Saturday, November 18, 2017

សភា​ឯក​បក្ស​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ និង​កែ​សម្រួល​សមាជិក​គណៈកម្មការ​ជំនាញ

រដ្ឋសភា​ជាតិ​ឯក​បក្ស ដែល​មានតែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យប្រជុំ​លើក​ទី៩ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ដោយ​សម្រេច​អនុម័ត​ជ្រើសតាំង​សមាជិក​បន្ថែម​ចំនួន ២​រូប ទៅ​លើ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា។ ការ​បន្ថែម​សមាជិក​នេះ នាំ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា កើន​ឡើង​សមាជិក ពី ៩​រូប ដល់​១១​រូប​វិញ ព្រមទាំង​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ទាំងស្រុង​តែម្ដង លើ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​នេះ។
ក្នុង​សម័យ​ប្រជុំ​ដដែល​នោះ រដ្ឋសភា​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៨ នេះ​រហូតដល់ ជាង ៦​កោដិ (ពាន់​លាន) ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​នេះ​កើន​ឡើង​លើស​ឆ្នាំ​ចាស់​២០១៧ ក្នុង​ចំនួន​ជិត​១ កោដិ (ពាន់​លាន) ដុល្លារ​អាមេរិក។
វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​ការ​ចំណាយ ក្នុង​​នោះ​រួមមាន វិស័យ​អប់រំ នឹង​ទទួល​បាន​ថវិកា ជិត៨៥០ លាន​ដុល្លារ វិស័យ​ដឹកជញ្ជូន ទទួល​បាន​ថវិកា​ជាង ៦០០​លាន​ដុល្លារ និង​វិស័យ​ការពារ​ជាតិ ទទួលបាន​ថវិកា​ជិត ៥៥០​លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​សុខាភិបាល ទទួល​បាន​ថវិកា​ជិត ៥០០​លាន​ដុល្លារ​អាមេរិក។
ក្រៅ​ពី​នេះ រដ្ឋសភា​ដដែល​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី និង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និង​រដ្ឋាភិបាល​ប្រទេស​ថៃ ស្ដីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល៕

Friday, November 17, 2017

បស្ចឹម​ប្រទេស​ព្រមាន​ដាក់​ការ​ហ៊ុំព័ទ្ធ​សេដ្ឋ​កិច្ច​កម្ពុជា​ ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆំាង​នៅ​កម្ពុជា

ប្រតិកម្ម​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពីថ្ងៃព្រហស្បតិ៍​ ប្រទេស​មហា​អំ​ណាច​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ព្រមាន​ដោយ​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​ការ​ដក​ចេញ​នូវ​ការ​អនុ​គ្រោះ​ពន្ធ​ដល់​ទីផ្សារ​នាំ​ចេញធំ​បំផុតរបស់​កម្ពុជា​ ហើយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អស់អាច​នឹង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​នានា​របស់អាមេរិក។​
សហភាព​អឺរ៉ុប​ ​ព្រឹទ្ធ​សភាសហ​រដ្ឋ​អាមេរិក​ ​និង​សេតវិមានគឺ​ វិមាន​ប្រធានាធិបតី​ស.រ.អា.​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំងៗ​ ​ដោយ​បញ្ជាក់​ថា​ ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​រុះរើ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​
សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់​ទាំង​អស់​ ដែលជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​កត់​សម្គាល់​ខាង​លើ​នេះ​ ​ ដោយបង្កក​ទ្រព្យសម្បត្តិ​ ​និង​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ហ៊ុន​របស់​សហ​រដ្ឋ​អាមេរិក​ ​រួម​ទាំង​មិន​ឲ្យមានការ​ផ្តល់​ប្រាក់​កម្ចី​នានា។​
ទណ្ឌកម្ម​ដែល​បង្កក​ផល​ប្រយោជន៍​អចលន​ទ្រព្យ​ត្រូវ​បាន​អនុវត្ត​ដោយ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស និង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដូចជា​ ស៊ីមបាវ៉េ ​ស៊ីរី​ ​កូរ៉េខាងជើង​ ​និង​អ៊ីរ៉ង់។​
ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យលោក​ប្រធានាធិបតីដូណាល់ ត្រាំធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់ ​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កម្ពុជា​នៅ​ខែ​កក្កដា​ខាងមុខ ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ត្រាំ
រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ត្រាំ

