Wednesday, November 1, 2017

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ដំណឹង​អាក្រក់​ចំពោះ​កម្ពុជា

សមាជិកព្រឹទ្ធសភា​អាមេរិកាំង​ដ៏មានឥទ្ធិពលម្នាក់​ គឺ​លោក​ Ted Cruz ​បាន​ធ្វើ​ការព្រមាន​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​បក្ស​សង្គ្រោះជាតិត្រឹមថ្ងៃទី​៩ ខែវិច្ឆិកា បើ​សិន​ជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។​
នៅក្នុង​សារតាម​ទំព័រ ធ្វីតធឺ ​កាលពី​ព្រឹកថ្ងៃ​អង្គារ​លោក​ Ted Cruz ​បាន​សរសេរ​ថា៖​
«ដំណឹងអាក្រក់។ ប្រសិនបើលោក កឹម សុខា ​មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី​៩ ខែវិច្ឆិកាទេ​ ខ្ញុំនឹងធ្វើការងារ​ដើម្បី​ហាមឃាត់​អ្នកដែលទទួលខុសត្រូវ​លើបញ្ហានេះ​ មិន​ឱ្យ​ធ្វើដំណើរ​ចូលមក​សហរដ្ឋ​អាមេរិកទេ‍»។
ការព្រមាន​ដូចនេះ កើតមានឡើង​បន្ទាប់ពីលោក​បាន​សរសេរ​លិខិត​មួយ​ទៅ​ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២៣ខែតុលា​ស្នើ​សុំ​ឱ្យកម្ពុជា​ដោះលែងមេដឹកនាំគណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ក្បត់ជាតិ​ដោយ​សារការចោទ​ប្រកាន់​ថា​បានឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។
គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំនៅក្នុង​ប្រទេស​កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​ផងដែរ​ដោយ​សារ​តែការចោទ​ប្រកាន់នេះ។​
តុលាការ​បាន​កំណត់​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ដើម្បី​បើកសវនាការ​លើ​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​ដែល​បាន​ដាក់​ប្តឹង​ដោយ​ក្រសួង​មហាផ្ទៃ​កម្ពុជា។
អាជ្ញាធរ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្ត​បន្ទាប់​ក្នុង​ពេល​កន្លង​មក​ជា​នេះ​ជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ទទួល​យក​គំនាប​ពី​បរទេស​ទេ។
លោកផៃ ស៊ីផាន​រដ្ឋ​លេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ហៅ​ថា​នេះ «គឺ​ជា​ការប្រមាថ​ និង​ឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ក្រោម​ចំណុះ‍»៕

អ្នក​ជំនាញ​និង​អង្គការ​សិទ្ធិមនុស្ស​ស្នើ​ហ្វេសប៊ុក​​បញ្ឈប់​ការ​សាកល្បង​​មុខងារ​ថ្មី Explore Feed

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា​ រិះគន់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដែល​បាន​ជ្រើស​រើស​យក​ប្រទេស កម្ពុជា ធ្វើ​ការ​សាកល្បង​ដាក់​ឲ្យ​ប្រើ​ប្រាស់​មុខងារ​ថ្មី​នៃ​កម្មវិធី​របស់​ខ្លួន ​ហៅថា អិចផ្លរ ហ្វ៊ីត(Explore Feed)។ ការ​សាកល្បង​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាត់បង់​ និង​ជួប​នូវ​ការ​លំបាក ក្នុង​ការ​ស្វែង​រក ​និង​ទទួល​បាន​នូវ​ព័ត៌មាន​នានា​ដែល​ពួកគេ​ចង់​តាមដាន។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាកល្បង​នេះ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​កម្មវិធី​ដូច​ដើម​ ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​អាច​ប្រើ​បាន​ដូច​ធម្មតា​ឡើងវិញ។
តាមរយៈ​ការ​សាកល្បង​មុខងារ​ថ្មី​នេះ​ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ផ្លាស់​ប្តូរ​ទី​តាំង​នៃ​ការ​បង្ហាញ​ព័ត៌មាន​ផុស​ដោយ​ទំព័រ​ហ្វេសប៊ុក​នានា​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​បាន​ចុច ​Like និង Follow​ ដោយ​ចាប់​ពី​ពេលនេះ​តទៅ​ ព័ត៌មាន​ពី​ទំព័រ​ទាំងនោះ នឹង​លែង​មាន​បង្ហាញ​នៅ​លើ​ទំព័រ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ដែល​នៅ​លាយឡំ​ជាមួយ​នឹង​ការ​ផុស​ព័ត៌មាន​ផ្ទាល់​ខ្លួន ​ព័ត៌មាន​របស់​មិត្ត​ភក្តិ​ ឬ​សាច់ញាតិ​ ក្រុម​គ្រួសារ​ ដូច​កាល​ពី​លើក​មុន​ទៀត​ហើយ។
ការ​ប្រែប្រួល​នេះ ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​មុខងារ​ថ្មី​មួយ​របស់​ខ្លួន​ហៅថា ហ្វេសប៊ុក​អិចផ្លរ​ ហ្វ៊ីត។ រាល់​ព័ត៌មាន​ផុស​ដោយ​ទំព័រ​ហេ្វសប៊ុក​ ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​បាន​ចុច​ Like និង Follow តួ​យ៉ាង​ដូចជា​ការ​ផុស​ព័ត៌មាន​របស់​ទំព័រ​ហ្វេសប៊ុក​ អាស៊ីសេរី ឬ​របស់​សារព័ត៌មាន​ ឬ​ទំព័រ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ យក​មក​ដាក់​បង្ហាញ​នៅ​កន្លែង​ថ្មី​នេះ​ ដែល​មាន​ឈ្មោះ​ហៅថា Explore Feed ​។ នេះ​មាន​ន័យថា ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ទំព័រ​ទាំងនេះ អ្នក​ប្រើប្រាស់​នៅប្រទេស​កម្ពុជា ​ត្រូវ​ចូល​ទៅ​ចុច​លើ​មុខងារ​ Explore Feed​ នេះ ដែល​មាន​រូបសញ្ញា ​ឬ អាយខុន​ស្រដៀង​យានអវកាស ​ឬ​កាំជ្រួច​ពណ៌ស ស្ថិត​ក្នុង​រង្វង់​មូល​ពណ៌​ក្រហម​ ដែល​គេ​អាច​ឃើញ​មាន​នៅ​ក្នុង​កម្មវិធី​ហ្វេសប៊ុក ឬ​ហៅថា​ Facebook App ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​នានា។ ជុំវិញ​ការ​សាកល្បង​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​នេះ​ កន្លងមក​ អាស៊ីសេរី​ធ្លាប់​បាន​ផុស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នូវ​រូបភាព​ណែនាំ​ពន្យល់​អំពី​ការ​ចូល​ទៅ​កាន់ Explore Feed ​នេះ​ ដើម្បី​ឲ្យ​អ្នក​តាមដាន​ព័ត៌មាន​ និង​ប្រិយមិត្ត​របស់​អាស៊ីសេរី អាច​ស្វែងរក​មើល​ព័ត៌មាន​នានា​ដែល​ផុស​ដោយ​ ទំព័រ​អាស៊ីសេរី។
ការ​ធ្វើ​សាកល្បង​មុខងារ​ថ្មី​នេះ​ ធ្វើ​ឡើង​ក្នុង​ប្រទេស​ចំនួន ​៦ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ប្រទេស​ក្រីក្រ​ និង​មាន​ការ​អភិវឌ្ឍ​តិចតួច ​ក្នុង​នោះ​រួមមាន​ ប្រទេស ​បូលីវៀ ហ្គោតេម៉ាឡា ស៊ែរប៊ី​ ស្លូវ៉ាគី​ ស្រីលង្កា ​និង​ប្រទេស​កម្ពុជា។ នៅ​កម្ពុជា ការ​សាកល្បង​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ថ្ងៃ​ទី​១៩ ​ខែ​តុលា មក​ម្ល៉េះ។
