Wednesday, November 8, 2017

ឯកអគ្គរាជទូត​កម្ពុជា​នៅ​វ៉ាស៊ីនតុន​ពន្យល់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រឿង​ចាប់​ខ្លួន​លោក កឹម សុខា

កអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បាន​សរសេរ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ថិត គ្រូស (Ted Cruz) ដោយ​មិន​ខ្ចី​អើពើ​ទៅ​នឹង​ការ​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឡើយ បើ​មិន​ចង់​ឲ្យ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏​បាន​បដិសេធ​ទៅ​នឹង​រាល់​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា។
​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ចុះ​ហត្ថលេខា​ដោយ​លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ធានា​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​រូប​នេះ​ថា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ឲ្យ​តម្លៃ និង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព ដូច​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិក ឲ្យ​តម្លៃ​យ៉ាង​ដូច្នេះ​ដែរ។
​លោក ជុំ ប៊ុនរ៉ុង គូស​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ។ លោក​ថា វា​ជា​ការ​ពិត​ដែល​ថា ការវិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ​អាច​សម្រេច​ទៅ​បាន ប្រសិនបើ​នីតិរដ្ឋ​ត្រូវ​បាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផល​ប្រយោជន៍​ប្រជាជាតិ។
លិខិត​របស់​លោក​ឯក​អគ្គរាជទូត ជុំ ប៊ុនរ៉ុង ដដែល​នេះ ក៏​បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ស្របតាម​បទ​បទបញ្ញត្តិ​ជា​ធរមាន​នានា ដូច​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទ​សួរ​ទៅ​លោក ថិត គ្រូស វិញ​ថា តើ​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក ទង្វើ និង​ការ​ប្រព្រឹត្ត​ដូច​ករណី​លោក កឹម សុខា នេះ អាច​ត្រូវ​បាន​អត់ឱន​ឲ្យ​បាន​ដែរ ឬ​ទេ​នៅ​សហរដ្ឋអាមេរិក?
លោក​ឯកអគ្គរាជទូត​រូប​នេះ បាន​ផ្ដល់​អំណះអំណាង​ថា អ្វី​ដែល​លោក កឹម សុខា បាន​ប្រព្រឹត្ត​នៅ​ពេល​កន្លង​មក​នេះ គឺ​មិន​មែន​ជា​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​លក្ខណៈ​ស្មើភាព​គ្នា​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ថា នៅ​សហរដ្ឋអាមេរិក ក៏​មាន​ច្បាប់​ជា​ច្រើន​ដែរ ដែល​គ្រប់គ្រង​មិន​ឲ្យ​មាន​ទង្វើ​ក្បត់​ជាតិ​នេះ។ លោក ជុំ ប៊ុនរ៉ុង បាន​ប្រៀបប្រដូច​ករណី​ចាប់ និង​ឃុំ​ខ្លួន​លោក កឹម សុខា នេះ ទៅ​នឹង​ករណី​លោក ប៉ូល ម៉ាណាហ្វត (Paul Manafort) ដែល​ជា​អតីត​នាយក​ផ្នែក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយ​ដែល​បច្ចុប្បន្ន​កំពុង​

លោក ជុំ ប៊ុនរ៉ុង ថា វា​ជា​ការ​មិន​​ត្រឹមត្រូវ​ឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​ការ​រិះគន់ និង​ការ​គំរាម​អំពី​ការ​ដាក់​ទណ្ឌកម្ម​នានា​យ៉ាង​ដូច្នេះ ព្រោះ​ដោយសារ​តែ​បាន​ចាត់​ការ​ផ្លូវ​ច្បាប់​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្លួន​ដូច​ដែល​ប្រទេស​ដទៃ​ទៀត​កំពុង​អនុវត្ត​យ៉ាង​ដូច្នោះ​ដែរ។ លោក​សរសេរ​បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​មិន​អាច​ជៀស​ផុត​នេះ មិន​មាន​ន័យ​ថា ជា​ការ​បិទ​បញ្ចប់​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​នោះ​ឡើយ។
លោក ជុំ ប៊ុនរ៉ុង ក៏​មិន​បាន​បំភ្លេច​ពន្យល់​ប្រាប់​លោក ថិត គ្រូស ទៅ​វិញ​ថា របាយការណ៍​ដែល​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ទទួល​បាន​អំពី​ការណ៍​ដែល​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ​វិទ្យុ​ជាង ១០០​នោះ គឺ​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ។ លោក​ថា តាម​ពិត​មាន​ស្ថានីយ​វិទ្យុ​ជាង ២០​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បិទ​ទ្វារ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ច្បាប់​សារព័ត៌មាន ហើយ​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ទាំង​នោះ​ទៀតសោត គឺ​ដោយសារតែ​ស្ថានីយ​ទាំង​នោះ​ពុំ​បាន​រាយការណ៍​ទៅ​ក្រសួង​ព័ត៌មាន ដូច​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង។
លោក ជុំ ប៊ុនរ៉ុង ក៏​បាន​លើក​ឡើង​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ចំពោះ​សេរីភាព​សារព័ត៌មាន ថា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។
នៅ​ចុង​បញ្ចប់​នៃ​លិខិត​របស់​លោក ជុំ ប៊ុនរ៉ុង លោក​ឯកអគ្គរាជទូត​រូប​នេះ​បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា ឲ្យ​តម្លៃ​ចំពោះ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​អរគុណ​ប្រទេស​នេះ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ឲ្យ​មាន​ស្ថិរភាព សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ថា វា​មិន​មែន​ជា​សញ្ញា​ល្អ​ទាល់តែ​សោះ​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា និង​អនាគត​ប្រទេស​នេះ ប្រសិនបើ​កម្ពុជា ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​ជ្រើស​រើស​យក​ជម្រើស​នានា ដែល​ផ្ទុយ​នឹង​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ប្រជាជាតិ​ទាំង​ពីរ។
ជា​ថ្មី​ម្ដង​ទៀត លោក ជុំ ប៊ុនរ៉ុង ធានា​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថិត គ្រូស ថា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការណ៍ និង​ឈរ​យ៉ាង​មុតមាំ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ធានា​ថា សោកនាដកម្ម​នៅ​ពេល​អតីតកាល​នៅ​កម្ពុជា នឹង​មិន​ត្រូវ​បាន​បណ្ដោយ​ឲ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី​វិញ​ម្ដង​ទៀត​ឡើយ ហើយ​ថា សន្តិភាព និង​ស្ថិរភាព នឹង​នៅ​តែ​បន្ត​មាន​វត្តមាន​ដដែល​សម្រាប់​ការ​អភិវឌ្ឍ និង​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ស្របតាម​នីតិរដ្ឋ និង​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ផ្អែក​តាម​ក្រឹត្យក្រម និង​ជំហាន​ដែល​សមស្រប​ស្របតាម​បរិបទ​កម្ពុជា។
នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថិត គ្រូស ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដ​ល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថិត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ពេល​កន្លង​មក ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ​ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជា​ច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​យ៉ាង​ដូច្នេះ លោក ថេត គ្រូស ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ផង​ដែរ។
មិន​មែន​មាន​តែ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក ថេត គ្រូស មួយ​រូប​ប៉ុណ្ណោះ​ទេ ដែល​បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​គំរាម​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ។ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​ចំនួន​បី​រូប​ទៀត គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) ក៏​បាន​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​សេចក្ដី​សម្រេច​លេខ ២៧៩ កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន។ បច្ចុប្បន្ន​ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​អាមេរិកាំង នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។
​ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ​នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជា​បន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ​ដែល​លទ្ធិប្រជាធិបតេយ្យ​អាច​រីកចម្រើន និង​លូតលាស់​ទៅ​មុខ​បាន​ល្អ។
​បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា ទាំង​អស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»។
​ចំណុច​ចុង​ក្រោយ​នៃ​សេចក្ដី​សម្រេច ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​សេចក្ដី​សម្រេច​លេខ ២៧៩ នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នក​ឃ្លាំមើល​អន្តរជាតិ៕

អ្នក​វិភាគ​​ថា​លោក ហ៊ុន សែន មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ករណី​បក្ស​ប្រឆាំង

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​កំពូល​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ត្រូវ​រំលាយ ១០០%។
​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុង ហៃ បាន​ជំរុញ​អោយ​លោក ហ៊ុន សែន នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល​នៅ​ឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ធ្វើ​អត្ថាធិប្បាយ ឬ​មាន​ប្រសាសន៍​ប៉ះពាល់​ដល់​ករណី​ដែល​តុលាការ​កំពុង​តែ​ពិនិត្យ គឺ​រឿង​រំលាយ​នេះ​ឯង។ ពីព្រោះ​ក្រសួង​មហាផ្ទៃ បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​សុំ​រំលាយ។ ដូច្នេះ​ដើម្បី​ជៀសវៀង​ការ​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី​ប្រើប្រាស់​ឥទ្ធិពល​របស់​លោក​ទៅ​លើ​តុលាការ​ដូច្នេះ គួរ​កុំ​ធ្វើ​អត្ថាធិប្បាយ​ដែល​វា​អាច​ប៉ះពាល់​ដល់​ករណី​ដែល​តុលាការ​កំពុង​ពិនិត្យ»
​ការ​រិះគន់​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​ជាង ១​ម៉ឺន​នាក់ មក​ពី​រោងចក្រ​ចំនួន​២០ នៅ​តំបន់​ចំការដូង ក្នុង​ខណ្ឌដង្កោ ហើយ​លោក​បាន​បបួល​ពួកគេ ក៏​ដូចជា​មហាជន​ទូទៅ ភ្នាល់​គ្នា​ថា ១០០ ស៊ី​តែ​មួយ​ប៉ុណ្ណោះ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​រលាយ​ទេ​នោះ។ ជាង​នេះ​ទៅ​ទៀត លោក​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កុំ​មាន​ភាព​ស្ទាក់​ស្ទើរ​អ្វី​ឡើយ។
លោក ហ៊ុន សែន៖ «ហើយ​ចាំ​ភ្នាល់​មើល​អ្នក​ដែល​គេ​ភ្នាល់​ចង់​ភ្នាល់​ទៅ មួយ​ចាក់ ១០០ ទៅ​ល្អ តាម​ហាង​គុយទាវ​ចាក់​ទៅ ទៅ​បើក​ម៉ា​សេរី​អោយ​ចាក់ ហើយ​បើ​ឈ្នះ​មក​ទា​លុយ​ពី​ខ្ញុំ។ ខ្ញុំ​បាន​អំពាវនាវ​ឲ្យ​អ្នក​ទាំង​ឡាយ ខ្ញុំ​ចង់​ផ្ដល់​ឱកាស​អោយ​បន្ត​ធ្វើ​ជា​មេឃុំ ចៅសង្កាត់ ឬ​ក៏​ជំទប់ ឬ​ក្រុមប្រឹក្សា​តទៅ​ទៀត។ គេ​ថា​អត់​ទេ! អត់​មាន​រំលាយ​ទេ។ ឥឡូវ​ចាក់​ភ្នាល់​ទៅ បើ​រំលាយ​ស៊ី​តែ​មួយ​ទេ បើ​អត់​រំលាយ​សង ១០០។ អ្នក​ណា​ឈ្នះ​មក​ទារ​ពី​ខ្ញុំ»
​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ហើយ​ដែល​ឡើង​កាន់​អំណាច​មក​ទល់​បច្ចុប្បន្ន​នេះ តាម​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ រូប​នេះ​គំរាម​ថា វិធានការ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់តែ​ជា​ការ​អនុវត្ត​ច្បាប់​នៃ​របប​របស់​លោក​ប៉ុណ្ណោះ មិន​ថា​អ្នក​នោះ​នៅ​ក្នុង​បក្ស​កាន់​អំណាច មន្ត្រី​រាជការ ឬ​កងកម្លាំងប្រដាប់អាវុធ​នោះ​ទេ ឲ្យ​តែ​ជន​នោះ​ធ្វើ​ខុស​គឺ​ត្រូវ​ទទួល​ទោស។
​ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​តែង​វាយ​តម្លៃ​ថា ច្បាប់​ដែល​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​គ្រាន់​តែ​ច្បាប់​មួយ​ដើម្បី​ទុក​ចាត់ការ​ទៅ​លើ​អ្នក​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង និង​ដើម្បី​ទុក​រំលាយ​គណបក្ស​នយោបាយ​ទាំង​ឡាយ​ដែល​មិន​ចំណុះ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នោះ។
​ក្រុម​អ្នក​ឃ្លាំមើល​ទាំង​នោះ​បារម្ភ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ដឹកនាំ​បែប​គណបក្ស​តែមួយ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បន្ត​ឃុំឃាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា មិន​អោយ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ។
ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ​ថា ពួកគេ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​ពី​ការ​បោះ​ឆ្នោត​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​សេរី ត្រឹមត្រូវ និង​យុត្តធម៌ ហើយ​និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។
​ជាង​នេះ​ទៅ​ទៀត ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ជា​បន្ទាន់​ទេ នោះ​ពួកគេ​នឹង​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​សម​ស្រប​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់ ការ​បង្កក់​ប្រាក់​របស់​មន្ត្រី​ពុករលួយ​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​តម្កល់​នៅ​ក្រៅ​ប្រទេស និង​ការ​បិទ​ពន្ធ​នាំ​ចូល​សំលៀកបំពាក់​មក​លក់​នៅ​ទីផ្សា​សហរដ្ឋអាមេរិក ជាដើម៕

