Wednesday, November 15, 2017

អាមេរិក សង្ឃឹម​រក្សា​​ទំនាក់​ទំនង​ល្អ​ប្រសិន​បើ​កម្ពុជា​ឈប់​ចោទ​ប្រកាន់ និង​រិះគន់​អាមេរិក​ដោយ​គ្មាន​មូលដ្ឋាន

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី ១៤​វិច្ឆិកា សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​រឹត​ត្បិត​លើ​សេរីភាព និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ជា​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​លោក Matt Pottinger ជំនួយ​ការ​រង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។ លើស​ពី​នេះ អាមេរិក ​ក៏​បាន​កត់​សម្គាល់​ពី​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​ទៅ​លើ​សហរដ្ឋ​អាមេរិក ថា​ផ្ទុយ​ពី​ស្មារតី​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ។
អ្វី​ដែល​ជា​កង្វល់​បំផុត​របស់​សហរដ្ឋ​អាមេរិក មក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស ដែល​រួម​មាន ការ​រឹត​ត្បិត​លើ​សេរីភាព​សារព័ត៌មាន ក្រុម​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ដូច​ជា​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដើម។ នេះ​បើ​តាម​ខ្លឹមសារ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន ក្រោយ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ជាមួយ​នឹង​ជំនួយ​ការ​រង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ និង​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។
យោង​តាម​សេចក្តី​ថ្លែងការណ៍​នោះ អាមេរិក សង្ឃឹម​ថា​កម្ពុជានឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​​គ្រឹះ​នៃដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ សន្តិភាព និង​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ត។ ក្រៅ​ពី​បង្ហាញ​នូវ​ការ​បារម្ភ​ហើយ អាមេរិក បាន​លើក​ឡើង​ពី​ខ្សែ​ចំណ​ង​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ ថា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សហរដ្ឋ​អាមេរិក រួម​ទាំង​ទៅ​លើ​មន្រ្តី​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ​ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រកប​ដោយ​ផល​ផ្លែ រវាង​ប្រទេស​ទាំង​ពីរ។
គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​អាមេរិក ដោយ​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កម្ពុជា ដែល​មិន​ទាន់​បាន​ដើរ​តាម​គោល​នយោបាយ​កែ​ប្រែ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រាប់​បែក​គីមី ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​លើ​ទឹក​ដី​កម្ពុជា កាល​ចុង​ទស្សវត្ស​៦០ និង​ដើម​ទស្សវត្ស​៧០ និង​ដែល​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​​ពលរដ្ឋ​កម្ពុជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង៕

នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃពុធទី១៥វិច្ឆិកានេះថា សមត្ថកិច្ច នឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូល ដោយថា ដើម្បីការពារករណី មានការតវ៉ាណាមួយ ដែលធ្វើឲ្យរំខាន ដល់ដំណើរការបើកសវនាការ។
នៅវីអូឌីពេលសួរថា​ តើនៅថ្ងៃស្អែកនេះ នគរបាលជាតិ នឹងត្រៀមដាក់កម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ដែរ? លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា លោកនៅមិនទាន់ដឹងនោះទេ ដោយរងចាំមើលពីសភាពការណ៍ជាក់ស្ដែង។
លោកមានប្រសាសន៍ថា៖ «វិធានការរបស់នគរបាលជាតិមិនងាប់ក្រឡាទេ! សួរខ្ញុំថា ដាក់កម្លាំងប៉ុន្មាន ខ្ញុំលំបាកឆ្លើយ!…វិធានការបស់នគរបាលមិនចង់ធ្វើអីក្ឌុងក្ឌាំង! បើសិនសភាពការណ៍​មិនមានបញ្ហាអ្វីទេ គឺយើង​ធ្វើរបៀបការពារជុំវិញតុលាការកំពូលតិចតួចទេ។ ប៉ុន្តែបើសភាពការណ៍ មានការចាំបាច់… នឹងបន្ថែមកម្លាំងឆ្លើយតប។ យើងមិនអាចថា ត្រៀមមកគ្រាន់តែការពារតុលាការ យើងដាក់កម្លាំងរាប់ម៉ឺន វាដូចមិនដល់ថ្នាក់នឹងទេ»
កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា គឺចំពេលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើង​បន្ទាប់​ពី​នគរបាល​ជាតិបាន​រាយការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ចំ​ថ្ងៃ​ប្រកាស​សេចក្ដី​សម្រេច​អំពី​ជោគ​វាសនា​របស់​បក្ស​មួយ​នេះ។ ទោះជាយ៉ាង​ណា ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​បែប​នេះ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​នោះ​ឡើយ។
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកទី១៦វិច្ឆិកានេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។ ជាញឹកញ៉ាប់ សមត្ថកិច្ចរាប់សិបនាក់ ត្រូវគេមើលឃើញថា តែងតែដាក់ពង្រាយ ហើយ កំណាត់ផ្លូវមួយចំនួន ជុំវិញតុលាការ ដូចជា វិថីព្រះស៊ីសុវត្ថិ វិថីសម្តេចសុធារស ផ្លូវលេខ២៤០ ត្រូវផ្អាកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន៕

អាមេរិកថា ជំនួបរវាងលោក ហ៊ុន សែន និង ត្រាំ មិនមែនភ្លេចរឿងសិទ្ធិមនុស្ស

សហរដ្ឋអាមេរិក ច្រានចោលការចោទថា ទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ ខ្វះភាពអព្យាក្រឹត្យ និងថា សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយផ្ទាល់ ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថា តំណាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហាកម្ពុជា។
ក្នុងជំនួបទ្វេភាគីមួយ កាលពីថ្ងៃអង្គារទី១៤វិច្ឆិកា ម្សិលមិញ នៅប្រទេសហ្វីលីពីន គណៈប្រតិភូសហរដ្ឋអាមេរិកចំនួន២រូប គឺលោក ​Matt Pottinger ​ជំនួយការរង​​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និងឧបការីរង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍លោក​ Patrick Murphy បានលើកយកក្ដីកង្វល់ទាំងនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្រោយជំនួបនោះ។
បើតាមសេចក្ដីថ្លែងការណ៍ ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញក្ដីបារម្ភជាថ្មី អំពីចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ការគាបសង្កត់គណបក្សប្រឆាំង និងការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
សហរដ្ឋអាមេរិកជឿថា រដ្ឋាភិបាលកម្ពុជា នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាខ្លួនឯង ទទួលបាន ក្នុងរយៈពេល១ទសវត្សមកនេះ ទាំងផ្នែកប្រជាធិបតេយ្យ ការរីកចម្រើន សន្ដិភាព និងការផ្សះផ្សាជាតិ ជាពិសេស គឺជំនួយ ដែលសហរដ្ឋអាមេរិក ផ្ដល់ឲ្យក្នុងកិច្ចការទាំងនេះ។
បើតាមសេចក្ដីថ្លែងការណ៍ដដែល ភាគីសហរដ្ឋអាមេរិក ពន្យល់ថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសំណេះសំណាល និងសំដែងការគួរសម ជាមួយមេដឹកនាំអាស៊ាន ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងនោះ ពួកគេថា នោះគឺដើម្បីឲ្យគូភាគី អាចឆ្ពោះទៅមុខរួមគ្នា លើកក្ដីបារម្ភនានា និងដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ឲ្យប្រសើរឡើង។
សេចក្ដីថ្លែងការណ៍នោះ ឲ្យដឹងបន្ថែមថា៖ «ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានជួបសំណេះសំណាលជាមួយមេដឹកនាំក្នុងតំបន់ ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក និងជំនួបអាស៊ាន-អាមេរិក នោះ សហរដ្ឋអាមេរិកបង្ហាញក្ដីសង្ឃឹមថា នោះនឹងអាចផ្ដល់ឲ្យប្រជាជាតិទាំងពីរ នូវឱកាសឆ្ពោះទៅមុខ បង្ហាញក្ដីកង្វល់នានា និងអភិវឌ្ឍមិត្តភាពទ្វេភាគី»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃទី១៣ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រាប់ដោយផ្ទាល់​ទៅលោក ដូណាល់ ត្រាំ ឲ្យណែនាំមន្ដ្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលលោកថា មិនបានដើរតាមគោលនយោបាយថ្មី របស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
