល្អ ក្នុង​ការ​បំផុស​ឲ្យ​ទិញ​បន្លែ និង​សាច់​គ្មាន​សារធាតុ​គីមី ប៉ុន្តែ​កញ្ញា​ទទួល​ស្គាល់​ថា ពិបាក​រក​ទិញ​ណាស់ ព្រោះ​បន្លែ​ត្រី​សាច់​ជាច្រើន លើ​ទីផ្សារ​បច្ចុប្បន្ន ជា​បន្លែ​សាច់​នាំចូល​ពី​ប្រទេស​វៀតណាម។
មន្ត្រីរាជការ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ប្រាប់​ថា មិនមែន​តែ​ពលរដ្ឋ​សាមញ្ញ ឬ​កម្មករ​រោងចក្រ​ទេ ដែល​គ្មាន​លទ្ធភាព​បរិភោគ​បន្លែ​ត្រី​សាច់​ធម្មជាតិ សូម្បី​មន្ត្រីរាជការ​ស៊ីវិល​ដូច​រូប​គាត់ ក៏​មាន​លទ្ធភាព​តិចតួច​បំផុត​ដែរ។ ម្យ៉ាង​កញ្ញា​ទទួលស្គាល់​ថា រូប​គាត់​ក៏​មិន​ចេះ​មើល​ថា បន្លែ សាច់​ណា មាន​សារ​ធាតុគីមី​ដែរ។ ប៉ុន្តែ កញ្ញា​យល់ថា ការ​ស្ដីបន្ទោស​របស់​លោក​នាយ​រដ្ឋមន្ត្រី ជា​បំណង​ល្អ គ្រាន់តែ​ពលរដ្ឋ​គ្មាន​លទ្ធភាព​ធ្វើតាម​បាន។
បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ អ្នកស្រី ភី នីដា ប្រាប់​ថា គាត់​ទទួលយក​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​បំណង​ល្អ ដល់​សុខភាព​ពលរដ្ឋ។ ប៉ុន្តែ​អ្នកស្រី​បន្ដ​ថា បើ​ទោះ​ជា​គ្មាន​ការ​អំពាវនាវ ក៏​អ្នកស្រី​បាន​ប្រើប្រាស់​បន្លែ​ធម្មជាតិ សម្រាប់​បរិភោគ​រួចហើយ​ដែរ។
ករណី​ពលរដ្ឋ​ពិបាក​រក​ទិញ បន្លែ​សាច់​ធម្មជាតិ ត្រូវ​បាន​អ្នក​ដាំ​បន្លែ និង​អ្នក​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ ស្ដីបន្ទោស​មន្ត្រី​រដ្ឋាភិបាល ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បន្លែ និង​សាច់ ហូរ​ចូល​ពី​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ។ អ្នក​ដាំ​បន្លែ​ធម្មជាតិ​រអ៊ូរទាំ​ថា គ្មាន​ទីផ្សារ​សម្រាប់​លក់​បន្លែ​ធម្មជាតិ។ ចំណែក​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក ធ្លាប់​ធ្វើ​សន្និសីទកាសែត ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ហូរ​ចូល​ជ្រូក ពី​ប្រទេស​វៀតណាម។
ប្រធាន​សហគមន៍​កសិករ​ដាំ​បន្លែ​កុកតាវៀ ស្ថិតនៅ​ភូមិ​កុករវៀ ឃុំ​រវៀង ស្រុក​សំរោង ខែត្រ​តាកែវ លោក ផៃ ថា ប្រាប់​ថា បច្ចុប្បន្ន​កសិករ​នៅ​សហគមន៍​កុកតាវៀ បាន​ដាំ​បន្លែ​ធម្មជាតិ​ត្រឹមតែ​ផ្គត់ផ្គង់​នៅ​មូលដ្ឋាន​ក្នុង​ភូមិ​តែប៉ុណ្ណោះ។ លោក​ថា កសិករ​ក្នុង​សហគមន៍​មិន​អាច​ដាំ​លើស​ពី​តម្រូវការ​ក្នុង​ភូមិ​បានទេ ព្រោះ​ខ្លាច​គ្មាន​ទីផ្សារ និង​បារម្ភ​ថា លក់​មិន​ឈ្នះ បន្លែ​នាំចូល​ពី​ប្រទេសជិតខាង។
ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ផ្ដល់​គំនិត​ថា ដើម្បី​លើកកម្ពស់​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី និង​ធានា​បាន​ការ​បរិភោគ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុខុមាលភាព ទាំង​ប្រជាកសិករ និង​រដ្ឋាភិបាល​មាន​តួនាទី ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចូលរួម​ទប់​ស្ងាត់​ទាំងអស់​គ្នា មិនមែន​ចូលរួម​តែ​ពលរដ្ឋ ឬ​ចូលរួម​តែ​រដ្ឋាភិបាល​នោះ​ទេ។ លោក​លើកឡើង​ថា រដ្ឋាភិបាល ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​ធានា​បាន​សុខភាព​ប្រជា​ល​រដ្ឋ ហើយ​ត្រូវ​ធ្វើ​ការ​បង្កើន​ថវិកាជាតិ​លើ​ផ្នែក​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ជា​ទុន​កម្ចី​ការប្រាក់​ទាប និង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិករ។ រដ្ឋាភិបាល ត្រូវ​បង្រៀន​បច្ចេកទេស​វេច​ខ្ចប់ ការ​ត្រួតពិនិត្យ​គុណភាព​ដល់​កសិករ​។ ឃុំ​-​សង្កាត់​ត្រូវ​បង្កើត​ទីផ្សារ​គោលការណ៍​ធម្មជាតិ​ឃុំ​មួយ ផ្សារ​សហគមន៍​មួយ សម្រាប់​លក់​ផលិតផល​កសិកម្ម​បែប​ធម្មជាតិ ដែល​ដាំ​បាន​ដោយ​កសិករ។