មេដឹកនាំ​កម្ពុជា​ទៅ​​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​ ​គ្រា​ប្រទេស​​នេះ​កំពុង​ប្រឈម​នឹង​ជម្លោះ​នយោបាយ

លោក​ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធផ្សេង​ទៀត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​ ​Asean​ ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​ពីថ្ងៃ​ទី​១២​ ​ដល់​ ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ​២០១៧។​
ក្នុង​ដំណើរ​របស់​លោក​ ​ហ៊ុន សែន​ ​ទៅ​កាន់​ទីក្រុង​ម៉ានីល​នោះ​ ​ ​មាន​មន្ត្រី​កម្ពុជា​ជាច្រើន​រូប​នឹងអម​ដំណើរ​ជា​មួយ។​ ​ក្នុង​នោះ​ ​រួមមាន​លោក​ ​ប្រាក់​ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ​លោក​ ​ប៉ាន់ សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​លោក​ ហង្ស​ ​ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត។​
ឯកសារ​នៃ​កាល​បរិច្ឆេទសម្រាប់​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល​ ​ដែល​ ​VOA​ ​ទទួល​បាន ​នៅថ្ងៃ​ពុធ​ បាន​ឲ្យដឹង​ថា​ អាស៊ាន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាច្រើន​ រួម​មាន​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចិន​លើក​ទី២០​ កិច្ចប្រជុំ​កំពូល​អាស៊ាន សាធារណ​រដ្ឋ​កូរ៉េ​លើក​ទី​១៩​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន​លើក​ទី​ ២០​ ព្រម​ទាំង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​អង្គការ​សហ​ប្រជាជាតិ​ និង​កិច្ចប្រជុំ​អាស៊ាន​បូក​បី​ ​ ព្រមទាំង​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​ កាណាដា​ សហភាព​អឺរ៉ុប​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឥណ្ឌា​លើក​ទី​១៥ ​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១២។​
លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខាង​មុខ​នេះ​ ជា​ឱកាស​សម្រាប់​កម្ពុជា​ ​ក្នុង​ការ​បង្ហាញ​វឌ្ឍនភាព​របស់​ប្រទេស​ ​និង​ការ​ស្វែង​យល់​អំពី​ការ​វិវត្ត​នានា​ក្នុង​តំបន់។​
ដោយសារ​តែ​អាមេរិក​នឹង​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំនានា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល​នោះ​ ​លោក​មាស នី​បាន​សម្តែងក្តី​សង្ស័យ​ថា​ ​និន្នាការ​ប្រឆាំង​អាមេរិក​របស់​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ត្រូវបាន​លើក​ឡើង​មក​ពិភាក្សា​ដោយ​ភាគី​អាមេរិក។​
«វា​អាច​រឿង​រ៉ូហ៊ីងយ៉ា​ រឿង​សមុទ្រ​ចិន​ ក៏​ប៉ុន្តែ​ខ្ញុំ​សង្ស័យ​តែ​អាមេរិក ​វា​នឹង​អាច​លើក​ឡើង​ដែរ​ពី​បញ្ហា​វិបត្តិ​នៅ​កម្ពុជា​ ដោយ​សារតែ​រដ្ឋាភិបាល​កម្ពុជា​ហាក់ដូច​ជា​បុក​សម្រុក​ទៅលើ​អាមេរិក​កាន់​តែ​ធ្ងន់ទៅៗ​ មិន​ដឹង​ថា​ ​តើ​អាមេរិក​គាត់​ទ្រាំ​បាន​ប៉ុណ្ណា។​ អាហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ​បាទ។ ​ចាំមើល​សិន​ ចាំ​មើល​ឃើញ​ការ​ប្រជុំ​ហ្នឹង។ យើង​នឹង​អាច​ឃើញ​តាម​រយៈ​ទូរទស្សន៍​ ឬ​តាម​ការ​ផ្សាយ​ព័ត៌មាន​អី​យើង​ដឹង​បាទ»។​
អ្នក​វិភាគ​ស្ថាន​ភាព​សង្គម​ និង​នយោបាយ​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ តាមរយៈ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​សមាគម​អាស៊ាន​ ដែល​មាន​អាយុកាល​៥០​ឆ្នាំ​មក​នេះ​ ​ ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​ទាញ​ផល​ប្រយោជន៍​ពី​វិស័យ​សេដ្ឋ​កិច្ច​ ​តែ​ប្រទេស​នេះ​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ខាង​នយោបាយ ទេ​ ​ខណៈ​ដែល​សមាគម​មួយ​នេះ​បាន​កំណត់​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក។​
លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍសង្គម​ មាន​ប្រសាសន៍​ថា៖
«ក៏​ប៉ុន្តែ​អ្វី​មួយ​ដែល​ខ្ញុំ​ឃើញ​ជា​បញ្ហា​នៃការ​ព្រួយ​បារម្ភ​គឺ​ត្រង់​អាស៊ាន​មាន​គោល​នយោបាយ​មួយ​គឺ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅវិញ​ ទៅ​មក​ បាទ។ ​អីចឹង​ ប្រទេស​ណា​ដែល​ជួប​ប្រទះ​នូវ​វិបត្តិ​នយោបាយ​ហ្នឹង​ គឺ​ប្រទេស​អាស៊ាន​អត់​ហ៊ាន​លូកមាត់​អីមក​ជួយ​គ្នា​ទេ​បាទ។​ អីចឹង​ ត្រង់​ហ្នឹង​មួយ​ ​យើង​ឃើញ​ថា ​ប្រទេស​កម្ពុជា​មិន​បាន​ប្រយោជន៍​អី្វ​ពីការ​ជួយ​គាំទ្រ​ពី​ប្រទេស​អាស៊ាន​ ដើម្បី​ជួយ​ស្រោច​ស្រង់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​ទេ​បាទ»។​
ការ​ចូលរួម​របស់​កម្ពុជា​នៅក្នុង​កិច្ច​ប្រជុំ​ដ៏ធំ​របស់សមាគម​អាស៊ាន​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ប្រទេស​កម្ពុជា​ត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​ក្នុង​ស្រុក​ ​និង​តំបន់​មើល​ឃើញ​ថា​ ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​នោះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ ​សិទ្ធិ​ធ្វើ​ប្រតិបត្តិ​ការ​នៃ​អង្គការ​សង្គម​ស៊ីវិល​ និង​សិទ្ធិ​ធ្វើ​ប្រតិបតិ្ត​ការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​សេរី​ ដែល​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ឆ្នាំ ១៩៩១​ ដែល​មាន​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ជាច្រើន​ជា​ហត្ថលេខី។​
ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​កើត​មាន​ឡើង​ ​ក្រោយ​ការ​បង្ក្រាបរបស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ជា​បន្តបន្ទាប់​ទៅ​លើ​សំឡេងក្រុម​ប្រឆាំង​ ​ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។
តាម​ឯកសារ​នៃ​កាល​បរិច្ឆេទ​សម្រាប់​កិច្ច​ប្រជុំនៅ​ប្រទេស​ហ្វីលីពីន​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ឲ្យថា​ ដឹង​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សា​វរីយ៍​អាស៊ាន​ សហ​រដ្ឋ​អាមេរិក​លើក​ទី​៤០ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ម៉ានីល។
លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​ ​គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំនៃ​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ពីថ្ងៃ​ទី​១១ ​ដល់​១២​ ខែ​វិច្ឆិកា ​នៅ​ប្រទេស​វៀតណាម​ ​ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៥០​ឆ្នាំ​នៃ​ការបង្កើត​សមាគម​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ាន​នៅ​ថ្ងៃ​ទី​១២ ​និង​១៣ខែ​វិច្ឆិកា។​
