Thursday, November 16, 2017

ទូតអាមេរិកប្រាប់​ពលរដ្ឋខ្លួន​​ឲ្យ​ប្រយ័ត្នសុវត្ថិភាព ខណៈតុលាការបើកសវនការរំលាយបក្សប្រឆាំង

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ខណៈដែល​តុលាការដំណើរ​ការ​សវនាការ​សម្រេចលើបណ្ដឹងរំលាយគណបក្សប្រឆាំង​នៅ​ថ្ងៃ​នេះ។
គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​រំលាយ​បក្ស​នេះ ហើយ​សវនាការ​សម្រេច​ក្ដី​រំលាយ​បក្ស​នេះ កំពុង​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​នេះ។
ខណៈ​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ក្ដី​បារម្ភ​​នៅ​ក្នុង​សេចក្ដី​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ការដាក់កម្លាំងការពារច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ា​ទៅនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល​លើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សាជាយថាហេតុ។​
បើតាមសេចក្ដីជូនដំណឹង ស្ថានទូតអាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់​ខ្លួន ឲ្យ​ប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន ដោយថា ត្រូវគេចចេញពីកន្លែង ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ជាពិសេស តាមដាន​ព័ត៌មានក្នុងស្រុក​អំពីស្ថានការណ៍ ដែលអាចនឹងកើតមានឡើង។
តុលាការ​កំពូល កំពុង​ដំណើរការ​សវនាការ​ក្ដី​រំលាយ​បក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់ និង​របាំង​ដែកជា​ច្រើន​ផ្ទាំង ត្រូវ​បាន​ដាក់​ពង្រាយ ផ្លូវ​នានា​ភ្ជាប់​ទៅ​ព្រះ​បរម​រាជ​វាំង និង​ហាង​អាជីវកម្ម​នានា​នៅ​ជុំ​វិញ​បរិវេណ​តុលាការ​កំពូល ត្រូវ​បាន​បិទ​៕
សហគមន៍អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សមួយនេះ ដោយ​ពួកគេព្រមានពីហានិភ័យនានា​នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅ

Wednesday, November 15, 2017

អាមេរិក​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា​មន្ត្រី​ទូត​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​ច្រានចោល​ភ្លាមៗ នូវ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ចោទ​ថា មន្ត្រី​ទូត​អាមេរិក ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។ អ្នកវិភាគ​យល់ឃើញ ថា​នយោបាយ​ការបរទេស បែប​ផ្អៀង​ទៅ​ម្ខាង​ខ្លាំង​បែបនេះ មិន​ចំណេញ​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ​នោះ​ទេ។
ឧបការី​រង​រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាទ្រីក មើហ្វ៊ី (Patrick Murphy) និង​ឧបការី​រង​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ជា​នាយក​ផ្នែក​កិច្ចការ​អាស៊ីរបស់​សេត​វិមាន លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) ចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ច្រានចោល​ការ​ចោទប្រកាន់ និង​ការ​រិះគន់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​សហរដ្ឋអាមេរិក និង មន្ត្រី​ការទូត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ សេចក្ដីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ បេសកកម្ម​អាមេរិក​ប្រចាំ​ប្រទេស​អាស៊ាន​នេះ លើកឡើង ថា​ការចោទប្រកាន់ និង​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​បែប​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ទំនាក់ទំនង​ល្អ​ប្រសើរ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ។
សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ឱកាស​នៃ​វេទិកា​ជំនួប​កំពូល​អាស៊ាន ថ្លែង​ខុស​ចាក​ឆ្ងាយ​ពី​ប្រធានបទ​នៃ​កិច្ចប្រជុំ ដោយ​វាយប្រហារ​សហរដ្ឋអាមេរិក និង​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​យ៉ាង​ចាស់ដៃ នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ក្រើន​រម្លឹក​លោក ដូណាល់ ត្រាំ ឲ្យ​ដាស់តឿន​មន្ត្រី​ថ្នាក់ក្រោម​ទៀត​ផង៖ «រដ្ឋការ​មុនៗ គេ​បាន​ប្រើប្រាស់​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ។ យើងខ្ញុំ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត។ ឥឡូវ កំពុង​តែ​បន្ត​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​សកម្មភាព​របស់​អ្នក​ខាងក្រោម ដែល​ដើរ​ខុស​បន្ទាត់​នយោបាយ​របស់​ឯកឧត្ដម។ យើងខ្ញុំ​ត្រូវការ​កសាង​ច្បាប់ គេ​មករា​រាំង​ការ​កសាង​ច្បាប់។ យើង​ខ្ញុំ​អនុវត្ត​ច្បាប់​របស់​ប្រទេស ត្រូវ​បាន​គេ​រារាំង»
លោក ហ៊ុន សែន ដែល​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តែងតែ​វាយប្រហារ​សហរដ្ឋអាមេរិក មិន​លស់​ពេល​ឡើយ ប៉ុន្តែ​លើក​នេះ លោក​បែរជា​លើក​សរសើរ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ជា​លក្ខណៈ​បុគ្គល ពេញៗ​មាត់ ថា​ជាមនុស្ស​អស្ចារ្យ និង​ជា​មនុស្ស​ដែល​លោក​គោរព​បំផុត។ លើក​សរសើរ​លោក ដូណាល់ ត្រាំ បណ្ដើរ លោក ហ៊ុន សែន បង្អាប់​មន្ត្រី​ទូត​អាមេរិក​បណ្ដើរ ថា​លម្អៀង៖ «ចៅ​របស់ខ្ញុំ​ត្រូវ​បាន​គេ​បង្ហាត់បង្រៀន ឲ្យ​ស្អប់​ឯកឧត្ដម។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ មិន​ត្រឹមតែ​មិន​មាន​អព្យាក្រឹត ចំពោះ​បញ្ហា​នៅ​កម្ពុជា​ទេ គឺ​មិន​មាន​អព្យាក្រឹត​ទាំង​បេក្ខជន​ប្រធានាធិបតី​នៅ​អាមេរិក​ខ្លួនឯង​តែម្ដង»
ការណ៍​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​ភាព​អាម៉ាស់ ដើម្បី​និយាយ​រឿង​ចាក​ប្រធានបទ​លួង​ចិត្ត​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​បែបនេះ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា មើល​ឃើញ​ថា នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ថា លោក ហ៊ុន សែន មិន​អាច​ខ្វះ​ការ​គាំទ្រ​របស់​អន្តរជាតិ​បាន​នោះ​ទេ។ ដោយសារ​តែ ឥទ្ធិពល​នៃ​សហរដ្ឋអាមេរិក​អាមេរិក​នេះ ទើប​កញ្ញា កឹម មនោ​វិទ្យា មាន​សុទិដ្ឋិនិយម​ថា នឹង​មាន​ដំណោះស្រាយ ផ្នែក​នយោបាយ​មួយ​នា​ពេល​ឆាប់ៗ​ខាងមុខ៖ «ចំណុច​ហ្នឹង​ជា​ចំណុច​វិជ្ជមាន។ ដោយសារ​កម្ពុជា ត្រូវការ​អាមេរិក ត្រូវការ​អន្តរជាតិ​ហ្នឹងហើយ ទើប​គាត់​ខំ​ព្យាយាម​ពន្យល់ និង យកចិត្ត​អាមេរិក។ យើង​ឃើញ​ហើយ​រដ្ឋាភិបាល​អាមេរិក គេ​តប​មកវិញ ដោយ​បដិសេធ​ការ​ចោទ​គេ ដោយ​គ្មាន​មូលដ្ឋាន និង​ទាមទារ​ឲ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​មក​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​សី​វិល និង​ដោះលែង​លោក កឹម សុខា ជាដើម»
ឧបការី​រង​រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាទ្រីក មើហ្វ៊ី និងឧបការី​រង​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ជា​នាយក​ផ្នែក​កិច្ចការ​អាស៊ី​របស់​សេតវិមាន​លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) បាន​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា។ មន្ត្រជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នាក់​នេះ ក៏បាន​សម្ដែង​ការ​ព្រួយបារម្ភ ជា​ខ្លាំង​ចំពោះ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ ពួកគាត់​ក៏​សង្ឃឹម ថា​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ឲ្យ​តម្លៃ លើ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ការ​អភិវឌ្ឍ សុខ​សន្តិភាព និង ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។
អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក​សោកស្ដាយ​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា យក​រឿង​ផ្ទាល់ខ្លួន ទៅ​និយាយ​ក្នុង​វេទិកា​ផ្លូវការ ថ្នាក់​អន្តរជាតិ​បែបនេះ។ ប៉ុន្តែ លោក​បណ្ឌិត មាស នី មិន​ភ្ញាក់ផ្អើល​ពេក​ទេ ព្រោះ​តាម​ការសង្កេត​របស់​លោក​កន្លងមក ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក ច្រើនតែ​មិន​ធ្វើឡើង​តាមរយៈ​សំណើ ជា​លាយលក្ខណ៍អក្សរ​នោះ​ទេ។ ថ្នាក់ដឹកនាំ​ខ្មែរ ច្រើនតែ​ស្រែក​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាជាង​ទាក់ទង​គ្នា​ដោយ​ផ្ទាល់៖ «ពេល​ដែល​ផ្ញើ​ពាក្យ​ទាក់ទង​គ្នា​ទៅវិញទៅមក ពេលខ្លះ​បង្កើត​ភាព​ស្មុគស្មាញ ក្នុង​ទំនាក់ទំនង។ ជួនកាល​ការ​ស្នើសុំ ទៅ​ជា​ការរិះគន់​គ្នា»
ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សហរដ្ឋអាមេរិក​ទាំង​ពីរ​នាក់ គឺ​លោក ផាទ្រីក មើហ្វ៊ី និង​លោក ម៉ាត់ ផត់ធីងហ្គើ នៅតែ​បញ្ជាក់​ជំហរ ប្រាប់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន ថា​សហរដ្ឋអាមេរិក នៅ​តែ​ចាប់អារម្មណ៍ ក្នុង​ការ​គាំទ្រ​ភាព​ជោគជ័យ​ទៅ​អនាគត​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​អាមេរិក នៅតែ​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា ព្រោះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ កំពុង​គាបសង្កត់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង ក្រុម​បក្ស​ប្រឆាំង៕

