Monday, November 6, 2017

លោក សម រង្ស៊ី បន្ត​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​​នឹង​មិន​ត្រូវ​រំលាយ

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង នៅតែ​អះអាង​ឆ្លើយតប​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា គម្រោង​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ហ៊ុន សែន មិន​អាច​ទៅ​រួច​ឡើយ។
ការ​ប្រកាស​ឆ្លើយ​តប​ជាថ្មី​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន អំពាវនាវ​ទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​តុលាការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាងមុខ ហើយ​លោក​ថែម​បញ្ជាក់​ថា សមាជិក​គណបក្សប្រឆាំង ពី​ថ្នាក់ក្រោម​ដល់​តំណាងរាស្ត្រ ឱ្យ​ចុះចូល​បម្រើ​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​រក្សា​តួនាទី​ដែល​ខ្លួន​កំពុង​មាន។
សារ​ឌឺដង​ឡង​សម្ដី​ដាក់គ្នា​រវាង​លោក ហ៊ុន សែន និង​អតីត​គូរ​បដិបក្ខ​របស់​លោក គឺ​លោក សម រង្ស៊ី បាន​ឆ្លងឆ្លើយ​គ្នា​លើក​ចុង​ក្រោយ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ដែល​មិនទាន់​នឹង​បាន​បញ្ចប់​ស្រួលបួល​ផង កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ សម្ដី​ឌឺដង​ដាក់គ្នា​នៅ​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជា​ថ្មី​ទៀត។
លោក សម រង្ស៉ី បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ជាង ២​នាទី ក្នុង​ពិធី​ជួបជុំ​សមាជិក​តំណាងរាស្ត្រ​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា អះអាង​ថា លោក ហ៊ុន សែន មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើយ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​អំពាវនាវ​ទៅ​ដល់​សមាជិក សមាជិកា មន្ត្រី​ថ្នាក់​មូលដ្ឋាន និង​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រមទាំង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស កុំ​ឱ្យ​ចាញ់បោក​ការ​អូស​ទាញ​របស់​លោក ហ៊ុន សែន ឱ្យ​សោះ​ចំពោះ​ការ​លើក​ឡើង​ថា តុលាការ​កំពូល​នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ជាង​១០​ថ្ងៃ​ខាងមុខនេះ។ «សំឡេង»
ជាមួយគ្នា​នោះ​ដែរ​លោក សម រង្ស៉ី ក៏​បាន​អះអាង​ថា អ្នកណា​ដែល​បាន​ទៅ​ចុះចូល​បម្រើ​លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍ និង​លាភសក្ការៈ គឺ​ខកខ្លួន​ខក​ប្រាណ​ហើយ ដោយហេតុថា បន្តិច​ទៀត​នឹង​ឃើញច្បាស់​ហើយ​ថា មិន​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និយាយ​ឱ្យ​ខ្លី គឺ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តែម្ដង។ «សំឡេង»
លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជាង​២០​នាទី បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ដោយ​ទទូច​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត​រាជធានី ព្រមទាំង​សមាជិកសភា​តំណាងរាស្ត្រ និង​បេក្ខជន​ឈរ​ឈ្មោះ​ព្រឹទ្ធសភា​របស់​គណបក្សប្រឆាំង​ទាំងអស់ ចាក​ចេញពី​បក្ស​របស់​ខ្លួន មក​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ឆាប់ ដើម្បី​អាច​រក្សា​ដំណែង​ត​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន អះអាង​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ព្រម មក​ចូល​ចុះ​ចូល​បក្ស​លោក​ទេ វាសនា​ពួកគេ​មានតែ​ទៅ​ធ្វើ​ស្រែ​ចម្ការ។
ទន្ទឹង​នឹង​នេះ​ដែរ លោក ហ៊ុន សែន ហាក់បីដូចជា​ប្រាកដ​ក្នុង​ចិត្ត ១០០​ភាគរយ​ថា តុលាការ​កំពូល​នឹង​សម្រេច​រំលាយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បើ​ទោះ​បី​ជា លោក​ប្រកាស​ថា លោក​នឹង​មិន​លូកដៃ​ចូល​ក្នុង​តុលាការ​ក៏ដោយ។ លោក​បន្ថែម​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​១០០​នាក់ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត។ «សំឡេង»
ទោះបីជា​បែបនេះ​ក្ដី ចៅសង្កាត់​ស្លក្រាម​នៅ​ខែត្រ​សៀមរាប​លោក ឈន គឹមឃន កាលពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ម្សិលមិញ​អះអាង​ថា លោក​មិន​លក់​ឧត្ដមគតិ​ទៅ​បម្រើ​ការងារ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​សៀមរាប​បាន​ដាក់​លិខិត​អញ្ជើញ​ពួកគាត់​ទៅ​ប្រជុំ និង​ស្ដាប់​សំឡេង​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​អំពាវនាវ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​នេះ។ «សំឡេង»
អ្នកវិភាគ​នយោបាយ​ជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា សារ​នយោបាយ​ចុងក្រោយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ​លោក ហ៊ុន សែន ចង់​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​បែកបាក់​ដោយ​ខ្លួនឯង ជាជាង​ការ​រំលាយ​ដោយ​អំណាចតុលាការ។ ម្យ៉ាងទៀត​ប្រហែលជា​លោក ហ៊ុន សែន មើល​ឃើញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​គណបក្ស​កាន់អំណាច​តិចតួច​ពេក។

ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ លោក ប្រ៊េដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា តុលាការ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ បាន​ឡើយ ដោយ​ហេតុ​ថា សារ​ដែល​លោក កឹម សុខា និយាយ​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី មិនមែន​ជា​បទឧក្រិដ្ឋ​អ្វី​ឡើយ។ លោក ប្រ៊េដ អាដាម ក៏​បញ្ជាក់​ថា យោង​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ គេ​មិន​អាច​យក​ច្បាប់​មួយ ដែល​ទើប​បង្កើត​នៅ​ថ្ងៃ​នេះ​ទៅ​អនុវត្ត ដាក់ទោស​លើ​ជន​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​មួយ​មុន​ពេល​ច្បាប់​នោះ​កើតមាន​ឡើយ៖ «បើ​មិន​មាន​គោលការណ៍​អញ្ចឹង​ទេ អ្នក​ធ្វើ​ច្បាប់​អាច​បង្កើត​ច្បាប់ ដើម្បី​ធ្វើបាប​មនុស្ស​ម្នាក់ ឬមួយ​ក្រុម ដូចជា​ចាប់​ដាក់គុក​តាម​អំពើ​ចិត្ត​បណ្ដាល​អោយ មាន​អំពើ​អយុត្តិធម៌។ អំពើ ឬ​អង្គហេតុ​ដែល​កើតឡើង​មុន​មាន​ច្បាប់ គឺ​វា​មិន​មាន​ច្បាប់​អោយ​រំលោភ​នោះ​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​នៅ​កម្ពុជា គេ​បាន​កែប្រែ​ច្បាប់ ដើម្បី​បណ្ដេញ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចេញពី​រដ្ឋសភា ដែល​បញ្ញត្តិ​បែបនេះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ទាល់តែសោះ​ពី​មុន​មក។ គោលការណ៍​ច្បាប់​កំណត់​ថា អ្នកឯង​មិន​អាច​កែប្រែ​ច្បាប់​សំដៅ អនុវត្ត​ទៅលើ​អង្គហេតុ​ដែល​បាន​កើត​ឡើង​រួចហើយ​នោះ​ទេ»
ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩ មាត្រា​៣ ចែង​អំពី​គោលការណ៍​នីត្យានុកូលភាព ឬ​គោល​គោលការណ៍​អនុវត្ត​ច្បាប់ ចែងថា៖ «មានតែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅ​ពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែ​ទោស​ដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ ជា​ធរមាន​នៅ​ពេល​ដែល​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ ទើប​អាច​ត្រូវ​ប្រកាស​បាន»។ និយាយ​ដោយ​ខ្លី គោលការណ៍​ច្បាប់​កំណត់​ថា «គ្មាន​ច្បាប់ គឺ​គ្មាន​បទល្មើស»
គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​មេធាវី​តំណាង​ឱ្យ​ក្រសួងមហាផ្ទៃ​ចំនួន ៥​នាក់ កាលពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​២ បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ។
តុលាការ​កំពូល​នឹង​លើក​យក​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាង​មុខ​នេះ ខណៈ​ដែល​លោក កឹម សុខា កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ឡើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា​នឹង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រួមមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ដ៏​ធំ ក្នុង​ការ​នាំចូល​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ៣០០​នាក់ ដែល​មាន​ទ្រព្យសម្បត្តិ​លុយកាក់​រាប់​រយ​លាន​ដុល្លារ​តម្កល់​នៅ​ធនាគារ​អន្តរជាតិ គេ​ក៏​នឹង​អាច​បង្កក​ដែរ៕