លោក ហ៊ុន សែន បាន​ចោទ​តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ថា​ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហានៅកម្ពុជា និងថា បានយកបញ្ហាសិទ្ធិមនុស្ស មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។​
លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្ដង […] នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានបានធ្វើការកែប្រែទេ»។
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍ គណៈប្រតិភូសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីស្មារតី នៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា គួរមានទំនាក់ទំនងការបរទេសល្អ ជាមួយសហរដ្ឋអាមេរិក ដោយថា ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រទេសមហាអំណាច ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះ។

សមត្ថកិច្ចឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់​

សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ យកទៅសួរនាំជុំវិញករណីបង្កើតបន្ទប់សម្រាប់ថតសំឡេង និង កាត់តវីឌីអូ ដោយថា មិនមានច្បាប់អនុញ្ញាត។​
តាមកំណត់ហេតុរបស់សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះនៅក្នុងផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតនៅក្នុងខណ្ឌមានជ័យ។ អ្នកទាំងពីរនោះឈ្មោះ អួន ឈិន និង យាង សុជាមេត្តា។
តាមចម្លើយរបស់លោក អួន ឈិន ប្រាប់សមត្ថកិច្ចថា ការបង្កើតបន្ទប់សម្រាប់កាត់តសំឡេង និង វិឌីអូនេះ គឺក្នុងបំណងរៀបចំកន្លែងប្រកបរបរកាត់តរូបថត និង វីឌីអូ មង្គលការ ។​ ក្រោយការចាប់ខ្លួនមានព័ត៌មានថា អ្នកទាំងពីរនេះ ត្រូវបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានដឹងពីចំណាត់ការបន្ទាប់នោះទេ៕

Thursday, November 9, 2017

HRW ស្នើ​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក ហ៊ុន សែន នៅ​សន្និសីទ​កំពូល​អាស៊ាន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ក្រុម​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ មក​លើ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។ ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅ​ពេល​ដែល​មេដឹកនាំ​កំពូលៗ​នៅ​លើ​ពិភពលោក គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ឬ​ហៅថា អេប៉ិច (APEC) និង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម និង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។
នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊េដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ពិភពលោក រួម​មាន​សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កាណាដា អូស្ត្រាលី និង​ម៉ិចស៊ិក ដែល​នឹង​ចូលរួម​បើក​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក និង​សន្និសីទ​ប្រចាំ​ឆ្នាំ​កំពូល​អាស៊ាន ឲ្យ​លើក​យក​បញ្ហា​វិបត្តិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​នឹង​បញ្ហា​ក្ដៅៗ​ក្នុង​តំបន់​ដទៃ​ទៀត មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​ទាំងពីរ​នេះ​។​