VOA ​បានព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​តែមិន​អាច​ទាក់ទង​បាន​ទេ​ រហូត​មក​ដល់​ល្ងាចថ្ងៃសុក្រ។​
លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​ការ​ព្រួយ​បារម្ភ​ ​ឬ​ការ​ព្រមាន​របស់​ប្រទេស​នានា​គឺ​ បង្ហាញ​ពី​ភាព​លំអៀង​ផ្នែក​នយោបាយ។​ ​លោក​ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​ឡើង​ដើម្បី​តែ​ឯករាជ្យ ​និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​ថា​ ​ការ​ផ្អាក​ជំនួយ​ណា​មួយ​របស់​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះដល់​កម្ពុជា​ ​ដោយ​សារ​ ​កម្ពុជា​នៅ​មាន​ប្រទេស​ផ្សេង​ទៀត​ ដូចជា ​ចិន ​រុស្សី​ ​និង​ជប៉ុន​ជាដើម កំពុង​គាំទ្រ។
លោក​ ​សុខ ឥសាន​ ​បញ្ជាក់​ថា៖​
«បើ​លោក​អាមេរិក​ ​លោក​អឺរ៉ុប​មិន​ជួយ​ទេ​ ​ខ្ញុំ​យល់​ថា​ ក៏​មាន​បណ្តា​ប្រទេស​ធំៗ​នៅ​លើ​ពិភព​លោក​ដែល​គេ​ចង់​បាន​យុត្តិធម៌​ហ្នឹង ​គេ​ក៏​ជួយ​កម្ពុជា​ដើម្បី​ដំណើរ​ការ​បោះឆ្នោត​ ​ឲ្យ​មើល​ឃើញ​ថា ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ទោះ​បី​ជា​អវត្តមាន​គណបក្ស​ប្រឆាំង​យ៉ាងណា​ក៏ដោយ​ ​ក៏​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ដដែល»។​
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (ហ៊ាន សុជាតា/VOA)
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (ហ៊ាន សុជាតា/VOA)

