Wednesday, November 8, 2017

អ្នក​សេដ្ឋកិច្ច​និង​សហជីព​បារម្ភ​ថា​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀកបំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើន​ឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀងរាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិន​ល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ។
អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែក​ជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើម​ឆ្នាំ​២០១៧ មាន​ចំនួន​កើន​ឡើង​តិច​តូច​នៅ​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៧ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៥ មាន​ចំនួន ៦.៨០០​លាន​ដុល្លារ ឆ្នាំ​២០១៦ មាន ៧.៣០០​លាន និង​សម្រាប់​ឆ្នាំ​២០១៧ ការ​ព្យាករ​ចន្លោះ​ពី ៧.៨០០​លាន ទៅ ៨.០០០​លាន​ដុល្លារ​អាមេរិក។
សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នៅ​មាន​កំណើន​តិចតួច​នេះ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​ដើម​ឆ្នាំ​២០១៧ មិន​ទាន់​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ឡើយ។ បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​រយៈពេល ៦​ខែ​ចុង​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​នៅតែ​បន្ត​កើន​ឡើង ឬ​ថយ​ចុះ​នោះ​ឡើយ៖ «»។
ប្រតិភូ​សហភាព​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្រមាន​ថា កម្ពុជា​នឹង​អាច​ប្រឈម​ពី​ការ​កាត់​ជំនួយ និង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង។
ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កាណាដា។ ទីផ្សារ​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ គឺ​ទីផ្សារ​សហភាព​អឺរ៉ុប និង​បន្ទាប់​មក​សហរដ្ឋអាមេរិក ដែល​ប្រភេទ​ទំនិញ​ខ្លះ អាមេរិក​អនុគ្រោះ​ពន្ធ និង​យកពន្ធ​តិច​តូច​ជា​ទី​ផុត។
​អ្នក​ជំនាញ​ខាង​កសិកម្ម និង​សេដ្ឋកិច្ច និង​ជា​អតីត​ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ ធ្លាប់​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ខ្លាំង​បាន​ទេ លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​កសិកម្ម​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​វិស័យ​វាយនភណ្ឌ និង​វិស័យ​កសិកម្ម ដែល​កសិផល​គ្មាន​ទីផ្សារ និង​តម្លៃ​ថោក​ជាដើម។
នៅ​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់បីដូចជា​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ ដោយ​លោក​រៀបចំ​ជួប​ជុំ​កម្មករ​រាប់​ម៉ឺន​នាក់​​ជា​រៀងរាល់​សប្ដាហ៍។ ទន្ទឹម​នឹង​នេះ និយោជក និង​រដ្ឋាភិបាល​សន្យា​ផ្ដល់​ជូន​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន ១៧០​ដុល្លារ​ក្នុង​១​ខែ ចាប់​ពី​ឆ្នាំ​២០១៨ ទៅ។
តំណាង​សហជីព​លើក​ឡើង​ថា ថ្វី​បើ​វិស័យ​វាយនភណ្ឌ​មាន​ឥទ្ធិពល និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្ដី ប៉ុន្តែ​វិស័យ​នេះ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ រួម​មាន​កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​វត្ថុ​ធាតុ​ដើម គឺ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ហើយ​គ្រាន់តែ​ជា​កន្លែង​កាត់ និង​ដេរ ដែល​ប្រាក់​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​ត្រូវ​ចំណាយ​លើ​វត្ថុធាតុដើម​ជាង ៦០%។ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង​ថ្លៃ សេវាកម្ម ការ​គោរព​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង និង​បង្ក​ហានិភ័យ​ដល់​​អ្នក​វិនិយោគ និង​សង្គម​កម្ពុជា ទាំង​មូល៕

លោក សុន ឆ័យ៖ គណបក្ស​កាន់​អំណាច​នឹង​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទាំងអស់

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់​បញ្ជី​តំណាងរាស្ត្រ​របស់​ខ្លួន​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បន្ថែម​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទាំង ១០ ទេ ដោយ​លោក​លើក​ហេតុផល​ថា បក្ស​ប្រឆាំង​ពុំ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បោះឆ្នោត​ការពារ​បេក្ខជន​ដែល​ខ្លួន​ដាក់​ឲ្យ​សម័យប្រជុំ​រដ្ឋសភា​ជ្រើសតាំង​នៅ​ពេល​ខាង​មុខ។