ទាក់​ទិន​នឹង​បញ្ហា​រកាំរកូស​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ពុធ​នេះ​ នឹង​មិន​មាន​ការ​លើក​យក​ស្ថានការណ៍ចុង​ក្រោយ​នៃ​ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា​អាមេរិក​មក​ពិភាក្សា​នោះ​ឡើយ។
«រាល់​ការ​ប្រជុំ​នីមួយៗ​ហ្នឹង​ គេមាន​របៀបវារៈ។​ របៀបវារៈ​របស់​គេ​ហ្នឹង​ គេ​មិន​ដែល​យក​រឿង​ផ្ទាល់​ខ្លួន​ពី​ប្រទេស​មួយ​ទៅ​ជជែក​ជាមួយ​ប្រទេស​មួយ​នោះ​ទេ​ អត់​ទេ។​ អា​ហ្នឹង​ចំណុច​ទី​មួយ។ ​ចំណុច​ទី​ពីរ​ គេ​អាច​ជួប​ sideline អា​ sideline បាន​សេចក្តី​ទ្វេភាគី​ ព្រោះ​ប្រជុំ​ហ្នឹង​ពហុភាគី។​ ពហុភាគី​ហ្នឹង​ គេ​ទៅ​តាម​របៀបវារៈ​របស់​គេ​ ដែល​អត់​មាន​ពាក់​ព័ន្ធ​រឿង​ប្រទេស​នីមួយៗ​ទេ។​ វា​អត់​មាន​ទាល់​តែ​សោះ។ ​អ្នក​វិភាគ​ហ្នឹង​ មនុស្ស​ល្ងង់​សុទ្ធសាធ​ គ្មាន​ការ​ពិសោធ​នៅ​ក្នុង​ការ​ប្រជុំ​អន្តរជាតិ​នោះ​ទេ​ រីឯ​ sideline ​រហូត​ដល់​ពេល​នេះ​ យើង​អត់​មាន​សុំ​ជួប​ផង»។​
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលនេះ​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា​ សហ​រដ្ឋ​អាមេរិក​ ក៏​នឹង​មិន​អាច​ធ្វើ​ការ​ស្តី​បន្ទោស​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យនោះ​ដែរ។​
«ដូច្នេះ​គ្មាន​អ្វី​ ដែល​ក្នុង​ការ​លើកឡើង​ អាមេរិក​មក​ស្តី​ឲ្យ​ ឬ​មក​ណែនាំ​ខ្មែរ​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យ​ភាព​ ហើយ​អាមេរិក​គ្រាន់​តែ​ជា​ ដៃ​គូ​សន្ទនា​តែប៉ុណ្ណោះ​ អត់​មែន​អាណានិគម​លើ​កម្ពុជា​ ឬ​មាន​ឥទ្ធិពល​ណា​មក​ជះ​លើ​កម្ពុជា​ទេ​ បាទ»។
ជំនួប​នៅ​ក្នុង​ទីក្រុង​ម៉ានីល​កើត​មាន​ឡើង​មួយឆ្នាំ​ ​ក្រោ​យពី​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ «មាន​ទស្សនៈ​វិស័យ​ឱ្យ​មាន​ទីផ្សារ​តែ​មួយ ​និង​ផ្អែក​លើ​ផលិត​កម្ម… ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ស្មើៗ​គ្នា​ និង​ធ្វើ​សមាហរហ​កម្ម​ចូលក្នុង​សេដ្ឋកិច្ច​ពិភព​លោក ​ដោយ​មាន​ច្បាប់​វិនិយោគ​និង​ពាណិជ្ជ​កម្ម​ស៊ី​សង្វាក់​គ្នា ​ហើយ​អាស៊ាន​ជា​អង្គការ​មួយ​ផ្អែក​លើ​ច្បាប់​ និង​ពង្រឹង​ខ្លួន​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ ដែល​មាន​លក្ខណៈ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ»។​ ​នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​គេហ​ទំព័រ​ផ្លូវការ​របស់​សមាគម​អាស៊ាន។​
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នឹង​ចូល​រូមកិច្ច​ប្រជុំ​ ​និង​ចូលរួម​សកម្មភាព​នានា​ រួមមាន កិច្ច​ប្រជុំ​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​បី​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ ជំនួប​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​បូក​បី​ ​ជំនួបក្រុម​ប្រឹក្សា​ពាណិជ្ជ​កម្ម​អាស៊ី​បូព៌ា​ កិច្ច​ប្រជុំ​កំពូល​មេគង្គ​ ជប៉ុន​លើក​ទី​៩​ ជាដើម។​
លោក​ ​ហ៊ុន សែន ក៏គ្រោង​នឹង​ជួប​ពិភាក្សា​ទេ្វភាគី​ផង​ដែរ​ជាមួយ​លោក​លី ខឺឈាង​ ​(Li Keqiang) ​នាយក​រដ្ឋមន្ត្រី​ចិន​ ​លោក​ ​ម៉ាលខុម​ ថើន​បុល​ (Malcolm Turnbull) ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ​លោក​ ណារិន​ដ្រា​ មូឌី​ (Narendra Modi) ​នាយក​រដ្ឋមន្ត្រីឥណ្ឌា លោក​ឌីមីទ្រី​ ម៉េដវ៉េដេវ (Dmitry Medvedeve)​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោកអាន់​តូញ៉ូ ហ្គុយតេរេស​ (Antonio Guterres) ​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ និង​ថ្នាក់​ដឹកនាំ​គណៈ​ប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត។​ តាម​ការ​អញ្ជើញ​របស់​អ្នកស្រី​ គោ្លរីយ៉ា​ ម៉ាកាប៉ាហ្កាល​ អារ៉ូយ៉ូ​ (Gloria Macapagal-Arroyo) ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​ទៅ​ទស្សនា​តំបន់​កំពង់​ផែ​រួចពន្ធ ក្នុង​ទីក្រុង​ក្លាក​ ខេត្ត​ប៉ាំប៉ាង​ហ្គា​ ប្រទេស​ហ្វីលីពីន​ ​ដើម្បី​ពីនិត្យ​មើល​របៀប​គ្រប់​គ្រង​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​តំបន់​នេះ៕

អ្នក​ជំនាញ​ថា​បក្ស​កាន់​អំណាច​​ភិតភ័យ​ខ្លាច​ចាញ់​ឆ្នោត​ទើប​កែ​ច្បាប់​និង​ចោទ​បក្ស​ប្រឆាំង


កំណត់​និពន្ធ៖ ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​តឹងតែងឡើង​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏ធំ​តែមួយ​គត់​អាច​នឹង​ត្រូវ​រំលាយ​ហើយ​អាសនៈ​សភា​ជាតិ​និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់របស់​គណបក្ស​នេះ​នឹង​ត្រូវ​បែងចែក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ លោក​ស្រី​អេលីហ្សាបែត ប៊ែកឃឺ​អ្នក​សារព័ត៌មាន​និង​ជាអ្នក​និពន្ធ​យល់​ថា​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បោះបង់ចោល​លទ្ធិប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​បាន​ខិតខំ​នាំមក​ឱ្យ​កម្ពុជា​កាលពី​២៦ឆ្នាំ​មុន​ដូច្នេះ​សហគមន៍​អន្តរជាតិ​ត្រូវតែ​បញ្ចេញ​មតិ​ជា​បន្ទាន់​ថា​ពួកគេ​មិន​យល់​ស្រប​នឹង​ទង្វើ​នេះ​ទេ។ 

VOA៖ ប្រទេស​កម្ពុជា​បាន​ធ្វើវិសោធនកម្មច្បាប់​ ដែល​នឹង​ធ្វើ​ការបែង​ចែកឡើងវិញនូវអាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ។ តើលោកស្រីយល់ថា ​ប្រទេសកម្ពុជា​កំពុងតែ​ធ្វើ​ដំណើរទៅទិសណាដែរ?
អេលីហ្សាបែត ប៊ែកឃឺ៖ វាមិនមែនជាការបែងចែកអាសនៈឡើងវិញទេ​។ វាគឺជាការលួច​យក​អាសនៈ។ នេះគឺជា​អាសនៈដែល​គណបក្ស​សង្គ្រោះជាតិ​បានឈ្នះដោយ​ត្រឹមត្រូវ​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ហើយ​ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ភ័យខ្លាច​ចាញ់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ពួកគេ​បាន​បង្កើត​នូវ​ច្បាប់​ទុច្ចរិត​ទាំងនេះ​ដើម្បី​កម្ចាត់​គណបក្សប្រឆាំង។ ហើយតើ​ប្រទេសកម្ពុជាធ្វើ​ដំណើរឆ្ពោះទៅណានោះ ចម្លើយគឺ​កម្ពុជា​កំពុងតែ​ធ្វើ​ដំណើរឆ្ពោះទៅ​ការគ្រប់គ្រង​ដោយ​ឯកបក្ស។
VOA៖ ដូច្នេះតើ​ក្នុងពេល​នេះ​គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​យ៉ាងណាទៀត? តើ​ត្រូវ​រង់ចាំ​ឱ្យ​គេ​មក​រឹបអូស​យក​អាសនៈ​ឬ​យ៉ាងណា?
