Saturday, November 4, 2017

ពលរដ្ឋ​ខ្មែរ​ប្រមាណ​២​លាន​នាក់​ខុស ឈ្មោះ​និង​អាយុ នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​២​លាន​នាក់​ត្រូវ​គេ​រក​ឃើញ​ថា ខុស​ឈ្មោះ​និង​អាយុ នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន នៅ​ទូ​ទាំង​ប្រទេស។ ការ​រក​ឃើញ​ថា​មាន​ខុស​ឈ្មោះ និង​អាយុ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ និង​ការ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រា​នុកូលដ្ឋាន។
នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​មហា​ផ្ទៃ​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៣៥​ភាគ​រយ ពោលគឺ​ប្រហែល​២​លាន​នាក់​ បាន​ខុស​ឈ្មោះ​ និង​អាយុ​ នៅ​ក្នុង​អត្រានុកូលដ្ឋាន​របស់​ពួក​គេ​។​ នេះ​ជា​លទ្ធផល​ដែល​បាន​មក​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ចុះបញ្ជី​អត្រា​នុ​កូល​ដ្ឋាន​ពីឆ្នាំ២០០២-២០០៦​ នឹង​ត្រូវ​កែសម្រួល​វិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដោយ​កំហុស​ដែល​បាន​ធ្វើ​ឲ្យ​ខុស​នោះ​ភាគ​ច្រើន​គឺ​កើត​ចេញពី​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​។
​តាម​រយៈ​ការ​សិក្សា​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​ក្រសួង​មហា​ផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល កំពុង​ជួប​ប្រទះ​បញ្ហា​ខុស​ទិន្នន័យ​ អត្តសញ្ញាណ​របស់​ខ្លួន​នៃ​អត្រានុកូលដ្ឋាន​ប្រភេទ​តែ​មួយ​លើស​ពី​មួយ​ដង​ ជា​ពិសេស​ការ​ចុះបញ្ជី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ចុះ​បញ្ជី​អត្រា​នុ​កូ​ល​ដ្ឋា​ន​ចល័ត​ ដែល​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ ការ​ស្នើរ​សុំ​សេវា​រដ្ឋបាល​ស្មុគស្មាញ​ ដែល​មិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​ សំណូមពរ​របស់​ប្រជាពលរដ្ឋ​។
តាម​លោក​ម៉ៅ ច័ន្ទតារា ទិន្នន័យ​ដែល​ខុស​នោះ​ភាគ​ច្រើន​ គឺ​ឈ្មោះ​ អាយុ​ ភេទ​ ដូច​ជា​អាយុ​ឱពុក​ដាក់​អាយុ​កូន​ ហើយ​ឈ្មោះ​កូន​ បែរជាដាក់​ឈ្មោះ​ឱ​ពុក​ និង​ ភេទ​ប្រុស ​ដាក់​ទៅ​ជា​ភេទ​ស្រី​ជាដើម​។​ តែ​យ៉ាងណា​ក្តី​ លោកបញ្ជាក់ថាកំហុសបច្ចេក​ទេស​ទាំងនេះ​នឹង​ធ្វើការ​កែប្រែ​រួច​ឲ្យ​អស់​ក្នុង ​រយៈពេល​ពីរ​ឆ្នាំ​ ដោយមានការ​អំពាវនាវ​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​គ្រប់ជាន់​ថ្នាក់​ ​ធ្វើការ​ប្រកបដោយការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចៀសវាងការ​ភ​ន្ត​ច្រឡំ​និង​ខុស​ទិន្នន័យ​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ខ្វះ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅ​លើ​សមត្ថកិច្ច។
សូម​បញ្ជាក់​ថា​កន្លង​មក​មន្ត្រី​អត្រា​នុកូលដ្ឋាន​មួយ​ចំនួន រង​ការ​រិះ​គន់​ថា​ បាន​បំពេញ​ការងារ​ចុះ​បញ្ជី​អត្រា​នុកូលដ្ឋាន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណេះ​ដឹង​របស់​មន្ត្រី​នៅ​មាន​កំរិត និង​រួម​ផ្សំ​ផង​ដែរ​នូវ​អំពើ​ពុក​រលួយ៕

Friday, November 3, 2017

សមាជិកសភា​អាមេរិក​ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​អស់​សង្ឃឹម

សមាជិក​សភា​អាមេរិក ផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម ព្រោះ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក កំពុង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។
សមាជិក​សភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​បន្ត​ក្ដី​សង្ឃឹម​នេះ។
ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា លោក ស្ទីវ ឆាបុត បាន​បញ្ជាក់​អំពី​ការ​បន្ត​គិតគូរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ (វីសា) ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ការ​បិទ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។
លោក ស្ទីវ ឆាបុត៖ «ខ្ញុំ​សូម​ផ្តាំ​ថា កុំ​ឲ្យ​បោះបង់​ក្ដី​សង្ឃឹម។ អ្នក​ទាំង​អស់​គ្នា​អាច​នឹង​មាន​អនាគត​ភ្លឺស្វាង​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ និង​រស់​នៅ​តាម​របៀប​ចង់​បាន មិន​មែន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​អ្វីៗ​ទាំង​អស់​នោះ​ទេ។ ប្រជាពលរដ្ឋ​ត្រូវ​មាន​សេរីភាព។ សេរីភាព​នេះ​នឹង​មាន​នៅ​កម្ពុជា។ តែ​អភ័ព្វ​ដែល​នៅ​កម្ពុជា គ្មាន​សេរីភាព​ដូច​សព្វ​ថ្ងៃ​នេះ។ តែ​គង់​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ។ សូម​កុំ​អស់​សង្ឃឹម!»
សារ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ការ​តស៊ូ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​កាត់​ទោស​លោក កឹម សុខា នេះ ត្រូវ​តំណាងរាស្ត្រ​អាមេរិក​មួយ​រូប​ទៀត ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ គឺ​សមាជិក​ព្រឹទ្ធ​សភា​លោក ថេត គ្រូស (Ted Cruz) ព្រមាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា កន្លង​ទៅ​នេះ​ទៀត​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះ​លែង​លោក កឹម សុខា ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ​ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ខាងតែបាន។ សារ​រម្លឹក​អំពី​ការ​ដាក់​ឱសានវាទ​នេះ លោក ថេត គ្រូស ថ្លែង​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Twitter ភ្លាមៗ​ក្រោយ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​លោក​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។
លោក ថេត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពេល​កន្លង​មក​ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបេតយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ផង​ដែរ។
រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធតែជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើ​ភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

បទសម្ភាសន៍៖ “អ្នក​ជួញដូរ​ឈើ​នៅ​កម្ពុជា​គឺ​ជា​ក្រុម​មនុស្ស​ស្និទ្ធ​នឹង​រដ្ឋាភិបាល”

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា អ្នក​រក​ស៊ី​ជួញដូរ​ឈើ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​កម្ពុជា គឺ​ជា​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ក្នុង​នោះ​ក៏​មាន​កូន​ក្មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។
លោក​បញ្ជាក់​ថា លោក​ទទួល​រង​នូវ​ការ​គំរាមកំហែង​ជា​ច្រើន​ពី​ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ ដោយ​គេ​បាន​បញ្ចូល​ឈ្មោះ​របស់​លោក និង​សកម្មជន​ការពារ​បរិស្ថាន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ពួកគេ​ទៀត​ផង។
លោក អ៊ូច ឡេង ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​ជា​លើក​ទី​ពីរ គឺ​ពាន​រង្វាន់ “អ្នក​ផ្លាស់ប្ដូរ​ល្បែង​ជោគ​វាសនា​អាស៊ី”​ នៅ​បុរី​ញូវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា ជីវិត​លោក​មិន​ដឹង​ជា​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ទោះ​បី​ជា​ដូច្នេះ​ក្ដី លោក​មិន​រុញរា​ក្នុង​ការ​ការ​ពារ​ព្រៃឈើ​នោះ​ឡើយ។
សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា អំពី​ការ​ទទួល​ពាន​រង្វាន់​អ្នក​ផ្លាស់ប្ដូរ​ល្បែង​ជោគវាសនា​អាស៊ី នៅ​បុរី​ញូវយ៉ក ដូច​ត​ទៅ៖

បទសម្ភាសន៍ផ្តាច់មុខ៖ សមាជិកសភាអាមេរិកព្រមានលោក ហ៊ុន សែន ឲ្យប្តូរគោលនយោបាយ បើមិនចង់ឃើញទណ្ឌកម្ម