ប្រតិកម្ម​របស់​លោក សុន ឆ័យ នេះ ដោយសារ​តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​អនុម័ត​បញ្ជី​ឈ្មោះ​របស់​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ឈរ​ជា​បេក្ខជន​សម្រាប់​ជ្រើសតាំង​បន្ថែម​ក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា។
អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា កន្លង​មក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ស្នើ​​ដំឡើង​​ចំនួន​សមាជិក​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា​ពី ៩ ទៅ ១១​រូប ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​អស់ ១០ គណៈកម្មការ​នៃ​រដ្ឋសភា។
លោក សុន ឆ័យ អះអាង​ថា គោលបំណង​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​បន្ថែមចំនួន​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពី ៩ ទៅ ១១​រូប ក្នុង​គណៈកម្មការ​នីមួយៗ​នេះ គឺ​ដើម្បី​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទាំង​អស់​តែម្ដង ហើយ​អាច​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ថ្មី​ជំនួស​ឲ្យ​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​មក​ពី​ខាង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​គណបក្ស​នេះ​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​សរុប​ចំនួន​៥។
​លោក សុន ឆ័យ៖ «ខ្ញុំ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ខ្ញុំ​និយាយ​នេះ​គ្រាន់តែ​ឮ​គេ​ថា​ទេ។ ដើម្បី​ទី​មួយ​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គ្រប់​គណៈកម្មការ​ទាំង​អស់ គឺ​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​សិន​ណា​ជា​គណៈកម្មការ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ប្រធាន ហើយ​បើ​សមាជិក ៥ រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ប្រជុំ ឬ​ក៏​យ៉ាង​ម៉េច នោះ​គណៈកម្មការ​នោះ​មិន​អាច​ប្រជុំ​កើត​នោះ​ទេ។ នេះ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ចង់​បន្ថែម​សមាជិក​ពីរ​នាក់​មក​ពី​គណបក្ស​ផ្សេង​ទៀត ដើម្បី​ឲ្យ​មាន​កូរ៉ុម​ធ្វើ​ការ ហើយ​កូរ៉ុម ភាគ​ច្រើន​ក៏​អាច​ឲ្យ​គេ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ប្រធាន​ដែល​មក​ពី​គណបក្ស​ខ្លួន​ឯង​ដែរ»
​ក្រៅ​ពី​របៀបវារៈ​នេះ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏​បាន​អនុម័ត​ប្រគល់​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​ចំនួន​ពីរ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៦ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា មុន​នឹង​សម្រេច​ដាក់​ឲ្យ​សម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​អនុម័ត​ជា​ច្បាប់​នៅ​ពេល​ខាង​មុខ៕

នគរបាល​ខេត្ត​ក្រចេះ​រង​ការ​រិះគន់​មិន​បង្ក្រាប​ឡាន​ដឹក​ឈើ

ក្រចេះ: នគរបាល​ដាក់​ប៉ុស្តិ៍​ពេល​យប់​នៅ​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​រិះគន់​ថា មិន​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ដែល​បើក​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​ខ្លួន ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​បង្ក្រាប​ព្រោះ​អ្នក​ដឹក​ឈើ​ញៀន​ថ្នាំ និង​មាន​ដាវ​សាមូរ៉ៃ​។
ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​រួមមាន​អ្នក​សារព័ត៌មាន​ផង​ដែរ​ដោយ​ពួកគេ​បាន​ដេញ​ថត​សកម្មភាព​ឡាន​សាំយ៉ុង​ដឹកឈើ​ជាច្រើន​គ្រឿង​ចេញ​ពី​ក្រុង​ក្រចេះ​។ ខ្សែ​វីដេអូ​ខ្លីៗ​ចុង​ក្រោយ​ចំនួន​ ២ ​ត្រូវ​បាន​ថត​កាលពី​យប់​ថ្ងៃ​ចន្ទ​ឈាន​ចូល​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​បង្ហោះ​នៅ​គេហទំព័រ​ហ្វេសប៊ុក​ឈ្មោះ ​“​ខ្លី​ខ្លឹម​” និង​ត្រូវ​ចែករំលែក​តៗ​គ្នា​ជាច្រើន​។ តាមរយៈ​ខ្សែ​វីដេអូ​ទាំង​នោះ​គេ​ឃើញ​ឡាន​ម៉ាក​សាំយ៉ុង​ដឹក​ឈើ​យ៉ាង​ហោច​ណាស់​ ៥ ​គ្រឿង​ត្រូវ​បាន​នគរបាល​អនុញ្ញាត​ឲ្យ​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ខ្លួន​ «​យ៉ាង​រលូន​»​។ ការ​បណ្តែត​បណ្តោយ​នេះ​ត្រូវ​បាន​គេ​សរសេរ​រិះគន់​ថា​៖ «​ដាក់​​ [​ប៉ុស្តិ៍​] ​ធ្វើ​អី បើ​ដាក់​គ្រាន់​តែ​ឈរ​មើល​ដដែល​ហ្នឹង​? យ៉ាប់​ណាស់​លោក​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​»​។ បន្ថែម​ពី​នេះ​ទៀត ​“​ខ្លី​ខ្លឹម​” ​បាន​ដកស្រង់​សម្ដី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ដោយ​និយាយ​ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ពិបាក​ចាប់​រថយន្ត​ដឹកឈើ​ព្រោះ​ពួកគាត់​អ្នក​បើកបរ​ភាគច្រើន​ «​ប្រើ​គ្រឿងញៀន និង​មាន​ដាវសាមូរ៉ៃ​ម្យ៉ាង​អត់​កម្លាំង​សហការ​ពេល​ខ្លះ​យប់ៗ​ពេក​។ មិន​ដឹង​ធ្វើ​ម៉េច​»​។