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​បដិសេធ​ចុះ​ចូល​បក្ស​កាន់​អំណាច

តំណាង​រាស្ត្រ​ម្នាក់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក ងឹម ញេង បាន​បដិសេធ​ភ្លាមៗ នូវ​លិខិត​មួយ​ដែល​គេ​ថា​លោក​បាន​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ការ​បដិសេធ​នេះ​ ធ្វើ​ឡើង​០២​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង បន្ត​ចុះ​ចូល​ឲ្យ​បាន​មុន​​ថ្ងៃ​ទី​ ១៦ វិច្ឆិកា គឺ​ជា​ថ្ងៃ​ដែល​តុលាការ​​កំពូល​បើក​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។
អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន
លោក ងឹម ញេង ជា​​តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ បាន​បដិសេធ​ថា​លោក​មិន​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ដូច​លិខិត​ក្លែង​ក្លាយ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះទេ។
នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​លិខិត​ក្លែង​ក្លាយ​នេះ​ថា “គឺ​ជា​អំពើ​ទុច្ចរិត​លាប​ពណ៌​របស់​ក្រុម​មនុស្ស​ល្មោភ​អំណាច ហើយ​លោក​សូម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ចាប់​ជន​ល្មើស​​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន”។
សូម​បញ្ជាក់​ថា លោក ងឹម ញេង ត្រូវ​បាន​នគរ​បាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយបែត បង្អាក់​ដំណើរ មិន​ឲ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៧ ​ខែ​តុលា ដោយ​ប្រាប់​ថា លិខិត​ឆ្លង​ដែន​របស់​លោក​ត្រូវ​បាន​បង្កក។
កាល​ពី​ថ្ងៃ​ទី​៤​វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ចាប់​តាំង​ពី​តំណាង​រាស្ត្រ រហូត​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។ ការ​ចុះ​ចូល គឺ​ធ្វើ​ឡើង ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៦ វិច្ឆិកា។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​​របស់​​ក្រសួង​មហា​ផ្ទៃ​។
​បើ​តាម លោក ហ៊ុន សែន គណបក្ស​កាន់​អំណាច​របស់​លោក​​នៅ​តែ​​ស្វាគមន៍​​ចំពោះ​​មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ​ ដែល​​នៅ​ពេល​នេះ​​ផ្លូវ​​នៅ​​បើក​ទូលាយ​ តែ​បើ​ការ​ចុះ​ចូល​ធ្វើ​ឡើង​ក្រោយ​ថ្ងៃទី​១៦វិច្ឆិកា ផ្លូវ​នឹង​តូច​ជាង​មុន។
ការ​ចេញ​មុខ​មក​អំពា​វ​នាវ​ជា​ថ្មី​ប្រមុខ​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​អះអាង​ថា មាន​ការ​រារាំង ឬ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ផ្តាច់​ខ្លួន​នៅ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង និង​ទំនង​ជា​ប្រមុខ​បក្ស​កាន់​អំណាច​ចង់​ឆ្លើយ​តប​ទៅនឹង​សំណួរ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន តើ​ចាំ​ចាប់​អ្វីដែល​លោក ហ៊ុន សែន ត្រូវ​អំពាវ​នាវ​​ឲ្យ​​មាន​ការ​ចុះចូល​បែប​នេះ? លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​​ថា ​គឺ​ដោយ​សារ​តែ​លោក​មាន​បំណង​ល្អ​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម។
​គិត​ត្រឹម​ថ្ងៃទី ០៣ វិច្ឆិកា មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បានប្រកាស​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នោះ​នៅ​មាន​សមាជិក​​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង មេឃុំ-ចៅ​សង្កាត់ រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​និង​ជំទប់​ទី១​និង​​ទី២ ប្រមាណ​ជា​៥៦​រូប​ប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​គណបក្ស​របស់​ខ្លួន តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋា​ភិបាល។ ប៉ុន្តែ សម្រាប់​គណបក្ស​សង្គ្រោះ​​ជាតិ ចំនួន​នេះ​នៅ​តិច​តួច​នៅ​ឡើយ បើ​ប្រៀប​ធៀប​នឹង​ចំនួន​មេ​ឃុំ-ចៅ​សង្កាត់ និង​​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដែល​ខ្លួន​បានឈ្នះ​​ជាង​៥​ពាន់​នាក់ ​កាល​ពី​ការ​បោះ​ឆ្នោត​នា​ខែ​មិថុនា ​ឆ្នាំ២០១៧​កន្លង​ទៅ៕