ការ​ព្រមាន​នានា​ ដែល​អាច​មាន​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​ ​ដែល​អ្នក​ឃ្លាំមើល​នានាយល់ថា​ ​បាន​វិល​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​ឯកបក្ស​នោះ ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ម៉ោង​ ​ក្រោយ​ពេល​ ​តុលាការ​កំពូល​ ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ហាមឃាត់មិនឲ្យថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ចំនួន​ ១១៨​នាក់​ ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ។​
សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​កម្ពុជានេះ​ ​ធ្វើ​ឡើង​នៅ​ពេល​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ​២០១៨ខិត​ជិតមក​ដល់​ ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ ​កន្លង​ទៅ។​
សេតវិមាន​បាន​បញ្ជាក់ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ថា​ ​យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ​ ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នាឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់ ​មិន​សេរី ​និង​មិន​យុត្តិធ៌ម​ឡើយ។​ ​អាមេរិក​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតកម្ពុជា​(គ.ជ.ប.)​ ​និងកិច្ចការ​រដ្ឋបាល​របស់​គណៈ​កម្មាធិការ​នេះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។​
សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖
«ពិភព​លោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា​ ​ការ​ដាក់​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្គម​ស៊ីវិល​ ​ការគាប​សង្កត់​ទៅ​លើ​សារ​ព័ត៌មាន​ ​និង​ការ​ហាម​ឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង ​១០០​នាក់​ធ្វើ​សកម្មភាព​នយោ​បាយ​នោះ​ ​បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេសកម្ពុជា​ថយ​ក្រោយ​យ៉ាង​លឿន​ ​ហើយ​បាន​ដាក់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិប្រឈម​នឹងហានិភ័យ»។
លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​បានប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ផ្តាច់​ជំនួយ​របស់​បរទេស​សម្រាប់​ការ​រៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុន​ ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​ លោក​បន្ថែម​ថា​ បើទោះបី​ជា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​មាន​វត្តមាន​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ ​ឬក៏​អត់​ ​ក៏​ ​គ.ជ.ប.​ ​នៅ​តែ​អនុវត្តការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ ​ដោយសារ​ថា​ មាន​គណបក្ស​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ចូល​រួមការ​បោះ​ឆ្នោត​នោះ។​
លោក​ ​ហង្ស ពុទ្ធា​ ​មាន​ប្រសាសន៍​ថា៖​ ​
«ថវិកា​បោះឆ្នោត​ហ្នឹង​គឺមាន​គម្រោង​រួច​ហើយ​ ​ហើយ​នេះ​គឺ​ជា ​ថវិកា​របស់រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​ដែល​នឹង​ត្រូវ​ផ្តល់​មក​សម្រាប់​រៀបចំការ​បោះ​ឆ្នោត។​ ​ហើយ​បើសិន​ជា​ប្រទេស​ណា​ ​ឬ​ម្ចាស់​ជំនួយ​ណា​លោកផ្តល់​ជា​ជំនួយផ្សេងៗ​ ​គឺ​ ​គ.ជ.ប.​កាត់​ចេញ​ខ្ទង់​ចំណាយ​នោះ​បង្វែ​ទៅ​រដ្ឋាភិបាល​វិញ​ ​បាន​ន័យ​ថា​ ​សម្រាល​បន្ទុក​រដ្ឋាភិបាល។​ ​អីចឹងទោះបីជា​មាន​ជំនួយ​ ឬ​អត់​ជំនួយនោះ​ ការ​បោះឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា»។​
រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​ស្នាក់ការ​កណ្តាល​ គ.ជ.ប​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ទោះ​ជា​យ៉ាងណា​ ​លោក​ ​ហង្ស ពុទ្ធា​ មិន​បាន​ប្រាប់​អំពី​ចំនួន​កញ្ចប់​ថវិកាសម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ខាង​មុខ​នេះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ​កញ្ចប់​ថវិកា​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ក្នុង​ឆ្នាំ​ ២០១៧​ មាន​ចំនួន​៥៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​
សហភាព​អឺរ៉ុប​មាន​សក្តានុពល​ដ៏​មហិមា​បំផុត​ក្នុង​ការ​ស្រូប​យកការ​នាំ​ចេញ​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។​
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​សហភាព​អឺរ៉ុបបាន​លើក​អំពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់ទីផ្សារ​របស់​ខ្លួន ​ដែល​កម្ពុជា​អាច​ទទួល​បានការ​អនុគ្រោះ​តាមរយៈ​គម្រោង «ការ​អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាងលើក​លែង​តែ​សព្វាវុធ»។​
សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុបបាន​បន្ថែម​ថា៖​
«ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​កម្ពុជា ​ដើម្បី​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នៃ​ការ​អនុគ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង ​លើក​លែងតែ​សព្វាវុធ»។​
លោក​ ​ខេន លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ថ្លែង​ថា​ ​លោក​មិន​អាច​ព្យាករណ៍​ថា​ ​តើ​រោងចក្រ​នៅកម្ពុជានៅ​តែ​អាច​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប ដោយ​មិនមានគម្រោង​នៃ​ការ​អនុ​គ្រោះពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធនេះ​ ឬ​យ៉ាងណា​នោះ​ទេ។​ ​ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា ​គ្រប់​យ៉ាង​គឺ​ អាស្រ័យ​លើ​អ្នក​នយោបាយ​ ​មិន​មែន​ពាណិជ្ជករ​ទេ​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នោះ»។​
លោក ​ខេន លូ​បញ្ជាក់​ថា៖​
«ប្រសិន​បើ​សហភាព​អឺរ៉ុប​បាន​ដក​សិទ្ធិ​អនុគ្រោះ​ ឬ​ព្យួរ​ការ​ទទួល​បាន​ការ​អនុគ្រោះ​ ដូច្នេះ​ពិត​ណាស់​ ​វាប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហ​កម្ម​របស់​យើង​ដែល​មាន​ ៤៣,៤៤​ភាគរយ​ ​នាំ​ចេញទៅ​កាន់​សហ​ភាព​អឺរ៉ុប»។​
រូបឯកសារ៖ លោក​ ​ខេន លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​
រូបឯកសារ៖ លោក​ ​ខេន លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​