អេលីហ្សាបែត ប៊ែកឃឺ៖ ខ្ញុំ​គិត​ថា​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​តាម​អ្វីដែល​ពួកគេ​អាច​ធ្វើ​បាន។ ក្នុងនោះ​គឺ​ការនិយាយ​ដោយ​ចំហរ​ពីអ្វី​ដែល​រដ្ឋាភិបាល​កំពុងតែ​ធ្វើ។ ពួកគេ​មិននៅស្ងៀមទេ​ហើយ​ពួកគេ​មិនអាច​នៅស្ងៀមទេ។ ពួកគេ​បាន​បញ្ចេញ​សំឡេង​យ៉ាង​ខ្លាំង​តាម​តែ​ពួកគេ​អាច​ធ្វើ​បាននោះគឺ​ការស្រែកថា​«លោកហ៊ុនសែនកំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ‍»។​ ពួកគេ​បាន​អំពាវនាវ​ដល់​សហគមន៍​ជាតិ​និង​អន្តរជាតិ​ឱ្យ​ដឹងពីបញ្ហា​នេះ​និង​ស្នើសុំ​ឱ្យ​គេ​ជួយ។
VOA៖ នៅក្នុង​ប្រទេស​ពួកគេ​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ដូចក្នុងពេល​អតីតដែល​បើសិន​ជា​ព្រឹត្តិការណ៍ដូចនេះ​កើត​ឡើង​គឺ​ពួកគេ​ប្រាកដ​ជា​ចេញ​មក​តវ៉ា​យ៉ាង​ច្រើន​នៅ​តាម​ដង​វិថី។ ប៉ុន្តែ​ពេល​នេះ​សូម្បី​តែ​អ្នក​តំណាងរាស្រ្ត​ខ្លះ​របស់​ពួកគេ​ក៏បាន​រត់​ចេញមកដែរ​ដើម្បី​ស្វែងរក​ការគាំទ្រ​នៅក្រៅប្រទេស។
អេលីហ្សាបែត ប៊ែកឃឺ៖ នេះ​គឺ​ជា​ការ​ធ្វើ​ប្រកប​ដោយ​ហេតុផលល្អ​ពីព្រោះ​នៅពេល​ឥឡូវនេះ​លោក​ហ៊ុនសែន​គ្រប់​គ្រង​ប៉ូលិស​ទាហាន​ទាំងស្រុង ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មកនេះ​លោក​បាន​បង្ហាញ​អំណាច​របស់​លោក​ថា​លោក​នឹង​ចាប់​អ្នក​ប្រឆាំង​ណា​ដាក់​ពន្ធនាគារ​ក៏បានដែរ​ដែលនេះ​ជាការ​បំភ័យពួកគេ​ឱ្យ​រត់​ចាកចេញពីប្រទេស។ កាលពីឆ្នាំ​មុន​យើង​ឃើញលោកកែមឡីត្រូវ​គេ​ធ្វើឃាត​ហើយនៅឆ្នាំនេះ​លោក​កឹមសុខា​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ។ សវនាការរបស់គាត់​ត្រូវធ្វើ​នៅទីក្រុង​ភ្នំពេញ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​មនុស្ស​ចូលមក​រាជធានីផងកុំថាឡើយ​មក​ធ្វើបាតុកម្ម។ ពួកគេ​បាន​បិទ​ផ្លូវ​ចូលក្នុង​រាជធានី។ ពួកគេ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​។ នេះគឺជា​ឥរិយាបទ​នៃ​រដ្ឋាភិបាល​មួយដែល​កំពុង​ភ័យខ្លាច​ដែល​មិន​គ្រាន់តែ​ទាញប្រទេស​ទៅរក​ការគ្រប់គ្រង​ដោយឯកបក្ស​ទេ​ប៉ុន្តែ​គឺជា​រដ្ឋ​ដែល​គ្រប់​គ្រង​ដោយ​កម្លាំង​ប៉ូលិស។ ស្ថិតក្នុងស្ថានភាព​ដូចនេះ​បើសិនជា​អ្នកជាបក្សប្រឆាំង​គឺ​អ្នក​ពិត​ជា​មិនត្រូវ​លះបង់​អ្វីដែលមានក្រោមដៃ​ប៉ូលិស​ដែល​មាន​កាំភ្លើង​ទេ។ ខ្ញុំ​មិនមែន​ជាអ្នក​នយោបាយ​ទេ​ហើយ​ក៏​មិន​ដឹង​ថា​ពួកគេ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណាដែរ​ប៉ុន្តែ​ខ្ញុំ​ស្ងើចសរសើរ​នឹង​អ្វីដែល​ពួកគេ​បាន​ធ្វើ​និង​ស្មារតី​ក្លាហាន​របស់​ពួកគេខ្លាំង​ណាស់។ ខ្ញុំ​ក៏ដឹង​ដែរ​ថា​នេះ​គឺជា​សតវត្សរ៍ទី​២១​ហើយ​ដូច្នេះ​មាន​វិធីច្រើន​ណាស់​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​អ្នក​ដោយ​មិន​ចាំ​បាច់​ទៅប្រឈមផ្ទាល់នឹង​ប៉ូលិស​ទេ។ ខ្ញុំ​មើល​ក្រាហ្វិកដែល​គេបាន​បង្ហាញ​គឺ​ឃើញ​ប្រជាប្រិយ៍ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះ​អស់​ពាក់​កណ្តាល​ រីឯប្រជាប្រិយ៍ភាព​របស់​គណបក្ស​ប្រឆាំង​វិញ​បាន​ឡើង​មក​ទន្ទឹមគ្នា​ជាមួយ​នឹង​បក្សកាន់​អំណាច។ ប្រជាប្រិយ៍ភាពនេះនឹង​មិន​បាត់​បង់​នៅក្នុង​រយៈពេល​ពីរបីសប្តាហ៍ទេ។
VOA៖ នៅក្នុងពេលនេះ​យើង​ក៏ឃើញ​មាន​គណបក្ស​ថ្មីមួយ​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ។ តើ​លោកស្រី​យល់យ៉ាងណាដែរពី​ការដាក់​ពាក្យ​ប្តឹង​នេះ?
អេលីហ្សាបែត ប៊ែកឃឺ៖ ​ហ៊្វុនស៊ីនប៉ិច​មិនមែនជា​គណបក្ស​ឈរ​ដោយ​ខ្លួន​ឯង​ទេ។ វាគ្រាន់តែ​ជា​រូប​ភាព​ដ៏​ស្រពោនរបស់​ព្រះអង្គម្ចាស់​រណឫទ្ធិតែ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​អ្វីដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ភ្ញាក់ផ្អើលគឺ​គណបក្ស​ប្រឆាំង​អាច​រួមគ្នាបាន ហើយ​នៅ តែ​រួមគ្នា​រហូត​មកដល់ពេលនេះ។ ចំពោះយោបល់ថា​គេ​ជ្រើសរើស​យក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គឺ​មិន​មែន​ជាការពិត​ទេ​ ព្រោះ​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​គ្រាន់តែ​ជា​តួអង្គ​ដ៏កំសត់មួយប៉ុណ្ណោះ​។ ព្រះអង្គ​មិន​អាច​តំណាង​ឱ្យ​គណបក្ស​នយោបាយ​បានទេ។ វរជន​មួយ​ដួង​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គឺ​អ្នកស្រី​មូរ សុខហួរគឺ​មិន​ដាច់​ខាត​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ បើ​សិន​ជា​លោក​ស្តាប់​វោហាសាស្រ្ត​របស់​ពួក​គេ(គណបក្ស​ប្រជាជន​កម្ពុជា)ហើយ​យក​មក​វិភាគ​បាន​បានដឹង​ថា​ពួកគេ​ប្រឌិតពាក្យ​កុហក​ច្រើនណាស់។ បន្ទាប់​មក​លោក​ត្រូវ​មើល​ថា​តើ​សាច់រឿងរបស់​ពួកគេ​នឹង​ផ្លាស់​ប្តូរ​ទៅជា​យ៉ាង​ណាទៀត។ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញថា​រដ្ឋាភិបាល​លោក​ហ៊ុនសែន​មានការភិតភ័យសម្បើមណាស់។
VOA៖ អង្គការ​សិទ្ធិមនុស្ស​ខ្លះ​បាន​អំពាវ​នាវ​ឱ្យ​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​នោះ មាន​លើ​លោក​ហ៊ុនសែន​ផងដែរដោយ​រួមមានទាំង​ការ​ហាមឃាត់​ការធ្វើ​ដំណើរ។ តើ​លោកស្រី​គិត​ថា​សហគមន៍​អន្តរជាតិ​នឹងព្រមធ្វើ​ដូច្នេះ​ទេ?