ជុំវិញ​ការ​សាក​ល្បង​មុខងារ​ថ្មី​នេះ ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ប្រទេស​កម្ពុជា​ មួយ​ចំនួន​បាន​បង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់​ផ្អើល មិន​ពេញ​ចិត្ត ហើយ​ខ្លះ​បាន​ត្អូញត្អែរ​ចំពោះ​ការណ៍​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក ដាក់​ចេញ​ការ​កែប្រែ​នេះ​ ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន ឬ​ជា​ផ្លូវការ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការសាកល្បង​មុខងារ​ថ្មី​នេះ​។ ពួក​គេ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​ ដោយ​ស្ងាត់ៗ​ និង​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ឡើយ។
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ និង​ជា​អ្នក​គាំទ្រ (Fan) របស់​អាស៊ីសេរី បាន​សរសេរ​ Comments ​ថា «អ៊ីចឹង​តើ ចេះ​តែ​ឆ្ងល់​បាត់​ព័ត៌មាន​ទៅ​ណា​អស់» ហើយ​អ្នក​ខ្លះ​ទៀត​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​មាន​ការ​ប្រែប្រួល​យ៉ាង​ដូច្នេះ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
យុវជន​ម្នាក់​ឈ្មោះ ឃុន សីហា​ ជា​សមាជិក​ក្រុម​វេទិកា​កាហ្វេ​នយោបាយ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Politikofee បាន​សម្ដែង​ក្តី​បារម្មណ៍​ និង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​សាកល្បង​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​នេះ។ យុវជន​រូប​នេះ​យល់​ឃើញ​ថា​ ការ​សាកល្បង​របស់​ហ្វេសប៊ុក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ហើយ​ថា ការណ៍​នេះ ​បង្កើត​ឲ្យ​មាន​នូវ​ផល​អវិជ្ជមាន​ជាច្រើន។
យុវជន​រូប​នេះ​ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ ក្រុមហ៊ុន​ហ្វេសប៊ុក​គួរ​តែ​មាន​គោលការណ៍​កំណត់​ច្បាស់លាស់ ​និង​ជាក់​លាក់ ចៀស​ជាង​គិត​តែ​អំពី​ការ​ស្វែង​រក​ចំណូល​ពី​អាជីវកម្ម​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន​ ព្រោះ​ថា​បើ​មិន​ដូច្នេះ​ទេ ម្ចាស់​ទំព័រ​ដែល​មាន​ថវិកា​ច្រើន​ អាច​នឹង​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​បង្កើន​ការ​ផ្សាយ​ពាណិជ្ជកម្ម​រាល់​ការ​ផុស​ព័ត៌មាន​របស់​ខ្លួន​ ដើម្បី​ឲ្យ​ព័ត៌មាន​ទាំង​នេះ​ អាច​បង្ហាញ​លើ​ទំព័រ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ទូទៅ។ លោក​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ ​ដែល​ថា​ការ​សាកល្បង​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ។
យុវជន​ដដែល​រូប​នេះ​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេស​ប៊ុក គួរ​តែ​បញ្ឈប់​ការ​សាកល្បង​មុខងារ​នេះ​ ហើយ​វិល​ត្រលប់​ទៅ​រក​លក្ខណៈ​ដូច​ដែល​ក្រុមហ៊ុន​នេះ ធ្លាប់​អនុវត្តនា​ពេល​កន្លង​ទៅ ​ទើប​ជា​ការ​ប្រសើរ​ជាង។
ដោយ​ឡែក​ លោក ង៉ែត ម៉ូសេ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា សង់​ត្រាល់​ ឲ្យ​អាស៊ីសេរី​ដឹង​ថា តាម​លោក​សង្កេត​មាន​ការ​ត្អូញត្អែរ​ជា​ច្រើន​ពី​សំណាក់​ពលរដ្ឋ​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​ចេញ​សាកល្បង​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ ​Explore Feed​ នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ក្រុមហ៊ុន​ហ្វេសប៊ុក មិន​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ណា​មួយ​ឡើយ​ មុន​ពេល​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​មុខងារ​ថ្មី​នេះ​ទេ ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មាន​ចម្ងល់​មិន​ដឹង​ថា បាត់​ព័ត៌មាន​ទៅ​ណា​អស់​ឡើយ។
លោក ង៉ែត ម៉េសេ យល់​ឃើញ​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​មុខងារ​ថ្មី​នេះ នៅ​កម្ពុជា​ អាច​បង្កើត​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់។ លោក​ថា ចំពោះ​រឿង​ដែល​មិន​ល្អ​នោះ គឺ​ហ្វេសប៊ុក​ហាក់​កំពុង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទី​ពិសោធន៍​អាជីវកម្ម​ទីផ្សារ​របស់​ខ្លួន ដោយ​សារ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង។ ដោយ​ឡែក​សម្រាប់​រឿង​ដែល​ល្អ​វិញ​ លោក ​យល់​ឃើញ​ថា ​នៅ​ពេល​ដែល​មាន​ការ​បែង​ចែក​ព័ត៌មាន​នេះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ លែង​មាន​ការ​ធុញ​ទ្រាន់​ពី​ការ​ឃើញ​ព័ត៌មាន​ច្រើន​ហួស​ហេតុ​ពេក នៅ​លើ​ទំព័រ​ព័ត៌មាន​របស់​ខ្លួន​ ដូច​កាល​ពី​លើក​មុន។
ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​នូវ​មុខងារ​ថ្មី​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ កំពុង​តែ​ចាត់​វិធាន​ការ​យ៉ាង​ចាស់​ដៃ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។
នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់អាស៊ី ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ជ្រើសរើស​យក​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច ដូច​ប្រទេស​កម្ពុជា​ មក​ធ្វើការ​សាកល្បង ជា​ពិសេស​ដោយសារ​តែ​ភស្តុតាង​បង្ហាញ​ថា ​ការ​បែង​ចែក​នៃ​ការ​បង្ហាញ​ព័ត៌មាន​នេះ ទំនង​ជា​នឹង​បង្កើត​ឲ្យ​មាន​នូវ​ឥទ្ធិពល​ទូលំទូលាយ​ និង​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​ការ​សម្ដែង​មតិ​ជា​សាធារណៈ ​និង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ លោកហ្វ៊ីល រ៉ូប៊ឺតសុន ចោទ​ជា​សំណួរ​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​ គិត​ថា នេះ​ជា​ជំហាន​ដែល​សំខាន់ ​និង​មាន​ប្រយោជន៍​មែន​នោះ​ ហេតុអ្វី​បាន​គេ​មិន​ធ្វើ​ការ​សាកល្បង​នូវ​មុខងារ​ថ្មី​នេះ​ ក្នុង​ទីផ្សារ​សំខាន់ៗ​ដូចជា​នៅ​ប្រទេស​អង់គ្លេស ឬ​អាល្លឺម៉ង់ ជា​ដើម?​ លោក​បន្ត​ថា ​តើ​ការណ៍​ដែល​ក្រុមហ៊ុន​នេះ ជ្រើសរើស​យក​ប្រទេស​កម្ពុជា​មក​សាកល្បង​ ក៏​ព្រោះ​ដោយសារ​តែ​ពួកគេ​បារម្ភ​ថា ប្រសិន​បើ​ពួកគេ​ព្យាយាម​សាកល្បង​មុខងារ​ថ្មី​នេះ​ក្នុង​ប្រទេស​ដទៃ​ទៀត​ ក្រុមហ៊ុន​នេះ​អាច​នឹង​ទទួល​រង​នូវ​ការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​គម្រោង​នេះ ​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ប្រទេស​ទាំងនេះ?