Sunday, November 5, 2017

រុស្ស៊ីការពារជាតិ រុស្ស៊ីបង្កើន វត្តមានយោធា នៅសមុទ្រឧត្តរ Arctique

ប្រទេសរុស្ស៊ី បាន​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធយោធា​របស់ខ្លួន នៅសមុទ្រ​ទឹកកក ប៉ែក​ខាងជើង ផែនដី ហើយ​នឹង​ដាក់​ឲ្យ​ប្រចាំការ នៅទីនោះ គឺប្រព័ន្ធ​ការពារ​ដែន​អាកាស​ធុនថ្មីៗ -សេចក្តីនេះ ប្រកាស​ថ្ងៃ សុក្រទី ៣​វិច្ឆិកា ដោយ​មេបញ្ជាការ​កងនាវា​រុស្ស៊ី​នៃភូមិភាគ​ឧត្តរ ហេតុ​ដែល​រំលេច​ឲ្យ​ឃើញ​ពី ការយកចិត្ត ទុកដាក់ កាន់តែ​ខ្លាំងឡើង របស់​ម៉ូស្គូ ទៅលើ​តំបន់​យុទ្ធសាស្ត្រ​នេះ។
“រាល់តែកោះ ក្នុង​សមុទ្រ Arctique ជា​ទី​ដែល​មាន​មូលដ្ឋាន​របស់​កងនាវា​រុស្ស៊ី ប្រចាំ​ភូមិភាគ​ឧត្តរ ស្ថិតនៅ សុទ្ធតែ​ប្រដាប់​ទៅ​ដោយ​ព្រលានថ្មីៗ ដែល​អាច​ដំណើរការ​គ្រប់​រដូវ ហើយអាចទទួលឲ្យចុះចត គឺ យន្ដហោះ ប្រភេទណាក៏ដោយ” - នេះ​ជាសេចក្តី​ថ្លែងការណ៍​របស់​មេបញ្ជាការកងនាវារុស្ស៊ីប្រចាំ ភូមិភាគ ឧត្តរ លោក ឧត្តមនាវីទោ Nicolai Levmenov ដែលលើកយកទៅផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ។ គាត់​បង្ហើបឲ្យដឹងថា ៖ រុស្ស៊ីកំពុងរៀបចំដាក់ឲ្យដំណើរការនៅទីនោះ គឺ​ប្រព័ន្ធ​ឃ្លាំ​មើល​ផ្ទៃមេឃ និង ផ្ទៃសមុទ្រ នៃ​តំបន់ផ្លូវឆ្លងឦសាន គ្រាន់​នឹង​ធានា​នូវ​ការត្រួត​ពិនិត្យ​ទាំងស្រុង​លើ លំហអាកាសនៅត្រង់ តំបន់ណា នៃសមុទ្រអារទិក ដែលស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់រុស្ស៊ី។
បណ្តាប្រព័ន្ធការពារដែនអាកាស ក៏នឹងត្រូវពង្រឹងនៅតំបន់ ក្រោយ​ពី​ប្រព័ន្ធ​បែបនេះ​មួយ​ដំបូង មានដាក់ឲ្យ ប្រចាំការ កាលពីឆ្នាំ ២០១៥ នៅអំបូរកោះ Novaya-Zemlia ប្រែ​មក​ថា” ដីថ្មី “។
