Saturday, November 4, 2017

លោក ហ៊ុន សែន រំលឹកជាថ្មីថាមន្រ្តី CNRP ជាង១០០នាក់ហាមធ្វើនយោបាយ៥ឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាថ្មីថាមន្ត្រីជាន់ខ្ពស់ មកពីគណបក្សសង្គ្រោះ ជាតិនឹងត្រូវបានហាម​ឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីគណបក្សមួយ​នេះ ត្រូវបានរំលាយដោយតុលាការកំពូល។
លោកហ៊ុន សែនបាននិយាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកា នេះថា ​ការរំលាយ​គណបក្សសង្គ្រោះជាតិគឺជាសមត្ថិកិច្ចរបស់តុលាការ ហើយបន្ទាប់ពី គណបក្សប្រឆាំងធំមួយនេះរលាយអាច​នឹង​មានមន្រ្តីជាន់ខ្ពស់ជាង ១០០នាក់ត្រូវបានហាម ឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
លោកលើកឡើងថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ត្រឹមប៉ុណ្ណឹងទេ ប្រហែល ជាមានមនុស្សជាង ១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយក្នុងនោះខ្ញុំគួរតែនិយាយប្រាប់ថា អ្វី​ដែល​មេធាវីរបស់ក្រសួងមហាផ្ទៃធ្វើការ គឺទាម ទារឲ្យមានការកាត់សិទ្ធិនយោបាយចំពោះគណអចិន្ត្រៃយ៍ និង គណនា​យកដូច្នេះ តំណាងរាស្រ្តស្ទើរតែទាំងអស់ដែលស្ថិតក្នុងសមាជិកគណៈនាយកនឹងត្រូវកាត់សិទ្ធិរយៈពេល ៥ឆ្នាំ។»
ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានលើកឡើងដដែលថាចំពោះតំណាងរាស្រ្ត ណា ដែលមកចុះចូលជា​មួយបក្ស​កាន់​អំណាចមុនការរំលាយបក្សប្រឆាំង​ នោះនឹង ត្រូវបានរក្សា តំណែងជាតំណាងរាស្រ្តដដែលក្នុងក្របខណ្ឌបក្ស​ប្រជាជនដែលនឹងទៅ ឈរឈ្មោះ​កន្លែង​​​កៅអីដែលអវត្តមានបក្ស​នយោបាយ។
លោក ហ៊ុន​ សែន ក៏បានបញ្ជាក់ដែរថាការសម្រេចរំលាយគណបក្ស​ប្រឆាំងនៅថ្ងៃទី ១៦ ខែ វិច្ឆិកាខាងមុខ​គឺ​អំណាច​របស់​​តុលាកា​រ​​ដែលលោកមិនមាន​សិទ្ធិ​ជ្រៀត​ជ្រែតនោះទេ​​៕

សមត្ថកិច្ចជប៉ុន​ដកប័ណ្ណបើកបរពីមនុស្សចាស់​មានជំងឺវង្វេងរាប់ម៉ឺននាក់

អាជ្ញាធររបស់ជប៉ុន​បានរកឃើញថា មនុស្សចាស់ប្រមាណ ៣០ ០០០នាក់មានបញ្ហាជំងឺវង្វេងស្មារតី ត្រូវយកទៅសាកល្បងការចងចាំ ហើយអាចនឹងត្រូវដកហូតយកប័ណ្ណបើកបរ បើសិនជារកឃើញថា មានបញ្ហាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃពេលបើកបរ។​
ជប៉ុនគឺជាប្រទេសមួយដែលអ្នកស្រាវជ្រាវរកឃើញថា មានប្រជាជនអាចរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក​។​ ការស្រាវជ្រាវបង្ហាញថា មនុស្សចាស់​ប្រមាណ​ជិត​៥០ ០០០នាក់នៅជប៉ុន​កើតមានជំងឺភ្លេចភ្លាំង ឬ វង្វេងស្មារតី។​
តាមការចុះផ្សាយរបស់សារព័ត៌មាន​BBC បានឲ្យដឹងថា ប្រជាជនជប៉ុន​ដែលមានវ័យចាស់​ជិត​៧០០នាក់ហើយតែសមត្ថកិច្ចពិនិត្យឃើញថា មានជំងឺវង្វេងស្មារតី ហើយបានដកប័ណ្ណបើកបរ។
ច្បាប់ចរាចរណ៍ថ្មីរបស់ជប៉ុន តម្រូវឲ្យមានការធ្វើតេស្តសាកល្បងផ្នែកស្មារតីចំពោះ អ្នកបើកបរដែលអាយុចាប់ពី៧៥ឆ្នាំឡើងទៅ។​
ជារឿងរាល់ឆ្នាំនៅ​ជប៉ុនតែងកើតមានការគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែមនុស្សចាស់មានជំងឺវង្វេង។​នៅឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន​៤៥៩ករណី​ ដោយសារតែអ្នកបើកបរមានវ័យចាស់មានជំងឺវង្វេង។