កំណត់និពន្ធ៖ រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ នៅឯអគារសភាអាមេរិក លោក សុខ ខេមរា នៃ VOA បានជួបធ្វើ កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកសមាជិកសភា ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលជាប់ពាក់ពន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុងគិតគូរទាំងនោះមានដូចមានដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ​ Visa ចំពោះមន្ត្រីមួយចំនួន។
លោក ​សុខ ខេមរា៖លោក​ សមាជិកសភា​ សូមអរគុណ​លោកយ៉ាងច្រើន​ដែល បាន​អនុញាតិឲ្យវីអូអេខ្មែរ ​ធ្វើកិច្ចសម្ភាសន៍​ជាមួយ​លោក​នៅថ្ងៃនេះ។​ ដូច លោកបាន​ជ្រាបស្រាប់​ហើយអំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ តើសភា​ស.រ.អា អាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយស្រោចស្រង់​ស្ថានការណ៍​នៅពេលនេះ ​ខណៈ​ដែល​មេដឹក នាំគណបក្ស​ជំទាស់​ស្ថិតនៅ​ក្នុងពន្ធនាគារ ​ហើយ​ការ​បោះឆ្នោត​នឹងប្រព្រឹត្ត​ទៅ យ៉ាងឆាប់​ខាងមុខនេះ។ ​តើអ្វី​ទៅជាការ​ឆ្លើយតប​របស់​លោក?
លោក​ ស្ទីវ ឆាបុត៖ ​ខ្ញុំគិតថា ​វាជារឿង​សំខាន់ណាស់​ដែលសភា​ស.រ.អា.​នៅតែផ្តោតការ​យកចិត្ត​ទុកដាក់​លើស្ថានការណ៍​ដ៏សែន​អភ័ព្វក្នុង​ប្រទេស​កម្ពុជា​ពេលនេះ។ ​ខ្ញុំគឺជា​សហប្រធាន​ម្នាក់នៃ​ក្រុមការងារ​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ដែលយើង​ផ្តោតការ​យកចិត្ត​ទុកដាក់​លើ​ជាពិសេស​នោះ។ ​ខ្ញុំគិតថា អ្វី​ដែលយើងពិត​ជាអាច​ធ្វើបាន​ គឺថា ​យើងត្រូវការ​ធ្វើឲ្យ​ប្រាកដ​ប្រជាថា​ រដ្ឋាភិបាលក្នុងប្រទេស​កម្ពុជា​ដឹងថា​ បញ្ហា​ជាច្រើន​ដែលកំពុង​បន្តកើត​ឡើង​ពេលនេះជារឿង​មិនអាច​ទទួលយក​បានទេ។​ ពលរដ្ឋកម្ពុជា​មានសិទ្ធិ​ក្នុងការ​កំណត់ថា ​តើនរណា​ជាមេដឹកនាំ​របស់ពួកគេ ​តើនរណា​ជាអ្នក​គ្រប់គ្រង​ប្រទេស ​រឿងនេះមិន​ត្រូវឲ្យមនុស្ស​តែម្នាក់ ឬ​បក្ស​តែមួយទេ​ តែពលរដ្ឋ​ត្រូវមាន​សិទ្ធិ​សម្រេច​ការណ៍នេះ ហើយរឿងនេះ​មិនទាន់​កើតមាន​នៅកម្ពុជា​ទេ។
លោក ​សុខ ខេមរា៖​ មន្ត្រីក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាននិយាយ​អំពីការ​បង្កកទ្រព្យសម្បតិ្ត​មន្ត្រីរដ្ឋាភិបាល​មួយចំនួន ​ឬក៏ការ​មិនផ្តល់​ទិដ្ឋការ​ទិដ្ឋាការ (Visa) នៅពេល​ខាងមុខ​ណាមួយ ​តើលោក​នៅក្នុងសភា ​ផ្តួចផ្តើម​គំនិត​នេះទេ ហើយតើ​ស្ថានការណ៍​កម្ពុជា​ឈានដល់​ដំណាក់កាល​នោះហើយ​ឬនៅ?
លោក ​ស្ទីវ ឆាបុត៖​ រឿងទាំងនោះ​ គឺជារឿងរ៉ាវ​ដែលយើង​កំពុង​គិត ហើយ​ជា​រឿងរ៉ាវ​ដែលយើង​និយាយគ្នា ​ដូចជា​រឿងការ​ដាក់ទណ្ឌកម្ម​នានា ដូចជា​ការ​មិនអនុញាតឲ្យមន្ត្រី​កម្ពុជា​ជាន់ខ្ពស់​ធ្វើដំណើរ​មកកាន់​ស.រ.អា. ​ដោយមិន​ផ្តល់ទិដ្ឋការ (Visa)​ ក្នុងការ​ធ្វើដំណើរមក​ ការបង្កក​ទ្រព្យ​សម្បិត្តិ ហើយនឹងរឿង​រ៉ាវផ្សេងៗ​ជាច្រើន​ទៀតដែល​យើងកំពុង​តែគិត។​ យើងសង្ឃឹមថា​ រដ្ឋាភិបាល​កម្ពុជា នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់ខ្លួន ដើម្បីឲ្យ​ទណ្ឌកម្ម​ទាំងនោះ​ក្លាយជារឿង​អសារបង់​ ដូច្នេះពេលវេលា​នឹងបញ្ជាក់​ពីរឿងរ៉ាង​ទាំងនេះ។
លោក​ សុខ ខេមរា៖ ​តើ​នឹងប៉ះពាល់​យ៉ាងណាខ្លះ​ដល់ប្រទេស​កម្ពុជា និងមន្ត្រី​កម្ពុជាបើ​វិធានការជាទណ្ឌកម្ម​ទាំងនោះ​កើតឡើង?
លោក ​ស្ទីវ ឆាបុត៖ ​បាទ ​យើងសង្ឃឹមថា​ លទ្ធភាព​នៃទណ្ឌកម្ម​ នឹងការ​ព្យួរទិដ្ឋាការ​ឬ Visa ​សិទ្ធិធ្វើដំណើរ ​ហើយនឹង​រឿងរ៉ាវ​ដូចនោះ នឹង​ធ្វើឲ្យ​រដ្ឋាភិបាល ជាពិសេស​លោក​ហ៊ុន សែន ​ឲ្យប្រយ័ត្នប្រយែង​ គឺថាទង្វើ​របស់គាត់​ជាច្រើន និងទង្វើរបស់​មន្ត្រីក្រោម​បង្គាប់គាត់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ​គឺជារឿង​មិនអាចទទួល​យកបាន​ជាដាច់ខាត។​
ការរារាំង​ ហើយឈាន​ទៅដល់​ការបិទគណបក្ស​នយោបាយ​មួយចំនួន​ ចាប់មេដឹកនាំ​គណបក្ស​នយោបាយ​ដាក់គុក ការបង្រ្កាប​លើ​សារព័ត៌មាន​ឯករាជ្យ​ ទាំង​វិទ្យអាស៊ីសេរី​ VOA​ ទាំងនោះ​គឺជារឿងដែល​មិនអាច​ទទួលយក​បាន​ទាំងស្រុង​។ ហើយ​ខ្ញុំសង្ឃឹមថា​មេដឹកនាំក្នុងប្រទេស​កម្ពុជានឹង​ប្តូរគោល​នយោបាយ​របស់ខ្លួន​ ដើម្បី​អនុញាតឲ្យ​ពលរដ្ឋមាន​ជម្រើស​ក្នុងការ​សម្រេច​ថា តើប្រទេស​នេះត្រូវ​ដឹកនាំ​យ៉ាងណា​ ហើយតើ ជីវិត​របស់​ពួកគេ​គួរតែ​រស់យ៉ាងណា​ តើការអប់រំ ​សុខាភិបាល នឹង​វិស័យ​ជាច្រើន ផ្សេងៗទៀត​ដែរចាត់ចែង​យ៉ាងណា គឺ​ពលរដ្ឋ​ដែលត្រូវ​សម្រេច ​មិនមែន​បុគ្គល តែម្នាក់​ដែលសឹង​តែក្លាយជា​ជនផ្តាច់ការ​នៅឆ្នាំថ្មីៗ​នេះទេ។ ​ការណ៍​នោះមិន​អាចទទួល​យកបាន​ឡើយ។
លោក ​សុខ ខេមរា៖ ​នៅពេល​ដែលលោក​និយាយអំពី​រឿងមិនអាច​ទទួល​យក បាន​ចំពោះ​រដ្ឋាភិបាល​ និង​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និងលើ​បញ្ហាសេរីភាព​ព័ត៌មាន ​អង្គការ​សង្គមស៊ីវិល​ តើឲ្យ​ច្បាស់​លាស់នោះ ​លោកចង់​ធ្វើយ៉ាងណា?
លោក​ ស្ទីវ ឆាបុត៖ ​បាទ ជាថ្មីទៀត​ យើងអាច​គិតគូរ​ពីបញ្ហាដូច​ជាការ​ដាក់ទណ្ឌកម្ម​ រារាំងសិទ្ធិ​ធ្វើដំណើរ​មកកាន់​ស.រ.អា.​ ហើយ​យើងកំពុង​ធ្វើការជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់យើង​ក្នុងតំបន់​ ហើយបើ​តាមការ​យល់ដឹង​របស់ខ្ញុំ​គឺដូចជា សហភាព​អឺរ៉ុបជា​ឧទាហរណ៍​ក៏កំពុង​គិតគូរ​ពីទណ្ឌកម្ម​ដូចគ្នាដែរ ​ហើយ​យើងនៅក្នុង​សភា​ និង​ក្រសួង​ការបរទេស​ និងស្ថាប័ន​ដ៏ទៃទៀត​កំពុង​ជជែកគ្នា អំពីរឿង​រ៉ាវទាំងនេះ។​
តែយើង​សង្ឃឹមថា​ រដ្ឋាភិបាល​នឹងផ្លាស់ប្តូរ​ទង្វើ​របស់​ខ្លួន ផ្លាស់ប្តូរ​គោល​នយោបាយ​របស់ខ្លួន ​ព្រោះថា​នៅទីបញ្ចប់​ខ្ញុំអាច​សង្ឃឹមថា​ លោកនាយក​រដ្ឋមន្ត្រីនឹង​សម្លឹងមើល​ពីកេរដំណែល​របស់​លោក តើលោក​នឹងចងចាំអ្វីខ្លះ ​ហើយគាត់​បានធ្វើ​កិច្ចការល្អ​ដែរកន្លងមក​ តែឆ្នាំថ្មីៗ​នេះមាន​ការកៀប​សង្កត់ កណបក្ស​ប្រឆាំង ​ហើយអ្វី​ដែលគាត់​ធ្វើទៅលើ​ពលរដ្ឋនោះជាអ្វី​ដែលគាត់ត្រូវ​ចងចាំ។
លោក​ សុខ ខេមរា៖ ​នៅ​ពេល​ដែលលើកឡើងថា លោក​ ហ៊ុន សែន​ ​ក៏​បានធ្វើ​រឿង​ល្អៗ​ខ្លះដែរ​នោះ​ តើ​លោកអាច​បញ្ជាក់បាន​ទេថា​តើលោក​ ហ៊ុន សែន​ ធ្វើ​ដូច្នោះ​នៅ​ពេលណា?
លោក​ ស្ទីវ ឆាបុត៖ អូហ៍ រឿង​នេះ ​វា​កន្លង​ផុតទៅ​មួយ​រយៈហើយ ​ហើយ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា ចងចាំ​និង​ជា​អ្នក​កំណត់​វិញ​ថា​ តើ​រឿង​ល្អៗ​ទាំង​នោះ​ មាន​អ្វី​ខ្លះ។ ក្នុង​នាម​ជា​អ្នកក្រៅ​ម្នាក់ ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ ប៉ុន្តែ ទោះបីជា​អ្នក​ខ្លះឥឡូវ​នេះ​កំពុង​តែ​ដើរ​លើ​ផ្លូវ​ខុស​ក៏​ដោយ ក៏​ពួកគេ​នឹង​ធ្វើ​អ្វី​មួយ​ដែល​ល្អ​ជាង​មុន ជាពិសេស​នៅ​ពេល​ដែល​ពួកគេ​ពិចារណា​ពី​គណបក្ស​ប្រឆាំង ដែល​ពួកគេ​កំពុង​ចាត់​វិធាន​ការ​លើ​នោះ។