អ្នក​សារព័ត៌មាន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ការ​ដឹក​ឈើ​មាន​ជា​ហូរហែ​រាល់​យប់​មិន​ដែល​ដាច់ ហើយ​គ្រាន់​តែ​ក្នុង​រយៈពេល​ ២ ​យប់​ចុង​ក្រោយ​នោះ​ក្រុម​ការងារ​លោក​បាន​ឃើញ​ឡាន​សាំយ៉ុង​ដឹក​ឈើ​យ៉ាង​ហោច​ណាស់​ជិត​ ២០ ​គ្រឿង​ដែរ ដែល​ដឹក​ចេញ​ពី​ខេត្ត​ក្រចេះ​តាម​ស្រុក​សំបូរ​, ឆ្លូង ឬ​ចិត្របុរី ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​ជាដើម​។
ឆ្លើយតប​នឹង​ការ​រិះគន់​ខាង​លើ​នេះ​លោក​ ស៊ុម សុឃីម ​ស្នងការង​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​សេនាធិការ​បាន​ពន្យល់​ថា​មន្ត្រី​នគរបាល​ដែល​ដាក់​ប៉ុស្តិ៍​នោះ​គឺ​ត្រួតពិនិត្យ​គ្រឿងញៀន ឬ​អាវុធ​ជាតិ​ផ្ទុះ​ដែល​មិនមែន​មាន​គោលដៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​ពួកគាត់​មិនមែន​ជា​កម្លាំង​ចម្រុះ​នោះ​ទេ​។ ប៉ុន្តែ​ជា​រឿយៗ​កម្លាំង​នគរបាល​តែងតែ​ចូលរួម​ជាមួយ​នឹង​កម្លាំង​ចម្រុះ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​បែប​នោះ​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ក្នុង​ករណី​ដែល​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​សុំ​សហការ​ឲ្យ​ស្ទាក់​ចាប់​បទល្មើស​នោះ​កម្លាំង​នគរបាល​តែងតែ​ជួយ​បង្ក្រាប​ដែល​មិន​ងាយ​នឹង​រត់​រួច​ទេ ព្រោះ​កម្លាំង​នគរបាល​មាន​ច្រើន​ហើយ​ឡាន​បើក​តែ​នៅ​លើ​ផ្លូវ​ទៀត​។
លោក​ស្នងការរង​ថ្លែង​ថា​៖ «​ការ​បង្ក្រាប​បទល្មើស​វា​មិន​ខុស​ទេ តែ​យើង​អត់​លូកលាន់​ [​រឿង​ព្រៃឈើ​ទេ​] ​។ កាលណា​យើង​ធ្វើ​វា​ច្រើន​មុខ​ពេក​។ ឥឡូវ​យើង​ផ្តោត​ខ្លាំង​បញ្ហា​គ្រឿងញៀន និង​អាវុធ​ជាតិ​ផ្ទុះ​»​។ លោក​ឲ្យ​ដឹង​ថា​ក្នុង​យុទ្ធនាការ​បង្ក្រាប​ការ​ដឹកឈើ និង​អុស​កាលពី​ពេល​ថ្មីៗ​នេះ​មាន​កម្លាំង​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​មាន​ការ​លំបាក​ខ្លាំង​ណាស់​ព្រោះ​ក្រុម​អ្នក​បើកបរ​ទាំង​នោះ​មាន​សុទ្ធតែ​ដាវ និង​ខ្លះ​ក៏​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ផង​ដែរ​។
លោក​ថ្លែង​ថា​៖ «​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​គ្រាន់​តែ​ចាប់​ដឹក​អុស​នេះ​មក​សុទ្ធ​តែ​ដាវសាមូរ៉ៃ​។ ដាវ​យក​ទៅ​កាប់​អី​? មាន​តែ​កាប់​មនុស្ស​។ ពួក​នេះ​បើក​ឡាន​​អាក្រក់ៗ​ណាស់​។ កាលពី​មុន​បើ​ឃើញ​ឡាន​សមត្ថកិច្ច​អ៊ីចឹង បើក​រេ​ពេញ​ផ្លូវ​តែ​ម្តង​មិន​ឲ្យ​យើង​វ៉ា​ទេ​»​។ រថយន្ត​ដឹក​អុស​ប្រមាណ​ជា​ ១០០ ​គ្រឿង​ត្រូវ​បាន​បង្ក្រាប​កាលពី​ខែ​តុលា​កន្លងមក​ដែល​ធ្វើឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​ចម្រុះ និង​ក្រុម​អ្នក​បើកបរ​។ ក្នុង​នោះ​អ្នក​បើកបរ​ម្នាក់​បាន​ចាប់​ខ្លួន​ក្រោយ​ពេល​បើក​ឡាន​បុក​រថយន្ត​សមត្ថកិច្ច​។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ដោយ​ចៅក្រម ហើយ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​រហូត​ដល់​មាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​យុត្តិធម៌​។ លោក​ ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក​គុយ ហួត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕

លោក ហ៊ុន សែន រក​អ្នកភ្នាល់ «១ស៊ី១០០» ករណីរំលាយបក្សសង្គ្រោះជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរកអ្នកភ្នាល់គ្នាជាមួយលោក​ ដោយថា១សងត្រលប់វិញ​១០០ ករណីរំលាយគណបក្សសង្គ្រោះជាតិ​ ខណៈតុលាការកំពូលនឹងបើកសវនាការលើករណីនេះ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ។​
នៅក្នុងពិធីជួបជាមួយកម្មករកម្មការនីនៅតំបន់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា អ្នកនៅតាមហាងកាហ្វេកំពុងតែភ្នាល់គ្នា ករណីរំលាយគណបក្សសង្គ្រោះជាតិ​។ លោក​បន្តថា លោកហ៊ានភ្នាល់គ្នា ១សងវិញ​១០០ បើសិនជាមិនរំលាយ ឲ្យទៅយកលុយពីលោក។​
នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ជុំវិញករណីនេះ គណបក្សសង្គ្រោះជាតិ​មិនបានដាក់ឯកសារតតាំងក្តីនៅតុលាការនោះទេ ដោយបញ្ជាក់ថា នេះជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕

ក្រុម​ប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះ​ចូល​ CPP ត្រូវ​បក្ស​លុប​ឈ្មោះ​ចេញ​ដាក់​អ្នកថ្មី​ជំនួស