លោក ប្រ៊េដ អាដាម ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ ដែល​មេដឹកនាំ​ពិភពលោក​ទាំងនេះ គួរ​រួមគ្នា​បង្កើន​ការ​គាបសង្កត់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក បញ្ឈប់​នូវ​យុទ្ធនាការ​វាយប្រហារ​តាម​ផ្លូវ​ច្បាប់ ដោយ​គ្មាន​មូលដ្ឋាន ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ​ក្នុង​ប្រទេស​នេះ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ ក្រោម​បទចោទប្រកាន់​ដែល​មិន​មែន​ជា​ការពិត។ លោក ប្រ៊េដ អាដាម ថ្លែង​ថា ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ឈាន​ទៅ​រក​ការ​បរាជ័យ​ហើយ ខណៈ​ដែល​មាន​សន្និសីទ​អាស៊ាន​នេះ។ លោក​បន្ត​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា គួរ​ថ្កោលទោស​នូវ​រាល់​កិច្ចប្រឹងប្រែង​ជម្នះ​របស់​លោក ហ៊ុន សែន ដើម្បី​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​ការ​វិល​ត្រលប់​មកវិញ នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​ឯក​បក្ស​ក្នុង​ប្រទេស​កម្ពុជា​នេះ ហើយ​ត្រូវ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​នូវ​សំណុំរឿង​ប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង និង​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ ដែល​លោក​ថា ធ្វើឡើង​ក្រោម​បទ​ចោទ​ប្រកាន់​ដែល​ជា​ការ​ប្រឌិត​ឡើង​សុទ្ធសាធ។
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ គាស់​រម្លើង​សម្បក​លទ្ធិប្រជាធិបតេយ្យ ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​សំឡេង​អ្នក​រិះគន់ និង​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង ជាមួយ​នឹង​ការ​បង្កើត និង​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​នានា ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្សប្រឆាំង ដែល​ក្រុម​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា ជា​ការ​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ នៅ​ទី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​កាន់អំណាច នឹង​បើកសវនាការ​លើ​សំណុំរឿង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ករណី​នយោបាយ បង្កើត​ឡើង​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច​អាច​ដណ្ដើម និង​ធានា​ជ័យជម្នះ​រួចជាស្រេច នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ មកដល់។
កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ខណៈ​សន្និសីទ​កំពូល​អាស៊ាន នឹង​ប្រព្រឹត្តិ​ទៅ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ ឆ្នាំ ២០១៧​នេះ គឺជា​ខួប​លើក​ទី ៥០​ឆ្នាំ នៃ​សមាគម​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជិត ៦២២ លាន​នាក់ មក​ពី​ប្រទេស​ចំនួន​១០ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ សន្និសីទ​កំពូល​អាស៊ាន​លើក​ទី ៣១​នេះ នឹង​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ​ប្រចាំ​តំបន់ ក្រោម​ប្រធានបទ «វិបុលភាព​សម្រាប់​ទាំងអស់​គ្នា»
ក្រៅពី​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​លើ​ពិភពលោក​ទាំងនេះ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​ពិភពលោក​ទាំងនេះ លើក​យក​ពី​បញ្ហា​បារម្ភ​នានា នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដទៃ​ទៀត រួមមាន​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​ហ្វីលីពីន និង​របប​ផ្ដាច់ការ​យោធា​នៅ​ប្រទេស​ថៃ មក​ដោះស្រាយ​ផង​ដែរ៕

លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​​ទោះ​រង​សម្ពាធ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា ខ្លួន​នឹង​មិន​ដោះលែង​លោក កឹម សុខា តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ទេ។ ប៉ុន្តែ អ្នកវិភាគ​លើក​ឡើង​ថា ការ​រក្សា​ជំហរ​បែបនេះ របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខូច​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ការ​ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក កឹម សុខា ថា ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ហើយក៏​ជា​សកម្មភាព​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។