កម្ពុជាមាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​អភ័ព្វ​ណាស់។ អ្នក​ចាំ​ទេ វាល​ពិឃាដរបប​ខ្មែរ​ក្រហម និង​សោកនាដកម្ម បាន​សម្លាប់​ពលរដ្ឋ​អស់​១ភាគ៤​នៃ​ចំនួន​ពលរដ្ឋ​សរុប​ទូទាំង​ប្រទេស។ ដូច្នេះ កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​បាន​ឆ្លងកាត់​គ្រា​មួយ​ដ៏​អាក្រក់អាក្រី គឺ​អាក្រក់​ជាង​បណ្ដា​ប្រទេស​ភាគច្រើន​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ គេ​សង្ឃឹម​ថា មេដឹកនាំ​បច្ចុប្បន្ន ចងចាំ​បទពិសោធន៍​ទាំង​នោះ ហើយ​ចង់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​ពេលវេលា​ប្រកបដោយ​ថាមពល​ និង​មាន​លក្ខណៈ​ស្ថាបនា​ជាង​នេះ។​ ប៉ុន្តែ ជា​អកុសល ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​ឥឡូវ​នេះ មិនបាន​ដើរ​តាម​ទិសដៅ​នេះ​ទេ។
លោក សុខ ខេមរា៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់អំណាច​អស់​ជាង​៣០​ឆ្នាំ​មក​ហើយ តើ​ការ​បោះឆ្នោត​បែប​ណា ដែល​អាច​ទទួល​យក​បាន​ទាំង​សម្រាប់​រូប​លោក និង​សម្រាប់​ពលរដ្ឋ​កម្ពុជា​?
លោក ស្ទីវ ឆាបុត៖ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​កម្ពុជា ប្រហែល​ជា​ចាំបាច់​ត្រូវ​មាន​អ្នក​សង្កេតការណ៍ គឺ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​មាន​លក្ខណៈសម្បត្តិ​យុត្តិធម៌​ និង​ឥត​លម្អៀង ហើយ​អាច​ជួយ​ធានា​ថា ការ​បោះឆ្នោត​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​ត្រឹមត្រូវ។​
ប៉ុន្តែ ដំណាក់កាល​នៅ​មុន​ការ​បោះឆ្នោត ក៏​ជា​កត្តា​សំខាន់​ដែរ។ ពេល​ដែល​អ្នក​ហាមប្រាម​គណបក្ស​នយោបាយ ចាប់​អ្នក​ប្រឆាំង​ដាក់​គុក ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ប្រាប់​រឿងរ៉ាវ​ពិត និង​ប្រាប់​រឿង​រ៉ាវ​ទាំង​សងខាង​អំពី​ការ​បោះឆ្នោត​នោះ អ្នក​មិន​បាន​ធ្វើ​តាម​កាតព្វកិច្ច​ ដែល​គួរ​ធ្វើ​នោះ​ទេ។ ដូច្នេះ​ហើយ វា​ពិបាក​ណាស់ ក្នុង​ការ​គិត​ថា ការ​បោះឆ្នោត​នេះ នឹង​មាន​លក្ខណៈ​យុត្តិធម៌ ប្រសិន​បើ​ដំណាក់​កាលមុន​ការ​បោះឆ្នោត មិន​យុត្តិធម៌​នោះ។
លោក សុខ ខេមរា៖ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​ប្រទេស​ហ្វ៊ីលីពីន​។ តើ​លោក​មាន​សារ​អ្វី​ខ្លះ ចង់​ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ?
លោក ស្ទីវ ឆាបុត៖ ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​របស់​លោក​ប្រធានាធិបតី ត្រាំ​ នេះ ខ្ញុំគិត​ថា លោក​នឹង​និយាយ​អំពី​បញ្ហា​ជាច្រើន។ លោក​នឹង​និយាយ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​លោក​ក៏​នឹង​និយាយ​អំពី​ការ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផង​ដែរ។ ខ្ញុំ​យល់​ថា នៅ​ពេល​សមស្រប​ណាមួយ លោក​នឹង​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស។
ជួនកាល​ គេ​ធ្វើ​រឿង​នេះ​នៅ​ពី​ក្រោយ​ឆាក ដែល​គេ​អាច​បញ្ចេញ​សារ​ដ៏ខ្លាំង​មួយ ដោយ​មិន​ចាំបាច់​ធ្វើ​ឲ្យ​មេដឹកនាំ​ផ្សេងៗ​ទៀត អាម៉ាស់មុខ​ទេ។​ ខ្ញុំ​សូម​ទុក​បញ្ហា​នេះ​ជូន​លោក​ប្រធានាធិបតី ត្រាំ ជា​អ្នក​កំណត់​ទៅ​ចុះ ថា​តើ​លោក​នឹង​ធ្វើ​របៀប​ណា​ដែល​ល្អបំផុត​នោះ ដោយ​គាត់​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​ក្រសួង​ការបរទេស ជាពិសេស​គឺ​ពី​រដ្ឋមន្ត្រី​ការបរទេស លោក Rex Tillerson។
លោក សុខ ខេមរា៖ សូមអរគុណ! ខ្ញុំចង់ជម្រាបសួរ​អំពីសហគមន៍​ខ្មែរនៅទីនេះ។ ​តើពួកគាត់​ជម្រាបលោកអ្វីខ្លះ​អំពីបញ្ហាកម្ពុជា?
លោក ស្ទីវ ឆាបុត៖ ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនដែលខ្ញុំបានជួប​ បានជំរុញ​ឲ្យខ្ញុំ​នឹងសមាជិកសភាដទៃ កុំឲ្យ​យើងភ្លេចកម្ពុជា។ ស.រ.អា.​តាំងចិត្តជួយ​ទូទាំងពិភពលោក។ កម្ពុជាតូចមែន​តែ​សំខាន់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ខ្លះ ព្រោះ​ពលរដ្ឋកម្ពុជាពិតជាត្រូវការជំនួយ។ គេចង់​ឲ្យ​យើង​លើក​បញ្ហាកម្ពុជានៅអ.ស.ប. នៅសហភាពអឺរ៉ុប​ដែលជាសម្ព័ន្ធមិត្ត​របស់ យើង​និងមិត្តដទៃទៀតនៅអាស៊ីអាគ្នេយ៍។​
ដូច្នេះអ្នកដែលខ្ញុំជួបនៅទីនេះ​បានជំរុញ​ឲ្យ យើង​យកចិត្តទុកដាក់នឹងកម្ពុជា។ សូម​ឲ្យ​យើង​ជួយតាមដែលអាច​ធ្វើបាន ដើម្បីកែ​ប្រែស្ថានការណ៍ទៅនោះ​ឲ្យល្អឡើងវិញ ព្រោះឥឡូវនេះ​មិនល្អទេ។ រដ្ឋាភិបាល​មិន អនុញ្ញាត​ពលរដ្ឋធ្វើតាមសិទ្ធិរបស់គេទេ។ ពលរដ្ឋមិនអាច​បញ្ចេញមតិដោយគ្មានការបង្ក្រាបពីរដ្ឋាភិបាល​ទេ។ ពួកគេត្រូវឃុំខ្លួន បាត់ខ្លួន។ រឿងអាក្រក់អាចកើតឡើងចំពោះពួកគេ។ ដូច្នេះខ្ញុំស្តាប់ សំណើ​ពី​សហគមន៍ខ្មែរមកតំណាងរាស្ត្រ​របស់គេ រួមទាំងរូបខ្ញុំផងដែរ។
លោក សុខ ខេមរា៖ លោកមាន​ប្រសាសន៍​អំពីទណ្ឌកម្ម​លើកម្ពុជា។ តើ​មានសេចក្តីសម្រេចអ្វីក្នុងពេលឆាប់ៗ ដូចជាសេចក្តីសម្រេចអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ កម្ពុជា​លេខ ​៧២៨​នោះទេបាទ?
លោក ស្ទីវ ឆាបុត៖ យើងកំពុងពិនិត្យរឿងនេះ ហើយក្រុមការងារសភាអំពីកម្ពុជា​ជាពិសេសលោក Alan Lowenthal ដែលជាសមាជិកសំខាន់​របស់​ក្រុមការងារនេះ ហើយនឹងរូបខ្ញុំ​បាន​ពិភាក្សា​គ្នាច្រើន។ យើង​បានជួបឯកអគ្គ​រដ្ឋទូត​របស់យើង​ប្រចាំកម្ពុជា​ និងអ្នកនយោបាយ​ផ្សេងទៀតដែលមកទីនេះ។ យើងកំពុង​គិតគូរធ្វើសេចក្តីសម្រេចបញ្ហាកម្ពុជា។​ តែខ្ញុំ​មិនទាន់​និយាយទេគឺត្រូវគិត​ឲ្យត្រឹមត្រូវ​ ហើយ​ចេញទៅមាន​ប្រសិទ្ធភាពតែម្តង។​
លោក សុខ ខេមរា៖ លោកមានប្រសាសន៍​បានជួបឯកអគ្គ​រដ្ឋទូត​ និង​មន្ត្រីក្រសួងការបរទេសអាមេរិក​តើគេគាំទ្រ គំនិត​ផ្តួច​ផ្តើមនេះទេ?​
លោក ស្ទីវ ឆាបុត៖ បាទ និយាយរួម​ អញ្ចឹងមែនហើយ។ លោកដឹងហើយ​ក្រសួងការបរទេសនៅក្នុងស្ថាប័នមួយទៀត គឺ​នីតិប្រតិបត្តិ។ គេមានការទទួលខុសត្រូវនិងការតព្វកិច្ច​ដោយឡែកពីយើង។​ យើងខាងនីតិបញ្ញត្តិ យើងមានការរួមគ្នា​ក្នុងរឿងនេះ។ យើងមិនបញ្ជាទេ គេក៏មិនបញ្ជា យើង​តែ​យើង​ធ្វើការជាមួយគ្នា។
លោក សុខ ខេមរា៖ តើច្បាប់ (ដាក់ទោសអ្នករំលោភសិទ្ធិមនុស្ស) Magnitsky Act អាច​ប្រើសម្រាប់ករណី​កម្ពុជាទេ?​
លោក ស្ទីវ ឆាបុត៖ បាទ ពិតជាអាច ព្រោះ​លោកដឹងហើយថា មានការរំលោភសិទ្ធិ​មនុស្ស។ យ៉ាងហោច មានការចោទ​ប្រកាន់ដែលខ្ញុំជឿថា អាចជារឿងពិត។​ ជានិច្ចកាលច្បាប់​នេះមានលទ្ធភាព អាច​ប្រើបានជាពិសេស។ ​ដូច្នេះខ្ញុំសូមប្រាប់ថា​អាច​ប្រើច្បាប់នេះ​បាន។​
លោក សុខ ខេមរា៖ អរគុណលោកណាស់។ សំណួរចុងក្រោយ​ តើលោកតំណាងរាស្ត្រមានសារអ្វីដល់ខ្មែរ​អាមេរិកាំងនៅទីនេះ​ និងជនជាតិខ្មែរនៅ​កម្ពុជាបាទ?
លោក ស្ទីវ ឆាបុត៖ ខ្ញុំសូមផ្តាំថា កុំបោះបង់ក្តីសង្ឃឹម។ អ្នកទាំងអស់គ្នា អាចនឹងមានអនាគត​ភ្លឺស្វាងក្នុងពេលខាងមុខ។ ​លោកអ្នកមាន​សិទ្ធិជ្រើសរើស​មេដឹកនាំរស់នៅយ៉ាងម៉េច មិនមែន​រដ្ឋាភិបាល​ជាអ្នក​សម្រេច​អ្វីៗទាំងអស់នោះទេ។​ ប្រជាពលរដ្ឋមានសេរីភាព។ ​សេរីភាពនេះនឹងមាននៅ​ទីនោះ​ តែអភ័ព្វ​ដែលទីនោះ​មិន​មាន​សេរីភាព​សព្វថ្ងៃនេះ តែគង់តែមាននៅថ្ងៃណាមួយ កុំអស់​សង្ឃឹម។​
លោក សុខ ខេមរា៖ អរគុណលោកតំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ដែលផ្តល់កិច្ចសម្ភាស៍វីអូអេ។
លោក ស្ទីវ ឆាបុត៖ បាទ អរគុណណាស់!