ភ្នំពេញៈ ខណៈ​ដែល​ការ​ដាក់​ឱសានវាទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កាន់តែ​ខិត​ជិត​មក​ដល់​ថ្ងៃ​កំណត់​ចុងក្រោយ​គឺ​នៅ​មុន​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនាការ​សម្រេច​ពី​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​តើ​ត្រូវ​រំលាយ​ចោល​ឬ​យ៉ាង​ណា​នោះ​គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​មាន​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០០ នាក់​ហើយ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ ខណៈ​ដែល​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ភាគច្រើន​លើសលប់​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​។
ក្រុម​ប្រឹក្សា​ដែល​បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​ដែល​ខ្លះ​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ធ្វើ​ឡើង​ដោយ​បង្ខំ​ចិត្ត​ដោយសារ​តែ​ដើម្បី​រក្សា​តំណែង​នោះ​ក៏​ត្រូវ​បាន​បក្ស​ប្រឆាំង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បក្ស​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​ដាក់​អ្នក​ថ្មី​ជំនួស​ដែល​ប្រការ​នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ក្រុម​អ្នក​ដែល​រត់​ចោល​បក្ស​ទាំង​នោះ​អាច​នឹង​បាត់បង់​ការងារ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​នោះ​។
ចាប់​តាំងពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​សមាជិក​គណបក្ស​ប្រឆាំង​ចុះ​ចូល​ជា​ថ្នូរ​នឹង​ការ​រក្សា​តំណែង និង​តួនាទី​នៅ​ដដែល​នោះ​លោក សុខ ឥសាន បាន​ថ្លែង​ថា​គិត​រហូត​មក​ដល់​ល្ងាច​ម្សិលមិញ​មាន​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​ប្រហែល​ ១០០ នាក់​ហើយ​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​ក្នុង​នោះ​មាន​ចាប់​តាំងពី​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​រហូត​ដល់​ក្រុមប្រឹក្សា​ខេត្ត​។
នៅ​ពេល​សួរ​ថា តើ​គណបក្ស​ប្រជាជន​ធានា​បែប​ណា​ចំពោះ​តួនាទី​របស់​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​នោះ​លោក​ ឥសាន ឆ្លើយ​ថា​៖ «​ចាំ​មើល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​»​។ «​ខ្ញុំ​មិន​ប្រាកដ​ទេ តែ​យើង​មើល​ពី​ពិរុទ្ធភាព​របស់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ដែល​ពិរុទ្ធភាព វា​ពាក់ព័ន្ធ​នឹង​មាត្រា​ ៦ ថ្មី និង​មាត្រា ៧ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ យើង​ដឹង​ហើយ​តើ តែ​យើង​កុំ​ថា​ក្រែង​គេ​ថា​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​»​។
ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​មន្ត្រី​មូលដ្ឋាន​មកពី​គណបក្ស​ប្រឆាំង​ ៣ ​រូប​ក្នុង​សង្កាត់​ដំរី​ជាន់ខ្លា​ក្នុង​នោះ​រួម​ទាំង​ចៅសង្កាត់ ចៅសង្កាត់រង​ទី​​ ១ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បាន​សម្រេច​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បន្ទាប់ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន​។
លោក​ ស៊ុន ចន្ធី ប្រធាន​គណកម្មការ​ប្រតិបត្ដិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ខេត្ត​កំពង់ធំ​មាន ៦ រូប​បាន​បង្ខំ​ចិត្ត​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ក្នុង​នោះ​ក៏​មាន​ចៅសង្កាត់ និង​ក្រុម​ប្រឹក្សា​ចំនួន ៣ រូប​នៅ​សង្កាត់​ដំរី​ជាន់ខ្លា​ផង​ដែរ​។
លោក​បន្ត​ថា​៖ «​ជាក់ស្ដែង​អ្នក​នៅ​សង្កាត់​ដំរី​ជាន់ខ្លា នៅ​សង្កាត់​កំពង់ធំ នៅ​កណ្ដាល​ទីក្រុង ពេល​ឮ​អ៊ីចឹង​អ្នក​នៅ​ទីក្រុង​សុទ្ធ​តែ​អ្នក​គេ​ចេះដឹង គេ​ឲ្យ​តម្លៃ​ទៅ​លើ​ពួកគាត់ តែ​ក្រោយ​ពេល​ពួកគាត់​ទៅ​ចុះ​ចូល​អ៊ីចឹង​ទៅ​មាន​ការ​រិះគន់​ជាច្រើន​ទៅ​លើ​ពួកគាត់​»​។
លោក​ថ្លែង​ថា​៖ «​ទី​មួយ​ដោយសារ​គាត់​ភ័យខ្លាច​ដោយសារ​ការ​គំរាមកំហែង​ពី​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ក្នុង​មូលដ្ឋាន​ធ្វើឲ្យ​ពួកគាត់​មាន​ការ​គិតគូរ​មិន​បាន​វែង​ឆ្ងាយ​ហើយ​គាត់​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន ប៉ុន្តែ​មិនមែន​ជា​ការ​ស្ម័គ្រចិត្ត​ដោយ​ត្រង់​របស់​ពួកគាត់​ពី​ដើម​ទី​ទេ​ដោយសារ​ការ​លួងលោម ការ​ទិញ​តាមរយៈ​ការ​ផ្តល់​លុយកាក់ ការ​ធានា​រក្សា​តំណែង​របស់​ពួកគាត់​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រជាជន​»​។