បន្ថែម​ពី​នេះ លោក ថេង សាវឿន បន្ដ​ថា ក្រសួង​កសិកម្ម ត្រូវតែ​អនុវត្ត​ឲ្យ​បាន​លើ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជី និង​ថ្នាំ​គីមី​នាំចូល​ពី​ប្រទេសជិតខាង។ រីឯ​ពលរដ្ឋ​វិញ ប្រាប់​ថា បើ​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​ទទួលខុសត្រូវ ករណី​បន្លែ​សាច់​គីមី​ដដែល រដ្ឋាភិបាល​គួរតែ​លុបបំបាត់​កាំកុងត្រូល​ត្រួតពិនិត្យ​ចំណីអាហារ ឬ​អាជ្ញាធរ​ដែល​មាន​កាតព្វកិច្ច​ខាង​ត្រួតពិនិត្យ​អាហារ​ចោល ព្រោះ​ពួកគេ​ស៊ីប្រាក់ខែ​ពលរដ្ឋ តែ​បណ្ដោយ​ឲ្យ​ចំណីអាហារ​មាន​សារធាតុពុល​ពាសពេញ​ទី​ផ្សារ។
ចំណែក​អ្នក​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ ផ្ដល់​មតិ​ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ ផលិត​បន្លែ ដែល​គ្មាន​សារធាតុ​គីមីសំយោគ ហើយ​គួរ​បញ្ជូន​មន្ត្រី​ជំនាញ ៥.០០០​នាក់ ដែល​ស្មើ​តែ​ប្រមាណ ១​ភាគរយ នៃ​ចំនួន​មន្ត្រី​ទូទាំង​ប្រទេស និង​ចំណាយ​តិច​ជាង ១​ភាគរយ នៃ​ថវិកាជាតិ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ចុះ​ដល់​មូលដ្ឋាន ធ្វើការ​លើ​រឿង​បន្លែ​សាច់ មាន​គីមី​នេះ៕

Tuesday, January 2, 2018

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​និង​បិទ​អង្គការ​បន្ថែម​ទៀត

ក្រសួង​មហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​កូនស្រី​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ព្រមាន​បិទ​អង្គការ​ណា​ដែល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​អ្នក​វិភាគ​យល់​ថា ការ​ព្រមាន​ពី​ចំណាត់​ការ​ក្ដៅ​របស់​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៨ នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កាន់​តែ​ផ្ដាច់ការ។
​ទោះបីជា​ឆ្នាំ​ចាស់​ផុត​ទៅ​ឈាន​ចូល​ឆ្នាំ​ថ្មី ២០១៨ ហើយ​ក្តី រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​កែប្រែ​ចិត្ត​គំនិត​ចាស់​របស់​ខ្លួន ពោល​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​នៅ​តែ​ក្តៅ​ក្រហាយ​ចងកម្ម​ចងពៀរ​ជាមួយ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា អាជ្ញាធរ​កម្ពុជា នឹង​រង់ចាំ​ចាប់​ខ្លួន​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ប្រសិនបើ​ពួកគាត់​ហ៊ាន​ជិះ​យន្តហោះ​ត្រឡប់​មក​ជាន់​ទឹក​ដី​កម្ពុជា​វិញ នៅ​ពេល​ណា​មួយ។
អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ខៀវ សុភ័គ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។
ការ​ព្រមាន​ចាប់​ខ្លួន​នេះ គឺ​ក្រោយ​ពី​កញ្ញា កឹម មនោវិទ្យា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​មួយ​ចំនួន កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​ឡើង​វិញ​អំពី​សមាជិកភាព​របស់​កម្ពុជា ដោយ​ព្យួរ​អាសនៈ។ ជាមួយ​គ្នា​នោះ ពួកគេ​បាន​ប្រាប់​ទៅ​បរទេស​អោយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដូចជា​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក និង​សហគមន៍​អឺរ៉ុប បង្កក​ទ្រព្យ​សម្បត្តិ និង​មិន​ឲ្យ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ជាដើម។ ការ​អំពាវនាវ​របស់​ពួកគាត់​ដែល​បាន​សម្រេច​លទ្ធផល​បណ្ដើរៗ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​លោក កឹម សុខា ដាក់​គុក ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​របស់​អាមេរិក​មួយ​ចំនួន និង​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជាដើម។
​លោក ខៀវ សុភ័គ ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បុគ្គល​ចំនួន ១១៨​នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ​នោះ គឺ​ក្រសួង​មហាផ្ទៃ នឹង​ស្នើ​ទៅ​តុលាការ​កំពូល ម្តង​ទៀត ដើម្បី​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត ដែល​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​អះអាង​ថា ជា​សកម្មភាព​រឹង​ទទឹង និង​ខុស​ច្បាប់​កម្ពុជា។