ប្រជាជន​កម្ពុជា​ប្រហែល ៦សែន​នាក់ ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ ​ដោយ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា​ ​ពួកគេ​កំពុង​ធ្វើការ​ក្រៅ​ផ្លូវការ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​តែមួយនេះ​ ដែលក្លាយជា​ប្រភព​ចំណូល​ធំ​បំផុត​នៅ​ក្នុង​ប្រទេស។​
ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​ហេង សួរ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លើក​ឡើង​ថា​ ​លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ណាមួយ​ពី​ការ​ព្រមាន​របស់​សហ​ភាព​អឺរ៉ុបនៅ​ឡើយ​ទេ។ ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា​ តើ​កម្ពុជា​នឹង​ប៉ះពាល់​បែប​ណា​ខ្លះ​ទេ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិតជាសម្រេច​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់កម្ពុជា​មែន​នោះ។​ ​លោក​គ្រាន់​តែ​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​នឹង​មិន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទីផ្សារ​សេរី​ និង​គោល​ការណ៍លក្ខខណ្ឌ​ការងារ​ឡើយ។​
លោក​មាន​ប្រសាសន៍​ថា៖​
«កម្ពុជា​ក៏​មិនមែន​ពឹង​អាស្រ័យ​តែ​ទៅ​លើ​តែសហគមន៍​អឺរ៉ុប​មួយ​នោះ​ទេ។ កម្ពុជា​នៅ​មាន​ទីផ្សារ​ប្រ​ទេស​ផ្សេង​ទៀត​ ​ហើយ​កម្ពុជា​បាន​ជឿ​ជាក់​ថា ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក នឹង​មិន​សម្លាប់​នូវ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គោរពលក្ខខណ្ឌ​ការងារ​ភ្ជាប់​ជាមួយ​ពាណិជ្ជ​កម្ម​នោះ​ទេ។​ ​ហើយ​ប្រសិន​ជា​សហ​រដ្ឋ​អាមេរិក​ផ្តោត​តែ​ទៅ​លើ​បញ្ហា​ហ្នឹង​មួយ នោះសហរដ្ឋ​អាមេរិក ​និង​សហភាពអឺរ៉ុប​មិន​គួរ​និយាយ​ពី​លក្ខខណ្ឌ​ការងារ ​និង​រឿង​ពាណិជ្ជ​កម្ម​នោះ​ទេ»។
ទីផ្សារ​ការងារ​នៅកម្ពុជា​មាន​ភាព​ខ្វះខាត​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជា​ប្រមាណ​ជា ​១​លាន​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​បើ​ទោះ​បី​ជា​ប្រទេស​ថៃ​មាន​ឈ្មោះ​ថា ​ជាប្រទេស​ដែល​កេង​ប្រវ័ញ្ច​ពលករចំណាក​ស្រុក​យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ។​
លោក​បណ្ឌិត​ ​Lee Jones​ ​សាស្ត្រាចារ្យ​រង​ផ្នែក​នយោបាយ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ​Queen Mary​ ​នៃ​ទី​ក្រុងឡុង​ ​ចក្រភព​អង់គ្លេស និយាយ​ថា​ ​បទ​ពិសោធន៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​ភូមា​ ឬមីយ៉ាន់ម៉ា​ ​បាន​បង្ហាញ​ថា​ ​ការ​ខាត​បង់​លើ​វិស័យ​កាត់​ដេរ​ ​មិនមាន​ឥទ្ធិពល​ណាមួយ​លើរបប​នោះ​ទេ។​ ​លោក​បន្ថែម​ថា ​អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ ដោយសារ​ទណ្ឌកម្ម​នេះគឺ ​កម្មករ​ក្នុង​រោងចក្រដែល​ជាអ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​មុន។​
លោក​បញ្ជាក់​ក្នុង​សារ​អេឡិចត្រូនិច​ ឬ​ Email​ ​មក​កាន់​ ​VOA​ ​ក្នុងន័យ​ដើម​ថា៖​
«ការ​ផ្ដោត​ទៅ​លើ​វិស័យ​កាត់ដេរ​អាច​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ផល​ប្រយោជន៍​នៃ​ផ្នែក​មួយ​ក្នុង​សង្គម​កម្ពុជា ​ដែល​វា​ពិត​ជា​មិន​អាច​ជួយ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​របប​នេះ​ទេ»។​
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​បន្ថែម​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​មាន​កំណត់​គោល​ដៅគឺជា ​គំនិត​ប្រសើរ​ជាង​ ​ប៉ុន្តែ​អត្រា​នៃ​ភាព​ជោគជ័យ​ក្នុង​ការផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​របបនេះ​ ​នៅ​តែ​មាន​កម្រិត​តិចតួច។​
យ៉ាង​ណា​ក៏​ដោយ​ ​ប៉ុន្មាន​ខែ​មុន​ពេលការ​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ធ្លាប់​បាន​ប្រកាស​ថា​ ​កម្ពុជា​កំពុង​ព្យាយាម​នាំផលិតផល​កាត់​ដេរ​របស់​ខ្លួន​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ​ហើយ​ក៏​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ព្យាយាម​រៀន​ភាសា​ចិន​កុម្មុយនិស្ត​ឱ្យ​បាន​ច្រើន​ផង​ដែរ៕

សភា IPU ប្រទេស​ស៊ុយអែត និង USAID ថ្កោលទោស​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា

សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ថ្កោលទោស​សាលដីកា​តុលាការ​កំពូល​កម្ពុជា ដែល​សម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ។ ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ស្ថាប័ន​ដែល​តំណាង​ឲ្យ​រដ្ឋសភា​មក​ពី ១៧៣​ប្រទេស នៅ​ទូទាំង​ពិភពលោក​នេះ បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​គោរព​នីតិរដ្ឋ និង​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។
សហភាព​អន្តរ​សភា ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធ​កម្ពុជា​បែប​នេះ ថា ជាការ​គម្រាមកំហែង ដល់​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បំផ្លាញភាព​ស្រប​ច្បាប់ នៃ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាងមុខ។
សេចក្តីថ្លែងការណ៍​ដដែល ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន របស់​សមាជិកសភា​ខាង​គណបក្សប្រឆាំង។ សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដោះលែង​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ​ទាំងអស់ ដោះលែង​លោក កឹម សុខា និង​បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ លើ​មន្ត្រី​បក្សប្រឆាំង​តទៅទៀត។
នៅ​ចុងបញ្ចប់​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​សង្កត់ធ្ងន់ ថា ជាការ​សំខាន់បំផុត ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បង្ក​បរិយាកាស ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួមទាំង​អ្នក​ដែល​កំពុង​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ផង អាច​ចូលរួម​ដោយ​សេរី ក្នុង​ជីវភាព​នយោបាយ នៅក្នុង​ដំណើរការ​បោះឆ្នោតជាតិ នាពេលខាងមុខ។
ចំណែក​ឯ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) ក៏​ចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី១៧ ខែ វិច្ឆិកា សម្តែង​ការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង​ឥត​គណនា ដែល​តុលាការ​កំពូល សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ អង្គការ USAID ចាត់ទុក​ចំណាត់ការ​បែបនេះ ថា មាន​ចរិត​នយោបាយ និង​ស្ដែង​ឲ្យ​ឃើញ​ពី​ការប៉ុនប៉ង​គិតទុក​ជាមុន របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដកហូត​សិទ្ធិសេរីភាព​របស់​គណ​បក្សប្រឆាំង ដែលមាន​អ្នកគាំទ្រ ៤៤% ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ខែ មិថុនា ឆ្នាំ ២០១៧ មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​នា​ឆ្នាំ ២០១៨ ខាងមុខ។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដែល​ជា​អ្នកផ្តល់ជំនួយ​ដ៏​ធំ​មួយ សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ចាត់ទុក​ការរំលោភ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​បែបនេះ ថា ជា​ការនាំ​ឲ្យ​គ្រោះថ្នាក់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច។ អង្គការ USAID អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ចំណាត់ការ​ប្រឆាំង​គណៈបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក កឹម សុខា និង អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មាន​សេរីភាព​ឡើងវិញ ដើម្បី​អាច​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ផ្នែក​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដោយ​គ្មាន​ការ​យាយីរ​រំខាន។ បើ​មិន​ដូច្នេះ​ទេ ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ នឹងមិន​ស្របច្បាប់​នោះឡើយ។
ចំណែកឯ ក្រសួងការបរទេស​ស៊ុយអែត ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ ដោយ​ចាត់ទុក ចំណាត់ការ​របស់​រដ្ឋាភិបាល ទៅ​លើ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​បែបនេះ ថា ជា​ការ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើរ​ថយក្រោយ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា អនុរដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallström) ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​ពិចារណា​ឡើងវិញ​អំពី​ជំនួយ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា៕

ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីសម្រេចដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីគេលែងរាប់រក

ព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ។
កាលពីដើមខែតុលាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិក២រូប គឺលោក John McCain និងលោក Dick Durbin បានចេញសេចក្ដីសម្រេចមួយមានចំនួន៨ចំណុច ទាក់ទងនឹងបញ្ហានយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ចំណុចមួយ ក្នុងចំណោមសេចក្ដីសម្រេចនោះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប បានស្នើទៅក្រសួងការបរទេសអាមេរិក ឲ្យដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិ ហើយដែលពលរដ្ឋអាមេរិកាំង ឈប់ទាក់ទង ឬធ្វើជំនួញជាមួយ (Specially Designated Nationals)។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃសុក្រទី១៧ខែវិច្ឆិកានេះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប ឲ្យដឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ បានអនុម័តជាឯកច្ឆ័ន លើសេចក្ដីសម្រេចនេះរួចហើយ។
សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ថា លោកមានក្ដីព្រួយបារម្ភ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក រិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការរំលោភសិទ្ធិមនុស្ស បញ្ហានិទណ្ឌភាព និងបានប្រើគ្រប់មធ្យោបាយ ដើម្បីបំបិទសំឡេងប្រឆាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក John McCain មានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំ សម្រាប់ការគាំទ្រសេចក្ដីសម្រេច ដែលបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្ត របស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំប្រទេស ជាមួយនឹងនិទណ្ឌភាព ជាង៣ទសវត្សន៍។ ហើយក្រោមការដឹកនាំរបស់គាត់ លោក ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់គណបក្សនយោបាយស្របច្បាប់ ធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល​ បំភិតបំភ័យសារព័ត៌មាន និងទាត់ចោលការចង់បានលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនកម្ពុជា»។
សូមជំរាបផងដែរថា កាលពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបទៀត មកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់ លោក Ted Cruz បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើគណបក្សសង្គ្រោះជាតិ និងត្រូវដោះលែងលោក កឹម​ សុខា ជាបន្ទាន់។
លោក Ted Cruz ព្រមានទៀតថា រូបលោក និងសហការីផ្សេងទៀត នឹងជំរុញទៅរដ្ឋការលោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាល ដោយហាមមន្ដ្រីខ្មែរ ដែលជាប់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស មិនឲ្យទៅជាន់ដីអាមេរិកតទៅទៀត។
VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងការរទេសកម្ពុជា លោក ជុំ សន្ទរី និង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា នឹងបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងប្រទេសទាំងពីរ ហាក់កាន់តែតានតឹងឡើង។ លោកវិភាគថា ក្រោយរំលាយគណបក្សប្រឆាំង វានឹងជំរុញឲ្យសហគមន៍អន្ដរជាតិ កាន់តែខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «រវាងកម្ពុជា និងសហរដ្ឋអាមេរិក យើងហាក់ដើរដល់ចំណុច ដែលធ្វើឲ្យទំនាក់ទំនងការទូតកម្ពុជា ហើយនិងអាមេរិក ហាក់ដូចជា មិនមានភាពល្អនោះទេ […] ប្រហែលជាមានការអន្ដរាគមន៍ណាមួយពីបណ្ដាប្រទេសប្រជាធិបតេយ្យ ហើយនិងឲ្យសហគមន៍អន្ដរជាតិផងដែរ ពីព្រោះយើងឃើញហើយ ឆ្នាំ១៩៩១ មានប្រទេសហត្ថលេខី១៨ប្រទេស ដែលនាំប្រជាធិបតេយ្យមកកម្ពុជា ដែលនាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣នោះ»។
ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស​ និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