ប៉ុន្មានឆ្នាំចុងក្រោយ រុស្ស៊ី បានបង្កើនយ៉ាងបង្គួរ វត្តមានយោធារបស់ខ្លួន ក្នុងសមុទ្រឧត្តរ អារទិក ដោយធ្វើ នៅទីនោះ គឺលំហាត់សឹកទ្រង់ទ្រាយធំ ទាំង​សាងសង់​ជាមូលដ្ឋាន​នានា ដែលអាចដំណើរការក្នុង របប ផ្គត់ផ្គង់ដោយខ្លួនឯង។
ប៉ុន្មានថ្ងៃមុន ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ក្នុង៥ឆ្នាំចុងក្រោយ បាន​រកឃើញ​កោះ​ថ្មីៗចំនួន១១ និង ដៃសមុទ្រចំនួន៦ ក្នុងសមុទ្រអារទិក ការកឃើញនេះក្លាយជា កត្តាបន្ថែមសម្រាប់រុស្ស៊ី ទាមទារធ្វើជា ម្ចាស់លើតំបន់ជាប់វិវាទ ដែលមានផ្ទៃក្រឡា ១លាន២សែនគ.ម.ការ៉េ ហើយដែលរុស្ស៊ីប្រាថ្នាតាំងអធិបតយ្យ ខ្លួន ក្នុងពាក្យដាក់ទៅ អសប តាំងពីឆ្នាំ ២០១៥។
នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរុស្ស៊ី កាលពីកន្លះឆ្នាំមុន លោកប្រធានាធិបតិ វ៉្លាឌីមៀរ ពូទីន បានគូសបញ្ជាក់ពី សារៈសំខាន់នៃសមុទ្រអារទិក សម្រាប់​រុស្ស៊ី”ពង្រឹង​គោលជំហរ​ខ្លួន​ក្នុងលោក” និង ដើម្បី”ផលប្រយោជន៍ សេដ្ឋកិច្ច “ របស់រុស្ស៊ី។
ម៉ូស្គូក៏សង្ឃឹមប្រើផ្លូវឆ្លងឦសាន ដែលភ្ជាប់មហាសមុទ្រអាត្លង់ទិក ទៅនឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ ដែល ត្រូវ​សម្រួល​ការដឹកជញ្ជូនប្រេង និង​ឧស្ម័ន​របស់រុស្ស៊ី​ទៅកាន់​តំបន់​អាស៊ីអគ្នេយ៏។ ផ្លូវសមុទ្រនេះ អាចប្រើ ក្នុងរយៈពេលប៉ុន្មានខែនៃរដូវក្តៅ កាល​ដែល​ទឹកកករលាយទៅ ដោយវានឹងដើរតួកាន់តែធំធេង ក្នុងការផ្តោះប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ៕