លោក ហ្វ៊ីល រ៉ូប៊ឺតសុន រិះគន់​ក្រុមហ៊ុន​អាមេរិកាំង​មួយ​នេះ​ថា ជម្រើស​នៃ​ការ​សាកល្បង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នេះ ​លាត​ត្រដាង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ហ្វេសប៊ុក​ ខ្វះ​នូវ​ការ​យល់ដឹង​ និង​ការ​ពិចារណា​អំពី​ថា​តើ​ចំណាត់​ការ​របស់​ពួកគេ ​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​យ៉ាង​ដូចម្តេច​ខ្លះ។ លោក​ថា ​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដឹកនាំ​រដ្ឋាភិបាល​តាមរយៈ​ការ​បង្ក្រាប​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដោយ​ការ​បំបិទ​សារព័ត៌មាន​ ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ការ​បង្ខំ​អោយ​វិទ្យុអាស៊ីសេរី​បិទ​ការិយាល័យ​នៅ​កម្ពុជា​របស់​ខ្លួន និង​ការ​បំបិទ​ស្ថានីយ ផ្សាយ ​អេហ្វអឹម ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ ដែល​ផ្សាយ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​បាន ហ្វេសប៊ុក​ក្លាយ​ជា​ប្រភព​មួយ​នៃ​ព័ត៌មាន​មួយ​ដែល​មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំងអស់។ លោក​បន្ត​រិះគន់​ថា ​ការ​សាកល្បង​របស់​ហ្វេសប៊ុក គឺ​កំពុង​ធ្វើឡើង​ក្នុង​ពេល​វេលា​ដែល​មិន​សម​ស្រប​ទាល់​តែ​សោះ​ ហើយ​ក្រុមហ៊ុន​នេះ​គួរ​ទទួល​ស្គាល់​អំពី​តឋភាព​នេះ ហើយ​ត្រូវ​​ផ្អាក​ជា​បន្ទាន់​នូវ​ការ​សាកល្បង​ដូច្នេះ​ ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រលប់​មក​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​នេះ​ ទទួល​បាន​ការ​បង្ហាញ​ព័ត៌មាន​ដូច​ប្រក្រតី​កាល​ពី​លើក​មុន​វិញ​ដែរ។ លោក​ថា ​គេ​ពុំ​មាន​មន្ទិល​ទៀត​ទេ​ថា ការ​សាកល្បង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិបាក​សម្រាប់​ ពលរដ្ឋ​កម្ពុជា​ទូទៅ ដែល​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ឯករាជ្យ​ ក្រៅ​ពី​ប្រភព​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​។​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ មាន​ការ​ព្រួយបារម្ភ​ ដែល​ថា ការណ៍​នេះ​ នឹង​រឹត​តែ​ជា​ការ​ពិបាក​ជាង​មុន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​រលក​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្នែក​នយោបាយ​ ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទទួល​បាន​ដំណឹង​នេះ។
របាយការណ៍​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​របស់​មូលនិធិ​អាស៊ី​ ស្តីពី​ការ​ប្រើ​ប្រាស់​ទូស័ព្ទ​ដៃ និង​សេវា​អ៊ីនធឺណែត​ ចេញ​ផ្សាយ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧ ​កន្លង​ទៅ​ឲ្យ​ដឹង​ថា ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ២០១៦ ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា​ យក​មក​ធ្វើ​ជា​ប្រភព​ចម្បង​នៃ​ការ​ទទួល​បាន​ព័ត៌មាន បាន​កើន​ឡើង​លើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ដទៃ​ទៀត​ដែល​រួមមាន​ សារព័ត៌មាន​ វិទ្យុ និង​ទូរទស្សន៍​ជា​ដើម។
លោក អាដាម មូសេស ​អនុប្រធាន​ គ្រប់គ្រង​គម្រោង​ទទួល​បន្ទុក​ផ្នែក​ News Feed ​របស់​ក្រុមហ៊ុន​ ហ្វេសប៊ុក​ ថ្លែង​ការពារ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ ហ្វេសប៊ុក ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៣ ​ខែតុលា​ ថា ការ​ដាក់​ឲ្យ​សាកល្បង​អំពី​មុខងារ​ថ្មី​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ថា​តើ​ពួកគេ​ចង់​ឲ្យ​មាន​ការ​បែងចែក​ការ​បង្ហាញ​ព័ត៌មាន​សាធារណៈ​ទូទៅ​ ចេញ​ពី​ព័ត៌មាន​បុគ្គល​ផ្ទាល់​ខ្លួន ដែរ​ឬ​ក៏​យ៉ាងណា​នោះ​។ លោក​ថា ​ក្រុមហ៊ុន​ហ្វេសប៊ុក នឹង​មិន​ដាក់​បញ្ចេញ​ការ​សាកល្បង​មុខងារ​នេះ​នៅ​ក្នុង​ប្រទេស​ដទៃ​ផ្សេង​ទៀត​ឡើយ ហើយ​ថា​នេះ​គ្រាន់​តែ​ជា​ករណី​សាកល្បង​តែប៉ុណ្ណោះ៕

សង្គម​ស៊ីវិល​និង​យុវជន​ស្នើ​ឲ្យ​បើកចំហ​សេរីភាព​បញ្ចេញមតិ​ឲ្យ​បាន​ទូលាយ​ជាង​មុន

សង្គម​ស៊ីវិល ធ្វើការ​ផ្នែក​បរិស្ថាន និង​ក្រុមយុវជន ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា កុំ​រឹត​បណ្ដឹង​លើ​សេរីភាព​បញ្ចេញមតិ​របស់​អ្នកការពារ​បរិស្ថាន។ ពួកគេ​ចាត់​ទុក​សកម្មភាព​ការពារ​បរិស្ថាន​ថា ជា​សកម្មភាព​បម្រើ​ប្រយោជន៍​រួម​របស់​សង្គមជាតិ។
ក្រុម​និស្សិត និង​សង្គម​ស៊ីវិល នៅតែ​ព្រួយបារម្ភ​ពី​ការសម្ដែង​មតិ ទាក់ទង​នឹង​បរិស្ថាន។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​បើកទូលាយ​ពី​សិទ្ធិ​បញ្ចេញមតិ​ទាក់ទង​ការ ការពារ​ធនធានធម្មជាតិ។ នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម លោក ប៉ែន សុមុនី ថ្លែង​ក្នុង​វេទិការ​យុវជន​កម្ពុជា ឆ្នាំ​២០១៧ ស្ដីពី​យុវជន​ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សេរីភាព​បញ្ចេញមតិ​របស់​យុវជន មិន​មាន​ប្រសើរ​ជាង​មុន​នោះ​ទេ ប៉ុន្ដែ​ផ្ទុយទៅវិញ សេរីភាព​នេះ​បែរជា​ថយ​ចុះ​ជាង​មុន​ទៅវិញ នៅ​មួយ​រយៈ​ចុងក្រោយ​នេះ។
លោក ប៉ែន សុ​មុនី មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​ដើរ​តួនាទី​យ៉ាង​ល្អ នៅ​ក្នុង​វិស័យ​អប់រំ ប៉ុន្តែ​ចំពោះ​វិស័យ​ដីធ្លី និង​ធនធានធម្មជាតិ នៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​មាន​ការ​បើក​សេរីភាព​ឲ្យ​ទូលាយ​សម្រាប់​អ្នកការពារ​បរិស្ថាន។
ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឳម សាវ៉ាត ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កុំ​ហាមឃាត់​អ្នកសារព័ត៌មាន សង្គម​ស៊ីវិល និង​ពលរដ្ឋ ដែល​ទៅ​ពិនិត្យមើល​តំបន់​លិច​ទឹក ដែល​រង​ផល​ប៉ះពាល់​ពី​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។
របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​អោយ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​ឃុំ​ក្បាល​រមាស​៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ។ សង្គម​ស៊ីវិល ចាត់​ទុក​ការ​ហាម​ឃាត់​អ្នកសារព័ត៌មាន សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្នុង​សហគមន៍​រងគ្រោះ គឺជា​ការ​រឹតត្បិត​លើ​សេរីភាព​ដល់​ក្រុម​អ្នកការពារ​បរិស្ថាន​ផង​ដែរ។ ករណី​អ្នក​បរិស្ថាន​រងគ្រោះ​ដោយសារ​ការ​បញ្ចេញ​មតិ​កន្លងមក គេ​សង្កេត​ឃើញ​ថា ច្រើន​កើត​លើ​សកម្មជន​របស់​អតីត​អង្គការ​មាតា​ធម្មជាតិ។ តុលាការ​ខេត្ត​កោះកុង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា បានសម្រេច​ឃុំខ្លួន​សកម្មជន​អង្គការ​នេះ ពីរ​នាក់ ឈ្មោះ ឌឹម គុណឌី និង ហ៊ុន វណ្ណៈ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​បាន​ចេញ​វីដេអូ​ឃ្លីប​មួយ និយាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។
អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​ជំហរ​របស់​ក្រសួងបរិស្ថាន ក្នុង​ជួយ​ជ្រោមជ្រែង​ដល់​អ្នកការពារ​បរិស្ថាន​នៅ​កម្ពុជា ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ទេ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា។
និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ម្នាក់ កញ្ញា កេង ស្រីនីន ក៏​សំដែង​ក្តី​បារម្ភ​ពី​ការបាត់បង់​ធនធាន​ធម្មជាតិ នៅ​ពេល​ដែល​មានការ​រឹតត្បិត​ការ​បញ្ចេញមតិ រិះគន់​ការបំផ្លាញ​ធនធានធម្មជាតិ។ និស្សិត​ជំនាញ​សង្គមវិទ្យា​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាព​ពេញលេញ​ដល់​ក្រុម​អ្នកការពារ​បរិស្ថាន។
សង្គម​ស៊ីវិល និង​យុវជន អះអាង​ថា កិច្ច​ការពារ​បរិស្ថាន គឺជា​សកម្មភាព​បម្រើ​ប្រយោជន៍​សាធារណៈ​ដល់​សង្គម ហើយ​ក្រុម​អ្នកការពារ​បរិស្ថាន​គ្រាន់តែ​ចង់​ឃើញ​ធនធានធម្មជាតិ អាច​នៅ​គង់វង្ស​ត​កូនចៅ​ជំនាន់​ក្រោយ និង​មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ ដណ្ដើម​អំណាច​អ្វី​នោះ​ទេ៕

សង្គម​ស៊ីវិល​និង​សកម្មជន​ទាមទារ​ការ​បកស្រាយ​រឿង​បាត់​ខ្សាច់​ស៊ីលីកា​ជាង ១​លាន​តោន​ទៅ​តៃវ៉ាន់

ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​ខ្លាំង តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​គណបក្ស​កាន់​អំណាច ទៅ​លើ​គណបក្សប្រឆាំង ភាព​ទន់ខ្សោយ​នៃ​ការគ្រប់គ្រង​វិស័យ​រ៉ែ ខ្សាច់ ហាក់​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រសែ​ភ្នែក​របស់​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ដែល​ហាក់​មិន​អើពើ ចំពោះ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ស៊ីលីកា ទៅ​កោះ​តៃវ៉ាន់ ដែល​មាន​គម្លាត​គ្នា​ដល់​ទៅ​ជាង ១លាន​តោន។
អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​ក្រសួង និង​ស្ថាប័ន​ជំនាញ មាន​ដូចជា ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បង្ហាញ​ពី​តម្លាភាព​នៃ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ទៅ​កោះ​តៃវ៉ាន់ ហើយ​ពួកគេ​ក៏​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ដែរ។
អស់​រយៈពេល​ជាង ១​ខែ ទៅ​ហើយ ដែល​ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ត្រូវ​បាន​លាតត្រដាង ដោយ​អ្នកសារព័ត៌មាន និង​សកម្មជន​បរិស្ថាន ក៏ប៉ុន្តែ​ករណី​ថ្មី​មួយ​នេះ​មិន​ត្រូវ​បាន​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​បកស្រាយ និង​ពន្យល់​សាធារណជន​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ។ ចំណែក​ឯ​ខាង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល ក៏​មិនបាន​អើពើ​ស៊ើបអង្កេត​ករណី​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​វាយ​តម្លៃ​ថា គឺ​ជា​ភាព​ឱនថយ​នៃ​ការ​បំពេញ​មុខងារ​របស់​ស្ថាប័ន​ទាំងនោះ។
អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ថ្លែង​ថា ព័ត៌មាន​ស្ដីពី​អាជីវកម្ម​ខ្សាច់​ទៅ​ក្រៅ​ប្រទេស មាន​ភាព​លាក់កំបាំង​ច្រើន ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ហាក់​ដូចជា​មិន​ខ្វាយខ្វល់​នឹង​បញ្ហា​នេះ​ឡើយ។ សកម្មជន​តស៊ូ​មតិ​រឿង​ខ្សាច់​រូប​នេះ ស្នើ​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ ដែល​ពាក់ព័ន្ធ​ចេញមុខ​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ថា ស្ថាប័ន​ទាំងនោះ​កំពុង​បើកដៃ​ឱ្យ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធំ​ក្នុង​វិស័យ​រ៉ែ​ខ្សាច់​នេះ៖ «គាត់​គួរ​ណាស់​តែ​បង្ហាញ​ការពិត​មក បើ​សិនជា​គាត់ (​ក្រសួង​ពាក់ព័ន្ធ​) មិន​ចង់​ឱ្យ​ពលរដ្ឋ​គិត​ថា គាត់​កំពុង​ចូលរួម​បង្កើត​ឱ្យ​មាន​អំពើពុករលួយ។ អញ្ចឹង​គាត់​គួរ​តែ​ធ្វើ​សកម្មភាព​តាមដាន ស៊ើបអង្កេត ឬក៏​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​តែម្ដង​ទៅ ដើម្បី​ឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​។ គាត់​ស្ងាត់​បែបនេះ​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​យល់ថា​អំពើពុករលួយ​នៅតែ​កើតមាន ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អត់​មាន​សកម្មភាព​អ្វី​បែបនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​គិត​ថា ពួកគាត់​កំពុងតែ​ឃុបឃិត​គ្នា ធ្វើ​ឱ្យ​មាន​រឿង​នេះ​កើតឡើង»
ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ដែល​បម្រើ​ឱ្យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់ ចំនួន​ជាង ១​លាន​តោន ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​កម្ពុជា ខណៈ​ភ្នាក់ងារ​គយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​តៃវ៉ាន់​អះអាង​ថា ខ្លួន​បាន​ទិញ​ខ្សាច់​ស៊ីលីកា ពី​កម្ពុជា​ចំនួន​ជាង ១​លាន ៥ សែន​តោន (,៥៣៣,៨៥៥) គិត​ជា​ទឹកប្រាក់​ជាង ៣២​លាន​ដុល្លារ​អាមេរិក (៣២,២៧២,០០០) ចាប់​ពី​ឆ្នាំ​២០១២ ដល់ ឆ្នាំ​២០១៦។
ដោយឡែក ទិន្នន័យ​របស់​កម្ពុជា​វិញ មាន​ចំនួន​តិច​ជាង​ទិន្នន័យ​គយ​តៃវ៉ាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​សូម្បី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​តែមួយ ក៏​មាន​ទិន្នន័យ​ខុសគ្នា​ដែរ។
ទិន្នន័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ និង​ប្រមូល​សួយសារ​ពី​អាជីវកម្ម​ខ្សាច់ បង្ហាញ​ថា កម្ពុជា​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​ជាង ១៥​ម៉ឺន​តោន (១៥៨.១០០) ហើយ​នេះ​ជា​ការ​នាំចេញ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ ២០១៧។ ចំណូល​សួយសារ​ដែល​ក្រសួង​ប្រមូល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា​នេះ មាន​ចំនួន​ជាង ៤៧​ម៉ឺន​ដុល្លារ (៤៧៤.៣០០)
ចំណែក ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង និង​ប្រមូល​ពន្ធ​លើ​ការ​នាំ​ទំនិញ​ចេញចូល​វិញ បង្ហាញ​ថា មាន​ខ្សាច់​ស៊ីលីកា​ប្រហែល ៥​ពាន់​តោន (៤៩០០) ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​ចេញទៅ​កោះ​តៃវ៉ាន់ ហើយ​នេះ​ជា​តួលេខ​នៅ​ឆ្នាំ២០១៦។ អគ្គនាយកដ្ឋាន​គយ​ប្រមូល​ពន្ធគយ​ពី​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នេះ បាន​ជាង ៥​ម៉ឺន​ដុល្លារ។