លោក​ ហ៊ុន សែន ​ចេញ​មក​អំពាវនាវ​ជា​ថ្មី ​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​ចាកចេញ ​មុន​ថ្ងៃ​១៦​វិច្ឆិកា​

ប្រមុខ​បក្ស​កាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃនេះ បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្សប្រឆាំង បន្ត​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​របស់ខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា គឺជា​កាលបរិច្ឆេទ​ដែល​តុលាការ​កំពូល នឹង​បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា។ វីដេអូ​អំពាវនាវ​របស់លោក គឺធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ។
គឺ​តាមរយៈ​វីដេអូ​ឃ្លី​ប​ផ្សាយ​ផ្ទាល់​ជាង២០នាទី នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ចាប់តាំងពី​តំណាងរាស្ត្រ រហូតដល់​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​នៅ​ទូទាំងប្រទេស មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក។ ការចុះ​ចូល គឺធ្វើឡើង ឲ្យ​បាន​មុន​ថ្ងៃទី ១៦ វិច្ឆិកា។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​​របស់​​ក្រសួង​មហា​ផ្ទៃ​។ ​នេះ​បើតាម​វីដេអូ អំពាវនាវ​របស់​ប្រមុខ​បក្ស​កាន់អំណាច នៅ​ថ្ងៃទី០៤ វិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ។
បើតាម​វីដេអូ​ឃ្លី​ប​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គណបក្ស​​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​​ខាង​មុខ​ ​ពោល​គឺ​​មុន​ពេល​​ដែល​តុលាការ​កាត់​ទោស​​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ក្បត់ជាតិ ទៅទៀត។ ​លោក​បាន​​​មាន​ប្រសាសន៍ថា គណបក្ស​កាន់​អំណាច​រ​បស់​​លោក​​នៅ​តែ​​ស្វាគមន៍​​ចំពោះ​​មន្ត្រី​គណបក្ស​​​សង្គ្រោះ​​ជាតិ​ ដែល​​នៅ​ពេល​នេះ​​ផ្លូវ​​នៅ​​បើក​ទូលាយ​ តែ​បើ​ការ​ចុះចូល​ធ្វើឡើង​ក្រោយ​​​ថ្ងៃទី​១៦វិច្ឆិកា ផ្លូវ​នឹង​តូច​ជាង​មុន។
ការចេញមុខ​មក​អំពា​វ​នាវ​ជាថ្មី​ប្រមុខ​បក្ស​កាន់អំណាច​នៅពេលនេះ គឺធ្វើឡើង បន្ទាប់ពី​លោក​បាន​អះអាងថា មានការ​រារាំង ឬ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ផ្តាច់ខ្លួន​នៅក្នុង​ចំណោម​មន្ត្រី​គណបក្សប្រឆាំង និង​ទំនងជា​ប្រមុខ​បក្ស​កាន់អំណាច​ចង់​ឆ្លើយតប​ទៅនឹង​សំណួរ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន តើ​ចាំ​ចាប់​អ្វីដែល​លោក ហ៊ុន សែន ត្រូវ​អំពាវ​នាវ​​ឲ្យ​​មានការ​ចុះចូល​បែបនេះ? លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​​ថា ​គឺ​ដោយសារតែ​លោក​មាន​បំណងល្អ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម។
សូម​បញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី ០៣ វិច្ឆិកា មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បានប្រកាស​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច។ ក្រៅពីនោះ​នៅមាន​សមាជិក​​ក្រុមប្រឹក្សា​ខេត្ត ក្រុង មេឃុំ-ចៅសង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សា​និង​ជំទប់​ទី១​និង​​ទី២ ប្រមាណ​ជា៥៦រូប​ប៉ុណ្ណោះ ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​គណបក្ស​របស់ខ្លួន តាម​​ការ​អំពាវនាវរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ សម្រាប់​គណបក្ស​សង្គ្រោះ​​ជាតិ ចំនួន​នេះ​នៅ​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​មេឃុំ-ចៅសង្កាត់ និង​​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ខ្លួន​បានឈ្នះ​ពី​គណបក្ស​ប្រជាជន​កម្ពុ​ជា​ជាង​៥​ពាន់​​​នាក់ ​កាលពី​ការ​បោះឆ្នោត​នា​ខែ​មិថុនា ​ឆ្នាំ២០១៧កន្លងទៅ។
យ៉ាងណាក៏ដោយ បើតាម​ការអះអាង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​សង្គ្រោះ​​ជាតិ មិន​ត្រឹមតែ​រំលាយចោល​នោះទេ តែ​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​លោកនាយក​រដ្ឋមន្ត្រី​បាន​ហៅថា ជា​ក្រុម​ឧទ្ទាម​ទីក្រុង ប្រមាណ​ជា១០០នាក់ នឹង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ​ដែរ៕