អាមេរិក សង្ឃឹម​រក្សា​​ទំនាក់​ទំនង​ល្អ​ប្រសិន​បើ​កម្ពុជា​ឈប់​ចោទ​ប្រកាន់ និង​រិះគន់​អាមេរិក​ដោយ​គ្មាន​មូលដ្ឋាន

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី ១៤​វិច្ឆិកា សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​រឹត​ត្បិត​លើ​សេរីភាព និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ជា​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​លោក Matt Pottinger ជំនួយ​ការ​រង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។ លើស​ពី​នេះ អាមេរិក ​ក៏​បាន​កត់​សម្គាល់​ពី​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​ទៅ​លើ​សហរដ្ឋ​អាមេរិក ថា​ផ្ទុយ​ពី​ស្មារតី​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ។
អ្វី​ដែល​ជា​កង្វល់​បំផុត​របស់​សហរដ្ឋ​អាមេរិក មក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស ដែល​រួម​មាន ការ​រឹត​ត្បិត​លើ​សេរីភាព​សារព័ត៌មាន ក្រុម​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ដូច​ជា​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដើម។ នេះ​បើ​តាម​ខ្លឹមសារ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន ក្រោយ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ជាមួយ​នឹង​ជំនួយ​ការ​រង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ និង​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។
យោង​តាម​សេចក្តី​ថ្លែងការណ៍​នោះ អាមេរិក សង្ឃឹម​ថា​កម្ពុជានឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​​គ្រឹះ​នៃដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ សន្តិភាព និង​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ត។ ក្រៅ​ពី​បង្ហាញ​នូវ​ការ​បារម្ភ​ហើយ អាមេរិក បាន​លើក​ឡើង​ពី​ខ្សែ​ចំណ​ង​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ ថា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សហរដ្ឋ​អាមេរិក រួម​ទាំង​ទៅ​លើ​មន្រ្តី​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ​ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រកប​ដោយ​ផល​ផ្លែ រវាង​ប្រទេស​ទាំង​ពីរ។
គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​អាមេរិក ដោយ​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កម្ពុជា ដែល​មិន​ទាន់​បាន​ដើរ​តាម​គោល​នយោបាយ​កែ​ប្រែ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រាប់​បែក​គីមី ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​លើ​ទឹក​ដី​កម្ពុជា កាល​ចុង​ទស្សវត្ស​៦០ និង​ដើម​ទស្សវត្ស​៧០ និង​ដែល​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​​ពលរដ្ឋ​កម្ពុជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង៕

នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃពុធទី១៥វិច្ឆិកានេះថា សមត្ថកិច្ច នឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូល ដោយថា ដើម្បីការពារករណី មានការតវ៉ាណាមួយ ដែលធ្វើឲ្យរំខាន ដល់ដំណើរការបើកសវនាការ។
នៅវីអូឌីពេលសួរថា​ តើនៅថ្ងៃស្អែកនេះ នគរបាលជាតិ នឹងត្រៀមដាក់កម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ដែរ? លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា លោកនៅមិនទាន់ដឹងនោះទេ ដោយរងចាំមើលពីសភាពការណ៍ជាក់ស្ដែង។
លោកមានប្រសាសន៍ថា៖ «វិធានការរបស់នគរបាលជាតិមិនងាប់ក្រឡាទេ! សួរខ្ញុំថា ដាក់កម្លាំងប៉ុន្មាន ខ្ញុំលំបាកឆ្លើយ!…វិធានការបស់នគរបាលមិនចង់ធ្វើអីក្ឌុងក្ឌាំង! បើសិនសភាពការណ៍​មិនមានបញ្ហាអ្វីទេ គឺយើង​ធ្វើរបៀបការពារជុំវិញតុលាការកំពូលតិចតួចទេ។ ប៉ុន្តែបើសភាពការណ៍ មានការចាំបាច់… នឹងបន្ថែមកម្លាំងឆ្លើយតប។ យើងមិនអាចថា ត្រៀមមកគ្រាន់តែការពារតុលាការ យើងដាក់កម្លាំងរាប់ម៉ឺន វាដូចមិនដល់ថ្នាក់នឹងទេ»
កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា គឺចំពេលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើង​បន្ទាប់​ពី​នគរបាល​ជាតិបាន​រាយការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ចំ​ថ្ងៃ​ប្រកាស​សេចក្ដី​សម្រេច​អំពី​ជោគ​វាសនា​របស់​បក្ស​មួយ​នេះ។ ទោះជាយ៉ាង​ណា ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​បែប​នេះ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​នោះ​ឡើយ។
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកទី១៦វិច្ឆិកានេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។ ជាញឹកញ៉ាប់ សមត្ថកិច្ចរាប់សិបនាក់ ត្រូវគេមើលឃើញថា តែងតែដាក់ពង្រាយ ហើយ កំណាត់ផ្លូវមួយចំនួន ជុំវិញតុលាការ ដូចជា វិថីព្រះស៊ីសុវត្ថិ វិថីសម្តេចសុធារស ផ្លូវលេខ២៤០ ត្រូវផ្អាកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន៕