ក្រុមប្រឹក្សា​ឃុំ​ចុះ​ចូល​បក្ស​ប្រជាជន​ត្អូញត្អែរ​ថា​ ពលរដ្ឋ​លែង​រាប់រក


លោក ចិន​ ចយ ​ជំទប់​ទីមួយ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្ត​តាកែវ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ខែ​តុលា ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម​ចុះ​ចូល​គណបក្ស​កាន់​អំណាច​ ដើម្បី​រក្សា​តំណែង ពេល​គណបក្ស​មួយ​នេះ​ត្រូវ​រំលាយ​នា​ពេល​ខាង​មុខ។
លោក ចិន ចយ ​អាយុ​៦៥​ឆ្នាំ មាន​ប្រសាសន៍​ថា ​លោក​បាន​សម្រេច​ចិត្ត​ភ្លាមៗ ចូល​គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ទោះ​ជា​ប្រឈម​នឹង​ការ​អាក់​អន់​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ ដោយ​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ឃុំ​ចំប៉ី​នេះ។ លោក​មាន​ប្រសាសន៍​ថា នៅ​ពេល​ឮ​ថា​លោក កឹម សុខា​ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​លោក​អស់​ទំនុក​ចិត្ត​លើ​បក្ស​សង្រ្គោះ​ជាតិ ​ដូច្នេះ​លោក​សម្រេច​ចិត្ត​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្ដង ដើម្បី​រក្សា​តំណែង​របស់​លោក​ជា​ក្រុមប្រឹក្សា​ឃុំ។
លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «គោល​បំណង​ដែល​ខ្ញុំ​ចូល​(គណបក្ស​ប្រជាជនកម្ពុជា) កាល​មុន​យើង​នៅ​ខាង​សង្រ្គោះ​ជាតិ យើង​ជឿជាក់​ទៅ​លើ​ឯកឧត្តម​កឹម សុខា គាត់​អ្នក​ស្នេហា​ជាតិ​អញ្ចឹង​ទៅ។ ដល់​តែ​ក្រោយ​មក បាន​ថា​គាត់​ក្បត់​ជាតិ​ចឹង​ទៅ បាន​ជា​យើង មិន​អាច​នឹង​ទុកចិត្ត​គាត់»។
ទោះជាយ៉ាងណា លោក​ ចយ មិន​អាច​ពន្យល់​ពី​មូលហេតុ​អ្វី​បាន​ជា​លោក​ជឿជាក់​ថា លោក កឹម សុខា និង​គណបក្ស​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល ដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ ខណៈ​តុលាការ​កំពូលកំពុង​ដំណើរ​ការ​រឿង​ក្តី​នេះ​នៅ​ឡើយ។
លោក ចិន ចយ ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ដឹង មិន​ហ៊ាន​សន្និដ្ឋាន ព្រោះ​យើង​មិន​បាន​នៅ​ជិ​ត​គាត់[លោក កឹម សុខា]»។
គណបក្ស​សង្រ្គោះជាតិ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​មេដឹកនាំ និង​គណបក្ស​ថា​ក្បត់​ជាតិ គឺ​ជា​រឿង​នយោបាយ ​ដើម្បី​បំបាក់​គណបក្ស​នៅ​មុន​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨ ខាង​មុខ។
លោក ចយ​ បាន​ចាប់​ផ្តើម​ជីវិត​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០៧។ លោក​មាន​ប្រសាសន៍​ថា​ពេល​នោះ លោក​ស្រឡាញ់​គោល​នយោបាយ​បក្ស និង​ការ​ថ្លែង​របស់​លោក កឹម សុខា ក្នុង​នោះ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​សារ​នយោបាយ​ប្រឆាំង​នឹង​ការ​រស់​នៅ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។
នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា ​លោក ចិន ចយ​ បាន​សរសេរ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ដោយ​សារ​លោក កឹម សុខា បាន​ក្បត់​ជាតិ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ហើយ​ម្យ៉ាង​ទៀត​គណបក្ស​សង្រ្គោះ​ជាតិ​ពុំ​មាន​ភាព​រឹងមាំ​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង ​ក្នុងការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ទើបលោក​សម្រេច​លាលែង​ពី​គណបក្ស​ប្រឆាំង ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​ លិខិត​សរសេរ​ដោយ​ដៃ ​ដែល​មាន​ស្នាម​មេដៃ ​និង​រូបថត​របស់​លោក ចិន ចយ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​សារព័ត៌មាន ​Fresh News ដែល​សិទ្ធិ​នឹង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។​
លោក ចិន ចយ បាន​ធ្វើ​ជា​ក្រុមប្រឹក្សា​ឃុំ​ចំប៉ី បាន​ជាង​៥ឆ្នាំ​មក​ហើយ នៅ​ពេល​លោក​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១២ ក្រោម​គណបក្ស​សិទ្ធិមនុស្ស។ គណបក្ស​សិទ្ធិ​មនុស្ស បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី ​កាល​ពីឆ្នាំ​២០១២ បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៣ ជាមួយ​លោក ហ៊ុន សែន។ ការ​រួបរួម​នេះ​ធ្វើ​ឲ្យ​សំឡេង​បក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ទទួល​បាន​អាសនៈសភា​ចំនួន​៥៥ ក្នុង​ចំណោមអាសនៈ​សរុប​១២៣។
ក្រោយមក ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​កាលពី​ខែ​មិថុនាកន្លងទៅ គណបក្ស​មួយ​នេះ ​ដណ្ដើមបាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ចំនួន​៥០០៧ ​និង​ទទួល​បាន​តំណែង​ជា​មេឃុំ-ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម ​១៦៤៦​ឃុំសង្កាត់​នៅ​ទូទាំង​ប្រទេស ​និង​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៣លាន​សំឡេង។
អង្គុយ​នៅ​ក្បែរ​លោក ចិន ចយ ក្រោម​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គឺ​ភរិយា​របស់​លោក គឺ​លោកស្រី សំ រ៉េន អាយុ​៦៣​ឆ្នាំ។ លោកស្រី​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្វាមី​ថា លោក​ ចិន ចយ មិន​បាន​ពិភាក្សា​ជាមួយ​លោកស្រី​អំពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោកស្រី​បន្តថា ក្នុង​ចិត្ត​របស់​លោកស្រី​ មិន​ចង់​ឲ្យ​ស្វាមី​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។
លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «គាត់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​រំសាយ រំលាយ​អី ខ្ញុំ​ថា​ឲ្យ​គាត់​ឈប់​ធ្វើ​ទៅ។ នៅ​ផ្ទះ​ហ្មង​ទៅ ធ្វើ​ស្រែ​ទៅ។ តែ​ដល់​ពេល​នេះ គាត់​ចូល​ហើយ ហើយ​គាត់​ប្រាប់​ខ្ញុំ​ក្រោយ​ហ្នឹង។ ចិត្ត​ខ្ញុំ ខ្ញុំ​ថា​បើ​គណបក្ស​សង្រ្គោះជាតិ​រំលាយ ខ្ញុំ​ថា​ឲ្យ​ឈប់​ធ្វើ​ហ្មង។ ទ្រាំ​នៅ​ផ្ទះ​ធម្មតា។​ បក្ស​ណា​ក៏​មិន​ឲ្យ​ធ្វើ ឲ្យ​ធ្វើ​ប្រជាពលរដ្ឋ នៅ​ផ្ទះ​នៅ​អី ទៅ​វត្ត ទៅ​អី សុំ​សីល​ពីរនាក់​ប្តី​ប្រពន្ធ​ទៅ»។
លោកស្រី​បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​ចុះ​ចូល​របស់​ស្វាមី ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​មិន​សូវ​ជា​និយាយ​រាប់​រកជាមួយ​លោកស្រី​ ដូច​សព្វដងឡើយ។
លោក ចិន ចយ ក៏​មាន​អារម្មណ៍​ដូច​នេះ​ដែរ តែ​លោក​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​លោក​បាន​សម្រេច​ចិត្ត​ចុះ​ចូល​រួច​ទៅ​ហើយ។
លោក​មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋ​ គាត់​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ជាមួយ​យើង​ហើយ ព្រោះ​គាត់​ជឿ​ជាក់​លើ​យើង នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺ​ថាយើង​អាច​ដំណើរការ​ជោគជ័យ​ហើយ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​យើង។ គឺ​គាត់​ស្រឡាញ់​យើង តែដល់​យើង​ប្រាសចាក​អញ្ចឹង គាត់​មាន​កូន​ចិត្ត​មួយ មិន​សម្រុះ​សម្រួល​ជាមួយ​យើង​ទេ គឺ​បែក​ចិត្ត​ពី​យើង​ហើយ ហើយ​យើង​ក៏​បែក​ចិត្ត​ពី​គាត់​ដែរ ធ្វើ​ម៉េច​ ចាំ​ថ្ងៃ​ក្រោយ​ ថ្ងៃ​មុខ​ទៀត ចាំ​យើង​និយាយ​ទៀត»។
កាល​ពីថ្ងៃ​ទី​២២ ខែ​តុលា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្នាក់​ក្រោម​ជាតិ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់​ពួកគេ​ឲ្យ​នៅ​ដដែល នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។ លោក​បញ្ជាក់​ថា នេះ​ជា​នយោបាយ​ឈ្នះ-ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ពួក​ខ្មែរ​ក្រហម។
សំណុំរឿង​ប្ដឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្តឹង​កាល​ពី​ខែ​កញ្ញា យោង​តាម​ខ្លឹមសារ​នៃ​វិសោធន​កម្ម​ដ៏​ចម្រូង​ចម្រាសទាំងពីរលើក​ក្នុងឆ្នាំ​នេះនៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោ​បាយ។ ប្រសិនបើ​បក្សនេះ​ត្រូវបាន​រំលាយ ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន​ ៥០០៧នាក់ ដែល​ខ្លួន​បាន​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​នឹង​បាត់បង់​តំណែង។ ​
គណបក្ស​សង្រ្គោះជាតិ​បាន​ទទួល​៣អាសនៈ​សម្រាប់​ឃុំ​ចំប៉ី ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ២​អាសនៈ។ សម្រាប់​ខេត្ត​តាកែវ​ គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​ក្រុមប្រឹក្សាចំនួន ៣១៨ ក្នុង​ចំណោម​៧៣៦​ក្រុមប្រឹក្សា​ទូទាំង​ខេត្ត។ រហូត​មក​ដល់​ពេល​នេះ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤នាក់ មក​ពី ៤​ឃុំផ្សេងគ្នា​នៅ​ក្នុង​ខេត្ត​តាកែវ បាន​សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