​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ វា​ផ្ទុយ​ពី​ច្បាប់ និង​បង្ហាញ​ពី​ភាព​ផ្ដាច់ការ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់៖ «»។
អាស៊ីសេរី មិន​អាច​ទាក់ទង​កញ្ញា កឹម មនោវិទ្យា និង​អ្នកស្រី មូរ សុខហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។
​ក្រៅ​ពី​ព្រមាន​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នោះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ព្រមាន​នឹង​បិទ​អង្គការ​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ថ្មីៗ​នេះ មាន​ក្រុម​សង្គម​ស៊ីវិល​ខ្លះ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​គេ​ហៅ​ថា «ថ្ងៃ​អាទិត្យ​ពណ៌​ស»។
លោក ខៀវ សុភ័គ អះអាង​ថា អាជ្ញាធរ​កំពុង​តាមដាន​សកម្មភាព​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល និង​កត់ត្រា​ទុក​សកម្មភាព​ទាំង​អស់​នោះ​ថែម​ទៀត​ផង។
​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មាន​សកម្មជន​មួយ​ចំនួន​បាន​ស្លៀកពាក់​ពណ៌​ស និង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រួម​មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន អ្នក​វិភាគ​នយោបាយ លោក គឹម សុខ និង​សកម្មជន​ដីធ្លី​អ្នកស្រី ទេព វន្នី ជាដើម។
​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មិន​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ គឺ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មើល​អំពី​បំណង​របស់​អ្នក​ទាមទារ​ឡើយ ប៉ុន្តែ​គេ​តែងតែ​ផ្ដោត​ថា ការ​ទាមទារ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល គឺ​ជា​ចលនា​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ៖ «»។
សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សមាគម​ដទៃ​មួយ​ចំនួន​ទៀត មិន​ទាន់​ឃើញ​ចូលរួម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» នេះ​នៅ​ឡើយ​ទេ ដោយ​ពួកគេ​អះអាង​ថា បារម្ភ​ខ្លាច​ក្រសួង​មហាផ្ទៃ រក​លេស​បិទ​អង្គការ​នេះ​ចោល។
មាត្រា ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចែង​ថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​យោបល់។ សេរីភាព​នេះ​រួមមាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រារាំង និង​សិទ្ធិ​ដើម្បី​ស្វែង​រក ទទួល និង​ផ្ដល់​ព័ត៌មាន និង​គំនិត​តាម​រយៈ​ផ្សព្វផ្សាយ​បែប​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​ព្រំដែន។ ​រីឯ​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​វិញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។
​អ្នក​វិភាគ និង​សង្គម​ស៊ីវិល ស្នើ​អោយ​អ្នក​នយោបាយ ជាពិសេស​គណបក្ស​កាន់​អំណាច ចាប់​ផ្ដើម​ចរចា​ត្រូវរ៉ូវ​គ្នា និង​ដឹកនាំ​ប្រទេស​វិល​ទៅ​រក​របប​ប្រជាធិបតេយ្យ គោរព​រដ្ឋធម្មនុញ្ញ គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​ជា​កាដូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ និង​ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ​ពី​សហគមន៍​អន្តរជាតិ៕

ពលរដ្ឋ​សហគមន៍​បុរី​កីឡា​នឹង​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ទី​០៣​ខែ​មករា