លោក​ឲ្យ​ដឹង​ថា​បន្ទាប់ពី​មន្ត្រី​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ​បាន​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​បញ្ជី​បក្ស ហើយ​បាន​ដាក់​អ្នក​ថ្មី​ជំនួស ហើយ​ពួកគេ​អាច​នឹង​បាត់បង់​ការងារ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​រំលាយ​ទេ​នោះ​។ «​អ៊ីចឹង​មាន​ន័យ​ថា​យើង​រង់ចាំ​តែ​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​ក្រសួង​មហាផ្ទៃ​ទេ​គឺ​ពួកគាត់​បាន​បាត់បង់​តួនាទី​…»​។
លោក​ ឆេង ចាន់ថា ចៅសង្កាត់​រង​ទី​ ១ នៃ​សង្កាត់​ដំរី​ជាន់ខ្លា​ដែល​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា​លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​បាន​លក់​ខ្លួន​ឲ្យ​គណបក្ស​ប្រជាជន​។ «​គេ​រិះគន់​ថា​ខ្ញុំ​ម៉េច​បាន​ជា​លក់​ខ្លួន​អ៊ីចឹង​ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង អ្នក​ខ្លះ​គេ​យល់ គេ​មិន​អី​ទេ​…​ដោយសារ​យើង​ទៅ​អ៊ីចឹង​ដោយសារ​មកពី​ខ្លាច​មាន​បញ្ហា ឬ​ប្រឈមមុខ​ក្នុង​គ្រួសារ​»​។
លោក អ៊ុល ពៅ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្រក​ក្នុង​ស្រុក​កំពង់សៀម​ថ្លែង​ថា លោក​មាន​អារម្មណ៍​ «​អស់​សង្ឃឹម​» ​ពេល​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​នាពេល​ខាង​មុខ​ហើយ​លោក​ក៏​បាន​សម្រេចចិត្ត​ទៅ​ចូលរួម​រស់​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​។ «​ខ្ញុំ​ដឹង​ថា​គណបក្ស​ប្រជាជន​មាន​តាម​បុគ្គល​ទេ​ខូច​មាន​តែ​ម្នាក់​ពីរ​នាក់​ហ្នឹង​ក្រៅពី​ហ្នឹង​មាន​មនុស្ស​ខ្លះ​ល្អ មាន​ខ្លះ​អាក្រក់​»​។ ​«​ខ្ញុំ​ថា​គណបក្ស​ប្រជាជន​ឥឡូវ​គេ​កែទម្រង់​ច្បាប់ គេ​មិនមែន​ទៅ​គណបក្ស​ប្រជាជន​គេ​ទៅ​កោងកាច​ទៅ​ដាក់​គុក​ដាក់​ច្រវាក់​ទេ ដាក់​តែ​យើង​ខុស​ទេ​»​។
ប៉ុន្តែ​លោក សែម កុសល មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​ទៀត​មកពី​គណបក្ស​ប្រឆាំង ក្នុង​ឃុំ​ស្រក​បាន​ប្រកាន់​ជំហរ​ដាច់​ខាត​មិន​ចុះ​ចូល​បក្ស​កាន់​អំណាច​ទេ ទោះបី​ជា​គណបក្ស​ត្រូវ​រំលាយ​​ក៏ដោយ​។ «​ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្ញុំ​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​ ប៉ុន្តែ​បើ​គេ​រំលាយ​ហើយ ខ្ញុំ​សុខចិត្ត​ថា​ធ្វើ​ជា​ប្រជាពលរដ្ឋ​តែ​ម្តង​»៕

ចៅសង្កាត់​កញ្ញា រ៉ូហ្សេត ប្រកាន់​ជំហរ​ជាថ្មី​ថា​មិន​លក់​ឧត្ដមគតិ​​ទេ​ទោះ​ជួប​ការ​លំបាក​ក្ដី

ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរ​ថា ចាប់​តាំងពី​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ពុំ​ទាន់​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​ទម្លាក់​មក​ឲ្យ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សូម្បីតែ​មួយ​រយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​វ័យក្មេង​រូប​នេះ​អះអាង​ថា ថវិកា​ដែល​កញ្ញា​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​សព្វថ្ងៃ បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។
ទោះបី​ជា​មាន​ឧបសគ្គ​ការងារ ដោយសារ​គ្មាន​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​យ៉ាង​នេះ​ក្ដី ក៏​ចៅសង្កាត់​អូរចារ បក្ស​ប្រឆាំង​រូប​នេះ ក៏​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ហើយ​រត់ចោល​ដំបូល​ព្រះអាទិត្យ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។
ចៅសង្កាត់​អូរចារ​ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា បើ​ទោះ​បី​មួយ​រយៈ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ទូង​ស្គរ​ប្រកូក​ប្រកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់​គណបក្ស​សង្គ្រោះជាតិ ទៅ​ជ្រក​ក្រោម​ដំបូង​ទេវតា​ជាច្រើនលើក​ច្រើន​សា​យ៉ាង​ណា​ក្ដី ក៏​កញ្ញា​នៅតែ​ប្រកាន់​ជំហរ​ថា មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន ហើយ​រត់ចោល​ម្ចាស់​ឆ្នោត​ឡើយ។ ផ្ទុយទៅវិញ ចៅសង្កាត់​ជា​ស្ត្រី​រូប​នេះ អះអាង​ថា កាន់​តែ​មាន​កម្លាំងចិត្ត​ទ្វេដង​ក្នុង​ការ​បំពេញ​ការងារ​ជូន​ម្ចាស់​ឆ្នោត ព្រោះ​កន្លងមក​មាន​ពលរដ្ឋ​ជាច្រើន​នាក់ បានផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្លួន​ធ្វើការ​ទៅ​មុខ​ទៀត៖ «ដូច្នេះ​ខ្ញុំ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ទោះបី​យើង​គ្មាន​ការងារ​ធ្វើ ទោះបី​យើង​ទៅ​លក់ដូរ​សាមញ្ញ​ធម្មតា ក៏​យើង​មាន​សេចក្ដី​សុខ ជាជាង​យើង​យក​កិត្តិយស​ដែល​ពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​យើង​ទៅ​លក់​ឲ្យ​គណបក្ស​ដទៃ ដែល​គាត់​មិនបាន​បោះឆ្នោត​ឲ្យ​នោះ​ទេ។ ទោះបី​ធ្វើការ​មាន​បាន​ផ្ទះ​ធំ​យ៉ាងណាក៏ដោយ​ក៏​មិន​ស្មើ​នឹង​កិត្តិយស​ដែល​ពលរដ្ឋ​បាន​ផ្ដល់​ឲ្យ​យើង​ដែរ»