លោក សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) របស់​លោក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ ដូច្នេះ​កុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​តាម​ខ្លួន ធ្វើ​ដូចជា​កម្ពុជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​របស់​សហរដ្ឋអាមេរិក។
ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ ស្រប​ពេល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​លោក ថិត គ្រូស (Ted Cruz) ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​ត្រឹមតែ​មិន​ដោះលែង​លោក កឹម សុខ ទេ លោក​ទាំង​ថ្លែង​ឌឺដង​ថា ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ខាង​មុខ ជា​ថ្ងៃ​ឱសានវាទ​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។
ករណី​ចាប់ខ្លួន​លោក កឹម សុខា នេះ​ដែរ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្លើយតប​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស ដោយ​មិន​ខ្ចី​អើពើ​ទៅ​នឹង​ការ​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឡើយ បើ​មិន​ចង់​ឲ្យ​អាមេរិក ដាក់ទណ្ឌកម្ម​លើ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏​បាន​បដិសេធ​ទៅ​នឹង​រាល់​ការចោទប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា។
ចំណែក អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ប្រកាស​ជំហរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូចនេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក។ លោក​ថា បើ​រដ្ឋាភិបាល​រង​ទណ្ឌកម្ម ពី​សហរដ្ឋអាមេរិក​មែន​នោះ មិនមែន​ធ្វើ​ឲ្យ​ខាតបង់​តែ​រដ្ឋាភិបាល ឬ​សមាជិក​ជាន់ខ្ពស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា ប៉ះពាល់​ជីវភាព​ពលរដ្ឋ​កម្ពុជា មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ «»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ទៀត​ថា ទណ្ឌកម្ម​សហរដ្ឋអាមេរិក​មក​លើ​កម្ពុជា អ្នក​ដែល​ប៉ះពាល់​ដំបូង គឺ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ហើយ​បើ​រដ្ឋាភិបាល​នៅ​តែ​រឹងទទឹង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ទាំងមូល ត្បិត​អី​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​យោធា និង​សេដ្ឋកិច្ច។
ទន្ទឹម​នឹង​ការ​ទាមទារ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង លោក កឹម សុខា។ កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ដែល​មានឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​មួយ​ចំនួន បាន​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​សេចក្ដី​សម្រេច​លេខ ២៧៩ ដើម្បី​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ហើយ។
ប្រសិនបើ អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ថ្កោលទោស ជា​ផ្លូវការ​នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ៕

ជន​ជាតិ​ខ្មែរ​-អាមេរិកាំង ជាប់​ឆ្នោត​ថ្មី ជាក្តី​សង្ឃឹមក្នុងការ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង ​ប្រជាធិបតេយ្យ

នជាតិ​ខ្មែរ​-​អាមេរិកាំង នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ដែល​អ្នក​ក្រុង​ឡូវែល ហៅថា ជា​សកម្មជន​ការពារ​ប្រយោជន៍​សហគមន៍​ខ្មែរ ទាំង​នៅ​អាមេរិក និង​ប្រទេស​កម្ពុជា​ផង​នោះ បាន​ជាប់ឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល។
តើ​ជនជាតិ​ខ្មែរអាមេរិកាំង រូប​នេះ បាន​ធ្វើ​អ្វីខ្លះ ទើប​ជាប់ឆ្នោត ក្នុង​ការ​បោះឆ្នោត ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​នេះ?