អេលីហ្សាបែត​ ប៊ែកឃឺ៖ ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុងការ​និយាយ​ថា​តើ​វិធាន​ការអ្វី ត្រូវ​យក​មក​ដាក់​និង​មិនគួរ​ដាក់​។ ការដាក់​បំរាមលើ​មន្ត្រីជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មិន​មែន​ជា​រឿង​ដែល​មិន​ធម្មតាទេ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​គេ​អាច​ដាក់ដល់​លោក​ហ៊ុនសែន​ឬ​យ៉ាង​ណា​ទេ។ សហគមន៍​អន្តរជាតិ​មាន​វិធីច្រើន​ក្នុងការ​បង្ហាញ​ការ​មិនពេញ​ចិត្ត​របស់​ពួកគេ​។ អ្វីដែល​សមស្រប​បំផុត​ដែល​ត្រូវតែ និយាយ​គឺ​ថា​សូមបញ្ចប់ភាពតានតឹងត្រឹមនេះ។ យើង​ដឹង​ថា​អ្វីដែល​កើតឡើង​គឺ​ខុស​ហើយ។ យើង​ដឹង​ពី​សាច់​រឿងពិត​អស់​ហើយ។ ពួកគេ​ត្រូវ​និយាយ​ថា​ពួកយើង​ដែល​ជា​សហគមន៍​អន្តរជាតិ​បាន​ឧបត្ថម្ភលុយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ស្តារប្រទេ​ស​កម្ពុជាចេញ​ពី​ការលំបាក​បន្សល់ដោយរបប​ខ្មែរ​ក្រហមហើយ​ប្រែក្លាយជាប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យហើយ​លោកហ៊ុនសែន​កំពុងតែ​គ្រវាត់វាចោល។ សហគមន៍​អន្តរជាតិ​ត្រូវតែ​និយាយ​ថា​«ទេ‍»​យើង​មិន​យល់​ស្រប​ឱ្យលោក​គ្រវាត់​វាចោលទេ។ ពួកគេ​ជាអ្នក​មាន​ឥទ្ធិពល​ក្នុង​ការ​និយាយ​ដូចនេះ។ ប៉ុន្តែ​បើសិនជាសម្រាប់​កម្រិត​ផ្ទាល់ខ្លួន​វិញ​គឺ​អ្នក​អាច​និយាយ​បានថា​ខ្ញុំ​នឹង​មិន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ​ឆ្នាំ​នេះ។​ យើង​អាច​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមសហជីព​ហើយ​និយាយ​ទៅកាន់​សហជីព​អន្តរជាតិ​ថា​អ្នក​គាំទ្រ​រោងចក្រ​កាត់​ដេរ​ទាំងនោះនៅក្នុង​ប្រទេសកម្ពុជាដូច្នេះ​យើង​អាច​ចាប់​ផ្តើម​ស្វែងរក​វិធីដើម្បី​ប្រាប់​ដល់​ក្រុម​ពាណិជ្ជករ​និង​ទេសចរណ៍​ថា​មាន​វិធី​ដែល​យើង​អាច​និយាយ​បដិសេធ​បាន។ តើ​ការ​ធ្វើ​ដូច្នេះ​មាន​ប្រសិទ្ធភាព​ទេ ​គឺ​ខ្ញុំ​អត់​ដឹង​ទេ​។
VOA៖ អ្វីដែល​កំពុង​ប្រឈមមុខ​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ តើ​ពេលណាដែល​សហគមន៍អន្តរជាតិ​ត្រូវ​ចេញ​ជំហរ​មួយ​បញ្ជាក់​ថា​បើ​សិន​ជា​រដ្ឋាភិបាល​មិនប្រែត្រឡប់​សភាព​ការណ៍​មក​ដូច​ដើមវិញ​ទេ​គឺ​យើង​មិន​ទទួល​ស្គាល់ការបោះឆ្នោតទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ ពួកគេ​ត្រូវ​តែ​ធ្វើ​ភ្លាមៗនេះ​តែម្តង។ គ្មានអ្វីដែល​សង្ស័យ​ទៀតទេ។ អ្វីដែល​លោក​ហ៊ុនសែន​កំពុង​ធ្វើ​នេះ​គឺ​បោះបង់​ចោលលទ្ធិ​ប្រជាធិបតេយ្យ​ហើយ​ពួកយើង​នឹង​មិន​ទទួលស្គាល់​ការបោះឆ្នោត​របស់លោក​ដែល​បន្លំ​ភ្នែក​បានទេ។ ​
VOA៖ ផ្អែកលើការតាមដាន​លើ​សកម្មភាព​លោកហ៊ុនសែន​តើ​លោក​ស្រី​យល់​ថា​លោក​ហ៊ុនសែន​នឹង​ស្តាប់តាម​បង្គាប់​សហគមន៍​អន្តរជាតិ​ដូច​ដែល​គាត់​ធ្លាប់​ធ្វើកាលពី​២០ ឬ​១៥​ឆ្នាំ​មុន​ទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ គាត់ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​ទៅឱ្យ​ឆ្ងាយ។ ដោយសារតែ​សហរដ្ឋ​អាមេរិក​នៅស្ងាត់ស្ងៀម ដោយសារតែ​គាត់​អាងលើប្រទេស​ចិន​គឺ​គាត់​បង្ហាញ​ថា​គាត់​មិន​ចាំបាច់​ព្រួយបារម្ភ​អ្វីពីបញ្ហានេះទេ។ ខ្ញុំ​មិន​អាច​ស្មាន​ថា​លោក​ហ៊ុនសែន​នឹង​ធ្វើ​អ្វីទេ​គឺយើង​ត្រូវ​តែ​រង់ចាំ​មើលសិន។ សម្ពាធអន្តរជាតិ គឺ​ជា​សម្ពាធ​អន្តរជាតិ​យើង​ត្រូវ​ចាំ​មើល​ថា​តើ​វា​មាន​ប្រសិទ្ធភាព​យ៉ាងណាប៉ុន្តែ​សម្ពាធនេះ​ត្រូវតែដាក់​ភ្លាមៗ។ សូមចងចាំ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​នឹង​មិនភ្លេច​ទេ​គឺ​ថា​ការបោះឆ្នោត​លើកទីមួយ​គឺ​លោក​ហ៊ុនសែន​មិនមែន​ជាអ្នក​ឈ្នះទេ។ ព្រះអង្គម្ចាស់​រណឫទ្ធិគឺជាអ្នកឈ្នះការបោះឆ្នោត​នោះ​ហើយ​គឺ​អង្គការ​សហប្រជាជាតិ​ដែល​ព្រមចុះចាញ់​តាម​សម្លុត​និង​បាន​បង្កើត​តំណែង​សហនាយករដ្ឋ​មន្ត្រី​ឱ្យ​លោក​ហ៊ុនសែន​។ កំហុស​ជាមូលដ្ឋាន​នោះ​គឺ​បាន​នាំ​ឱ្យ​យើង​ឃើញ​ពីផ្លែផ្កា​ហើយព្រោះ​លោក​ហ៊ុនសែន​បាន​យក​ឱកាស​នោះ ពង្រឹង​ខ្លួន​ដណ្តើមអំណាច​ពីព្រះអង្គម្ចាស់​រណឫទ្ធិនៅក្នុង​រដ្ឋ​ប្រហារមួយ។ល។​និង។ល។​ ដូច្នេះ​យ៉ាងហោចណាស់​សហគមន៍​អន្តរជាតិត្រូវ​និយាយ​ថា​សុំទោស​យើង​មិន​យល់ស្រប​នឹង​អ្វីដែល​លោក​កំពុង​ធ្វើ​នេះ​ទេ​ហើយ​យើង​នឹង​ប្រើ​ប្រាស់​សម្ពាធ​ដើម្បី បញ្ឈប់វា។ យើង​នឹង​មិន​ទទួលស្គាល់​ការបោះឆ្នោត​ឆ្នាំ​២០១៨ទេ​បើ​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដោយពិតប្រាកដ​មួយ។