UNICEF៖ ​អត្រា​កខ្វះ​អាហារូបត្ថម្ភ​​កើន​ឡើង​​ខ្លាំង​​ចំណោម​កុមារ​ជនជាតិ​​រ៉ូហ៊ីងយ៉ា​​រត់​ភៀស​ខ្លួន​


អ្នក​វាយ​តម្លៃ​អាហា​រូបត្ថម្ភ​របស់​អង្គការ​យូនីសេហ្វ (UNICEF)​បាន​រក​ឃើញ​ថា​ អត្រា​កង្វះ​អាហា​រូបត្ថម្ភ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​កុមារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចំពោះ​កុមារ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ដែល​បាន​រត់ភៀស​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​ភូមា​ឬ មីយ៉ាន់ម៉ា​ទៅ​កាន់​ទីក្រុង​ Cox's Bazar​ នៅ​ប្រទេស​បង់ក្លា​ដែស។​
ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​នាពេល​ថ្មីៗ​នេះ​នៅ​ជំរំ​ Kutupalong​ក្នុងទីក្រុង​ Cox's Bazar​បាន​បង្ហាញ​ថា​ ៧,៥%​នៃ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ជា​កុមារ​បាន​រងគ្រោះ​ពី​ការ​ខ្វះ​អាហា​រូបត្ថម្ភ​យ៉ាង​ធ្ងន់​ធ្ងរ។ អង្គការ​ UNICEF​ បានឲ្យ​ដឹង​ថា​ តួលេខ​នេះ​គឺ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​២​ដង​ច្រើន​ជាងអ្វី​ដែល​បាន​ឃើញ​នៅក្នុង​ចំណោម​កុមារ​រត់​ភៀស​ខ្លួន​ទាំង​អស់​តាំងពី​ខែ​ឧសភា​ឆ្នាំ​នេះ។​ មក​ដល់​ពេល​នេះ​ វា​មាន​រយៈពេល​៤ខែ​ហើយ​គឺចាប់តាំងពី​មុន​ពេល​មាន​ការ​ចាប់ផ្តើម​រត់​ភៀស​ខ្លួន​យ៉ាង​ច្រើន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ពី​ភាគ​ខាងជើង​រដ្ឋ​ Rakhine ប្រទេស​ភូមាឬ មីយ៉ាន់ម៉ា។​
អ្នកនាំ​ពាក្យ​របស់​អង្គការ​ UNICEF​ គឺ​លោក​ Christophe Boulierac​ បាន​មាន​ប្រសាសន៍​ថា​ វាពិត​ជា​គួរឲ្យ​ព្រួយ​បារម្ភណាស់​ នៅពេលដែល​កុមារ​អាច​ស្លាប់​បាត់​បង់​ជីវិត​ដោយសារកង្វះ​អាហា​រូបត្ថម្ភ​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​ស្ថានភាព​នេះ​ជា​អ្វី​ដែល​អាច​បង្ការ​ និង​ព្យាបាល​បាន។​
លោក​ Boulierac ​បាន​ថ្លែង​ថា៖ «អាត្រា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​នៅ​រដ្ឋ​ Rakhine​ ដែលនៅ​ភាគ​ខាង​ជើងនេះ​គឺ​មាន​ចំនួន​លើស​ពី​ចំនួន​ប្រកាសអាសន្ន​ទៅទៀត។​ ស្ថាន​ភាព​របស់​កុមារ​ទាំងនេះ​មាន​សភាព​រឹត​តែ​យ៉ាប់​យ៉ឺន​ឡើង​ដោយសារ​តែ​ពួកគេ​បាន​ធ្វើដំណើរ​ផ្លូវឆ្ងាយ​ឆ្លងកាត់​ព្រំប្រទល់​ប្រទេស​ ហើយ​និង​ដោយសារតែ​ស្ថាន​ភាព​រស់នៅ​ក្នុង​ជំរំ​មិនល្អ»។​
ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ច្រើន​ជាង​៦សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​តាំងពី​ថ្ងៃ​ទី២៥​ខែ​សីហា​កន្លងទៅ​នេះ។​ ​ជន​ភៀសខ្លួន​ប្រមាណ​ជា​២ម៉ឺន​៥​ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរំ Kutupalong ដែល​ជា​ជំរំ​ត្រូវ​បាន​គេ​ធ្វើការ​វាយ​តម្លៃ​អំពី​កង្វះអាហារូបត្ថម្ភ​នេះ។​ អង្គការ​ UNICEF​ បាន​ឲ្យ​ដឹង​ថា​ ជនភៀសខ្លួន​កំពុង​ខ្វះ​ខាត​អាហារ​ និង​ទឹកស្អាត​យ៉ាងធ្ងន់ធ្ងរ។​ បញ្ហា​នេះ​ និង​ ស្ថាន​ភាព​កង្វះ​អានាម័យ​ អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​រាគរូស​ ជម្ងឺ​ប៉ះពាល់​ផ្លូវដង្ហើម​ និង ជម្ងឺ​ផ្សេងៗ​ទៀតបាន​កើន​ឡើង។​
លោក​ Boulierac​ បាន​មាន​ប្រសាសន៍ថា​ កុមារ​ដែល​ប៉ះពាល់ដោយ​កង្វះ​អាហា​រូបត្ថម្ភ​ជាង២ពាន់​នាក់​បាន​ទទួល​ការ​ព្យាបាល​ពី​អង្គការ UNICEF​ និង​ ដៃគូ​នៅ​មជ្ឈមណ្ឌល​ចំនួន​១៥​កន្លែង។​ លោក​បាន​ប្រាប់​ វីអូអេ​ថា​ មជ្ឈមណ្ឌល​ព្យាបាល​ជា​ច្រើន​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​ ក៏ប៉ុន្តែ​ការរៀបចំ​ឡើង​នេះ​មិន​អាច​លឿនគ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​ក្មេងៗ​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ដែល​កំពុង​តែ​ត្រូវ​ការ​អាហារ​បំប៉ន​ពិសេសនោះទេ៕