សេចក្តីថ្លែងការណ៍​ដោយ​អ្នកនាំពាក្យ​សេតវិមាន​ស្តី​អំពី​ការ​ដើរថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា

សហរដ្ឋអាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃប្រទេស គឺ​គណបក្ស​សង្គ្រោះជាតិ ដោយ​សំអាង​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ពុំ​ ​សម​ហេតុ​សម​ផល​ និង​ដែល​ពាក់ព័ន្ធនឹង​នយោបាយ ដែល​ថា​គណបក្ស​ប្រឆាំង​នេះ​បាន​ចូលរួម​ក្នុង​ការ​ឃុបឃិត​មួយ ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ពិភពលោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា ការ​ដាក់​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្គមស៊ីវិល ការ​គាប​សង្កត់​ទៅ​លើ​សារព័ត៌មាន និង​ការ​ហាមឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង​១០០នាក់ ​ធ្វើ​សកម្មភាព​នយោបាយ​នោះបាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ថយ​ក្រោយ ​យ៉ាង​លឿន ហើយ​បាន​ដាក់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​និង​តួនាទី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ក្នង​ហានិភ័យ។
សហរដ្ឋអាមេរិក​នឹង​ចាត់​វិធាន​ការ​ជាក់​លាក់​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា។ ជា​ជំហាន​ទីមួយ យើង​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈកម្មាធិការរៀបចំការបោះឆ្នោត​កម្ពុជា(គ.ជ.ប) និង​កិច្ចការ​រដ្ឋបាល​របស់​គណៈកម្មាធិការ​នេះ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្របច្បាប់ ​មិន​សេរី ​និងមិន​យុត្តិធ៌ម​ឡើយ។
រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ។ យើង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​លុបចោល​ចំណាត់​ការ​របស់​ខ្លួន​កាល​ពី​ ពេល​ថ្មីៗ ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សាយ​ព័ត៌មាន ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ពួកគេ​ដូច​ធម្មតា៕

Thursday, November 16, 2017

ទូតអាមេរិកប្រាប់​ពលរដ្ឋខ្លួន​​ឲ្យ​ប្រយ័ត្នសុវត្ថិភាព ខណៈតុលាការបើកសវនការរំលាយបក្សប្រឆាំង