ភាព​ខុសគ្នា​នៃ​ទិន្នន័យ​រវាង​ស្ថាប័ន​នានា​ក្នុង​រដ្ឋាភិបាល​តែមួយ​នេះ មាន​ពីរ​ចំណុច​សំខាន់ គឺ​ទី១​បរិមាណ​នាំចេញ និង​ទី២ គឺ​ឆ្នាំ​នៃ​ការនាំចេញ។ ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ខ្សាច់​ស៊ីលីកា​នេះ​ទើបនឹង​នាំចេញ​នៅ​ចុង​ឆ្នាំ ២០១៦ ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​ឯកជន​ពីរ គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MONG RETHTHY GROUP CO., Ltd) និង​ក្រុមហ៊ុន ស៊ីលីកា សឺវីស (កាំបូដ) (Silica Service (Cambodge) Co., Ltd) ហើយ​ទិសដៅ​នៃ​ការនាំចេញ​គឺ​ទៅ​កោះ​តៃវ៉ាន់។ ដោយឡែក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​វិញ បញ្ជាក់​នៅ ក្នុង​ទិន្នន័យ​របស់​ខ្លួន​ថា កម្ពុជា​បាន​ចាប់ផ្តើម​នាំចេញ​ខ្សាច់​ទៅ​កោះ​តៃវ៉ាន់ តាំងពី​ឆ្នាំ ២០១៤ តែ​ខ្សាច់​ទាំងនោះ គឺជា​ប្រភេទ​ខ្សាច់​ទូទៅ មិន​សំដៅ​តែ​ទៅលើ​ខ្សាច់​ស៊ីលីកា​នោះ​ទេ មាន​តែ​នៅ​ឆ្នាំ ២០១៦ ទេ ដែល​ជា​ពេល​នាំចេញ​ខ្សាច់​ស៊ីលីកា​ទាំងស្រុង។
ទិន្នន័យ​គយ​នៅ​ត្រង់​ចំណុច​នេះ ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កត់ត្រា ដោយសារតែ​តាំងពី​ឆ្នាំ២០១២ មក កោះ​តៃវ៉ាន់​នាំចូល​តែ​ខ្សាច់​ស៊ីលីកា មួយ​មុខ​ប៉ុណ្ណោះ​ពី​កម្ពុជា មិន​មាន​នាំចូល​ខ្សាច់​ប្រភេទ​ផ្សេង​ឡើយ ព្រោះ​ដែន​កោះ​មួយ​នេះ​ត្រូវការ​ខ្សាច់​ស៊ីលីកា ដើម្បី​ទ្រទ្រង់​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់​របស់​ខ្លួន។
រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា តួលេខ​នាំចេញ​ខ្សាច់​ស៊ីលីកា​របស់​ក្រសួង​រ៉ែ និង​ថាមពល គឺជា​តួលេខ​ជាក់ស្ដែង​ដែល​ក្រសួង​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចេញ។ មន្ត្រី​ជំនាញ​រូប​នេះ​បកស្រាយ​ថា ភាព​ខុសគ្នា​នៃ​តួលេខ​របស់​តៃវ៉ាន់ និង​កម្ពុជា ទាក់ទង​នឹង​ខ្សាច់​ស៊ីលីកា​នេះ អាច​បណ្ដាល​មក​ពី​បច្ចេកទេស​នៃ​ការ​កត់ត្រា និង​ការ​រាយការណ៍ ក៏ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ហេតុអ្វី​បានជា​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល ខុសគ្នា​ពី​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទាំង​បរិមាណ និង​ឆ្នាំ​នៃ​ការ​នាំ​ចេញ លោក​លើយ​តប​ថា លោក​មិន​បាន​ដឹង​អំពី​នីតិវិធី​កត់ត្រា​របស់​ភ្នាក់ងារ​គយ​កម្ពុជា​ឡើយ៖ «មុន​នឹង​អាច​នាំ​ចេញ​បាន ក្រុមហ៊ុន​ត្រូវ​ប្រកាស​បរិមាណ​មក​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឱ្យ​ក្រសួង​កំណត់​សួយសារ។ ក្រោយ​ពី​កំណត់​សួយសារ​រួចហើយ ក្រសួង​រ៉ែ និង​ថាមពល នឹង​ចេញ​វិក្កយបត្រ​សម្រាប់​សម្គាល់​ការនាំចេញ​អំពី​បរិមាណ​ប៉ុនណា ដែល​ក្រុមហ៊ុន​បាន​បង់​សួយសារ​រួចហើយ ដើម្បី​ឱ្យ​ក្រុមហ៊ុន​យក​ទៅ​ធ្វើ​ការ​ជម្រះ​ឯកសារ​ពន្ធគយ (Customs Clearance) ជាមួយ​ខាង​គយ និង​ខាង​កង​នាវាចរណ៍ (CAMSAB) ដើម្បី​នាំចេញ។ ជា​ទ្រឹស្ដី​វា​មិន​គួរ​ខុសគ្នា​ទេ ដោយសារ​ក្រុមហ៊ុន​យក​ឯកសារ​ហ្នឹង​ទៅ​ជម្រះ ប៉ុន្តែ​ដល់ពេល​រក​ឃើញ​ថា​ខុសគ្នា​អញ្ចឹង ទាល់តែ​ទៅ​សួរ​ខាង​គយ ហេតុ​ដូចម្ដេច​បានជា​គាត់​កត់​ខុសគ្នា»
រហូត​មក​ទល់នឹង​ពេលនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច មិន​បាន​ចេញ​មុខ​បកស្រាយ​រឿង​នេះ​ឡើយ ហើយ​សូម្បី​តែ​ព័ត៌មាន​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់ ដែល​ស្ថាប័ន​នេះ​ធ្លាប់​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ក៏​ត្រូវ​បាន​ដាក់​លេខ​សម្ងាត់​ផង​ដែរ។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​ជាច្រើន​ដង ពី​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ ក៏ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន ព្រោះ​ស្ថាប័ន​នេះ​មិន​មាន​អ្នកនាំពាក្យ​។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ចេញមុខ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​រឿង​គម្លាត​ដ៏​ច្រើន​សម្បើម​នៃ​ទិន្នន័យ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់ ព្រោះ​ស្ថាប័ន​នេះ​គឺជា​អ្នក​កត់ត្រា​រាល់​បញ្ជី​ទំនិញ​គ្រប់​ប្រភេទ​ដែល​ត្រូវ​នាំ​ចេញទៅ​ក្រៅ​ប្រទេស។ លោក​ក៏​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​រឿង​នេះ​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ៖ «ភាព​ខុសគ្នា​រវាង​ចំនួន​ខ្សាច់​នៅ​ក្នុង​របាយការណ៍​របស់​កម្ពុជា ហើយ​និង​បរិមាណ​ខ្សាច់​ដែល​នាំ​ចូល​ទៅ​តៃវ៉ាន់ គឺជា​តម្រុយ​មួយ ហើយ​រឿង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការខាតបង់​ថវិកាជាតិ​ដែរ។ យើង​ចង់​ឱ្យ​មានការ​ស្រាយ​បំភ្លឺ​ពី​ក្រសួង​ដែល​គ្រប់គ្រង​ការនាំចេញ គឺ​គយ ហើយ​ទី២ គួរ​តែ​មាន​ការស៊ើបអង្កេត​ដែរ ដោយសារ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ចំណូល​ជាតិ។ បរិមាណ​ខុសគ្នា​បែបនេះ វា​អាច​នឹង​ធ្វើ​ឱ្យ​ចំណូល​ជាតិ ឬក៏​ដូចជា​ការ​ប្រមូល​សួយសារ​ជាដើម​នោះ អាច​ខុសគ្នា​ដែរ អញ្ចឹង​មានន័យថា ជា​រឿង​មួយ​ខាតបង់​ប្រយោជន៍​ជាតិ»
ទោះបីជា​យ៉ាងណា ជាង ១​ខែ​កន្លង​ទៅ​នេះ គ្មាន​ការ​ស៊ើបអង្កេត ឬ​ការ​បកស្រាយ​ណាមួយ ត្រូវ​បាន​ធ្វើឡើង ដើម្បី​ជម្រះ​មន្ទិល​ក្រុម​សកម្មជន​បរិស្ថាន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​បែរជា​មាន​ចំណាត់​ការ​ដ៏​លឿន​រហ័ស​ពី​សំណាក់​សមត្ថកិច្ច និង​តុលាការ​ខេត្ត​កោះកុង​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​ខ្សាច់​នេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ទៅវិញ។
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុន​ឌី ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ក្រោយពេល​ពួកគេ​ជិះ​ទូក​ថតរូប និង​វីដេអូ កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​អង្គការ​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​លាតត្រដាង​អំពី​រឿង​បាត់​ខ្សាច់​ស៊ីលីកា​ជាង ១​លាន​តោន ដែល​កម្ពុជា​នាំចេញ​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះចេញ​ពី​តំណែង ដើម្បី​ជា​ការ​ទទួលខុសត្រូវ។
ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា និង​ជា​អ្នក​រកស៊ី​នាំចេញ​ខ្សាច់​ជាច្រើន​ឆ្នាំ​មក​ហើយ។
តុលាការ​ខេត្ត​កោះកុង បានសម្រេច​ឃុំខ្លួន​សកម្មជន​ទាំងពីរ​នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល។