ទោះជា​យ៉ាង​នេះ​ក្ដី ការ​ចូល​កាន់​តំណែង​ជា​ចៅសង្កាត់​របស់​កញ្ញា​វ័យក្មេង​រូប​នេះ ក៏​ត្រូវ​ជួប​ឧបសគ្គ​ធំៗ​២ ដែល​ត្រូវ​ដោះស្រាយ​ជាប្រចាំ​ដែរ។ បញ្ហា​ទី​១ គឺ​គ្មាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ហើយ​បញ្ហា​ប្រឈម​មួយទៀត គឺ​រង​សម្ពាធ​ការងារ​ពី​អាជ្ញាធរ​ថ្នាក់លើ ដែល​មិន​បាន​អោយ​តម្លៃ​ដល់​នាង​ជា​ចៅសង្កាត់។ ឧទាហរណ៍​៖ នៅ​ពេល​អាជ្ញាធរ​ត្រូវការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​នាង មន្ត្រី​ទាំងនោះ​រួមមាន​មន្ត្រី​ថ្នាក់​ក្រុង ខេត្ត រួម​ទាំង​សមាជិកសភា​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​គឺ​លោក ឈាង វុន ផង តែង​ធ្វើ​ទុក្ខបុកម្នេញ ដល់​ចៅសង្កាត់​រូប​នេះ​ជាប្រចាំ ពោល​គឺ​ចង់​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត ដោយ​មិន​ផ្ដល់​ដំណឹង​អំពី​ការ​អភិវឌ្ឍ​នោះ​ឲ្យ​ចៅសង្កាត់​បាន​ដឹង​ជាមុន​នោះ​ឡើយ។
កញ្ញា រ៉ូហ្សេត អះអាង​ទៀត​ថា តាំងតែ​កញ្ញា​ចូលកាន់​តំណែង​ជា​ចៅសង្កាត់​មក គឺ​ខាង​សង្កាត់​មិន​ទាន់​ទទួល​បាន​ថវិកា សម្រាប់​អភិវឌ្ឍ​ប្រចាំ​ត្រីមាស​បាន​មួយ​រៀល​នៅឡើយ​ទេ។ ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា មូលហេតុ​ដែល​ខាង​សង្កាត់​ទទួល​ថវិកា​យឺតយ៉ាវ​នេះ ទំនង​ដោយសារ​ស្មៀន​ធ្វើ​ឯកសារ​បញ្ជូន​ទៅ​រតនាគារ​ខេត្ត​បាត់ដំបង​យឺតយ៉ាវ ហើយ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​គ្រប់យ៉ាង​នៅ​ក្នុង​សង្កាត់៖ «ដូច្នេះ​មកដល់​ថ្ងៃនេះ នៅ​សង្កាត់​អូរចារ​យើង​មិន​មាន​លុយ​សូម្បី​តែមួយ​រៀល​ក៏​គ្មាន​ដែរ​។​ដូច្នេះ​ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​ចំណាយ​ទៅលើ​បញ្ហា​នេះ​ទាំងអស់ នៅ​ក្នុង​សង្កាត់​តែម្ដង»
អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ស្មៀន​សង្កាត់​អូរចារ​លោក ទួន ឆេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​ប្រព័ន្ធ​សេវា។
ចំណែក​ចៅ​សង្កាត់​រង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា​លោក ហោ ឃឺន មាន​ប្រសាសន៍​ថា បញ្ហា​កញ្ចប់​ថវិកា​វិភាគទាន​របស់​រដ្ឋាភិបាល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់ បើ​ធៀប​នឹង​ចៅសង្កាត់​ចាស់​ពិតជា​មានការ​យឺតយ៉ាវ​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា លោក​ពុំ​ដឹង​ការ​យឺតយ៉ាវ​នេះ​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ។ ទោះ​ជាង​យ៉ាងណា​លោក​ថា ការងារ​មួយ​ចំនួន​របស់​ចៅសង្កាត់​ថ្មី​នេះ​លោក​អាច​ទទួល​យក​បាន៖ «គាត់​ធ្វើ​នឹង​គឺ ត្រឹមត្រូវ​របស់​គាត់​ដែរ​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ក៏​មិនសូវ​សប្បាយ​ប៉ុន្មាន​ដែរ ដោយសារតែ​ពី​ដើម​យើង​ត្រូវ​ផ្ដិតមេដៃ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ភូមិ តែ​គាត់​ចង់​ឲ្យ​តែ​ផ្ដិតមេដៃ​នៅ​ចំពោះ​មុខ​គាត់ ដូច្នោះ​ធ្វើ​ឲ្យ​រវល់​នាំ​ពួកគាត់​មួយ​ចំនួន​មិន​ពេញចិត្ត​ដែរ»
ទោះជា​យ៉ាងណា​លោក ហោ ឃឺន ហាក់​ទទួលស្គាល់​ការដឹកនាំ​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ពិតជា​គ្មាន​អំពើពុករលួយ​មែន ក៏ប៉ុន្តែ​លោក​ថា ចៅសង្កាត់​រូប​នេះ បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ហាក់​ស្មោះត្រង់​ហួសហេតុ ដូចជា​ការ​មិន​យក​កម្រៃ​សេវា​ជាដើម ទើប​ធ្វើ​អោយ​ខ្វះខាត​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់​នោះ៖ «កាល​ពី​មុន​រឿង​ប្រជាពលរដ្ឋ គេ​មក​ពឹង​ពាក់​យើង គាត់​តែងតែ​ផ្ដល់​ថវិកា​ខ្លះ​មក​យើង ដូច្នេះ​ស្មៀន​តែង​យក​លុយ​នេះ​ឯង មក​ប្រើប្រាស់​ថ្លៃ​ទឹក​ភ្លើង​ប្រចាំខែ​នោះ តែ​ដល់​មក​គាត់​អត់​យក​សោះតែ​ម្ដង ហើយ​គាត់​រង់​ចាំ​តែ​លុយ​ថ្នាក់​ជាតិ​ទម្លាក់​មក​អោយ វា​យូរ​ធ្វើ​ឲ្យ​អត់​មាន​ថវិកា​ប្រើប្រាស់»
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់សំគាល់​ថា កញ្ញា រ៉ូហ្សេត បើ​ទោះ​បី​ជា​កន្លង​មក ជួប​ភ្លៀង​ផ្គរ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា កញ្ញា​វ័យក្មេង​រូប​នេះ​បំពេញការងារ​ជូន​ពលរដ្ឋ​ដំណើរការ​ទៅមុខ​ដោយ​រលូន។ លោក​សង្កត់ធ្ងន់​ទៀត​ថា នៅ​ក្នុង​ស្ថានការណ៍​នយោបាយ​ដ៏​ក្ដៅ​គគុក​នេះ កញ្ញា​រ៉ូហ្សេត ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​មានការ​ប្រុង​ប្រយ័ត​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត៖ «ចៅសង្កាត់​រូប​នេះ​ត្រូវតែ​ធ្វើ​អ្វីមួយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ត្រូវ​យក​ច្បាប់​ជា​មូលដ្ឋាន មួយវិញទៀត​ត្រូវ​សហការ​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​គណបក្ស​នយោបាយ​ផ្សេងទៀត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ»
ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ​កន្លងមក ធ្លាប់​បាន​អាជ្ញាធរ​ក្រុង​បាត់ដំបង​ចោទ​ថា បំពេញការងារ​មិន​ស្ដាប់បង្គាប់​ថ្នាក់លើ។ មិន​ត្រឹមតែ​អាជ្ញាធរ​មូលដ្ឋាន​ទេ ដែល​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការងារ​ដ៏​មាន​ប្រជាប្រិយ​របស់​កញ្ញា រ៉ូហ្សេត នោះ សូម្បីតែ​តំណាងរាស្ត្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈាង វុន ក៏​អង្គុយ​មិន​ជាប់​ដោយសារ​ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ដែរ។ កាលពី​ពេល​ថ្មី​នេះ​លោក ឈាង វុន ធ្លាប់​ចុះទៅ​ព្រមាន​កញ្ញា រ៉ូហ្សេត ដល់​សង្កាត់​អូរចារ ជាច្រើន​លើក​មក​ហើយ ក្នុង​នោះ​លោក​ថា ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​លូ​បង្ហូរ​ទឹក និង​ធ្វើ​ផ្លូវថ្នល់​គ្មាន​ស្តង់ដារ​ជាដើម។ ប៉ុន្តែ​ការងារ និង​ស្នាដៃ​របស់​កញ្ញា រ៉ូហ្សេត ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ។
អ្នកភូមិ​ដែល​នៅ​តំបន់​មាន​បញ្ហា ភាគច្រើន​អះអាង​ថា ពួកគាត់​ជួប​បញ្ហា​ជាច្រើន​ឆ្នាំ​ហើយ ពុំ​មាន​មេឃុំ​ចៅសង្កាត់​ណា​ជួយ​ធ្វើ​ផ្លូវ​ជូន​ពួកគាត់ ដូច​ចៅសង្កាត់​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​នេះ​ទេ។
កញ្ញា រ៉ូហ្សេត ប្ដេជ្ញា​ជាថ្មី​ថា ល្គឹកណា​គណបក្ស​សង្គ្រោះជាតិ នៅ​មាន​ដង្ហើម​នៅឡើយ កញ្ញា​នៅតែ​បន្ត​ការងារ​របស់​ខ្លួន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ទៅ​មុខ​ទៀត​ដោយ​ងាករេ​ឡើយ៕

អ្នក​ភូមិ​ដែល​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​មាស​ត្រូវ​អាជ្ញាធរ​កោះហៅ​មក​សួរនាំ

សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី កោះហៅ​ជនជាតិ​ដើម​ភាគតិច​អោយ​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ពាក់ព័ន្ធ​ការ​ដឹកនាំ​ពលរដ្ឋ​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ស្រាវជ្រាវ​រ៉ែ​មាស​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​រស់​នៅ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ​ជា​ការ​បំភិតបំភ័យ និង​គំរាមកំហែង​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​ច្បាប់។
សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី បាន​កោះ​ហៅ​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​មក​ស្រាយ​បំភ្លឺ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បន្ទាប់​ពី​មេ​ឃុំ​ប៉ាតេ មក​ពី​គណបក្ស​កាន់​អំណាច លោក ឆាយ ធី បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​ច្បាប់​បន្ទាន់ ពាក់ព័ន្ធ​ការ​ញុះញង់​ប្រមូល​ផ្តុំ​តវ៉ា​ឲ្យ​ប្រព្រឹត្ត​បទល្មើស កាល​ពី​ចុង​ខែ​តុលា។
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ដែល​សមត្ថកិច្ច​កោះ​ហៅ រស់​នៅ​ឃុំ​ប៉ាតេ លោក លេះ វីរៈ សម្ដែង​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​បន្ទាប់ពី​សមត្ថកិច្ច​បាន​ពន្យល់​ពី​ច្បាប់​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម ដោយ​តម្រូវ​ឲ្យ​អ្នក​ភូមិ​សុំ​ច្បាប់​អនុញ្ញាត។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ប្រាប់​ថា បើ​សហគមន៍​ចង់​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ពី​មូលដ្ឋាន​រហូត​ដល់​អាជ្ញាធរ​ខែត្រ​ជាមុន ទើប​មាន​សិទ្ធិ​ធ្វើបាតុកម្ម​បាន។ លោក​ថា សមត្ថកិច្ច​បាន​ព្រមាន​ថា បើ​ពលរដ្ឋ​ណា​បាតុកម្ម​ដោយ​ខុស​ច្បាប់​គេ​នឹង​ចាប់​ខ្លួន។
លោក​បន្ថែម​ថា សមត្ថកិច្ច​បាន​កោះហៅ​សហគមន៍​មក​ស្រាយ​បំភ្លឺ​នេះ ទំនង​ជា​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី គឺ​ជា​ដើម​បណ្ដឹង ព្រោះ​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​​មេ​ឃុំ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង៖ «យើង​ធ្វើ​ខុស​គេ​នឹង​ចាប់ ដោយសារ​ថ្ងៃ​នេះ​គេ​សម្របសម្រួល​បញ្ឈប់​ត្រឹម​ហ្នឹង​ហើយ ព្រោះ​គេ​មិន​ចង់​ចាប់ចង​ទេ។ ខ្ញុំ​ភ័យ​ការ​គំរាមកំហែង​ដែរ ទៅ​ដំបូង​ភ័យ!»