អាមេរិកថា ជំនួបរវាងលោក ហ៊ុន សែន និង ត្រាំ មិនមែនភ្លេចរឿងសិទ្ធិមនុស្ស

សហរដ្ឋអាមេរិក ច្រានចោលការចោទថា ទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ ខ្វះភាពអព្យាក្រឹត្យ និងថា សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយផ្ទាល់ ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថា តំណាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហាកម្ពុជា។
ក្នុងជំនួបទ្វេភាគីមួយ កាលពីថ្ងៃអង្គារទី១៤វិច្ឆិកា ម្សិលមិញ នៅប្រទេសហ្វីលីពីន គណៈប្រតិភូសហរដ្ឋអាមេរិកចំនួន២រូប គឺលោក ​Matt Pottinger ​ជំនួយការរង​​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និងឧបការីរង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍លោក​ Patrick Murphy បានលើកយកក្ដីកង្វល់ទាំងនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្រោយជំនួបនោះ។
បើតាមសេចក្ដីថ្លែងការណ៍ ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញក្ដីបារម្ភជាថ្មី អំពីចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ការគាបសង្កត់គណបក្សប្រឆាំង និងការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
សហរដ្ឋអាមេរិកជឿថា រដ្ឋាភិបាលកម្ពុជា នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាខ្លួនឯង ទទួលបាន ក្នុងរយៈពេល១ទសវត្សមកនេះ ទាំងផ្នែកប្រជាធិបតេយ្យ ការរីកចម្រើន សន្ដិភាព និងការផ្សះផ្សាជាតិ ជាពិសេស គឺជំនួយ ដែលសហរដ្ឋអាមេរិក ផ្ដល់ឲ្យក្នុងកិច្ចការទាំងនេះ។
បើតាមសេចក្ដីថ្លែងការណ៍ដដែល ភាគីសហរដ្ឋអាមេរិក ពន្យល់ថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសំណេះសំណាល និងសំដែងការគួរសម ជាមួយមេដឹកនាំអាស៊ាន ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងនោះ ពួកគេថា នោះគឺដើម្បីឲ្យគូភាគី អាចឆ្ពោះទៅមុខរួមគ្នា លើកក្ដីបារម្ភនានា និងដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ឲ្យប្រសើរឡើង។
សេចក្ដីថ្លែងការណ៍នោះ ឲ្យដឹងបន្ថែមថា៖ «ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានជួបសំណេះសំណាលជាមួយមេដឹកនាំក្នុងតំបន់ ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក និងជំនួបអាស៊ាន-អាមេរិក នោះ សហរដ្ឋអាមេរិកបង្ហាញក្ដីសង្ឃឹមថា នោះនឹងអាចផ្ដល់ឲ្យប្រជាជាតិទាំងពីរ នូវឱកាសឆ្ពោះទៅមុខ បង្ហាញក្ដីកង្វល់នានា និងអភិវឌ្ឍមិត្តភាពទ្វេភាគី»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៣ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រាប់ដោយផ្ទាល់​ទៅលោក ដូណាល់ ត្រាំ ឲ្យណែនាំមន្ដ្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលលោកថា មិនបានដើរតាមគោលនយោបាយថ្មី របស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
លោក ហ៊ុន សែន បាន​ចោទ​តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ថា​ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហានៅកម្ពុជា និងថា បានយកបញ្ហាសិទ្ធិមនុស្ស មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។​
លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្ដង […] នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានបានធ្វើការកែប្រែទេ»។
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍ គណៈប្រតិភូសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីស្មារតី នៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា គួរមានទំនាក់ទំនងការបរទេសល្អ ជាមួយសហរដ្ឋអាមេរិក ដោយថា ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រទេសមហាអំណាច ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះ។

សមត្ថកិច្ចឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់​

សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ យកទៅសួរនាំជុំវិញករណីបង្កើតបន្ទប់សម្រាប់ថតសំឡេង និង កាត់តវីឌីអូ ដោយថា មិនមានច្បាប់អនុញ្ញាត។​
តាមកំណត់ហេតុរបស់សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះនៅក្នុងផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតនៅក្នុងខណ្ឌមានជ័យ។ អ្នកទាំងពីរនោះឈ្មោះ អួន ឈិន និង យាង សុជាមេត្តា។
តាមចម្លើយរបស់លោក អួន ឈិន ប្រាប់សមត្ថកិច្ចថា ការបង្កើតបន្ទប់សម្រាប់កាត់តសំឡេង និង វិឌីអូនេះ គឺក្នុងបំណងរៀបចំកន្លែងប្រកបរបរកាត់តរូបថត និង វីឌីអូ មង្គលការ ។​ ក្រោយការចាប់ខ្លួនមានព័ត៌មានថា អ្នកទាំងពីរនេះ ត្រូវបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានដឹងពីចំណាត់ការបន្ទាប់នោះទេ៕