ពលរដ្ឋ​សហគមន៍​បុរីកីឡា ទាំង​អ្នក​មិន​ទាន់​ចាកចេញ និង​អ្នក​ចាកចេញ​ហើយ នឹង​ជួបជុំគ្នា​ប្រារព្ធ​ខួប ៦​ឆ្នាំ នៃ​ការ​បណ្ដេញ​ពួកគេ​ចេញពី​លំនៅឋាន នៅ​ថ្ងៃ​ទី​០៣ ខែ​មករា​ស្អែក​នេះ។ ពួកគាត់​ឲ្យ​ដឹង​ថា ការ​រំលឹក​នៃ​ការ​បណ្ដេញ​ចេញ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ម៉ោង ៣​រសៀល ដោយ​ធ្វើ​ពិធី​សូត្រ​តាម​ពិធី​សាសនា ដើម្បី​បន់ស្រន់​សុំ​កុំ​ឲ្យ​មានការ​បណ្ដេញ​ជាថ្មី​ម្ដង​ទៀត។
តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ប្រាប់​ថា មូលហេតុ​នៃ​ការ​រំលឹក​ខួប​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​សហគមន៍​បុរី​កីឡា និង​អតីត​ពលរដ្ឋ​បុរី​កីឡា​ភ្លេច​ការ​បណ្ដេញ​ដោយ​បង្ខំ​កាលពី​ឆ្នាំ​២០១២ កន្លងទៅ។ លោកស្រី​បន្ត​ថា ក្រៅពី​ការ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា ពលរដ្ឋ​មិនបាន​ធ្វើ​ញត្តិ​ទាមទារ ឬ​ហែ​ក្បូន​អ្វី​នោះ​ទេ។ «»
កាលពី​ឆ្នាំ​២០១២ ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់។ ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​នេះ កាន់​តែ​ខ្លាំង​ឡើងៗ បន្ត​រហូតដល់​ឆ្នាំ​២០១៤ ទើប​មានការ​ពិភាក្សា​ជាច្រើនលើក​ច្រើន​សា រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់រយ​គ្រួសារ និង​សាលាក្រុង។ បន្ទាប់​មក​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន សុខចិត្ត​ទទួលយក​សំណង​ជា​ថ្នូរ​ការ​ចាកចេញ។
ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ពលរដ្ឋ​ចំនួន ១១​គ្រួសារ​ទៅ​បន្ត​រស់​នៅ​ក្នុង​អគារ​មួយ​ជិត​លំនៅឋាន​របស់​ខ្លួន​រង់​ចាំ​សំណង​សមរម្យ។ ពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំង ១១​គ្រួសារ កំពុង​ប្រឈម​ការ​បណ្ដេញ​ចេញ​ជាថ្មី ខណៈ​ពួកគេ​មិន​ព្រម​ទទួលយក​សំណង​ដ៏​តិចតួច​ដែល​សាលាក្រុង​ប្រកាស​ផ្ដល់​ឲ្យ។ ពេលនេះ ក្រុម​ពលរដ្ឋ​គ្រោង​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ជួយ​អន្តរាគមន៍។ លោក ជា សុផារ៉ា ល្បីល្បាញ​ថា អាច​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​មិន​បាន​ធ្វើ​ពលរដ្ឋ​ខកចិត្ត៕

លោក ហ៊ុន សែន តែងតាំង​ក្មួយ​ប្រុស​បង្កើត​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី

លោក ហ៊ុន សែន តែង​តាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី។ ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​បញ្ជាក់​ពី​ការ​ដំឡើង​ឋានន្តរសក្ដិ ឧត្ដមសេនីយ៍​ឯក (ផ្កាយ​បី) ដល់​លោក ហ៊ុន ជា ដែល​កាល​ពី​មុន​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​ពីរ) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ។
​លោក ហ៊ុន ជា ជា​កូន​របស់​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​ជា​ច្រើន រួមមាន​អំពើ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ​២០០០ និង​២០១១ និង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើក​រត់ ក្នុង​ឆ្នាំ​២០០៨ ដែល​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ក៏ដោយ លោក​តែងតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​ឃុំ​ខ្លួន​រយៈពេល​ខ្លី។
​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ឆ្នាំ​២០១៦ ស្តីពី​ការ​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា របស់​ត្រកូល «ហ៊ុន» ឲ្យ​ដឹង​ថា លោក ហ៊ុន ជា កាន់​តំណែង​ជា​នាយក​ក្រុមហ៊ុន​ចំនួន​៤ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន។
​ទាំង​ក្មួយៗ​បង្កើត និង​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ការ​ជួញដូរ​គ្រឿងញៀន ការ​កាប់​បំផ្លាញ​ព្រៃឈើ ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​រឿង​អាស្រូវ​រាប់​មិន​អស់​ជា​ច្រើន​ទៀត។ កាសែត​បរទេស​សរសេរ​ថា ក្រុម​ក្មួយៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា «ក្រុម​បង​ធំ​លេខ​១» នៅ​ប្រទេស​កម្ពុជា៕