លោក ហ៊ុន សែន ប្រកាសយកអាសនៈទាំងអស់បន្ទាប់ពី CNRP រំលាយបើបក្សផ្សេងមិនយក

នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្រកាសថាគណបក្សប្រជាជនកម្ពុជា​នឹងយកអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ ទាំង អស់ នៅកន្លែងដែលមានការឈរឈ្មោះតែពីរបក្ស ឬមានច្រើនតែគណបក្សផ្សេងៗប្រកាសមិនទទួលយកអា សនៈ នេះ។​
លោកហ៊ុន សែនបាននិយាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកានេះថា​គណបក្ស​ប្រជាជ​នកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេល​ដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។​
លោក ហ៊ុ​ន សែន បន្តថាបន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យ​គណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ។
ជាមួយគ្នានោះលោក ហ៊ុ​ន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រឆាំង​ធំនេះឲ្យចូល​រួម​ជាមួយ​គណបក្សប្រជាជនដើម្បីបានបន្តបម្រើប្រជាពលរដ្ឋ ហើយលោកហ៊ុន សែន ធានារក្សាតំណែងរបស់ពួក​គេ​ដដែល ជៀសជាងការបាត់បង់ដំណែងពេលគណបក្សសង្គ្រោះជាតិរលាយ៕

“ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​បក្ស​ប្រឆាំង​ជា​ធាតុ​ផ្សំ​បទល្មើស​នៅ​តុលាការ ICC”