​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧ នគរបាល​នៃ​អធិការ​ស្រុក​អូរយ៉ាដាវ បាន​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ១៥​នាក់ រស់​នៅ​ឃុំ​ប៉ាតេ មក​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ស្រាវជ្រាវ​រ៉ែ​មាស​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ។
​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ទេ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ព្រោះ​លោក​ជាប់​ប្រជុំ។
កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា លោក ឆាយ ធី បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​បន្ទាន់ ដល់​ក្រុម​ប្រឆាំង​ធ្វើ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។ ការ​អំពាវនាវ​នេះ ក្រោយ​ពី​អ្នកភូមិ​ប៉ាតេ រាប់​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ ហ្គោល ស្រាវជ្រាវ​រ៉ែ​មាស ក្នុង​តំបន់​របស់​ពួកគាត់​រស់​នៅ។
​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេ លោក ក្លាន ភួន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​កោះ​ហៅ​អ្នក​ភូមិ​ដោយសារ​ពលរដ្ឋ​មិន​គោរព​អាជ្ញាធរ​ឃុំ នៅ​ពេល​ដែល​អ្នក​ភូមិ​តវ៉ា​កាល​ពី​ចុង​ខែ​តុលា និង​ការ​វាយ​ប្រហារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក លើ​លោក​មេ​ឃុំ និង​អភិបាល​ខែត្រ៖ «ទាក់ទង​ពលរដ្ឋ​ឡើង​ទៅ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​៣០ ទាក់ទង​ការ​គំរាម​កំហែង​ដល់​បុគ្គល​នៅ​ពេល​ពលរដ្ឋ​ប្រជុំ​តាម​ទំនៀមទម្លាប់ គឺ​ការ​តវ៉ា​ពាក់ព័ន្ធ​ហ្វេសប៊ុក វាយ​ប្រហារ​ណា​មួយ មាន​ចេតនា​ទៅ​លើ​លោក​មេ​ឃុំ​ក្ដី និង​អភិបាល​ខែត្រ​ក្ដី»
​អ្នក​ភូមិ​ម្នាក់ ឈ្មោះ រម៉ាម ឃួត ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ស្រុក​អូរយ៉ាដាវ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ផ្ដាំ​ទៅ​លោក​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី ថា ជនជាតិ​ដើម​ភាគ​តិច​សុខចិត្ត​ស្លាប់ មិន​អនុញ្ញាត​ឲ្យ​មេ​ឃុំ​អុកឡុក​ភូមិម្ករ​ប្រជាពលរដ្ឋ​នោះ​ទេ និង​ព្រមាន​ឲ្យ​មេ​ឃុំ​រូប​នោះ ត្រូវ​វេច​បង្វេច​ចេញ​ទៀត​ផង។
មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​រតនគិរី លោក ឌិន ខន្នី ពន្យល់​ថា សិទ្ធិ​ធ្វើ​បាតុកម្ម ឬ​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ ដោយ​មិន​ចាំបាច់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​នោះ​ទេ ក៏ប៉ុន្តែ​ពលរដ្ឋ​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន​សិន។
លោក​ចាត់​ទុក​ការ​កោះ​ហៅ​ពលរដ្ឋ​សួរ​នាំ​ពាក់ព័ន្ធ​រឿង​តវ៉ា​គឺជា​ការ​បំភិតបំភ័យ​ស្មារតី​ពលរដ្ឋ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​រដ្ឋធម្មនុញ្ញ។ លោក​ថា អាជ្ញាធរ​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ហៅ​ពលរដ្ឋ​សួរ​នាំ​រឿង​បាតុកម្ម​ទេ៖ «បើ​គាត់​បាតុកម្ម​ដោយ​សន្តិវិធី​ទេ នោះ​អាជ្ញាធរ​គាត់​មិន​គួរ​ទៅ​កោះហៅ​ប្រជាពលរដ្ឋ ព្រោះ​ជា​ការ​បំភិតបំភ័យ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្ទុយ​នឹង​ច្បាប់»
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ចំនួន ៤​ភូមិ ក្នុង​ឃុំ​ប៉ាតេ ប្រមាណ​ជាង ៧០០​នាក់ បាន​បដិសេធ​ជា​ថ្មី​ទៀត​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​សាមី​បាន​អនុញ្ញាត​នោះ​ទេ។ សហគមន៍​បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ប៉ាតេ ដោយ​បង្ហាញ​ជំហរ​ប្រឆាំង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ ដែល​ពួកគាត់​ចាត់​ទុក​ថា ប៉ះពាល់​ធនធាន​ធម្មជាតិ និង​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...