Sunday, December 31, 2017

សរុប​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​២០១៧​ ដែល​ផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា

ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧ នេះ ព្រឹត្តិការណ៍​នយោបាយ​ជាច្រើន បាន​កើតមានឡើង​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ត្រីមាស​ទី​បួន ដែល​អង្រួន​ដួងចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី និង ពិភពលោក​ផង ឲ្យ​រន្ធត់ និង​ភ្ញាក់ផ្អើល សឹង​រក​ស្មាន​មិន​ត្រូវ។ ភាគច្រើន​នៃ​ព្រឹត្តិការណ៍​ទាំងអស់​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​សំណាក់​បក្ស​កាន់អំណាច ដែល​ឈាន​ទៅ​ដល់​ការព្រមាន​ដាក់ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។
ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ នៅ​ក្នុង​បរិបទ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​រឿង​មិន​គួរ​កើតឡើង បាន​កើតឡើង​ពេញបន្ទុក​ទៅ​ហើយ និង​ដោយ​ចំហ​ថែម​ទៀត​ផង។ រឿងរ៉ាវ​ដែល​កើតឡើង​ទាំងនេះ មួយ​ភាគ​ធំ ប៉ះពាល់​យ៉ាង​ខ្លាំង ទៅដល់​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​មុខមាត់​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ធ្វើ​ច្បាប់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ការ​យក​កៅអី​ស្របច្បាប់ របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទៅ​ចែក​គ្នា ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម។
ក្រោយ​ចូលឆ្នាំ​សកល ឆ្នាំ​២០១៧ ភ្លាម នៅ​ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​បង្ខំចិត្ត​លាឈប់​ពី​ប្រធាន​បក្ស និង​សមាជិក​គណបក្សប្រឆាំង ដើម្បី​សង្គ្រោះ​គណបក្ស​នេះ ឲ្យ​រួច​ផុត​ពី​ការប៉ុនប៉ង​រម្លាយ ព្រោះ​នៅ​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ថា នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ហាមឃាត់​ទណ្ឌិត មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​គណបក្ស​នយោបាយ។ ទោះបី​លោក សម រង្ស៊ី ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា កាត់ទោស​ជាច្រើន​ករណី ប៉ុន្តែ​អ្នកវិភាគ​យល់ឃើញ​ថា តុលាការ​កម្ពុជា​គ្មាន​ឯករាជ្យ និង​កាត់​ក្តី​ទៅតាម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច ដើម្បី​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ។
លោក សម រង្ស៊ី បាន​ប្រកាស​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​វិញ ក្នុង​ខែ វិច្ឆិកា។ ប្រាំ​ខែ​មុន​នេះ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល ដក​បម្រាម ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ចេញ​វិញ។ បម្រាម​នេះ ដាក់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៦ មក​ម្ល៉េះ។ ប៉ុន្តែ នៅ​ក្រោយ​ការ​លើក​បម្រាម​នេះ​ភ្លាម លោក ហ៊ុន សែន បែរជា​ព្រមាន​បើកទ្វារ​គុក រង់ចាំ​លោក សម រង្ស៊ី ភ្លាម​ដែរ៖ «ឥឡូវ​ខ្លួន​បាន​សន្យា​ថា មក​មិន​ខ្លាច​គុក​ទេ ម៉េច​ក៏​មិន​មក​រក​គុក​? ខ្ញុំ​ឲ្យ​មក​តើ ឥឡូវ​ខ្ញុំ​អត់​ខ្វល់​ទេ​។ ប៉ុន្តែ បើសិនជា​អ្នកឯង​ប្រគល់​ខ្លួន​ឲ្យ​ចាប់​ដោយ​ស្រួល វា​អត់​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ។ មក​តាម​គោក​ក៏​មិនបាន មក​តាម​ទឹក​ក៏​មិនបាន។ មក​ម៉ា​សេរី​មក ទឹក​ក៏បាន គោក​ក៏បាន ស្អី​ក៏បាន​ចូល​មក​។ តែ​បើ​ចូល​មក​លួចលាក់ វា​ស្មើនឹង​ភេរវកម្ម​ទេ ដែល​ទណ្ឌិត​មាន​ដីកា​តាម​ចាប់ខ្លួន​នោះ​។ មើល​អ្នកក្លាហាន សូម​អញ្ជើញ ទ្វា​ចំហ​ហើយ!»