មេឃុំ​ចំប៉ី​បច្ចុប្បន្ន​មក​ពីគណបក្ស​សង្រ្គោះជាតិ​ លោក ផន ថ្លាង អាយុ​៥២​ឆ្នាំ គឺ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​នឹង​លោក ចិន ចយ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក ថ្លាង មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០០៧ លោក​ត្រូវបាន​លោក​ ចិន ចយ បបួល​ចូល​គណបក្ស​សិទ្ធិ​មនុស្ស។ លោក​ក៏​បាន​សម្រេច​ចិត្ត​ចូល​នា​ពេល​នោះ ដោយ​មាន​គោល​បំណង​ចង់បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក។​ លោក​បន្ត​ថា លោក​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល ដែល​លោក ចិន ចយ ត្រូវ​ជា​ជំទប់​ទី​មួយ​ឃុំ បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស​ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​រូបលោក និង​ក្រុមប្រឹក្សា​ម្នាក់​ទៀត។
ទោះជាយ៉ាងណា លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ណា​នោះ​ទេ បើ​ទោះជា​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ ហើយ​លោក​នឹង​ត្រូវបាត់បង់​តំណែង​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​៨៨ម៉ឺន​រៀល ក្នុង​មួយ​ខែ​ក៏​ដោយ។​
លោក​បាន​បញ្ជាក់​ថា បើ​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ន័យ​ថា លោក​ក្បត់​ឆន្ទៈ​ប្រជាពល​រដ្ឋជាង​ ១៨០០នាក់​ ដែល​បាន​បោះឆ្នោត​ឲ្យ​រូប​លោកកាល​ពី​ខែមិថុនា។​
លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា៖ «មេ​ឃុំ ខ្ញុំ​ដោយ​ថា​មិន​ចង់​ឲ្យ​កិត្តិយស​ខ្ញុំ​ហ្នឹង ទៅ​កន្លែង​ណា​ ប្រជាពលរដ្ឋ​ជេរ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មក​នេះ ដោយសារ​ប្រជាពលរដ្ឋ​ទុកចិត្ត​ខ្ញុំ។ អញ្ចឹង​មោទនភាព​របស់​ខ្ញុំ​មួយ​ហើយ ដោយសារ​ប្រជាពលរដ្ឋ គាត់​ទុក​ចិត្ត​ ហើយ​បែរ​ខ្ញុំ​ទៅ​ចូល​ជាមួយ​គេ ប្រជាពលរដ្ឋ គាត់​ខឹង​ប៉ុណ្ណា»។
មេឃុំ​រូប​នោះ​មិន​ជឿ​ថា គណបក្ស​សង្រ្គោះជាតិ​ ឬ​មេដឹកនាំ​របស់​លោក​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​អំពើ​ក្បត់​ជាតិ​នោះ​ទេ។
អង្គុយ​ក្បែរ​មេឃុំ នៅ​លើ​បង់​ថ្ម ជាប់​នឹង​សាលា​ឃុំ លោក ភួង យ៉ាន់ អាយុ​៦៧​ឆ្នាំ ជា​ក្រុមប្រឹក្សា​ម្នាក់​ទៀត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ពេល​មាន​ការ​ពិភាក្សា​ពី​រឿង​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច មេឃុំ​ក៏​បាន​ចាប់​ដៃ​លោក ភួង យ៉ាន ហើយ​សន្យា​ថា ពួកគេ​នឹង​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ណា​ជា​ដាច់​ខាត។ លោក យ៉ាន មាន​ប្រសាសន៍​ថា មាន​សមាជិក​ចុះ​ពង្រឹង​មូល​ដ្ឋាន​របស់​គណបក្សប្រជាជន ​មក​ទាក់ទង​រូប​លោក ដើម្បី​ចុះ​ចូល​នឹងគណបក្សរបស់​គេ តែ​លោក​ថា លោក​មិន​ចាក​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ បើ​ទោះ​ប្រឈម​នឹង​ការ​បាត់បង់​តំណែង​ និង​ប្រាក់​ខែ​ក៏ដោយ។​
លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ទៅ​ទេ ខ្ញុំ​សុខចិត្តប្តូរ​ផ្តាច់​នៅនឹង​គណបក្ស​ខ្ញុំ​ហ្នឹង​ហើយ ព្រោះ​ស្រឡញ់​ជាតិ​ទាំង​អស់​គ្នា ហើយ​និង​ស្រឡាញ់​គេអ្នក​បោះឆ្នោត​ឲ្យ​ខ្ញុំ បើ​ខ្ញុំ​ចាក​ចេញ​ទៅ គេដូច​ថា​គ្មាន​សិទ្ធិ​សេរីភាព​អី គេ​មើល​ងាយ មើល​ថោក គេ​ប្រមាថ​មើល​ងាយ​យើង ពួក​អា​អស់​នេះ ខំ​បោះ​ឆ្នោត​ឲ្យ​ ទៅ​ប៉ាតណា​ប៉ាតណី អត់​ដឹង​ខ្យល់​អី។ ខ្ញុំ​ខ្លាច​បាត់បង់​កិត្តិយស​ខ្ញុំ​ណាស់»។
សម្រាប់​ប្រជាជន​នៅ​ក្នុង​ឃុំ​ចំប៉ី ហាក់​មិន​ពេញចិត្ត​នឹង​ការ​ចុះ​ចូល​របស់​លោក ចិន ចយ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ដោយសារ​ពួកគេ​បាន​សម្រេច​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ទាំង​នោះ​បាន​បំពេញ​ការងារ។
លោក ទូច នាង អាយុ​៤៩​ឆ្នាំ ជា​អ្នក​ភូមិ​រស់​នៅ​ក្បែរ​ផ្ទះ​លោក ចិន ចយ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ចូល​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ទំនុក​ចិត្ត​លើ​ក្រុមប្រឹក្សា​រូប​នោះ។
លោក​មាន​ប្រសាសន៍​ថា៖ «បើ​បាត់​បង់តំណែង​ដូច​ថាវា​បាត់​សេចក្តី​ទុក​ចិត្ត​របស់ប្រជាជន​ដែល​គាត់ខំ​ប្រឹង​បោះ​ឆ្នោត​ឲ្យ​គាត់​ឡើង​ជា​ក្នុង​ការ​ដឹកនាំ​ឃុំសង្កាត់​ មាន​អារម្មណ៍​សោក​ស្តាយ​ដែរ។ អារម្មណ៍​ខ្ញុំ​មួយ​ដូច​ថា​វា​ពិបាក​ដែរ ដល់​គាត់​ធ្វើ​អញ្ចឹង​ទៅ។ សូម្បី​តែ​ខ្ញុំ​ផ្ទាល់​ក៏​អត់​មាន​ទំនុក​ចិត្ត​លើ​គាត់​ដែរ។ ខំ​ប្រឹង​ទុក​ចិត្ត​លើ​គាត់​ដែរ ដល់​ពេលគាត់​ធ្វើ​អញ្ចឹង យើង​ វាពិបាក​ទុក​ចិត្ត​គាត់​។ មិន​គួរ​ណា គាត់​ធ្វើ​អញ្ចឹង»។
ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ស៊ុំ រតនា​ អាយុ​៣៥​ឆ្នាំ ជា​កសិករ​ម្នាក់ បាន​និយាយ​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ដែល​លោក​ ចិន ចយ ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​លោក ចិន ចយ ក្នុងការសម្រេច​ចូល​រួម​ក្រុមនយោបាយណា​មួយដែលលោកជឿ​ជាក់។
លោក​មាន​ប្រសាសន៍​ថា៖ «ដឹង​អី​គាត់ អាហ្នឹង​រឿង​បុគ្គល​របស់​គាត់។ តែ​គាត់​ថា​ចូល​ ចូល​ហើយ ខ្លួន​របស់​គាត់»។
អ្នកស្រី ម៉េង សុភារី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោតនិង​នីតិកម្ម ​នៃ​គណបក្ស​សង្រ្គោះជាតិ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមប្រឹក្សា​ឃុំសង្កាត់ ក្រុង រាជធានី ខេត្ត សរុប​ប្រមាណ​៤០​នាក់ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី​បន្ត​ថា ការ​ចុះ​ចូល​នេះ មិន​មែន​ជា​ការ​ចុះ​ចូល​ដោយ​ទឹក​ចិត្ត​នោះ​ទេ។
អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ការ​ដែល​ចុះ​ចូល​នេះ គឺ​ដោយសារ​បរិយាកាស​នយោបាយ​របស់​យើង​បច្ចុប្បន្ន​ក្តៅ ហើយ​រងការ​គំរាម​ផង កំហែងផង ទិញ​ទឹក​ចិត្ត​ផង បំភិត​បំភ័យ ហើយ​រហូត​ដល់​មាន​ការ​ប្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង។ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា អ្នក​ដែល​ចុះ​ចូល​ទាំង​អស់ មិន​មែន​ជា​ការ​ចុះ​ចូល​ដោយ​ទឹក​ចិត្ត​របស់​គាត់ ដូច​ការ​ដែល​គាត់​មក​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ»។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​វប្បធម៌​ទិញ​ជា​លុយ​កាក់ សម្ភារៈ និង​បង្ខិតបង្ខំ គំរាម​កំហែង​សម្រាប់​ការ​ចុះ​ចូល​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចុះ​ចូល គឺ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។
លោក ​ចិន ​ចយ ​មិនបាន​បញ្ជាក់នោះ​ទេ ​ថាលោកបានទទួលបានការឧបត្ថម្ភអ្វី​ខ្លះ​ ក្រោមរូបភាពផ្សេងៗ ​ពី​សំណាក់គណ​បក្សប្រជាជនកម្ពុជា ហើយ​លោក​និយាយ​ថា ខ្លួន​លោកក៏​មិន​ដឹង​ដែរ​ថា ទៅ​ថ្ងៃ​មុខ គណបក្សនឹង​ផ្ដល់​អ្វី​ខ្លះ​ដល់​លោក​នោះ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​សកម្មភាព​របស់​លោក ក្នុង​ការ​បន្ត​ជួយ​ប្រជាពលរដ្ឋ​ បើ​ទោះ​ជា​លោក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ។
លោក​មាន​ប្រសាសន៍​ថា៖ «អានេះ​ជា​គោល​បំណង​របស់​ខ្ញុំ បើ​សិន​ជា​ខ្ញុំចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ មក​ចូលនៅ​ជាមួយ​គណបក្ស​ប្រជាជន អារម្មណ៍​របស់​ខ្ញុំ​សោក​ស្តាយ យើង​បាន​ជាប់​ជា​ក្រុមប្រឹក្សា​ហើយ អត់​បាន​អ្វី​នឹង​ជួយ​តប​ស្នង​សង​គុណ​ប្រជាពលរដ្ឋ។​ បើ​អញ្ចឹង​ខ្ញុំ​ធ្វើ​អាដែង​មួយ​ជំហាន​នេះ​ទៀត គឺ​ដើម្បី​រក​ផល​ប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ។ កុំ​ឲ្យ​គាត់​អស់​ជំនឿ​លើ​ខ្ញុំ គឺ​ថា​ខ្ញុំ​នៅ​ឈរ​ជា​ក្រុមប្រឹក្សា ជា​អនុប្រធាន​ហ្នឹង ដើម្បី​ខិត​ខំស្នើ​ពី​ថ្នាក់​លើ ដើម្បី​ជួយ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ។ កុំ​ឲ្យ​អស់​សង្ឃឹម​ថា​ខ្ញុំ​ឈរ ក៏​ខ្ញុំ​មិន​ប្រលែង​ដៃ​ចោល​ប្រជាពលរដ្ឋ​ដែរ»។
សមាជិកថ្មីថ្មោងនៃគណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ ​បាន​និយាយ​ថា ​គណបក្ស​កាន់​អំណាចក៏បានសន្យា​ផង​ដែរ​ ថា នឹងដំឡើង​តំណែង​លោក ប្រសិន​បើ​លោក​បំពេញ​ការងារ​បាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ៕