អ្នក​ច្បាប់​អន្តរជាតិ ចាត់​ទុក​អំពើ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​គឺ​ជា​ធាតុ​ផ្សំ​គ្រប់គ្រាន់​នៃ​បទល្មើស​ប្រឆាំង​មនុស្ស​ជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​ដែន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​បាន។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា តុលាការ​អន្តរជាតិ គ្មាន​សិទ្ធិ​អំណាច​លើ​តុលាការ​កម្ពុជា បាន​នោះ​ទេ។
មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​ទើប​តែ​ជួប​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ខែ​មុន ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា​ភស្តុតាង​នៃ​ការ​ប្រព្រឹត្តិ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​មន្ត្រី​បក្ស​កាន់​អំណាច​មក​លើ​សំឡេង​ប្រឆាំង កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ និង​កើន​ឡើង​ច្រើន​ជាង​មុន សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​របស់​តុលាការ​អន្តរជាតិ៖ «បទឧក្រិដ្ឋ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ក្នុង​ចំណាត់​ថ្នាក់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បើ​យើង​ពិនិត្យ​មើល​បទឧក្រិដ្ឋ​ដែល​ផ្សំ​បញ្ចូល​គ្នា​តាំង​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ប្រឆាំង ការ​ធ្វើ​ឃាត​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​ការ​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង ដែល​ទាំង​អស់​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ស្ថិត​ក្នុង​ប្រភេទ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ទាំង​នេះ​ឯង​ហើយ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC មាន​យុត្តាធិការ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា»
លោក រីឆាត រ៉ូជើរ លើក​ឡើង​បន្ថែម​ថា រឿង​ក្ដី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ពិចារណា គឺ​រួម​មាន​ករណី​ដូច​អ្វី​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ដែល​ក្រុម​អ្នក​មាន​អំណាច​ជិះជាន់​សង្កត់​សង្កិន និង​ធ្វើ​បាប​អ្នក​ប្រឆាំង​ទោះ​ក្នុងតម្លៃ​ណា​ក៏ដោយ ដើម្បី​បន្ត​ក្រាញ​អំណាច។ លោក​អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ កំពុង​តែ​បង្កើន​សន្ទុះ​យ៉ាង​ខ្លាំង​រហូត​ដល់​រដ្ឋាភិបាល​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង ដែល​ស្ដែង​ឲ្យ​ឃើញ​អំពី​គោលបំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា តាម​បែប​ឯកបក្ស និង​ផ្តាច់ការ​ដ៏​សាហាវ​បំផុត។
រឿង​ដែល​សំខាន់​មួយ​ទៀត​ដែល​លោក រីឆាត រ៉ូជើរ មើល​ឃើញ​ថា តម្រូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ដែរ​នោះ គឺ​ដោយសារ​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​បន្ត​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច។
លោក​បញ្ជាក់​ថា នៅ​ពេល​ប្រព័ន្ធយុត្តិធម៌​ជាតិ មិន​អាច​បំពេញមុខ​ងារ​ក្នុង​ការ​ថែរក្សា និង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន គឺ​ទាល់​តែ​អន្តរជាតិ​ជួយ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​នេះ កុំ​សង្ឃឹម​សូម្បី​តែ​ប៉ុន​សរសៃ​សក់ ថា​នឹង​មាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​ឲ្យ​សោះ ព្រោះ​អី​រដ្ឋាភិបាល​មាន​ឥទ្ធិពល​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ។ តុលាការ​កម្ពុជា លែង​មាន​មុខងារ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន។ តុលាការ​កម្ពុជា ជា​តុលាការ​បម្រើ​បក្ស​កាន់​អំណាច ហើយ​ចៅក្រម និង​ព្រះរាជអាជ្ញា​សុទ្ធតែ​ជា​តួអង្គ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​រួម​នេះ»
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ធាតុ​ផ្សំ​មួយ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ គឺ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដូចជា​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង​នេះ​ជាដើម។
ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ថា អ្វី​ដែល​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សំឡេង​ប្រឆាំង គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ការពារ​ចំណាត់ការ​ទាំង​នេះ ថា​ជា​ការ​ត្រឹមត្រូវ និង​មិន​អាច​ឲ្យ​អន្តរជាតិ​មក​ជ្រៀត​ជ្រែក​បាន​ឡើយ៖ «ករណី​របស់​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ មិន​មែន​ជា​រឿង​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​របស់​អន្តរជាតិ​ទេ។ កម្ពុជា តុលាការ​គឺ​វិនិច្ឆ័យ​ក្នុង​ផលប្រយោជន៍​កម្ពុជា។ កម្ពុជា​នៅ​តែ​គោរព និង​ឲ្យ​តម្លៃ​តុលាការ ជា​តុលាការ​របស់​កម្ពុជា អនុវត្ត វិនិច្ឆ័យ​ក្ដី​ទៅ​តាម​ច្បាប់ និង​អង្គ​សេចក្ដី​នៅ​ក្នុង​កម្ពុជា»
ចំណែក​ឯ​ក្រុម​​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ហែម សុជាតិ ក៏​សម្លឹង​មើល​ឃើញ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​អាច​​ជួយ​អន្តរាគមន៍​ផង​ដែរ ប្រសិនបើ​កូន​ក្ដី​របស់​ពួកគាត់​នៅ​តែ​រង​ភាព​អយុត្តិធម៌​ដោយ​ប្រព័ន្ធតុលាការ​ជាតិ និង​បក្ស​កាន់​អំណាច​ដូច​សព្វថ្ងៃ៕