VOA៖ តើ​លោក​ពេញ​ចិត្ត​នឹង​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការតានតឹង​នយោបាយ​នេះ​ទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ អត់​ទេ។ យើង​ស្ទើរតែ​មិន​ឬសំឡេង​អ្វី​ទាំងអស់។ អត់ទេ អត់ទេ។ លោក​ឯកអគ្គរដ្ឋទូត​គឺជា​មនុស្ស​ល្អ​ប៉ុន្តែ​គាត់​មានតែ​ម្នាក់​ឯង។ យើងមិន​មាន​សំឡេង​អ្វីចេញ​ពី​ក្រុង​វ៉ាស៊ីនតោនទេ​បើទោះបីជា​មាន​ការ​ចេញ​សេចក្តី​ថ្លែងការណ៍ពីរបី​ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​គឺ​ហាក់ដូច​ជា​គ្មាន​អ្វី​សោះឡើយ​។ ចំណុចល្អ​គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចេញ​សំឡេង​រួមគ្នា​ឱ្យ​ខ្លាំង​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ពីព្រោះនោះគឺជា​សំឡេង​អំណាច​ដ៏ធំ​ទាំងពីរ​ហើយ​ចេញ​សេចក្តីថ្លែងការណ៍​រួម។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​មិន​បាន​ធ្វើ​គ្រប់​គ្រាន់ទេ។
VOA៖ សូមអរគុណលោកស្រី អេលីហ្សាបែត ប៊ែកឃឺ​ដែល​បាន​ផ្តល់បទសម្ភាស​ដល់ ​VOA។​

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អំពាវនាវ​កុំ​ឲ្យ​មន្ត្រី​បក្ស​ជឿ​តាម​ការ​ឃោសនា​អកុសល

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៤០​នាក់ ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មន្ត្រី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ក្បត់​ឧត្ដម​គតិ និង​កុំ​តាម​ឃោសនា​អកុសល​របស់​គណបក្ស​នយោបាយ​ផ្សេង​ដែល​កំពុង​ប៉ុនប៉ង​អូសទាញ​ពួកគាត់​ឲ្យ​ចុះ​ចូល​ទៅ​បក្ស​ផ្សេង​នោះ។ ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​មិន​មក​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ទេ នាំ​គ្នា​ចុះ​នរក​ក៏​ចុះ​ទៅ!
​សេចក្ដី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤៣​រូប ក្នុង​ចំណោម ៥៥​រូប នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ខ្ជាប់​ជានិច្ច​នូវ​ឧត្ដម​គតិ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​ក្បត់​ឆន្ទៈ​ប្រជារាស្ត្រ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​នោះ​ទេ។ សេចក្ដី​ថ្លែងការណ៍​ដែល​គាំទ្រ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​ច្រើន​លើសលប់​នេះ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ និង​សមាជិក សមាជិកា ព្រម​ទាំង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស បន្ត​រក្សា​ជំហរ​របស់​ខ្លួន គឺ​ម្នាក់ៗ​ត្រូវ​ស្មោះត្រង់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កុំ​តាម​ការ​អំពាវនាវ អូសទាញ ដែល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​ហៅ​ថា ជា​ឃោសនា​អកុសល​របស់​គណបក្ស​ផ្សេង ដែល​ចង់​អូសទាញ​សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក និង ខណ្ឌ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ចេញ​សារ​អំពាវ​ម្ដង​ហើយ​ម្ដង​ទៀត និង​ពេល​ខ្លះ​លាយឡំ​នឹង​ការ​គំរាម​ផង ដើម្បី​អន្ទង​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា អះអាង​ថា នេះ​ជា​ការ​ផ្ដល់​ឱកាស​ប៉ុណ្ណោះ មិន​មែន​ជា​ការ​អូស​ទាញ​នោះ​ទេ៖ «មាន​អ្នក​ខ្លះ​គេ​ចោទ​សួរ​ថា ចុះ​បើ​គង់តែ​រម្លាយ​ដដែល ម៉េច​បាន​ជា​ហៅ​គេ? អ្ហា៎ក! ដោយសារ​តែ​ត្រូវ​រម្លាយ​ហ្នឹង​ហើយ​បាន​គេ​ហៅ! កុំ​ឆ្កួត​ពេក! អា​អ្នក​ទៅ​ភូត​ហ្នឹង​ទៅ​ភូត​វា​មិន​សម! គេ​ឲ្យ​ខ្លួន​មាន​ឱកាស​ហើយ គេ​ដាក់​ជណ្ដើរ​ឲ្យ​ខ្លួន​ឡើង​ហើយ ខ្លួន​មិន​ឡើង​ទេ ចុះ​នរក​ក៏​ចុះ​ទៅ! មិន​មក​ទេ មុខ​ដូច​ម៉ែ​អញ​?»