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង​នេះ ថា​ជា​ការ​បំបាក់​ស្មារតី​របស់​សកម្មជន​ដែល​ហ៊ាន​ឈឺឆ្អាល​ក្នុង​កិច្ច​ការងារ​សង្គម និង​ការពារ​បរិស្ថាន ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ការ​អំពាវនាវ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នា​ពេល​កន្លងទៅ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា អ្វី​ដែល​អាជ្ញាធរ​ជំនាញ​គួរតែ​ធ្វើ​នោះ គឺ​បង្ហាញ​តម្លាភាព និង​លុបបំបាត់​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ស៊ីលីកា មិនមែន​ជា​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​សកម្មជន​ទាំង​នោះ​ទេ៖ «ការ​ចាប់​ខ្លួន​យុវជន​ដែល​គាត់​ស្ម័គ្រចិត្ត បំពេញ​កិច្ច​ការងារ​ដើម្បី​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នេះ គួរតែ​រដ្ឋាភិបាល​ទម្លាក់​ចោល។ រដ្ឋាភិបាល​ធ្វើ​បែប​នេះ មាន​ន័យថា មិន​បាន​ជួយ​លើកទឹកចិត្ត​ដល់​យុវជន​ស្ម័គ្រចិត្ត ដែល​គាត់​សកម្ម​ក្នុង​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ និង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាមរយៈ​គយ។ បើ​គាត់​ត្រួតពិនិត្យ​ទៀងទាត់​នៅ​តំបន់​សមុទ្រ​បាន​គ្រប់​ជ្រុងជ្រោយ វា​នឹង​ធ្វើ​ឱ្យ​ការនាំចេញ​ខ្សាច់​មិន​បាត់បង់​នោះ​ទេ គឺ​វា​នឹង​បានជា​ប្រយោជន៍​ដល់​ជាតិ»
មក​ទល់​នឹង​ពេលនេះ សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នៅ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​នៅ​ឡើយ ខណៈ​អង្គការ​របស់​ពួកគេ គឺ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រកាស​លុបឈ្មោះ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ កាលពី​ពាក់​កណ្ដាល​ខែ កញ្ញា កន្លងទៅ ពោល​គឺ​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ទាំងពីរ​រូប​នេះ ហើយ​ពួកគេ​ក៏​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ដ៏​ស៊ីជម្រៅ​មួយ ជុំវិញ​ការនាំចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​នេះ ដើម្បី​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​របស់​សាធារណជន​ផង​ដែរ។
ភាព​មិន​ប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​ស៊ីលីកា​ទៅ​កោះ​តៃវ៉ាន់​នេះ ក៏​មិន​ខុសគ្នា​ពី​ករណី​នាំចេញ​ខ្សាច់​ចាក់​បំពេញ និង​ខ្សាច់​សំណង់ ទៅ​សឹង្ហ​បុរី និង​ឥណ្ឌា​ដែរ គឺ​មិន​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ស្វែងរក​ការពិត​នោះ​ទេ។
បើសិនជា​យក​ទិន្នន័យ​របស់​ប្រទេស​ទាំង​បី​មក​ច្របាច់​បញ្ចូល​គ្នា រួមមាន ទិន្នន័យ​របស់​សឹង្ហ​បុរី ពី​ឆ្នាំ ២០០៧ ដល់​២០១៥ ទិន្នន័យ​របស់​ឥណ្ឌា​ពី​ឆ្នាំ ២០១៣ ដល់ ២០១៥ និង​ទិន្នន័យ​របស់​តៃវ៉ាន់​ពី​ឆ្នាំ ២០១០ ដល់ ២០១៦ ខ្សាច់​គ្រប់​ប្រភេទ​ដែល​ប្រទេស​ទាំងនេះ បាន​នាំចូល​ពី​កម្ពុជា គឺ​មាន​ប្រមាណ ៧៥ (៧៤,៦៤២,៥១៣) លាន​តោន គិត​ជា​ទឹកប្រាក់​ជិត ៨ រយ​លាន​ដុល្លារ (៧៨៧,៦៣៣,៩៧៨) ខណៈ​ទិន្នន័យ​របស់​កម្ពុជា មាន​មិន​ដល់ ៣ លាន​តោន​ផង។ ចំណុច​នេះ​ហើយ​ដែល​សកម្មជន​បរិស្ថាន​តែងតែ​អះអាង​ថា ខ្សាច់​រាប់​សិប​លាន​តោន​ត្រូវ​បាន​នាំ​ចេញពី​កម្ពុជា​ដោយ​មិន​បង់ពន្ធ ដែល​ជា​អំពើពុករលួយ​ដ៏​ធំ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ពី​ការនាំចេញ​រ៉ែ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ៕

សភា​អឺរ៉ុប​ព្រមាន​ផ្តាច់​ជំនួយ ​និង​ពាណិជ្ជកម្ម​ដោយសារ​ការ​ធ្លាក់​ដុនដាប​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ

ប្រតិភូ​សភា​អឺរ៉ុប​បង្ហាញ​ក្តី​មិន​សប្បាយ​ចិត្ត​ និង​ព្រមាន​រដ្ឋា​ភិបាល​កម្ពុជា​ចំពោះ​ដំណើរ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សភា​អឺរ៉ុប​ចេញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ។​
សេចក្ដី​ថ្លែងការណ៍​របស់​ប្រតិភូ​សភា​អឺរ៉ុប ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ប្រតិភូ​សភា​អឺរ៉ុប​ចំនួន៦​នាក់​បញ្ចប់​ទស្សន​កិច្ច​នៅកម្ពុជា​ចំនួន​២​ថ្ងៃ​ ​គឺ​នៅថ្ងៃ​ទី​៣០​ ​និង​ថ្ងៃទី​៣១​ ​ខែ​តុលា​ ​ដើម្បី​ស្វែងយល់ពីបច្ចុប្បន្ន​ភាពនយោបាយ​ ​និងស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា។​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នោះ​ ​ពួកគេ​បាន​ជួប​ជាមួយមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​សមាជិករដ្ឋសភា​ ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់។​
លោក​ ​Werner Langen​ ​ប្រធាន​ប្រតិភូ​សភា​អឺរ៉ុប​ទទួល​បន្ទុក​អាស៊ី​ ​និង​អាស៊ាន​ ​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​ថា​ ​កម្ពុជា​ត្រូវ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែងនយោបាយ​ស្មើ​គ្នា​ ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ ​ឆ្នាំ​ក្រោយ​មាន​លក្ខណៈ​សេរី​ ​និង​យុត្តិធម៌។​ ​លោក​បន្ថែម​ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាលលោក​ ​ហ៊ុន សែន​ ​ដោះលែង​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ឈប់​ដំណើរ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ស្តារ​ឡើង​វិញ​ឲ្យ​មាន​សេរីភាព​សម្រាប់​សកម្មភាព​របស់​គណ​បក្ស​នយោ​បាយ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អង្គការ​សង្គម​ស៊ីវិល។​
លោក​ ​Werner Langen​ ​បានបន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ដោយ​សម្រង់​ន័យ​ដើមថា​៖​
«​រដ្ឋាភិបាល​កម្ពុជា​គួរ​ដឹង​ថា​សភា​អឺរ៉ុប​គឺជា ​អ្នក​ធ្វើ​ច្បាប់​សម្រាប់​ទាំង​បញ្ហា​ថវិកា​ ​និង​ពាណិជ្ជកម្ម។​ ​ការ​ធ្លាក់​ដុនដាប​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស ​អាច​នឹង​មាន​បច្ច័យ​អាក្រក់​សម្រាប់​កម្មវិធី​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម»។​
ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អឺរ៉ុប​ទាំង​៦​នាក់​នោះ​ ​ធ្វើ​ឡើង​មុន​ពេល​តុលាការ​កំពូល​ដែល​បាន​កំណត់​យកថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដើម្បី​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដាក់​កាល​ពី​ដើម​ខែ​តុលា​ ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​
បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដាក់​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​បាន​ចោទ​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ​ដោយ​យោង​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​លោក​ ​កឹម សុខា​ ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ ​កាលពី​ឆ្នាំ​២០១៣​ ​ពាក់ព័ន្ធ​នឹង​យុទ្ធ​សាស្រ្ត​នយោបាយ​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​។​ ​រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​ជាខេត្ត​មានព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​