ពលរដ្ឋ​ជាង​៧០​គ្រួសារ​ដែល​សេសសល់​នៅ​ភូមិ​ស្រែគរ​បាន​រើ​ទៅ​នៅ​ទួល​សុវត្ថិភាព


ពលរដ្ឋ​ជាង ៧០​គ្រួសារ នៅ​ភូមិ​ស្រែគរ (ចាស់) ខេត្ត​ស្ទឹងត្រែង ដែល​លិច​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​ជាង ៣០​ហិកតារ បាន​នាំ​គ្នា​រើ​ទៅ​តាំង​ទីលំនៅ​ថ្មី​បណ្ដោះអាសន្ន​នៅ​ទី​ទួល​សុវត្ថិភាព​រួច​ហើយ។
​សមាជិក​សហគមន៍​ស្រែគរ (ចាស់) លោក ហ្វុត ឃឿន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​វិច្ឆិកា ថា កម្ពស់​ទឹក​បាន​ឡើង​ពី ៧ ទៅ ៨​ម៉ែត្រ លិច​ផ្ទះ​អ្នក​ភូមិ​ជាង ៧០​ខ្នង ហើយ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ដឹក​សម្ភារៈ​ផ្សេងៗ​បាន​ទាន់​ពេល​ទេ ដោយសារ​កម្ពស់​ទឹក​ឡើង​លឿន​ខ្លាំង​ពេក។
លោក​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត និង​ម្ចាស់​ក្រុមហ៊ុន​វារីអគ្គិសនី​​សេសាន​ក្រោម​ពីរ បើក​ទឹក​ឡើង​វិញ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ពលរដ្ឋ​អាច​ដឹក​សម្ភារៈ​ធ្ងន់ៗ​ចេញ​ពី​លំនៅឋាន​បាន៖ «ពួក​ខ្ញុំ​លិច​អស់​ហើយ មួយ​ចំនួន​ធំ​លិច​ទាំង​ស្រុង។ ផ្ទះ​ខ្ញុំ​លិច​នៅ​សល់​ដំបូល ៨​តឹក ផ្ទះ​ខ្លះ​សល់​តែ ១​តឹក ដោយសារ​គម្រោង​អគ្គិសនី​សេសាន​ក្រោម​២។ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ភូមិ​ស្រែគរ​ចាស់ មិន​ព្រម​ទទួល​សំណង គាត់​បាន​មក​រស់​នៅ​ទី​ទួល​សុវត្ថិភាព​តាម​ចម្ការ ខ្លះ​រស់​នៅ​​រប៉ាត់រប៉ាយ។ ពួកគាត់​សុំ​ឲ្យ​បន្ទាប​ទឹក​ដើម្បី​អាច​ដឹក​សម្ភារៈ​ផ្សេងៗ អីវ៉ាន់​ដែល​ពួកគាត់​យក​មក​ជាមួយ​បាន គឺ​តែ​ចាន​ឆ្នាំង កន្ទេល ខ្នើយ ភួយ មុង តែប៉ុណ្ណោះ»
​ចំណែក​មេ​ឃុំ​ស្រែគរ (ថ្មី) លោក សៀក មេគង្គ ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​ពលរដ្ឋ​ជាង ៧០​គ្រួសារ ដែល​ពុំ​ព្រម​ទទួល​សំណង​ទៅ​នៅ​កន្លែង​ថ្មី។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ចាស់ ជាង ៤៧០​គ្រួសារ គឺ​មាន​ប្រមាណ​ជិត ៤០០​គ្រួសារ​ហើយ បាន​សុខចិត្ត​ទទួល​សំណង​មក​រស់​នៅ​ក្នុង​ភូមិ​ស្រែគរ​ថ្មី។
លោក​បន្ត​ថា អ្នក​ភូមិ​ជាង ៧០​គ្រួសារ​នោះ​កំពុង​ជួប​បញ្ហា​ជា​ច្រើន រួម​មាន៖ «ទី​១ គាត់​បោះបង់​ការ​សិក្សា​រៀន​សូត្រ​របស់​កូន ទី​២ ការ​ប្រើប្រាស់​ទឹក​គ្មាន​អនាម័យ គ្មាន​បង្គន់ ទី​៣ បញ្ហា​ឈឺ​ថ្កាត់​យប់​ព្រលប់ ពីព្រោះ​ភូមិ​ចាស់​លិច ៣​ត ផ្ទះ​គាត់​លិច​ហើយ ស្ពាន​លិច​ទៀត ទី​៤ ថ្នាក់​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្តាច់​សេវា​ទូរស័ព្ទ ទី​៥ គឺ​សន្តិសុខ​របស់​ពួកគាត់»
​អាជ្ញាធរ​ឃុំ​ស្រែគរ​ថ្មី ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ពលរដ្ឋ​ដែល​ពុំ​ព្រម​ចាកចេញ​ទាំង​នោះ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញចូល​ដើម្បី​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ពី​ខាង​ក្រៅ​អាច​ចូល​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ពួកគេ ប្រសិនបើ​មាន​បញ្ហា​អាសន្ន​ណា​មួយ រួមមាន​ការ​ខ្វះ​ស្បៀង​អាហារ និង​ឈឺ​ថ្កាត់​ជាដើម ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជាដើម៕