Wednesday, November 1, 2017

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ដំណឹង​អាក្រក់​ចំពោះ​កម្ពុជា

សមាជិកព្រឹទ្ធសភា​អាមេរិកាំង​ដ៏មានឥទ្ធិពលម្នាក់​ គឺ​លោក​ Ted Cruz ​បាន​ធ្វើ​ការព្រមាន​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​បក្ស​សង្គ្រោះជាតិត្រឹមថ្ងៃទី​៩ ខែវិច្ឆិកា បើ​សិន​ជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។​
នៅក្នុង​សារតាម​ទំព័រ ធ្វីតធឺ ​កាលពី​ព្រឹកថ្ងៃ​អង្គារ​លោក​ Ted Cruz ​បាន​សរសេរ​ថា៖​
«ដំណឹងអាក្រក់។ ប្រសិនបើលោក កឹម សុខា ​មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី​៩ ខែវិច្ឆិកាទេ​ ខ្ញុំនឹងធ្វើការងារ​ដើម្បី​ហាមឃាត់​អ្នកដែលទទួលខុសត្រូវ​លើបញ្ហានេះ​ មិន​ឱ្យ​ធ្វើដំណើរ​ចូលមក​សហរដ្ឋ​អាមេរិកទេ‍»។
ការព្រមាន​ដូចនេះ កើតមានឡើង​បន្ទាប់ពីលោក​បាន​សរសេរ​លិខិត​មួយ​ទៅ​ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២៣ខែតុលា​ស្នើ​សុំ​ឱ្យកម្ពុជា​ដោះលែងមេដឹកនាំគណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ក្បត់ជាតិ​ដោយ​សារការចោទ​ប្រកាន់​ថា​បានឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។
គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំនៅក្នុង​ប្រទេស​កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​ផងដែរ​ដោយ​សារ​តែការចោទ​ប្រកាន់នេះ។​
តុលាការ​បាន​កំណត់​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ដើម្បី​បើកសវនាការ​លើ​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​ដែល​បាន​ដាក់​ប្តឹង​ដោយ​ក្រសួង​មហាផ្ទៃ​កម្ពុជា។
អាជ្ញាធរ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្ត​បន្ទាប់​ក្នុង​ពេល​កន្លង​មក​ជា​នេះ​ជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ទទួល​យក​គំនាប​ពី​បរទេស​ទេ។
លោកផៃ ស៊ីផាន​រដ្ឋ​លេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ហៅ​ថា​នេះ «គឺ​ជា​ការប្រមាថ​ និង​ឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ក្រោម​ចំណុះ‍»៕