Thursday, November 9, 2017

HRW ស្នើ​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក ហ៊ុន សែន នៅ​សន្និសីទ​កំពូល​អាស៊ាន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ក្រុម​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ មក​លើ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។ ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅ​ពេល​ដែល​មេដឹកនាំ​កំពូលៗ​នៅ​លើ​ពិភពលោក គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ឬ​ហៅថា អេប៉ិច (APEC) និង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម និង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។
នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊េដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ពិភពលោក រួម​មាន​សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កាណាដា អូស្ត្រាលី និង​ម៉ិចស៊ិក ដែល​នឹង​ចូលរួម​បើក​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក និង​សន្និសីទ​ប្រចាំ​ឆ្នាំ​កំពូល​អាស៊ាន ឲ្យ​លើក​យក​បញ្ហា​វិបត្តិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​នឹង​បញ្ហា​ក្ដៅៗ​ក្នុង​តំបន់​ដទៃ​ទៀត មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​ទាំងពីរ​នេះ​។​
លោក ប្រ៊េដ អាដាម ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ ដែល​មេដឹកនាំ​ពិភពលោក​ទាំងនេះ គួរ​រួមគ្នា​បង្កើន​ការ​គាបសង្កត់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក បញ្ឈប់​នូវ​យុទ្ធនាការ​វាយប្រហារ​តាម​ផ្លូវ​ច្បាប់ ដោយ​គ្មាន​មូលដ្ឋាន ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ​ក្នុង​ប្រទេស​នេះ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ ក្រោម​បទចោទប្រកាន់​ដែល​មិន​មែន​ជា​ការពិត។ លោក ប្រ៊េដ អាដាម ថ្លែង​ថា ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ឈាន​ទៅ​រក​ការ​បរាជ័យ​ហើយ ខណៈ​ដែល​មាន​សន្និសីទ​អាស៊ាន​នេះ។ លោក​បន្ត​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា គួរ​ថ្កោលទោស​នូវ​រាល់​កិច្ចប្រឹងប្រែង​ជម្នះ​របស់​លោក ហ៊ុន សែន ដើម្បី​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​ការ​វិល​ត្រលប់​មកវិញ នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​ឯក​បក្ស​ក្នុង​ប្រទេស​កម្ពុជា​នេះ ហើយ​ត្រូវ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​នូវ​សំណុំរឿង​ប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង និង​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ ដែល​លោក​ថា ធ្វើឡើង​ក្រោម​បទ​ចោទ​ប្រកាន់​ដែល​ជា​ការ​ប្រឌិត​ឡើង​សុទ្ធសាធ។
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ គាស់​រម្លើង​សម្បក​លទ្ធិប្រជាធិបតេយ្យ ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​សំឡេង​អ្នក​រិះគន់ និង​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង ជាមួយ​នឹង​ការ​បង្កើត និង​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​នានា ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្សប្រឆាំង ដែល​ក្រុម​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា ជា​ការ​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ នៅ​ទី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​កាន់អំណាច នឹង​បើកសវនាការ​លើ​សំណុំរឿង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ករណី​នយោបាយ បង្កើត​ឡើង​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច​អាច​ដណ្ដើម និង​ធានា​ជ័យជម្នះ​រួចជាស្រេច នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ មកដល់។
កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ខណៈ​សន្និសីទ​កំពូល​អាស៊ាន នឹង​ប្រព្រឹត្តិ​ទៅ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ ឆ្នាំ ២០១៧​នេះ គឺជា​ខួប​លើក​ទី ៥០​ឆ្នាំ នៃ​សមាគម​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជិត ៦២២ លាន​នាក់ មក​ពី​ប្រទេស​ចំនួន​១០ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ សន្និសីទ​កំពូល​អាស៊ាន​លើក​ទី ៣១​នេះ នឹង​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ​ប្រចាំ​តំបន់ ក្រោម​ប្រធានបទ «វិបុលភាព​សម្រាប់​ទាំងអស់​គ្នា»
ក្រៅពី​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​លើ​ពិភពលោក​ទាំងនេះ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​ពិភពលោក​ទាំងនេះ លើក​យក​ពី​បញ្ហា​បារម្ភ​នានា នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដទៃ​ទៀត រួមមាន​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​ហ្វីលីពីន និង​របប​ផ្ដាច់ការ​យោធា​នៅ​ប្រទេស​ថៃ មក​ដោះស្រាយ​ផង​ដែរ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...