ស្ថាន​បេសកកម្ម​ស.រ.អា.​បញ្ជា​ឲ្យ​បុគ្គលិក​ចាក​ចេញ​ពី​ប្រទេស​សូម៉ាលី

ស.រ.អា.​បាន​បញ្ជា​ឲ្យ​បុគ្គលិក​មិន​សូវ​សំខាន់ៗ​ទាំង​អស់​របស់​ស្ថាន​បេសកកម្ម​របស់​ខ្លួន​នៅ​ប្រទេស​សូម៉ាលី​ចាក​ចេញ​ពីរដ្ឋធានី​ម៉ូហ្កាឌីស្យូ​ ប្រទេស​សូម៉ាលី ដោយ​លើក​ឡើង​ថា​ មាន​ព័ត៌មាន​ជាក់​លាក់​គំរាម​កំហែង​ពួក​គេ។ ​
សេចក្តី​ថ្លែង​ការណ៍​ចេញ​កាល​ពីថ្ងៃ​សៅរ៍​ ដោយ​ក្រសួងការ​បរទេស​ស.រ.អា.​បាន​ភ្ជាប់​ការ​គំរាម​នេះ​ទៅ​នឹង​អាកាស​យានដ្ឋាន​អន្តរជាតិ​ម៉ូហ្កាឌីស្យូ ​ដែល​ការពារ​ដោយ​កង​កម្លាំង​សហភាព​អាហ្វ្រិក​និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​តួកគី។ ​
សេចក្តី​ថ្លែង​ការណ៍​នេះ​សរសេរ​ថា ​ដោយ​សារតែ​មាន​ព័ត៌មាន​ជាក់​លាក់​អំពីការ​គំរាម​កំហែង​ប្រឆាំង​បុគ្គលិក​រដ្ឋាភិបាល​ស.រ.អា.​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ ម៉ូហ្កាឌីស្យូ ដូចនេះ​ស្ថាន​បេសកកម្ម​របស់​ស.រ.អា.​ប្រចាំ​នៅ​ប្រទេស​សូម៉ាលី​សូម​ណែ​នាំ​ឲ្យ​បុគ្គលិកមិន​សូវ​សំខាន់​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង​ ម៉ូហ្កាឌីស្យូ រហូត​ដល់​មាន​សេចក្តី​ជូន​ដំណឹង​ថ្មី​បន្ថែម​ទៀត។
​សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ ដែល​សម្រេច​ស្នាក់​នៅ​ប្រទេស​សូម៉ាលី​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​សរសេរ​ថា ​ក្រសួង​ការបរទេស​ស.រ.អា.​ជំរុញ​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​ទាំង​អស់​ ដែល​សម្រេច​ស្នាក់​ប្រទេស​សូម៉ាលី​ត្រូវ​ពិចារណា​ឡើង​វិញ​អំពី​ផែន​ការ​សន្តិសុខ​ផ្ទាល់​ខ្លួន​និង​ចាត់​វិធានការ​សម​ស្រប ដើម្បី​ធានា​សុវត្ថិភាព​ខ្លួន​ឯង​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ជុំវិញ​ខ្លួន ​តាម​ដាន​ព័ត៌មាន​ក្នុង​ស្រុក និង​រក្សា​ការ​ប្រុងប្រយ័ត្នខ្ពស់៕

លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ស.រ.អា.​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ក្រោយ​ពី​បាន​ឈប់​សំចត​នៅ​រដ្ឋហាវ៉ៃ ទីដែល​លោក​ទៅ​បង្ហាញ​ការ​គោរព​ចំពោះ​នាវា​អនុស្សាវរីយ៍​ USS Arizona Memorial នៅ​កំពង់​ផែ Pearl Harbor ​ដែល​រង​ការ​វាយ​ប្រហារ​មិន​ដឹង​ជា​មុន​ដោយ​កងទ័ព​នាវា​ជប៉ុន​ក្នុង​ឆ្នាំ​១៩៤១ ​ដែល​បាន​ធ្វើ​ឲ្យ​ស.រ.អា.​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោក​លើក​ទី២។​
មុន​ចេញ​ដំណើរ​ទៅ​ជប៉ុន​ លោក​បាន​ស្នាក់​នៅ​កន្លែង​សម្រាក​ដំបូង​របស់​លោក​ប្រធានាធិបតី​មុន​ទៅ​ទស្សនកិច្ច​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ នោះគឺ​សណ្ឋាគារ​ Trump International Hotel របស់​លោក​នៅ Waikiki ។
ក្រោយ​ពី​បោះ​ជំហាន​ចេញ​ពី​ឡាន ​limousine ដែល​គ្រាប់​កាំភ្លើង​បាញ់​មិន​ធ្លុះ​ លោក​ប្រធានាធិបតី​បាន​ចូល​កន្លែង​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​និយាយ​លេង​ជាមួយ​បុគ្គលិក។
នាង Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​ប្រធានាធិបតី​ចង់​និយាយ​ស្វាគមន៍​សួរ​សុខ​ទុក្ខ​និង​អរគុណ​បុគ្គលិក​របស់​លោក​ដែល​ខិតខំ​ធ្វើ​ការ៕