នៅ​ខែ កុម្ភៈ នោះ​ដែរ អ្នកឃ្លាំមើល​សង្គម​គឺ​លោក គឹម សុខ ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំៗ និង​ឥត​សំចៃ​មាត់ ត្រូវ​បាន​តុលាការ សម្រេច​ឃុំខ្លួន ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​បក្ស​កាន់អំណាច តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ និង​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក គឹម សុខ ថែម​ទៀត​ផង៖ «ស្អី​! អ្នកឯង​បញ្ចេញមតិ​? អត់​ទេ​! ទារ​កន្លះ​លាន​ដុល្លារ។ ហើយ​បើ​អ្នកឯង​មិន​ចង់​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ ដើម្បី​លក់​ឡាយឡុង​ទេ អ្នក​យក​លុយ​មក​សង​មក​! កុំ​អ្នកឯង​ស្អី អាង​អ្នកវិភាគ​។ វិភាគ​ប៉ះ​ដាក់​ហើយ អត់​មាន​ទុក​ទេ។ នគរបាល​តាម​ឲ្យ​ជាប់​កុំ​ឲ្យ​វា​រត់​។ អ្នកនេះ​ខ្ញុំ​បញ្ជា​នគរបាល​ឲ្យ​តាម​ពី​ម្សិល កុំ​រត់​! ព្រោះ​ខ្លួនឯង​ថា ជើង​ខ្លាំង​! ទៅ​ជាប់គុក​ត្រឹម​ពីរ​ឆ្នាំ​អី​តើ កុំ​ថា​អត់​លុយ​សង​វើយ»
ប្រាំ​មួយ​ខែ​ក្រោយមក កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស លោក គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល។ ទោះ​លោក គឹម សុខ ប្តឹង​ជំទាស់​សេចក្តី​សម្រេច​នេះ នៅ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ក៏​លោក​នៅតែ​ចាញ់​ក្ដី​ដដែល។ អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ក្នុង​រឿងក្ដី​នេះ បើ​ទោះ​ជា​ត្រូវ​ឡើង​ទៅដល់​តុលាការ​កំពូល​ទៀត ក៏​មិន​អាច​ឈ្នះក្ដី​បាន​ដែរ។
កាលពី​ខែ​កុម្ភៈ នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ ដូចជា​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម ឬ ឡូហ្គោ (Logo) របស់​ខ្លួន ដោយ​អះអាង​ថា ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​ថា ជា​គ្រឹះស្ថាន​របស់​រដ្ឋ។ ចំណាត់​ការ​នេះ ធ្វើ​ឲ្យ​អ្នកច្បាប់ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ចាត់ទុក​ថា ជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ ដោយសារតែ តាម​ធម្មតា មុននឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាច​ប្រើប្រាស់​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​អ្វីមួយ គឺ​សុទ្ធតែ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត និង​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ពី​ក្រសួង​ពាក់ព័ន្ធ តាំងពី​ដើមដំបូង​មក​ម្ល៉េះ មិនមែន​រហូត​ប្រើ​បាន​ជាង ២០ ឆ្នាំ​ទៅ​ហើយ ទើប​បង្ខំ​ឲ្យ​ប្ដូរ​ចេញ​បែបនេះ​នោះ​ទេ។ ធនាគារ​អេស៊ីលីដា បាន​ចំណាយ​ប្រាក់ជាង ៣ លាន​ដុល្លារ ដើម្បី​កែ​និមិត្តសញ្ញា​របស់​ខ្លួន។
កាលពី​ខែ​កុម្ភៈ ដដែល នគរបាល​ការពារ​ព្រំដែន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ទាហាន​ឡាវ ចំនួន​ពីរ​រថយន្ត​ធំៗ​ប្រដាប់​ដោយ​អាវុធ បាន​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​សាង​ផ្លូវ​នៅ​តាម​ព្រំដែន។ បី​ខែ​ក្រោយមក យោធា​ឡាវ​បាន​បន្ថែម​កម្លាំង និង​ជីក​លេណដ្ឋាន​ថ្មីៗ ត្រង់​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ រដ្ឋាភិបាល មិន​ទទួលស្គាល់ ថា​មាន​វត្តមាន​ទាហាន​ឡាវ​នៅ​លើ​ដី​ខ្មែរ ដូច​ការផ្សាយ​របស់​អាស៊ីសេរី​នោះ​ទេ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ថែមទាំង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ថ្កោលទោស​អាស៊ីសេរី ថា​ផ្សាយ​ព័ត៌មាន​បំផ្លើស​ការ​ពិត មាន​ចេតនា​ញុះញង់ ដែល​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ដល់​សាធារណជន មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់។ ប៉ុន្តែ ក្នុង​ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ទាហាន​ឡាវ ពិត​ជា​មាន​វត្តមាន​លើ​ដី​ខ្មែរ តាំងពី​ខែ​ឧសភា និង​រដ្ឋាភិបាល​កម្ពុជា បាន​លើកទ័ព​យ៉ាង​សន្ធឹកសន្ធាប់ ទៅ​ព្រំដែន។ យោធា​ឡាវ បាន​ដក​ទៅវិញ​នៅ​ខែ​សីហា ក្រោយ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ នៅ​ប្រទេស​ឡាវ។ អ្នកវិភាគ យល់​ឃើញ​ថា ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​បណ្ដេញ​ទាហាន​ឡាវ ដែល​មាន​ចំនួន​តិចតួច​បែបនេះ គឺជា​រូបភាព ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​ទូទៅ ស្រប​ពេល​ដែល​រដ្ឋាភិបាល កំពុងតែ​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បង្ក្រាប​ចលនា​ក្នុង​ស្រុក ដែល​រដ្ឋាភិបាល​ហៅថា បដិវត្ត​ពណ៌។