ក្រោយ​ជំនួបរបស់​ប្រតិភូ​សភា​អឺរ៉ុ​ប​ជា​មួយ​លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​ ​ដោយ​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​លទ្ធ​ផល​នៃជំនួប​នោះ។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ​លោក​ ​ប្រាក់ សុខុន​ ​បាន​ប្រាប់​ទៅ​ប្រតិភូ​សភា​អឺរ៉ុបពី​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា​ថា​ ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​មាន​ភាព​រីក​ចំរើនដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ពង្រឹង​នីតិរដ្ឋ។​
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​ស្រង់​សម្តី​របស់​លោក ​ប្រាក់ សុខុន​ បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ «ករណី​កាសែត​The Cambodia Daily ​ការ​បិទ​អង្គការ​ NDI​ ​ហើយ​និងករណី​ការ​ចាប់​ខ្លួន​ប្រធាន​គណ​បក្ស​ប្រឆាំង​ ​ដែលវិធាន​ការទាំងនេះ​បាន​ធ្វើឡើង​ស្រប​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា ក្នុង​គោល​ដៅ​ពង្រឹង​នីតិរដ្ឋ​ ​និង​ការពារ​ឯករាជ្យ​ ​អធិបតេយ្យភាព​កម្ពុជា​ ​ប្រឆាំង​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ ​និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់»។​
ក្រោយ​ជំនួប​របស់​ក្រុម​ប្រតិភូ​សភា​អឺរ៉ុប​នៅ​វិមាន​រដ្ឋសភា​ ​នៅ​ថ្ងៃទី​៣១ ខែ​តុលា លោក​ ​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិការ​អន្តរជាតិ ​ឃោសនាការ​ ​និង​ព័ត៌មាន​ ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ប្រតិភូ​សភា​អឺរ៉ុប​បាន​បង្ហាញការ​បារម្ភអំពី​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ច្បាប់​ដែលរដ្ឋាភិបាល​កម្ពុជានឹង​អនុវត្ត​ ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​អាច​រំលាយ​គណ​បក្ស​ប្រឆាំង។​ លោក​បន្ថែម​ថា​ ​លោក​បាន​ពន្យល់​ដល់​ប្រតិភូ​ថា ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា ដោយសារប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​តាមរយៈ​ការ​ទទួល​ប្រាក់​ពី​បរទេស​ ​ធ្វើឲ្យ​មាន​អស្ថិរភាព​សង្គម​ និងប៉ះពាល់​ដល់​សេចក្តី​សុខរបស់ប្រជាពលរដ្ឋ​។
លោក​ ឈាង វុន បញ្ជាក់​ថា៖​
«សូម​ឲ្យ​គាត់​គិត​ពិចារណា​ថា បើ​ក្រុម​គាត់​នេះ ​ជា​ពិសេស​ប្រទេស​ ​EU​ ​ជា​ប្រទេសដែល​គាំទ្រលទ្ធិ​ប្រជា​ធិប​តេយ្យ​ ​គឺ​មាន​តែ២​ទេ​ដែល​គាត់​ត្រូវ​តែគិត។​ ​ទី១​ ​គឺ​ការ​បោះឆ្នោត​ដោយ​សេរី ​យុតិ្តធម៌​ ​ដែល​ទទួលយក​បាន​ទៅតាម​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ពុត​ប្រាកដ​មួយ។​ ​អាហ្នឹងគាត់​ត្រូវ​ពិចារណា​ថា​ ​តើ​យើង​កំពុង​អនុវត្ត ​ឬ​អត់។​ ​ទី​២ ​គាត់​ត្រូវ​គិត​ថា ​គាត់​ដែល​ជំរុញ​ ​ក៏​ដូចជា​យើង​អញ្ចឹង​ដែរ​ ​ជំរុញប្រទេស​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​នីតិរដ្ឋ ​គឺ​ដើម្បី​សេចក្តី​សុខ​របស់ប្រជាពល​រដ្ឋកម្ពុជា​ ក៏​ដូចជា​សេចក្តី​សុខ​របស់​ប្រទេស​រៀងៗ​ខ្លួន​ដែរ​។ ​យើង​ធ្វើ​ដើម្បី​ប្រជា​ពលរដ្ឋ​ យើង​ធ្វើ​ដើម្បី​សង្គម»។​
VOA​ ​មិន​អាចទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​និង​លោក​ ​សុន ឆ័យ​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃពុធ​នេះ។​
ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង ​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កម្ពុជានេះ​ ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​ ​រួមមាន​សហរដ្ឋ​អាមេរិក ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​
សមាជិកព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​ក៏​បាន​ព្រមាន​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ និង​បាន​ដាក់​ឱសានវាទ​ដើម្បី​ឲ្យ​មានការ​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​បាន​មុន​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ​ខាង​មុខ។​ ​ទោះ​ជា​យ៉ាង​ណា​ ​ទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និងមន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​លើកឡើង​ថា​ ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ណា​មួយ​របស់​បរទេស​នោះ​ទេ៕

លោក ឡេង សេងហុង ថា ក្រសួង​អនុវត្ត​ច្បាប់​ដោយ​បំពាន​ករណី​បិទ​អង្គការ​របស់​លោក

ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​របស់​ខ្លួន ក្រោម​ហេតុផល​អនុវត្ត​បំពាន​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ដំណើរ​តម្លាភាព​សង្គម យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ប្រញាប់​ពេក​របស់​ក្រសួង​មហាផ្ទៃ។
ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នៅ​ពេល​នេះ​កំពុង​លាក់​ខ្លួន នៅ​ក្នុង​ទីតាំង​ដែល​មាន​សុវត្ថិភាព ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​ផែនការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​វិធី ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​ទៅ​តាម​គម្រោង​របស់​លោក ហ៊ុន សែន មែន។
លោក ឡេង សេងហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ថា នៅ​ពេល​នេះ​រូប​លោក​កំពុង​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន ដែល​អនុវត្ត​ដោយ​ក្រុម​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ការ​ពន្លឿន​នីតិវិធី​តាម​ផ្លូវ​តុលាការ និង​បង្ខំ​ផ្អាក​សកម្មភាព​អង្គការ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នេះ​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ​កំពុង​អនុវត្ត​ច្បាប់​ដោយ​បំពាន។
លោក ឡេង សេងហុង អះអាង​ថា ការ​អនុវត្ត​ច្បាប់​ដោយ​ក្រសួង​មហាផ្ទៃ​នេះ គឺ​មិន​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ ក្នុង​ពេល​ដែល​លោកប្រកាស​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​ភ្លាម​ៗ ព្រះរាជអាជ្ញា​រង​លោក សៀង សុខ បាន​ចេញដីកា​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច។ ផ្ទុយ​ទៅ​វិញ បណ្ដឹង​ដែល​លោក​ធ្លាប់​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​សីហា ឆ្នាំ២០១៦ ឲ្យ​ពិនិត្យ​លើ​សកម្មភាព​អង្គការ​យុវជន​កិច្ចការ​សង្គម របស់​នាង ធី សុវណ្ណថា ធ្វើ​លើស​ពី​ច្បាប់ ចូល​ជ្រៅ​ទៅ​ក្នុង​រឿង​នយោបាយ បែរ​ជា​ក្រសួង​មហាផ្ទៃ បន្ត​នៅ​ស្ងប់ស្ងាត់ និង​ធ្វើ​មិន​ដឹង​មិន​ឮ រហូត​មក​ដល់​ពេល​នេះ។