អង្គការ​អភិរក្ស​ព្រៃឈើ៖ មួយ​ថ្ងៃ​ឈើ​ប្រមាណ​១០០​ម៉ែត្រ​គូប​ត្រូវ​ឈ្មួញ​ដឹក​ចេញ​តាម​ច្រក​ទាន់ហន់

អង្គការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការពារ​ធនធាន​ធម្មជាតិ រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃៗ​ឈ្មួយ​សម្រុក​ដឹក​ឈើ​ចេញ​ពី​ជួរ​ភ្នំពេញ​ក្រវាញ ឆ្លង​កាត់​ច្រក​ទាន់ហន់ ខេត្ត​កំពត ទៅ​ប្រទេស​វៀតណាម មិន​តិច​ជាង ១០០​ម៉ែត្រ​គូប​ឡើយ។ បទល្មើស​ព្រៃឈើ​ទាំង​នេះ អាច​ដំណើរការ​ទៅ​បាន គឺ​មាន​ការ​សហការ​ជា​ប្រព័ន្ធ ក្រោម​រូបភាព​អំពើ​ពុករលួយ​រវាង​ឈ្មួញ មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន និង​អង្គការ​ដែល​អនុវត្ត​គម្រោង​លើ​អភិរក្ស​ព្រៃឈើ​ផង។
អ្នក​ជំនាញ​បរិស្ថាន​វាយ​តម្លៃ​ថា ឈើ​ប្រណិត​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ ចាប់​ពី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង អាច​នឹង​ត្រូវ​រលាយ​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​យ៉ាង​យូរ។
ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​ឈើ​ប្រណិត​រួម​មាន​ធ្នង់ នាងនួន និង​គ្រញូង ជាដើម ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជិត​ផុត​ពូជ​ទៅ​ហើយ នៅ​តាម​ជួរ​ភ្នំ​ក្រវាញ។ លោក​បន្ត​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​កាប​បំផ្លាញ​នេះ គឺ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ជាដើម។
មន្ត្រី​ជំនាញ​រូប​នេះ​បន្ត​ថា ឈើ​ដែល​កាប់​បាន​តាម​រយៈ​ការ​ជួល​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​កាប់​នោះ គឺ​ត្រូវ​ប្រមូល​ដឹកនាំ​ចេញ​ពី​តំបន់​ចំនួន ៣ រួម​មាន ច្រក​អូរត្រាវ និង​ច្រក​ជាំ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ នៅ​មាន​ច្រក​សំខាន់​មួយ​ទៀត គឺ​ដឹក​ចេញ​ពី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច កំពង់ស្ពឺ។
អនុផល​ព្រៃឈើ​ទាំង​នេះ ត្រូវ​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទាន់ហន់​ខេត្ត​កំពត ដែល​មាន​ជនជាតិ​វៀតណាម ឈ្មោះ សឺរ ស ត្រូវ​ជា​កូនប្រសា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ជា​អ្នក​ឈរ​ជើង​ទិញ៖ «»។
របាយការណ៍​របស់​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃៗ អនុផល​ព្រៃឈើ​ទាំង​នេះ ត្រូវ​ដឹក​ជញ្ជូន​យ៉ាង​តិច​ណាស់ ១០០ម៉ែត្រ​គូប​ដែរ​ចូល​ទៅ​ប្រទេស​វៀតណាម។ ដោយ​ឡែក លោក ប្រាក់ ស៊ីឡេង ដែល​ជា​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ប្រចាំ​ការ​នៅ​ច្រក​អូរត្រាវ វិញ រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​បំផុត​ពី​បទល្មើស​ព្រៃឈើ​នេះ។
បដិសេធ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក ប្រាក់ ស៊ីឡេង បាន​លើក​ទូរស័ព្ទ​រួច​ក៏​ផ្ដាច់​ទៅ​វិញ នៅ​ពេល​សួរ​ថា តើ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុករលួយ​ជា​ថ្នូរ​បើក​ផ្លូវ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​ឡើង​មែន ឬ​យ៉ាង​ណា?