នៅ​ខែ ឧសភា អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ ដោយ​ក្រុម​ស៊ើបអង្កេត រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុករលួយ នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃឈើ នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យានជាតិវីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែក្លាយ​ឈើ​ខុសច្បាប់​ទាំងនោះ ទៅជា​ឈើ​ស្របច្បាប់​វិញ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ជា​សាធារណៈ​ថា បើ​គាត់​ទប់ស្កាត់ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បានទេ គាត់​ហ៊ាន​កាត់​ក​គាត់​គ្រវាត់​ចោល៖ «សុំ​សាកល​មើល​ទៅ​! បើ​មិន​គោរព​ក៏​សុំ​សាក​! បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​គ្រវាត់​ចោល»
ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ព្រៃឈើ នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ផ្តាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​បី​ជា​ខក​សន្យា​រឿង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិនបាន ព្រោះ​អង្គការ​លោក នៅតែ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម រាប់​សែន​ម៉ែត្រគូប ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​ថា បាន​ហាមឃាត់​ការ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស។
ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បាន​រៀបចំឡើង​នៅ​ខែ​មិថុនា។ ការបោះឆ្នោត​លើក​នេះ គឺជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​លោក ហ៊ុន សែន ចេញ​ឃោសនា​ដោយ​ផ្ទាល់ និង​ជួល​ទូរទស្សន៍​ក្នុងស្រុក​យ៉ាងហោចណាស់ ៨​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់ យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​។ នេះ​ក៏​ជា​ការ​បោះឆ្នោត​លើកទីមួយ ដែល​មានការ​រឹតត្បិត ក្នុង​ការ​ដង្ហែ​ក្បួន​ឃោសនា។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះជាតិ​ជាប់ឆ្នោត ដើម្បី​គ្រប់គ្រង​ឃុំ​-​សង្កាត់ ៤៨៩ ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៥,០០៧ នាក់ ដែល​មាន​សំឡេងឆ្នោត​គាំទ្រ​ជាង បី​លាន​នាក់ ឬ ស្មើនឹង​ជិត ៤៤% (៤៣,៨៣%)
ក្រោយ​ពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ បន្ទប់​ស្ថានការណ៍​ដែល​អះអាង​ថា ជា​ក្រុម​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការបោះឆ្នោត​ឯករាជ្យ បាន​ចេញ​ផ្សាយ​ការវាយតម្លៃ​កាលពី​ថ្ងៃ​ទី២៤ មិថុនា ហើយ​បាន​រក​ឃើញ​ថា ការបោះឆ្នោត​នេះ មិនទាន់​អាច​ចាត់ទុកថា​សេរី និង​យុត្តិធម៌​ពេញលេញ នៅឡើយ​ទេ ដូចជា​បរិយាកាស​គាប​សង្កត់ មុន​ការបោះឆ្នោត និង​ខ្វះ​តម្លាភាព និង​តុល្យភាព​ផ្នែក​ថវិកា​សម្រាប់​ឃោសនា បើ​ទោះ​ជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការងារ​របស់​គ..ប យ៉ាង​ណា​ក្តី។
បួន​ថ្ងៃ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ក្រុម​នេះ ហើយ​បាន​ជំរុញ​ឲ្យ​មើល​ពី​ភាព​ស្រប​ច្បាប់ និង​បាន​ចោទ​ក្រុម​នេះ​ថា​លម្អៀង​ទៅ​ខាង​គណបក្សប្រឆាំង។ ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ក្រសួងមហាផ្ទៃ បាន​ចេញ​បញ្ជា​បញ្ចប់​សកម្មភាព​បន្ទប់​ស្ថានការណ៍ ពីព្រោះ​មិនបាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ដែល​បាន​បំពាន​ច្បាប់​ស្ដីពី​អង្គការ​សមាគម។
ក្រោយពី​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​មិនបាន​ប៉ុន្មាន​ផង រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សកម្មភាព របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់​អាមេរិក និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា នៅ​ខែ​សីហា ដោយ​ចោទ​ថា អង្គការ​នេះ រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់អំណាច។ ប៉ុន្តែ​អង្គការ NDI បដិសេធ​ថា ខ្លួន​មិនបាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ មិន​ថា​បក្ស​កាន់អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។