ជនជាតិ​ខ្មែរ​-​អាមេរិកាំង ដែល​ទើបតែ​ជាប់ឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ឡូវែល កាលពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា លោក នួន វាសនា ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ទទួលស្គាល់​ថា ជា​បុគ្គល​ឆ្នើម ដែល​ស័ក្ដិសម​នឹង​ធ្វើជា​តំណាង​ឲ្យ​ពលរដ្ឋ​សហគមន៍​ខ្មែរ។ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ម្នាក់ នៅ​ទីក្រុង​ឡូវែល គឺ​លោក លាង ស៊ីដនី ចាត់​ទុក​លោក នួន វាសនា ថា​ជា​អ្នក​សកម្ម​ក្នុង​កិច្ចការ​សង្គម ស្ទើរ​គ្រប់​វិស័យ៖ «និយាយ​ឲ្យ​ត្រង់​ទៅ គាត់​ជា​អ្នក​សកម្មម្នាក់​ក្នុង​សហគមន៍។ គាត់​បាន​ជួយ​សហគមន៍ ផ្នែក​វត្ត​អារាម ឬ​ខាង​ឧទ្យាន និង​កិច្ចការ​សមាគម​ជាដើម។ គាត់​ធ្លាប់​ប្រឡូក និង​ស្គាល់​ប្រជាជន​ច្រើន។ គាត់​យល់ដឹង​រឿងរ៉ាវ​ច្រើន ដែល​ត្រូវ​ធ្វើ និង​អ្វីខ្លះ​ដែល​ប្រជាជន​ត្រូវការ»
 លោក នួន វាសនា ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្នុងចំណោម​មន្ត្រី​ជាប់ឆ្នោត​ទាំងអស់ ៩ នាក់ ដែល​សុទ្ធ​តែ​ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ស។ បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង មាន​ទាំងអស់ ១៨​នាក់។ ចំពោះ​លោក លាង ស៊ីដនី ថា ការណ៍​ដែល​ជនជាតិ​ខ្មែរ​ជាប់ឆ្នោត ដោយ​សំឡេង​លើស​គេ​ដូច្នេះ គឺជា​មោទនភាព​របស់​សហគមន៍​ខ្មែរ៖ «នេះ​ជា​លើក​ដំបូង​ហើយ ដែល​ខ្មែរ​យើង​ជាប់​លេខ​មួយ។ នេះ​គឺជា​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​យើង​គួរ​មាន​មោទនភាព ព្រោះ​មាន​ខ្មែរ​ជាប់​ខាង​គណៈកម្មាធិការ​សាលារៀន​ផង និង​ក្រុមប្រឹក្សា​ក្រុង​ទៀត ដែល​សុទ្ធតែ​ជាប់​លេខ​ខ្ពស់ មិនមែន​លេខ​ធម្មតា»
នេះ​ជា​ប្រវត្តិសាស្ត្រ នៃ​ការបោះឆ្នោត​នៅ​ទីក្រុង​ឡូវែល ដែល​មាន​ជនជាតិ​ខ្មែរ​-​អាមេរិកាំង រហូត​ដល់​ទៅ​ពីរ​នាក់ ម្នាក់​ជាប់​ខាង​ក្រុមប្រឹក្សា​ក្រុង និង​ម្នាក់ទៀត​ជាប់​ខាង​គណៈកម្មាធិការ​សាលា។ លោក ឡាយ ដូមីនិក ដែល​ជនជាតិ​ខ្មែរ​-​អាមេរិកាំង​ដែរ ជាប់ឆ្នោត​ជា​សមាជិក​ម្នាក់ ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​សាលា ដែល​មាន​គ្នា ៦នាក់។ ក្នុង​ចំណោម​អ្នក​ទាំង ៦ ដែល​ជាប់ឆ្នោត​ក្នុង​គណៈកម្មាធិការ​សាលា​នេះ មានតែ​លោក ឡាយ ដូមីនិក ប៉ុណ្ណោះ​ជា​ជនជាតិ​ខ្មែរ ក្រៅ​ពី​នោះ គឺ​សុទ្ធ​តែ​ជា​ជនជាតិ​អាមេរិកាំង​ទាំងអស់។
ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង និង​ជា​មន្ត្រី​ចូល​និវត្តន៍ លោក ក្រេត កោវិទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៨ ខែ វិច្ឆិកា ថា ការណ៍​ដែល​មាន​ជនជាតិ​ខ្មែរ​រហូតដល់​ទៅ​ពីរ​នាក់ ជាប់ឆ្នោត​ដូច្នេះ គឺ​ជា​ជោគជ័យ​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ក្នុង​ប្រកួត​ប្រជែង ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​សំឡេង​របស់​ជនជាតិ​ភាគតិច ក្នុង​សហគមន៍ ដែល​អំណាច​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច ភាគច្រើន​គឺ​ស្ថិត​នៅ​លើ​ជនជាតិ​អាមេរិកាំង​ស្បែក​ស។ លោក ក្រេត កោវិទ លើកឡើង​បន្ថែម​ថា វត្តមាន​របស់​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ក្នុង​ជួរ​រដ្ឋការ ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច ជាពិសេស​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​ជនជាតិភាគតិច​ក្នុង​មូលដ្ឋាន៖ «ដូច្នេះ​ខ្មែរ​អាមេរិកាំង​ពីរ​នាក់ ដែល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ទីក្រុង​ដែល​ខ្លួនឯង​រស់នៅ​ផ្ទាល់​នឹង ព្យាយាម​គឺ​បានសម្រេច។ និយាយ​ឲ្យ​ចំ គឺ​អ្វីៗ​ដែល​ទាក់ទង​នឹង​គម្រោង​ថវិកា​ចាយវាយ សម្រាប់​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ ទាល់តែ​យើង​នៅ​ក្នុង​ជួរ​ហ្នឹង​ដែរ ទើប​យើង​អាច​ផ្ដល់​ជា​មតិ ក្នុង​ការ​បោះឆ្នោត​សម្រេច គម្រោង​ចាយ​ថវិកា​សម្រាប់​ក្រុង​ទាំងមូល អាច​មាន​ប្រសិទ្ធភាព​ដែរ ដែល​អាច​បម្រើ​ផលប្រយោជន៍​រួម»
មុន​ជាប់ឆ្នោត​នេះ លោក នួន វាសនា បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​បាតុកម្ម​នៅមុខ​ក្រសួង​ការបរទេស​អាមេរិក និង​សាលាក្រុង​ឡូវែល តវ៉ា​ទាមទារ​ឲ្យ​ដោះលែង ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ លោក នួន វាសនា ក៏​ធ្លាប់​តវ៉ា​ប្រឆាំង​នៅ​សាលាក្រុង​ឡូវែល ទាមទារ​កុំ​ឲ្យ​មន្ត្រី​សាលាក្រុង ទទួល​ស្វាគមន៍​កូនប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នៅ​លើ​ទឹកដី​នៃ​ទីក្រុង​ឡូវែល និង​តវ៉ា​សុំ​ឲ្យ​សាលាក្រុង កុំ​ទទួល​យក​រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​ជា​កាដូ​របស់​លោក ហ៊ុន ម៉ាណែត។
លោក នួន វាសនា លើកទឹកចិត្ត ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទោះ​នៅ​ទី​ណា​ក៏ដោយ កុំ​អស់សង្ឃឹម ក្នុង​ការ​តស៊ូ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ព្យាយាម​គង់​នឹង​បានសម្រេច៖ «ការ​តស៊ូ​មតិ យើង​ព្យាយាម​ដ៏​មុះ​មុត​នៅ​ក្នុង​ចិត្ត នឹង​បានសម្រេច មុន​និង​ក្រោយ​ទេ នៅ​ក្នុង​ស្រុក​យើង​ក្ដី ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ប្រព័ន្ធ​បោះឆ្នោត សេរី និង​យុត្តិធម៌​ទៅ​ថ្ងៃមុខ យើង​នឹង​បាន​ជោគជ័យ។ យើង​ត្រូវតែ​ព្យាយាម និង​មាន​សង្ឃឹម នៅ​ក្នុង​កិច្ច​ការដែល​យើង​ធ្វើ»
ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត ជាទី​ក្រុង​មួយ ដែល​មាន​ពលរដ្ឋ​ខ្មែរ រស់នៅ​ច្រើន​ជាងគេ ក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​ទីក្រុង​ឡុងប៊ិច (Long Beach) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុង​ឡូវែល មាន​រហូត​ជិត ១ ភាគ ៣ នៃ​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ទាំងមូល។ ទីក្រុង​ឡូវែល​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ទាំងអស់ សរុប​ជាង ១១​ម៉ឺន​នាក់៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...