អ្នក​ជំនាញ​និង​អង្គការ​សិទ្ធិមនុស្ស​ស្នើ​ហ្វេសប៊ុក​​បញ្ឈប់​ការ​សាកល្បង​​មុខងារ​ថ្មី Explore Feed

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា​ រិះគន់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដែល​បាន​ជ្រើស​រើស​យក​ប្រទេស កម្ពុជា ធ្វើ​ការ​សាកល្បង​ដាក់​ឲ្យ​ប្រើ​ប្រាស់​មុខងារ​ថ្មី​នៃ​កម្មវិធី​របស់​ខ្លួន ​ហៅថា អិចផ្លរ ហ្វ៊ីត(Explore Feed)។ ការ​សាកល្បង​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាត់បង់​ និង​ជួប​នូវ​ការ​លំបាក ក្នុង​ការ​ស្វែង​រក ​និង​ទទួល​បាន​នូវ​ព័ត៌មាន​នានា​ដែល​ពួកគេ​ចង់​តាមដាន។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិជ្ជា ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាកល្បង​នេះ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​កម្មវិធី​ដូច​ដើម​ ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​អាច​ប្រើ​បាន​ដូច​ធម្មតា​ឡើងវិញ។
តាមរយៈ​ការ​សាកល្បង​មុខងារ​ថ្មី​នេះ​ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ផ្លាស់​ប្តូរ​ទី​តាំង​នៃ​ការ​បង្ហាញ​ព័ត៌មាន​ផុស​ដោយ​ទំព័រ​ហ្វេសប៊ុក​នានា​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​បាន​ចុច ​Like និង Follow​ ដោយ​ចាប់​ពី​ពេលនេះ​តទៅ​ ព័ត៌មាន​ពី​ទំព័រ​ទាំងនោះ នឹង​លែង​មាន​បង្ហាញ​នៅ​លើ​ទំព័រ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ដែល​នៅ​លាយឡំ​ជាមួយ​នឹង​ការ​ផុស​ព័ត៌មាន​ផ្ទាល់​ខ្លួន ​ព័ត៌មាន​របស់​មិត្ត​ភក្តិ​ ឬ​សាច់ញាតិ​ ក្រុម​គ្រួសារ​ ដូច​កាល​ពី​លើក​មុន​ទៀត​ហើយ។
ការ​ប្រែប្រួល​នេះ ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​មុខងារ​ថ្មី​មួយ​របស់​ខ្លួន​ហៅថា ហ្វេសប៊ុក​អិចផ្លរ​ ហ្វ៊ីត។ រាល់​ព័ត៌មាន​ផុស​ដោយ​ទំព័រ​ហេ្វសប៊ុក​ ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​បាន​ចុច​ Like និង Follow តួ​យ៉ាង​ដូចជា​ការ​ផុស​ព័ត៌មាន​របស់​ទំព័រ​ហ្វេសប៊ុក​ អាស៊ីសេរី ឬ​របស់​សារព័ត៌មាន​ ឬ​ទំព័រ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ យក​មក​ដាក់​បង្ហាញ​នៅ​កន្លែង​ថ្មី​នេះ​ ដែល​មាន​ឈ្មោះ​ហៅថា Explore Feed ​។ នេះ​មាន​ន័យថា ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ទំព័រ​ទាំងនេះ អ្នក​ប្រើប្រាស់​នៅប្រទេស​កម្ពុជា ​ត្រូវ​ចូល​ទៅ​ចុច​លើ​មុខងារ​ Explore Feed​ នេះ ដែល​មាន​រូបសញ្ញា ​ឬ អាយខុន​ស្រដៀង​យានអវកាស ​ឬ​កាំជ្រួច​ពណ៌ស ស្ថិត​ក្នុង​រង្វង់​មូល​ពណ៌​ក្រហម​ ដែល​គេ​អាច​ឃើញ​មាន​នៅ​ក្នុង​កម្មវិធី​ហ្វេសប៊ុក ឬ​ហៅថា​ Facebook App ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​នានា។ ជុំវិញ​ការ​សាកល្បង​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​នេះ​ កន្លងមក​ អាស៊ីសេរី​ធ្លាប់​បាន​ផុស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នូវ​រូបភាព​ណែនាំ​ពន្យល់​អំពី​ការ​ចូល​ទៅ​កាន់ Explore Feed ​នេះ​ ដើម្បី​ឲ្យ​អ្នក​តាមដាន​ព័ត៌មាន​ និង​ប្រិយមិត្ត​របស់​អាស៊ីសេរី អាច​ស្វែងរក​មើល​ព័ត៌មាន​នានា​ដែល​ផុស​ដោយ​ ទំព័រ​អាស៊ីសេរី។
ការ​ធ្វើ​សាកល្បង​មុខងារ​ថ្មី​នេះ​ ធ្វើ​ឡើង​ក្នុង​ប្រទេស​ចំនួន ​៦ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ប្រទេស​ក្រីក្រ​ និង​មាន​ការ​អភិវឌ្ឍ​តិចតួច ​ក្នុង​នោះ​រួមមាន​ ប្រទេស ​បូលីវៀ ហ្គោតេម៉ាឡា ស៊ែរប៊ី​ ស្លូវ៉ាគី​ ស្រីលង្កា ​និង​ប្រទេស​កម្ពុជា។ នៅ​កម្ពុជា ការ​សាកល្បង​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ថ្ងៃ​ទី​១៩ ​ខែ​តុលា មក​ម្ល៉េះ។
ជុំវិញ​ការ​សាក​ល្បង​មុខងារ​ថ្មី​នេះ ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ប្រទេស​កម្ពុជា​ មួយ​ចំនួន​បាន​បង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់​ផ្អើល មិន​ពេញ​ចិត្ត ហើយ​ខ្លះ​បាន​ត្អូញត្អែរ​ចំពោះ​ការណ៍​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក ដាក់​ចេញ​ការ​កែប្រែ​នេះ​ ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន ឬ​ជា​ផ្លូវការ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការសាកល្បង​មុខងារ​ថ្មី​នេះ​។ ពួក​គេ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​ ដោយ​ស្ងាត់ៗ​ និង​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ឡើយ។
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ និង​ជា​អ្នក​គាំទ្រ (Fan) របស់​អាស៊ីសេរី បាន​សរសេរ​ Comments ​ថា «អ៊ីចឹង​តើ ចេះ​តែ​ឆ្ងល់​បាត់​ព័ត៌មាន​ទៅ​ណា​អស់» ហើយ​អ្នក​ខ្លះ​ទៀត​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​មាន​ការ​ប្រែប្រួល​យ៉ាង​ដូច្នេះ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
យុវជន​ម្នាក់​ឈ្មោះ ឃុន សីហា​ ជា​សមាជិក​ក្រុម​វេទិកា​កាហ្វេ​នយោបាយ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Politikofee បាន​សម្ដែង​ក្តី​បារម្មណ៍​ និង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​សាកល្បង​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​នេះ។ យុវជន​រូប​នេះ​យល់​ឃើញ​ថា​ ការ​សាកល្បង​របស់​ហ្វេសប៊ុក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ហើយ​ថា ការណ៍​នេះ ​បង្កើត​ឲ្យ​មាន​នូវ​ផល​អវិជ្ជមាន​ជាច្រើន។
យុវជន​រូប​នេះ​ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ ក្រុមហ៊ុន​ហ្វេសប៊ុក​គួរ​តែ​មាន​គោលការណ៍​កំណត់​ច្បាស់លាស់ ​និង​ជាក់​លាក់ ចៀស​ជាង​គិត​តែ​អំពី​ការ​ស្វែង​រក​ចំណូល​ពី​អាជីវកម្ម​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន​ ព្រោះ​ថា​បើ​មិន​ដូច្នេះ​ទេ ម្ចាស់​ទំព័រ​ដែល​មាន​ថវិកា​ច្រើន​ អាច​នឹង​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​បង្កើន​ការ​ផ្សាយ​ពាណិជ្ជកម្ម​រាល់​ការ​ផុស​ព័ត៌មាន​របស់​ខ្លួន​ ដើម្បី​ឲ្យ​ព័ត៌មាន​ទាំង​នេះ​ អាច​បង្ហាញ​លើ​ទំព័រ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ទូទៅ។ លោក​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ ​ដែល​ថា​ការ​សាកល្បង​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ។
យុវជន​ដដែល​រូប​នេះ​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេស​ប៊ុក គួរ​តែ​បញ្ឈប់​ការ​សាកល្បង​មុខងារ​នេះ​ ហើយ​វិល​ត្រលប់​ទៅ​រក​លក្ខណៈ​ដូច​ដែល​ក្រុមហ៊ុន​នេះ ធ្លាប់​អនុវត្តនា​ពេល​កន្លង​ទៅ ​ទើប​ជា​ការ​ប្រសើរ​ជាង។