អស់ពី​បិទ​អង្គការ NDI រដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ បង់ពន្ធ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល អះអាង​ថា ស្ថាប័ន​សារព័ត៌មាន​នេះ ជំពាក់​ជាង ១០​ឆ្នាំ។ ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់​ទុក​អំណាច​ពន្ធ​ខ្ពស់​កប់​ពពក​នេះ គឺជា​អំណាច ដែល​មាន​ចេតនា​បំផ្លាញ។ អ្នកស្រី​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​កាសែត​នេះ​ទាំងស្រុង នៅ​ថ្ងៃ​ទី៤ ខែ កញ្ញា។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ក៏​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ ដោយសារ​មិន​អាច​ស៊ូទ្រាំ នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល ក្រោយ​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ ក្នុង​រឿង​ពន្ធដារ​នេះ និង​បញ្ហា​បញ្ជិកា ក្រោយ​បើក​ដំណើរការ​នៅ​កម្ពុជា​អស់​ជាង ១០​ឆ្នាំ​រួម​មក។
តាម​របាយការណ៍​របស់​អង្គការ លីកាដូ គិត​ត្រឹម​ចុងខែ​សីហា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ និង​ប៉ុស្តិ៍​វិទ្យុ FM ក្នុងស្រុក ចំនួន ៣២ នៅ​ទូទាំង ២០ ខេត្ត​ក្រុង។ ដោយសារ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឲ្យ​កម្មវិធី​ផ្សាយ​បន្ត​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​ដទៃ​ទៀត ខាន​បាន​ផ្សាយ​តាម​វិទ្យុ FM ដើម្បី​ឮ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ។
ក្រោយ​បណ្ដេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​សម្រេច រដ្ឋាភិបាល​លោក ហ៊ុន សែន ឈាន​មួយ​ជំហាន​ទៀត ទៅ​បំបិទ​សំឡេង​ប្រឆាំង​ទាំងស្រុង​តែម្ដង តាមរយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា។ អំណាច​នៃ​សាលដីកា​តុលាការ​កំពូល ដែល​បិទ​ផ្លូវ​តវ៉ា​នេះ បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨​រូប និង​យក​អាសនៈ​ស្របច្បាប់​ទាំង ៥៥​អាសនៈ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ​ដទៃ​ទៀត ដែល​មិនបាន​ជាប់ឆ្នោត និង ចែក​ជាមួយ​គណបក្ស​កាន់អំណាច​ផង​ដែរ។ មិនតែប៉ុណ្ណោះ តំណែង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជាប់ឆ្នោត​ទាំង ៥,០០៧ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ជាង​បី​លាន​នាក់។
មុន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់ នៅ​ម៉ោងជាង ១២ រំលង​អធ្រាត្រ និង​ដោយ​កម្រោល ដោយ​គ្មាន​ដីកា​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា។ អង្គរក្ស​ទាំងនោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​លោក កឹម សុខា នៅ​បន្ត​ជាប់ឃុំ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម រហូតដល់​បច្ចុប្បន្ន​នេះ ដោយ​ជាប់ចោទ​ពី​បទ “​ក្បត់ជាតិ​” ដោយសារតែ​សារ​នៅ​វីដេអូ​ឃ្លីប ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​អូស្ត្រាលី កាលពី​ចុង​ឆ្នាំ​២០១៣។
រលក​នៃ​ការ​តវ៉ា របស់​ពលរដ្ឋ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​បោកបក់​យ៉ាង​សន្ធាប់ នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ។
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស តំណាងរាស្ត្រ​នៅ​ទូទាំង​ពិភពលោក សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​នយោបាយ និង​រដ្ឋាភិបាល​បរទេស សុទ្ធតែ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​ខំ​កសាង​យ៉ាង​លំបាក ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​ចុង​ក្រោយនេះ។ ទណ្ឌកម្ម​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​ដាក់​ជា​ហូរហែ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​កាត់ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត និង​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។
ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់ទណ្ឌកម្ម​នេះ គឺ​ដោយសារតែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះឯង។ សហគមន៍​អន្តរជាតិ នៅតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្តារ​ស្ថានការណ៍​ដុនដាប​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មានការ​ចូលរួម​ដោយ​ពេញ​ពេញ​ពី​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ត្រូវ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ចង់​ឲ្យ​មានទណ្ឌ​កម្ម​បែបនេះ​នោះ​ទេ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...