រុស្ស៊ី​មិន​មាន​កិច្ច​សហការ​ជា​មួយ​ស.រ.អា.​ទាក់​ទង​នឹង​​កិច្ច​ពិភាក្សា​បញ្ហា​កូរ៉េ​ខាង​ជើង

រដ្ឋាភិបាល​រុស្ស៊ី​មិន​ទាន់​បាន​ធ្វើ​សហការជា​មួយ​ស.រ.អា.​ទេ​ក្នុង​ពេល​នេះ​ទាក់​ទង​នឹងកិច្ច​ពិភាក្សា​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង។​ នេះ​បើ​តាម​លោក​ Dmitry Peskov ​អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹមឡាំង​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ​RIA ។
លោក​ Dmitry Peskov ​និយាយ​ថា ​មិន​មាន​កិច្ចសហការ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ​លោក​បន្ថែមថា ​លោក Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី និង​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​ស.រ.អា.​ទំនង​ជា​នឹង​ជួប​គ្នា​អំឡុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​នៅ​សប្តាហ៍​ក្រោយ។ ​
លោក​ Dmitry Peskov ​និយាយ​ថា ​បើ​មេដឹក​នាំ​ទាំង​ពីរ​ជួប​គ្នា​នោះ​នោះ​នឹង​មាន​លទ្ធភាព​ច្រើន​ដែល​ពួក​គេ​នឹង​ពិភាក្សាអំពី​ស្ថាន​ការណ៍​កូរ៉េខាង​ជើង។​ លោក​ប្រធានាធិបតី​ ត្រាំ និង​លោក​ប្រធានាធិបតី​ Putin ​នឹង​ទៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​បន្ថែម​ពី​លើ​កិច្ច​ប្រជុំ​របស់​អាស៊ាន។
នៅ​មុន​ទស្សន​កិច្ច​របស់​លោក​ប្រធានាធិបតី ត្រាំ មាន​យន្តហោះ​លឿន​ជាង​សំឡេង​ចំនួន​ពីរ​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​ទម្លាក់​គ្រាប់​បែក​នៅ​ឧបទ្វីប​កូរ៉េ ​ដែល​ជា​ការ​បង្ហាញ​កម្លាំង​ប្រាប់​កូរ៉េ​ខាង​ជើង។ យន្តហោះទម្លាក់​គ្រាប់​បែក​ B-1B ​ត្រូវ​បាន​អម​ដំណើរ​ក្នុងការ​ហាត់​សម​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ដោយ​យន្តហោះ​ប្រដេញ​ពីរ​គ្រឿង​របស់​កូរ៉េខាង​ត្បូង។​ នេះ​បើ​តាម​មន្ត្រីយោធា​របស់​ប្រទេស​នេះ។
បណ្តាញ​ទូរទស្សន៍រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ប្រឆាំង​ការ​ធ្វើ​សមយុទ្ធ​នេះ ​ដោយ​និយាយ​ថា ​វា​ជាការ​ហាត់​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ហើយ​ថា ចក្រពត្តិអាមេរិក​ដែល​ដូចជា​ជន​ពាល​នោះ​ កំពុងចាប់​ផ្តើម​បង្កសង្គ្រាម​នុយក្លេអ៊ែរ។​
ភាពតាន​តឹងកើនឡើង​នៅឧបទ្វីបកូរ៉េ​ ​នៅពេល​កូរ៉េខាង​ជើង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ និង​ការ​បាញ់​មីស៊ីល ដែល​អាច​មក​ដល់​ទឹកដី​ស.រ.អា.​ និង​បាន​បាញ់​មីស៊ីល​ច្រើន​គ្រាប់​រំលង​ប្រទេស​ជប៉ុនក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...