អាស៊ីសេរី ពុំ​អាច​ស្វែង​ប្រភព​ទាក់ទង​ពី​លោក ឆេង ឡុង ដែល​ជា​សេនាធិការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​មេ​ឈ្មួយ​បិទ​មុខ​ដ៏​ធំ​ក្នុង​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ជួរ​ភ្នំក្រវាញ។
មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​បរិស្ថាន នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​អះអាង​ថា សព្វថ្ងៃ​នេះ​លោក ឆេង ឡុង នៅ​តែ​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ តែ​មិន​ចេញ​មុខ​រក​ស៊ី​ដោយ​ផ្ទាល់​ទេ គឺ​ប្រើ​មេការ​ដើរ​តួ​ជំនួស។
លោក ផាន់ វាសនា ដែល​ត្រូវ​គេ​អះអាង​ថា ជា​មេការ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​ជា​អ្នក​ចាត់ចែង​ការងារ​ទូទៅ​ក្នុង​ការ​ប្រមូល​អនុផល​ព្រៃឈើ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ។ធ្លាប់​ជា​អ្នក​ទោស​ព្រោះ​បទល្មើស​ព្រៃឈើ​នេះ លោក ផាន់ វាសនា ទទួល​ស្គាល់​ថា ពី​មុន​លោក​ធ្លាប់​រក​ស៊ី​មុខ​របរ​នេះ​មែន ប៉ុន្តែ​សព្វថ្ងៃ​នេះ​បាន​បោះបង់​ចូល​អស់​ហើយ៖ «»។
លោក ជា ហ៊ាន ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​នឹង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​តាម​ជួរ​ភ្នំ​ក្រវាញ លើក​ឡើង​ថា ការ​រលាយ​ទៅ​នៃ​ឈើ​ប្រណិត​នៅ​ជួរ​ភ្នំ​ក្រវាញ​នេះ ក៏​រួម​ចំណែក​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែរ។ លោក​បន្ត​ថា អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​មាន​បេសកកម្ម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ដែល​គ្រប់​ដណ្ដប់​ក្នុង​តំបន់​ខេត្ត​ពោធិ៍សាត់ កោះកុង និង​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ដែល​ខ្លួន​មាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ ក៏​បើក​ផ្លូវ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ដែរ ក្រោម​រូបភាព​អំពើ​ពុករលួយ។
អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​នេះ​បាន​ភ្លាមៗ​ទេ ពី​តំណាង​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយសារ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។ យ៉ាង​នេះ​ក្ដី លោក ជា ហ៊ាន យល់​ឃើញ​ថា ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ នឹង​ត្រូវ​រលាយ​បាត់​បង់​ក្នុង​ពេល​យ៉ាង​យឺត​បំផុត ៣​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​ឈ្មួយ​​ឈើ​នៅ​តែ​បិទ​មុខ ជ្រក​ក្រោម​ផ្លាក​នគរបាល និង​មន្ត្រី​បរិស្ថាន ដូច​សព្វថ្ងៃ​នេះ​ទៀត។ កាន់​តែ​អាក្រក់​ជាង​នេះ គឺ​កត្តា​អំពើ​ពុករលួយ បើ​នៅ​តែ​ចាក់​ឫស​ដ៏​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន ធនធាន​ធម្មជាតិ​នឹង​ត្រូវ​រលាយ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...