ដោយ​ឡែក​ លោក ង៉ែត ម៉ូសេ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា សង់​ត្រាល់​ ឲ្យ​អាស៊ីសេរី​ដឹង​ថា តាម​លោក​សង្កេត​មាន​ការ​ត្អូញត្អែរ​ជា​ច្រើន​ពី​សំណាក់​ពលរដ្ឋ​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​ដាក់​ចេញ​សាកល្បង​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ ​Explore Feed​ នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ក្រុមហ៊ុន​ហ្វេសប៊ុក មិន​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ណា​មួយ​ឡើយ​ មុន​ពេល​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​មុខងារ​ថ្មី​នេះ​ទេ ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មាន​ចម្ងល់​មិន​ដឹង​ថា បាត់​ព័ត៌មាន​ទៅ​ណា​អស់​ឡើយ។
លោក ង៉ែត ម៉េសេ យល់​ឃើញ​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​មុខងារ​ថ្មី​នេះ នៅ​កម្ពុជា​ អាច​បង្កើត​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់។ លោក​ថា ចំពោះ​រឿង​ដែល​មិន​ល្អ​នោះ គឺ​ហ្វេសប៊ុក​ហាក់​កំពុង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទី​ពិសោធន៍​អាជីវកម្ម​ទីផ្សារ​របស់​ខ្លួន ដោយ​សារ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង។ ដោយ​ឡែក​សម្រាប់​រឿង​ដែល​ល្អ​វិញ​ លោក ​យល់​ឃើញ​ថា ​នៅ​ពេល​ដែល​មាន​ការ​បែង​ចែក​ព័ត៌មាន​នេះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ លែង​មាន​ការ​ធុញ​ទ្រាន់​ពី​ការ​ឃើញ​ព័ត៌មាន​ច្រើន​ហួស​ហេតុ​ពេក នៅ​លើ​ទំព័រ​ព័ត៌មាន​របស់​ខ្លួន​ ដូច​កាល​ពី​លើក​មុន។
ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​នូវ​មុខងារ​ថ្មី​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ កំពុង​តែ​ចាត់​វិធាន​ការ​យ៉ាង​ចាស់​ដៃ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។
នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់អាស៊ី ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ជ្រើសរើស​យក​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច ដូច​ប្រទេស​កម្ពុជា​ មក​ធ្វើការ​សាកល្បង ជា​ពិសេស​ដោយសារ​តែ​ភស្តុតាង​បង្ហាញ​ថា ​ការ​បែង​ចែក​នៃ​ការ​បង្ហាញ​ព័ត៌មាន​នេះ ទំនង​ជា​នឹង​បង្កើត​ឲ្យ​មាន​នូវ​ឥទ្ធិពល​ទូលំទូលាយ​ និង​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​ការ​សម្ដែង​មតិ​ជា​សាធារណៈ ​និង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ លោកហ្វ៊ីល រ៉ូប៊ឺតសុន ចោទ​ជា​សំណួរ​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​ គិត​ថា នេះ​ជា​ជំហាន​ដែល​សំខាន់ ​និង​មាន​ប្រយោជន៍​មែន​នោះ​ ហេតុអ្វី​បាន​គេ​មិន​ធ្វើ​ការ​សាកល្បង​នូវ​មុខងារ​ថ្មី​នេះ​ ក្នុង​ទីផ្សារ​សំខាន់ៗ​ដូចជា​នៅ​ប្រទេស​អង់គ្លេស ឬ​អាល្លឺម៉ង់ ជា​ដើម?​ លោក​បន្ត​ថា ​តើ​ការណ៍​ដែល​ក្រុមហ៊ុន​នេះ ជ្រើសរើស​យក​ប្រទេស​កម្ពុជា​មក​សាកល្បង​ ក៏​ព្រោះ​ដោយសារ​តែ​ពួកគេ​បារម្ភ​ថា ប្រសិន​បើ​ពួកគេ​ព្យាយាម​សាកល្បង​មុខងារ​ថ្មី​នេះ​ក្នុង​ប្រទេស​ដទៃ​ទៀត​ ក្រុមហ៊ុន​នេះ​អាច​នឹង​ទទួល​រង​នូវ​ការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​គម្រោង​នេះ ​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ប្រទេស​ទាំងនេះ?
លោក ហ្វ៊ីល រ៉ូប៊ឺតសុន រិះគន់​ក្រុមហ៊ុន​អាមេរិកាំង​មួយ​នេះ​ថា ជម្រើស​នៃ​ការ​សាកល្បង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នេះ ​លាត​ត្រដាង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ហ្វេសប៊ុក​ ខ្វះ​នូវ​ការ​យល់ដឹង​ និង​ការ​ពិចារណា​អំពី​ថា​តើ​ចំណាត់​ការ​របស់​ពួកគេ ​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​យ៉ាង​ដូចម្តេច​ខ្លះ។ លោក​ថា ​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដឹកនាំ​រដ្ឋាភិបាល​តាមរយៈ​ការ​បង្ក្រាប​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដោយ​ការ​បំបិទ​សារព័ត៌មាន​ ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ការ​បង្ខំ​អោយ​វិទ្យុអាស៊ីសេរី​បិទ​ការិយាល័យ​នៅ​កម្ពុជា​របស់​ខ្លួន និង​ការ​បំបិទ​ស្ថានីយ ផ្សាយ ​អេហ្វអឹម ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​ពី​វិទ្យុ ដែល​ផ្សាយ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​បាន ហ្វេសប៊ុក​ក្លាយ​ជា​ប្រភព​មួយ​នៃ​ព័ត៌មាន​មួយ​ដែល​មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំងអស់។ លោក​បន្ត​រិះគន់​ថា ​ការ​សាកល្បង​របស់​ហ្វេសប៊ុក គឺ​កំពុង​ធ្វើឡើង​ក្នុង​ពេល​វេលា​ដែល​មិន​សម​ស្រប​ទាល់​តែ​សោះ​ ហើយ​ក្រុមហ៊ុន​នេះ​គួរ​ទទួល​ស្គាល់​អំពី​តឋភាព​នេះ ហើយ​ត្រូវ​​ផ្អាក​ជា​បន្ទាន់​នូវ​ការ​សាកល្បង​ដូច្នេះ​ ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រលប់​មក​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​នេះ​ ទទួល​បាន​ការ​បង្ហាញ​ព័ត៌មាន​ដូច​ប្រក្រតី​កាល​ពី​លើក​មុន​វិញ​ដែរ។ លោក​ថា ​គេ​ពុំ​មាន​មន្ទិល​ទៀត​ទេ​ថា ការ​សាកល្បង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិបាក​សម្រាប់​ ពលរដ្ឋ​កម្ពុជា​ទូទៅ ដែល​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ឯករាជ្យ​ ក្រៅ​ពី​ប្រភព​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​។​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ មាន​ការ​ព្រួយបារម្ភ​ ដែល​ថា ការណ៍​នេះ​ នឹង​រឹត​តែ​ជា​ការ​ពិបាក​ជាង​មុន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​រលក​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្នែក​នយោបាយ​ ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទទួល​បាន​ដំណឹង​នេះ។
របាយការណ៍​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​របស់​មូលនិធិ​អាស៊ី​ ស្តីពី​ការ​ប្រើ​ប្រាស់​ទូស័ព្ទ​ដៃ និង​សេវា​អ៊ីនធឺណែត​ ចេញ​ផ្សាយ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧ ​កន្លង​ទៅ​ឲ្យ​ដឹង​ថា ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ២០១៦ ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា​ យក​មក​ធ្វើ​ជា​ប្រភព​ចម្បង​នៃ​ការ​ទទួល​បាន​ព័ត៌មាន បាន​កើន​ឡើង​លើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ដទៃ​ទៀត​ដែល​រួមមាន​ សារព័ត៌មាន​ វិទ្យុ និង​ទូរទស្សន៍​ជា​ដើម។
លោក អាដាម មូសេស ​អនុប្រធាន​ គ្រប់គ្រង​គម្រោង​ទទួល​បន្ទុក​ផ្នែក​ News Feed ​របស់​ក្រុមហ៊ុន​ ហ្វេសប៊ុក​ ថ្លែង​ការពារ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ ហ្វេសប៊ុក ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៣ ​ខែតុលា​ ថា ការ​ដាក់​ឲ្យ​សាកល្បង​អំពី​មុខងារ​ថ្មី​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ថា​តើ​ពួកគេ​ចង់​ឲ្យ​មាន​ការ​បែងចែក​ការ​បង្ហាញ​ព័ត៌មាន​សាធារណៈ​ទូទៅ​ ចេញ​ពី​ព័ត៌មាន​បុគ្គល​ផ្ទាល់​ខ្លួន ដែរ​ឬ​ក៏​យ៉ាងណា​នោះ​។ លោក​ថា ​ក្រុមហ៊ុន​ហ្វេសប៊ុក នឹង​មិន​ដាក់​បញ្ចេញ​ការ​សាកល្បង​មុខងារ​នេះ​នៅ​ក្នុង​ប្រទេស​ដទៃ​ផ្សេង​ទៀត​ឡើយ ហើយ​ថា​នេះ​គ្រាន់​តែ​ជា​ករណី​សាកល្បង​តែប៉ុណ្ណោះ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...