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ខណៈដែល​តុលាការដំណើរ​ការ​សវនាការ​សម្រេចលើបណ្ដឹងរំលាយគណបក្សប្រឆាំង​នៅ​ថ្ងៃ​នេះ។
គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​រំលាយ​បក្ស​នេះ ហើយ​សវនាការ​សម្រេច​ក្ដី​រំលាយ​បក្ស​នេះ កំពុង​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​នេះ។
ខណៈ​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ក្ដី​បារម្ភ​​នៅ​ក្នុង​សេចក្ដី​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ការដាក់កម្លាំងការពារច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ា​ទៅនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល​លើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សាជាយថាហេតុ។​
បើតាមសេចក្ដីជូនដំណឹង ស្ថានទូតអាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់​ខ្លួន ឲ្យ​ប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន ដោយថា ត្រូវគេចចេញពីកន្លែង ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ជាពិសេស តាមដាន​ព័ត៌មានក្នុងស្រុក​អំពីស្ថានការណ៍ ដែលអាចនឹងកើតមានឡើង។
តុលាការ​កំពូល កំពុង​ដំណើរការ​សវនាការ​ក្ដី​រំលាយ​បក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់ និង​របាំង​ដែកជា​ច្រើន​ផ្ទាំង ត្រូវ​បាន​ដាក់​ពង្រាយ ផ្លូវ​នានា​ភ្ជាប់​ទៅ​ព្រះ​បរម​រាជ​វាំង និង​ហាង​អាជីវកម្ម​នានា​នៅ​ជុំ​វិញ​បរិវេណ​តុលាការ​កំពូល ត្រូវ​បាន​បិទ​៕
សហគមន៍អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សមួយនេះ ដោយ​ពួកគេព្រមានពីហានិភ័យនានា​នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅ

Wednesday, November 15, 2017

អាមេរិក​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា​មន្ត្រី​ទូត​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​ច្រានចោល​ភ្លាមៗ នូវ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ចោទ​ថា មន្ត្រី​ទូត​អាមេរិក ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។ អ្នកវិភាគ​យល់ឃើញ ថា​នយោបាយ​ការបរទេស បែប​ផ្អៀង​ទៅ​ម្ខាង​ខ្លាំង​បែបនេះ មិន​ចំណេញ​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ​នោះ​ទេ។
ឧបការី​រង​រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាទ្រីក មើហ្វ៊ី (Patrick Murphy) និង​ឧបការី​រង​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ជា​នាយក​ផ្នែក​កិច្ចការ​អាស៊ីរបស់​សេត​វិមាន លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) ចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ច្រានចោល​ការ​ចោទប្រកាន់ និង​ការ​រិះគន់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​សហរដ្ឋអាមេរិក និង មន្ត្រី​ការទូត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ សេចក្ដីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ បេសកកម្ម​អាមេរិក​ប្រចាំ​ប្រទេស​អាស៊ាន​នេះ លើកឡើង ថា​ការចោទប្រកាន់ និង​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​បែប​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ទំនាក់ទំនង​ល្អ​ប្រសើរ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ។
សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ឱកាស​នៃ​វេទិកា​ជំនួប​កំពូល​អាស៊ាន ថ្លែង​ខុស​ចាក​ឆ្ងាយ​ពី​ប្រធានបទ​នៃ​កិច្ចប្រជុំ ដោយ​វាយប្រហារ​សហរដ្ឋអាមេរិក និង​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​យ៉ាង​ចាស់ដៃ នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ក្រើន​រម្លឹក​លោក ដូណាល់ ត្រាំ ឲ្យ​ដាស់តឿន​មន្ត្រី​ថ្នាក់ក្រោម​ទៀត​ផង៖ «រដ្ឋការ​មុនៗ គេ​បាន​ប្រើប្រាស់​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ។ យើងខ្ញុំ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត។ ឥឡូវ កំពុង​តែ​បន្ត​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​សកម្មភាព​របស់​អ្នក​ខាងក្រោម ដែល​ដើរ​ខុស​បន្ទាត់​នយោបាយ​របស់​ឯកឧត្ដម។ យើងខ្ញុំ​ត្រូវការ​កសាង​ច្បាប់ គេ​មករា​រាំង​ការ​កសាង​ច្បាប់។ យើង​ខ្ញុំ​អនុវត្ត​ច្បាប់​របស់​ប្រទេស ត្រូវ​បាន​គេ​រារាំង»
លោក ហ៊ុន សែន ដែល​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តែងតែ​វាយប្រហារ​សហរដ្ឋអាមេរិក មិន​លស់​ពេល​ឡើយ ប៉ុន្តែ​លើក​នេះ លោក​បែរជា​លើក​សរសើរ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ជា​លក្ខណៈ​បុគ្គល ពេញៗ​មាត់ ថា​ជាមនុស្ស​អស្ចារ្យ និង​ជា​មនុស្ស​ដែល​លោក​គោរព​បំផុត។ លើក​សរសើរ​លោក ដូណាល់ ត្រាំ បណ្ដើរ លោក ហ៊ុន សែន បង្អាប់​មន្ត្រី​ទូត​អាមេរិក​បណ្ដើរ ថា​លម្អៀង៖ «ចៅ​របស់ខ្ញុំ​ត្រូវ​បាន​គេ​បង្ហាត់បង្រៀន ឲ្យ​ស្អប់​ឯកឧត្ដម។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ មិន​ត្រឹមតែ​មិន​មាន​អព្យាក្រឹត ចំពោះ​បញ្ហា​នៅ​កម្ពុជា​ទេ គឺ​មិន​មាន​អព្យាក្រឹត​ទាំង​បេក្ខជន​ប្រធានាធិបតី​នៅ​អាមេរិក​ខ្លួនឯង​តែម្ដង»
ការណ៍​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​ភាព​អាម៉ាស់ ដើម្បី​និយាយ​រឿង​ចាក​ប្រធានបទ​លួង​ចិត្ត​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​បែបនេះ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា មើល​ឃើញ​ថា នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ថា លោក ហ៊ុន សែន មិន​អាច​ខ្វះ​ការ​គាំទ្រ​របស់​អន្តរជាតិ​បាន​នោះ​ទេ។ ដោយសារ​តែ ឥទ្ធិពល​នៃ​សហរដ្ឋអាមេរិក​អាមេរិក​នេះ ទើប​កញ្ញា កឹម មនោ​វិទ្យា មាន​សុទិដ្ឋិនិយម​ថា នឹង​មាន​ដំណោះស្រាយ ផ្នែក​នយោបាយ​មួយ​នា​ពេល​ឆាប់ៗ​ខាងមុខ៖ «ចំណុច​ហ្នឹង​ជា​ចំណុច​វិជ្ជមាន។ ដោយសារ​កម្ពុជា ត្រូវការ​អាមេរិក ត្រូវការ​អន្តរជាតិ​ហ្នឹងហើយ ទើប​គាត់​ខំ​ព្យាយាម​ពន្យល់ និង យកចិត្ត​អាមេរិក។ យើង​ឃើញ​ហើយ​រដ្ឋាភិបាល​អាមេរិក គេ​តប​មកវិញ ដោយ​បដិសេធ​ការ​ចោទ​គេ ដោយ​គ្មាន​មូលដ្ឋាន និង​ទាមទារ​ឲ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​មក​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​សី​វិល និង​ដោះលែង​លោក កឹម សុខា ជាដើម»
ឧបការី​រង​រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាទ្រីក មើហ្វ៊ី និងឧបការី​រង​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ជា​នាយក​ផ្នែក​កិច្ចការ​អាស៊ី​របស់​សេតវិមាន​លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) បាន​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា។ មន្ត្រជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​នាក់​នេះ ក៏បាន​សម្ដែង​ការ​ព្រួយបារម្ភ ជា​ខ្លាំង​ចំពោះ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ ពួកគាត់​ក៏​សង្ឃឹម ថា​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ឲ្យ​តម្លៃ លើ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ការ​អភិវឌ្ឍ សុខ​សន្តិភាព និង ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។
អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក​សោកស្ដាយ​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា យក​រឿង​ផ្ទាល់ខ្លួន ទៅ​និយាយ​ក្នុង​វេទិកា​ផ្លូវការ ថ្នាក់​អន្តរជាតិ​បែបនេះ។ ប៉ុន្តែ លោក​បណ្ឌិត មាស នី មិន​ភ្ញាក់ផ្អើល​ពេក​ទេ ព្រោះ​តាម​ការសង្កេត​របស់​លោក​កន្លងមក ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក ច្រើនតែ​មិន​ធ្វើឡើង​តាមរយៈ​សំណើ ជា​លាយលក្ខណ៍អក្សរ​នោះ​ទេ។ ថ្នាក់ដឹកនាំ​ខ្មែរ ច្រើនតែ​ស្រែក​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាជាង​ទាក់ទង​គ្នា​ដោយ​ផ្ទាល់៖ «ពេល​ដែល​ផ្ញើ​ពាក្យ​ទាក់ទង​គ្នា​ទៅវិញទៅមក ពេលខ្លះ​បង្កើត​ភាព​ស្មុគស្មាញ ក្នុង​ទំនាក់ទំនង។ ជួនកាល​ការ​ស្នើសុំ ទៅ​ជា​ការរិះគន់​គ្នា»
ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សហរដ្ឋអាមេរិក​ទាំង​ពីរ​នាក់ គឺ​លោក ផាទ្រីក មើហ្វ៊ី និង​លោក ម៉ាត់ ផត់ធីងហ្គើ នៅតែ​បញ្ជាក់​ជំហរ ប្រាប់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន ថា​សហរដ្ឋអាមេរិក នៅ​តែ​ចាប់អារម្មណ៍ ក្នុង​ការ​គាំទ្រ​ភាព​ជោគជ័យ​ទៅ​អនាគត​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​អាមេរិក នៅតែ​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា ព្រោះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ កំពុង​គាបសង្កត់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង ក្រុម​បក្ស​ប្រឆាំង៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...