​ទោះ​ជា​មាន​ការ​គំរាម​ផង សម្លុត​ផង និង​អូសទាញ​យ៉ាង​រន្ថាន់​ផង ពី​លោក ហ៊ុន សែន ក៏​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា ពួកគាត់​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឆ្នោត​ស្របតាម​ឆន្ទៈ​ប្រជារាស្ត្រ និង​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ដរាបណា​ពួកគាត់​នៅ​តែ​រក្សា​ជំហរ​រឹងមាំ ស្ថានការណ៍​នយោបាយ​នឹង​ធូរស្រាល​ឡើង​វិញ។
តំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ សង្ឃឹម​លើ​ការ​ឈឺ​ឆ្អាល​ក្នុង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ពី​សំណាក់​អន្តរជាតិ ដោយ​បញ្ជាក់​ថា បន្ទាប់ពី​មាន​អន្តរាគមន៍​ដ៏​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ នឹង​ធ្វើ​ឲ្យ​ការ​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត និង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ សម្រេច​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន៕

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​៤៣​រូប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ពុធ​នេះ ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស បើ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រងការ​ គម្រាមជា​រៀងរាល់​ថ្ងៃ ថា​នឹងត្រូវ​​រំលាយ​ចោល​ក៏​ដោយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ប្រធាន​បក្ស ព្រម​ទាំង​អ្នក​នយោបាយ​ដទៃ​ទៀត​ផង​ដែរ​។
សេចក្ដី​ថ្លែងការណ៍​កម្រាស់​៤​ទំព័រ​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​នូវ​ឧត្តម​គតិ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ។ ប្ដេជ្ញា​រក្សា​ការពារ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​បក្ស អម​ដោយ​អនុ​ប្រធាន​៣​រូប គឺ​លោក ប៉ុល ហំម, លោក​ស្រី មួរ សុខហួរ, និង​លោក អេង ឆៃអ៊ាង ខណៈ​លោក សុន ឆ័យ នៅ​តែ​រក្សា​តំណែង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល​។
ក្រៅ​ពី​នោះ ក៏​មាន​ផង​ដែរ ការ​​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​បញ្ឈប់​ការ​គំរាម​កំហែង​បំភិត​បំភ័យលើ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​និង​សកម្មជន​ដីធ្លី បរិស្ថាន​ដទៃ​ទៀត​។ លើស​ពីនេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​ក៏​ទាមទារ ​ឲ្យ​រដ្ឋ​អំណាច​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​ប្រជារាស្ត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​ជាតិ​និង​អន្ដរជាតិ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​។ អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បញ្ជាក់​ពី​ជំហរ​របស់​ខ្លួនទៀត​ថា សង្គ្រោះ​ជាតិ​នៅ​តែ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល តំណាង​រាស្ត្រ​៤៣​រូប​របស់​បក្ស​ប្រឆាំង​រួម​មាន​ទាំង​លោក ម៉ៅ មុនីវណ្ណ ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​ក្បត់​បក្ស​ផង បានបន្ត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​​និង​សមាជិក​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស រក្សា​ជំហរ​របស់​ខ្លួន។ ពោល​គឺ​ បក្ស​ប្រឆាំង ចង់​ឲ្យ​ម្នាក់​ៗ​ត្រូវ​ស្មោះ​ត្រង់ កុំ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ផ្សេង ឲ្យ​ក្បត់​ឧត្តម​គតិ និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​បោះ​ឆ្នោតឲ្យ​។
សម្រាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដរាប​ណា​សមាជិក​បក្ស​ទាំង​អស់​នៅ​តែ​រក្សា​ជំហរ​រឹង​មាំ នោះ​ស្ថានការណ៍​នយោបាយ​នឹង​ធូរ​ស្រាល​ឡើង​វិញ បន្ទាប់​ពីមាន​អន្តរាគមន៍​ដ៏​ខ្លាំងក្លា​ពី​សហគមន៍​អន្ដរជាតិ។ ការ​អន្តរាគមន៍​ពី​សហគមន៍​អន្ដរជាតិ ដែល​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​ការ​ទាមទារ​ទាំង​អម្បាលម៉ាន​របស់​ខ្លួន បាន​សម្រេច​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ

អ្នក​សេដ្ឋកិច្ច​និង​សហជីព​បារម្ភ​ថា​វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព​លើក​ឡើង​ថា ការ​នាំ​ចេញ​វិស័យ​សំលៀកបំពាក់ និង​ស្បែកជើង​មាន​ចំនួន​កើន​ឡើង ឬ​ធ្លាក់​ចុះ​នោះ អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ល្អ ឬ​អាក្រក់​នៅ​កម្ពុជា។ ក្រុម​សហជីព​លើក​ឡើង​ថា នៅ​រៀងរាល់​ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​មិន​ល្អ​នោះ ទំហំ​នៃ​ការ​នាំ​ចេញ​ក៏​ធ្លាក់​ចុះ​ដែរ។
អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​តំណាង​សហជីព​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែក​ជើង​នេះ ស្រប​ពេល​ការ​នាំ​ចេញ​នៅ​ដើម​ឆ្នាំ​២០១៧ មាន​ចំនួន​កើន​ឡើង​តិច​តូច​នៅ​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បាន​ចេញ​របាយការណ៍​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៧ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង ៣.៧០០​លាន​ដុល្លារ (៣.៧៣០,៣)។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៥ មាន​ចំនួន ៦.៨០០​លាន​ដុល្លារ ឆ្នាំ​២០១៦ មាន ៧.៣០០​លាន និង​សម្រាប់​ឆ្នាំ​២០១៧ ការ​ព្យាករ​ចន្លោះ​ពី ៧.៨០០​លាន ទៅ ៨.០០០​លាន​ដុល្លារ​អាមេរិក។
សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នៅ​មាន​កំណើន​តិចតួច​នេះ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​ដើម​ឆ្នាំ​២០១៧ មិន​ទាន់​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ឡើយ។ បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​រយៈពេល ៦​ខែ​ចុង​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​នៅតែ​បន្ត​កើន​ឡើង ឬ​ថយ​ចុះ​នោះ​ឡើយ៖ «»។
ប្រតិភូ​សហភាព​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្រមាន​ថា កម្ពុជា​នឹង​អាច​ប្រឈម​ពី​ការ​កាត់​ជំនួយ និង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង។
ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កាណាដា។ ទីផ្សារ​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ គឺ​ទីផ្សារ​សហភាព​អឺរ៉ុប និង​បន្ទាប់​មក​សហរដ្ឋអាមេរិក ដែល​ប្រភេទ​ទំនិញ​ខ្លះ អាមេរិក​អនុគ្រោះ​ពន្ធ និង​យកពន្ធ​តិច​តូច​ជា​ទី​ផុត។
​អ្នក​ជំនាញ​ខាង​កសិកម្ម និង​សេដ្ឋកិច្ច និង​ជា​អតីត​ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ ធ្លាប់​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​ខ្លាំង​បាន​ទេ លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​កសិកម្ម​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​វិស័យ​វាយនភណ្ឌ និង​វិស័យ​កសិកម្ម ដែល​កសិផល​គ្មាន​ទីផ្សារ និង​តម្លៃ​ថោក​ជាដើម។
នៅ​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់បីដូចជា​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ ដោយ​លោក​រៀបចំ​ជួប​ជុំ​កម្មករ​រាប់​ម៉ឺន​នាក់​​ជា​រៀងរាល់​សប្ដាហ៍។ ទន្ទឹម​នឹង​នេះ និយោជក និង​រដ្ឋាភិបាល​សន្យា​ផ្ដល់​ជូន​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន ១៧០​ដុល្លារ​ក្នុង​១​ខែ ចាប់​ពី​ឆ្នាំ​២០១៨ ទៅ។
តំណាង​សហជីព​លើក​ឡើង​ថា ថ្វី​បើ​វិស័យ​វាយនភណ្ឌ​មាន​ឥទ្ធិពល និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្ដី ប៉ុន្តែ​វិស័យ​នេះ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ រួម​មាន​កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​វត្ថុ​ធាតុ​ដើម គឺ​នាំ​ចូល​ពី​ក្រៅ​ប្រទេស ហើយ​គ្រាន់តែ​ជា​កន្លែង​កាត់ និង​ដេរ ដែល​ប្រាក់​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​ត្រូវ​ចំណាយ​លើ​វត្ថុធាតុដើម​ជាង ៦០%។ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង​ថ្លៃ សេវាកម្ម ការ​គោរព​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង និង​បង្ក​ហានិភ័យ​ដល់​​អ្នក​វិនិយោគ និង​សង្គម​កម្ពុជា ទាំង​មូល៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...