ការ​សម្រេច​ផ្អាក​សកម្មភាព​របស់​ស្ថាប័ន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ ធ្វើ​ឡើង​ភ្លាម​ៗ នៅ​ពេល​លោក ឡេង សេងហុង ប្រកាស​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី​ប្រឆាំង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។ នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា ​របស់​លោក ស ខេង បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ដែល​មិន​រក​ប្រាក់​កម្រៃ​ក្រៅ​រដ្ឋាភិបាល របស់​លោក ឡេង សេងហុង នេះ​អនុវត្ត​រំលោភ​ច្បាប់។
នេះ​មែន​មែន​ជា​រឿង​ថ្មី​ទេ ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កម្ទេច​សំឡេង​សង្គម​ស៊ីវិល ដែល​តែង​រិះគន់ និង​ធ្វើ​ការ​លើ​វិស័យ​នយោបាយ។ កាល​ពី​ដើម​ខែ កញ្ញា រដ្ឋាភិបាល​សម្រេច​បិទ​ទ្វារ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ដោយ​ចោទ​ប្រកាន់​ថា វិទ្យាស្ថាន​ដែល​គាំទ្រ​ថវិកា​ពី​សហរដ្ឋអាមេរិក​នេះ នៅ​ពី​ក្រោយ​ខ្នង នៃ​បេសកកម្ម​រៀបចំ​បដិវត្ត​ពណ៌​ប្រឆាំង​និង​រដ្ឋាភិបាល របស់​គណបក្ស​សង្គ្រោះ​ជាតិ។
នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ អង្គការ​មាតា​ធម្មជាតិ ចេញ​ពី​បញ្ជី​ឈ្មោះ​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល។ ហើយ​ការ​ប្រើ​កណ្ដាប់​ដៃ​ចុងក្រោយ របស់​ក្រសួង​មហាផ្ទៃ គឺ​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន របស់​អង្គការ​សមធម៌​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ ការ​បិទ​ទ្វារ និង​ការ​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន ប្រឆាំង​នឹង​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ ក្រោម​ហេតុផល​អះអាង​តែ​ម្យ៉ាង​គត់ ​គឺ​អនុវត្ត​ផ្ទុយ​ទៅ​និង​ច្បាប់​ស្ដីពី​អង្គការសមាគម​មិនមែន​រដ្ឋាភិបាល។
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា យល់​ឃើញ​ថា មុន​នឹង​ផ្អាក​សកម្មភាព​របស់​អង្គការ​ណាមួយ ឬ​ដាក់​ឲ្យ​ស្ថាប័ន​ណា​មួយ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​កម្លាំង​សមត្ថកិច្ច យ៉ាង​ហោច​ណាស់​ក្រសួង​មហាផ្ទៃ ត្រូវ​បើក​ការ​ពិគ្រោះ​យោបល់​ជា​មុន​សិន​ដែរ​ជា​មួយ​ភាគី​ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ។
លិខិត​ផ្អាក​សកម្មភាព​របស់​លោក ស ខេង ដែល​សម្រេច​ឲ្យ​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា មិន​ដំណើរការ​ក្នុង​រយៈពេល​៦០ថ្ងៃ គឺ​ស្នើ​ឲ្យ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ត្រូវ​បំពេញ​បែបបទ​មួយ​ចំនួន​ឡើង​វិញ។ ក្រសួង​​មហាផ្ទៃ​យល់​ឃើញ​ថា អង្គការ​នេះ ក្រៅ​ពី​អនុវត្ត​លើស​ពី​មាត្រា​ច្បាប់​ស្ដីពី អង្គការសមាគម​ហើយ ក្នុង​នោះ​ថែម​ទៀត មិន​បាន​បំពេញ​តាម​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដូច​ជា របាយការណ៍​ហិរញ្ញវត្ថុ និង​សកម្មភាព​ការងារ​ជាដើម។
បញ្ហា​នេះ ត្រូវ​បាន​លោក ឡេង សេងហុង បញ្ជាក់​ថា លោក​នឹង​បំពេញ​បែប​បទ​មួយ​ចំនួន ទៅ​តាម​ការ​ទាមទារ របស់​ក្រសួង​មហាផ្ទៃ ក្នុង​អំឡុង​ពេល ៦០ថ្ងៃ​នេះ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​នេះ គ្រាន់​តែ​ជា​ការ​បិទបាំង ចំពោះ​ការ​អំពាវនាវ​របស់​លោក ដែល​ស្នើ​ឲ្យ​មាន​បាតុកម្ម ដោយ​អហិង្សា​ប៉ុណ្ណោះ។ លោក ឡេង សេងហុង បញ្ជក់​ជំហរ​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​បង្ហាញ​ការ​មិន​ពេញចិត្ត ទៅ​នឹង​គម្រោង​រំលាយ​បក្ស​ប្រឆាំង តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ​នឹង​មិន​ដូរ​ទិសដៅ​ឡើយ ប្រសិន​បើ​​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​ត្រូវ​រំលាយ​មែន។ លោកថា បំណង​ប្រាថ្នា​របស់​លោក​មិនមែន​ចង់​ការពារ​គណបក្ស​សង្គ្រោះជាតិ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កូន​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ចូលរួម​ការពារ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ជាតិ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ថៃ​នឹង​លែង​ឲ្យ​កម្ពុជា​ដឹក​ទំនិញ​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​ទី​បី​នៅ​ចុង​ខែ​នេះ

ប្រទេស​ថៃ នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​ទៀត​ឡើយ​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​វិច្ឆិកា។​ ការ​ដឹក​ជញ្ជូន​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ថៃ​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ថ្មី​ជាមួយ​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ម្សិល​មិញ។
ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៣១​ខែ​វិច្ឆិកា បាន​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ខ្លួន​តាម​ផ្លូវ​គោក។ ក្នុង​ន័យ​នេះ អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី​បី​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចូល​មក​កម្ពុជា ឬ​ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី​ឡើយ ដរាប​ណា​ពុំ​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។
បើ​តាម​អគ្គនាយក​ដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ស្ថាប័ន​ខ្លួន​កំពុង​ខិត​ខំ​ជំរុញ​អស់​ពី​លទ្ធភាព ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ថ្មី​ ដែល​គ្រោង​ចុះ​ហត្ថលេខា​ឲ្យ​បាន​មុន​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ច្បាប់​គយ​ថ្មី​របស់​ថៃ។ កន្លង​មក កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ខ្លឹមសារ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា តែ​កំពុង​រង​ចាំ​សេចក្ដី​សម្រេច​ពី​ភាគី​ថៃ។
ដោយ​សារ​តែ​ពេល​វេលា​ហាម​ឃាត់​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​តែ​គៀក​ហើយ នៅ​តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ពី​ថៃ​វិញ​នោះ ទើប​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​សម្រេច​ជូន​ដំណឹង​ទៅ​ដល់​ធុរជន​ពាក់​ព័ន្ធ​ឲ្យ​មាន​ការ​ត្រៀម​ទុក​ជា​មុន​ក្នុង​ការ​កែ​ប្រែ​តម្រាយ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន ឲ្យ​បាន​សម​ស្រម​និង​ទាន់​ពេល​វេលា ជៀស​វាង​រង​នូវ​ការ​ហាម​ឃាត់ និង​រឹត​បណ្តឹង​ពី​ថៃ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...